ប្រវត្តិ​សង្ខេប​លោក​ញ៉ុ​ក ថែម ម្ចាស់​ប្រលោមលោក «​កុលាប​ប៉ៃលិន​»

លោក​ញ៉ុ​ក ថែម កើត​នៅ​ថ្ងៃ​សៅរ៍ ១១​រោច ខែជេស្ឋ ឆ្នាំថោះ ត្រូវ​នឹង​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​១៩០៣ នៅ​ភូមិ​រតនៈ ឃុំ​ស្វាយប៉ោ ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ឪពុក​ឈ្មោះ​ញ៉ុ​ក ញ៉ និង​ម្តាយ​ឈ្មោះ​ហៀ​ក ជា​កសិករ​នៅ​ភូមិ​អូរ​តា​គី ឃុំ​ជ្រៃ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង ។

លោក​ញ៉ុ​ក ថែម គឺជា​អ្នកនិពន្ធ​ដែល​បាន​បន្សល់​ទុក​ស្នាដៃ​ច្រើន ពិសេស​ស្នាដៃ​ដ៏​ល្បី​គឺ​ប្រលោមក​រឿង​«​កុលាប​ប៉ៃលិន​» ។ លោក​ញ៉ុ​ក ថែម មានចំណេះ​ដឹង​ច្រើន ទាំង​ផ្នែក​អក្សរសាស្ត្រ​ជាតិ និង​ភាសាបរទេស ហើយ​បាន​បំពេញ​នាទី សំខាន់​ៗ​ជា​ច្រើន​ដូច​ជា​រៀបចំ​ព្រះ​ត្រៃ​បិដក និង​លើ​វិស័យ​អក្សរសាស្ត្រ​ជាតិ​ជាដើម ។

នៅ​អាយុ​១៦​ឆ្នាំ លោក​ញ៉ុ​ក ថែម បាន​បន្ត​វិជ្ជា​ព្រះពុទ្ធ​សាសនា​នៅ​ទីក្រុង​បាងកក រហូត​ដល់​ឆ្នាំ​១៩៣០ បាន​ត្រឡប់​មក​មាតុភូមិ​វិញ និង​បាន​ចូល​បម្រើ​ការងារ​នៅ​ក្រុម​ជំនុំ​បកប្រែ​ព្រះ​ត្រៃ​បិដក ក្រោម​ព្រះ​អធិបតី​ព្រះ​ធម្មលិខិត​ល្វី ឯម ។ លោក​ញ៉ុ​ក ថែម បាន​ក្លាយជា​និពន្ធ​នាយក​ទស្សនាវដ្តី​កម្ពុជសុរិយា នៅ​ព្រះរាជ​បណ្ណាល័យ​ក្នុង​ឆ្នាំ​១៩៣៨ ។

លោក​ញ៉ុ​ក ថែម ត្រូវ​រាជការ​ចាត់​ឱ្យធ្វើ​ព្រះរាជ​តំណាង​សម្តេច​ព្រះរាជ​អយ្យកោ នរោត្តម សុធារស ព្រះ​អធិបតី​នៃ​ពុទ្ធ​សាសន​បណ្ឌិត្យ​កម្ពុ​ជានា​ដើមខែ​កុម្ភៈ ឆ្នាំ​១៩៣៩ ។ ឆ្នាំ​១៩៤៣ លោក​ញ៉ុ​ក ថែម ធ្វើ​ជា​តំណាង​ឱ្យ​អគ្គលេខាធិការ​ព្យែ​រ ឌុ​យ​ប៉ង់​ត៍ ដើម្បី​រៀបចំ​កម្មវិធី​សិក្សា​ភាសាបាលី និង​រៀបចំ​បង្កើត​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​ខេត្ត​ប៉ាក់​សេ ប្រទេស​ឡាវ ។ ឆ្នាំ​បន្ទាប់​មក លោក​ញ៉ុ​ក ថែម បាន​ទទួល​នាទី​ជា​អ្នកការទូត​ប្រចាំ​សហភាព​ឥណ្ឌូចិន ក្នុង​ឋានៈ​ជា​អ្នកបកប្រែ​ផ្សព្វផ្សាយ​តាម​វិទ្យុ​ពី​ភាសា​បារាំង មក​ភាសា​ថៃ និង​ខ្មែរ ។

