ប្រវត្តិ​ទឹកដី​«​អង្គតាសោម​» នៃ​ស្រុក​ត្រាំកក់

ខេត្តតាកែវ ៖ លោក​ប្រាក់ ប៊​ន ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ បាន​ផ្តល់​ជូន​ឯកសារ​របស់​មន្ទីរ​ដែល​ស្រាវជ្រាវ​ចងក្រង​ដោយ​លោក​នាង វន់ ស្តី​ពី​ប្រវត្តិ​ទឹកដី «​អង្គតាសោម​» នៃ​ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

ឯកសារ​បង្ហាញ​ថា តាម​ការ​ស្រាវជ្រាវ​ប្រវត្តិ​ទឹកដី​ភូមិ​«​អង្គតាសោម​» គឺ​ទឹកដី​ភូមិ​នេះ​ក្នុង​ការ​កកើត​ឡើង ហើយ​ថែម​មានឈ្មោះ​ថា ភូមិ​«​អង្គតាសោម​» ដើម​ឡើយ​មាន​បុរស​ម្នាក់​ឈ្មោះ «​សោម​» បាន​រុករាន​កាប់​ព្រៃ​សង់​ជា​ជម្រក​រស់នៅ​កន្លែង​នោះ ។

តាម​ការ​សាកសួរ​ពី​លោកតា​លោកយាយ​ដែល​បាន​រស់នៅ​ក្នុង​សម័យ​នោះ មានការ​ចង​ចាំ ដឹង​រឿង​នោះ​តែង​និយាយ​ប្រាប់​កូនចៅ ត​ៗ​គ្នា​ថា ៖

តាម​ការ​បកស្រាយ​របស់​លោកតា កុ​លក​ន នៅ​ចម្ការ​ដៀប ឃុំ​អង្គតាសោម បាន​រៀបរាប់​ថា តា​សោម​ចេញពី​ខេត្តបាត់ដំបង ហើយ​ធ្លាប់​បាន​ចូលរួម​ចលនា​ធ្វើសឹក​សង្គ្រាម​តទល់​ជាមួយ​ទ័ព​សៀម ។ ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ថែម​ទៀត លោកតា​ញិច និង​លោកយាយ​ញឹក ញឹ​ម ជា​ចាស់ព្រឹទ្ធាចារ្យ ដែល​មានស្រុក​កំណើតកើតជា​នៅ​ភូមិ​អង្គតាសោម​ជា​យូរយារ​ណាស់​មក​ហើយ បាន​លើក​តំណាល​រឿង​រ៉ាវ​នេះ​ជា​ហូរហែ តាម​ការ​ដឹង​ខ្លះ​ពី​ជីដូន​ជីតា​របស់​ពួក​គាត់​ថា ៖

តា​សោម​មាន​ដើម​កំណើត​ចេញ​មក​ពី​ស្រុក​សៀម​ភ្ជាប់​ជាមួយ​ពេល​នោះ​ព្រះបាទ​ជ័យ​ជេដ្ឋា​ទី​២ ក៏​ត្រូវធ្វើ​សង្គ្រាម​ជាមួយ​សៀម​ដែរ តែ​ពុំ​ទទួល​បាន​ជ័យជម្នះ​ឡើយ មិន​តែ​ប៉ុណ្ណោះ​រហូត​ដល់​មេទ័ព ចំណាន​ៗ​ក៏​ត្រូវ​ស្លាប់​អស់ ពេល​នោះ​រួម​ទាំង​មេទ័ព​តា​ឃ្លាំងមឿង​ផង​ដែរ ចំណែក​សេនា​ពល​ដែល​នៅ​សេសសល់​បន្តិចបន្តួច​ត្រូវ​បែកខ្ញែក​គ្នា ដោយ​​អស់​ស្មារតី​ប្រយុទ្ធ អស់​មេ អស់​កោយ បន្ត​ធ្វើ​សកម្មភាព​របស់​ខ្លួន​ទៀត ហើយ​ភ័យ​ខ្លួន​ក៏​ភៀស​ចេញពី​ទឹកដី​នោះ រៀង​ៗ​ខ្លួន ក្នុង​ពេល​នោះ​អាច​និយាយ​បាន​ថា​មាន​ទាំង​តា​សោម​ផង​ដែរ ។

តាម​ប្រសាសន៍​របស់​លោកយាយ​ញឹក ញឹ​ម នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ដោយ​ធ្លាប់​បានឮ​ជីដូន​របស់​គាត់​និយាយ​ប្រាប់​តាំងពី​នៅ​ក្មេង​មក​ម្ល៉េះ​ថា តា​សោម​ចេញ​មក​ពី​ស្រុក​សៀម ហើយ​គាត់​ធ្លាប់​បាន​ធ្វើ​ជា​មេទ័ព​ទៅ​លាក់ខ្លួន​នៅ​ក្នុង​ព្រៃអង្គ​នោះ ។ តា​សោម​មាន​ប្រពន្ធ​ឈ្មោះ​ថា យាយ «​កង​» មានស្រុក​កំណើត​នៅ​ភូមិ​ឆ្អើរ​ថ្លាន់ (​ភូមិ​ឆ្អើរ​ថ្លាន់​នេះ​បច្ចុប្បន្ន​គឺ​ភូមិ​ព្រៃ​រំដេង ឃុំ​អង្គតាសោម​) និង​មានកូន​ប្រុស​១​នាក់ ឈ្មោះ​ចាន់ ។ ប្រពន្ធ​តា​ចាន់​នេះ​ឈ្មោះ​យាយ​អ៊ួ​ក ហើយ​កូន​តា​ចាន់​នោះ​មក​ធ្វើ​ជា​កូនប្រសា​របស់​លោកយាយ​ញឹក ញឹ​ម ដូចនេះ​តា​សោម​ជា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​វ័យ​ជាង​៣​តំណ​មនុស្ស​មក​ហើយ ។

