ព្រះ​កេរ្តិ៍ឈ្មោះ​ក្រអូប​នៃ​ភិក្ខុ ប៉ាង ខាត់លើ​ការ​ស្រាវជ្រាវ សាសនា និង​ប្រឆាំង​អាណានិគម

ព្រះ​មហា​វិ​រិ​យ​ប​ណ្ឌិ​តោ​ប៉ា​ង ខាត់ ជា​ព្រះសង្ឃ​គំរូ​ខ្មែរ​មួយ​អង្គ និង​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​ប្រកបដោយ​វិជ្ជា​ខ្ពង់ខ្ពស់ ទូលំទូលាយ ទាំង​ខាង​ផ្លូវលោក ទាំង​ខាង​ផ្លូវធម៌ ដោយ​ព្រះ​អង្គ​ចេះ​ភាសា​អង់គ្លេស​, បារាំង​, បាលី​, សំស្ក្រឹត​, សៀម​, ខ្មែរ​បុរាណ​...​។ អត្ថបទ​សិក្សា និង​ស្នាដៃ​ស្រាវជ្រាវ​នានា​របស់​ព្រះ​អង្គ​មាន​តម្លៃ​កម្រិត​អន្តរជាតិ សូ​ម្បី​តែ​សាលា​បារាំង​ចុង​បូព៌ា ក៏​បាន​សុំ​ទទួល​ព្រះ​អង្គជា «​សមាជិក​ឆ្លើយឆ្លង​» ដែរ ។

លើស​ពី​នេះ​ព្រះ​ភិក្ខុ​ប៉ាង ខាត់ ក៏​បាន​ចូលរួម​ក្នុង​ចលនា​ប្រឆាំង​នឹង​អាណានិគម​បារាំង ដែល​គេ​ឱ្យឈ្មោះ​ថា «​បដិវត្តន៍​ឆត្រ​» ដែរ ។

សៀវភៅ «​កម្រង​សិក្សា​កថា​វប្បធម៌​ខ្មែរ​» របស់​បណ្ឌិត​ឃី​ង ហុ​ក​ឌី និង​បណ្ឌិត​ថោ​ង ធែ​ល បាន​លាតត្រដាង​ព្រះ​ជីវប្រវត្តិ​ភិក្ខុ​ប៉ា​ង ខាត់ ។

កុមារ​បា​៉​ង ខាត់ កើត​នៅ​ឆ្នាំ​១៩១០ ក្នុងភូមិ​ភ្នំ​ដិ​ល ស្រុក​បា​ធា​យ ក្នុង​ខេត្តកំពង់ចាម បិតា​នាម​ប៉ា​ង និង​មាតា​នាម​អុង ។ ដល់​ធំ​ដឹងក្តី​ហើយ​កុមារ​នេះ​បាន​បួស​រៀន​ក្នុង​សំណាក់​ពុទ្ធសាសនា ហើយ​បាន​ប្រឡង​ជាប់​ចូល​រៀន​នៅ​សាលា​បាលី​ជាន់ខ្ពស់​ទៀត ។ ព្រះ​ភិក្ខុ​ប៉ា​ង ខាត់​បាន​ប្រឡង​ជាប់​ចូល​រៀន​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង​ដោយ​បាន​ពិន្ទុ​ល្អ​ប្រសើរ​ទៀត​ផង ដូច​មាន​សេចក្តី​បញ្ជាក់​ក្នុង​អត្ថបទ​លោក​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​ពុទ្ធសាសនា និង​អក្សរសាស្ត្រ​ខ្មែរ «​មិត្ត​សាលា​បាលី​» ឆ្នាំ​ទី​២ លេខ​១ ខែមករា ១៩៥១ ទំព័រ​ទី​២៦​ថា «​កាល​ខ្ញុំ​ប្រឡង​ចូល​រៀន​សាលា​បាលី​ជាន់ខ្ពស់​ហើយ ខ្ញុំ​ត្រូវ​ប្រឡង​ចូល​រៀន​ភាសា​បារាំង​ផ្នែក​ខាង​ធ្វើ​គ្រូ​ទៀត កាលនោះ​ខ្ញុំ​មានសំណាង​បាន​ពិន្ទុ​ប្រសើរ​ជាងគេ​»​។ ពេល​ដែល​ភិក្ខុ​ប៉ាង ខាត់ សិក្សា​ក្នុង​ក្រុងភ្នំពេញ លោក​សំណាក់​នៅ​វត្ត​ឧណ្ណាលោម​ក្នុង​កុដិ​ព្រះ​ពោធិវ័ង្ស​ហួត តាត ហើយ​លោក​ជា​សិស្សគណ ព្រះ​ពោធិវ័ង្ស ។

បន្ទាប់​ពី​បាន​សិក្សា​ចប់​នៅ​សាលា​បាលី​ជាន់ខ្ពស់ ភិក្ខុ​ប៉ា​ង ខាត់ បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​ភាសាបាលី​ជាដំបូង​នៅ​វត្ត​ប្រាង្គ​ក្នុងស្រុក​ឧដុង្គ ។

ភិក្ខុ​ប៉ា​ង ខាត់ ជា​ព្រះសង្ឃ​គំរូ​ខ្មែរ​មួយ​អង្គ និង​ជា​សាស្ត្រាចារ្យ​ដ៏​ឆ្នើម ដោយ​ព្រះ​អង្គ​ចេះ​ភាសា​អង់គ្លេស ភាសា​បារាំង បាលី សំស្ក្រឹត សៀម ខ្មែរ បុរាណ ។​ល​។

តួនាទី​ក្នុង​ឧត្តម​សិក្សា និង​ក្នុង​ការ​ស្រាវជ្រាវ​ក្នុង​ឧត្តម​សិក្សាភិក្ខុ​ប៉ា​ង ខាត់ ធ្វើ​ជា​សាស្ត្រាចារ្យ​ភាសាសំស្ក្រឹត និង​ភាសាបាលី​នៅ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ភ្នំពេញ ។

ទន្ទឹម​នឹង​ភារកិច្ច​នៅ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ភិក្ខុ​ប៉ាង ខាត់ បាន​បង្រៀន «​ការ​សិក្សា​អក្សរ​ថ្ម និង​ខ្មែរ​បុរាណ​» ហើយនឹង «​ប្រវត្តិ​សាសនា​ឥណ្ឌា​-​ខ្មែរ​» នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

ភិក្ខុ​ប៉ា​ង ខាត់ បាន​បង្រៀន​ភាសាបាលី​ជា​ច្រើន​ឆ្នាំ​នៅ​សាលា​បាលី​ជាន់ខ្ពស់​ក្រុងភ្នំពេញ​ដែល​មាន​ព្រះ​ពោធិវ័ង្ស​ហួត តាត ជា​ចាងហ្វាង​សាលា​បាលី​ជាន់ខ្ពស់ និង​ជា​អធិបតី​ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក គឺជា​អតីត​គ្រូអាចារ្យ​លោក ។ បន្ទាប់​មក​លោក​បាន​បង្រៀន​ភាសាសំស្ក្រឹត​នៅ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ក្រុងភ្នំពេញ រហូត​ដល់​ឆ្នាំ​១៩៧៥ ។

ភិក្ខុ​ប៉ាង ខាត់ បាន​បង្រៀន​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ ក្រុងភ្នំពេញ រហូត​ដល់​ឆ្នាំ​១៩៧៥ នូវ​មុខ​វិជ្ជា​២ គឺ៖

១-​អក្សរ​ថ្ម និង​ភាសា​ខ្មែរ​បុរាណ ខ្មែរ​កណ្តាល​សម្រាប់​និស្សិត​រៀន​យក​សញ្ញាបត្រ​សិក្សា​ជាន់ខ្ពស់​ផ្នែក​វេយ្យាករណ៍ និង​និ​រុ​ទ្ធិ​វិទ្យា ។

២-​ប្រវត្តិសាស្ត្រ​សាសនា​ឥណ្ឌា​-​ខ្មែរ សម្រាប់​និស្សិត​រៀន​យក​សញ្ញាបត្រ​សិក្សា​ជាន់ខ្ពស់​ផ្នែក​វប្បធម៌ អរិយធម៌​ខ្មែរ ។

នេះ​ជា​កម្មវិធី​ដែល​ភិក្ខុ​ប៉ាង ខាត់ បាន​បង្រៀន​ដល់​និស្សិត​រៀន​យក​សញ្ញាបត្រ​សិក្សា​ជាន់ខ្ពស់​ផ្នែក​វេយ្យាករណ៍ និង​និរុត្តិវិទ្យា គឺ​មាន ៖
ក​-​ពាក្យ​សំស្ក្រឹត​ក្នុង​អត្ថបទ «​ទសជាតក​» ។
ខ​-​ពាក្យ​បាលី ក្នុង​អត្ថបទ «​ទសជាតក​» ។
គ​-​ខ្មែរ​បុរាណ គឺ​សិក្សា​តាំងពី​ឯកសារ​ជា​ភាសា​ខ្មែរ​បុរាណ និង​កា​រវិ​វ​ឌ្ឍ​នៃ​ភាសា​នេះ​តាំងពី​សតវត្សរ៍​ទី​៧​ដល់​សតវត្ស​ទី​១៨-១៩៖

១-​មុន​សម័យ​អង្គរ​គឺ​មាន​សិលាចារឹក​ទាំងឡាយ​ក្នុង​អំឡុង​សតវត្សរ៍​ទី​៧/​ទី​៨ ដូច​ជា ៖
សិលាចារឹក​នៅ​អង្គរបុរី​ខាង​ដើម​សតវត្សរ៍​ទី​៧ គ្រឹ​ស្ត​សករាជ ៦១១ ។
សិលាចារឹក​រជ្ជកាល​ព្រះបាទ​ភ​វ​វរ្ម័ន​ទី​២ គ្រឹ​ស្ត​សករាជ​៦៣៨ ។
សិលាចារឹក​ប្រាសាទប្រាំល្វែង ថាប់​ម៉ូយ​, វាលភក់​កូសាំងស៊ីន ក្នុង​អំឡុង​សតវត្សរ៍​ទី​៧/​ទី​៨ ។
សិលាចារឹក​ព្រៃ​មៀនស្រុក​ទ្រាំង​, កំពត​សតវត្សរ៍​ទី​៨ គ្រឹ​ស្ត​សករាជ​៧២៦ ។

២-​សម័យ​អង្គរ​មាន​សិលាចារឹក​ទាំងឡាយ​ក្នុង​សតវត្ស​ទី​៩​ដល់​១៥​គឺ​មាន​អត្ថបទ​សិលាចារឹក​ជា​ភាសា​ខ្មែរ​បុរាណសម័យ​អង្គរ​ក្នុង​រជ្ជកាល ផ្សេង​ៗ និង​ចលនា​អក្សរសិល្ប៍​ក្នុង​សម័យ​អង្គរ ជា​ពិសេស​រឿង​រាមកេរ្តិ៍ និង​រឿង​មហាភារតយុទ្ធ​ជាដើម ។

៣-​ក្រោយ​សម័យ​អង្គរ​គឺ​មានអត្ថបទ​សិលាចារឹក​ខ្មែរ​ក្រោយ​សម័យ​អង្គរ​ដែល​បាន​បោះពុម្ពផ្សាយ ដោយ​ពុទ្ធ​សាសន​បណ្ឌិត្យ​ហៅ​ថា​សិលាចារឹក​នគរវត្ត​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៦​ដល់ទី​១៨ ។

ចលនា​អក្សរសិល្ប៍ ផ្សេង​ៗ​ក្នុង​អំឡុង​សតវត្សរ៍​ទី​១៨-១៩ ។
៤-​អំពី​ទម្រង់ និង​អក្ខរាវិរុទ្ធ​នៃ​ភាសា​ខ្មែរ​ខ្លះ​ពី​បុរាណកាល​មក​ដល់​បច្ចុប្បន្ន ។

នេះ​ជា​កម្មវិធី​ដែល​ភិក្ខុ​ប៉ាង ខាត់ បាន​បង្រៀន​ដល់​និស្សិត​រៀន​យក​សញ្ញាបត្រ​សិក្សា​ជាន់ខ្ពស់​ផ្នែក​វប្បធម៌​អរិយធម៌​ខ្មែរ គឺ​មាន ៖
១-​ព្រហ្មញ្ញ​និយម គឺ​មាន​អរិយធម៌​វេទ​, មាន​សាសនា​វេទ​, អាទិទេព​វេទ​, ពិធី​វេទ ។​ល​។
២-​ហិណ្ឌូ​និយម គឺ​មាន​ព្រហ្ម​, ឥសូរ (​សិវៈ​) និង​វិស្ណុ ។
៣-​ពុទ្ធ​និយម​គឺ​មានពុទ្ធសាសនា​មហាយាន និង​ថេរវាទ ។​ល​។

ក្នុង​ការ​ស្រាវជ្រាវ ៖
ភិក្ខុ​ប៉ាង ខាត់ ជា​អ្នក​ស្រាវជ្រាវ​ដ៏​ល្បីល្បាញ​ក្នុង​សំណាក់​អ្នក​ស្រាវជ្រាវ​ជាតិ និង​អន្តរជាតិ ។ សាលា​បារាំង​ចុង​បូព៌ា​ប្រទេស​បាន​តែងតាំង​លោក​ជា​សមាជិក​ឆ្លើយឆ្លង នៅ​ឆ្នាំ​១៩៤៨, ១៩៥១ និង​ឆ្នាំ​១៩៥៤ ។

ភិក្ខុ​ប៉ា​ង ខាត់ ជា​អ្នកប្រាជ្ញ​ជាតិ​ម្នាក់​ដែល​យើង​មិន​អាច​បំភ្លេច​បាន ។ លោក​បាន​បន្សល់​ទុក​ស្នាដៃ​ច្រើន​សម្រាប់​ខ្មែរ​យើង​ជំនាន់​ក្រោយ​។ លោក​បាន​បង្ហាត់បង្រៀន​ព្រះសង្ឃ​និង​និស្សិត​នៅ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ និង​សាកលវិទ្យាល័យ​ភូមិន្ទ​ជា​ច្រើន​ជំនាន់ ហើយ​សិស្ស និង​និស្សិត​ចាស់​របស់​លោក​ក្រោយមក​ក្លាយ​ខ្លួន​ជា​គ្រូ សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ផ្នែក​ភាសា អក្សរសាស្ត្រ វប្បធម៌ អរិយធម៌​ខ្មែរ​ជាដើម បាន​បន្ត​ស្នាដៃ​លោក​តទៅ​ទៀត ។

អ្នក​សិក្សា ព្រមទាំង​អ្នក​និយម​ការ​អាន​នៅ​តែ​នឹកឃើញ​ដល់​ស្នាដៃ​របស់​ភិក្ខុ​បា​៉​ង ខាត់ ដែល​ទុកជា​កេរ​ច្រើន ជា​ពិសេស គឺ​សៀវភៅ​ស្រី​ហិ​តោ​បទេស​៤​ភាគ និង​ប្រវត្តិ​ពុទ្ធសាសនា​នៅកម្ពុជា​(​ជា​ភាសា​ខ្មែរ និង​ជា​ភាសា​បារាំង​) ។

តួនាទី​ក្នុង​ពុទ្ធសាសនា និង​ក្នុង​នយោបាយ
១-​ក្នុង​ពុទ្ធសាសនា
ភិក្ខុ​ប៉ា​ង ខាត់ ឥត​មាន​ងារ​ក្នុង​រាជាគណៈ​សង្ឃ​ទេ ព្រោះ​លោក​មិនមែន​ជា​សង្ឃ​ដែល​ស្វះស្វែង​បុណ្យ​សក្តិ​យស​សោះឡើយ ។ ក្នុង​សំ​ណេ​រលោក​ចារ​លើ​នាម​លោក​ថា «​ភិក្ខុ​» ឬ​ឆាយា​នាម​លោក «​វិ​រិ​យ​ប​ណ្ឌិ​តោ​» ដែល​ព្រះសង្ឃ​ទាំងអស់​មួយ​អង្គ​ៗ​មាន​ឆាយា​នាម​ផ្ទាល់​មួយ​ប្រចាំជីវិត​ជា​សង្ឃ ។

ភិក្ខុ​ប៉ា​ង ខាត់ បាន​សរសេរ​អត្ថបទ​ជា​ច្រើន​ពន្យល់​ពុទ្ធមាមកជន​ថា «​ព្រះពុទ្ធ​សាសនា​» គឺជា​វិទ្យាសាស្ត្រ និង​បង្ហាញ​ពី​តម្លៃ​សាកល ជា​ឫសគល់​ពិត​នៃ​ព្រះពុទ្ធ​សាសនា ។ តាម​សម្តី​លោក​ថ្លែង​ក្នុង​មេរៀន​ស្តី​ពី «​ព្រះពុទ្ធ​សាសនា​» ជា​កំណាព្យ​ពាក្យ​៤​ថា ៖ «​មាន​អ្វី​លើ​ឈ្មោះ ហៅ​ហើយ​ពីរោះ ដូច​ផ្កា​កុលាប ទោះ​នឹង​ហៅ​អ្វី កុលាប​ពិសី ក្រអូប​ដដែល​» ។

ភិក្ខុ​បា​៉​ង ខាត់ ជា​សង្ឃ​ជឿនលឿន​និយម មានគំនិត​ទូលំទូលាយ​ដែល​សិស្ស​អាច​ជជែក​ពិភាក្សា ពិគ្រោះ​ដោះស្រាយ រិះគន់​ស្ថាបនា ប្តូរ​យោបល់ ។​ល​។ ខុស និង​ផ្ទុយ​ពី​ព្រះសង្ឃ​ក្នុង​រាជាគណៈ​សង្ឃ​ភាគច្រើន ។

នា​ខែធ្នូ​ឆ្នាំ​១៩៤៨ ពេល​ដែល​ពុទ្ធសាសនិកជន​ដង្ហែ​អដ្ឋិធាតុ​ព្រះ​មហាសាវក​២​អង្គ គឺ​ព្រះ​សារីបុត្ត និង​ព្រះ​មហាមោគ្គលាន​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ត្រឡប់​យក​ទៅ​តម្កល់​នៅ​ចេតិយ​ដើម​កំណើត​វិញ ពេល​នោះ​ព្រះ​ភិក្ខុ​ប៉ា​ង ខាត់ សរសេរ​សំបុត្រ​មួយ​ទៅ​អ្នកស្រី​ស៊ុ​យ​ហ្សា​ន កា​ប៉ឺ​ឡែ​ស​សុំ​ឱ្យ​ដង្ហែ​អដ្ឋិធាតុ​ព្រះ​មហាសាវក​ពីរ​អង្គ​នេះ​កាត់​តាម​កម្ពុជា ហើយ​សូម​ឱ្យ​អ្នកស្រី​ស៊ុ​យ​ហ្សា​ន កា​ប៉ឺ​ឡែ​ស ធ្វើ​អន្តរាគមន៍​នៅ​សិរី​លង្កា​ដើម្បី​សូម​ចែករំលែក​អដ្ឋិធាតុ​មួយ​ចំនួន​តម្កល់​រក្សា​ទុក​នៅ​ប្រទេស​កម្ពុជា​សម្រាប់​ជា​សក្ការបូជា​របស់​ពុទ្ធសាសនិកជន​។

២-​ក្នុង​នយោបាយ
ដោយ​លោក​មាន​ចរិត​ជា​សង្ឃ​ជឿនលឿន​និយម​, ឯករាជ្យ​និយម ចង់ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​សុខ​សេរីភាព លោក​និង​ព្រះសង្ឃ​មួយ​ចំនួន​មាន​ព្រះ​គ្រូអាចារ្យ​ហែម ចៀវ ព្រះ​គ្រូអាចារ្យ​ខៀវ ជុំ (​វត្ត​លង្កា​) ព្រះ​គ្រូអាចារ្យ​សូរ ហា​យ ព្រះ​គ្រូអាចារ្យ​អ៊ុ​ក ជា ជាដើម រួម​ជាមួយ​អ្នកនយោបាយ​ជំនាន់​នោះ​គឺ​មាន​លោក​ស៊ឹ​ង ង៉ុ​កថា​ញ់ លោក​ប៉ា​ច ឈឺ​ន លោក​នួន ឌួ​ង លោក​ជុំ មួ​ង លោក​ប៊ុ​ណ្ណ ចន្ទ​ម៉ុ​ល ជាដើម ។ នៅ​ឆ្នាំ​១៩៤២ បាន​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​អាណានិគម​បារាំង​ដែល​គេ​ឱ្យឈ្មោះ​ថា «​បដិវត្តន៍​ឆត្រ​» ។

