ម្នាស់​អាយុ​ពាន់​ឆ្នាំ​មាន​បារមី​សក្តិ​សិទ្ធិ​នៅ​លើ​ភ្នំ​ពិ​ស្ស៍

ខេត្ត​កំពង់់​ស្ពឺ ៖ ម្នាស់​ជា​ច្រើន​គុម្ព​ដុះ​លើ​ផ្ទាំង​ថ្ម រក្សា​ជីវិត​គង់​ពាន់​ឆ្នាំ​មក​ហើយ ខុស​ពី​ម្នាស់​ធម្មតា ។ អ្នកស្រុក​មាន​ជំនឿ​ថា​ម្នាស់​នោះ​មាន​ឫទ្ធិ​បារមី​អាច​ធ្វើ​ឱ្យ​មនុស្ស​ជួប​គ្រោះអាក្រក់​ប្រសិនបើ​ធ្វើ​ខុស​ត្រណម ។
ភ្នំ​ពិ​ស្ស៍​ជា​កន្លែង​ដែល​ម្នាស់​នោះ​ដុះ ស្ថិត​ក្នុងភូមិ​ភ្នំ​ពិ​ស្ស៍ ឃុំ​អម​លាំង ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។

ទាក់ទិន​នឹង​ភ្នំ និង​ម្នាស់​នោះ​មានរឿង​តំណាល​ថា​កាលពី​ជាង​២​ពាន់​ឆ្នាំ​មុន មាន​ស្តេច​មួយ​អង្គ​ព្រះ​នាម​អង្គចន្ទ បាន​ធ្វើ​ដំណើរ​ដល់​ភ្នំ​ពិ​ស្ស៍​ដើម្បី​តាម​រក​មហេសី​ដែល​បាត់​ព្រះ​កាយ​ដោយ​គ្មាន​ដំណឹង​ថា​ព្រះ​នាង​សុគត ឬ​ក៏​នៅ​រស់រាន​មានជីវិត​នៅឡើយ ។ ដោយហេតុ​ថា តាម​រក​ព្រះ​មហេសី​អត់​ឃើញ ធ្វើ​ឱ្យ​ព្រះ​អង្គ​ទាល់គំនិត​គិត​អ្វី​លែង​ចេញ​ក៏​បាន​ធ្វើ​ពិធីបួងសួង​ផ្សង​ដោយ​ការ​ដាំ​ម្នាស់​នៅ​លើ​កំពូលភ្នំ​ពិ​ស្ស៍​(​ដាំ​លើ​ថ្ម​) ។ ព្រះ​អង្គ​បួងសួង​ផ្សង​ថាបើ​ព្រះ​មហេសី​នៅ​រស់រាន​មានជីវិត សូម​ឱ្យ​ដើម​ម្នាស់​ងាប់​មិនបាច់​ដុះ​លូតលាស់​ទៀត​ទេ តែបើ​មហេសី​របស់​ព្រះ​អង្គ​សុគត​នៅ​ទី​នេះ សូម​ឱ្យ​ដើម​ម្នាស់​ដែល​ព្រះ​អង្គ​ដាំ​នេះ​ដុះ​ជា​កូន ពូន​ជា​ចៅ​នៅ​លើ​ដុំ​សិលា ។

ម្នាស់​ដែល​ព្រះ​អង្គចន្ទ​ដាំ​នៅ​លើ​ដុំ​សិលា​បាន​ចាក់​ឫស​ដុះ​បែក​ជា​កូន ពូន​ជា​ចៅ​យ៉ាងច្រើន​ស្អេកស្កះ ដោយ​ប្រការ​នេះ​ហើយ​ទើប​ព្រះ​អង្គ​យល់​ថា​ព្រះ​មហេសី​របស់​ព្រះ​អង្គ​សុគត​ពិតប្រាកដ​មែន ហើយ​ព្រះ​អង្គ​លែង​មាន​មន្ទិល​ក្នុង​ការ​តាម​រក​មហេសី​ទៀត ។

