ស្នេហា និង​វីរភាព​កម្ចាត់​សត្រូវ​ឈ្លានពាន របស់​តេ​ជោ​មាស និង​តេ​ជោ​យ៉​ត (តចប់)

១០-​ប​តិ​ប​ត្តិ​ការ​សឹក​បង្ក្រាប​ព្រះ​រាម​ថ្មគោល
នេះ ​នឹង​និយាយ​ពី ពញា​នូ ដែល​ជា​ព្រះ​អនុជ​ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ពី​មាតា​ទីទៃ​... ។ កាលដែល​ទ័ព​សៀម​វាយ​បែក​បន្ទាយលង្វែក (​គ្រឹ​ស្ត​សករាជ​១៥៩៣) នោះ ព្រះ​អង្គ​ម្ចាស់​ពញា​នូ បាន​រត់​ភៀស​ព្រះ​អង្គ​ទៅ​គង់នៅ​ថ្មគោល (​ឬ​ស្ទឹង​គោល​) ក្នុង​ខេត្តកំពង់ធំ​សព្វថ្ងៃ ហើយ​ទ្រង់​តាំង​ព្រះ​អង្គជា​ស្តេច​ព្រះ​នាម​ថា ព្រះ​រាម​ថ្មគោល ។ ដល់​មក គ្រឹ​ស្ត​សករាជ​១៦០២ ព្រះ​រាម​ថ្មគោល​ក៏កម្រើកចិត្ត ចង់​ធ្វើ​ជា​ស្តេច​សោយរាជ្យ​ក្នុង​ដែនដី​កម្ពុជា​ទាំងមូល ។ ទ្រង់​បាន​ចាត់តាំង​មន្ត្រី​ឱ្យ​មាន​ឋានៈ​ធំ​តូច តាម​មុខក្រសួង ។ ព្រះ​រាម​ថ្មគោល បាន​ចាត់​មន្ត្រី​នាយកង នាយពល​ឱ្យ​នាំ​ទាហាន​ទៅ​ល្បាត​ព័ទ្ធ​ដេញ​សម្លាប់​ឧកញ៉ា​ឧទ័យធិរាជ ចៅហ្វាយស្រុក ខេត្ត​អាស​ន្ទុ​ក ក្នុង​ការ​ប្រយុទ្ធ​ការពារ​ដែនដី​នោះ​ទៅ ។ ព្រះ​រាម​ថ្មគោល ក៏​បន្ត​លើកទ័ព​ទៅ​សង្កត់​យក មឿង (​ឃុំ សង្កាត់ នា​ពេល​បច្ចុប្បន្ន​) ទាំង​២៤​ដែល​ចំណុះ​ខេត្ត​អាស​ន្ទុ​ក ហើយ​ក៏​ជម្រុល​កង​សេនា​ទៅ​មុខ​ទៀត​រហូត​ដល់​ស្រុក​បារាយណ៍​ជើងព្រៃ ដេញ​ចៅហ្វាយស្រុក​នោះ​ឱ្យ​រត់​ខ្ចាត់ខ្ចាយ​បែក​ទ័ព ដោយ​តស៊ូ​ពុំ​ឈ្នះ​។

ក្រោ ​ពី​យក​បាន​ខេត្ត​ទាំង​៣ ព្រមទាំង​២៤​មឿង​ទៀត​នោះ ព្រះ​រាម​ថ្មគោល​កាន់តែ​បានចិត្ត​ឡើងចាង ហើយ​ចាប់ផ្តើម​តែងតាំង​សេនាបតី មន្ត្រី​គ្រប់​តំណែង ។ ពេល​ដែល​ចៅហ្វាយស្រុក​បារាយណ៍​ជើងព្រៃ​រត់​ភៀសខ្លួន​ដោយ​បរាជ័យ​ចំពោះ​ទ័ព​ ព្រះ​រាម​ថ្មគោល​នោះ ក៏​បាន​ចូល​ទៅ​ក្រាបថ្វាយបង្គំ​ព្រះ​បរមនាថ​ហ្លួង​ម្ចាស់ជីវិត នៅ​ឯ​ក្រុង​ល្វាឯម ស្តេច​ទ្រង់​ជ្រាប​ពី​ស្ថាន​ការ​សឹក​នា​ខេត្ត​ប៉ែក​ខាងជើង​ផង ។ ព្រះ​ស្រី​សុរិយោ​ពណ៌ ទ្រង់​ព្រះ​តម្រិះ​ថា ៖ «​ព្រះ​ពញា​នូ​នេះ​ត្រូវ​ជាប់​ជា​ព្រះ​លោហិត​រួម​រាជវង្ស គឺ​ត្រូវជា​ព្រះ​អនុជ (​មាតា​ទីទៃ​) ផង ។ ប្រសិនបើ​ចាត់វិធានការ​ក្តៅ លើកទ័ព​ទីង​ទៅ​ទាំង​កំ​រោក​តែ​ម្តងនោះ ហាក់ដូចជា​ពុំ​សម ។ ទើប​ស្តេច​ត្រាស់​ប្រើ ៖

