ពិធី​សែន​ចាស់ទុំ​តាម​ជំនឿ​របស់​ជនជាតិ​ខ្មែរ​យើង

យោង​តាម​សៀវភៅ « កម្រង​ឯកសារ​ស្តី​ពី​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ » របស់​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ អធិប្បាយ​ថា ពិធី​សែន​ចាស់ទុំ ជា​ផ្នែក​មួយ​នៃ​លទ្ធិ​ព្រលឹង​និយម (​ព្រលឹង​និយម ឬ​ជី​វច​ល​និយម ។ បណ្តាជន​ខ្មែរ​ជឿ​ថា ព្រលឹង​ដូនតា ឪពុក​ម្តាយ​នៅ​តាម​ថែរក្សា ហើយ​ជួនកាល​ដាក់ទោស​ទណ្ឌ​ចំពោះ​កូនចៅ​ផង​ដែរ ។ ព្រលឹង​ដូនតា​ជួយ​ឱ្យ​ពរ​ជ័យ​សិរី​សួស្តី​ដល់​កូនចៅ​ណា​ដែល​ប្រព្រឹត្ត​ត្រឹមត្រង់​តាម​គន្លង​ប្រពៃណី​ខ្មែរ និង​តាម​ដំបូន្មាន​របស់​ឪពុក​ម្តាយ ។ ដូច្នេះ​ហើយ​កាលណា​មាន​មនុស្ស​ក្នុង​គ្រួសារ​ឈឺ គេ​តែងតែ​ប្រញាប់​ទៅ​រក​គ្រូ​ទស្សន៍​ទាយ​ឱ្យ​ដឹង​ថា តើ​ឈឺ​ដោយហេតុ​អ្វី ?

ជំងឺ​ដែល​គេ​ច្រើន​សង្ស័យ​ថា​ចាស់ទុំ​ធ្វើ​នោះ គឺ​អស់កម្លាំង​ល្ហិតល្ហៃ​មិន​ចង់​និយាយ​ស្តី ជួនកាល​អ្នកជំងឺ​តឹងទ្រូង មួម៉ៅ​ដេក​មិន​លក់ ចេះ​តែ​នឹក​កម្សត់​អាណិត​​ខ្លួន​ចង់​យំ ម្តង​ៗ​ក៏​មាន ។ ចំណុច​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​អ្នកជំងឺ​ធ្វើទុក្ខ​ទៀងពេល មាន​ពេល​រសៀល​ជាដើម ។ បើ​អ្នកជំងឺ​ណា​មាន​សញ្ញា​បែប​នេះ ហើយ​បើ​គ្រូ​មើល​ក្បួន​ទស្សន៍​ទាយ​ថា​ត្រូវ​ខ្មោច​ចាស់ទុំ​ធ្វើ​នោះ គេ​ក៏​ត្រូវ​វែកញែក​ឱ្យ​ដឹង​ទៀត​ថា តើ​ខ្មោច​ចាស់ទុំ​ប្រភេទ​ណា​ដែល​ធ្វើ​ឱ្យ​ឈឺ​នេះ ។ ព្រោះ​តាម​ប្រពៃណី​ខ្មែរ​ពី​បុរាណ​រៀង​មក គេ​ធ្លាប់​ដឹង​ថា​មាន​ខ្មោច​ចាស់ទុំ (​អ្នក​ស្រាវ​បាន​ជួប​សម្ភាសន៍​ជាមួយ​លោកតា​កឹ​ម ផង់ និង​លោកយាយ​អ៊ូច ញ៉េ​ប នៅ​ភូមិ​ខ្វាវ ឃុំ​ព្រៃ​អំពក ស្រុក​គិរីវង់ ខេត្តតាកែវ អំពី​ជំងឺ​ចាស់ទុំ​ធ្វើ និង​ពិធី​សែន​ចាស់ទុំ​នេះ ។ លោកតា​កឹ​ម ផង់ ជា​អាចារ្យកាន់ពេលា​ការ ជា​គ្រូ​មើលជំងឺ​ផង ។ ឯ​លោកយាយ​អ៊ូច ញ៉េ​ប ជា​អតីត​អ្នក​សំអាងការ ជា​អ្នក​រៀបចំ​ពី​ធី​ការ ផ្សេង​ៗ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​ពិធីបុណ្យ​ប្រពៃណី ផ្សេង​ៗ ។ និពន្ធ​អត្ថបទ​នេះ​បី​ប្រភេទ​គឺ ៖