នៅ​ខែមករា ឆ្នាំ​១៩៤៧ ក្រសួងអប់រំជាតិ បាន​តែងតាំង​លោក​ញ៉ុ​ក ថែម ជា​សមាជិក​នៃ​គណៈកម្មការ​វប្បធម៌ ហើយ​លោក​បាន​សុំ​លាឈប់​ពី​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​ចុងឆ្នាំ​១៩៤៩​។ បន្ទាប់​ពី​នោះ​មក លោក​ញ៉ុ​ក ថែម បាន​បន្ត​ធ្វើ​ជា​សាស្ត្រាចារ្យ​ជាប់កិច្ចសន្យា​រហូត​ដល់​ឆ្នាំ​១៩៥៦ ។ លោក​ញ៉ុ​ក ថែម ជា​ស្ថាបនិក​មួយ​រូប​នៃ​សមាគម​អ្នកនិពន្ធ​ខ្មែរ​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​១៩៥៥ ។ ក្នុង​ចន្លោះ​ឆ្នាំ​១៩៥៦ និង​១៩៥៧ លោក​ញ៉ុ​ក ថែម ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាល័យ​ព្រះ​មុនី​វង្ស នា​ក្រុង​បាត់ដំបង ប៉ុន្តែ​នៅ​ឆ្នាំ​១៩៥៨ ត្រូវ​ត្រឡប់​មក​ធ្វើការ​នៅ​វិទ្យាស្ថាន​ជាតិ​គរុកោសល្យ​តាម​សេចក្តី​ស្នើ​សុំ​ពី​ក្រសួងអប់រំជាតិ​វិញ ។

នៅ​ឆ្នាំ​១៩១៣ ក្នុង​វ័យ​កុមារ លោក​ញ៉ុ​ក ថែម រៀន​នៅ​វត្ត​ពោធិ​វាល ស្រុក​សង្កែ ខេត្តបាត់ដំបង ។ លោក​ញ៉ុ​ក ថែម សិក្សា​អក្សរ​ជាតិ ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ​សន ហើយ​បាន​សិក្សា​ធម៌​វិន័យ​ក្នុង​សំណាក់​លោកគ្រូ​សូត្រ​អីុ​វ ទូច នៅ​វត្ត​ពោធិ​វាល ។

នៅ​ឆ្នាំ​១៩១៨ លោក​ញ៉ុ​ក ថែម បាន​បួស​ជា​សាមណេរ  ហើយ​បាន​សិក្សា​ធម៌​វិន័យ និង​ភាសាបាលី​ក្នុង​សំណាក់​លោកគ្រូ​អាចារ្យ ផ្សេង​ៗ​នៅ​ខេត្តបាត់ដំបង ។ បន្ទាប់​មក ក្នុង​ឆ្នាំ​១៩១៩ លោក​ញ៉ុ​ក ថែម​បាន​ទៅ​បន្ត​វិជ្ជា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ។

លោក​ញ៉ុ​ក ថែម​បាន​ជាប់់​សញ្ញាបត្រ​ធម្ម​សិក្សា​ជាន់ត្រី នៅ​ឆ្នាំ​១៩២១ និង​ជាប់​សញ្ញាបត្រ​ធម្ម​សិក្សា​ជាន់​ទោ ក្នុង​ឆ្នាំ​១៩២៣ ។ នៅ​ឆ្នាំ​១៩២៤ លោក​ញ៉ុ​ក ថែម បាន​ឧបសម្ប័ទ​ជា​ភិក្ខុ ហើយ​នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ​បាន​ជាប់​សញ្ញាបត្រ​បរិយត្តិ​ភាសាបាលី ទី​មហា​៣​ប្រយោគ​។ រយៈពេល​២​ឆ្នាំ​ក្រោយមក គឺ​ឆ្នាំ​១៩២៦ លោក​ញ៉ុ​ក ថែម បាន​ជាប់​ទី​មហា​៤​ប្រយោគ ហើយ​២​ឆ្នាំ​មក​ទៀត​នា​ឆ្នាំ​១៩២៨ លោក​ជាប់​ទី​មហា​៥​ប្រយោគ និង​បាន​ជាប់​ទី​មហា​៦​ប្រយោគ នៅ​ឆ្នាំ​១៩២៩ ។