-​ឧកញ៉ា​ព្រះស្តេច​ធិ​បតី​១
-​ឧកញ៉ា​ធម្ម​ឧទ័យ ១

ឱ្យទៅ ​ពិតទូល​ព្រះ​គ្រូ​ចៅអធិការ​វត្ត «​ហ្លួង​» ក្នុង​ខេត្ត​បរិបូណ៌ ដែល​ត្រូវជា​គ្រូ​របស់​ពញា​នូ  ឱ្យ​និមន្ត​ទៅ​និយាយ​លួងលោម​សិស្ស (​ពញា​នូ​) បញ្ចុះបញ្ចូល​ឱ្យ​ស្តេច​យាង​មក​នៅ​ក្នុង​ក្រុង​វិញ ដើម្បី​ទ្រង់​នឹង​បាន​ទំនុកបម្រុង​ព្រះ​រាជទាន​តួនាទី ក្នុង​រាជការ និង​ប្រទាន​បៀវត្ស​ឱ្យ​ស័ក្តិសម​នឹង​ព្រះ​កិត្តិយស​ជា​រាជវង្ស ។ លុះ​បានឃើញ​ឧកញ៉ា​រាជបម្រើ​ទាំង​ពីរ​មក​ពិតទូល​ដូច្នេះ​ហើយ ព្រះ​គ្រូ​ក៏​ម្នីម្នា​និមន្ត​ចុះទូក ធ្វើ​ដំណើរ​ទៅ​ទីតាំង​ថ្មគោល ។ ព្រះ​ពញា​នូ​ព្រះរាជ​ថ្មគោល​ក៏​មក​ថ្វាយបង្គំ​ធ្វើ​បដិសណ្ឋារៈ ចំពោះ​លោកគ្រូ​តាម​ទំនៀម​ព្រះ​អង្គជា​សិស្ស​ដូច​សិស្ស​នានា​ឯទៀត​ដែរ ។ ខណៈនោះ​ព្រះ​គ្រូ​ចៅអធិការ​មាន​ថេរ​ដីកា​ទូល​ថា ៖ «​សម្តេចព្រះ​ស្រី​សុរិយោ​ពណ៌ តាំងពី​បាន​ឡើង​សោយរាជ្យ​កាលណា ព្រះ​អង្គ​ទ្រង់​តាំង​ព្រះ​ទ័យ​ប្រកបដោយ​សច្ចៈ​យុត្តិធម៌​ណាស់ ។ ពេល​នេះ​ទ្រង់​បាន​ជ្រាប​ថា ព្រះ​អង្គ​មក​ចាត់ចែង​ដែនដី​ដោយឡែក​មួយ​នៅ​ក្នុង​ព្រៃ​ដូច្នេះ មិនជា​ការ​ល្អ​ទេ ។ ឥឡូវនេះ​ទ្រង់​បាន​មាន​ព្រះ​តម្រិះ ពឹងពាក់​អាត្មា​ឱ្យមក​សុំ​យាង​ព្រះ​អង្គ​ចូល​ទៅ​ក្រុង​ល្វាឯម​វិញ ដើម្បី​រួមចំណែក​ក្នុង​ការ​គ្រប់គ្រង​ផែនដី​ជាមួយ​ព្រះ​អង្គ (​ស្រី​សុរិយោ​ពណ៌​) ។ ផ្ទុយ​ទៅ​វិញ​បើ​ព្រះ​អង្គ​រឹងទទឹង​ចេះ​តែ​បន្ត​គង់នៅ​ព្រៃ ធ្វើ​ឱ្យ​ព្រះ​នគរ​បែកបាក់​បែប​នេះ នាំ​ឱ្យ​រាស្ត្រប្រជា​នឹង​រង​គ្រោះ ស្លាប់​ព្រាត់ប្រាស អន្តរាយ​ទ្រព្យសម្បត្តិ ខក​ខានមិនបាន​ប្រកប​មុខរបរ​ស្រែ​ចម្ការ លំបាក​វេទនា​ខ្លោចផ្សា ដោយសារ​ត​តែ​សង្គ្រាម​រវាង​យើង​ជា​ព្រះរាជ​វង្ស​» ។ ប៉ុន្តែ​ទោះ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ហ្លួង​និយាយ​អង្វរករ ប្រាប់​អំពី​ផលវិបាក​យ៉ាងណា ក៏​ពញា​នូ​ព្រះ​រាម​ថ្មគោល នៅ​តែ​ពុំ​ព្រម​សម្របសម្រួល​ឡើយ ។ ដូច្នេះ​ព្រះ​គ្រូ​ចៅអធិការ ក៏​មិ​ន្ត​វិល​មក​ទូល​ហ្លួង​អម្ចាស់​ជីវិត តាម​ដំណើរ ។ ព្រះ​សុរិយោ​ពណ៌ ទ្រង់​ក៏​បាន​ត្រាស់​ប្រើ​សេនា ឱ្យ​ជិះសេះ​ទៅ​អញ្ជើញ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ស (​តំណ​ពី​សង្គ្រាម​បង្ក្រាប​ព្រះ​រាម​ត្បូងឃ្មុំ និង​ព្រះ​រាម​បាភ្នំ​នោះ​មក ចៅពញា​តេ​ជោ​បា​៉​អង្គ​(​ព្រះ​អង្គ​) បាន​ប្រែ​មក​ទទួល​គោរមងារ ជា ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​វិញ ។ គោរមងារ​នេះ​ត្រូវ​បាន​រក្សា​រហូត​ដល់​តេ​ជោ​ក្រហម​ក​(​មាស​) បាន​ក្លាយទៅជា​ចៅហ្វាយខេត្ត​កំពង់ស្វាយ (​កំពង់ធំ​) ជា​ស្តេចត្រាញ់​ប្រចាំ​ភូមិភាគ​ខាងជើង​...​។​)  ឱ្យ​ចូល​គាល់ ហើយ​ទ្រង់​តែងតាំង​ជា​មេទ័ព​អាជ្ញាសឹក សម្រេច​រាជការ​ឱ្យ​ចេញ​ទៅ​ប្រាបប្រាម (​បង្ក្រាប​) ព្រះ​រាម​ថ្មគោល​ក្នុង​ខេត្ត​អាស​ន្ទុ​ក ។ ទទួល​ព្រះរាជ​បញ្ជា​រួច​ហើយ ឧកញ៉ា​បុ​រា​រាជ​ក៏​ក្រាបថ្វាយបង្គំ​លា​ត្រឡប់​ទៅ​ខេត្ត​វិញ ហើយ​ក៏​ចាត់ចែង​កេណ្ឌ​រេហ៍ពល​បាន​គ្រប់​ចំនួន​រួច​ជា​ស្រេច ទើប​ចាត់​មេបញ្ជាការ​ទាំង​ប៉ុន្មាន ឱ្យ​កាន់​ទ័ព​រៀងខ្លួន​ដូច​តទៅ​នេះ​៖

១-​ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​) ឃុំ​ពល ៥០០​នាក់ ជា​កងទ័ព​ជន្ល ។
២-​ឧកញ៉ា​ស្នេហា​តេ​ជោ បាឡាត់​ស្តាំ​ឃុំ​ពល ៥០០​នាក់ ជា​កងទ័ព​មុខ ។
៣-​ឧកញ៉ា​ភក្តី​តេ​ជោ បាឡាត់​ឆ្វេង​ឃុំ​ពល ៥០០​នាក់ ជា​ទ័ព​ស្តាំ ។
៤-​ឧកញ៉ា​ពិ​ភក្តិ​តេ​ជោ ស្នង​ស្តាំ​ឃុំ​ពល ៥០០​នាក់ ជា​ទ័ព​ឆ្វេង ។
៥-​ឧកញ៉ា​ជំនិត​តេ​ជោ ស្នង​ឆ្វេង​ឃុំ​ពល ៥០០​នាក់ ចា​ទ័ព​ក្រោយ ។
៦-​ឧកញ៉ា​វិ​ជិត​តេ​ជោ​ស្នង​កណ្តាល​ឃុំ​ពល​៥០០​នាក់ ជា​ទ័ព​ស្បៀង ។

លុះ ​បាន​ឫកពា​ពេលា​ល្អ ហោរា (​កាលពី​ជំនាន់​ដើម មុន​លើកទ័ព​ចេញ​ទៅ​ធ្វើសង្គ្រាម​បង្ក្រាប​ខ្មាំងសត្រូវ ទាល់តែ​ហោរា​ទស្សន៍​ទាយ​មើ​កឫក​ជតារាសី និង​បាន​ពេលា​ល្អជា​មុន​សិន​...) ពិនិត្យ​ជាន់​ឆ្នាំ​យ៉ាង​ពណ្ណរាយ​បរិបូ​ណ៍ ឃើញ​ឡើងរាសី​៣​ជាន់​ហើយ ក៏​បង្គាប់​គោះគង​ទូង​ភេរី (​ស្គរ​) លើកទ័ព​ចេញ​ទៅ​ដល់​កំពង់ឆ្នាំង តាំង​ឱ្យ​ចម្លង​រេហ៍ពល សេះ ដំរី ទៅ​ដាក់​នៅ​កំពង់​ហាវ ។

នៅ​ពេល​ដែល ​កំពុង​តែ​ចម្លង​ទ័ព​នោះ ស្រាប់តែ​ពញា​យស​តេ​ជោ​ឯក​ចៅ​មឿង​ខេត្ត​កំពង់​ហាវ ដែល​ចំណុះ​ខាង​ពញា​នូ​ព្រះ​រាម​ថ្មគោល ក៏​កេណ្ឌ​ទ័ព​៥០០​នាក់ លើក​ទៅ​ស្ទាក់​រារាំង​មិន​ឱ្យ​ទ័ព​ព្រះ​នគរ​ឆ្លង​រួច ។

