ប្រកាស​ទទួលស្គាល់​ថ្នាក់ដឹកនាំ​សាខា​អនុ​សាខាសមាគម​អាចារ្យ​ខ្មែរ​ខេត្តកំពង់ចាម

ខេត្តកំពង់ចាម ៖ នា​សាលាខេត្ត​កំពង់ចាម​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា និង​លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ក្នុង​ពិធី​ប្រកាស​ថ្នាក់ដឹកនាំ​សាខា​អនុ​សាខាសមាគម​អាចារ្យ​ខ្មែរ​ខេត្តកំពង់ចាម និង​មានការ​និមន្ត​ចូលរួម​ពី​ព្រះសង្ឃ អាចារ្យ ចំនួន​ប្រមាណ​ជាង​៣០០​អង្គ​-​នាក់​ ។

លោក ស្រី សុ​ភក្តិ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​មាន​មតិ​ស្វាគមន៍ និង​ធ្វើ​របាយការណ៍​ដោយ​បាន​លើក​ឡើង​ថា ក្រោយ​ពី​ទទួល​បានការ​បណ្តុះបណ្តាល​ស្តី​ពី​តួនាទី ភារកិច្ច និង​ក្រមសីលធម៌​អាចារ្យ​រួច​មក លោក​អាចារ្យ​ទាំងអស់​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ឥរិយាបថ​ខុសឆ្គង​មួយ​ចំនួន ដែល​ជា​ទម្លាប់​តាំងពី​បុរាណ ហើយ​ងាក​មក​អនុវត្ត​តាម​បែប​ស្រាវជ្រាវ​ថ្មី​របស់​ក្រសួង​ធម្មការ និង​សាសនា ។

មាន​ប្រសាសន៍​ក្នុង​អង្គពិធី​នោះ លោក មិន ឃិ​ន បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ និង​ការ​សាកសួរ​សុខទុក្ខ​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​គិតគូរ​ជា​និច្ច​ពី​លោក​អាចារ្យ អាចារី​នី ដែល​ជា​អ្នក​ថែរ​រក្សា​នូវ​វប្បធម៌​ប្រពៃណី​របស់​ជាតិ​យើង និង​បាន​កោតសរសើរ​ដល់​មន្ត្រី​សង្ឃ​គ្រប់​ឋានានុក្រម ដែល​បាន​សហការ​គ្នា​ល្អ ដឹកនាំ​ការងារ​ព្រះសង្ឃ អាចារ្យ និង​គណៈកម្មការ​វត្ត ចូលរួម​កសាង​វិស័យ​ព្រះពុទ្ធ​សាសនា​ឲ្យ​មានការ​រីក​ចម្រើន​នៅ​ទូ​ទាំង​ខេត្តកំពង់ចាម ។

លោក មិន ឃិ​ន បាន​មាន​ប្រសាសន៍​ថា ការ​បង្កើត​ឲ្យ​មាន​សមាគម​នេះ​ឡើង​ក្នុង​គោលបំណង​បង្កើត​ឲ្យ​មាន​ចំណងមិត្តភាព សាមគ្គីភាព ឲ្យ​កាន់តែ​រឹង​មាំ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ព្រមទាំង​មានការ​អប់រំ​អាចារ្យ​ទូទៅ​ឲ្យ​យល់​ពី​អត្ថន័យ​ក្រមសីលធម៌​អាចារ្យ​ខ្មែរ និង​បាន​ចូលរួម​ផង​ដែរ​នូវ​ការ​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់ ដើម្បី​លើកកម្ពស់​គុណធម៌ សីលធម៌ ចរិយា​ធម៌ សុជីវធម៌ និង​ខ្លឹមសារ​ព្រះធម៌ ពិធីបុណ្យ​ទាន ទម្រង់​អាពាហ៍ពិពាហ៍ និង​ពិធី​កម្ម​ផ្សេង​ៗ​ក្នុង​ព្រះពុទ្ធ​សាសនា ។

លោក លន់ លឹ​ម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​ទទួលស្គាល់​ថ្នាក់ដឹកនាំ សាខា​អនុ​សាខាសមាគម​អាចារ្យ​ខ្មែរ​ខេត្តកំពង់ចាម​នា​ពេល​នេះ ជា​ប្រវត្តិសាស្ត្រ ដែល​ខេត្ត​កំពង់​ចាម​ទទួល​បាន​សមិទ្ធផល​ធនធាន​អាចារ្យ​ដែល​ពោរពេញ​ទៅ​ដោយ​ចំណេះដឹង និង​បាន​ទទួល​ចំណេះវិជ្ជា​ពី​ការ​បណ្តុះបណ្តាល​នៅ​ក្រសួង​ធម្មការ និង​សាសនា ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធ​បរិស័ទ​មាន​ទំនុកចិត្ត​ក្នុង​ការ​ដឹកនាំ​ពិធីបុណ្យ និង​ពិធី​មង្គលការ​ប្រកបដោយ​ប្រសិទ្ធភាព ។

លោក ប៉ុក វណ្ណ​ធីរ ទីប្រឹក្សា​ក្រសួង​ធម្មការ និង​សាសនា បាន​អាន​សេចក្តីសម្រេច​ស្តី​ពី​ការ​ទទួលស្គាល់​ថ្នាក់ដឹកនាំ​សាខា​អនុ​សាខាសមាគម​អាចារ្យ​ទាំង​២៩២​អង្គ​/​នាក់ រួច​គណៈអធិបតី​បាន​ប្រគល់​សេចក្តីសម្រេច​ដល់​ថ្នាក់ដឹកនាំ​នៅ​ទូ​ទាំង​ខេត្ត​រួច​មក តំណាង​ថ្នាក់ដឹកនាំ​សមាគម​អាចារ្យ​ខ្មែរ​ទូ​ទាំង​ខេត្តកំពង់ចាម​ឡើង​ប្តេជ្ញា​ចិត្ត ដោយ​រក្សា​ឲ្យ​បាន​នូវ​សាមគ្គី​ផ្ទៃក្នុង​របស់​សមាគម​ឲ្យ​បាន​ល្អ ៕