ល្បែង​កីឡា​ប្រជាប្រិយ​ខ្មែរ «​ប្រណាំង​ដំរី​»

យោង​តាម​សៀវភៅ «​ប្រពៃណី និង​ទំនៀមទម្លាប់​ខ្មែរ​» របស់​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ អធិប្បាយ​ថា ល្បែង​«​ប្រណាំង​ដំរី​»​មាន​គេ​លេង​នៅ​តំបន់​ដែល​សម្បូរ​ដំរី ពិសេស​តំបន់​ជាប់​នឹង​ព្រៃធំ និង​ភ្នំ​ច្រើន ក្នុង​នោះ​យើង​អាច​ពោល​ដល់​ខេត្តកំពង់ស្ពឺ ពោធិ៍សាត់ កំពង់ធំ តាកែវ ។​ល​។ គេ​ច្រើន​ចាត់ចែង​ល្បែង​ប្រណាំង​ដំរី​នេះ នៅ​ពេល​មាន​ពិធីបុណ្យ ធំ​ៗ ដូច​ជា​បុណ្យផ្កា បុណ្យបញ្ចុះសីមា បុណ្យ​ព្រះ​សព​ព្រះ​ចៅអធិការ​វត្ត​ជាដើម ។ លើកលែងតែ​បុណ្យផ្កា​មួយ​ចេញ បុណ្យ​របៀប​នេះ ច្រើន​ប្រព្រឹត្ត​ទៅ​អស់​ពេល​៣​ថ្ងៃ ។

គេ​ច្រើន​ជ្រើស​យក​រដូវប្រាំង ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​បែប​នេះ ។ នៅ​ថ្ងៃ​បង្ហើយ​ជា​ពិសេស គឺជា​ថ្ងៃ​ពុទ្ធបរិស័ទ​មក​ជួបជុំ​គ្នា​ច្រើន​ជាង​ថ្ងៃ​ដំបូង គេ​ចាត់ចែង​ពិធី​ប្រណាំង​ដំរី​ដោយ​ផ្គូ​គ្នា​ជាដំបូង​សិន ។ ទី​ប្រណាំង​ដំរី​មិន​ចាំបាច់​មាន​ផ្លូវ​ចូក​ចាំង​រំលីង​ដូច​ការ​ប្រណាំង​រទេះគោ ឬ​ប្រណាំង​មនុស្ស​ឡើយ ។ គេ​គ្រាន់តែ​កំណត់​យក​វាលស្រែ​នៅ​ជិតខាង​វត្ត ដោយ​សន្មតគ្នា​កំណត់​យក​ពី​ទីណា ដល់​ទីណា​ប៉ុណ្ណោះ ។ ឯ​ចម្ងាយ​ផ្លូវ គេ​កំណត់​យក​ពី​៣០០​ទៅ​៤០០​ម៉ែត្រ ដូច​ចម្ងាយ​ផ្លូវ​ប្រណាំង​រទេះគោ​ដែរ ។ ការ​ប្រណាំង​ដំរី ច្រើន​តែ​ធ្វើ​ឡើង​ក្នុង​ន័យ​កម្សាន្ត ត្រង់​ៗ​ប៉ុណ្ណោះ ។  គេ​មិនសូវ​ភ្នាល់​គ្នា​ដាក់​ប្រាក់​ធំដុំ​ដូច​ប្រណាំង​រទេះគោ​ឡើយ ។ ការ​ចេញដំណើរ​ត្រូវ​បាន​កំណត់​ដោយ​គោះ​គល់ឈើ «៣​ប៉ូ​ក​» ឬ​រាប់​ពី​១​ដល់​៣​ដែរ ។ កាលណា​សូរ​សញ្ញា​ចេញដំណើរ​ហើយ ដំរី​ទាំង​ពីរ​ដែល​មាន​ហ្ម​ទាម​ក្បាល បាន​បោល​សំរុក​ទៅ​មុខ​យ៉ាង​លឿន​ឆ្ពោះទៅ​រក​ទិស​ដៅ​ដែល​មាន​មនុស្ស​ម្នា​ឈរ​ចាំ​មើល​ច្រើន​ត្រៀបត្រា ។ ជួនកាល​គេ​អនុញ្ញាត​ឱ្យ​មនុស្ស​ម្នាក់​កាន់​រំពាត់ផ្តៅ យ៉ាង​វែង​ដេញ​វាយ​ដំរី នីមួយ​ៗ​ពីក្រោយ ។ ធ្វើ​របៀប​នេះ​គេ​ហៅ​ថា វាយ​ជែង ។ បើ​ការ​ពិភាក្សា​គ្នា​មិន​តម្រូវ​ឱ្យ​មាន​អ្នក​ដេញ​វាយ​ពីក្រោយ​ទេ ការ​ដាស់តឿន​បង្ខំ​ដំរី​ឱ្យ​រត់លឿន គឺ​អាស្រ័យ​លើ​ហ្មដំរី នីមួយ​ៗ ដែល​ប្រើ​ល្បិច ឬ​បច្ចេកទេស ធ្វើ​ធ្វើ​យ៉ាងណា ឱ្យ​ដំរី​ខ្លួន​រត់លឿន​ជាង​គូប្រជែង ។ ជា​ទូទៅ ហ្ម​ច្រើន​ប្រើ​ត្រួយ​កង្វេរ ចាក់​ក្បាលដំរី រហូត​ដល់​ឈាម ដើម្បី​ឱ្យ​ដំរី​ស្ទុះ​រត់លឿន​ក្រោម​ការ​ឈឺចាប់​ពីមុខ​របួស​នេះ (​ដោយ​ធន់​ទ្រាំ​ពុំ​បាន​នឹង​ការ​ឈឺចាប់ ដំរី​ស្រែក​រោទ៍​ឮលាន់​រំពង ដែល​មាន​សំឡេង​លាន់ឮ វ៉ូម​ៗ​គួរ​ឱ្យ​ខ្លាច​) ។ ដំរី​ទាំង​ពីរ​រត់​យ៉ាង​លឿន ធ្វើ​ឱ្យ​ដី​វាលស្រែ​ហុយ​ទ្រលោម​។