ភិក្ខុ​ប៉ា​ង ខាត់ ត្រូវ​បារាំង​បង្ខំ​ឱ្យ​សឹក ហើយ​បញ្ជូន​ទៅ​ដាក់គុក​នៅ​កោះ​ត្រឡាច​ជាមួយ​ព្រះ​គ្រូអាចារ្យ​ហែម ចៀវ លោក​ប៊ុ​ណ្ណ ចន្ទ​ម៉ុ​ល និង​សហសេវិក ឯទៀត​ៗ ។ នៅ​ឆ្នាំ​១៩៤៤ លោក​បាន​រួច​ពី​ពន្ធនាគារ​កោះ​ត្រឡាច​មក​កាន់​មាតុប្រទេស​វិញ ។

នៅ «​សម័យ​សាធារណរដ្ឋ​ខ្មែរ​» (១៩៧០-១៩៧៥) ភិក្ខុ​បា​៉​ង ខាត់ មាន​តួនាទី​យ៉ា​ង​សកម្ម​ក្នុង​នយោបាយ​ជាតិ​នៅ​សម័យ​នោះ គឺ​លោក​ចូល​ប្រជុំ​ជាមួយ​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​លើក​ច្រើន​គ្រា ហើយ​លោក​បាន​ចេញ​ឃោសនា ការពារ​នយោបាយ រដ្ឋអំណាច​របប​សាធារណរដ្ឋ​ខ្មែរ ។

នៅ​សម័យ​នោះ​ភិក្ខុ​ប៉ាង ខាត់ រមែង​ទស្សនា​រំលែក​ទុក្ខ​គ្រួសារ​យុទ្ធ​ជន​ដែល​បាន​បូជាជីវិត​ក្នុង​សមរភូមិ ឧទាហរណ៍​ដូច​ជា​សម្តែង​ធម្មទេសនា​ក្នុង​ពិធីបុណ្យ​ទក្ខិណានុប្បទាន​របស់​ព្រិ​ន្ទ​បាល ទោ​អូ​ប៊ិ​ន ឆេ​ង​អូន នៅ​វត្ត​បូព៌​សម័យ​សាធារណរដ្ឋ​ខ្មែរ​ស្តី​ពី​វេទនា​សង្ខារ​វិញ្ញាណ និង​ខន្ធ ។​ល​។

ស្នា​ព្រះ​ហស្ត សំខាន់​ៗ នៃ​ព្រះ​មហា​វិ​រិ​យ​ប​ណ្ឌិ​តោ​ប៉ាង ខាត់
-​មគ្គុទ្ទេសក៍​នគរ (Guide d’Angkor) អាចារ្យ​ប៉ា​ង ខាត់ ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ​១៩៤១ ចំនួន​២​ភាគ ដោយ​ភាគ​១​កម្រាស់​៥៣ ទំព័រ​, ភាគ​២​កម្រាស់​២២២​ទំព័រ ។ បោះពុម្ព​ឡើង​វិញ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​ឆ្នាំ​១៩៥៧ ភាគ​១​មាន​៤៧​ទំព័រ​, ភាគ​២​មាន​១៩៨​ទំព័រ ។

-​គួរ​កសាង​អនុស្សាវរីយ៍​ព្រះ​មហាវិមលធម្ម​ថោ​ង ឬទេ ? ទស្សនាវដ្តី​មិត្ត​សាលា​បាលី​១៩៥១ លេខ​១ ទំព័រ​២២,៣៥ ។

-​បញ្ច​ត​ន្ត្រៈ សេចក្តី​ប្រែ​របស់​ភិក្ខុ​ប៉ា​ង ខាត់ ទស្សនាវដ្តី​មិត្ត​សាលា​បាលី ១៩៥១ ដល់​១៩៥៥ លេខ​១ មាន​ច្រើន​លេខ​តាំង​តែ​កំណើត​ទស្សនាវដ្តី​មិត្ត​សាលា​បាលី​ពី​ឆ្នាំ​១៩៥១​រៀង​រហូត​គ្រប់​លេខ​រហូត​ដល់​រលត់​ជីវិត​រវាង​ឆ្នាំ​១៩៥៥ តែ​រក​មិនឃើញ​នៅ​បណ្ណាល័យ​នានា​ឱ្យ​បាន​គ្រប់​លេខ​ទេ ។ ចាប់ពី​ឆ្នាំ​១៩៥៦ ទស្សនាវដ្តី​នេះ​បាន​ដូរ​ឈ្មោះ​ជា​ទស្សនាវដ្តី​ពុទ្ធិកវិទ្យាល័យ​វិញ ហើយ​មាន​បណ្ណាធិការ​នាម​ហួត ហៀ​ម ។

-​ព្រះពុទ្ធ​សាសនា​គឺ​អ្វី ? ទស្សនាវដ្តី​មិត្ត​សាលា​បាលី ១៩៥១ លេខ​៤,៥ ទំព័រ​១៥៦​ដល់​១៧៤ ។ លេខ​៦,៧ ទំព័រ​២៨៥ ដល់​២១៦ ។

-«​បុណ្យ​គឺ​អ្វី ?​» ទស្សនាវដ្តី​មិត្ត​សាលា​បាលី​១៩៥១ លេខ​៨,៩ ទំព័រ​២៨៥​ដល់​៣០៧ ។

-​ស្រី​ហិ​តោ​បទេស ភ្នំពេញ គី​ម​គី ៤​ភាគ ១៩៥២-១៩៦១ កថាមុខ​សរសេរ​ចប់​នៅ​វត្ត​ឧណ្ណាលោម ថ្ងៃ​ពុធ ៦​រោច ខែភទ្របទ ឆ្នាំឆ្លូវ ឯកស័ក ពុទ្ធសករាជ​២៤៥២ ត្រូវ​នឹង​ថ្ងៃ​ទី​២៧ ខែកញ្ញា គ្រឹ​ស្ត​សករាជ ១៩៤៩ ។ បោះពុម្ព​ឡើង​វិញ​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ​១៩៩៩ ។ ផ្សាយ​ឡើង​វិញ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។

-​ជីវិត​មនុស្ស ភ្នំពេញ រោង​ពុម្ព​ខ្មែរ ១៩៥២, ៤៩​ទំព័រ ។

-​ប្រវត្តិ​ពុទ្ធសាសនា​នៅ​កម្ពុជា អារម្ភបទ​ដោយ​ព្រះ​ពោធិវ័ង្ស ហួត តាត ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ ១៩៦១, ១៥៧​ទំព័រ ។

-​ជីវិត​ម៉ែ ភ្នំពេញ បោះពុម្ព​លើក​ទី​២ ១៩៦៤ (​បោះពុម្ព​ឡើង​វិញ​នៅ Austin, Texas ដោយ​មូលនិធិ​កម្ពុជា ១៩៨៦ បទ​ដើម​ដោយ​លោក​កុ​ល ផេង​) ។

-​វប្បធម៌​អរិយធម៌​ខ្មែរ ឥណ្ឌា​, ភ្នំពេញ ១៩៦៨ មាន​២៧១​ទំព័រ ។

-​កើត​ទៀត​ឬទេ ? ភ្នំពេញ វត្ត​ឧណ្ណាលោម ១៩៦៩ មាន​១០៥ ទំព័រ​។

-​ការ​ត្រាស់​ដឹង ភ្នំពេញ អ្នកនិពន្ធ ១៩៦៩ មាន​៣៩​ទំព័រ ។

-​ពុទ្ធសាសនា​ដូច​ម្តេច ? ភ្នំពេញ ផ្សាយ​ដោយ​ឌឹ​ក គា​ម ១៩៦៩ ។ ផ្សាយ​ឡើង​វិញ​ដោយ​សំវិជ្ជា​នៅ​ថ្ងៃ​ទី​២៥​មេ​សា ២០០៩ នៅ​សហរដ្ឋអាមេរិក​ក្នុង​ប្រព័ន្ធ​អី​ុ​ន​ធើ​រ​ណេ​ត ។

-​ពុទ្ធសាសនា​ជា​វិទ្យាសាស្ត្រ ? ភ្នំពេញ អ្នកនិពន្ធ ១៩៧២ មាន​៦០​ទំព័រ ។

-​ព្រះ​ត្រៃ​បិដក​ជា​ភាសា​ខ្មែរ ភ្នំពេញ ពុទ្ធ​សាសន​បណ្ឌិត្យ ១៩៩៥ បោះពុម្ព​ឡើង​វិញ ។

-​មនុស្ស​ចង់បាន​អ្វី ? ភ្នំពេញ មជ្ឈមណ្ឌល​វិបស្សនាធុរៈ​កម្ពុជា ១៩៩៩ ៣៨​ទំព័រ បោះពុម្ព​ឡើង​វិញ ។

-​សហការ​នឹង​នួន ប៊ុត វចនានុក្រម​ខ្មែរ ភ្នំពេញ បណ្ណាគារ​ប៊ុត​នាង​១៩៥៤ មាន​ចំនួន​១៩០១​ទំព័រ ។

ក្រៅពី​នោះ​នៅ​មាន​ស្នាដៃ​ជា​ច្រើន​ទៀត ព្រមទាំង​អត្ថបទ​សិក្សា​ផ្សាយ​ក្នុង​ទស្សនាវដ្តី​កម្ពុជសុរិយា​ផង​ដែរ ។

សិស្សគណ​និទាន​ពី​ភិក្ខុ​បា​៉​ង ខាត់ និង​ឧទ្ទិស​រំឭក​ចំពោះ​ព្រះ​អង្គ «​រៀន​យកបុណ្យ​» អត្ថបទ​តែង​ដោយ​បណ្ឌិត​ថោ​ង ផា​ន

កំណើត​សេចក្តី
នឹក​ដល់​គុណបុណ្យ​ព្រះ​គ្រូ​បា​៉​ង ខាត់ ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​ពេល​រៀនសូត្រ​យកបុណ្យ​នៅ​សាលា​វត្ត ។ ខ្ញុំ​ពុំ​ភ្លេច​ឡើយ​នូវ​ឆាក​អនុស្សាវរីយ៍​ជា​ច្រើន​នៅ​ពេល​នោះ ។ រៀន​ខ្មែរ​ជាមួយ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​ពេល​កុមារភាព​ត្រូវ​ប្រព្រឹត្ត​តាម​របៀប «​រៀនសូត្រ​» ។ រៀន​ខ្មែរ​ចុង​ក្រោយ​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ ភ្នំពេញ ជាមួយ​ព្រះ​គ្រូ​បា​៉​ង ខាត់ និង សាស្ត្រាចារ្យ ចំណាន​ៗ​ដទៃ​ទៀត​ជា​ដំណើរ​ដែល​លោក​ចង់​បន្ថែម​ឱ្យ​ចេះ «​រៀន​គិត​» ។

មុន​នឹង​រំលឹក​ដល់​ឆាក​រៀនសូត្រ​យកបុណ្យ​នៅ​សាលា​វត្ត​ដែល​ជា​គម្រោង​អធិប្បាយ​ចំណិត​ទី​២​របស់ ខ្ញុំ​ៗ​សូម​រំលឹក​ដល់​គុណសម្បត្តិ​បុណ្យ​ដ៏​ចម្បង​ខ្លះ​របស់​ព្រះ​គ្រូ​បា​៉​ង ខាត់ ដែល​ជា​គំរូ​ជីវិត​ដ៏​ប្រសើរ​មួយ​សម្រាប់​សង្គម​ខ្មែរ ។

កំណើន​សេចក្តី
១-​តាម​ការ​សង្កេត​របស់ខ្ញុំ​ព្រះ​គ្រូ​ប៉ា​ង ខាត់ ជា​ព្រះសង្ឃ​ដែល​មានទ្រព្យ​ប្រសើរ​ខ្លាំង​ណាស់​។ ទ្រព្យ​ដ៏​ប្រសើរ​នោះ គឺ​សុខភាព ។ មាឌ​មាំ​ធំ​ចម្បង​ត្រលុច ។ ព្រលឹង​ដ៏​ស្ងប់​សណ្ឋិត​ក្នុង​អង្គកាយដ៏​ក្សេមក្សាន្ត ។

តាម​ការ​រៀបរាប់​ប្រវត្តិរូប​របស់​លោក​បណ្ឌិត ឃី​ង ហុ​ក​ឌី បាន​អធិប្បាយ​យ៉ាង​ក្បោះក្បាយ​អំពី​ការ​ខិតខំ​រៀនសូត្រ​តាំងពី​ក្មេង​របស់​លោក​រហូត​បាន​ទទួល​ចំណេះ​ដ៏​ជ្រៅជ្រះ​ក្លាយជា​សាស្ត្រាចារ្យ និង​ជា​អ្នក​ស្រាវជ្រាវ​ដ៏​ចំណាន និង​ប្រសប់​គ្រង​លើ​អក្សរសាស្ត្រ​ខ្មែរ ពិសេស​ផ្នែក​បាលី​សំស្ក្រឹត ។ លោក​ខំ​ក្រង​ចំណេះ​តាំងពី​បឋមវ័យ​សំដៅ​រហូត​ទៅ​ជា​អង្គ​អ្នកប្រាជ្ញ ។

ជាមួយ​កា​រវិ​វ​ឌ្ឍ​នៃ​វាសនា​ស្រុក​ខ្មែរ ព្រះ​គ្រូ​បា​៉​ង ខាត់ ជា​ព្រះសង្ឃ​ដ៏​អង់អាច​ចូល​ប្រយុទ្ធ​ទាមទារ​ឯករាជ្យ​ប្រឆាំង​នឹង​អាណានិគមនិយម​បារាំង​សេស ។ ឯករាជ្យ​វប្បធម៌​បាន​រក្សា​ទុក​មុន​ឯករាជ្យ​នយោបាយ​ឆ្នាំ​១៩៥៤ ព្រោះ​លោក​បាន​រំលឹក​ជា​ញឹកញាប់​នូវ​ការ​ប្រឆាំង​របស់​ព្រះសង្ឃ​ជាមួយ​ប្រជាជាតិ​ខ្មែរ​ទូ​ទាំង​ប្រទេស ដើម្បី​ផ្ចាញ់​នឹង​បំណង​របស់​បារាំង​ដែល​ចង់​បញ្ជា​បង្ខំ​ឱ្យ​ខ្មែរ​សរសេរ​អក្សរ​ខ្មែរ​ជា​រូបរាង «Romaniser» ដូច «​អក្សរ​យួន​» ដែល​យើង​ស្គាល់​សព្វថ្ងៃ ។ ដោយ​ជាតិខ្មែរ​ជា​ជាតិ​មាន​អក្សរ ភាសា វប្បធម៌ អរិយធម៌​ជា​គ្រឹះ​ដ៏​មាំ​ច្បាស់លាស់ ដោយ​សាមគ្គីភាព យើង​ក៏​បាន​រក្សា​ទុក​កេរដំណែល​ពី​ដូនតា​យើង​ជា​សា្ថ​ពរ ។

ព្រះ​គ្រូ​ប៉ា​ង ខាត់ ប្រសប់​ឈ្វេងយល់​កម្រិត​ឧត្តម​ចំពោះ​យុត្តិធម៌ ។ សម័យ​ដែល​ខ្ញុំ​រៀន​សញ្ញាបត្រ​វេយ្យាករណ៍​ជាមួយ​លោក​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ភ្នំពេញ មាន​កើត​បញ្ហា «​ទំនាស់​អក្សរសាស្ត្រ​» រវាង​ការ​ស្រាវជ្រាវ និង​ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​បណ្ឌិត កេង វ៉ា​ន់​សាក់ និង​សង្គម​ខ្មែរ​ខ្លះ​ដែល​ចោទ​ស​ង្ខើ​ញ​ថា​គាត់​ចង់​កែប្រែ​អក្សរសាស្ត្រ ។ ព្រះ​គ្រូ​ប៉ា​ង ខាត់ ពុំ​បាន​ថា​ខាង​ណា​ខុស ខាង​ណា​ត្រូវ​ទេ លោក​គ្រាន់តែ​មាន​ពុទ្ធដីកា​ថា «​លោក​វ៉ា​ន់​សាក់​មិន​បាន​កែប្រែ​អក្សរសាស្ត្រ​អ្វី​ទាំងអស់ លោក​គ្រាន់តែ​យក​អ្វី​ដែល​មាន​ហើយ​ក្នុង​អក្សរសាស្ត្រ​យើង​មក​និយាយ​បង្រៀន​ឡើង​វិញ​ប៉ុណ្ណោះ​» ។ ពុទ្ធដីកា​បែប​បង្រួបបង្រួម​នេះ​អាច​ឱ្យ​យើង​យល់​ថា សម័យ​បុរាណ ឬ​ទំនោរ​ថ្មី យើង​ត្រូវការ​គ្នា​ទាំងអស់ រីឯ​សិទ្ធិ​ស្រាវជ្រាវ​ក៏​ត្រូវ​មាន​ដែរ​ដើម្បី​ឱ្យ​អក្សរសាស្ត្រ​មានកា​រវិ​វ​ឌ្ឍ​ស្រប​សេចក្តី​ត្រូវការ ។

បន្ត​បញ្ហា​យុត្តិធម៌​ក្នុង​សង្គម​ទៀត​ខ្ញុំ​សង្កេត​ឃើញ​ថា លោក​ប្រឆាំង​ដ៏​ខ្លាំងក្លា​ចំពោះ​អំពើ​ពុក​រលួយ​ដែល​បង្កើត​អពមង្គល​ដល់​សង្គម ។ រហូត​ដល់​សម័យ​សាធារណរដ្ឋ​ដែល​ជា​សម័យ​មួ​​យ​ដំបូង​ឡើយ​លោក​ចូល​ចិត្ត​ដែរ ក៏​លោ​កប​ង្ក្រើ​ក​ប្រឆាំង​ដល់​អំពើ​ពុក​រលួយ ចូល​ដៃ​សត្រូវ​គ្រប់​ប្រការ​របស់​អ្នក​កាន់​អំណាច ធំ​ៗ ដែល​ជា​បុព្វហេតុ​មួយ​បន្ទា​ញ​ធ្វើ​ឱ្យ​សម័យ​នោះ​វិនាស ។

ព្រះ​គ្រូ​ប៉ាង ខាត់ ស្រឡាញ់​សង្គម​ការ​ជា​ប្រយោជន៍​សាធារណៈ ។ ក្នុង​ប្រយោជន៍​រួម​ទាំងនោះ យើង​បាន​ស្គាល់​ថា លោក​បាន​ដឹកនាំ និង​ចាត់ចែង​ជា​ច្រើន​ដង​ឱ្យ​បំពេញ​ធ្វើបុណ្យ​កសាង​វត្ត សាលារៀន​ជា​ច្រើន​កន្លែង ។

បញ្ញា​វាងវៃ ស្រឡាញ់​យុត្តិធម៌ ពង្រឹង​សង្គម​ការ​ជា​គុណបុណ្យ​ដែល​យើង​ចង​ចាំ​ជា​និច្ច និង​កោតសរសើរ​ដល់​ព្រះ​គ្រូ​ប៉ាង ខាត់ ។ យើង​សូម​ប្រសិទ្ធពរ​ប្រគេន​វិញ្ញាណក្ខន្ធ​លោក​ឱ្យ​ទទួល​តែ​សុគតិភព ។ យើង​ជឿជាក់​ផង​ដែរ​ថា បើ​លោក​នៅ​រស់រាន​មានជីវិត​ដល់​សព្វថ្ងៃ​ច្បាស់​ជា​យើង​ឃើញ​លោក​កំពុង​កាន់​ប្រដាប់​បំពងសំឡេង ស្រែក​រក​យុត្តិធម៌​ឱ្យ​សង្គម​ខ្មែរ ដូច​ខ្ញុំ​បាន​ជួប​ប្រទះ​ពេល​ចុង​ក្រោយ​នៅ​មុខ​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ភ្នំពេញ​ឆ្នាំ​១៩៧១ ។