ប៉ុន្តែ​ទ័ព ​ខាង​ឧកញ៉ា​រាម​រាជ​តេ​ជោ​(​យ៉​ត​) បាន​រ៉ាប់រង​ច្បាំង​ប្រយុទ្ធ​នឹង​ទ័ព​ពញា​យស​យ៉ាង​ខ្លាំងក្លា​កោលាហល ។ ពេល​កំពុង​ច្របូកច្របល់​កាប់​ចាក់​គ្នា​ជា​សន្ធឹក​គឹកកង​នោះ ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​) កាត់​ទៅ​ជួប​ប្រយុទ្ធ​ផ្ទាល់ខ្លួន​នឹង​ពញា​យស ។ ចុង​បំផុត ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​) កាប់​ពញា​យស​នឹង​ផ្គាក់​ធ្លាក់​ពី​ខ្នង​សេះ​ស្លាប់​ភ្លាម​មួយ​រំពេច ។ នាយទាហាន ជា​កង​សេនា​ខាង​ពញា​យស​ឃើញ​មេ​របស់​ខ្លួន​ស្លាប់​ដូច្នេះ ក៏​អស់​ទឹកចិត្ត​ប្រយុទ្ធ ហើយ​ក៏​បាក់ទ័ព​រត់​ខ្ចាត់ខ្ចាយ​អស់​ទៅ ។ ជ័យជម្នះ​នេះ បាន​កម្ចាត់​ឧបសគ្គ ហើយ​ចលនា​ចម្លង​ទ័ព​ក៏​ប្រព្រឹត្ត​ទៅ​បាន ។ គ្រា​ដែល​ទ័ព​បាន​ឆ្លង​រួច​សព្វគ្រប់​ទៅ​ដល់ត្រើយ​ខាងនាយ​ហើយ ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ (​ឬ​តេ​ជោ​បុ​រា​រាជ​មាស​)  ចាត់​ឱ្យ​នាយ​ទ័ព​ឆ្វេង ស្តាំ​ទៅ​វាយ​យក​ខេត្ត​បារាយណ៍​ជើងព្រៃ បាន​មក​ជា​ចំណុះ ហើយ​ក៏​លើកទ័ព​តម្រង់​ឆ្ពោះទៅ​កាន់​ទីតាំង​បន្ទាយ​ថ្មគោល ។ នៅ​តាម​ផ្លូវ​ទ័ព​ហ្លួង​វាយ​បង្ក្រាប​ទ័ព​ចៅ​មឿង​ជា​ច្រើន​ខេត្ត ។ លុះ​ទៅ​ដល់​ភូមិ​កំពង់ស្វាយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​បង្គាប់​ឱ្យ​បញ្ឈប់​កងទ័ព ហើយ​ពិគ្រោះ​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​ជាមួយ​នាយកង នាយ​ទ័ព​របស់​លោក ដោយ​ផ្តើម​យោបល់​ថា ៈ «​ចៅពញា​នូ​នេះ​ជាប់​ព្រះ​ញាតិ ជា​ព្រះ​បរម​វង្ស​ក្នុង​ព្រះរាជ​ត្រកូល ទោះ​យ៉ាងណា​ក៏​យើង​មិន​ត្រូវធ្វើ​អ្វី​ឱ្យ​ប៉ះពាល់​ដល់​ព្រះ​កាយ​ព្រះ​អង្គ​ ឡើយ​» ។ លុះ​ប្រឹក្សា​ការណ៍​នេះ​ចប់​សព្វគ្រប់​ហើយ លោក​ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ (​តេ​ជោ​មាស​) ក៏​ចាត់ចែង​ទ័ព​ជា​៤​កង​ដូច​តទៅ​នេះ ៖

១-​ឧកញ៉ា​តេ​ជោ ពិ​ភក្តិ​តេ​ជោ
២-​ឧកញ៉ា​រាម​រាជ​តេ​ជោ​(​យ៉​ត​)
៣-​ឧកញ៉ា​ពេជ្រ​តេ​ជោ
៤-​ចៅហ្វាយស្រុក​ជើងព្រៃ

ទ័ព​៤​ផ្នែក​ខាងលើ​នេះ​ត្រូវ​កាន់​ទង់ជ័យ តំណាង​ឧកញ៉ា​តេ​ជោ​បា​៉​អង្គ​មាន​តួនាទី​ជា​ទ័ព​ជន្ល ។

បន្ទាប់​មក ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ​ក៏​ចាត់​ឱ្យ​៖
១-​ចៅហ្វាយស្រុក ខេត្ត​កំពង់សៀម
២-​ស្នង​ឆ្វេង ខេត្ត​សំរោង​ទង

ឱ្យ​ឃុំ​រេហ៍ពល​ទៅ​បង្កប់​នៅ ស្ទឹង​ស្រគំ​ឱន នា​ត្រើយ​ខាងឆ្វេង​ដៃ បន្ទាប់​មក​ទៀត លោក​ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ​ក៏​ចាត់ៈ​៖

១-​ស្នង​ស្តាំ ខេត្ត​សំរោង​ទង
២-​ចៅ​មឿង​ទូក​មាស (​ក្នុង​ខេត្តកំពត​សព្វថ្ងៃ​)
៣-​ចៅ​មឿង ក្រ​កោះ (​ក្បែរ​ជើងភ្នំ​ស​ន្ទុ​ក​)
៤-​ចៅ​មឿង ស្រងែ
ឱ្យ​ចេញ​ទ័ព​ទៅ​ប្រតិបត្តិការ​តាម​បញ្ជា

ថ្លែង ​អំពី​ពញា​នូ​ព្រះ​រាម​ថ្មគោល បន្ទាប់​ពី​សម្លាប់​ចៅពញា​ឧទ័យធិរាជ​ចៅហ្វាយស្រុក​ស​ន្ទុ​ក រួច​ហើយ ក៏​ឡើង​គ្រប់គ្រង​ស្រុក​នេះ​ជំនួស ហើយ​តាំង​ព្រះ​នាមខ្លួន​ព្រះ​អង្គ​ឯង​ថា សម្តេចចៅពញា​ឧទ័យធិរាជ ។ តាម​រយៈ​សេចក្តីរាយការណ៍​ពី​កងទ័ព​សេះ ព្រះ​អង្គ​បាន​ទ្រង់​ជ្រាប​ថា ឧកញ៉ា​តេ​ជោ​បុ​រា​រាជ បាន​លើកទ័ព​មក​ដល់​ហើយ ទើប​ពញា​នូ​ព្រះ​រាម​ថ្មគោល​ក៏​ចាត់ចែង​សេនា​ទាហាន​ដែល​សុទ្ធ​សឹង​ជា​ អ្នកស្រែ (​បណ្តារាស្ត្រ​សាមញ្ញ​នៅ​តាម​ភូមិ​ស្រុក​)  ឱ្យ​ឃុំ​ពល​លើកទ័ព​ទៅ​ជួបនឹង​កង​ជន្ល​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​)  ទាំង​៣​ផ្នែក​ដែល​មាន​ឧបាយកល​ក្លែង​ធ្វើ​ជា​ចាញ់ ហើយ​រត់​ថយក្រោយ​វិញ ។  

