រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ជិត​ឈាន​ចូល​មក​ដល់នំអន្សម​អ្នកស្រី បាន ស៊ន ល្បី​មាន​រសជាតិ​ឆ្ងាញ់

ខេត្តកណ្តាល ៖ បើ​និយាយ​ពី​នំអន្សម​ដែល​មាន​រសជាតិ​ឆ្ងាញ់ និង​ល្បី​សម្រាប់​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ ជា​ពិសេស​នៅ​តំបន់​ផ្សារ​អូ​ឡាំ​ពិ​ក អាច​និយាយ​បាន​ថា​គ្មាន​នរណា​ម្នាក់​មិន​ស្គាល់​ស្ត្រី​ឈ្មោះ បាន ស៊ន ឬ​គេ​និយម​ហៅ «​អ៊ុំ​អន្សម​» ដែល​ចាប់​អាជីព​វេច​នំអន្សម​លក់​ជិត​២០​ឆ្នាំ​មក​ហើយ​នោះ​ទេ ។

អ្នកស្រី​បាន ស៊ន បច្ចុប្បន្ន​រស់នៅ​ភូមិ​ព្រែក​សំពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​អំឡុង​ទស​វត្ស​៦០ មានកូន​៣​នាក់ តែ​កូន​ម្នាក់​បាន​ស្លាប់​នៅ​ជំនាន់​ប៉ុ​ល​ពត ។ គាត់​បាន​ចាប់​មុខរបរ​វេច​នំអន្សម​លក់​តាំងពី​ឆ្នាំ​១៩៩៦​មក ។

បើ​តាម​ការ​រៀបរាប់​របស់​អ្នកស្រី​បាន ស៊ន កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា មុខរបរ​វេច​នំអន្សម​នេះ គាត់​ចាប់ផ្តើម​ឡើង​តាំងពី​បែក​ជំនាន់​ប៉ុ​ល​ពត​មក​ម្ល៉េះ តែ​កាលនោះ​គាត់​វេច​ត្រឹមតែ​មួយ​ល្អី​ប៉ុណ្ណោះ ហើយ​យក​ទៅ​លក់​នៅ​ម្តុំ​ផ្សារ​ទួល  ទំពូង ។ លុះ​ក្រោយមក​ដោយសារ​តែ​នំអន្សម​របស់​គាត់​បាន​ទទួល​ការ​សរសើរ​ពី​អ្នកទិញ​នៅ​ទីនោះ ក៏​មាន​គេ​នាំ​ណែនាំ​ឲ្យ​គាត់​យក​ទៅ​លក់​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​បន្ថែម​ទៀត ដោយហេតុ​ថា​នៅ​ទីនោះ​មាន​មនុស្ស​ច្រើន ។ ក្រោយ​ពី​ទៅ​លក់​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក​នោះ ក៏​បាន​ជាប់​ម៉ូយ​ជា​ហូរហែ​មក រហូត​នៅ​ពេល​មាន​ពិធីបុណ្យ​ទាន ម្តង​ៗ នំ​របស់​គាត់​ដឹក​មួយ​រថយន្ត​សាំ​យ៉ុ​ង​ក៏​មាន​ដែរ ហើយ​ចំនួន​ប៉ុណ្ណឹង​ពេល​ខ្លះ​លក់​មិន​គ្រាន់​ផង ។

អ្នកស្រី​បាន ស៊ន ឲ្យ​ដឹង​ថា នំ​ដែល​គាត់​ធ្វើ​លក់​ជា​រៀងរាល់ថ្ងៃ​នេះ​មាន​នំអន្សមចេក អន្សមជ្រូក នំល្ពៅ នំចេកបុក អន្សមខ្នុរ អន្សមចំហុយ និង​នំ​កន្សែង​ស្រស់ និង​នំ​ផ្សេង​ទៀត​តម្រូវ​ច្រើន​ជាងគេ​គឺ​នំអន្សមចេក អន្សមជ្រូក និង​នំ​បត់ ក្នុង​រដូវ​ការ រីឯ​ក្នុង​ខែ​បុណ្យកឋិន​ដាច់​នំគម នំ​បត់ និង​អន្សមខ្នុរ ។

ចំពោះ​គ្រឿងផ្សំ អ្នកស្រី​បាន ស៊ន ឱ្យ​ដឹង​ថា គឺ​មិន​ខុស​អ្វី​ច្រើន​ពី​អ្នក​វេច​អន្សម​ទូទៅ​ឡើយ​គឺ​មាន​ខ្ទិះដូង អំបិល ប៊ី​ចេ​ង ដែល​ជា​គ្រឿងផ្សំ​សំខាន់ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​សាច់​ជ្រូក​បី​ជាន់ ។ សាច់​ជ្រូក​បី​ជាន់​គាត់​ទិញ​សាច់​ជ្រូក​ណា​ដែល​គេ​ចិញ្ចឹម​បែប​លក្ខណៈ​ធម្មជាតិ​(​ជ្រូក​ស្រែ​) និង​ចេក​គឺ​យក​ពី​ចម្ការលើ ។ ចំណែក​ចំណង​គឺ​គាត់​មិន​ប្រើ​ខ្សែ​ជ័រ​ឡើយ ពោល​គឺ​ប្រើ​ក្រចៅ​ដែល​យក​ពី​ខេត្តបាត់ដំបង ។ ភាព​ល្បីល្បាញ​ពី​នំអន្សម​របស់​អ្នកស្រី​បាន ស៊ន នេះ ក៏​គួប​ផ្សំ​ពី​ការ​ធ្វើ​ប្រកបដោយ​អនាម័យ​ផង​ដែរ ។

