ល្បែង​កីឡា​ប្រជាប្រិយ​ខ្មែរ «​ប្រណាំង​រនាស់​»

យោង​តាម​សៀវភៅ «​ប្រពៃណី​និង​ទំនៀមទម្លាប់​ខ្មែរ​» រៀបរៀង​ដោយ​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ អធិប្បាយ​ថា មិន​តែ​នៅ​រដូវប្រាំង​ទេ ទោះបីជា​រដូវវស្សា​ដែល​គេ​ជាប់ដៃ​យ៉ាង​មមាញឹក​ក្នុង​ការងារ​ស្រែ​ចម្ការ​ក៏​ដោយ ក៏​ប្រជា​កសិករ​ខ្មែរ​យើង​នៅ​តែ​ឆ្លៀត​រក​ការ​កម្សាន្ត​នៅ​ក្នុង​ល្បែង ផ្សេង​ៗ ដូច​ជា​កីឡា​ប្រណាំង​រនាស់​ជាដើម ។ បណ្តា​អ្នក​ស្នេហា​កីឡា​ប្រភេទ​នេះ គេ​ច្រើន​ស្វះស្វែង​រកគោ​រត់​រនាស់ (​គោ​ដែល​មាន​ល្បឿនខ្លាំង​ខាង​រត់​អូស​រនាស់ ។ គោ​លឿន​ខាង​ប្រណាំង​រទេះ​មិន​សុទ្ធតែ​ជា​គោ​រត់​រនាស់​លឿន​នោះ​ទេ ។ ឯ​គោ​លឿន​ខាង​រត់​រនាស់​ក៏​មិន​សុទ្ធតែ​លឿន​ខាង​រត់​រទេះ​ទាំងអស់​ដែរ ។ ផ្នែក នីមួយ​ៗ​សុទ្ធតែ​ចំណុះ​ទៅ​នឹង​ប្រដាប់ ឬ​លក្ខណៈ​ពិសេស​របស់​សត្វ​) ហើយ​ច្រើន​តែ​ជា​អ្នក​ពូកែ​ថែបំប៉ន​គោ​របស់​គេ​ឱ្យ​ធាត់​មាំមួន​ល្អជា​និច្ច ។ ល្បែង​ប្រណាំង​រនាស់​ពុំ​សូវ​ភ្នាល់​ដាក់​ប្រាក់​ជា​ទ្រង់ទ្រាយ​ធំ​ដូច​ប្រណាំង​រទេះ​ឬ​ប្រណាំង​មនុស្ស​រត់​ចម្ងាយ​ទេ ។ គេ​ឆ្លៀត​ចាត់ចែង​ពិធី​នេះ​ភ្ជាប់​ជាមួយ​ការងារ​ភ្ជួរ​រាស់​តែ​ម្តង ។  ថ្ងៃ​ប្រណាំង​រនាស់​ជា​ថ្ងៃ​ពិសេស​គឺ ៖

ក​-​ភ្ញៀវ​ប្រវាស់ដៃ បាន​មក​ជួបជុំ​គ្នា​យ៉ាងច្រើន ដោយ​ម្ចាស់​ស្រែ​ត្រូវ​ភ្ជួរ​រាល់​ស្រែ​ជា​ច្រើន ដែល​ទាមទារ​ឱ្យ​មាន​ដៃ​នឹម (​ដៃ​នឹមៈ គឺ​អ្នកចូលរួម​ការងារ​ភ្ជួរ​រាស់​ជា​អ្នក​យកដៃ​ក្តី សងដៃ​ក្តី​)  ច្រើន​ក្នុង​នោះ​មាន​ទាំង​គោ​រត់​រនាស់​ធ្លាប់​មានឈ្មោះ​ល្បី​ចូលរួម​ផង ។

ខ​-​មាន​ស្រែ​ប្រវែង​(​ប្រមាណ​២០០​ម៉ែត្រ​) ក្នុង​ចំណោម​ស្រែ​ទាំង​ប៉ុន្មាន​ដែល​បាន​រាស់​ត្រៀម​ទុក​ស្ទូង ។

គ​-​ជា​ថ្ងៃ​ដែល​ម្ចាស់​ស្រែ​ត្រូវ​សែនអ្នកតា​ព្រះ​ភូមិ​ដែល​តាម​ទម្លាប់​ត្រូវ​តែ​ប្រណាំង​រនាស់​ថ្វាយ​អ្នកតា ។ នៅ​ពេល​ដែល​រាស់​សព្វ និង​ម៉ដ្ឋ​ល្អ​ហើយ នឹម​ទាំង​ប៉ុន្មាន​ត្រូវ​បញ្ឈរ​ចាំ​ត្រៀបត្រា​នៅ​ទីដៅ​(​ចុង​ទី​)​។ ឯ​គូប្រណាំង​ត្រូវ​បរ​ទៅ​ដើម​ទី ហើយ​ត្រូវ​ចាត់​ឱ្យ​នៅ​មុខ ឬ​ក្រោយ​តាម​ការ​ចាប់ឆ្នោត​ឬ​ការ​ព្រមព្រៀង​គ្នា ។ លុះ​ឮ​សូរ​សញ្ញា​ឱ្យ​ចេញដំណើរ (​រាប់​ដល់​៣)​ហើយ គោ​ទាំង​ពីរ​នឹម​បាន​ស្ទុះ​រត់​អូស​រនាស់​យ៉ាង​លឿន​បែក​ទឹក​សំពោង​ឆ្ពោះទៅ​រក​ទីដៅ ។