លុះ ​ឃើញ​ដូច្នោះ​ហើយ​សម្តេចចៅពញា​ឧទ័យធិរាជ​នូ ពុំ​ទ្រង់​ជ្រាប​អំពី​ល្បិច​យុទ្ធសាស្ត្រ​នៃ​កិច្ចការ​សង្គ្រាម​ដោយ​នឹក​ ស្មានថា​ទ័ព​ហ្លួង​ពី​ព្រះ​នគរ​ពិតជា​ចាញ់​ថ្វីដៃ​របស់​ព្រះ​អង្គ​មែន ក៏​លើកទ័ព​ដេញ​តាម​ទៅ ។ ទ័ព​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ដែល​ដកថយ​ធ្វើ​ជា​ចាញ់​នោះ បាន​ទៅ​ឈប់​នៅ​ត្រង់​ស្ទឹង​ស្រគំ​ឱន ដែល​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​បាន​បញ្ជា​ឱ្យ​បង្កប់ទ័ព​ជា​ច្រើន​កង​ទុក​នៅ​ ទីនោះ ។ ទាំង​ទ័ព​បង្កប់​ទាំង​ទ័ព​ដែល​ដកថយ​ធ្វើ​កិច្ច​ជា​ចាញ់​បាន​លើកគ្នា​វាយ​ ផ្ទប់​ទ័ព​ព្រះ​រាម​ថ្មគោល ដោយ​វាយ​បណ្តែត​ពេល​ឱ្យ​បាន​យូរ​បន្តិច​រង់ចាំ​ទ័ព​ធំ​របស់​ឧកញ៉ា​តេ​ជោ​បុ​ រា​រាជ (​មាស​) ។ គ្រាន់តែ​ទ័ព​ធំ​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មក​ដល់​ភ្លាម លោក​ក៏​បញ្ជា​ឱ្យ​គ្រប់​កង​គ្រប់​ផ្នែក លើក​សំរុកចូល​កាប់សម្លាប់​ពេល​សេនា​ចៅពញា​ឧទ័យធិរាជ​នូ ចោម​ព័ទ្ធ​ពី​គ្រប់​ទិស​ឥត​មាន​សំចៃ​ដៃ​។  ដោយ​ទ្រាំ​ទប់ទល់​យូរ​ទៅ​ទៀត​មិន​បាន ទ័ព​ព្រះ​រាម​ថ្មគោល​ក៏​បាក់​រត់​បែកខ្ញែក​ខ្ចាត់ខ្ចាយ​អស់​ទៅ ។  ខណៈនោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ស្រែក​បញ្ជា ខ្លាំង​ៗ​ថា កុំឱ្យ​សម្លាប់​ចៅពញា​នូ​ឱ្យ​សោះ សូម​ឱ្យ​នាយកង នាយ​ទ័ព ពល​សេនា​ត្រូវ​តែ​ចាប់​ព្រះ​អង្គ​ឱ្យ​បាន​ទាំង​រស់ ។ នៅ​គ្រា​ដែល​គ្មាន​ពល​សេនា​ការពារ​ព្រះ​អង្គ​បាន​ខ្លាំងក្លា​ទៀត​នោះ ពួក​ពល​សេនា​ក៏​ចូល​ទៅ​ចាប់​ព្រះ​ពញា​នូ នឹង​ដៃ ហើយ​នាំ​ទៅ​ជូន​លោក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ជា​អគ្គបញ្ជាការ ។ ព្រះ​ពញា​នូ ត្រូវ​បាន​ស្រាយចំណង ហើយ​ឱ្យ​ពល​សេនា​មួយ​កង នាំ​ព្រះ​រាម​ថ្មគោល​ទៅ​ថ្វាយបង្គំ​ព្រះ​ស្រី​សុរិយោ​ពណ៌​ជា​ព្រះ​រៀម (​មាតា​ទ​ទៃ​) ។ ព្រះរាជា​ទ្រង់​លើកលែងទោស ហើយ​ប្រោស​មេត្តា​ឱ្យ​នៅ​បម្រើ​ព្រះ​អង្គ​ក្នុង​នាម​ជា​អ្នកជា​(​អ្នក​ពុំ​ មាន​ជាប់​ទោសពៃរ៍​)... ។ 

១១-​ពី​ចៅហ្វាយស្រុក​ខេត្ត​សំរោង​ទង មក​ជា​ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ
លុះ ​តំណ​ពេល​ជា​ខាង​ក្រោយមក ហ្លួង​អម្ចាស់​ជីវិត​ព្រះ​ស្រី​សុរិយោ​ពណ៌ ទ្រង់​ព្រះ​ចិន្តា​ថា ខេត្ត​ស​ន្ទុ​ក​នេះ​មាន​វិសាលភាព​ដី​ទូលំទូលាយ​ណាស់ គឺ​ប៉ែក​ខាងជើង​មាន​ព្រំប្រទល់​នឹង​ប្រទេស លាវ​ឯណោះ ។ ដោយឡែក​ពី​នេះ​ទៀត នៅ​ក្នុង​ខេត្ត​ដ៏​ធំ​នេះ សម្បូរ​ទៅ​ដោយ​មនុស្ស​កំណាច​ខូច​កាច​ជា​ច្រើន ។ ដើម្បី​ធានា​គ្រប់គ្រង​ដែនដី​របៀប​នេះ​ឱ្យ​មាន​សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របស់​រៀបរយ​ល្អ​នោះ តម្រូវ​ឱ្យ​វរជន​ដែល​មាន​សមត្ថភាព និង​ឫទ្ធានុភាព​ខ្លាំងក្លា​ជា​ចាំបាច់ ។ ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ក៏​សម្រេច​ព្រះ​ទ័យ​តែងតាំង​ចៅពញា​តេ​ជោ​ប៉ា​អង្គ ឱ្យទៅ​គ្រប់គ្រង​ខេត្ត​អាស​ន្ទុ​ក​ក្នុង​នាម​ជា ចៅហ្វាយស្រុក​ខ្នង​ពល (​ជា​គោរមងារ​ខ្ពង់ខ្ពស់​ខុស​ពី​ចៅហ្វាយស្រុក​ធម្មតា ដែល​មាន​ឋានៈ​នាទី​ស្មើនឹង ស្តេចត្រាញ់ ព្រោះ​មាន​មឿង​ចំណុះ​ច្រើន​) ក្រៅ​។ ហើយ​ឋានៈ​ជា​ចៅហ្វាយស្រុក​សំរោង​ទង​នោះ ត្រូវ​ផ្ទេរ​ទៅ​ថ្វាយ​ចៅពញា​ឧទ័យធិរាជ អង្គ​នូ កាន់កាប់​គ្រប់គ្រង​វិញ ។ ការ​ផ្ទេរតំណែង​រវាង​វីរជន​ទាំង​ពីរ​រូប​នេះ បាន​ប្រព្រឹត្ត​ទៅ​នៅ​ក្នុង​គ្រឹ​ស្ត​សករាជ ១៦០៤ ក្នុង​ឆ្នាំរោង ឆស័ក នា​ពុទ្ធសករាជ ២១៤៧... ។

បន្ទាប់​ពី​បាន​ត្រូវ​តែងតាំង ឱ្យទៅ​ទទួល​ភារកិច្ច​ជា​ចៅហ្វាយស្រុក​ផ្សេង​នៅ​ទិស​ខាងជើង នៃ​ព្រះរាជាណាចក្រ​ហើយ​នោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ក៏​ចាត់​អ្នកបម្រើ​ឱ្យទៅ​ដឹក​ជញ្ជូន​ទ្រព្យសម្បត្តិ និង​ស្នើ​សុំ​អញ្ជើញ​អ្នក​ជំទាវ​មហេសី សោភី​នារី​សោភ័ណ ស្រែន្យ  ពី​ខេត្ត​សំរោង​ទង​ទៅ​កាន់​ខេត្ត​ស​ន្ទុ​ក​វិញ ។

មក​ដល់ទី​តាំង​ ខេត្ត​ថ្មី​ភ្លាម ឧកញ៉ា​តេ​ជោ​បុ​រា​រាជ បាន​ផ្តួចផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ខេត្ត​ចាស់​ពី ព្រះ​ឥន្ទ​កុមារ (​តាំងនៅ​ខាងជើង​ក្រុង​កំពង់ធំ សព្វថ្ងៃ អ្នកស្រុក​ហៅ​ថា «​ឥន្ទ​ខ្មា​») មក​តាំងនៅ​ភូមិ​កំពង់ស្វាយ​(​សព្វថ្ងៃ​ហៅ​ភូមិ​កំពង់ស្វាយ​តាំងនៅ​តាម​សង​ ស្ទឹង​កំពង់ធំ ខាង​ឦសាន​ក្រុង​កំពង់ធំ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​) ធ្វើ​ជាទី​ប្រជុំជន ឬ​ទីរួមខេត្ត ហើយ​ប្រែ​ឈ្មោះ​ខេត្ត​ស​ន្ទុ​ក មក​ជា​ខេត្ត​កំពង់ស្វាយ​វិញ ។  ចំណែក​ទីប្រជុំជន​ខេត្ត​ស​ន្ទុ​ក​ចាស់​នោះ បាន​តាំង​ចៅ​មឿង (​ឋានៈ​ស្មើនឹង​អភិបាលស្រុក​សព្វថ្ងៃ​)  ឱ្យ​នៅ​ថែរក្សា​ព្រះ​ចេតិយ និង​ព្រះពុទ្ធ​បដិមា​ដែល​ព្រះបាទ​សម្តេចព្រះ​ធម្ម​រាជា​ទ្រង់​បាន​សាង​ទុក​ ជាទី​បូជនីយដ្ឋាន​សម្រាប់​គោរព​បូជា​តរៀង​មក ។