១-​ចាស់ទុំ​ក្រមុំ​-​កំលោះ ៖ គឺ​យុវជន​និង​យុវនារី លប​លួច​ស្រឡាញ់​គ្នា​ដោយ​បាន​ខ្លួន​បាន​ប្រាណ​រហូត​ដល់​មាន​ផ្ទៃពោះ ធ្វើ​កន្លង​នឹង​ប្រពៃណី​ក៏​ដូច​ជា​ក្បត់ចិត្ត​ឪពុក​ម្តាយ ។

២-​ចាស់ទុំ​ពំនាក់​បំពង់ ៖  គឺ​បុរស​មាន​ប្រពន្ធ​ហើយ ខូច​គ្នា​ដោយ​លួចលាក់​ជាមួយនឹង​ស្ត្រី​ដែល​មាន​ប្តី​ហើយ ឬ​ស្ត្រី​មេម៉ាយ ។

៣-​ចាស់ទុំ​មាត់ពាក្យ ៖ គឺ​មនុស្ស​ក្នុង​ក្រុម​គ្រួសារ​សាច់ញាតិ ឈ្លោះ​ទាស់ទែង​គ្នា​តមមាត់ តម​ក មិន​និយាយ​ស្តី​រកគ្នា ។

កាលណា​មាន​បាតុភូត​ទាំង​បី​បែប​នេះ​កើតឡើង​នៅ​ក្នុង​គ្រួសារ​ណាមួយ ហើយ​បើ​មនុស្ស​ចាស់​ៗ​នៅ​ក្នុង​គ្រួសារ​នេះ​មិនដឹង ហើយ​ក៏​ពុំ​មានការ​ដោះស្រាយ​បែប​ណាមួយ​នោះ ព្រលឹង​ដូនតា​តែងតែ​ខឹង​យ៉ាង​ខ្លាំង ហើយនឹង​ធ្វើ​ឱ្យ​មនុស្ស​ណា​ម្នាក់​ក្នុង​ត្រកូល​នោះ​ឈឺ ក្នុង​ន័យ​ចង់​ព្រមាន​អំពី​ហេតុ​ដែល​មិន​រវាំង​ពិនិត្យ​មើល​ការ​ខុស​ត្រូវ​ក្នុង​វង្ស​ត្រកូល បណ្តែតបណ្តោយ​ឱ្យ​មានការ​ថ្លោះធ្លោយ​ជ្រុលជ្រួស​បែប​នេះ ។ លុះ​គ្រូហ្ម​បាន​ព្យាករ​ទស្សន៍​ទាយ​ដឹង​ថា ត្រូវ​ខ្មោច​មេបា​ចាស់ទុំ​ធ្វើ​ហើយ​នោះ គេ​ត្រូវ​រៀបចំ​សែនព្រេន ដើម្បី​អង្វរករ​ព្រលឹង​ដូនតា​ឱ្យ​លែង​ខឹង ព្រមទាំង​ធ្វើ​ឱ្យ​អ្នកជំងឺ​បានជា​សះស្បើយ​ឡើង​វិញ ។ ដល់​ថ្ងៃ​កំណត់​ដែល​ត្រូវ​សែន​នោះ ជា​ចាំបាច់ គេ​ត្រូវ​៖

១-​អញ្ជើញ​ចាស់ទុំ​ស្រី​ប្រុស​ក្នុងស្រុក​ឱ្យ​បាន​៧ ឬ​៨​នាក់​ចូលរួម​នៅផ្ទះ​អ្នកជំងឺ ។ ២-​អញ្ជើញ​សាមីខ្លួន​អ្នក​ប្រព្រឹត្ត​ខុស​ប្រពៃណី ។ ៣-​រៀបចំ​តាក់តែង​តង្វាយ សំណែន ផ្សេង​ៗ​ដូច​ជា ៖

