ពិធី​បំបួស​កុលបុត្រ កុលធីតា​ខ្មែរ​ចំនួន​700​រូប​នៅ​សៀមរាប

ខេត្តសៀមរាប ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៥ នៅ​វត្ត​អង្គរ​ត្បូង ខេត្តសៀមរាប បាន​រៀបចំ​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា​ខ្មែរ​ចំនួន​៧០០​នាក់ ក្នុង​ចេតនា​អប់រំ​សីលធម៌ ចរិយា​ធម៌ និង​លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា ។ ពិធី​នោះ​ស្ថិត​ក្រោម​ព្រះ​អធិបតីភាព​ព្រះ​មហាវិមលធម្ម សិរី​សុ​វ​ណ្ណា​ពិន សែ​ម ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឃឹម ប៊ុ​ន​សុង អភិបាលខេត្ត​សៀមរាប ព្រមទាំង​មានការ​ចូលរួម​ពី​លោក​ប៊ុ​ន ណា​រិ​ទ្ធ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ។

ព្រះ​គ្រូ​ឡា​ច លាង ព្រះ​អនុគណ​ក្រុង​សៀមរាប បញ្ជាក់​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​រៀបចំ​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា​ចំនួន​៧០០​នាក់ ក្នុង​គោល​បំណង​ដើម្បី​ឱ្យ​យុវជន យុវតី​ខ្មែរ មានឱកាស​បាន​ចូល​សាង​ផ្នួស​តបស្នង​សងគុណ​ចំពោះ​អ្នក​មានគុណ​ទាំងឡាយ មាន​មាតាបិតា ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាដើម​។ លើស​ពី​នេះ​ដើម្បី​ឱ្យ​កុលបុត្រ កុលធីតា​ខ្មែរ​ភ្ញាក់រលឹក លះបង់ អ្វី​ៗ​ដែល​កំពុង​ប្រព្រឹត្ត​ខុស​ពី​គន្លង​ព្រះធម៌ ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង និង​ការ​អប់រំ ណែនាំ​របស់​មាតាបិតា អាណាព្យាបាល គ្រូអាចារ្យ ដើម្បី​ឱ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ ជា​ពុទ្ធសាសនិក​ល្អ​របស់​ព្រះពុទ្ធ​សាសនា​នៃ​យើង ។

ព្រះ​មហាវិមលធម្ម​សិរី​សុ​វ​ណ្ណា ពិន សែ​ម  បាន​ផ្តល់​ដំបូន្មាន​ដល់​កុលបុត្រ​-​កុលធីតា​ទាំងអស់​ដែល​បំពេញ​កិច្ច​បួស​ជា​សង្ឃ ជា​សីលវតី ត្រូវ​ខិតខំ​សិក្សា​រៀនសូត្រ និង​ឈ្វេងយល់​ពី​ព្រះធម៌​របស់​ព្រះពុទ្ធ​សាសនា ហើយ​ពុទ្ធបរិស័ទ​ទាំងអស់​ត្រូវ​តែ​បន្ត​ការ​គោរព​ប្រតិបត្តិ​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ឱ្យ​បាន​ល្អ​គង់វង្ស​។ ប្រពៃណី​ទំនៀមទម្លាប់​ក្នុង​ពិធី​បំបួស​នាគ​នេះ គឺ​សម្អាត​សក់ កោរសក់ ពុកចង្កា រោមចិញ្ចើម​និង​កាត់​ក្រចកដៃ ក្រចកជើង​ក្នុង​គោលដៅ​លះបង់​គ្រប់​បែប​យ៉ាង ដើម្បី​បម្រើ​ដល់​ព្រះពុទ្ធ​សាសនា ។

ជំនឿ​លើ​សាសនា​មានការ​ចារឹក​ទុក​ក្នុង​រដ្ឋធម្មនុញ្ញ ដោយ​បញ្ជាក់​ថា «​ព្រះពុទ្ធ​សាសនា​គឺជា​សាសនា​របស់​រដ្ឋ​» ដែល​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​អភិវឌ្ឍ​សង្គម តាំងពី​អតីតកាល​រហូត​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ចំពោះ​ការ​បំបួស​កុលបុត្រ កុលធីតា ជា​សាមណេរ និង​សីលវតី ក្នុង​ចេតនា​អប់រំ​លី​ស​ធម៌ ចរិយា​ធម៌ លើកកម្ពស់​វិស័យ​ព្រះពុទ្ធ​សាសនា ។ ម្យ៉ាងទៀត​ជា​ការ​ផ្តល់​ឱកាស​ដល់​យុវជន យុវនារី​ខ្មែរ​យើង បាន​ចូល​សាង​ផ្នួស​តបស្នង​សងគុណ​ចំពោះ​អ្នក​មានគុណ​ទាំងឡាយ ។ លើស​ពី​នេះ​ដើម្បី​ឱ្យ​កុលបុត្រ កុលធីតា​ខ្មែរ ភ្ញាក់រលឹក លះបង់​នូវ អ្វី​ៗ​ដែល​កំពុង​ប្រព្រឹត្ត​ខុស​ពី​គន្លង​ព្រះធម៌ ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង និង​ការ​អប់រំ​ណែនាំ​របស់​មាតាបិតា អាណាព្យាបាល គ្រូអាចារ្យ ដើម្បី​ឱ្យ​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ពលរដ្ឋ​ល្អ ជា​ពុទ្ធសាសនិក​ល្អ ។ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ព្រះពុទ្ធ​សាសនា​ជា​ប្រភព​នៃ​ការ​អប់រំ​ដ៏​សំខាន់​បំផុត​នៅ​ក្នុង​សង្គម ។

ដើម្បី​ទ្រទ្រង់​ដល់​ពិធី​បំបួស​កុលបុត្រ​-​កុលធីតា​ទាំង​៧០០​នាក់​នោះ លោក​ឃឹម ប៊ុ​ន​សុង បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន​៤​លាន​រៀល និង​លោកស្នងការ​នគរបាល​ខេត្ត​ចំ​នួ​ួ​ន​១​លាន​រៀល ប្រគេន​ដល់​ព្រះសង្ឃ គណៈកម្មការ​រៀបចំ​ពិធី​សម្រាប់​ចាត់ចែង ។

បន្ទាប់​ពី​គណៈអធិបតី​បាន​កោរសក់ និង​បួងសក់ ដល់​កុលបុត្រ​-​កុលធីតា​ទាំង​៧០០​នាក់ រួច​មក បាន​ដង្ហែ​ប្រទក្សិណ​ជុំវិញ​ប្រាសាទ​អង្គរ និង​ព្រះ​វិហារ រួច​ទើប​ព្រះសង្ឃ​បំបួស​តាម​គន្លង​ប្រពៃណី ទំនៀមទម្លាប់​នៃ​ព្រះពុទ្ធ​សាសនា ៕