នៅ​ទីតាំង​ប្រជុំជន ទីរួមខេត្ត​កំពង់ស្វាយ​ថ្មី​នេះ មាន​លក្ខណៈសម្បត្តិ​ស័ក្តិសម​ល្អជា​ក្រុង​ទីរួមខេត្ត ដោយនៅ​ជាប់​នឹង​មាត់​ស្ទឹង​សែន មានទឹក​ប្រើប្រាស់​ថ្លា​ល្អ ជាទី​កំពង់​ជំនួញ​អាច​ឱ្យ​ទូក​នាវា​ជំនួញ​ចរាចរ​ដឹកនាំ​ទំនិញ ភស្តុ​ភារ​អំណោយផល​ដល់​កិច្ចការ​ពាណិជ្ជកម្ម​ជួញប្រែ លក់ដូរ បម្រើ​ដល់​សេដ្ឋកិច្ច​ប្រចាំ​តំបន់ ។ លុះ​សម្រេច​តាំង​ទីរួមខេត្ត​ស្រេចបាច់​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ក៏​បាន​ធ្វើ​លិខិតស្នើ​សុំ​ព្រះ​រាជានុញ្ញាត​ពី​ ព្រះមហាក្សត្រ ព្រះបាទ​ស្រី​សុរិយោ​ពណ៌​ពី​ការ​ប្រែ​ឈ្មោះ​ខេត្ត​ស​ន្ទុ​ក​ទៅ​ជា​ខេត្ត​ កំពង់ស្វាយ និង​រើ​ទីតាំង​ប្រជុំជន​ខេត្ត​ពី​ឥន្ទ​កុមារ ទៅ​កាន់​ភូមិ​កំពង់ស្វាយ​វិញ ។ ឯ​ព្រះរាជា​ទ្រង់​ក៏​ព្រះ​រាជានុញ្ញាត​តាម​សំណើ​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចៅហ្វាយខេត្ត​ថ្មី​សព្វគ្រប់ ។ រីឯ​ចៅ​មឿង​ទាំង​២៤​ដែល​ត្រូវ​ចំ​ណុំ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចៅហ្វាយខេត្ត​កំពង់ស្វាយ​ថ្មី​នោះ​មាន​ដូច​ខាងក្រោម​នេះ ៖

១-​មឿង​ គោក​សេះ ២-​មឿង​ជីក្រែង ៣-​មឿង​ស្ទោង ៤-​មឿង​ឃ្លាំង ៥-​មឿង​ព្រំ​ទេព ៦-​មឿង​ព្រះ​ខាន់ ៧-​មឿង​ម្លូព្រៃ ៨-​មឿង​ជាំ​ខ្សាន ៩-​មឿង​វា​រី​សែន ១០-​មឿង​ព្រែក​ក្តី ១១-​មឿង​ស​ន្ទុ​ក ១២-​មឿង​កំពង់លែង ១៣-​មឿង​ប្រាសាទដប់ ១៤-​មឿង​កោះកែ ១៥-​មឿង​ត្បែង ១៦-​មឿង​ពស់​រោង ១៧-​មឿង​ត្រឡែងកែង ១៨-​មឿង​ង​ន ១៩-​មឿង​ឈើទាល ២០-​មឿង​សែន ២១-​មឿង​សាន​គ ២២-​មឿង​ជ័យ​សម្បូរ ២៣-​មឿង​កំពូល​ពេជ្រ ២៤-​មឿង​ព្រះ​ប្រសព្វ ។

មឿង​ទាំង​២៤​នេះ ត្រូវ​ឡើង​មក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ទាំងអស់ ហើយ​ក្រោម​ការ​គ្រប់គ្រង​ស្តេចត្រាញ់​ជា​មេទ័ព​ដ៏​ខ្លាំងពូកែ​នេះ តែងតែបាន​សុខក្សេមក្សាន្ត​ចម្រុងចម្រើន​រហូត​មក ។

១២-​ព្រឹ​ត្ត​ ការណ៍ សំខាន់​ៗ នៅ​ចុង​រាជ្យ​ព្រះ​ស្រី​សុរិយោ​ពណ៌ និង​ដើម​រាជ្យ​ជ័យ​ជេដ្ឋា​ទី​២ (​ព្រះ​ស្រី​សុរិយោ​ពណ៌​សោយរាជ្យ​បាន​២៨​វស្សា ទ្រង់​សុគត​នៅ គ្រឹ​ស្ត​សករាជ ១៦២៩ ទ្រង់​ថ្វាយ​រាជសម្បត្តិ​ទៅ​ព្រះរាជបុត្រ​នាម ជ័យ​ជេដ្ឋា​ទី​២)

នៅ​ក្នុង​រាជ្យ​របស់​ព្រះមហាក្សត្រ​ថ្មី គឺ​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ នេះ​មាន​ព្រឹ​ត្ត​ការណ៍ សំខាន់​ៗ ដែល​គួរ​លើក​មក​ជម្រាប​ជូន​អស់លោក​អ្នក​អាន មាន​ដូច​ជា​៖

១-​ការ​ ចងសម្ព័ន្ធ​មិត្ត​ជាមួយ​ស្តេច ក្រុង​ហ្វេ (​យួនអាណ្ណាម​) ដោយ​រៀប​អភិសេក​ព្រះបាទ​ជ័យ​ជេដ្ឋា ជាមួយ​អ្នក​ម្នាង​ចូ​វ រាជបុត្រី​ព្រះ​ចៅ​អណ្ណាម ជា​រាជទេពី ។

២-​សម្ព័ន្ធភាព​ផ្សារ​សាច់ឈាម​នេះ មាន​គោលបំណង​ពង្រឹង​ផ្នែក​យោធា នយោបាយ សំដៅ​ទប់ទល់​នឹង​ការ​វាតអំណាច​របស់​សៀម ។

៣-​លើក​រាជធានី​ពី​ក្រុង​ល្វាឯម មក​តាំងនៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ។

៤-​ស្តេច​យួនអាណ្ណាម​ស្នើ​សុំ​ខ្ចី​ដី​ខេត្ត កោះក្របី (​ព្រៃនគរ «​សៃ​ហ្គ​ន​» ក្រុង​ហូ​ជី​មិ​ញ​) ។
ក្នុង​រយៈពេល​៥​ឆ្នាំ​ដើម្បី​ហ្វឹកហាត់​ក្បួន​យុទ្ធសាស្ត្រ​ដល់​សេនា​ទាហាន​សម្រាប់​ទប់ទល់​នឹង​ការ​ឈ្លានពាន​របស់​ចិន (១៦២១) ។
៥- ​ព្រះ​ចៅ​ក្រុង​ទេព​បុរី​ស្រី​អយុធ្យា ព្រះ​នាម ថៃ​ណា លើកទ័ព​មក​ឈ្លានពាន ដោយ​អាក់អន់​ចិត្តនឹង​ខ្មែរ ចងសម្ព័ន្ធភាព​ជាមួយ​ស្តេច​យួនអាណ្ណាម (១៦៣២) ។

១៣- ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​និង​សង្គ្រាម​កម្ចាត់ទ័ព​សៀម​ឈ្លានពានដូច​មាន​ចែង​ នៅ​ក្នុង​ព្រឹ​ត្ត​ការណ៍​ទី​៥​ខាងលើ​ស្រាប់ នៅ​ពេល​ដែល​ព្រះ​ជ័យ​ជេដ្ឋា​ទី​១ ទើបនឹង​សោយរាជ្យ​បាន​តែ​៣​ឆ្នាំ​នោះ ព្រះ​ចៅ​ថៃ​ណា ជា​ព្រះ​ចៅ​ក្រុង​ទេព​បុរី​ស្រី​អយុធ្យា​(​ដំបូង​ឡើយ​ព្រះ​ចៅ​ថៃ​ណា​ជា​ រាស្ត្រ​សាមញ្ញ បាន​បួស​ជា​ភិក្ខុ
ហើយ​មាន​ងារ​ជាម​ហា​ភិ​មន្ត​(​មហា​ វិមល​) ។ លុះ​ក្រោយមក​ពេល​ដែល​ស្តេច​នរេន្ទ្រ​សូរ ដែល​វាយ​បែក​បន្ទាយលង្វែក​សុគត​ទៅ ព្រះ​អនុជ​ព្រះ​នាម​ឯកា​ទស​រដ្ឋ ឡើង​សោយរាជ្យ​ស្នង ។