២-​ចិតជា​ឃ្លា​ខ្លះ​អំពី​ការ​រៀនសូត្រ​នៅ​សាលា​វត្ត ខ្ញុំ​សូម​រំលឹក​ការ​អប់រំ​ផ្ទាល់ខ្លួន​មួយ​បែប​ដែល​ខ្ញុំ​ជា​លទ្ធផល​ចេញ​មក​ពីសា​លា​នោះ ។ ថ្វីបើ​ពេល ក្រោយ​ៗ​មក​ខំ​ចៀសវាង​ការ​រៀន​ទន្ទេញ​ចាំ​មាត់​សូត្រ​បាន​មក​វិញ​យ៉ា​ង​ណា​ក៏​ដោយ ក៏​អនុស្សាវរីយ៍​ទី​មួយ​នេះ​នៅ​កំសួល​ក្នុង​ចិត្តជា​និច្ច ។

នៅ​ពី​កុមារ​ជីដូន​ខ្ញុំ​បាន​នាំ​ទៅ​នៅ​វត្ត​បម្រើ​ព្រះសង្ឃ​ជាក់​ក្នុង​ជំនឿ​ថា​បាន​បុណ្យ​សន្សំ  កុសល​។ រៀន​បែក​ពី​គ្រួសារ រៀន​ចងស្ពានមេត្រី​ជាមួយ​មិត្តភក្តិ​ក្មេង​វត្ត​ដូច​គ្នា រៀន​គោរព​រតនត្រៃ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ឧបាសក ឧបាសិកា ព្រមទាំង​គ្រួសារ​អ្នក​មានគុណ​ក្នុង​ន័យ​បាន​បុណ្យ​ដដែល ។ ជាមួយ ក្មេង​ៗ​ដូច​គ្នា​យើង​ស្គាល់​ជីវិត​រស់​ប្រចាំ​ថ្ងៃ ដោយ​សុទ្ធតែ​ផ្អែក​លើ​ការ​ប្រណាំង​គ្នា ដូច​ជា​ការ​បោកចំបាប់ ជួនកាល​ក្លាយជា​ឆាក​ប្រដាល់​ក៏​មាន ដូច​ជា​រត់ប្រណាំង ដូច​មាន​ប្រកួត​បាល់ទាត់​ធ្វើ​អំពី​ផ្លែ​ដូង​ឬ​មួយ​ប្លោក​សត្វ​ជាដើម ។ ប្រញាយ​កម្លាំង​ប្រាជ្ញា​ដោយ​សូត្រធម៌​ប្រណាំង​គ្នា ។ រៀន​ឈ្លោះប្រកែក រៀន​រស់​ដូច​ជា​ពេល​អាស្រ័យ​បាយ​ខំ​តាម​ហុត​សម្ល​ហោះ​ជាដើម ។

ចំណាត់​ពេល​រៀន​ចែក​ជា​ពីរ​ផ្នែក ។ ពេល​យប់​ព្រះសង្ឃ​បង្រៀន​ឱ្យ​សូត្រធម៌​ជាមួយ​លោក ដោយ​ទន្ទេញ​ចាំ​មាត់​ស្រែក​យក​តាម​គ្នា​ពុំ​ទាន់​យល់​អត្ថន័យ អត្ថរស​អ្វី​ទាំងអស់ គ្រាន់តែ​លោក​ពន្យល់​ថា បាន​បុណ្យ​ប៉ុណ្ណោះ ។ ពេល​ថ្ងៃ​ក្រៅពី​ថ្ងៃសីល យើង​ជុំ​គ្នា​ទៅ​រៀន​នៅ​ក្នុង​សាលា​ធំ​មួយ​ដែល​មាន​តែ​មួយ​ថ្នាក់ មាន​សិស្ស​ប្រហែល​៤០​នាក់​មាន​កុមារី​កុមា​រា គ្មាន​កម្រិត​កម្ពស់​វិជ្ជា​ឡើយ អ្នក​ចូល​រៀន​ថ្មី​ក៏​ត្រូវ​លាយឡំ​ជាមួយ​អ្នករៀន​ចាស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ចាប់ផ្តើម​ពេល​ព្រឹក​ត្រូវ​សូត្រធម៌​ន​មោ​ត​ស្សៈ​៣​ចប់ ។

បន្ទាប់​មក​ត្រូវ​រៀន​អាន​ដោយ​ដំបូង​ឡើយ​យើង​គិតតែ​ពី​ស្រែក​យក​តាម​ព្រះសង្ឃ​ជា​គ្រូ ឬ​សិស្ស​ចាស់​ម្នាក់​ដែល​អាន និង​ចង្អុល​អក្សរ​ដែល​សរសេរ​ឆ្លាក់​លើ​ក្តារខៀន ។ បង្រៀន​បែប​នេះ​យើង​ចំណាំ​ពាក្យ នីមួយ​ៗ​មុន​ចេះ​សរសេរ ។

ជួន​កាលសម័យ​សព្វថ្ងៃ​គេ​ហៅ​ថា «​របៀប​បង្រួម​» ។ អស់​រយៈពេល​យា​៉​ង​តិច​កន្លះ​ឆ្នាំ ទើប​លោកគ្រូ ឬ​មួយ​គ្នា​ឯង​ជួយ​បង្រៀន​ស្រៈ​ព្យញ្ជនៈ រៀន​ប្រកប​នឹង​ផ្ញើជើង អាន​សៀវភៅ​ឱ្យ​បាន «​ដាច់​អស់​» ។ ចេះ​អាន ក្រៅពី​ចេះ​សូត្រ​ធ្វើ​ឱ្យ​ស្រ​ណំ​ក្នុង​ចិត្ត​ថា បាន​ទទួល​ឯករាជ្យ​ទី​មួយ​សម្រាប់​ជីវិត ។ ជីដូន​ខ្ញុំ​គាត់​និយាយ​ថា គាត់​បាន​ធ្វើបុណ្យ​ដោយ​បាន​ដឹកនាំ​ចៅ​ឱ្យទៅ​រៀនសូត្រ​តាម​ផ្លូវធម៌ ។

ចំណែក​ការ​រៀន​លេខវិញ យើង​ក៏​ពុំ​ភ្លេច​ដែរ​របៀប​សូត្រ​តាម​គ្នា​ចាំ​មាត់​នូវ​មេលេខ​គុណ​ពី​១​ដល់​១០ ជួនកាល​បញ្ច្រាស​ពី​១០​មក​១​វិញ​ក៏  មាន ។ រៀន​អាន​យើង​អាច​ភ្លេច​អត្ថបទ​ដើម​បាន​ខ្លះ តែបើ​មេលេខ​គុណ​វិញ​ត្រូវ​ដក់​នៅ​ក្នុង​បញ្ញា​ចិត្ត​អាច​បញ្ចេញ​សូត្រ​មក​វិញ​បាន​គ្រប់ពេល ។

សម្តីជាឯក លេខ​ជា​ទោ អក្សរ​ជា​ត្រី នេះ​ជា​ការ​ផ្សំ​គ្រឿង​វិជ្ជា​របស់ខ្ញុំ ។ ស្ល​ចេញ​មក​ដំបូង​តាម​បែប​ការ​រៀនសូត្រ ។ រៀន​គិត​ហូរហែ​បន្ត​រណ្តំ​ក្នុង​ដំណើរ​ជីវិត​ជា​ទំនុក​អប់រំ​ក្រសោប​ជាមួយ​ការ​រៀនសូត្រ​ដែរ ។ រៀន​គិត និង​រៀន​គូរ​ថែម​ទៀត​ជា​មធ្យោបាយ​សម្រាប់​បង្កើត​លំអ​ប្រ​ឡប់ និង​ដោះស្រាយ​បញ្ហា​ដ៏​សម្បូរ​បែប​នៃ​សង្គមមនុស្ស ។

សង្គមមនុស្ស​ភាគច្រើន​ប្រឈម​នៅ​លើ​គន្លង​ច្បាប់ បើ​យើង​រស់នៅ​ស្រុក​ណា​ដែល​មាន​សមភាព ។ ឯ​ចំណែក​គន្លង​ធម៌​វិញ​ខ្ញុំ​ច្រើន​វិល​ទៅ​រំងាស់​ដួស​យក​ពី​ពេល​រៀនសូត្រ ព្រោះ​ពេល​នោះ​ក្រៅពី​ក្រេប​យកចំណេះ​ដឹង ព្រះសង្ឃ​បាន​បង្រៀន​ឱ្យ​ចេះ​ស្រឡាញ់​ជីវិត​គ្រប់​សារពើ មាន​ធម្មជាតិ សត្វ ពិសេស​ជីវិត​មនុស្ស​ផង​គ្នា ។ ជីវិត​មនុស្ស​ផង​គ្នា​ជា​ទ្រព្យ​រក​តម្លៃ​វាស់​មិន​បាន ។ ដោយ​ឥទ្ធិពល​សាលា​វត្ត​ដែល​អប់រំ​ខ្ញុំ​ឱ្យ​ជាប់​ជឿ​រឿង​នេះ​ផង និង​ដំណើរ​ជីវិត​រសាត់​រលក​ជួប​សំណាង​ជួយ​ផង ខ្ញុំ​ត្រូវ​ខំ​នឹកគិត​សូត្រ​ដដែល​ថា «​ជីវិត​អ្វី​ក៏​សប្បាយ​ល្អ​ប្រសើរ​ម្ល៉េះ ថ្វីបើ​បញ្ហា​គ្រប់​ប្រការ​មាន​មក​ច្របល់​បណ្តើរ​ជាមួយ​ក៏​ដោយ​» ។

កំណប់​សេចក្តី
ដោយ​ពុំ​បាន​វិភាគ​ពាក្យ​បុណ្យ​រក​អត្ថន័យ​អត្ថរស និង​ដើម​កំណើតរ​បស់ពាក្យ​ផង និង​ចង់​រក្សា​ការ​យល់​គិត​ពេល​រៀនសូត្រ​ទាំង​ពីរ​បែប​ផង យើង​គ្រាន់តែ​ទុក​ពាក្យ​នេះ​ជា​ថាមពល​មួយ​ជួយ​បញ្ឆេះ​ចំណង់ និង​បំណង​របស់​យើង​ក្នុង​ដំណើរ​ជីវិត ។

តើ​យើង​មាន​ដក់​សល់​អ្វីខ្លះ ពេល​រៀន​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ ។  ដោយ​វិញ្ញាសា​វេយ្យាករណ៍ បាលី សំស្ក្រឹត ឬ​ពាក្យ​ខ្មែរ​ដែល​រមួល​ក្លា​យមក​ពី​បាលី​សំស្ក្រឹត ជា​វិញ្ញាសា​មួយ​ដ៏​លំបាក យើង​ត្រូវ​សារភាព​ថា​កន្លែង​ភាគច្រើន​នៃ​មេរៀន​របស់​ព្រះ​គ្រូ យើង​ត្រូវ​ខំ «​រៀនសូត្រ​» ឱ្យ​ចាំ​ជាប់ ។ ដោយ​ទិស​ដៅ​ដែល «​ហៅ​ថា​ចង់បាន​សញ្ញាបត្រ​» មក​ជួយ​ប្រលោម ជាមួយ​ទិស​ដៅ​ស្ទាប​រក​ចំណេះ យើង​ត្រូវ​តែ​ខំប្រឹង​ដោយ​ចិញ្ចឹម​ក្តី​សង្ឃឹមថា​បាន​បន្ត​ការ​សិក្សា​ទៅ​ឆ្ងាយ​ទៀត ពិសេស​សង្ឃឹមថា​បាន «​បុណ្យ​សក្តិ​» ច្នៃ​ជីវិត​ឱ្យ​បាន​រស់​ប្រសើរ​សប្បាយ និង​ស្រណុក​។ បើ​ពាក្យ​បុណ្យ​មក​ជា​បណ្ឌិត​នៅ​ពេល​នោះ ក៏​ព្រោះតែ​យើង​មាន​បំណង​បង្វែរ​ប្រគេន​ព្រះ​គ្រូ បា​៉​ង ខាត់ ដែល​យើង​ទុកជា «​វរជន​មានបុណ្យ​ម្នាក់​» របស់​សង្គម​ខ្មែរ ។

ចុះ​យើង​នៅ​សល់​អ្វី​ដែល​នឹកឃើញ​ភ្លាម​នៅ​សម័យ​រៀន​សាលា​វត្ត ។ ដោយ​ពាក្យ​បុណ្យ​ជា​ថាមពល​ដរាប យើង​ទទួល​ការ​អប់រំ​បែប​ប្រជាប្រិយ​មួយ​ដែល​លើក​ជា​ឃ្លា​ថា បុណ្យ​ផ្ទុយ​នឹង​បាប ល្អ​ផ្ទុយ​នឹង​អាក្រក់ សុខ​ផ្ទុយ​នឹង​ទុក្ខ គ្នា​យើង​ផ្ទុយ​នឹង​គ្នា​គេ ស្រុក​យើង​ផ្ទុយ​នឹង​ស្រុក​គេ ។

ក្នុង​ឃ្លា​ទាំងឡាយ​ខាងលើ​នេះ យើង​ច្រើន​យល់​បាន​ស្ទើរ​ទាំងអស់ លើកលែងតែ​ឃ្លា​មួយ​ដែល​យើង​សង្កេត​ឃើញ​ថា មិន​ប្រក្រតី​ឡើយ ព្រោះ​ជួនកាល​អ្នកខ្លះ​កាល​នៅ​ជាមួយ​យើង​គាត់​ជា​គ្នា​យើង តែបើ​កាលណា​នៅ​ជាមួយ​គេ​គាត់​ទៅ​ជា​គ្នា​គេ​ដែរ ។ នឹកឃើញ​ដល់​ការ​អប់រំ យើង​ទាំងឡាយ​ជា​ក្មេង​វត្ត​ដែល​រស់​អណ្តែត​ជាមួយ​បច្ចុប្បន្នភាព​របស់​សង្គម​ខ្មែរ​នៅ​ពេល​ដ៏​ពិសេស​មួយ ។ ក្លែប​ក្រអៅ​នៃ​ពេល​ដ៏​ពិសេស​នោះ​ច្រត់​ចំ​ពេល​ស្រុក​ខ្មែរ​កំពុង​ទាមទារ​ឯករាជ្យ ។

ទាមទារ​ឯករាជ្យ​ត្រូវ​បណ្តាល​ឱ្យ​មាន​សកម្មភាព​ច្រើន​ប្រការ ដើម្បី​បំផុសបំផុល​សាមគ្គីភាព និង​ស្មារតី​ជាតិនិយម ។ ស្មារតី​ជាតិនិយម​ខ្មែរ​យើង​ក៏​ដូច​ជាតិ​សាសន៍​ដទៃ​ទៀត​ដែរ ច្រើន​យក​ចម្រៀង​មក​ជួយ​ជ្រែកចូល​ផ្លូវចិត្ត ។ តែ​កាលណា​ខំ​ច្រៀង មុខតែ​ខំ​សូត្រ​ជា​អាថ៌​ផង​ទៀត តែ​ម្តងនេះ​ត្រូវ​សូត្រ​ច្រៀង​តាម​បទ​ដ៏​ពីរោះ​មួយ ។ បទ​ដ៏​ពីរោះ​ដែល​ចង​ជាមួយ​ចម្រៀង​ដែល​ជីវពល​នារីក្លាហាន​ច្រៀង​នោះ​ឈ្មោះ​ហៅ​ថា «​ផែនដី​ខ្មែរ​ប្រែ​ថា​សុវណ្ណ​ភូមិ​» ។ ច្រៀង​ផង​រាប់​មួយ​ពីរ​ផង​ជា​ចង្វាក់​ដើរ ។

រៀនសូត្រ​យកបុណ្យ​ជា​គំនិត​ដែល​សង្គម​បណ្តុះ​យើងខ្ញុំ​នៅ​បឋមវ័យ បកស្រាយ​ប្រ​ដឹ​ត​នឹង​ទម្លាប់​នៃ​ស្រុកភូមិ​មួយ​បែប ។ ខំរៀន​សូត្រ​ដែល​បុព្វបុរស​ទុកជា​មេ​ប្រដោល​ទៅ​រៀន​ច្រៀង ពិសេស​នឹកគិត​ថា​ជា​ចម្រៀង​ជាតិ​ដំបូង​ផង ហាក់ដូចជា​ជួយ​បំប៉ន​ផ្លូវចិត្ត​យើង​ឱ្យ​បាន «​សឿង អង់អាច ក្លាហាន ក្លៀវក្លា​» និង​ចិញ្ចឹម​ក្តី​សង្ឃឹមថា បាន​រីករាយ​សំណព្វ​ពេញចិត្ត រួមរស់​ដោយ​រមណីយ​ភាព​ជាមួយ​ខ្មែរ​គ្រប់​ភូមិ​ពេញ​ឯករាជ្យ ដោយ​សង្ឃឹមថា នឹង​បាន «​ធ្វើបុណ្យ​» បន្ត​ទៅ​ទៀត ។

         ព្រះ​គ្រូ​ឧត្តម
រឿង​ខ្លី​តែង​ដោយ​អ្នកស្រី​ស៊ឹ​ម ចាន់​យ៉ា ជា​សិស្សគណ​ឧទ្ទិស​ដល់​ព្រះ​គ្រូ​ប៉ាង ខាត់
-​ម៉ាក់​! ម៉ាក់​!
សំឡេង​កូនស្រី​ខ្ញុំ​លាន់ឮ​ឡើង​ពីក្រោម​ផ្ទះ​បញ្ជាក់​ថា គេ​ត្រឡប់​មក​ពី​ពិធីបុណ្យ​ដែល​ពូ មីង​របស់​សានី​ប្រារព្ធ​ធ្វើ​ហើយ ។ សានី គឺជា​មិត្ត​ជិត​ស្និទ្ធ​របស់​នាង ។
-​ម៉េច​ទៅ​កូន​ពិធីបុណ្យ​នោះ ?
-​អធិកអធម​ណាស់​ម៉ា​ក់​! ចង្ហាន់​ពោរ​ពាស ភ្ញៀវ​កុះករ រថយន្ត​ច្រើន​សឹងតែ​រក​កន្លែង​ចត​ពុំ​បាន ម្ចាស់​បុណ្យ​គឺ​ពូ មីង​របស់​សានី​ទឹកមុខ​រីក​ដូច​ផ្កា​អីុចឹ​ង​!
-​មែនឬ ? រួច​ចុះ​សានី​នោះ​យ៉ាង​ម៉េច​ដែរ ?
-​សានី​មមាញឹក​ខ្លាំង​ណាស់ ខ្ញុំ​និង​គេ​ជួយ​ចាត់ចែង​ពូ​មីង​យ៉ា​ង​ពេញទំហឹង !
-​អីុ​ចឹ​ង​ពួក​ឯង​សប្បាយចិត្ត​ណាស់​មែន​ទេ ?
-​សប្បាយ​ណាស់​ម៉ាក់ ប៉ុន្តែ​!
កូនស្រី​ខ្ញុំ​ផ្អាក​សម្តី សម្លឹងមុខ​ខ្ញុំ​ទ្រឹង ។ ខ្ញុំ​ដឹង​ថា នាង​ប្រាកដជា​មានរឿង​អ្វីមួយ​លាក់​ទុក​ក្នុង​ចិត្ត ។
-​ប៉ុន្តែ​ស្អី​ទៅ​កូន ? មានរឿង​អ្វី​មិន​ស្រួល​ឬ ?
-​ពិធី​ប្រព្រឹត្ត​ទៅ​ដោយ​ស្រួល​ទាំងអស់ តែ​អ្វី​ដែល​មិន​ស្រួល​នោះ​គឺ​ចិត្ត​របស់​សានី ពេល​ខ្លះ​កំពុង​តែ សប្បាយ​ៗ ស្រាប់តែ​ប្រែ​ទឹកមុខ​ទៅ​ជា​ស្មើ​មួយ​រំពេច !
-​ហេតុ​អី ?
-​គឺ​អីចេះ​ណ៎ា​ម៉ា​ក់​! ពេល​សូត្រធម៌​ខ្ញុំ និង​សានី តែងតែ​អង្គុយ​ជិត​គ្នា នៅ​ពេល​មួយ​នោះ​អាចារ្យ​ឱ្យ​ទាំងអស់​គ្នា​សូត្រ​តាម លុះដល់​ត្រង់​កន្លែង​ថា «​រី​ចង្ហាន់​បិណ្ឌ​បាត្រ​នៃ​យើងខ្ញុំ​ទាំងឡាយ​នេះ​ប្រកបដោយ​ធម៌ បាន​មក​ដោយ​ធម៌ កើតឡើង​ដោយ​ធម៌​» ស្រាប់តែ​សានី​ងាក​មើល​មុខ​ខ្ញុំ​ធ្វើ​មុខស្មើ ហើយ​និយាយ ខ្សឹប​ៗ​ថា «​លក្ខណ៍​! ខ្ញុំ​ចង់​សួរ​លោក​អាចារ្យ​ថា ចុះបើ​ចង្ហាន់​នោះ​មិន​បាន​មក​ដោយ​ធម៌ តើ​យ៉ា​ង​ណា​ដែរ​» ? ខ្ញុំ​សើច​នឹក​ថា សានី​មិត្ត​ខ្ញុំ​នេះ​មានគំនិត​រប៉ិលរប៉ូច​ណាស់ ប៉ុន្តែ​មួយសន្ទុះ​ក្រោយមក​សានី​ងាក​មក​និយាយ​ពាក្យ​នេះ​ដដែល​ម្តងទៀត ដោយ​ធ្វើ​មុខ​ហ្មត់ចត់ «​មែន​ណ៎ា​លក្ខណ៍ ខ្ញុំ​នឹង​សួរ​មែន​ណ៎ា ព្រោះ​រឿង​នេះ​ខ្ញុំ​ឆ្ងល់​យូរហើយ​»​។ ម្តងនេះ​ខ្ញុំ​លែង​គិត​ថា នាង​រប៉ិលរប៉ូច​ហើយ ខ្ញុំ​ខ្សឹប​ទៅ​វិញ​ថា សានី ឯង​ចង់​សួរ​អ្នក​ណា​ក៏​សួរ​ទៅ ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​នឹង​សួរ​ម៉ា​ក់​ខ្ញុំ​ដែរ គាត់​ឧស្សាហ៍​ណែនាំ​ខ្ញុំ​ពី​រឿង​ធម៌អាថ៌​ណាស់ ដូច្នេះ​ខ្ញុំ​គិត​ថា​គាត់​អាច​ឆ្លើយ​សំនួរ​នេះ​បាន​!

