មហាសង្ក្រាន្ត​ឆ្នាំមមែ និង​រណ្តាប់​ទេវតាឆ្នាំថ្មី

ព្រះពុទ្ធ​សករាជ​ព្រះ​សាសនា អតិ​ក្កន្តា ​កន្លង​ទៅ​ហើយ​បាន​២៥៥៨ ត្រឹម​ថ្ងៃ​១៥​កើត ខែ​ពិសាខ លុះដល់​ថ្ងៃ​១​រោច ខែ​ពិសាខ ឆ្នាំមមែ សប្តស័ក តទៅ ចូល​ពុទ្ធសករាជ​២៥៥៩ ។

នឹង​គណនា​ឆ្នាំមមែ ឥឡូវនេះ​ស​ង្ក្រា​ន​ចូល​មក​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ វេលា​ម៉ោង​១៤​និង​០២​នាទី ។ ពេល​នោះ​ព្រះអាទិត្យ​ចេញពី​មីនរាសី ទៅ​ឋិត​នៅ​ឯ​មេសរាសី តាម​ផ្លូវ​គោ​វិ​ថី គឺ​ផ្លូវ​កណ្តាល ទើប​មាន​ទេវធីតា​មួយ​ព្រះ​អង្គជា​មគ្គនាយិកា ព្រះ​នាម​រា​គ្យ​សៈ​ទេវី ជា​បុត្រី​ទី​៣ នៃ​កបិល​មហាព្រហ្ម គង់នៅ​ចា​តុ​ម្មហា​រា​ជិ​កា ទ្រង់​អម្ពរ​ពណ៌​ខ្មៅ លម្អ​នៅ​ព្រះ​កាណ៌​ដោយ​សៀតផ្កា​ឈូក អ​ភ​រណៈ​ទ្រង់​ពាក់​កែវ មនោ​រា ភក្សាហារ​ទ្រង់​សោយ​លោហិត ព្រះ​ហ​ស្ថ ស្តាំ​ទ្រង់​ត្រីសូល៍ ព្រះ​ហស្ត​ឆ្វេង​ទ្រង់​ធ្នូ ទ្រង់​គង់​លើ​ខ្នង​អស្ស​ភរ (​សេះ​) ជា​ពាហនៈ ។ ទើប​នាំ​អស់​ទេវបុត្រ ទេវធីតា ទាំង​មួយ​សែន​កោដិ ហោះ​ទៅ​កាន់​គុហា​កែវ​ធម្ម​មាលី​នា ទី​ភ្នំ​កៃលាស ខេត្ត​ហិមពាន្ត ជាទី​តម្កល់​ទុក​នូវ​ព្រះ​សិរសា​កបិល​មហាព្រហ្ម ដែល​តម្កល់​លើ​ពានមាស នាំ​មក​ដង្ហែ​ប្រទក្សិណ​ភ្នំ​ព្រះ​សុមេរុ​រាជ តាម​ផ្លូវ​ព្រះអាទិត្យ​ចរ ចំ​នួ​ួ​ន​៦០​នាទី (២៤​ម៉ោង​) ។ ទើប​នាំ​យក​ទៅ​តម្កល់​ទុក​នៅ​កន្លែង​ដើម​វិញ ហើយ​ប្រជុំ​ទេវបុត្រ​ទេវធីតា​ទាំង​មួយ​សែន​កោដិ ចូល​ទៅ​ស្រង់ទឹក អនោតត្ត​មហា​ស្រះ ដែល​មានទឹក​ហូរ​ចេញពី​បំពង់​ថ្មកែវ ដែល​ជា​មាត់​គោ​ឧសភរាជ​ទាំង​៧ ត្រជាក់​ក្សេមក្សាន្ត​ព្រះរាជ​ហឫទ័យ ហើយ​នាំ​គ្នា​ចូល​ទៅ​សមាទាន​រក្សាសីល ដោយ​សោមនស្ស​រីករាយ​គ្រប់​ព្រះ​អង្គ ក្នុង​ភគវតី​សភា​សាលា ដែល​វិស្សកម្ម​ទេវបុត្រ​និមិត្ត​ថ្វាយ ដើម្បី​បន្ទោបង់​អពមង្គល ឱ្យ​ជ្រះស្រឡះ ហើយ​ចម្រើន​នូវ​សិរី សួស្តី ជ័យ​មង្គល ជន្មាយុ​យឺនយូរ ដល់​ទេវតា និង​មនុស្ស​សត្វ​ផង​ទាំងឡាយ តាំងពី​ឆ្នាំ​ថ្មី​ចូល​មកនេះ បាន​ទូលំទូលាយ​សុខក្សេមក្សាន្ត​តរៀង​ទៅ ។

ថ្ងៃ​អង្គារ ១១​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ វេលា​ម៉ោង​១៤​និង​០២​នាទី ជា​ថ្ងៃ​ចូល​ឆ្នាំមមែ សប្តស័ក (​ជា​ថ្ងៃ​មហាសង្ក្រាន្ត​) ។
ថ្ងៃ​ពុធ ១២​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា គ្រឹ​ស្ត​សករាជ​២០១៥ ជាវ​រៈវ័ន​បត ។

ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែចេត្រ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ មេ​សា គ្រឹ​ស្ត​សករាជ​២០១៥ នៅ​វេលា​ម៉ោង​១៨​និង​២១​នាទី ៣៦​វិនាទី ជា​វារៈ​ឡើងស័ក គម្រប់​ជា​សង្ក្រាន្ត​៣​ថ្ងៃ​ស្រេច បរិបូរ​ណ៌​ចូល​ជា​សាកល ឆ្នាំមមែ សប្តស័ក ចុល្លសករាជ​១៣៧៧ និង​ម​.​ស​.១៩៣៧ តទៅ ។