ទោះជា​យ៉ាងណា​ក្តី មិន​មាន​ប្រភព​អះអាង​ឱ្យ​បាន​ច្បាស់​ទេ អំពី​ប្រវត្តិ​ភ្នំ​ពិ​ស្ស៍​ដែល​ទាក់ទង​នឹង​រឿងរ៉ាវ​របស់​ស្តេច​អង្គចន្ទ​នេះ តែ​នៅ​មាន​ស្លាកស្នាម​ខ្លះ​នៅឡើយ ហើយ​មើលទៅ​ហាក់បីដូចជា​ដំណាក់​ស្តេច​សម្រាប់​គង់នៅ​ទៀត​ផង ។ សព្វ​ថ្ងៃនេះ​អ្នកស្រុក​នៅ​តំបន់​នោះ​ហៅ ត​ៗ​គ្នា​ថា ដំណាក់​ស្តេច​អង្គចន្ទ ។ ទាំង​ព្រះសង្ឃ និង​តាជី យាយជី ជា​ពិសេស​ចាស់​ស្រុក​នៅ​តំបន់​នោះ​មិន​ហ៊ាន​អះអាង​អំពី​ប្រវត្តិ​រឿងនិទាន​នេះ​ឱ្យ​ជាក់លាក់​ទេ ។ ពួក​គាត់​លើក​ឡើង​ថា តាំងពី​ធំ​ដឹងក្តី​កាលណា​មក គឺ​ជីដូន​ជីតា​របស់​គាត់​បាន​តំណាល​រឿងរ៉ាវ និង​ប្រវត្តិ​ភ្នំ​ពិ​ស្ស៍​ប្រាប់ ត​ៗ​គ្នា ហើយ​ក៏​ចេះ​តែ​ចង​ចាំ​រហូត​មក ។ មិនតែប៉ុណ្ណោះ​ឃើញ​មាន​ដើម​ម្នាស់​ដុះ​លើ​ថ្ម​ដូច​ការ​តំណាល​ប្រាប់​របស់ ចាស់​ៗ​ប្រាកដ​មែន ។

នៅ​លើ​កំពូលភ្នំ​មិនមែន​មាន​តែ​ដំណាក់​ស្តេច​គង់នៅ​ប៉ុណ្ណោះ​ទេ មាន​ទាំង​ស្រះ​ទឹក​មួយ​ដ៏​ធំ​ទៀត​ផង អ្នកស្រុក​នាំ​គ្នា​ហៅ​ថា «​ស្រះស្រង់​»​ព្រោះ​ជា​កន្លែង​ដែល​អ្នកស្រុក​យល់​ថា ស្តេច​អង្គចន្ទ​ចុះ​ស្រង់ទឹក​នៅ​ទីនោះ​ជា​ប្រចាំ ។ នៅ​ក្បែរ​មាត់​ស្រះ​មាន​ដើមឈើ​ដុះ​ព័ទ្ធ​ជុំវិញ មាន​ម្លប់​ត្រឈឹងត្រឈៃ រីឯ​ទឹក​វិញ​មាន​សភាព​ថ្លា​ត្រជាក់​គួរ​ឱ្យ​ចង់​ងូត​លេង​កម្សាន្ត ។

បច្ចុប្បន្ន​មិនសូវ​មាន​មនុស្ស​ឡើង​ទៅ​កាន់​កំពូលភ្នំ​ពិ​ស្ស៍​ទេ ដោយសារ​តែ​ជម្រាលភ្នំ​ចោត ហើយ​ត្រូវ​ចំណាយពេល​ដល់​ទៅ​ជាង​១​ម៉ោង​ទើប​ឡើង​ដល់ ។ នៅ​លើ​កំពូលភ្នំ​ពិ​ស្ស៍ អ្នកស្រុក និង​អ្នក​ចម្ងាយ​មាន​ជំនឿ​ថា មាន​បារមី​ស័ក្តិសិទ្ធិ​ខ្លាំងពូកែ​ណាស់ ។ បើ​អ្នក​ណា​បន់ស្រន់ ឬ​ក៏​ផ្សង​ប្រាថ្នា​ចង់បាន​អ្វីមួយ ពេល​បាន​សម្រេច​ហើយ​យកនំ​ចំណី​ទៅ​ថ្វាយ ត្រូវ​នាំ​គ្នា​ហូប​ឱ្យ​អស់ ដោយ​មិន​អាច​យក​ទៅ​ផ្ទះ​វិញ​ឡើយ សូ​ម្បី​តែ​មួយ​ដុំ ។ បើ​មាន​នរណា​ម្នាក់​ហ៊ាន​ល្មើស​នឹង​បម្រាម​នេះ​នឹង​ជួប​ហេតុ​អាក្រក់​លើ​ខ្លួន និង​ក្រុម​គ្រួសារ​មិន​ខាន ។