ខ្ញុំ​សើច​យកដៃ​អង្អែល​ក្បាល​កូន ។
-​កូន​និយាយ​អួត​ពី​ម៉ា​ក់​ធ្វើ​អ្វី ម៉ា​ក់​ចេះ​តែ​បន្តិចបន្តួច​តើ​! និយាយ​អីុ​ចឹ​ង​សានី​ចេះ​ឆ្ងល់​ពី​រឿង​នេះ​ល្អ​ណាស់​តើ​! កូន​ដឹង​ទេ​ថា ហេតុ​អ្វី​បានជា​មិត្ត​កូន​នឹកឃើញ​សួរ​បែប​នេះ ?
កូន​ខ្ញុំ​ធ្វើ​មុខ​ភាំង​រក​នឹក​មួយសន្ទុះ​ទើប​និយាយ​ថា ៖
-​ខ្ញុំ​មិនដឹង​ប្រាកដ​ទេ​ម៉ា​ក់​! ប៉ុន្តែ​តាម​ស្មាន​ប្រហែលជា​អីចេះ មា​៉​ក់​ជ្រាប​ទេ​ជា​ញយ​ដង​ណាស់សា​នី​តែងតែ​ប្រាប់​ខ្ញុំ​ថា រាល់ថ្ងៃ​អារម្មណ៍​គេ​មិនសូវ​ស្រួល​ទេ ព្រោះ​ដឹង​ថា​ចំណូល​មួយ​ចំណែក​ធំ​របស់​មា​និង​មីង​គេ​មិន​បាន​មក​ប្រកបដោយ​សុចរិត​ទេ !
-​មែនឬ​កូន ?
ខ្ញុំ​ដកដង្ហើម​ធំ ហើយ​នៅ​ស្ងៀម អារម្មណ៍​ប្រែ​ទៅ​តឹង​ចង្អៀត ។ កូន​ខ្ញុំ​ហាក់ដូចជា​មិន​ចាប់ភ្លឹក​នឹង​អារម្មណ៍​នេះ​ទេ នាង​រន្ថាន់​សួរ ៖
-​ម៉ា​ក់​ប្រាប់​កូន​មក បើ​ចង្ហាន់​នោះ​បាន​មក​មិន​ប្រកបដោយ​ធម៌​យ៉ាង​ណា​ដែរ ?
ខ្ញុំ​ខិតខំ​ផ្លាស់​ប្តូរ​អារម្មណ៍ ហើយ​ឆ្លើយ​ថា ៖
-​តាម​ទ្រឹស្តី​ព្រះពុទ្ធ អំពើ​ល្អ និង​អំពើអាក្រក់​នៅ​ដាច់​ស្រឡះ​ពី​គ្នា ។ ធ្វើ​ល្អ​បាន​ផលល្អ ធ្វើ​អាក្រក់​បាន​ផល​អាក្រក់ ផល​ទាំង​ពីរ​នេះ​ពុំ​អាច​យក​ទៅ​ទូទាត់​សង​គ្នា​បាន​ទេ ហើយ​អ្នក​ប្រព្រឹត្ត​ក៏​ពុំ​អាច​អង្វរករ ឬ​ក៏​បន់ស្រន់​អ្នក​ណា​សុំ​អ្វី​ដែល​មិនមែន​ជា​ផល​នៃ​អំពើ​ខ្លួនឯង​បាន​ឡើយ​។

-​បាន​សេចក្តី​ថា បើ អ្វី​ៗ​ដែល​យើង​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ជា​វត្ថុ​ដែល​បាន​មក​ដោយ​មិន​ត្រឹមត្រូវ នោះ​ផល​បុណ្យ​ដែល​កើតមក​ពី​ការ​ប្រគេន​នេះ​ពុំ​អាច​យក​ទៅ​បន្សាប​ផល​អាក្រក់​ដែល​កើតមក​ពី​អំពើអាក្រក់​របស់​ខ្លួន​បាន​ឡើយ​!

-​ត្រូវ​ហើយ​! កូន​ម៉ាក់​ពូកែ​ណាស់​!
-​គឺ​ម៉ា​ក់​តើ​ដែល​ពូកែ​! ម៉ា​ក់​ពូកែ​ទាំង​ចំណេះ​ខាង​ផ្លូវលោក ទាំង​ចំណេះ​ខាង​ផ្លូវធម៌ ខាង​ផ្លូវ​លោកម៉ា​ក់​ចេះអក្សរ​សាស្ត្រ​ខ្មែរ ខាង​ផ្លូវធម៌​ម៉ាក់​ចេះ​ទ្រឹស្តី​ខាង​ព្រះពុទ្ធ​សាសនា​!
-​តែ​ចំណេះ​ខាង​ពុទ្ធសាសនា​នេះ​ម៉ាក់​មាន​តិចតួច​បំផុត ដោយសារ​តែ​កន្លង​មក​ធ្លាប់​រៀន​មែន ប៉ុន្តែ​ពុំដែល​បាន​សិក្សា​ស៊ីជម្រៅ​បន្ថែម​ទេ​!
-​ម៉ា​ក់​! ម៉ា​ក់ថា​ម៉ា​ក់បាន​រៀន​ពី​ព្រះពុទ្ធ​សាសនា តើ​រៀន​នៅ​វត្ត​ណា ពី​ពេល​ណា ?
-​អត់​ទេ​! ម៉ា​ក់​ពុំដែល​បាន​រៀន​នៅ​វត្ត​ទេ ម៉ា​ក់រៀន​កាល​ម៉ា​ក់​នៅ​ជា​និស្សិត​មហាវិទ្យាល័យ​អក្សរសាស្ត្រ​ម្ល៉េះ ព្រោះ​ព្រះពុទ្ធ​សាសនា​ជា​ផ្នែក​មួយ​នៃ​វប្បធម៌​អរិយធម៌​ខ្មែរ ឯ​គ្រូ​ដែល​បង្រៀន​កាល​ណោះ គឺ​លោកតា​ប៉ាង ខាត់ ណ៎ា​កូន​!
-​លោកតា​ប៉ា​ង ខាត់​!

លក្ខណ៍​លាន់មាត់ ធ្វើ​មុខ​រក​នឹក​៖
-​អូ​!​ខ្ញុំ​នឹកឃើញ​ហើយ​! លោកតា​ប៉ា​ង ខាត់​ដែល​ជា​ព្រះសង្ឃ​ដ៏​ល្បីល្បាញ​នា​ទសវត្សរ៍​ទី​៦០​នោះ​អី​! ខ្ញុំ​ធ្លាប់​បាន​អាន​ដោយ​ជក់ចិត្ត និង​កោតសរសើរ​រឿងស្រី​ហិ​តោ​បទេស​បកប្រែ​ពី​ភាសាសំស្ក្រឹត​ដោយ​ព្រះ​អង្គ ។

-​ត្រូវ​ហើយ​កូន​! លោក​មិនមែន​មាន​តែ​ស្នាដៃ​មួយ​នេះ​ទេ នៅ​មាន​ស្នាដៃ​ច្រើន​ទៀត​! ប៉ុន្តែ​អ្វី​ដែល​ថ្លៃថ្លា​បំផុត​ចំពោះ​ម៉ា​ក់​នោះ គឺ​ម៉ា​ក់ និង​មិត្តភក្តិ​មួយ​ចំនួន​ធ្លាប់​មាន​អនុស្សាវរីយ៍​​ជា​ច្រើន​ជាមួយ​លោកតា​កាល​យើង​នៅ​រៀន​ណ៎ា​កូន​! លោក​គឺជា​ព្រះ​គ្រូ​ដ៏​ឧត្តម​!
ស្រី​លក្ខណ៍​សម្លឹងមុខ​ខ្ញុំ ហើយ​ខិត​មក​ជិត ។
-​ម៉ាក់​!​ព្រះ​គ្រូ​ឧត្តម​នោះ​យ៉ា​ង​ណាខ្លះ​ទៅ ? ម៉ាក់​និយាយ​ឱ្យ​កូន​ស្តាប់​ផង​បាន​ទេ ?
ខ្ញុំ​មើល​មុខ​កូន ឃើញ​នាង​ដូច​ជា​ចាប់អារម្មណ៍​នឹង​លោកតា​ខ្លាំង​ណាស់ ។ ទឹកមុខ​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ទឹកចិត្ត​ខ្ញុំ​កាល​នៅ​យុវវ័យ​ពោរពេញ​ដោយ​ការ​ចង់​ស្គាល់ ចង់​ចេះ ចង់​ដឹង ចង់​យល់​ដូច​ជា​នាង​អីុ​ចឹ​ង​ដែរ ។ អនុស្សាវរីយ៍​ទាំង​ប៉ុន្មាន​ក៏​ផុស​អណ្តែត​ឡើង​វិញ ហាក់ដូចជា​នៅ​ថ្មី​ៗ​សម្រាប់​រូប​ខ្ញុំ ។ ខ្ញុំ​រៀបរាប់​បណ្តើរ​បណ្តែតអារម្មណ៍​ទៅ​កាន់​យុវវ័យ​ដ៏​ល្អ​ត្រកាល​នោះ​បណ្តើរ ៖

ថ្ងៃនេះ​គឺជា​ថ្ងៃ​ដំបូង​នៃ​ពេល​ចូល​រៀន​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ​មនុស្ស​សាស្ត្រ ។ ដំណឹង​ដែល​ទើបបាន​ទទួល ហើយ​ធ្វើ​ឱ្យ​ចាប់អារម្មណ៍​ជាងគេ គឺ​យើង​នឹង​មាន​សាស្ត្រាចារ្យ​ម្នាក់​ជា​ព្រះសង្ឃ ព្រះ​នាម​ប៉ា​ង ខាត់ ។ មែនហើយ​បានជា​ខ្ញុំ​ចាប់អារម្មណ៍​ព្រោះ​ខ្ញុំ​ធ្លាប់​ឃើញ​ព្រះ​នាម​នេះ​លើ​សៀវភៅ​ដាក់​លក់​នៅ​បណ្ណាគារ​ម្តាយ​ខ្ញុំ​តាំងពី​ខ្ញុំ​នៅ​ជា​កុមារី​ម្ល៉េះ ។ ខ្ញុំ​ហាក់ដូចជា​អន្ទះសា​រង់ចាំ​ម៉ោង​ដែល​ត្រូវ​រៀន​ជាមួយ​ព្រះសង្ឃ​អង្គ​នេះ​ណាស់ ។ ទីបំផុត​ពេល​នោះ​ក៏​មក​ដល់ ។

គ្រង​ដោយ​ស្បង់​ចីពរ​ពណ៌​លឿង​ក្រមៅ ព្រះ​កាយ​ធាត់​បន្តិច ព្រះ​ភ័ក្ត្រ​រាង​មូល ព្រះ​អង្គ​មាន​ព្រះពុទ្ធ​ដីកា​មក​កាន់​និស្សិត​ដោយ​ញញឹម និង​នឹងន ។ ខ្ញុំ​មាន​អារម្មណ៍​ថា បាន​ខិត​ទៅ​ជិត​បរិយាកាស​ព្រះពុទ្ធ​សាសនា​ដោយ​មិនដឹង​ខ្លួន ។ ទាំងនេះ​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ទៅ​ដល់​អារម្មណ៍​មោ​ទ​នៈ​មួយ​របស់​ខ្លួន​កាលពី​នៅ​កុមារី ។ ដូច​ជា​កុមារ​ខ្មែរ​ទូទៅ​ដែរ ខ្ញុំ​តែងតែ​ទៅ​វត្ត​ជាមួយ​គ្រួសារ​រាល់ពេល​បុណ្យ​ទាន ប៉ុន្តែ​ខ្ញុំ​មាន​អ្វី​ពិសេស​ជាង​កុមារ​ទូទៅ​ត្រង់​ដែល​ខ្ញុំ​ចេះ​សូត្រធម៌​ថ្វាយបង្គំ​ព្រះ​មួយ​ចប់​ហូរ​ដូច​ទឹក ដោយហេតុ​អ្នក​ម្តាយ​ខ្ញុំ ដែល​ចេញចូល​ទី​វត្ត​ញឹកញាប់​បង្រៀន ។ មិនតែប៉ុណ្ណោះ​តាម​ការ​ណែនាំ​របស់​អ្នក​ម្តាយ ខ្ញុំ​តែងតែបាន​អាន​អត្ថបទ ផ្សេង​ៗ​ក្នុង​ព្រះពុទ្ធ​សាសនា មាន​សេចក្តីអធិប្បាយ​ធម៌ និង​រឿង​ពុទ្ធ​ជាតក​ដើម្បី​ជូន​យាយ​ៗ​នៅ​វត្ត​ស្តាប់​ជា​ញយ​ទៀត​ផង​។ យាយ​ៗ​សប្បាយចិត្ត​ណាស់ ថា​ខ្ញុំ​ប្រៀប​ដូច​ជា​ចង្កៀង​បំភ្លឺ​ផ្លូវ​ព្រោះ​គាត់​មិន​ចេះអក្សរ ថែម​ទាំង​សរសើរ​ថា​ខ្ញុំ​ចេះ​អាន​លើកដាក់​សំឡេង​ពីរោះ​ទៀត​ផង ។ ពួក​គាត់​ស្តាប់​បណ្តើរ​លើកដៃ​សំពះ​ទៅ​សំឡេង​អាន​ដ៏​ស្រួយ​ស្រេះ​របស់ខ្ញុំ​បណ្តើរ ។ ទាំង​អស់នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​មោទនភាព គិត​ថា​ខ្លួន​ពិតជា​ពុទ្ធសាសនិកជន​ដ៏​តូច​ម្នាក់​ពូកែ​ជាង​ពុទ្ធសាសនិកជន​នានា​ទាំង​កុមារ ទាំង​មនុស្ស​ចាស់​ដែល​មិន​មាន​សកម្មភាព​ដូច​ជា​រូប​ខ្ញុំ ។

អារម្មណ៍​នេះ​ដក់​ជាប់​ក្នុង​បេះដូង​ខ្ញុំ រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​បាន​ជួប​ព្រះ​គ្រូ​ឧត្តម​ទើប​រលាយ​ចេញ​ទៅ​វិញ​ដូច​ជា​ផ្សែង ។

ក្នុង​ការ​បង្រៀន​មុខ​វិជ្ជា​វប្បធម៌ អរិយធម៌​ខ្មែរ ព្រះ​គ្រូ​ប៉ា​ង ខាត់ សង្កត់​លម្អិត​លើ​ព្រះពុទ្ធ​សាសនា ។ មុខ​វិជ្ជា​នេះ​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​ចំពោះ​រូប​ខ្ញុំ ។ លោកតា​បាន​សង្កត់​លើ​ចំណុច​សំខាន់​នៃ​ព្រះពុទ្ធ​សាសនា​ថា គឺជា​សាសនា​ដែល​ខុស​ពី​សាសនា​ដទៃ​ត្រង់​ដែល​ព្រះពុទ្ធ​អង្គជាមនុស្សលោក​មិនមែន​ជា​ទេវៈ ឬ​អាទិទេព​ឡើយ​។ រីឯ​ព្រះធម៌​ទៀត​សោត គឺជា​លទ្ធផល​លេច​ចេញពី​ការ​គិតពិចារណា​របស់​ព្រះ​អង្គ​ក្នុង​នាម​ជា​មនុស្សលោក​ម្នាក់ ពោល​គឺជា​ទស្សនវិជ្ជា​មួយ​។ ទស្សនវិជ្ជា​នេះ​គឺជា​ផ្លូវ​ដែល​ព្រះពុទ្ធ​ចង្អុលបង្ហាញ​ដល់​មនុស្ស​ទាំងឡាយ​ឱ្យ​យល់​ដឹង ស្គាល់ផ្លូវ​ណា​នាំ​ទៅ​កាន់​ក្តី​សុខ ផ្លូវ​ណា​នាំ​ទៅ​កាន់​ក្តី​ទុក្ខ ។ ដូច្នេះ​ចង់បាន​លទ្ធផល​ណាមួយ មិន​អាស្រ័យ​ដោយ​ពឹងផ្អែក​លើ​កម្លាំង​អ្នក​ដទៃ មាន​ដូច​ជា​កម្លាំង​អាទិទេព​ឬទេ​វៈ​ណាមួយ​ឡើយ គឺ​អាស្រ័យ​ដោយ​ការ​សម្រេចចិត្ត និង​កម្លាំង​ខ្លួនឯង ។ ក្រៅពី​នេះ​លោកតា​សង្កត់​លើ​ចំណុច​សំខាន់​មួយទៀត​ថា ទស្សនវិជ្ជា​ព្រះពុទ្ធ​សាសនា​ផ្អែក​លើ​ចំណុច​មួយ​ជា​គន្លឹះ គឺ​ការ​ទាក់ទង​សម​ស្រប​រវាង​ហេតុ និង​ផល ដូច​ជា​គន្លឹះ​សំខាន់​នៃ​វិទ្យាសាស្ត្រ​បច្ចេកទេស​នា​ពេល​បច្ចុប្បន្ន​នេះ​ដែរ ។

ព្រះ​អង្គ​បាន​ទាញ​យោបល់​សរុប​ថា ដែល​ហៅ​ថា​ពុទ្ធសាសនិកជន គឺជា​អ្នក​ប្រតិបត្តិ​តាម​ឱវាទ​ដែល​សម្តែង​ក្នុង​ព្រះធម៌ មិនមែន​គ្រាន់តែ​ចេះ​សូត្រ​ព្រះធម៌​នោះ​ពីរោះ​ប៉ុណ្ណោះ​ទេ ។ ព្រះ​គ្រូ​បញ្ជាក់​ទៀត​ថា មិន​តិច​ឡើយ​អ្នក​ដែល​មើល​ពី​ក្រៅ​ទៅ មាន​រូបភាព​ដូច​អ្នក​កាន់​ពុទ្ធសាសនា​ម្នាក់​ដ៏​ខ្ជាប់ខ្ជួន តែ​ផ្ទុយ​ទៅ​វិញ​មិន​ត្រឹមតែ​មិនមែន​ទេ ថែម​ទាំង​ធ្វើអំពើ​ផ្ទុយ​នឹង​ឱវាទ​ព្រះពុទ្ធ​ទៀត​ផង ។