នៅ​ក្នុង​ឱកាស​សង្ក្រាន្ត​ទាំង​៣​ថ្ងៃ សូម​អស់​ប្រជាជន​ប្រុស​ស្រី​ផង​ទាំងឡាយ​រៀបចំ​ពលិការ គ្រឿង​សក្ការបូជា អុជ​ប្រទីបជ្វាលា ថ្វាយ​ព្រះ​រតនត្រ័យ និង​ទទួល​ស្វាគមន៍​ទេវបុត្រ ទេវធីតា​ឆ្នាំ​ថ្មី ហើយ​ខំ​លះបង់​ចិត្តអាក្រក់​អន្យតិរ្ថិយ​ជា​ចិត្តអប្រីយ៍​ជាប់​ដោយ​គំនុំ​គុំកួន​ព្យាបាទ​ឈ្នានីស ដែល​កើត​មាន​ក្នុង​ឆ្នាំ​ចាស់​ឱ្យ​ជ្រះស្រឡះ តាំងចិត្ត​ប្រព្រឹត្ត​ល្អ ប្រកបដោយ​មេត្តា ករុណា មុទិតា ឧបេក្ខា និង​បញ្ញា ធ្វើបុណ្យ​សុន្ទរ៍ទាន​តាម​ប្រពៃណី រក្សាសីល​ប្រាំ​ឱ្យ​បាន​ជាប់​ជា​និច្ច នោះ​ទេវតា​នឹង​ឱ្យ​ពរ​សព្ទសាធុការ លោក​អ្នក​នឹង​មាន​សិរី​សួស្តី សុភមង្គល វិបុល​សុខ​គ្រប់​ប្រការ​តាំងពី​ឆ្នាំ​ថ្មី​នេះ​តរៀង​ទៅ ។

រណ្តាប់​ទទួល​ទេវតាឆ្នាំថ្មី

រណ្តាប់​ទទួល​ទេវតា​តាម​ទំនៀម​ពី​បុរាណ​រៀង​រហូត​មក ត្រូវ​រៀប​រាន​ទទួល​ទេវតា​នៅ​ខាង​មុខ​ផ្ទះ​មួយ​សម្រាប់ តាំង​គ្រឿង​ពលីការ ផ្សេង​ៗ ។ ត្រូវ​រៀប​ក្រាល​សំពត់​ពណ៌​ស ហើយ​រៀបចំ​នូវ​គ្រឿង​សក្ការបូជា​ទេវតា មាន​ជា​អាទិ៍ បាយសី​៩​ថ្នាក់​មួយគូ បាយសី​៧​ថ្នាក់​មួយគូ បាយសី​៥​ថ្នាក់​មួយគូ បាយសី​៣​ថ្នាក់​មួយគូ បាយសី​ប៉ាឆា​ម​មួ​យ​គូ ស្លាធម៌​មួយគូ ទឹកអប់​មួយគូ (​ទៀន​៥ ធូប​៥) លាជ​៥ ផ្កា​៥ ដាក់​លើ​ជើងពាន​១​គូ ចេកនួន ចេកណាំវ៉ា ជើងពាន​មួយគូ ផ្លែ​ឈើ​១១​មុខ រៀប​ដាក់​ជើងពាន​១១​គូ ដូង​ឡៅ​មួ​​យ​គូ ទឹក​ស្អាត​២​កែវ ។

ស្រេច​ហើយ នៅ​វេលា​ម៉ោង​ដែល​ទេវតា​ចុះ​មក ត្រូវ​ជួបជុំ​ក្រុម​គ្រួសារ​ដើម្បី​បង្គំ​ព្រះ​នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល ហើយ​តាំងចិត្ត​ឱ្យ​ស្អាត​បរិសុទ្ធ​ជ្រះស្រឡះ​នូវ​មន្ទិល​ទាំងពួង តម្កល់ចិត្ត​រំពឹងគិត​ទៅ​លើ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទី​ពឹង ទីរឭក លុះ​ចប់​ពិធី​ទទួល​ទេវតា ។

ចំពោះ​បាយសី​៩​ថ្នាក់ ៧​ថ្នាក់ ជា​ទំនៀម​នៅ​ក្នុង​ព្រះ​បរមរាជវាំង ចំពោះ​ប្រជារាស្ត្រ​គួរ​ធ្វើ​ត្រឹម​៥​ថ្នាក់​ចុះ​មក ឬ​រៀប​ត្រឹម​គ្រឿង​សក្ការបូជា​ដែល​មាន​ទៀន​៥ ធូប​ប្រាំ ស្លាធម៌​កូន​ចេក​មួយគូ ក៏​ល្មម​សមគួរ​ដែរ ។ ចំពោះ​ផ្លែ​ឈើ​សម្រាប់​ប្រជារាស្ត្រ គួរ​រៀប​ឱ្យ​បាន​ត្រឹម​៣ ឬ​៥​មុខ ជា​ការ​ប្រសើរ គឺ​រៀប​ទៅ​តាម​ធនធាន​របស់​ខ្លួន ។ នៅ​គ្រប់​តង្វាយ​ទាំងអស់ ត្រូវ​ដាក់​ផ្កាម្លិះ​ភួង​ពីលើ ។ នៅ​លើ​ជើងពាន​និង​លើ​បាយសី ត្រូវ​ដោត​ទៀន ហើយ​ដុត​បំភ្លឺ ៕