ទទួល​ពេល​នោះ​ដោយ​មាន​សិស្សគណ​គាំទ្រ​ច្រើន មហា​វិមល​ក៏​លាចាក​សិក្ខាបទ ហើយ​លើកទ័ព​មក​ធ្វើ​គត​ព្រះ​ចៅ​ឯកា​ទស​រដ្ឋ រួច​ក៏​ឡើង​សោយរាជ្យ ហើយ​តាំងខ្លួន​ជា​ព្រះ​ចៅ​ថៃ​ណា​)  ក៏​ប្រុងប្រៀប​នឹង​លើកទ័ព​មក​លុកលុយ​រាតត្បាត​ប្រទេស​កម្ពុជា ដោយ​មូលហេតុ​មិន​សប្បាយ​ចិត្តនឹង​ព្រះមហាក្សត្រ​ខ្មែរ ងាក​ទៅ​ចង​ស្ពាន​មាន​មេត្រី​នឹង​ព្រះ​ចៅ​ក្រុង​អាណ្ណា​ម​(​យួន​) ។ ការ​លើកទ័ព​មក​ពេល​នេះ ចាត់​ទុកដូចជា​ស្តេច​សៀម មក​ផ្ចាញ់ និង​ដាក់ទោស​ទណ្ឌ​ខាង​ផ្លូវ​យោធា ក្នុង​ទ្រង់ទ្រាយ​ធំ​ក្រៃ​លែង ។

សម្តេចព្រះ ​ចៅ​ថៃ​ណា ដោយ​មាន​មតិ​គាំទ្រ ជា​ឯកច្ឆន្ទ​ពី​អស់​សេនា​មន្ត្រី​ដ៏​ខ្លាំងក្លា​ផង ក៏​ទ្រង់​ត្រាស់​បញ្ជា​ឱ្យ​កែន​កងទ័ព​បាន​ចំនួន​១០០.០០០​នាក់ ដំរី​៣០០ សេះ​៥៤០ ហើយ​ទ្រង់​បាន​ចាត់​ឱ្យ​វរជន​ខាង​សឹកសង្គ្រាម ដូច​ខាងក្រោម​នេះ​ឱ្យ​រៀបចំ​ទ័ព​គឺ ៖

១-​ចៅពញា​រាជ​សង្គ្រាម និង​អស់​សេនា​សេនី​នាំ​រេហ៍ពល ១០.០០០​នាក់​ជា​ទ័ព​មុខ ។
២-​ចៅហ្វាយស្រុក​សុវណ្ណ សួគ៌​៌ា​លោក (​សុវណ្ណ​ខៈ​លោក​) នាំ​ពល​៥.០០០​នាក់​ជា​ទ័ព​ស្តាំ ។
៣-​ចៅហ្វាយស្រុក​នគរបុរី និង​ក្រមការ​នាំ​ពល​៥.០០០​នាក់​ជា​ទ័ព​ឆ្វេង ។
៤-​ចៅហ្វាយស្រុក​នគររាជ នាំ​ទ័ព​៥.០០០​នាក់ ជា​ទ័ព​ក្រោយ ។
៥-​ចៅហ្វាយស្រុក​ពិ​បុល​ទេព​ក្សត្រាធិបតី នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ស្បៀង ។
៦-​ចៅហ្វាយស្រុក នគរ​នាយ​បុរី និង​ក្រមការ​នាំ​ពល​៥.០០០​នាក់ ជា​យោ​ក្បា​ត់​ទ័ព ។
៧-​ឯ​កងទ័ព​ហ្លួង​ព្រះ​ចៅ​ថៃ​ណា​ព្រះ​អង្គ​នាំ​ពល ២៥.០០០​នាក់ ។
៨- ​ចៅហ្វាយស្រុក​បស្ចិម​បុ​រ និង​ក្រមការ​នាំ​ពល​៥.០០០​នាក់​ជា​ទ័ព​កង​ក្រវែល (​ឯ​ទ័ព​សល់​ពី​នេះ​ទាំង​ប៉ុន្មាន​ត្រូវ​ចាត់ជា​ទ័ព​បម្រុង​) ។

រៀប ​ទ័ព​រួចរាល់​ស្រេចបាច់​ហើយ មហាមន្ត្រី​រៀប​ស្វេតច្ឆត្រ​៩​ជាន់ ចង​លើ​ខ្នង​ព្រះ​ទីនាំង​គជេន្ទ្រ (​ដំរី​) បាំង​សែត បាំងសែង​ព្រះ​សុរិយា​ចា​ម៉​រ បៃ​ម៉​ន សែនត្វាន់ ។ ពល​ទាហាន​៥០០​នាក់ កាន់​គ្រឿង​សស្ត្រាវុធ ដើរ​អម​ជើងព្រះ​ទីនាំង មាន​ទាំង​ដំរី​ចម្លង​សឹក​ហែហម​ផង ។ មន្ត្រី​ជិះ​កណ្តាល រាំក្បាច់​កន្ទុយ​មយូ​រ៉ា សម្រាប់​រាំ​បោក​បង្គាប់​ពល (​បែប​នេះ​គឺជា​របៀបរបប​រៀបចំ​សម្រាប់​ចូល​ប្រយុទ្ធ​ក្នុង​សមរភូមិ​នៃ​ ព្រះរាជា​ពី​ជំនាន់​ដើម​) ។ លុះ​បាន​ឫកពា​ពេលា​ល្អ​ហើយ ព្រះ​ចៅ​ថៃ​ណា ចូល​ស្រង់​ព្រះ​វា​រី​ទ្រង់គ្រឿង​រាជ្យ រឿណរង្គ​បញ្ចង់​ថ្លៃថ្លា ទ្រង់​មហា​មាលា​ដាំ​ពេជ្រ ឆ្លុះ​លេច​បរិសុទ្ធ ទ្រង់​នូវ​អាវុធ​មុត​ថ្លា ឡើង​គង់​លើ​គជសារ (​ដំរី​) ក្រោម​មហា​ស្វេតច្ឆត្រ ។ ហោរា​គោះគង ទូង​ភេរី (​ស្គរ​) សេនា​ទាហាន​បន្លឺ​សម្រែក​ហ៊ោ ឮ​សូរ​គឹកកង​រំពង ជា​កិច្ច​ផ្តើម​ចេញដំណើរ​ទ័ព​តម្រង់​ឆ្ពោះទៅ​ចុង​ព្រំដែន​លាវ ហើយ​ចុះ​តម្រង់​មក​ក្រុង មឿង​ម្លូព្រៃ ជាំ​ខ្សាន ជ្រៃ​សម្បូរ កំពូល​ពេជ្រ (​មឿង​ខ្មែរ​នៅ​ព្រំដែន​ខាងជើង​) ។ គ្រានោះ ចៅ​មឿង​ខ្មែរ​ទាំង​៤​ក៏​ធ្វើ​លិខិត​ប្តឹង​មក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ​តាម​ដំណើរ ដែល​សៀម​លើកទ័ព​មក ។ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ក៏​បក​សំបុត្រ​ចាត់​ឱ្យ​បម្រើ​ជិះសេះ​នាំ​មក​ប្តឹង​សេនាបតី នា​ក្រុង​ឧដុង្គ​មាន​ជ័យ ដែល​នាំ​យកសារ​ពី​ខេត្ត​កំពង់ស្វាយ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ហ្លួង​អ​ ម្ចាស់ជីវិតលើត្បូង ទ្រង់​ជ្រាប​គ្រប់​ប្រការ ។