មាន​ពេល​មួយ​នោះ លោកតា​មាន​ពុទ្ធដីកា​ច្បាស់​ៗ​ថា «​អុជ​ទៀន​ធូប​មិន​សំខាន់​ទេ សំខាន់​លើ​អ្នក​អុជ​នោះ​ប្រតិបត្តិ ឬ​មិន​ប្រតិបត្តិ​តាម​ឱវាទ​ដែល​ចែង​ក្នុង​ព្រះពុទ្ធ​សាសនា។

ព្រះពុទ្ធ​ដីកា​ទាំង​អស់នេះ​ប្រៀប​ដូច​ជា​អន្លូង​ដាស់​ការ​យល់​ឃើញ​ដ៏​យូរលង់​ក្នុង​យុវវ័យ​របស់ខ្ញុំ​ឱ្យ​រលឹក ហើយ​ចាប់ផ្តើម​ពិចារណា​លើ​គ្រប់​សាសនា​ទាំងឡាយ ក្នុង​នោះ​សង្កត់ធ្ងន់​លើ​ព្រះពុទ្ធ​សាសនា​ដែល​ប្រជាជន​ខ្មែរ​ភាគច្រើន​មាន​ជំនឿ​លើ ។ ដូចនេះ​បន្សាត់​ចោល​នូវ​អារម្មណ៍​មោ​ទ​នៈ​របស់​ខ្លួន​កាល​នៅ​កុមារី ខ្ញុំ​តែងតែ​ខំ​បំពេញ​រាល់​ចំណុច​ខ្វះខាត​ដែល​មិន​ទាន់​បាន​ធ្វើ​ក្នុង​នាម​ជា​ពុទ្ធសាសនិកជន​មួយ​រូប ។

ជាមួយ​គ្នា​នឹង​ទទួល​ចំណេះដឹង​ថ្មី​នេះ ខ្ញុំ​មើលឃើញ​នូវ​ឧត្តមភាព​មួយទៀត​របស់​លោកតា គឺ​លោក​ជា​ព្រះសង្ឃ​បញ្ញវន្ត​មួយ​អង្គ ។ លោក​ជា​សាស្ត្រាចារ្យ​ដែល​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយនិស្សិត ។ ពួក​យើង​តែងតែ​ទៅ​លេង​លោក​ជា​ញឹកញាប់ ។ កុដិ​លេខ​៤ វត្ត​ឧណ្ណាលោម​ជាទី​មួយ​ដែល​យើង​ទៅ​សាកសួរ​រៀនសូត្រ​ផង ទៅ​និយាយ​លេង​ជាមួយ​លោកតា​ផង ។ លោក​សប្បាយ​ព្រះ​ទ័យ​ខ្លាំង​ណាស់ ដែល​មាន ចៅ​ៗ​ចុះឡើង​សាកសួរ​សុខទុក្ខ ឯ​ក្រុម​និស្សិត​យើង​វិញ​ក៏​មាន​ភាព​កក់ក្តៅ​ដែល​មាន​ព្រឹទ្ធាចារ្យ​មួយ​អង្គ​ជាទី​គោរព និង​ជាទី​ប្រឹក្សា​ដ៏​ខ្ពង់ខ្ពស់ ។ អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់អារម្មណ៍​ជាងគេ​លើ​កុដិ គឺ​ទូ ធំ​ៗ​និង ខ្ពស់​ៗ​ផ្ទុក​ណែន​ទៅ​ដោយ​សៀវភៅ​ជា​ច្រើន​ភាសា ។ លោកតា​ចេះ​ភាសា​ច្រើន​ដូច​ជា​បាលី សំស្ក្រឹត បារាំង អង់គ្លេស សៀម ។ ជា​ច្រើន​ដង​នៅ​ពេល​ដែល​ពួក​យើង​ទៅ​លេង លោក​តែង​ចង្អុល​ទៅ​ទូ​សៀវភៅ ហើយ​ទូន្មាន​ថា «​តា​ឆ្ងល់​ណាស់ ហេតុ​អ្វី​បានជា​អ្នកខ្លះ​មិន​ចូល​ចិត្ត​អាន​សោះ បើ​គិត​អំពី​អ្នក​សរសេរ​ឃើញ​ថា គួរ​ឱ្យ​ស្ងើចសរសើរ និង​គួរ​ឱ្យ​ចំណាយពេល​អាន​ណាស់​! ចៅ​ៗ​គិត​មើល​ទម្រាំ​រក​ឃើញ​គំនិត ទម្រាំ​យកគំនិត​នោះ​មក​តម្រៀប ទម្រាំ​លើកដាក់​ដង​បា​៉​ក​កា​សរសេរ​អក្សរ​ម្តង មួយ​តួ​ៗ មិនមែន​ជា​ការ​ងាយស្រួល​ឡើយ​!» ។

មិន​ត្រឹមតែ​ជា​អ្នក​ចូល​ចិត្ត​អាន​ទេ លោកតា​បាន​និពន្ធ និង​បកប្រែ​សៀវភៅ​មួយ​ចំនួន​ដែល​ខ្លះ​ទាក់ទង​នឹង​ព្រះពុទ្ធ​សាសនា ខ្លះ​និយាយ​អំពី​ប្រាង្គ​ប្រាសាទ ខ្លះ​រៀបរាប់​អំពី​វប្បធម៌ អរិយធម៌ ខ្លះ​ជា​ការ​អប់រំ ខ្លះ​ជា​វចនានុក្រម​ទៀត​ផង ។

ក្រៅពី​ទៅ​លេង​កុដិ​នៅ​វត្ត​ឧណ្ណាលោម ពួក​យើង​បាន​ត្រូវ​លោកតា​ហៅ​ទៅ​លេង​វត្ត​នៅ​ភ្នំ​ដិ​ល​ខេត្តកំពង់ចាម ដែល​ជា​ស្រុក​កំណើត​លោកតា ។ យើង​សប្បាយចិត្ត​ណាស់​ដោយ​កាន់តែ​ជិត​ស្និទ្ធ​ជាមួយ​លោកតា ហើយ​ឃើញ​ថា លោក​មានការ​គោរព​រាប់អាន​ជា​ខ្លាំង​ពី​ព្រះសង្ឃ និង​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ ។

ក្នុង​ការ​ទាក់ទង​រវាង​លោកតា និង​ក្រុម​និស្សិត ខ្ញុំ​ត្រូវ​មិត្ត​ទាំងឡាយ​វាយតម្លៃ​ថា​ទទួល​ការ​ចាប់អារម្មណ៍​ពី​លោកតា​ច្រើន ។ នៅ​មហាវិទ្យាល័យ​ក៏​ដូច​ជា​នៅ​កុដិ​លោកតា​តែងតែ​សម្តែង​ព្រះ​ទ័យ​ពេញចិត្ត​ក្នុង​ការ​ដោះស្រាយ​ច​ម្ង​ល់​ទាំងឡាយ​របស់​សិស្ស ។ ប្រហែលជា​ខ្ញុំ​មាន​ច​ម្ង​ល់​ច្រើន​ជាងគេ​ទេ​ដឹង បានជា​ខ្ញុំ​ចេះ​តែ​មាន​សំនួរ​មិន​អស់​មិន​ហើយ​ចំពោះ​លោកតា ។ សំនួរ​ទាំងនោះ ភាគច្រើន​ជា​សំនួរ​ក្នុង​ព្រះពុទ្ធ​សាសនា ។ លោកតា​មានចំណេះ​ដឹង​ទូលាយ​អាច​បកស្រាយ​បាន​សម​ហេតុផល​គ្រប់​សំនួរ ។ ខ្ញុំ​គិត​ថា បើ​ខ្ញុំ​សួរ​លោក​ច្រើន​យ៉ា​ង​នេះ លោកតា​ប្រហែល​ស្គាល់​ខ្ញុំ​ច្បាស់​ហើយ​ទាំង​មុខ​ទាំង​ឈ្មោះ ប៉ុន្តែ​ការណ៍​ពិត​មិន​ដូច​អ្វី​ដែល​ខ្ញុំ​គិត​ទេ ។ ខ្ញុំ​ចាំ​ច្បាស់​ពេល​នោះ​ជា​ពេល​កែ​កិច្ចការ​ប្រលង ។ លោកតា​ហៅ​សិស្ស​ឱ្យមក​ទទួល​ក្រដាស​ប្រលង​របស់​ខ្លួន​ចាប់ពី​ពិន្ទុ​តិច​ជាងគេ​ឡើង​ទៅ ។ នៅ​ពេល​ចែក​អស់ សល់​តែ​មួយ​សន្លឹក លោកតា​ហៅ​ឈ្មោះ ខ្ញុំ ៗ​ងើបឡើង លោកតា​ធ្វើ​ព្រះ​ភ័ក្ត្រ​ភ្ញាក់ផ្អើល​លាន់​ព្រះ​ឧ​ស្ធ​ថា «​អូ​!​គឺ​ចៅ​ហ្នឹង​ទេ​ឬ?​» ។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា លោកតា​ចាប់អារម្មណ៍​លើ​ខ្ញុំ​យូរហើយ ប៉ុន្តែ​ស្គាល់​តែ​មុខ​ពុំ​បាន​ស្គាល់ឈ្មោះ​ទេ​។ ខ្ញុំ​សប្បាយចិត្ត និង​មាន​មោទនភាព​ណាស់ ។

-​ម៉ាក់​! លោកតា​របស់​ម៉ាក់​វិសេសវិសាល​ណាស់​!
កូនស្រី​របស់ខ្ញុំ​លាន់មាត់​ពេល​ស្តាប់​ចប់ ហើយ​នាង​បន្ត ៖
-​អីុ​ចឹ​ង​ហើយ​បានជា​ពេល​មា​៉​ក់​ជួប​មិត្ត​រួម​ថ្នាក់​កាលពី​ក្មេង ម្តង​ៗ​ខ្ញុំ​ឮ​ពួក​គាត់​និយាយ​តែ​ពី​លោកតា​មិន​ឈប់​!
-​ព្រោះ​លោក​ជា​ព្រះ​គ្រូ​ឧត្តម​របស់​ពួក​យើង​ណ៎ា​កូន​!
    ​    ​* * *

ខ្ញុំ​ស្រមៃ​ឃើញ​លោកតា​ប៉ា​ង ខាត់ ចាប់ជាតិ​ជា​ថ្មី
អត្ថបទ​តាក់តែង​ដោយ​លោក​ជួន ប៊ុ​ន​នី
សេចក្តី​ជម្រាប​ជា​មុន ៖ ខ្ញុំ​សូម​ជម្រាប​អ្នក​អាន​ថា អ្វី​ដែល​ខ្ញុំ​សរសេរ​តទៅ​នេះ គ្រាន់​ជា​ការ​ដែល​ខ្ញុំ​នឹកឃើញ​អំពី​លោកតា​ប៉ា​ង ខាត់ អំពី​ព្រះពុទ្ធ​សាសនា និង​បរិយាកាស​នៅ​សម័យ​ចុង​ទសវត្សរ៍​ទី​៦០ និង​ដើម​ទសវត្សរ៍​ទី​៧០​ប៉ុណ្ណោះ ដូ​ច្នះ​អាច​មានការ​ឆ្គាំឆ្គង ហើយ​គ្មាន​ការ​ស៊ីជម្រៅ​ទៅ​លើ​មាតិកា​ស្តី​ពី​ព្រះពុទ្ធ​សាសនា​ទេ ។ បើ​គេ​ចង់​សិក្សា​អំពី​ព្រះពុទ្ធ​សាសនា​នៅ​សម័យ​បច្ចុប្បន្ន​នេះ គេ​អាច​មាន​ឯកសារ​សំបូ​រណ៍​បែប​ជា​ជំនួយ គឺ​តាម​សៀវភៅ​ផង តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​ផង ឬ​ក៏​គេ​អាច​អនុវត្ត​ផ្ទាល់​ដូច​ជាស​មា្ម​ធិ​ជាដើម​ផង ។ មាន​គេ​ចាប់អារម្មណ៍​កាន់តែ​ច្រើន​ឡើង​ៗ​ទៅ​លើ​ព្រះពុទ្ធ​សាសនា ជា​ពិសេស​ពួក​បស្ចិមប្រទេស ដែល​ស្រាវជ្រាវ​វែកញែក​អំពី​ដើម​កំណើត ទស្សនៈ ធំ​ៗ និង​ការ​អនុវត្ត​របស់​ព្រះពុទ្ធ​សាសនា​នៅ​លើ​ពិភពលោក ។ មាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ​ខ្លះ​ក៏​ងាក​មក​រក​ឈ្វេងយល់ ឬ​អនុវត្ត​ព្រះពុទ្ធ​សាសនា​ផង​ដែរ ។

លោក​បណ្ឌិត ឃី​ង ហុ​ក​ឌី បាន​ទាក់ទង​មក​ខ្ញុំ​ក្នុង​ឋានៈ​ជា​អតីត​និស្សិត​របស់​លោកតា​ប៉ា​ង ខាត់ ។ លោក​បាន​សួរ​មក​ខ្ញុំ​ថា តើ​ខ្ញុំ​ចង់​សរសេរ​អត្ថបទ​អ្វីមួយ​ដើម្បី​ឧទ្ទិស​ដល់​លោកតា​ដែរ​ឬទេ​។ ខ្ញុំ​មាន​សេចក្តី​រំភើប​យ៉ា​ង​ខ្លាំង​នឹង​សំណួរ​នេះ ហើយ​ក៏​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​ថា ខ្ញុំ​នឹង​សរសេរ​អត្ថបទ​តូច​មួយ​រំលឹក​អនុស្សាវរីយ​ខ្ញុំ​ដែល​នៅ​សេសសល់​ពី​ការ​ភ្លេចភ្លាំង ។ ក្រោយ​ពី​បាន​ឆ្លើយ​ទៅ​លោក​ហុ​ក​ឌី​ហើយ ខ្ញុំ​បាន​រិះគិត​រាវរក​អនុស្សាវរីយ​ទាំងនោះ តែ​វា​មិន​បាន​ចេញ​មក​ដោយ ស្រួល​ៗ​ទេ ព្រោះ​ណាមួយ​ខ្ញុំ​ពុំដែល​បាន​ជួប​លោកតា​សោះ ក្រោយ​ពី​ឆ្នាំ​ខ្ញុំ​បាន​បញ្ចប់​បរិញ្ញាបត្រ​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​ភ្នំពេញ នា​ពាក់កណ្តាល​ឆ្នាំ​១៩៧១​មក និង​មួយទៀត​ការ​ភ្លេចភ្លាំង​ក៏​កំពុង​តែ​រាតត្បាត​វាយ​ដណ្តើម​ការ​ចង​ចាំ​របស់ខ្ញុំ​ដោយ​ជោគជ័យ​ផង​ដែរ ។

នឹកឃើញ​លោកតា​បា​៉​ង ខាត់ គឺ​នឹកឃើញ​លោកតា​ជា​គ្រូ​បណ្ឌិត អ្នកប្រាជ្ញ​ផង និង​ជា​អ្នកតំណាង​ព្រះពុទ្ធ​សាសនា​ផង ។ ឆ្នាំ​សិក្សា​១៩៦៩-៧០ ជា​ឆ្នាំ​ដែល​ខ្ញុំ​ត្រូវ​ប្រឡង​យក​សញ្ញាបត្រ​មហាវិទ្យាល័យ​គរុកោសល្យ សញ្ញាបត្រ​ភាសា​អា​ល្លឺ​ម៉​ង់ និង​វិញ្ញាបនបត្រ​ពីរ​ទៀត គឺ​ខាង​សោភ័ណវិទ្យា និង​សិល្ប៍វិទ្យា​មួយ និង​ខាង​វប្បធម៌ និង​អរិយធម៌​មួយទៀត ។ ចំពោះ​វិ​ញ្ញាប​ន​ប័ត្រ​ខាងក្រោយ​នេះ ជា​វិញ្ញាបនបត្រ​ចាំបាច់​ចំពោះ​និស្សិត​ម្នាក់​ៗ ដែល​រៀន​នៅ​មហាវិទ្យាល័យអក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ ទោះជា​គេ​រៀន​យក​បរិញ្ញាបត្រ​ខាង​អក្សរសាស្ត្របារាំង​ក្តី ខាង​ប្រវត្តិវិទ្យា​ក្តី ខាង​ទស្សនវិជ្ជា​ក្តី ។​ល​។ ក៏​គេ​ត្រូវ​ប្រឡង​យក​វិ​ញ្ញាប​ន​ប័ត្រ​នេះ​ដែរ ទើប​បង្គ្រប់​សញ្ញាបត្រ​មហាវិទ្យាល័យ ។ ដូច្នេះ​ហើយ​បានជា​គេ​ឃើញ​នៅ​ថ្នាក់​នេះ​មាន​និស្សិត​ចំនួន​ច្រើន​ជាងគេ​ចម្រុះ​គ្នា​ស្រី​ប្រុស ហើយ​មាន​និស្សិត​ខ្លះ​មាន​អាយុ​ចំណាស់​ជាងគេ​បន្តិច ព្រោះ​គាត់​ជា​មន្ត្រី ឬ​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ ឬ​អនុ​វិទ្យាល័យ​នានា ។ គាត់​មានគ្រួសារ​ហើយ ធ្វើការ​បណ្តើរ ឆ្លៀត​រៀន​យកចំណេះ​បន្ថែម​បណ្តើរ ។ ឯ​និស្សិត​មួយ​ចំនួន​ទៀត​មាន​វ័យក្មេង​ជាង គឺ​ខ្ទង់​ម្ភៃ​ឆ្នាំ​ប្លាយ គឺជា​និស្សិត​ដែល​មិន​ទាន់​មានគ្រួសារ អ្នកខ្លះ​ធ្វើការ អ្នកខ្លះ​រៀន​បន្ត​ពី​វិទ្យាល័យ​មិន​ទាន់​ប្រកបការងារ​នៅឡើយ ។ ខ្ញុំ​នៅ​ក្នុង​ចំណោម​អ្នក​ទាំងនេះ ។

ជីវិត​ជា​និស្សិត​ពេល​នោះ ប្រៀប​បាន​ដូច​ផ្កា​ដែល​ដុះ​ក្នុង​សួន ហើយ​ទើបនឹង​បាន​ត្រូវ​ស្រោចស្រព​ដោយ​ទឹក​ត្រជាក់​នៅ​ពេល​ព្រឹក ។ គេ​អាច​ថា​គេ​រស់នៅ​ក្នុង​ចិត្ត​បរិសុទ្ធ និង​ស្លូតត្រង់​ក៏​បាន ថា​រស់​ក្នុង​ភាព​ឆោតល្ងង់​ដោយ​ខ្វះ​ការ​ពិសោធ​ក្នុង​ជីវិត​ក៏​បាន ។ គេ​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​មុខមាត់ បុណ្យ​សក្តិ ទ្រព្យសម្បត្តិ​ទេ ។ តែ​ក៏​មាន​អ្នកខ្លះ​ភ័យ​ព្រួយ​ពី​អនាគត​ប្រទេស​ជាតិ​ដែរ គ្រាន់តែ​គេ​មិន​បញ្ចេញ​វ៉ោ​ក​វ៉ា​ក​ឱ្យ​អ្នក​ដទៃ​ឮ​ប៉ុណ្ណោះ ។ ក្នុង​សម័យ​នោះ សាកលវិទ្យាល័យ​សង្គមរាស្ត្រនិយម ដែល​ដូរ​ឈ្មោះ​ជា​សាកលវិទ្យាល័យ​ភ្នំពេញ នា​ជំនាន់​សាធារណរដ្ឋ​ខ្មែរ ចែក​ជា​មហាវិទ្យាល័យ​ឱសថ​សាស្ត្រ មហាវិទ្យាល័យ​វិទ្យាសាស្ត្រ មហាវិទ្យាល័យ​គណិតសាស្ត្រ មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ និង​វិទ្យាស្ថាន​ភាសា​មួយ​ដែល​មាន​បង្រៀន​ភាសា​ចិន រុ​ស្ស៊ី និង​អា​ល្លឺ​ម៉​ង់ ។ មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ និង​វិទ្យាស្ថាន​ភាសា​កាន់កាប់​សាល ធំ​ៗ​នៅ​ជាន់​ក្រោម និង​ជាន់​ទី​មួយ​របស់​អគារ ។ មហាវិទ្យាល័យ​ឱសថ​សាស្ត្រ​ស្ថិត​នៅ​ជាន់​លើ​ប៉ែក​ខាងលិច ឯ​ប៉ែក​ខាងកើត​និង​ចាប់ពី​ជាន់​ទី​ពីរ​ឡើង​ទៅ មាន​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ និង​មហាវិទ្យាល័យ​គណិតសាស្ត្រ ។ ចំណែក​នៅ​ជាន់​លើ​បំផុត មាន​កន្លែង​លក់​អាហារ​នំ ចំណី និង​ភេសជ្ជៈ​សម្រាប់​និស្សិត និង​បុគ្គលិក​សាកលវិទ្យាល័យ ។