នៅ​ប្រទេស​ថៃ ការ​សិក្សា​ភាសាបាលី មាន​សរុប​ទាំងអស់​៩​ប្រយោគ គិត​ជា​ជាន់ ឬ​កម្រិត ដែល​ប្រយោគ​ទី​៩​ជា​ប្រយោគ​ខ្ពស់​បំផុត​(​ថ្នាក់បណ្ឌិត​) ។ លោក​ញ៉ុ​ក ថែម​បាន​លាចាក​សិក្ខាបទ នៅ​ឆ្នាំ​១៩៣៦ ។

ពេល​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ លោក​ញ៉ុ​ក ថែម បាន​ធ្វើការ​នៅ​ទីនោះ​ដែរ គឺ​ធ្វើ​ជា​គ្រូបង្រៀន​ភាសាបាលី នៅ​ទីក្រុង​បាងកក ចាប់ពី​ឆ្នាំ​១៩២៧ រហូត​ដល់​ឆ្នាំ​១៩៣០ ទើប​ត្រឡប់​មក​កាន់​ទីក្រុង​ភ្នំពេញ​វិញ ដោយ​ចូល​ធ្វើ​ជា​សមាជិក​គណៈកម្មការ​ប្រែ​ព្រះ​ត្រៃ​បិដក​នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ។ នៅ​ឆ្នាំ​១៩៣៨ លោក​ញ៉ុ​ក ថែម ធ្វើការ​នៅ​ព្រះរាជ​បណ្ណាល័យ​កម្ពុជា មានមុខ​ងារ​ជា​អ្នក​ចាត់ចែង​បោះពុម្ពផ្សាយ​សៀវភៅ ផ្សេង​ៗ និង​ទស្សនាវដ្តី​កម្ពុជសុរិយា ។ នៅ​ឆ្នាំ​១៩៣៩ លោក​ញ៉ុ​ក ថែម បាន​ធ្វើ​ជា​តំណាង​សម្តេច​ព្រះ​នរោត្តម សុធារស និង​ជា​អធិបតី​ពុទ្ធ​សាសន​បណ្ឌិត្យ​ក្រុងភ្នំពេញ ជាមួយ​តំណាង ផ្សេង​ៗ​ទៀត បាន​ទៅ​រៀបចំ​កម្មវិធី​សិក្សា និង​ពិធី​សម្ពោធ​ពុទ្ធ​សាសន​បណ្ឌិត្យ​នៅ​ក្រុង​ហ្លួងព្រះបាង និង​ក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ ។ ឆ្នាំ​១៩៤២ លោក​ញ៉ុ​ក ថែម បាន​ទៅ​សម្ពោធ​មន្ទីរ​សាសន​បណ្ឌិត្យ​ខេត្ត​ឃ្លាំង ប្រទេស​វៀតណាម ភាគ​ខាងត្បូង ។ ឆ្នាំ​១៩៤៣ លោក​ញ៉ុ​ក ថែម ជា​តំណាង​រៀបចំ​កម្មវិធី​សិក្សា​សម្រាប់​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ខេត្ត​ប៉ាក់​សេ ប្រទេស​ឡាវ ។