និយាយ​ពី​ដើម​ម្នាស់​វិញ គឺ​ដុះ​ជា​ច្រើន​គុម្ព​នៅ​លើ​ផ្ទាំង​ថ្ម​មួយ​ដុំ​ដែល​មាន​ទំហំ​៣​ម៉ែត្រ​៤​ជ្រុង ។ មិន​មាន​នរណា​ម្នាក់​រក​ឃើញ​ថា តើ​ឫស​របស់​វា​ចេញពី​ណា​ទេ គ្រាន់តែ​គេ​សង្កេត​ឃើញ​ថា​ឫស​នោះ​ដុះ​ប្រទាក់​គ្នា​ច្រើន​ស្អេកស្កះ នៅ​លើ​ដុំ​សិលា​មួយ​ដុំ​នោះ ។ ផ្លែ​ម្នាស់​នោះ​ត្រូវ​បាន ចាស់​ៗ​អះអាង​ថា មានឱជារស​ផ្អែម​ឆ្ងាញ់ និង​មាន​ក្លិនក្រអូប​ឈ្ងុយ ។

តាជី យាយជី​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ប្រាប់​ថា បើ​ឡើង​ទៅ​ដល់​លើ​កំពូលភ្នំ ហើយ​បេះ​ម្នាស់​ហូប សូម​ហូប​ឱ្យ​អស់ កុំ​យក​ត្រឡប់​ទៅ​តាម​ខ្លួន ព្រោះ​ម្នាស់​នេះ​ក៏​ស្ថិត​ក្នុង​តំណម​ដែរ ដោយសារ​តែ​វា​ដុះ​នៅ​ចំ​ពីមុខ​ដំណាក់​ស្តេច​អង្គចន្ទ ។ បើ​ហ៊ាន​ផ្គើន​នឹង​ជួប​គ្រោះអាក្រក់​មិន​ខាន ។

បច្ចុប្បន្ន​នេះ​គេ​មិនសូវ​ឃើញ​ម្នាស់​នោះ​មាន​ផ្លែ​ដូច​កាលពីដើម​ឡើយ ដោយ​កត្តា​ធម្មជាតិ​ព្រមទាំង​សត្វព្រៃ​ឈ្មុស​យក​ផ្លែ​ទៅ​ស៊ី​ជាដើម  តែបើ​អ្នក​ណា​ឡើង​ទៅ​ហើយ កុំ​ថា​ឡើយ​ផ្លែ សូ​ម្បី​តែ​ឫស និង​ដើម​វា​ក៏​គេ​យក​ទំពា​ហូប​ដែរ ព្រោះតែ​យល់​ថា​ម្នាស់​នេះ​ជា​ថ្នាំ​ទិព្វ​ដែល​អាច​ព្យាបាល​ជំងឺ​១០០​មុខ ។

នៅ​ជើងភ្នំ​ពិ​ស្ស៍​មាន​អារាម​មួយ​ឈ្មោះ​ថា «​ព្រះរាជា​ពន្លាជ័យ​ភ្នំ​ពិ​ស្ស៍​» កសាង​ឡើង​នៅ​ឆ្នាំ​២០០០​ដែល​មាន​ព្រះ​តេជគុណ​ព្រះ​នាម​ក្រវាញ ជា​ចៅអធិការ ៕