រសៀល​ថ្ងៃមួយ​នា​ខែតុលា ឆ្នាំ​១៩៦៩ ខ្ញុំ និង​មិត្តភក្តិ​ជា​ច្រើន​នាក់ ខ្លះ​ឈរ ខ្លះ​អង្គុយ ជជែក​គ្នា​លេង​នៅ​លើ​ស្មៅ​ក្នុង​សួន​ដែល​មាន​ពណ៌​បៃតង​ស្រស់​នៅ​មុខ​អគារ​សាកលវិទ្យាល័យ ។

-​នុះ​!​លោកតា​និមន្ត​មក​ដល់​ហើយ​!
និស្សិត​ម្នាក់​និយាយ​បណ្តើរ​ចង្អុល​បណ្តើរ ។ ខ្ញុំ​ងាក​ទៅ​រក​ទិស​ដែល​គេ​បង្ហាញ ។ ខ្ញុំ​ឃើញ​លោកតា​ដែល​គ្រងចីវរ​ពណ៌​លឿងទុំ កោរសក់ អត់​មាន​រោមចិញ្ចើម ពាក់​វ៉ែនតា ទឹកមុខ​ញញឹម និង​ពាក់​ស្បែកជើងផ្ទាត់​បែប​ធ្វើ​ពី​ស្បែក ។ ភ្នែក​ខ្ញុំ​ពេល​នោះ​ឃើញ​លោកតា​ដូច​ជា​ចាស់ ហើយ​មាន​សាច់​ទ្រលុក មាំទាំ ដែល​ជា​សញ្ញា​ថា លោកតា​មាន​សុខភាព​ល្អ ។ តាម​ពិត​លោកតា​មាន​ព្រះ​ជន្ម​ត្រឹម​ជិត​៦០​វស្សា​សោះ ។ លោកតា​កំពុង​ចុះ​ពី​រថយន្ត​មួយ ដែល​ដឹក​លោក​មក​ពី​កុដិ​លេខ​៤​នៃ​វត្ត​ឧណ្ណាលោម ឬ​ហៅ​វត្ត​ប្រលោម ។ ឆ្នាំ​នោះ​លោកតា​ជា​សាស្ត្រាចារ្យ​របស់​យើង ខាង​ផ្នែក​វប្បធម៌ អរិយធម៌​ខ្មែរ ដែល​ក្នុង​នោះ​មាន​សាសនា​ជា​មែកធាង​មួយ ។ មួយ​ឆ្នាំ​ក្រោយមក លោកតា​ក៏​ជា​សាស្ត្រាចារ្យ​របស់ខ្ញុំ​ខាង​វេយ្យាករណ៍​ខ្មែរ​ដែរ ។

លោកតា​បាន​បង្រៀន​យើង​អំពី​ព្រហ្មញ្ញសាសនា ដែល​មាន​ឥទ្ធិពល​មក​លើ​សង្គម​ខ្មែរ និងអំពី​ព្រះពុទ្ធ​សាសនា ។ ប្រទេស​ខ្មែរ​យើង​សម័យ​ខ្លះ​កាន់​ព្រហ្មញ្ញសាសនា ពេល​ខ្លះ​កាន់​ព្រះពុទ្ធសាសនា ។ នៅ​សម័យ​ខ្លះ​ទៀត ព្រះមហាក្សត្រ​កាន់សាសនា​មួយ ឯ​ប្រជារាស្ត្រ​កាន់សាសនាមួយ​ផ្សេង តែ​គ្មាន​ការ​បង្ខិតបង្ខំ​ឱ្យ​ប្រជារាស្ត្រ​ដូរ​សាសនា​មក​កាន់សាសនា​ដូច​ព្រះ​អង្គ​ទេ ។ ពេល​ដូរ​សាសនា ម្តង​ៗ មិន​បណ្តាល​ឱ្យ​មាន​ចម្បាំងរាំងជល់​ក្នុង​ប្រទេស​ទេ ។ ប៉ុន្តែ​ក្រោយ​រាជ្យ​ព្រះរាជ​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧ ដែល​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មហាយាន គេ​ឃើញ​នៅ​ប្រាសាទបាយ័ន​កន្លែង​ខ្លះ មាន​ស្នាម​រូបចម្លាក់​ផ្សេង​ៗ​ឆ្លាក់​ពីលើ​ចម្លាក់​ព្រះ​ពុទ្ធរូប ដែល​ជា​សញ្ញា​ប្រតិកម្ម​ថា​មានការ​ផ្លាស់​ប្តូរ​សាសនា ។

លោកតា​បាន​បង្រៀន​អំពី​កា​រវិ​វ​ឌ្ឍ​នៃ​អក្សរ​ខ្មែរ​សព្វថ្ងៃ​មក​ពី​អក្សរ​ខ្មែរ​បុរាណ​ដែល​មាន​សរសេរ​ទុក​នៅ​លើ​ផ្ទាំង​ថ្ម​ជា​សិលាចារឹក ។ លោកតា​បាន​ចម្លង​អត្ថបទ​សិលាចារឹក​មក​ឱ្យ​យើង​រៀន​អាន ហើយ​បកប្រែ​សម្រាយ​មក​ជា​អក្សរ​ខ្មែរ សព្វថ្ងៃ​ឱ្យ​ងាយ​យល់ ។ តាម​សិលាចារឹក យើង​អាច​យល់​អំពី​សង្គម​ខ្មែរ​ជំនាន់​ដើម ។ បើ​តាម​ខ្ញុំ​ចាំ​ខ្លះ​ថា មាន​ប្រើ​ពាក្យពេចន៍​ដូច​ជា «​វ្រះ​កម្រ​តាង​អញ​» បាន​ន័យ​ថា «​លោក​អ្នកធំ​របស់ខ្ញុំ​» ។

នៅ​ចុងឆ្នាំ​១៩៦៩​ដើម្បី​ឱ្យ​យល់​កាន់តែ​ច្បាស់​អំពី​ក្បាច់ចម្លាក់ ផ្សេង​ៗ អំពី​ឥទ្ធិពល​របស់​ព្រហ្មញ្ញសាសនា និង​ព្រះពុទ្ធ​សាសនា​ទៅ​លើ​ស្ថាបត្យកម្ម​នៃ​ប្រាសាទ​នានា យើង​ជា​និស្សិត​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​មួយ​ចំនួន​ប្រមាណ​ជា​ជិត​ម្ភៃ​នាក់ បាន​រៀបចំ​ទស្សនកិច្ច​សិក្សា​មួយ​ទៅ​ខេត្តសៀមរាប ។ ពេល​ទស្សនា​ប្រាសាទ យើង​កត់ត្រា​ផង ជជែក​គ្នា​ផង​នូវ​អ្វី​ដែល​យើង​កំពុង​ឃើញ និង​រំលឹក​មេរៀន​ដែល​ទើបនឹង​បាន​រៀន ។ យើង​មាន​មោទនភាព និង​ក្តី​រំភើប​រីករាយ​ណាស់​ក្នុង​ទស្សនកិច្ច​សិក្សា​នេះ ដែល​ផ្តល់​អនុស្សាវរីយ៍​ឱ្យ​យើង ម្នាក់​ៗ​ដិត​ជាប់​ក្នុង​ចិត្ត មិន​អាច​បំភ្លេច​បាន ។

មក​ដល់​ត្រឹមនេះ​ខ្ញុំ​នឹក​ទៅ​ដល់​បណ្ណាល័យ​របស់​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ និង​វិជ្ជា​ស្ថាន​ភាសា ។ បណ្ណាល័យ​នេះ​ស្ថិត​នៅ​ជាន់​ទី​មួយ បន្ទប់​ប៉ែក​ខាងកើត​នៃ​អគារ​របស់​សាកលវិទ្យាល័យ​ភ្នំពេញ ។ ក្នុង​បណ្ណាល័យ​មាន​តុ​សម្រាប់​អង្គុយ​អាន និង​មាន​សៀវភៅ​ជា​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​បារាំង​ដែល​មាន​ចំនួន​ច្រើន​ជាងគេ ។ ពេល​មួយ​យើង​ត្រូវការ​ឯកសារ​ដើម្បី​ស្រាវជ្រាវ​អំពី​ប្រវត្តិសាស្ត្រ យើង​ត្រូវការ​អាន​សៀវភៅ​ដែល​សរសេរ​ដោយ​លោក​ហ្ស​ក​សឺ​ដេ​ស ដែល​មាន​ចំណងជើង​ថា «Histoire ancienne des Etats hindouisés d’Extrême-Orient» ។

យើង​មិន​អាច​រក​សៀវភៅ​នេះ​បាន ភ្លាម​ៗ​ទេ ត្រូវ​រង់ចាំ​អ្នក​ខ្ចី​មុន​យក​មក​សង​បណ្ណាល័យ​សិន ទើប​ខ្ចី​បាន ។ ជួនកាល​ត្រូវ​ចាំ​យូរ​ទៀត ពីព្រោះ​មាន​អ្នក​អាន​សៀវភៅ​នោះ​ច្រើន​គ្នា ហើយ​នៅ​ពេល​ស្រប​ជាមួយ​គ្នា​ទៀត ។ ខ្ញុំ​មាន​ចំណាប់អារម្មណ៍​មួយ គឺ​ដើម្បី​សិក្សា​អំពី​ខ្មែរ យើង​ត្រូវ​អាន​ឯកសារ​ជា​ភាសាបរទេស ជា​ពិសេស​ភាសា​បារាំង ព្រោះ​បារាំង គេ​មាន​អ្នកប្រាជ្ញ អ្នកនិពន្ធ អ្នក​ស្រាវជ្រាវ​ជា​ច្រើន ដែល​សរសេរ​អំពី​ខ្មែរ ទាំង​ប្រវត្តិសាស្ត្រ ទាំង​ភូមិសាស្ត្រ ។​ល​។ ហើយ​គេ​មាន​បណ្ណាល័យ ធំ​ៗ​នៅ​ទីក្រុង​បា​៉ា​រី​ស ដូច​ជា​បណ្ណាល័យ​ជាតិ ជាដើម ។ នៅ​បណ្ណាល័យ​នេះ​គេ​អាច​អាន​សាស្ត្រា​ស្លឹករឹត​ខ្មែរ​ផង​ដែរ ដែល​បារាំង​គេ​ថែទាំ រក្សា​ទុក​យា​៉​ង​ខ្ជាប់ខ្ជួន ។ ឯ​ចំណាប់អារម្មណ៍​ខ្ញុំ​មួយទៀត គឺ​ត្រង់​និស្សិត​យើង​ពុំ​សូវ​មាន​ទស្សនៈ​ទូលាយ ដើម្បី​មើល​ឱ្យ​ឃើញ​នូវ​សភាពការណ៍​រួម​ទូទៅ​លើ​បញ្ហា​សង្គម​ខ្មែរ ឬ​សង្គម ផ្សេង​ៗ​ទេ ។ នេះ​មក​ពី​យើង​ភាគច្រើន​ពុំ​សូវ​បាន​អាន​សៀវភៅ​ច្រើន​ទេ ព្រោះ​ខ្វះ​ទម្លាប់ ឬ​ពុំ​សូវ​ចូល​ចិត្ត​អាន​ផង ។ ម្នាក់​ៗ​ខំរៀន​គ្មាន​ពេលទំនេរ រៀន​តែ​ខាង​ផ្នែក​ដែល​មាន​ក្នុង​កម្មវិធី​សិក្សា ។ ជួនកាល​រៀន​ម្នាក់ឯង ជួនកាល​រៀន​ជា​ក្រុម ប៉ុន្តែ​យើង​មិន​បានដឹង​ខ្លួន​នៅ​ពេល​នោះ​ថា យើង​បាន​អាន​សៀវភៅ​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ។ នេះ​ជា​ហេតុ​មួយ​ដែល​ធ្វើ​ឱ្យ​យើង​ខ្វះ​ចំណេះដឹង​ទូទៅ ។ បើ​មានចំណេះ​ដឹង​ត្រឹមតែ​វប្បធម៌ អរិយធម៌​យើង​មួយ​គត់ ក៏​ពុំ​ទាន់​គ្រប់គ្រាន់​ដែរ ក្នុង​ការ​រៀបចំ ឬ​ច្នៃ​សង្គម​យើង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នោះ ។ ដើម្បី​ស្គាល់ និង​យល់​អំពី​ខ្លួន​យើង​ឱ្យ​ច្បាស់ គួរ​យើង​យកចំណេះ​ដឹង​ទូទៅ​មក​ឆ្លុះ​បញ្ចាំង​មើល​ថា​យើង​នៅ​ត្រឹមណា ឬ​ទៅ​ដល់​ណា​ហើយ យើង​មាន​អ្វីខ្លះ ហើយ​ៗ​នៅ​ខ្វះ​អ្វី​ទៀត ។

កាលពី​តូច ខ្ញុំ​បាន​ស្គាល់​បន្តិចបន្តួច​នូវ​ការ​អនុវត្ត​ព្រះពុទ្ធ​សាសនា​តាម​រយៈ​ឪពុក​ម្តាយ​ខ្ញុំ ដែល​ជា​ពុទ្ធសាសនិកជន កាន់សីល​ជា​ទៀងទាត់​។ ខ្ញុំ​តាម​គាត់​ទៅ​វត្ត​នា​ថ្ងៃសីល ឬ​នៅ​ថ្ងៃ​មាន​ប្រារព្ធ​ធ្វើបុណ្យ ដូច​ជា ចូល​វស្សា ចេញ​វស្សា មាឃបូជា ភ្ជុំបិណ្ឌ បុណ្យកឋិន​ជាដើម ។ ដោយសារ​ឮ ចាស់​ៗ​សូត្រធម៌​ជា ញយ​ៗ ពេល​ខ្លះ​ខ្ញុំ​ក៏​សូត្រ​តាម ដោយ​ទាំង​មិន​បាន​យល់​ន័យ​សេចក្តី​ច្បាស់​ទេ ។ ខ្ញុំ​ក៏​មិនដឹង​ច្បាស់​ដែរ​ថា តើ​ឧបាសក ឧបាសិកា​ទាំងអស់​ដែល​សូត្រធម៌​ព្រឹកល្ងាច​នា​ថ្ងៃសីល យល់​អស់​សេចក្តី​ដែរ ឬទេ នូវ​អ្វី​ដែល​គាត់​សូត្រ​ដោយ​រត់មាត់​នោះ ព្រោះ​ភាគច្រើន​ជា​ភាសាបាលី​ផង ។ ខ្ញុំ​គ្រាន់តែ​សង្កេត​ឃើញ​ថា ចាស់​ៗ​ទាំងនោះ​បាន​កាន់សីល​យា​៉​ង​ខ្ជាប់ខ្ជួន គឺ​មិន​ពិសា​អាហារ​ពេល​ល្ងាច កាលណា​គាត់​កាន់សីល​ប្រាំបី និង​មិន​ហា​៊​ន​សម្លាប់សត្វ សូ​ម្បី​តែ​ត្រី​ដែល​សម្រាប់​ធ្វើ​ម្ហូបអាហារ ក៏​គាត់​មិន​ហ៊ា​ន​ប៉ះពាល់​ដល់​ជីវិត​ដែរ ។

ដល់​យុវវ័យ ខ្ញុំ​បាន​យល់​អំពី​គោល​ទស្សនៈ​ខ្លះ​ៗ​នៃ​ព្រះពុទ្ធ​សាសនា​តាម​រយៈ​ការ​សិក្សា​រឿង​នានា​នៅ​សាលារៀន ។ ជា​ពិសេស រឿង​ទសជាតក​ដែល​ស្តី​អំពី​រឿង នីមួយ​ៗ​ក្នុង​ដប់​ជាតិ​របស់​ព្រះ​ពោធិសត្វ មុន​នឹង​បាន​ត្រាស់​ដឹង​ទៅ​ជា​ព្រះពុទ្ធ​អង្គ ។

នៅ​មហាវិទ្យាល័យ លោកតា​ប៉ា​ង ខាត់ បាន​ពន្យល់​យើង​អំពី​ព្រះពុទ្ធ​សាសនា និង​ពុទ្ធ​ទស្សនៈ​ធំ​ៗ ។ ចំពោះ​ខ្ញុំ ការ​ដែល​បាន​រៀន​ទាំងនោះ​គ្រាន់តែ​ជា​ការ​ចេះ​ដឹង ខ្លះ​ៗ ប៉ុន្តែ​មិន​បាន​ជ្រៅជ្រះ​ទៅ​តាម​ទំហំ​ដ៏​ធំធេង​នៃលក្ខណៈ​ជា​សាកល​របស់​ព្រះពុទ្ធ​សាសនា​នោះ​ទេ ។

បើ​តាម​អ្នក​ស្រាវជ្រាវ​ខ្លះ​ថា ព្រះពុទ្ធ​សាសនា​មាន​ចរន្ត​គំនិត​ពីរ គឺ​មហាយាន និង​ថេរវាទ (​តាម​ព្រះ​បព្វជិត​វា​៉​ល​ពលៈ​រាហុលៈ ថា​គេ​ឈប់​ហៅ​ហិន​យាន​ហើយ​) ។ មាន​សំនួ​រថា តើ​ចរន្ត​គំនិត​ថេរវាទ  និង​មហាយាន​ខុស​គ្នា​យ៉ាង​ណាខ្លះ? អ្នកនិពន្ធ​ខ្លះ​បកស្រាយ​ថា ថេរវាទ​ជា​ចរន្ត​អភិរក្ស ឬ​ហៅ​ម្យ៉ា​ង​ទៀត​ថា​ធម៌​ចាស់ ដែល​សង្កត់​ជា​ពិសេស​ទៅ​លើ​ការ​អនុវត្ត​ផ្ទាល់ខ្លួន ម្នាក់​ៗ​យ៉ា​ង​តឹង​រ៉ឹ​ង​នៃ​សីលធម៌​វិទ្យា ។

ចរន្ត​ពុទ្ធសាសនា​នេះ​ជា​ចរន្ត​ដើម កើត​៥​សតវត្ស​មុន​គ្រឹ​ស្ត​សករាជ ។ គេ​ឃើញ​មាន​អនុវត្ត​នៅ​ប្រទេស​ស្រី​លង្កា​, ភូមា​, ខ្មែរ​, លាវ​, ថៃ និង​មួយ​ផ្នែក​នៃ​ប៉ា​គី​ស្ថាន​ប៉ែក​បូព៌ា ។ ឯ​មហាយាន​កើត​នៅ​សតវត្ស​ទី​១​នៃ​គ្រឹ​ស្ត​សករាជ ។ ចរន្ត​នេះ​បែកផ្លូវ​ចេញពី​ចរន្ត​ថេរវាទ ហើយ​សង្កត់​លើ​គំនិត​ដែល​ថា ដើម្បី​ឈាន​ទៅ​ដល់​ការ​ត្រាស់​ដឹង ត្រូវ​ឈរ​លើ​មូលដ្ឋាន​គំនិត​គិតដល់​អ្នក​ដទៃ មាន​ទិស​ដៅ​ស្វែងរក​ការ​បញ្ចប់​នៃ​សេចក្តី​ឈឺចាប់ មិន​គ្រាន់តែ​សម្រាប់​ខ្លួនឯង​ទេ តែ​សម្រាប់​អ្នក​ដទៃ​ផង​ដែរ ។ ចរន្ត​នេះ​យក​ព្រះ​ពោធិសត្វ​ជា​សំខាន់ ដែល​ព្រះ​អង្គ​បាន​ផ្សព្វផ្សាយ​មា​គ៌ា​ដើម្បី​ទៅ​កាន់ការ​ត្រាស់​ដឹង​ដល់​ព្រះសង្ឃ​ផង និង​ដល់​គ្រ​ហស្ត​ផង​ដែរ តាម​ក្បួន​ធម៌​ហៅ​ថា​សូត្រ ហើយ​និង​ផ្សព្វផ្សាយ​មេត្តា ករុណា ជា​គោល​ធំ ។ គេ​គោរព​ព្រះពុទ្ធ​សាសនា​នា​មហាយាន​នៅ​ប្រទេស​ចិន​, ជប៉ុន​, ឥណ្ឌូ​ណេ​ស៊ី​, កូរ៉េ​, ឥណ្ឌា​, វៀតណាម​, សិង្ហ​បុរី ។