លោក​ញ៉ុ​ក ថែម ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​ថ្នាក់​ទី​៥ នៃ​សាលា​គរុវិជ្ជា​នា​ឆ្នាំ​១៩៤៥ ។ នៅ​ឆ្នាំ​១៩៤៦ លោក​ញ៉ុ​ក ថែម ធ្វើការ​នៅ​វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ផង និង​ជា​សាស្ត្រាចារ្យ​នៅ​វិទ្យាល័យ​ស៊ី​សុវត្ថិ​ផង ។ លុះ​នៅ​ឆ្នាំ​១៩៥០ លោក​ញ៉ុ​ក ថែម លាឈប់​ពី​ពុទ្ធ​សាសន​បណ្ឌិត្យ ចូល​បម្រើ​ការ​នៅ​ក្រសួង​សិក្សាធិការ​ជាតិ ក្រោយ​ពេល​បារាំង​ផ្ទេរ​វិទ្យាល័យ​ស៊ី​សុវត្ថិ ជា​សម្បត្តិ​ជាតិ ហើយ​លោក​ធ្វើ​ជា​សាស្ត្រាចារ្យ ជាប់​សន្យា​រហូត​មក ។ នៅ​ឆ្នាំ​១៩៥៦ លោក​ញ៉ុ​ក ថែម​សុំ​ផ្លាស់​ទៅ​ធ្វើ​ជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​វិទ្យា​ល័យ​មុនី​វង្ស ក្រុង​បាត់ដំបង ប៉ុន្តែ​ឆ្នាំ​១៩៥៤ បាន​ផ្លាស់​ទៅ​ធ្វើការ​នៅ​វិទ្យាល័យ​ជាតិ​គរុកោសល្យ​ក្រុងភ្នំពេញ​វិញ ជា​សាស្ត្រាចារ្យ​ផង និង​ជា​អ្នក​ស្រាវជ្រាវ​ឯកសារ​អក្សរ​សាស្ត្រ​ខ្មែរ នៅ​វិទ្យាស្ថាន​នោះ​ផង ។  លើស​ពី​នេះ​លោក​ញ៉ុ​ក ថែម ជា​សាស្ត្រាចារ្យ​ខ្មែរ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល ។

លោក​ញ៉ុ​ក ថែម បាន​និពន្ធ​សៀវភៅ​ជា​ភាសា​ថៃ ឬ​បាលី​ថៃ កាល​សិក្សា​នៅ​ប្រទេស​ថៃ មាន​ដូច​ជា ន​មោក​ថា​, នានា​ជាតក​, វណ្ណនា​, ធម្មនិទ្ទេស​ភាគ​១, ទេវតា​ភាសិត និង​ពុទ្ធភាសិត ។

ក្រៅពី​នេះ​លោក​ញ៉ុ​ក ថែម​មាន​ស្នាដៃ​ជា​ភាសា​ខ្មែរ​ច្រើន​ដូច​ជា​៖
-​ពុទ្ធប្បវត្តិ​សង្ខេប
-​អនុពុទ្ធ​ប្បវត្តិ​ភាគ​១-២
-​ប្រជុំ​ភាសិត ភាគ​១-២
-​មហា​វេស្សន្តរជាតក
-​ប្រជុំ​ពុទ្ធភាសិត
-​ជាតិ សាសនា ព្រះមហាក្សត្រ
-​រឿង​បិសាច​ស្នេហា (​ប្រលោមលោក​បោះពុម្ព​ឆ្នាំ​១៩៤២)
-​រឿង​កុលាប​ប៉ៃលិន (​ប្រលោមលោក​បោះពុម្ព​ក្នុង​ឆ្នាំ​១៩៣៦ ឬ​១៩៤៣)
-​ឯក​សហ​រាត្រី (​ភាគ​ខ្លះ ប្រែ​)
-​ចូឡ​វេទ​ល្ល​សូត្រ​(​ប្រែ​)
-​វិធី​ប្រតិបត្តិ​ធម៌
-​ពន្លឺ​អាស៊ី​ទ្វីប​(​ប្រែ​)
-​បញ្ញា​ស​ជាតក​សង្ខេប​ភាគ ១-២ ៕