ព្រះ​វិហារ​បុរាណ​អាយុ​ជាង​300​ឆ្នាំ​នៅ​វត្ត​សំរោង​ក្នុង​គ្រោង​អភិរក្ស​ជា​បេតិកភណ្ឌ​ជាតិ

ខេត្តបាត់ដំបង ៖ ព្រះ​វិហារ​ដ៏​ចំណាស់ ដែល​មាន​អាយុកាល​ជាង​៣០០​ឆ្នាំ នៅ​វត្ត​សំរោង​ក្នុង ស្ថិត​ក្នុងភូមិ​សំរោង​ក្នុង ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង អាច​នឹង​រៀបចំ​អភិរក្ស​ទុកជា​សម្បត្តិ​វប្បធម៌ ឬ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ទៅ​ទស្សនា និង​ស្រាវជ្រាវ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។

លោក​ស ខេ​ង មាន​ប្រសាសន៍​បែប​នេះ​នៅ​ចំពោះ​មុខមន្ត្រី​នានា ព្រះសង្ឃ តាជី ដូនជី ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ប្រមាណ​ជិត​២០០០​នាក់ ក្នុង​គ្រា​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​កាត់​ឫស​សីមា​ព្រះ​វិហារ​ថ្មី នៅ​វត្ត​សំរោង​ក្នុង កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។ លោក​ស ខេ​ង មាន​ប្រសាសន៍​ថា តាម​ព័ត៌មាន​ដែល​លោក​ទទួល​បាន គឺ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ មាន​គម្រោង​ចង់​អភិរក្ស «​ព្រះ​វិហារ​ចាស់​» ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​នៅ​ក្នុង​វត្ត​សំរោង​ក្នុង ទុកជា​សម្បត្តិ​វប្បធម៌​ជាតិ ឬ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ប៉ុន្តែ​លោក​ព្រួយបារម្ភ​អំពី​គុណភាព​សំណង់ ក្រែង​មិន​អាច​នៅ​គង់វង្ស បើ​មិន​បាន​ថែទាំ ឬ​មិន​បាន​ជួសជុល​ឡើង​វិញ​នៅ​ផ្នែក​ខ្លះ ។

លោកមៀ​ច សុម​ន៍ អភិបាលស្រុក​ឯក​ភ្នំ បាន​លើក​ឡើង​ពី​ប្រវត្តិ​ឱ្យ​ដឹង​ថា វត្ត​សំរោង​ក្នុង​មាន​វ័យ​ចំណាស់​ជាងគេ បើ​ប្រៀបធៀប​ទៅ​នឹង​វត្ត​នានា​នៅ​ក្នុង​ខេត្តបាត់ដំបង មាន​ផ្ទៃដី​ទំហំ​២៩,៩៣៧​ម៉ែត្រក្រឡា កសាង​ក្នុង​អំឡុង​ពុទ្ធសករាជ​២២៥០ គ្រឹ​ស្ដ​សករាជ​១៧០៧​។ ក្នុង​សម័យ​នោះ​ទីតាំង​វត្ត ជាទី​ស្មសាន​ប្រកបដោយ​ព្រៃឈើ ធំ​ៗ ក្នុង​នោះ​មាន​ដើម​សំរោង​ដ៏​ធំ​១​ដើម​ទំហំ​មុខកាត់​២​ម៉ែត្រ ។ ដូច្នេះ​ហើយ​ទើប​ក្រោយ​ពេល​សាងសង់​វត្ត​រួច បុព្វ​ដូនតា​ខ្មែរ​ក្នុង​សម័យ​នោះ បាន​ដាក់​ឈ្មោះ​ថា «​វត្ត​សំរោង​ក្នុង​» ។