កាល​ដើម​ឡើយ​ទឹកដី​ដែល​មានឈ្មោះ​ហៅ​ថា «​អង្គតាសោម​នេះ​» គឺ​មាន​សុទ្ធ​តែព្រៃ​ឫស្សី​ក្រាស់​ជិតឈឹង លើ​អង្គ​នេះ​សំបូរ​ទៅ​ដោយ​សត្វព្រៃ ដូច​ជា ខ្លា ដំរី​... តែ​ដោយ​ការ​ព្យាយាម​របស់​លោកតា​សោម គាត់​ក៏​បាន​កាប់​គាស់​កាយ​ដី​ទួល​អង្គ​នេះ​បន្ត​កសាង​ជីវភាព​រស់នៅ​ប្រកបដោយ​សេចក្តីសុខ​សាន្ត ។

តំណ ក្រោយ​ៗ​មក ទឹកដី​នោះ​ក៏​មាន​មនុស្ស​ចូល​រស់​ជា​បន្តបន្ទាប់​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ មាន​ដូច​សេចក្តី​រៀបរាប់​ខាងលើ ។ពិសេស​ទៅ​ទៀត​នៅ​មុន​ឆ្នាំ​១៩៧០ ទឹកដី​ភូមិ​អង្គតាសោម ផ្សារ​អង្គតាសោម​នេះ រដ្ឋាភិបាល​បាន​សាង​រូបសំណាក​មួយ​ពី​ស៊ីម៉ង់ត៍​តួ​រូប​តា​សោម ដោយ​មាន​អំ​រែក​ដូង​ពីរ​ធ្លាយ នៅ​ពីលើ​ស្មា​ផង សាងសង់​ដាក់​ត្រង់​ក្បែរផ្លូវ​បំបែក​ជា​បួន ទុកជា​អនុស្សាវរីយ៍ ។ ម្យា​៉​ង​ទៀត ក៏​ជា​សក្ខីភាព​មួយ​ចង់​បង្ហាញ​ពី​ទឹកដី​អង្គតាសោម​សម្បូរ​ណ៍​ទៅ​ដោយ​ភោគផល​នៃ​រុក្ខជាតិ​ផង​ទាំងឡាយ ដូច​ជា​ផ្លែ​ដូង​ជាដើម ។

នៅ​ឆ្នាំ​២០១៣​រូបសំណាក​តា​សោម​ត្រូវ​សាលាស្រុក​ត្រាំកក់ និង​សប្បុរសជន​ក្នុងស្រុក​កសាង​របង និង​ខ្លោងទ្វារ​យ៉ាង​ប្រណីត​ទុកជា​បូជនីយដ្ឋាន និង​ជា​និមិត្តរូប​នៃ​ទឹកដី «​អង្គតាសោម​» ។

ទាំងនេះ​ហើយ​ដែល​បង្ហាញ​ថា ប្រវត្តិ​ភូមិ​នេះ​ដោយ​មាន​តា​សោម​ជា​អ្នក​បាន​ចូល​រស់នៅ​គ្រា​ដំបូង ហើយ​ត្រួសត្រាយ​ទឹកដី​នេះ​ទុកជា​កេរ​មរតក​សម្រាប់​មនុស្ស​ជំនាន់ ក្រោយ​ៗ​បាន​រស់នៅ​សុខដុមរមនា​រហូត​មក​ដល់​សព្វថ្ងៃ ហើយ​នៅ​តែ​មានឈ្មោះ​ហៅ​ថា «​ភូមិ​អង្គតាសោម​» «​ផ្សារ​អង្គតាសោម​» «​វត្ត​អង្គតាសោម​» និង «​ឃុំ​អង្គតាសោម​» ។
មិនតែប៉ុណ្ណោះ «​តា​សោម​» ថែម​ទាំង​មាន​បារមី និង​ជំនឿ​មួយ​របស់​អ្នកស្រុក គឺ​បើកាលណា​មាន​ក្មេងក្មាង​កើតហេតុ​ភេទ​អ្វីមួយ​មិន​ស្រួលខ្លួន គេ​តែង​នាំ​គ្នា​អុជ​ធូប បន់​ស្រន់ រំលឹក​តា​សោម ក៏​ឃើញ​ថា មានការ​កាក់កប​ជា​សះស្បើយ ។ មិនតែប៉ុណ្ណោះ ពិធី​មង្គលការ​កូនប្រុស​ស្រី​អ្នកស្រុក​ភូមិ​អង្គតាសោម​នេះ តែងតែ​ដង្ហែ​កូនប្រុស​ទៅ​គោរព​សុំ​ពរ​ជ័យ​សេចក្តីសុខ​ពី​លោកតា​សោម​ជា​ម្ចាស់​ទឹកដី ហៅ​ថា «​ពិធី​ឡើងអ្នកតា​» ៕