សម្រែក​ហ៊ោកញ្ជ្រៀវ​ចេញ​មក​ពី​ទស្សនិកជន​ដ៏​កក​ស្រទាប់​បាន​លាន់ឮ​ស្ទើរ​កក្រើក​វាលស្រែ ដើម្បី​អបអរសាទរ​គូប្រជែង​ទាំង​ពីរ ឬ​លើកទឹកចិត្ត​ដល់​ដំរី​ដែល​មាន​ជ័យជម្នះ ។ ការ​ប្រណាំង​អាច​មាន​តិច ឬ​ច្រើន​គូ អាស្រ័យ​ដោយ​មាន​ដំរី​តិច ឬ​ច្រើន​ចូលរួម ។

និយាយ​ដល់​ល្បែង​ប្រណាំង​ដំរី លោក​ព្រឹទ្ធាចារ្យ​មៀ​ច ប៉ុណ្ណ អាណិត​ដល់​ស្រុក​ខ្មែរ​យើង ដែល​សព្វ​ថ្ងៃនេះ ត្រូវ​បាត់បង់​ដំរី​អស់​ជា​ច្រើន ដោយសារ​សង្គ្រាម​ជាប់​ជាង​ម្ភៃ​ឆ្នាំ ។ ដំរី​ស្រុក​ក៏​ចេះ​តែ​មាន តិច​ទៅ​ៗ ។ ឯ​ដំរីព្រៃ​រត់​ចេញពី​ស្រុក​អស់​(​ដំរី​ស្រុក​ខ្មែរ​រត់​ទៅ​ជ្រក​នៅ​ព្រៃ​នៃ​ប្រទេស​ជិតខាង ដូច​ជា សៀម លាវ យួន​ជាដើម​) ដោយ​ខ្លាច​គ្រាប់បែក គ្រាប់​មីន និង​គ្រាប់កាំភ្លើង​ធំ​តូច ដែល​គេ​ប្រយុទ្ធ​គ្នា ។ បើ​យើង​មាន​ដំរី​ច្រើន​ដូច​ពី​ដើម យើង​អាច​ចាត់តាំង​ការ​ប្រណាំង​ដំរី​ក្នុង​ខែ​ណាមួយ​ជា​កំណត់ ដើម្បី​ទាក់ទាញ​ទេសចរ​ឱ្យមក​មើល​ប្រទេស​យើង​បាន​ច្រើន ៕