ព្រះមហាក្សត្រ​បរម​ ជ័យ​ជេដ្ឋា ត្រាស់​បង្គាប់​ឱ្យ​សេនាបតី​តែង​សំបុត្រ​បង្គាប់​ទៅ​ចៅហ្វាយស្រុក​ខេត្ត​ កំពង់ស្វាយ ឱ្យ​ប្រាប់​ទៅ​ចៅ​មឿង​ទាំង​២៤​កេណ្ឌ​ទ័ព រួច​ហើយ​បង្កប់ទ័ព​ក្នុង​ព្រៃ​ទាំង​សងខាង​ផ្លូវ ។ ទ្រង់​បញ្ជា​ឱ្យ ៖

-​ចៅហ្វាយស្រុក​ខេត្ត​បារាយណ៍ ជា​កង​ជន្ល​ទ័ព​សៀម​បញ្ឆោត​ឱ្យ​ដេញ​មក​ត្រង់​ព្រៃ​ចម្ការលើ​។

- ​ចៅហ្វាយស្រុក​នគរវត្ត​ឱ្យ​លើកទ័ព ទៅ​ព័ទ្ធ​ពីក្រោយ​ទ័ព​សៀម រួច​ហើយ​ទ្រង់​កំណត់​ថា បើ​ទ័ព​ហ្លួង​លើក​ទៅ​ដល់​កាលណា កាលបើ​ឮ​ស្នូរ​កាំភ្លើង​ធំ​ជា​សញ្ញា​ហើយ​នោះ ត្រូវ​លើកទ័ព​សំរុក​វាយ​ផ្ទប់​គ្នា​កុំឱ្យ​សៀម​រត់​រួច ។ ទ្រង់​ព្រះ​តម្រិះ​ចាត់ចែង​ក្បួន​យុទ្ធសាស្ត្រ​យ៉ាងនេះ​ហើយ ព្រះ​អង្គ​ក៏​ត្រាស់​ចាត់​ឱ្យ​នាយ​សារ​ជិះសេះ​ទៅ​ប្រាប់​ចៅហ្វាយស្រុក​ នគរវត្ត និង​ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ ឱ្យ​ទទួល​ធ្វើ​តាម​ព្រះរាជ​បញ្ជា​គ្រប់​ប្រការ ។

ចំណែក​ខាងក្នុង​ ព្រះ​នគរ​ឯណោះ​វិញ ហ្លួង​អម្ចាស់​ជីវិត​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​កេណ្ឌ​ទ័ព​ឱ្យ​បាន​ចំនួន​ ៥០.០០០​នាក់ ដំរី​១០០ សេះ​៥០០ ក្របី​៥០០ ។ លុះ​ទ័ព​បាន​ទៅ​មូល​ជួបជុំ​គ្នា​ហើយ ទ្រង់​ចាត់​នាយកង នាយ​ទ័ព​បំពេញ​មុខងារ​ដូច​តទៅ​នេះ ៖

១-​សម្តេច​ចៅហ្វាយ​ទឡ្ហៈ​សមូហ​នាយក សម្តេចព្រះ​រាជបុត្រា និង​ឧកញ៉ា​វាំង​ឱ្យ​បញ្ជា​ទ័ព​នៅ​រក្សា​ព្រះ​នគរ ។
២-​ឧកញ៉ា​ចក្រី​១ ចៅហ្វាយស្រុក​ត្បូងឃ្មុំ​១ ចៅហ្វាយស្រុក​កំពង់សៀម​១ ព្រមទាំង​ក្រមការ​នាំ​ពល​១០.០០០​នាក់ ជា​ទ័ព​មុខ ។
៣-​ឧកញ៉ា​យមរាជ និង​ចៅហ្វាយស្រុក​បាភ្នំ នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ស្តាំ ។
៤-​ឧកញ៉ា​ក្រឡាហោម និង​ចៅហ្វាយស្រុក​ពោធិ៍សាត់ នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ឆ្វេង ។
៥-​សម្តេចចៅពញា និង​ចៅហ្វាយស្រុក​លង្វែក​នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ក្រោយ ។
៦-​ឧកញ៉ា​សង្គ្រាម​ភោ​ជ​នា និង​ចៅហ្វាយស្រុក​សំរោង​ទង នាំ​ពល​៥.០០០​នាក់ ជា​ទ័ព​ស្បៀង ។
៧-​ឧកញ៉ា​វង្សាអគ្គរាជ និង​ចៅហ្វាយស្រុក​កំពង់សៀម នាំ​ពល​ខេត្ត​កំពង់សៀម​៥.០០០​នាក់ ជា​កង​ក្រវែល​ខាងស្តាំ ។
៨-​ឧកញ៉ា​រាជតេជះ និង​ចៅហ្វាយស្រុក​ព្រៃវែង នាំ​ពល​ខេត្តព្រៃវែង​៥.០០០​នាក់ ជា​កង​ក្រវែល​ឆ្វេង ។
៩- ​កងទ័ព​ចៅហ្វាយស្រុក​ខេត្ត​ទ្រាំង និង​ចៅហ្វាយស្រុក ក្រោម​នាយ (​ខេត្ត​ប៉ែក​ខាងត្បូង​នៃ​កម្ពុជា (​កម្ពុជា​ក្រោម​សព្វថ្ងៃ​) ទាំងអស់​ឱ្យ​ចូល​ក្នុង​ទ័ព​ហ្លួង ។ ទ្រង់​បាន​ត្រាស់​បញ្ជា​ឱ្យ​ចម្លង​ទ័ព​ពលដំរី សេះ ក្របី ទៅ​រៀប​ទ័ព​នៅ​ត្រើយ​ខាងនាយ​ព្រែក​ក្តាម នា​ខេត្ត​ត្បូង​កំពង់ហ្លួង ។

លុះ ​បាន​ឫកពា​ពេលា​ល្អ​ប្រកបដោយ​ជ័យ​មង្គល​ហើយ ព្រះ​បរមនាថ​បរមបពិត្រ​ម្ចាស់ជីវិត​ចូល​ស្រង់​ព្រះ​វា​រី ទ្រង់គ្រឿង​រាជ្យ រឿណរង្គ​រណសិរ្ស​យុទ្ធ​បរិសុទ្ធ​នូវ​ព្រះ​មាលា​រស្មី​ពេជ្រ ផ្លេក​ៗ​ឆ្លុះ​ចាំង​សែង​សុរិយា ។ ព្រះរាជ​ហោរា​ពិនិត្យ​ជាន់​ឆាយា (​ពេលា​ល្អ​គិត​យក​តាម​ស្រមោល​ព្រះអាទិត្យ​) ឃើញ​បាន​នូវ​មហា​ជ័យ​ឫក​ហើយ ក៏​គោះគង​ទូងស្គរ​ឱ្យ​ជា​សញ្ញា ។ សម្តេចព្រះ​ភូធរ (​ស្តេច​) ឡើង​គង់​លើ​យា​នុ​មាស​(​គ្រែស្នែង​ទឹបមាស​សម្រាប់​ស្តេច​គង់​ធ្វើ​ដំណើរ​ដោយ ​មាន​អ្នក​សែង​៤ ឬ​៦​នាក់​) ស្អាងស្អាត​មហស្ចារ្យ ។ មន្ត្រី​កាន់​កន្ទុយ​យូ​រា (​ក្ងោក​) ក៏​រាំ​បោកបក់​ទៅ​មុខ ។ សេនា​ពួក​ពល​សាកល​យោធា​តាំង​ស្រែក​ហ៊ោយកជ័យ ធ្វើ​ដំណើរ​ព្យុហយាត្រា​ឆ្ពោះទៅ​កំពង់ហ្លួង ។ ទ្រង់​ក៏​ចុះ​គង់​ក្នុង​ព្រះ​ទីនាំង​នាវា​ឆ្លង​ទៅ​ត្រើយនាយ​កំពង់​ព្រែក​ ក្តាម ។ តំណ​ពី​នោះ អស់​សេនា​សេនី​ក៏​យាង​ស្តេច​ឡើង​គង់​លើ​ព្រះ​ទីនាំង​គជេន្ទ្រ (​ដំរី​) ។ យោធា​ពាក់អាវ​ក្រហម​កាន់​គ្រឿង​សស្ត្រាវុធ​១.០០០ ដើរ​ហែ​អម​ជើងដំរី​ព្រះ​ទីនាំង ។ ពល​សេនា​រៀប​ជា​ទ័ព​មុខ ទ័ព​ក្រោយ​ឆ្វេង​ស្តាំ និង​ទ័ព​កង​ក្រវែល ទាំង​ពីរ​កង​ចេញដំណើរ​ទៅ​ដល់​ជិត​ព្រៃ​ចម្ការលើ ។ នៅ​ទីនោះ​ទ្រង់មាន​ព្រះរាជ​បញ្ញា ឱ្យ​លើក​បន្ទាយ​រាយ​ទ័ព​ជា​៧​កង បោះទ័ព​ចាំ​ស្តាប់​រាជការ​សឹក (​ឋានានុក្រម​នៃ​ពពួក​សេនា​យោធា​តាម​ពួក​តាម​ថ្នាក់​ក្នុង​សមរភូមិ​) ។