-​ម្ហូបអាហារ​រួម​មាន​បង្អែម ចំអាប (​បង្អែម​៤​ចាន ចំអាប​៤​ចាន​) ។

-​រៀបចំ​ស្រូវ​១​កញ្ជើ​លើក​ព្យួរ​លើ​សង្រែក ស្លាធម៌​១​គូ ទៀន​៥ ធូប​៥ ម្លូ​ស្លា​បារី ។ លុះ​ជួបជុំ​គ្នា​ហើយ គេ​ត្រូវ​ដុត​ទៀន​ធូប ហើយ​លើកដៃ​ប្រណម្យ​ឡើង​ដោយ​ពោល ព្រម​ៗ​គ្នា​ថា «​ឱ​! ព្រះ​តេជះ​ម្ចាស់​ថ្លៃ ថ្ងៃនេះ​ថ្ងៃជា​ពេលា​ល្អ យើងខ្ញុំ​ទាំងអស់​គ្នា​បាន​រៀបចំ​ភស្តុ​ភារ សំណែន​តង្វាយ ផ្សេង​ៗ​មក​ដាក់​តម្កល់​នៅ​ទី​នេះ​ថ្វាយ​ចំពោះ​ព្រលឹង​ខ្មោច​មេបា​ចាស់ទុំ ជីដូន​ជីតា​ទាំងអស់​ដែល​បាន​អាក់អន់ស្រពន់ចិត្ត​នឹង​ពួក​យើង​ទាំងអស់​គ្នា ហើយ​បាន​ពាល់​ពែង​ឱ្យឈ្មោះ (​ឈ្មោះ​អ្នកជំងឺ​) ឈឺ ឥឡូវ​សូម​ព្រលឹង​ដូនតា​មេបា​ចាស់ទុំ​មេត្តា​លើកលែងទោស​កំហុស​ឱ្យ​យើង​ទាំងអស់​គ្នា ដែល​បាន​ធ្វេសប្រហែស​មិន​បាន​មើល​ការ​ខុស​ត្រូវ​ចំពោះ​ឈ្មោះ​(​ឈ្មោះ​អ្នក​ប្រព្រឹត្ត​ខុស​) បណ្តាល​ឱ្យ​មានការ​ភ្លាំងភ្លាត់ ថ្លោះធ្លោយ ឥឡូវ​យើងខ្ញុំ​បានដឹង​ហើយ ព្រមទាំង​ហៅ​សាមីខ្លួន​ឱ្យមក​ក្រាប​សំពះ​សូម​ខ​មា​ល​ទោស​ចំពោះ​ព្រលឹង​មេបា​ចាស់ទុំ ដូនតា សូម​ឱ្យ​ឈប់​ប្រកាន់​នឹង​ពួក​វា ហើយ​សូម​ស្តោះ ព្រួស បោស ផ្លុំ ឱ្យ​កូនចាប​ឈ្មោះ​(​ឈ្មោះ​អ្នកជំងឺ​) បានជា​សះស្បើយ ល្ហើយ​ពី​ថ្ងៃនេះ​ទៅ​...» ។

គេ​សែន​ដោយ​នាំ​គ្នា​ពោល​ពាក្យ​បែប​នេះ​ជា​គម្រប់​បី​ដងដោយ​បង្គាប់​ឱ្យ​អ្នក​ប្រព្រឹត្ត​កន្លង​ប្រពៃណី​លើកដៃ​សំពះសុំទោស​ជា​ឧឡា​រិ​ក​នៅ​ចំពោះ​មុខ​អង្គប្រជុំ ហើយ​ប្តេជ្ញា​លែង​ប្រព្រឹត្ត​ខុសឆ្គង​បែប​នេះ​តទៅ​ទៀត ។ ពិធី​សែន​នេះ​អាច​មាន​ខុស​ប្លែក​គ្នា ខ្លះ​ៗ​ទៅ​តាម​ស្រុក ខេត្ត តំបន់ ប៉ុន្តែ​ពិធី​នេះ​មាន​វត្ថុបំណង​ដូច​គ្នា ៕