អ្នក​ជំនិះ​ទាំង​ខាង​មុខ​ទាំង​ខាងក្រោយ ស្រែក​វ៉ាស​ៗ យ៉ាង​ខ្លាំង ព្រមទាំង​ចាក់​គោ​នឹង​ជន្លួញ​ផង ដើម្បី​ប្រជែង​គ្នា​យកឈ្នះ​តែ រៀង​ៗ​ខ្លួន ។ គេ​កំណត់​ឈ្នះ​ចាញ់ ដោយ​សង្កេត​មើល​តើ​រនាស់​មុន និង​រនាស់​ក្រោយ​ឃ្លាតឆ្ងាយ​ពី​គ្នា ឬ​ក៏​នៅ​កៀក​ជាប់​គ្នា ។ បើ​ដាច់​ឃ្លាត​ពី​គ្នា​នោះ គេ​សន្មត​ថា​រនាស់​មុខ​ឈ្នះ ។ បើ​កៀក​កិត​ជាប់​គ្នា ឬ​រនាស់​ក្រោយ​ចៀស​រនាស់​មុខ នោះ​គេ​វិនិច្ឆ័យ​ថា រនាស់​ក្រោយ​ជា​អ្នក​ឈ្នះ ។ គូ​ជា​បន្តបន្ទាប់​ត្រូវ​ចាត់​ឱ្យ​ប្រណាំង​រហូត​ទាល់តែ​អស់ ។

នៅ​ថ្ងៃនេះ ម្ចាស់​ស្រែ​ច្រើន​តែ​ទទួល​បានដៃ​នឹម​ទាំងអស់ ដែល​បាន​ចូលរួម ។ ក្នុង​ពេលបាយ គេ​តែងតែមាន​មុខម្ហូប ពិសេស​ៗ ដូច​ជា​មាន់​ស្ងោរ សម្លម្ជូរ​សាច់​គោ​ជាដើម ។ ជា​ធម្មតា​ស្រែ​ណា​ដែល​មាន​អ្នកតា​ព្រះ​ភូមិ​តាំងនៅ គេ​តែង​ធ្វើ​ដូច្នេះ​ឯង ។

អ្នក​ចងក្រង​ឯកសារ​នេះ​បាន​មើល​ទូរទស្សន៍​ប៉ុស្តិ៍​អន្តរជាតិ​បារាំង ហើយ​បានឃើញ​ភាពយន្ត​ឯកសារ​បញ្ចាំង​អំពី​ពិធី​ប្រណាំង​រនាស់ (​នៅ​ស្រុក​ខ្មែរ​យើង តំបន់​ខ្លះ​ជួនកាល​គេ​ប្រណាំង​រនាស់​នៅ​តាម​ផ្លូវថ្នល់ គឺ​ប្រណាំង​គោក ។ បើ​ផ្លូវថ្នល់​ពុំសូវល្អ គេ​ក៏​សម្រេច​យក​វាលស្រែ​ដែល​រាបស្មើ ហើយ​នៅ​មាន​ជញ្ជ្រាំង​នៅឡើយ ធ្វើ​ជាទី​ប្រណាំង​ដែរ ក្នុង​ករណី​នេះ​គេ​អាច​ប្រណាំង​នៅ​រដូវប្រាំង​ក៏​បាន​) នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​ឥណ្ឌូ​ណេ​ស៊ី ។ របៀបរបប​ដែល​ប្រទេស​ទាំង​ពីរ បាន​ធ្វើ​នោះ គឺ​ដូច​គ្នា​បេះបិទ​នឹង​ពិធី​ប្រណាំង​រនាស់​នៅ​ស្រុក​ខ្មែរ​យើង​ដែរ ។ នេះ​ប្រហែលជា​ប្រជាជន​ដើម​នៃ​ប្រទេស​ទាំង​ប៉ុន្មាន​នេះ​បាន​ទទួល​អរិយធម៌​ដូច​គ្នា ពី​ប្រទេស​ដែល​ផ្សព្វផ្សាយ​ដូច​ជា ឥណ្ឌា​ជាដើម ។ ឬ​មួយ​ប្រជាជន​ម្ចាស់​ស្រុក​ធ្លាប់​មាន​ប្រ​ណៃ​ពី​ទំនៀមទម្លាប់​ដូច​គ្នា​បានជា​សព្វ​ថ្ងៃនេះ​នៅ​សេសសល់​ល្បែង​ប្រណាំង​រនាស់​នេះ ទុក​ឱ្យ​យើង​ឆ្លុះ​បញ្ចាំង​អំពី​អតីតកាល​នៃ​ប្រពៃណី​ដូនតា​យើង ៕