ដំបូង​ឡើយ​វត្ត​សំរោង​ក្នុង គ្រាន់តែ​ជា​អាស្រម​មួយ​នៅ​ក្នុង​ព្រៃ​ស្មសាន​នា​សម័យ​នោះ ដែល​រៀបចំ​ដោយ​ព្រះសង្ឃ​ធុតង្គ​មួយ​អង្គ​ព្រះ​នាម​«​ជ័យ​» ។ ជា​បន្តបន្ទាប់​មក​ព្រះ​អង្គ​បាន​កសាង​ព្រះ​វិហារ​ដ៏​ធំ​មួយ​ធ្វើ​ពី​ឈើ តែ​ក្រោយមក​បាន​សាងសង់​ពី​ឥដ្ឋ​បូក​បាយអ ប្រក់​ក្បឿង សសរឈើ ហើយ​បាន​កសាង​ប្រាសាទ​ផង​ដែរ ។ សំណង់​ទាំងនេះ​មាន​បន្សល់​ទុក​នៅ​ក្នុង​បរិវេណ​វត្ត​សំរោង​ក្នុង ហើយ​បើ​គិត​មក​ដល់​បច្ចុប្បន្ន​សំណង់​ព្រះ​វិហារ​ចាស់​នេះ​មាន​អាយុកាល​៣០៧​ឆ្នាំ​ហើយ ។

នៅ​ក្នុង​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩ វត្ត​សំរោង​ក្នុង បាន​ក្លាយជា​គុក​សំរាប់​ដាក់​អ្នកទោស​ក្នុង​របប «​កម្ពុជា​ប្រជាធិបតេយ្យ​» ។ ពួក​ខ្មែរក្រហម​បាន​យក​ព្រះ​វិហារ​បុរាណ​នេះ ធ្វើ​ជា​កន្លែង​ឃុំឃាំង ធ្វើ​ទារុណកម្ម និង​ជា​កន្លែង​សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត ។ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងអស់​នៅ​ក្នុង​វត្ត​សំរោង​ក្នុង​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ដោយ​របប​ខ្មែរក្រហម ។ ប៉ុន្តែ​របប​ដ៏​ព្រៃផ្សៃ​នេះ​បាន​រលាយ​សាបសូន្យ​ទៅ​វិញ​នៅ​ថ្ងៃ​៧ មក​រា ឆ្នាំ​១៩៧៩ ។

ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​១៩៧៩ ទាំង​ប្រជាពលរដ្ឋ ទាំង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​លំដាប់ថ្នាក់ និង​អាជ្ញាធរ​នា​សម័យ​នោះ បាន​ប្រឹងប្រែង​រៀបចំ​វត្ត​សំរោង​ក្នុង​ឡើង​វិញ ដើម្បី​ជាទី​សក្ការបូជា​សម្រាប់​ពុទ្ធបរិស័ទ និង​បាន​កសាង​សមិទ្ធផល​បន្តិច ម្ដង​ៗ រហូត​ប្រែក្លាយ​វត្ត​សំរោង​ក្នុង ដែល​ប្រឡាក់​ដោយ​ឈាម​ក្រហម​ច្រាល​ក្នុង​របប​ប៉ុ​ល ពត ឱ្យទៅ​ជាទី​អារាម​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ខេត្តបាត់ដំបង ។

ទាក់ទិន​នឹង​គម្រោង​អភិរក្ស «​ព្រះ​វិហារ​ដែល​មាន​អាយុ​ជាង​៣០០​ឆ្នាំ​» នេះ លោក​ស ខេ​ង បាន​ថ្លែង​បញ្ជាក់​ថា «​ការ​រៀបចំ​អភិរក្ស​ព្រះ​វិហារ​ដែល​មាន​ប្រវត្តិ​យូរលង់​នេះ​ឱ្យ​គង់វង្ស​បាន ចាំបាច់​ណាស់​គឺ​ការ​ថែទាំ និង​ជួសជុល ព្រោះ​នេះ​ជា​បញ្ហា​ដែល​យើង​ត្រូវ​ពិភាក្សា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ និង​អ្នកបច្ចេកទេស ។ លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ត្រូវ​ប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​នានា ជា​ពិសេស​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ និង​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត ដែល​មានការ​ចូលរួម​ផ្ទាល់​ពី​មេគណ​ខេត្ត អនុគណ​ស្រុក និង​ព្រះ​ចៅ​ធិ​ការ​វត្ត​សំរោង​ក្នុង រួម​ទាំង​គណៈកម្មការ និង​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ផង ដើម្បី​ពិភាក្សា​អំពី​គម្រោង​អភិរក្ស «​ព្រះ​វិហារ​» ដែល​មាន​វ័យ​ចំណាស់​ជាង​៣០០​ឆ្នាំ​នេះ ទុកជា​សម្បត្តិ​វប្បធម៌ ឬ​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ជា​ប្រយោជន៍​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​ទស្សនា និង​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ​» ៕