អ្នកស្រី​បាន ស៊ន បញ្ជាក់​ថា កាល​ដើម​ឡើយ​គាត់​វេច​នំអន្សម​យក​ទៅ​លក់​នៅ​ផ្សារ​ដោយ​ក្នុង​មួយ​ថ្ងៃ​ដឹក​តាម​ម៉ូតូ ពេញ​ៗ ហើយ​លក់​បាន​លុយ​ប្រមាណ​ពី​៧០​ទៅ​៨០​ម៉ឺន​រៀល ប៉ុន្តែ​បច្ចុប្បន្ន​ដោយសារ​តែ​វ័យ​គាត់​កាន់តែ​ចាស់​ទៅ​លក់​លែង​កើត ទើប​គាត់​វេច​ទៅ​តាម​គេ​បញ្ជា​ទិញ​វិញ ។ បើ​ទោះបីជា​ការ​បញ្ជា​ទិញ​បច្ចុប្បន្ន​មាន​តិច ឬ​ច្រើន​ក្តី ប៉ុន្តែ​មាន​រៀងរាល់ថ្ងៃ​មិន​ដាច់​ឡើយ ។ នៅ​រដូវ​បុណ្យ ម្តង​ៗ ជា​ពិសេស​បុណ្យ​ភ្ជុំ គាត់​បាន​ធ្វើ​ច្រើន ដោយ​ប្រើប្រាស់​អង្ករ​២៥​តៅ សាច់​ជ្រូក​១៥០​គីឡូក្រាម ចេក​ពី​១៣០​ទៅ​១៤០​ស្និត ព្រោះ​ខែ​នោះ​មាន​គេ​បញ្ជា​ទិញ​ច្រើន ហើយ​សល់​ខ្លះ​ទៀត​សម្រាប់​លក់ ។

អ្នកស្រី​បាន ស៊ន ឱ្យ​ដឹង​ថា នំ​របស់​គាត់​ភាគច្រើន​ទទួល​បាន​អតិថិជន​ក្នុង​ស្រទាប់​គ្រួសារ​ដែល​គ្រាន់បើ ព្រោះ​បើ​និយាយ​ពី​តម្លៃ​វា​ហាក់​ថ្លៃ​ជាងគេ​បន្តិច ។ ចំពោះ​នំអន្សមជ្រូក​ដែល​វេច​ទំហំ​តូច​គឺ​១​តម្លៃ​១.៧០០​រៀល រីឯ​នំគម នំ​បត់ នំល្ពៅ និង​អន្សមខ្នុរ​មួយ​៨០០​រៀល ។

ចំពោះ​តម្លៃ​នោះ អ្នកស្រី​បាន ស៊ន កំណត់​ទៅ​តាម​តម្លៃ​អុស និង​តម្លៃ​គ្រឿងផ្សំ​មួយ​ចំនួន​ទៀត ខណៈ​ពេល​ដែល​គុណភាព​នៃ​នំ គាត់​ធានា​ដដែល​ដោយ​មិន​ភូតភរ និង​បន្លំ​ចំពោះ​អតិថិជន​ដែល​ផ្តោត​ការ​ទុកចិត្ត​លើ​គាត់​ឡើយ ។

ស្ថិត​ក្នុង​វ័យ​ជាង​៦០​ឆ្នាំទៅ​ហើយ អ្នកស្រី បាន ស៊ន នៅ​តែ​ខំ​ខិត​បន្ត​អាជីព​មួយ​នេះ​ដដែល ប៉ុន្តែ​ការ​ផ្ទេរ​អាជីព​មួយ​នេះ​ទៅ​ឱ្យ​កូន​ទៀត​នោះ គាត់​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ព្រោះ​យល់​ថា មុខរបរ​នេះ​មានការ​នឿយ​បន្តិច ហើយ​ម្នាក់ឯង​ក៏​មិន​អាច​ទៅ​រួច​ដែរ ។ ទោះជា​យ៉ាងណា​ក្តី អ្នកស្រី​បាន ស៊ន តាំងចិត្ត​នៅ​បន្ត​អាជីព​ចាស់​របស់​គាត់​យូរ​ឆ្នាំ​ទៀត ។

បើ​អតិថិជន​ចាប់អារម្មណ៍ និង​មាន​បំណង​ចង់​បញ្ជា​ទិញ​នំអន្សម​ដែល​មាន​រសជាតិ​ឆ្ងាញ់​អាច​ទាក់ទង​តាម​លេខ​ទូរស័ព្ទ​របស់​អ្នកស្រី បាន ស៊ន លេខ ០១៦ ៧០៨ ១០៦ ឬ​អាច​ទាក់ទង​តាម​អាសយដ្ឋាន​របស់​គាត់​នៅ​ភូមិ​ព្រែក​សំពៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ៕