បើ​តាម​ព្រះ​បព្វជិត​រាហុលៈ​ដដែល លោក​ថា​ចរន្ត​ថេរវាទ និង​មហាយាន​មាន​លក្ខណៈ​ខុស​គ្នា​ត្រង់​ចំណុច​ទាក់ទង​ទៅ​នឹង​ជំនឿ និង​ការ​អនុ​វត្ត ។ រីឯ​ការ​បង្រៀន​លើ​គោល សំខាន់​ៗ​របស់​ព្រះពុទ្ធ​សាសនា​ថេរវាទ និង​មហាយាន​មាន​លក្ខណៈ​ស្រប​ព្រម​គ្នា ។

មាន​អ្នកនិពន្ធ​ខ្លះ​បន្ថែម​ចរន្ត​មួយទៀត​លើ​ចរន្ត​ទាំង​ពីរ​ខាងលើ គឺ​ចរន្ត ឬ​សា​លាវ​ជ្រ​យាន​។ សាលា​នេះ​បែក​ចេញពី​ចរន្ត​មហាយាន ហើយ​ឈរ​លើ​សីលធម៌​វិទ្យា​នៃ​សាលា​ថេរវាទ និង​ឈរ​លើ​គោល​គំនិត​គិតគូរ​អ្នក​ដទៃ និង​ដល់​ការ​ត្រាស់​ដឹង គឺ​តាម​ការ​ស្មឹង​ស្មាធិ៍​តាម​ក្បួន​យោគ ។ គេផ្អែក​លើ​អត្ថបទ​ហៅ​ថា​ត​ន្ត្រៈ ។ ចរន្ត​នេះ​មាន​អនុវត្ត​ជា​ពិសេស​នៅ​ប្រទេស​ទី​បេ​, ម៉ុង​ហ្គោ​លី​, ណេ​បា​៉​ល់​, ប៊ូ​តង់​, ឥណ្ឌូ​ណេ​ស៊ី ដែល​កាន់​មហាយាន​ផង និង​វ​ជ្រ​យាន​ផង ។

ចំណុច ខ្លះ​ៗ​ដែល​បាន​ដក់​នៅ​ក្នុង​សតិអារម្មណ៍​ខ្ញុំ កាលពី​បាន​រៀនសូត្រ​ជាមួយ​លោកតា​ប៉ា​ង ខាត់ មាន​ដូច​ជា​បញ្ហា​បាប បុណ្យ កម្ម ផល ។​ល​។ តាម​ខ្ញុំ​ចាំ លោកតា​បាន​អធិប្បាយ​អំពី​អំពើ​បាប​ក្នុង​ការ​សម្លាប់​ជីវិត ឧទាហរណ៍​បើ​យើង​ដើរ​ជាន់​ស្រមោច​ដោយ​មិនដឹង​ខ្លួន ធ្វើ​ឱ្យ​ស្រមោចនោះ​ងាប់ មិន​ប្រាកដជា​យើង​ទទួល​បាប​នោះ​ទេ ។ ព្រោះ​អ្វី0x017d7 ព្រោះថា​គេ​នឹង​ទទួលផល​ជា​បាប​ក្នុង​រឿង​នេះ បើ​គេ​មាន​បំណង​ចេតនា​ថា​នឹង​សម្លាប់ ហើយ​គេ​ធ្វើ​ឱ្យ​ជីវិត​នោះ​ស្លាប់​មែន ។ ឯ​បុណ្យ​វិញ កាលណា​យើង​ធ្វើបុណ្យ បើ​យើង​មិន​មានចិត្ត​សទ្ធា​ជ្រះថ្លា ក៏​យើង​មិន​បាន​ទទួល​បុណ្យ​ដែរ ។ បើ​យើង​យក​លុយកាក់ ឬ សម្ភារ​ដែល​រកបាន​ដោយ​អំពើ​ទុច្ចរិត ហើយ​យក​ទៅ​ធ្វើបុណ្យ ក៏​យើង​ពុំ​ទទួល​បុណ្យ​ដូច​បំណង​ដែរ ។ ម្យ៉ា​ង​ទៀត​បុណ្យ និង​បាប​ពុំ​អាច​បូក ឬ​សង​គ្នា​កើត​ទេ​។ ធ្វើបុណ្យ​ច្រើន​បន្ថែម​លើ​បុណ្យ ធ្វើបាប​ច្រើន​បន្ថែម​លើ​បាប បាន​សេចក្តី​ថា គប្បី​កុំ​គិត​ស្មានថា ខ្លួនឯង​ធ្វើបុណ្យ​បាន​ច្រើន ហើយ​ៗ​ធ្វើបាប​តែ​បន្តិចបន្តួច​យក​ទៅ​សង​នឹង​បុណ្យ​ទៅ គង់តែ​នៅ​មានបុណ្យ​ច្រើន​លើស​បាប​ដដែល ។ ឯ​កម្មផល​វិញ កម្ម​គឺ​អំពើ បើ​យើង​ធ្វើ​កម្ម​ល្អ នឹង​ទទួលផល​ល្អ ធ្វើ​កម្ម​អាក្រក់​នឹង​ត្រូវ​ទទួលផល​អាក្រក់ ។

ការ​ចង​ចាំ​របស់ខ្ញុំ​នេះ​អាច​មានការ​ខុស​ឬ​លើសលស់ ឬ​ខ្វះចន្លោះ ។ ដើម្បី​ឱ្យ​យល់​ថែម​ទៀត​អំពី​គោល ធំ​ៗ​របស់​ព្រះពុទ្ធ​សាសនា ខ្ញុំ​សូម​លើកយក​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​លោកតា​បា​៉​ង ខាត់ មាន​ចំណងជើង​ថា «​ព្រះពុទ្ធ​សាសនា​ដូច​ម្តេច​» ។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា មាន​សៀវភៅ ឬ​អត្ថបទ​ច្រើន​សន្ធឹកសន្ធាប់​ណាស់ ដែល​និយាយ​អំពី​ព្រះពុទ្ធ​សាសនា តែ​ខ្ញុំ​រើស​យក​អត្ថបទ​ដែល​រៀបរៀង​ដោយ​លោកតា​នេះ​មក​សាកល្បង​ពិចារណា ព្រោះ​លោកតា​ជា​ខ្មែរ​យល់​អំពី​សង្គម​ខ្មែរ អំពី​ចិត្តគំនិត​ខ្មែរ ។ ការ​សាកល្បង​តទៅ​នេះ ពុំ​មាន​លក្ខណៈ​ជា​អត្ថបទ​វិជ្ជា​ទេ ។

គោល ធំ​ៗ​ខ្លះ​នៃ​អត្ថបទ «​ព្រះពុទ្ធ​សាសនា​ដូច​ម្តេច​» មាន​ដូច​តទៅ ៖ បើ​មាន​កើត គឺ​មាន​ជរា ព្យាធិ និង​មរណៈ ជា​ការ​ធម្មតា ។ ព្រះ​សម្ពុទ្ធ​សមណគោតម​ទ្រង់​ឃើញ​ថា លោក​នេះ​ជា​ទុក្ខ ហើយ​ក៏​ទ្រង់​ស្វះស្វែង​រកម​ជ្ឈិ​មា​បដិបទា ជា​ផ្លូវ​កណ្តាល​ដែល​នាំ​ទៅ​កាន់​សន្តិភាព​ស្ថាពរ ជា​ផ្លូវ​ដែល​អាច​ដោះ​លោក​ឱ្យ​ចាក​ពី​ទុក្ខ​។ ព្រះ​សមណគោតម​ទ្រង់​ប្រព្រឹត្ត​វិធី​ទូន្មាន​ចិត្ត និង​ទូន្មាន​កាយ តាម​ផ្លូវ​កណ្តាល ដើម្បី​ទៅ​រក​ពោធិញាណ​។ តាម​ពុទ្ធ​ទ្រឹស្តី ៖ ទីពឹង​អ្នក​ដទៃ​ដើម្បី​រួច​ចាក​ភ័យ​ខ្លួនឯង​ជា​អវិជ្ជមាន ។ ទីពឹង​ខ្លួនឯង​ដើម្បី​រួច​ចាក​ភ័យ​ខ្លួនឯង ទើប​ជា​វិជ្ជមាន ។ មនុស្សលោក​មាន​ភាព​អាច​បាន និង​អនុភាព​អាច​ធ្វើ​ឱ្យ​សម្រេច​បាន​ដែល​កប់​នៅ​ក្នុង​ខ្លួន ។ ព្រះពុទ្ធ​អង្គ​ទេសនា​ពន្យល់​ឱ្យ​មនុស្ស​ទុកចិត្ត​លើ​ខ្លួនឯង មិនបាច់​ពឹងពាក់​លើ​អាទិទេព ឬ​អ្នក​អាជ្ញាកណ្តាល​ណាមួយ​ទេ​។ ឧត្តមគតិ​ដ៏​ប្រសើរ​ដែល​ស្តីថា មិន​មាន​ខ្លួនឯង គឺ​អនត្តា នេះ​ជា​ព្រលឹង កណ្តាល​នៃ​ពិភពលោក ។ ខ្លួនឯង​ត្រូវ​ជួយ​ខ្លួនឯង ។ សត្វ​ទាំងឡាយ ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។

ពុទ្ធវចនៈ​បាន​បញ្ជាក់​ថា ពុទ្ធសាសនា​មិន​ព្រម​ប្រើ​ជំនឿ​ឥត​ហេតុផល​ទេ ។ សេចក្តី​បរិសុទ្ធ​ធ្វើ​ដោយ​ខ្លួនឯង ពុំ​មែន​ធ្វើអំពើ​អាក្រក់ ធ្វើអំពើ​បាប ជិះជាន់ កាប់សម្លាប់​គេ​ហើយ រួច​ទៅ​សូត្រ​ស្លុ​តិ ថ្វាយ​ព្រះពុទ្ធ​ដូច​គេ​លាងបាប​នោះ​ពុំ​បាន​ផល​ទេ ជា​ការ​ឥតប្រយោជន៍ ។ ព្រះពុទ្ធ​អង្គ​ពុំ​មែន​ជា​អាទិទេព​ដែល​មាន​អនុភាព​លើ​វាសនា​នោះ​ទេ ។ ពុទ្ធវចនៈ​ស្តី​ពី​ដំបូន្មាន បង្រៀន​មនុស្ស​ឱ្យ​មាន​ក្តី​មានះ តស៊ូ យកឈ្នះ​ខ្លួនឯង ចេះ​រស់​ក្នុង​ជីវិត​ដោយ​ប្រយ័ត្ន ចេះ​តស៊ូ​ចំពោះ​សេចក្តីស្លាប់ មិន​រួញរា មិន​ញញើត ដោយ​ខន្តី​ធម៌ ។ ពុទ្ធវចនៈ ទុកជា​អាគម​សក្តិ៍​សិទ្ធិ ស្តោះ​បណ្តុះបណ្តាល​ក្តី​ប្រសើរ ក្តី​ល្អ ក្តី​រីករាយ ឱ្យ​កើត​ដល់​ខ្លួនឯង និង​ដល់​ជន​ដទៃ​ទូទៅ ។ ព្រះពុទ្ធ​សាសនា និង​វិទ្យាសាស្ត្រ​ដើរទៅ​តាម​ផ្លូវ​ជាមួយ​គ្នា គ្រាន់តែ​ព្រះពុទ្ធ​សាសនា​រក​សេចក្តីសុខ​ទាំង​នៅ​ក្នុង​លោក​បច្ចុប្បន្ន​នេះ​ផង ទាំង​ទៅ​បរិ​លោក​ខាង​មុខ​ផង ។ ឯ​វិទ្យាសាស្ត្រ​រក​សេចក្តីសុខ តែ​ក្នុង​លោក​នេះ ។ ធម៌​ដែល​ព្រះពុទ្ធ​សម្តែង ជា​ធម៌​ដែល​ពន្យល់​ឱ្យ​មនុស្ស​ទាំងឡាយ​រៀនសូត្រ មិន​ចាំបាច់​ទាល់តែ​ជា​បញ្ញវន្ត​ទេ ឱ្យ​ចេះ​ដឹង ហើយ​ប្រតិបត្តិ​ធ្វើ​តាម​ធម៌​នោះ ។ បើ​ធ្វើ​តាម​ហើយ នឹង​បាន​ផ្លែផ្កា គឺ​បាន​សេចក្តីសុខ នៅ​ក្នុង​បច្ចុប្បន្ន​នេះ​ផង និង​ទៅ​កាន់​បរមសុខ​នៅ​ក្នុង​លោកុត្តរ​ផង ។ ដូច្នេះ​ធម៌​ព្រះពុទ្ធ​ទុកដូចជា​សំពៅ​សម្រាប់​ជិះ​ឆ្លង​ឱ្យ​ផុត​អន្លង់​ទុក្ខ គឺ​វាលវដ្តសង្សារ ឬ​ការ​អន្ទោល​ស្លាប់ កើត នេះឯង ។

តាម​លោកតា បា​៉​ង ខាត់ ក្នុង​ព្រះពុទ្ធ​សាសនា កម្ម​ជា​ច្បាប់ធម្មជាតិ ពុំ​មែន​ជា​ច្បាប់​តុលាការ​ទេ ។ កម្ម​ជា​អំពើ គឺ​មាន​អំពើ​ល្អ អំពើអាក្រក់ អំពើ​អព្យាក្រឹត ។ កម្ម​ដែល​មាន​លក្ខណៈ​ល្អ ជា​កុសលកម្ម​ដែល​មាន​ប្រយោជន៍​បំផុត​ក្នុង​ការ​កសាង​ខ្លួន ម្នាក់​ៗ​ឱ្យទៅ​ជា​បុគ្គល​ប្រសើរ ប្រកបដោយ​ព្រហ្មចរិយា​ធម៌ ។ ធម៌​ជា​ច្បាប់​ហេតុផល ។ សុខ​ក្តី ទុក្ខ​ក្តី សុទ្ធតែ​ជា​ផល​ដែល​ចេញ​មក​ពី​កម្ម អំពើ​របស់​ខ្លួន​គ្រប់​គ្នា​ទាំងអស់ ។ ឯ​សច្ចធម៌​ក្នុង​ព្រះពុទ្ធ​សាសនា បើជា​មាន​ពិតមែន ក៏​ជា​ធម៌​សន្មត​សច្ចៈ គឺ​សច្ចៈ​ដោយ​សន្មត​ពុំ​មែន​ជា​អរិយសច្ច (​សច្ច​ប្រសើរ​) នោះ​ទេ​។ ឯ​ចិត្ត​មនុស្ស​មាន​លក្ខណៈ​ផូរផង់​ពី​កំណើត តែ​ចិត្ត​នេះ​កាលណា​មាន​ឧបក្កិលេស​ថ្មី​ចូល​ទៅ​ទើប​មាន​សៅហ្មង ។

អំពី​រឿង​វណ្ណៈ គឺ​មិន​មាន​វណ្ណៈ ចាត់​ថ្នាក់​មនុស្សលោក​ឱ្យ​ទាប​ខ្ពស់​ពី​កំណើត​ទេ ។ មនុស្សជាតិ​មាន​ភាព​ស្មើគ្នា មាន​កាល​គួរ​ត្រូវ​បាន​សម្រេច​ដូច​គ្នា​នៅ​ក្នុង​ដំណើរ​ជីវិត​គ្រប់​គ្នា ។  នឹក​ដល់​លោកតា​ប៉ាង ខាត់ ធ្វើ​ឱ្យ​ខ្ញុំ​គិតដល់​លោកតា នា​របប​ខ្មែរក្រហម និង​អំពី​មរណភាព​របស់​លោក ។

តាម​ការ​ស្រាវជ្រាវ​របស់​បណ្ឌិត ឃី​ង ហុ​ក​ឌី លោកតា​បា​៉​ង ខាត់ កើត​នៅ​ឆ្នាំ​១៩១០ ។

លោក​បាន​បង្រៀន​ភាសាសំស្ក្រឹត​នៅ​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ ក្រុងភ្នំពេញ និង​ជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​មនុស្ស​សាស្ត្រ​ភ្នំពេញ​រហូត​ដល់​ឆ្នាំ​១៩៧៥​។ និយាយ​ម្យ៉ា​ង​ទៀត​ថា លោកតា​នៅ​មានជីវិត​រហូត​ដល់​ថ្ងៃ​១៧ មេ​សា ១៩៧៥ ។ ក្រោយ​ពី​ថ្ងៃ​កំណត់​នេះ គេ​មិនឃើញ​ឯកសារ​ណាមួយ​និយាយ​ថា លោកតា​នៅ​រស់​ទេ ។ ខ្ញុំ​ស្ទើរ​មិន​ហ៊ា​ន​ធ្មេចភ្នែក​ស្រមៃ​ដល់​លោកតា នា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សែន​ខ្លោចផ្សា​នេះ​ទេ ។ តែ​ចិត្ត​វា​ជម្នះ​ខ្ញុំ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ស្រមៃ​ថា ឬ​មួយ​លោកតា​សុគត​នៅ​ថ្ងៃនេះ ជា​ថ្ងៃ​ដែល​ប្រជាជន​ក្រុងភ្នំពេញ​ត្រូវ​ពួក​ខ្មែរក្រហម​ជម្លៀស​ទាំង​បង្ខំ ទាំង​សម្លុត​បំភ័យ ដោយ​ពួក​នេះ​ដឹង​ថា លោកតា​បាន​ធ្វើការ​ជាមួយ​គណៈរដ្ឋមន្ត្រី​របស់​របប​សាធារណរដ្ឋ​ខ្មែរ ដែល​ជាស​ត្រូវ​ស្លាប់​រស់​របស់​ពួក​កុម្មុយនីស្ត​នេះ ។ ឬ​មួយ​លោកតា​នៅ​ក្នុង​ចំណោម​សង្ឃ​ចាស់​ៗ​ចំនួន​ប្រហែល​ប្រាំបួន​រយ​អង្គ​ដែល​ត្រូវ​គេ​សម្លាប់​ពីរ​ឬ​បី​ថ្ងៃ ក្រោយ​ពី​ភ្នំពេញ​ធ្លាក់​ចូល​ថ្ងៃ​១៧ មេ​សា ១៩៧៥ ។ ឬ​មួយ​ពួក​ខ្មែរក្រហម​ចាប់​លោកតា​ដាក់គុក​នៅ ស​២១ ឬ​មួយ​ពួក​នេះ​ចាប់​លោកតា​ផ្សឹក​ដូច​ព្រះសង្ឃ​មួយ​ចំនួន​ទៀត ហើយ​បង្ខំ​ឱ្យធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​ឈរ ដូច​ប្រជាពលរដ្ឋ​ធម្មតា ព្រោះ​ពួក​គេ​យល់​ថា ព្រះសង្ឃ​ជា​ឈ្លើងសង្គម​មិន​បាន​ផលិត​អ្វី​ទេ តែ​ត្រូវ​ឱ្យ​គេ​ចិញ្ចឹម​ថែម​ទៀត ដូច្នេះ​ជិះជាន់​ពលកម្ម   គេ ។ ឬ​មួយ​ពួក​នេះ​ទុក​លោកតា​បង្អត់បាយ មិន​ឱ្យ​ឆាន់ ឱ្យ​មានការ​ឃ្លាន​ជា​ប្រចាំ​នៅ​ក្នុង​ក្រពះ និង​ក្នុង​ក្បាល​ទោះ​ថ្ងៃ​ក្តី យប់​ក្តី​។ ពេល​យប់ ការ​ឃ្លាន​ជា​ប្រចាំ​នោះ​នាំ​ចេញ​តាម​ការ​យល់សប្តិ​ឃើញ​បាយ ឬ​ចំណី​ដែល​គេ​ធ្លាប់​បរិភោគ ។ មាន​តែ​យល់សប្តិ​ទេ​ដែល​ពួក​ខ្មែរក្រហម​មិន​អាច​ដឹង ឬ​ឃើញ ហើយ​ស្តីបន្ទោស ឬ​ដាក់ទោស​កើត ។ ពួក​នេះ​សម្លាប់​លោកតា​ព្រោះ​លោកតា​មិន​គ្រាន់តែ​ជា​តំណាង​ព្រះពុទ្ធ​សាសនា​ទេ តែ​ក៏​ជា​តំណាង​បញ្ញវន្ត​ខ្មែរ​ដ៏​ខ្ពង់ខ្ពស់​ម្នាក់ ជា​អ្នក​ស្រាវជ្រាវ​ម្នាក់ ជា​អ្នក​គិតគូរ​ម្នាក់ ពោល​គឺ​សម្លាប់​អ្នកតំណាង​ព្រលឹង​ខ្មែរ ។ យើង​សង្កេត​ឃើញ​ក្នុង​សង្គម​ខ្មែរ​យើង​គេ​កម្រ​ណាស់​នឹង​លើកតម្កើង​អ្នកចេះ​ដឹង​ជ្រៅជ្រះ អ្នកមាន​គំនិត គិតពិចារណា (​ពេល​នៅ​មានជីវិត​) បើ​អ្នក​នោះ​ពុំ​មែន​ជា​គ្នីគ្នា ឬ​បក្សពួក​របស់​ខ្លួន គឺ​មិន​ដូច​ប្រទេស​ជិតខាង និង​ប្រទេស​ជឿនលឿន​ឡើយ ។

ជា​ទូទៅ​នរណា​ក៏​ស្រឡាញ់​ជីវិត​ខ្លួនឯង​ដែរ គេ​ចង់​តែ​រស់នៅ​រហូត ឬ​ក៏​ឱ្យ​បាន​យូរ​បំផុត ។ ប៉ុន្តែ​មាន​កើត​ត្រូវ​មាន​ស្លាប់ គេ​ពុំ​អាច​គេច​វាង​ឬ​ធ្វើ​ឱ្យ​ឈ្នះ​ច្បាប់ធម្មជាតិ​នេះ​កើត​ទេ ទោះជា​គេ​មាន​លុយ​ច្រើន​លើសលុប​យ៉ាង​ណា ក៏​គេ​ពុំ​អាច​ទិញ​ដើម្បី​កុំឱ្យ​ស្លាប់​បាន​ឡើយ ។ ម្យ៉ាង​ទៀត​គេ​មិន​អាច​ដឹង​មុន​ថា គេ​នឹង​ស្លាប់​ដោយ​ធម្មជាតិ​នៅ​ឆ្នាំ​ណា ខែ ថ្ងៃ ម៉ោង នាទី ឬ​វិនាទី​ណា​ទេ​។ ទស្សនៈ​ពុទ្ធសាសនា​ថា អ្វី​ៗ​ជា​អនិច្ច​ជីវិត​មាន​ភាព​មិន​ទៀង អ្វី​ដែល​ទៀង​គឺ​មានការ​ស្លាប់ ។ អ្នកខ្លះ​មាន​ក្តី ប្រាថ្នា​ចង់ឱ្យ​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​យន្តហោះ​ធ្លាក់​នៅ​លើ​ផ្ទៃសមុទ្រ​មហាសាគរ អ្នកខ្លះ​ចង់​ស្លាប់​ដោយ​ទទួលទានដំណេក​លក់​រហូត​កុំឱ្យ​ភ្ញាក់​ដឹងខ្លួន​មក​វិញ​...​។ ទោះជា​ប្រាថ្នា​អ្វី​ក៏​ដោយ ក៏​គេ​មិន​ចង់បាន​ការ​ឈឺចាប់ ខ្លោចផ្សា មុន​នឹង​ដាច់ខ្យល់​ស្លាប់​នោះ​ទេ ។ ខ្ញុំ​នឹក​ដល់​លោកតា ពេល​នោះ​តើ​លោកតា​មាន​ពេល​គិត​ឬទេ បើ​មាន​គិត​ឆ្ពោះទៅ​ណា ភាវនា​ធម៌​បាន​ដែរ​ឬទេ ។ ខ្ញុំ​សង្ឃឹមថា លោកតា​បាន​ភាវនា​ធម៌​ដើម្បី​ប្រឈម​នឹង​សេចក្តីស្លាប់ ទោះជា​មាន​ឧបសគ្គ​យា​៉​ង​ណា​ក្តី ។ មក​ទល់​ថ្ងៃនេះ​ខ្ញុំ​មិន​បានដឹង​ច្បាស់​ថា លោកតា​សុគត​ដូច​ម្តេច​ទេ ។

យើង​ដឹង​ហើយ​ថា ទស្សនៈ​ធំ​របស់​ព្រះពុទ្ធ​សាសនា គឺ​ការ​អន្ទោល​វិល​កើត វិល​ស្លាប់ ដែល​ភាសាបាលី​ហៅ​ថាវ​ដ្ត​សំសារ ។ អ្នក​បស្ចិមប្រទេស​ខ្លះ​សរសេរ​ថា ក្នុង​ព្រះពុទ្ធ​សាសនា ព្រលឹងមិន​ស្លាប់​ទេ ។ ខ្មែរ​យើង​ខ្លះ​ជឿ​ថា រយៈពេល​ប្រាំពីរ​អាទិត្យ​ក្រោយ​ពី​រូប​ស្លាប់​មក ព្រលឹង​នៃ​រូប​នោះ រេរា​ក្នុង​សភាព​រង់ចាំ ការ​កើតជា​ថ្មី ។

ការ​ស្លាប់​មិនមែន​ជា​ការ​ចប់​មួយ​ទេ គឺ​គ្រាន់តែ​ជា​ការ​ឆ្លងកាត់​មួយ ។ ដូច្នេះ​បើ​យោង​ទៅ​តាម​ទស្សនៈ​នេះ ខ្ញុំ​ស្រមៃ​ឃើញ​លោកតា​បាន​ចាប់ជាតិ​ជា​ថ្មី កើតឡើង​វិញ​ហើយ ។ បើ​តាម​កម្ម ឬ​អំពើ​ដែល​លោកតា​បាន​កសាង និង​ទឹកចិត្ត​ស្រឡាញ់​ខ្មែរ​ដ៏​មោះមុត លោកតា​នឹង​បាន​កើតជាខ្មែរ​ម្នាក់ ហើយ​បើ​គិត​មក​ទល់​ថ្ងៃនេះ លោក​មាន​អាយុ​ជាង​សាមសិប​ឆ្នាំ​ហើយ​។ ដោយសារ​ជាតិ​មុន​លោកតា​បាន​ធ្វើបុណ្យ​កុសល ល្អ ប្រហែល​ជាតិ​នេះ​លោក​ទៅ​ជា​បញ្ញវន្ត​ខ្មែរ​ម្នាក់​ដែល​គិតគូរ​អំពី​ព្រះពុទ្ធ​សាសនា សង្គម ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ អក្សរសាស្ត្រ​... តើ​លោក​គិត​យ៉ាង​ណា​ចំពោះ​មតិ​ព្រួយបារម្ភ​ជុំវិញ​ការ​ធ្លាក់​ចុះ​នៃ​អក្សរសាស្ត្រ​ខ្មែរ ។ ពេល​ខ្លះ​ឮ​សូរ​គេ​ថ្ងូរ​ថា​កម្រិត​ចំណេះ​ខាង​អក្សរសាស្ត្រ រួម​ទាំង​អក្ខរាវិរុទ្ធ​របស់​សិស្ស​មួយ​ចំនួន ធ្លាក់​ចុះ​ដែរ​។ បើ​មាន​បញ្ហា​នេះ​មែន តើ​គួរ​យើង​មើលទៅ​កម្មវិធី​សិក្សា​ម្យ៉ា​ង និង​ម្យ៉ា​ង​ទៀត​ការ​បង្រៀន​ដែរ​ឬទេ ។

កត្តា​មួយទៀត​ដែល​សំខាន់ ហើយ​គេ​ពុំ​អាច​ខ្ជីខ្ជា មិន​យក​មក​គិត​នោះ គឺ​កម្រិត​ចំណេះ​លោកគ្រូ អ្នកគ្រូ​ទាំងនោះ ព្រមទាំង​ជីវភាព​របស់​គាត់ ។

កាលពី​ជំនាន់​មុន លោក​អ្នក​បង្រៀន​មាន​ជីវភាព​សមរម្យ​គ្រាន់បើ និង​ពិសេស​ទៅ​ទៀត​គឺ គាត់​បានការ​ទទួលស្គាល់​អំពី​តម្លៃ​នៃ​មុខ​អាជីវកម្ម​របស់​គាត់​ពី​សង្គម​ទាំងមូល ថា​ជា​អ្នក​បណ្តុះបណ្តាល​ផ្តល់​ចំណេះ​ទៅ​កុមា​រា កុមារី យុវជន យុវនារី ជំនាន់​ក្រោយ ប្រកបដោយ​សម្បជញ្ញៈ​។ ដូច្នេះ​គាត់​ក៏​មាន​មោទនភាព​នឹង​បំពេញ​មុខរបរ​របស់​គាត់ ហើយ​គាត់​មិន​បាន​ត្រូវ​រំខាន​ខ្លាំង​ដោយសារ​ការ​ខ្វល់ខ្វាយ​អំពី​ការ​ខ្វះខាត​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់ ម្នាក់​ៗ​ទេ ។ ប៉ុន្តែ​ខ្ញុំ​មាន​ក្តី​សង្ឃឹម​ខ្លះ​ដែរ ព្រោះ​បានឮ​ថា​ថ្នាក់ដឹកនាំ​ប្រទេស​មានការ​ចាប់អារម្មណ៍​ទៅ​លើ​គុណភាព​នៃ​សញ្ញាបត្រ​របស់​សិស្ស​-​និស្សិត ។ ម្យ៉ា​ង​ទៀត តើ​លោក​មាន​អារម្មណ៍​យ៉ា​ង​ណា បើ​លោក​ឃើញ​អ្នក​ដែល​ធ្វើបាប​លោក ឬ​សម្លាប់​លោក​កាលពី​ជាតិ​មុន ឥឡូវ​គេរ​ស់យ៉ាង​រំភើយ​គ្មាន​បារម្ភ​ថា​មានទោស​ពៃរ៍​អ្វី​សោះ​នោះ ។

ឯ​ព្រះពុទ្ធ​សាសនា​វិញ តាម​ស្ថិតិ​របស់​លោក​ហ្សេ​រ៉ូ​ម រូ​អេ បាន​សរសេរ​ថា នៅ​ឆ្នាំ​១៩៦៨ នៅ​ប្រទេស​ខ្មែរ វត្ត​ខាង​មហានិកាយ​មាន​ចំនួន​៣.២០១ និង​ព្រះសង្ឃ​ចំនួន​៦២.៥៨៣​អង្គ ឯខាង​ធម្មយុត្តិកនិកាយ មាន​វត្ត​ចំនួន​១២៤ និង​ព្រះសង្ឃ​ចំនួន​១.៤០៦​អង្គ ។ នៅ​ដើមឆ្នាំ​១៩៧៩ បន្ទាប់​ពី​របប​ខ្មែរក្រហម​បាក់​ស៊្រុប​ភ្លាម​មក គេ​មិនឃើញ​មាន​វត្ត​ដែល​មាន​លក្ខណៈ​ដូច​វត្ត​ខ្មែរ​មុន​ឆ្នាំ​១៩៧៥​ឡើយ ដោយសារ​របប​នោះ​ចង់​បំបាត់​ចោល​តែ​ម្តង ។ សព្វថ្ងៃ​លោក​ជ្រាប​ស្រាប់​ហើយ គេ​សង្កេត​ឃើញ​អ្នកស្រុក​យើង​ខំ​រៀបចំ​ជួសជុល ឬ​សាងសង់​វត្ត និង​វិហារ​ដ៏​ធំ​ជា​ច្រើន​ថែម​ទៀត ដោយ​មាន​របប​ខ្លោងទ្វារ​ប្រកបដោយ​រូបចម្លាក់ ល្អ​ៗ លាប​ពណ៌​យា​៉​ង​ឆើតឆាយ មើលទៅ​ដូច​ជា​មានការ​ប្រណាំងប្រជែង​គ្នា​រវាង​វត្ត និង​វត្ត ជួនកាល​ធ្វើ​ឱ្យ​គេ​ស្មានថា​ឧបាសក ឧបាសិកា​ជើងវត្ត​នោះ​មាន​ជីវភាព​ធូរធារ​ណាស់ ។ កុមា​រា កុមារី យុវជន យុវនារី នៅ​តាម​ជនបទ​ភាគច្រើន​ខ្វះ​សាលារៀន​ឬ​បើ​មាន​សាលា​ហើយ ខ្វះ​គ្រូ ឬ​ខ្វះ​សម្ភារ ។ ភាព​គ្មាន​ការងារ​ធ្វើ ជា​ហេតុ​ដែល​ធ្វើ​ឱ្យ​គេ​ចាក​ចេញពី​ភូមិកំណើត​ទៅ​រក​ការងារ​ឯ​ទីក្រុង ជា​ពិសេស​ក្រុងភ្នំពេញ ដោយ​ទទួល​កម្រៃ​ប្រាក់ខែ​សម្រាប់​រស់​ស្ទើរ​ពុំ​កើត ។

ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​ជួប​ប្រទះ​នឹង​ភាព​ក្រីក្រ លំបាក​វេទនា មាន​សំណួរ​ខ្លះ​សួរ​ថា តើ​ព្រះពុទ្ធ​សាសនា​សព្វថ្ងៃ​ដើរតួ​ប៉ុនណា​ដើម្បី​ជួយ​ដោះស្រាយ ដូចដែល​គេ​ធ្លាប់​បានឃើញ​កាលពី​សម័យ​មុន ? មាន​អ្នក​ក្រីក្រ​ខ្លះទៅ​ជា​មាន​សតិអារម្មណ៍​ថា ខ្លួនឯង​ត្រូវ​គេ​ផាត់​ចេញពី​សង្គម​ពុទ្ធសាសនា ដោយសារ​ខ្លួន​ក្រ គ្មាន​លុយកាក់​ចូល​វិភាគទាន ដើម្បី​សាងសង់​ព្រះ​វិហារ​ដ៏ ធំ​ៗ​នោះ ហើយ​គេ​ងាក​ទៅ​រក​ពុំនឹង​ណា​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ជីវិត​គេ​តាម​ផ្លូវ​សម្ភារ និង​តាម​ផ្លូវ​សតិ​ស្មារតី ។ បើ​មានកា​រវិ​វ​ឌ្ឍ​បែប​នេះ តើ​គេ​អាច​ថា​ព្រះពុទ្ធ​សាសនា​ជួយ​សង្គម ឬ​គ្រាន់តែ​ជា​គ្រឿង​លំអ​មួយ​ដែល​គេ​តាំងនៅ​ពី​ខាង​មុខ ឯខាង​ក្រោយ​វិញ គេ​ឆ្លៀត​ធ្វើ​ជំនួញ ដើម្បី​យកចំណេញ​ពី​ព្រះពុទ្ធ​សាសនា​ទៅ​វិញ ? គេ​ឮជា ញយ​ៗ​ពី​ការ​ទាស់ទែង​គ្នា​ក្នុង​បញ្ហា​សម្ភារ ជា​ពិសេស​រឿង​លុយកាក់​នៅ​វត្ត​ទាំង​ក្នុង​ទាំង​ក្រៅប្រទេស ។

ចំពោះ​ដំបូន្មាន​ព្រះពុទ្ធ​សាសនា និង​សង្គម ព្រះ​បព្វជិត វ៉ាល់​ពលៈ​រាហុលៈ បាន​លើក​អត្ថបទ​មួយ​ដែល​ចែង​ថា សេចក្តី​ក្រ​បណ្តាល​នាំ​ឱ្យ​កើត​អំពើ​ឧក្រិដ្ឋ ភាព​ក្រីក្រ ជាដើម​ហេតុ​នៃ​អ​សីលធម៌ និង​អំពើ​ឧក្រិដ្ឋ ផ្សេង​ៗ​ដូច​ជា​ការ​បោក​បន្លំ ហិង្សា ការ​ស្អប់ អំពើ​ឈ្នានីស ការ​សាហាវយង់ឃ្នង ។​ល​។ ព្រះមហាក្សត្រ​ទាំងឡាយ​នៅ​ជំនាន់​ដើម ក៏​ដូច​ជា​រដ្ឋាភិបាល​នានា​សព្វថ្ងៃ ខិតខំ​បំបាត់​ឧក្រិដ្ឋកម្ម​តាម​ម​ធ្យោបាយ​ផ្តន្ទាទោស ។ ការ​ដាក់ទោស​បែប​នេះ​ជា​ការ​ឥតប្រយោជន៍ គ្មាន​ប្រសិទ្ធភាព ។ ព្រះពុទ្ធអង្គ​បាន​ណែនាំ​ថា ដើម្បី​បន្ថយ​អំពើ​ឧក្រិដ្ឋកម្ម​គេ​ត្រូវ​បង្កើន​ឱ្យ​ប្រសើរ​នូវ​លក្ខណៈ​សេដ្ឋកិច្ច​ប្រជាជន ។ គ្រាប់ពូជ និង​គ្រឿង​ចាំបាច់​ក្នុង​ការ​ធ្វើ​កសិកម្ម​ត្រូវ​ផ្តល់​ឱ្យ​កសិករ និង​អ្នក​ជួល​ប្រវាស់​ដី ឯ​ប្រាក់​ដើមទុន​ត្រូវ​បម្រើ​ការ​ដល់​អ្នក​ធ្វើ​ជំនួញ​ដែល​ត្រូវការ​ខ្ចី​ប្រាក់ខែ​សមរម្យ ត្រូវ​ចំណាយ​ឱ្យ​អ្នកធ្វើការ​ងារ ។ កាលណា​គេ​ផ្តល់​មធ្យោបាយ​ដើម្បី​រក​ប្រាក់​ចំណូល​គ្រប់គ្រាន់ ប្រជាជន​នឹង​បាន​ពេញចិត្ត​គាត់ នឹង​គេច​ចេញពី​សេចក្តី​ខ្លាច និង​ព្រួយបារម្ភ​ហើយ​ត្រូវ​ថយ​រលាយ​ទៅ​ដែរ ។ តើ​យើង​អាច​យកដំបូន្មាន​ទាំងនេះ​មក​ឆ្លុះ​មើល​សង្គម​យើង ដែល​ទុក​ព្រះពុទ្ធ​សាសនា​ជា​សាសនា​រដ្ឋ​បាន​ដែរ​ឬទេ ?

ជា​សរុប ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​យើង​មាន​ឫស​មាំទាំ និង​រីក​ចម្រើន ហើយ​ស្ថិត​ស្ថិរ​គង់វង្ស​ទាំង​ផ្នែក​វប្បធម៌ អរិយធម៌ សេដ្ឋកិច្ច ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ មាន​តែ​ការ​អប់រំ និង​វិជ្ជា​ទេ​ដែល​ជា​មូលដ្ឋាន ឱ្យ​ខ្លួន​យើង ម្នាក់​ៗ​ចេះ​រក​ពន្លឺ រក​សេចក្តីសុខ​ដោយ​ខ្លួនឯង​ផ្ទាល់​ផង សម្រាប់​សង្គម និង​ប្រទេស​ជាតិ​ផង ។ ចំពោះ​ព្រះពុទ្ធ​សាសនា គួរ​យើង​រិះរក​មធ្យោបាយ​ដើម្បី​តម្រង់ផ្លូវ​ក្នុង​ការ​អនុវត្ត និង​ការ​អប់រំ​សតិអារម្មណ៍​កុំឱ្យ​ឃ្លាតឆ្ងាយ​ពេក​ពី​ទស្សនៈ​ដែល​ប្រកបដោយ​តម្លៃ​ខ្ពង់ខ្ពស់​ជា​សាកល ដូច​ជា​សិទ្ធិ​មនុស្ស សមភាព​របស់​មនុស្ស ។

លោកតា​បា​៉​ង ខាត់ ជា​បណ្ឌិត​ខ្មែរ​ម្នាក់​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​ទុក​ឱ្យ​ជនានុជន​ពិចារណា​។ ខ្ញុំ​សូម​ឧទ្ទិស​ផល​កុសល​ទាំងអស់​ប្រគេន​ដល់​លោកតា ទោះជា​លោកតា​គង់នៅ​ទីណា​ក៏​ដោយ ៕