ចំណែក ​ទ័ព​សៀម ដែល​លើក​ចូល​មក​ក្នុង​ដែនកម្ពុជា ក៏​បាន​ពើបប្រទះ​នឹង​កង​ជន្ល​របស់​ចៅហ្វាយស្រុក​មហានគរ (​សៀមរាប​) និង​ទ័ព​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ដែល​រាយ​បណ្តាក់​គ្នា​បង្កប់​តាម​ព្រៃ​អម​ផ្លូវ តាំងពី​ព្រំប្រទល់​ដែន​សៀម​-​ខ្មែរ​រៀង​មក ។

លុះ​ឃើញ​ទ័ព​សៀម​ចូល​ មក​ដល់​ដែនដី​ខ្លួន​ហើយ ទ័ព​ខ្មែរ​ក៏​លើក​ចូល​ទៅ​ច្បាំង​ទប់ទល់ តែ​ក្លែង​ធ្វើ​ឧបាយកល​ជា​ចាញ់ រត់​ដោះដៃ​ថយ​មក ទុក​ឱកាស​ឱ្យ​ទ័ព​បង្កប់​នៅ​តាម​ដំណាក់​ជា​បន្តបន្ទាប់​ទទួល​ច្បាំង ហើយ​ចេះ​តែ​ធ្វើ​ជា​ចាញ់​ដៃ​រត់​ដកថយ ត​ៗ​មក​ទៀត ។ ទ័ព​សៀម​ពុំ​បានដឹង​ពី​ឧបាយកល​របស់​ខ្មែរ គិត​ស្មានថា​ទ័ព​ខ្មែរ​ចាញ់​មែនទែន ក៏​ចេះ​តែ​សម្រុក​ដេញ​តាម​រហូត​ដល់​ព្រៃ​ចម្ការលើ ។ លុះ​បាន​មក​ប្រទះ​នឹង​ទ័ព​ចៅហ្វាយស្រុក​ខេត្ត​បារាយណ៍ បញ្ជា​ដោយ​ពញា​ស្រែន្យ​ខាំ​ហ្វា ក៏​បាន​ដកទ័ព​ថយ​មក​ដល់​ចម្ការលើ​មួយ​ផ្នែក​ទៀត ។ នៅ​ទីនោះ កងទ័ព​សៀម​ត្រូវ​ផឹកទឹក​ជ្រោះ ទឹកអូរ នា​ព្រៃ​ចម្ការលើ កើត​ជំងឺគ្រុនចាញ់​ស្លាប់​អស់​ប្រមាណ​ជិត​ពាក់កណ្តាល ។ ទាហាន​ដែល​ជាប់រវល់​ព្យាបាល​ជំងឺ​យុទ្ធ​មិត្ត ពុំ​បាន​ប្រុង​ប្រយ័ត្ន​យាមល្បាត​ឱ្យ​ដិត​ដល់​ឡើយ ។ ខណៈនោះ ទាហាន​កង​ក្រវែល​ខាង​ខ្មែរ ទាំង​ពីរ​កង រួម​ទាំង​កង​ជន្ល​ផង ក៏​លើក​ទៅ​បាញ់​រំខាន​ទ័ព​សៀម​ដែល​តាំងនៅ​ក្នុង​ព្រៃ​នោះ​អស់​រយៈពេល​២​ទៅ​៣ ​ថ្ងៃ ។

ព្រះ​ចៅ​ថៃ​ណា ទ្រង់​ត្រាស់​ប្រាប់​សេនា​សេនី​នាយ​ទ័ព ធំ​ៗ​ថា ៖ «​យើង​ទ្រាំ​នៅ​ក្នុង​ព្រៃ​នេះ​តទៅ​ទៀត​មិន​បាន​ទេ ព្រោះ​ទ័ព​យើង​ឈឺ និង​ស្លាប់​អស់​ច្រើន​ណាស់ ថែម​ទាំង​មាន​ទ័ព​ខ្មែរ មក​លប​បាញ់​ឥត​លស់​ពេល​ទៀត ដូច្នេះ​យើង​គួរតែ​ថត​ត្រឡប់​ទៅ​ក្រោយ​វិញ​» ។ តាម​រយៈផ្លូវ​ទ័ព​សៀម​ថយ​ទៅ​ជួបនឹង​ទ័ព​ចៅហ្វាយស្រុក​ខេត្ត​នគរវត្ត ចៅហ្វាយស្រុក​ខេត្តបាត់ដំបង ត្រូវ​កងទ័ព​ទាំង​ពីរ​ខេត្ត​នេះ​វាយ​ផ្ទប់​ពី​ខាងក្រោយ ។ ទ័ព​សៀម​ទប់ទល់​ពុំ​បាន ក៏​ចែកផ្លូវ​គ្នា មួយ​ផ្នែក​ទៅ​ស្តាំ មួយ​ផ្នែក​ទៅ​ឆ្វេង ។ ជា​អកុសល​ទ័ព​បំបែក​នេះ ក៏​បាន​ទៅ​ប្រទះ​នឹង​ទ័ព​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ដែល​បញ្ជា​ឱ្យ​ទ័ព​ចៅ​មឿង​ទាំង​១៣​ស្រុក ទៅ​បង្កប់​ចាំ​នៅ​ក្នុង​ព្រៃ ។ ទ័ព​សៀម​ដែល​កំពុង​ទាល់ច្រក ក៏​ត្រូវ​ទ័ព​បង្កប់​ខ្មែរ​បាញ់​សន្ធាប់​ផ្ទប់​មក​ពី​សងខាង ។ ក្នុង​កាលៈទេសៈ​ដ៏​សែន​អាសន្ន​នេះ ព្រះ​ចៅ​ថៃ​ណា ស្តេច​សៀម​ស្រែក​បញ្ជា​ទៅ​ពួក​ពល​សេនា​ថាៈ «​គ្រានេះ​យើង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ខ្លាំង​ណាស់ ចូរ​អ្នក​ទាំងអស់​គ្នា​ខំប្រឹង​ប្រយុទ្ធ​តស៊ូ​ឱ្យ​បាន​ខ្លាំងក្លា​ឡើង បើ​ពុំនោះ​ទេ​យើង​នឹង​ស្លាប់​ទាំងអស់​គ្នា​ជា​មិន​ខាន ។ យើង​ត្រូវ​ប្រមូល​កម្លាំង​វាយ​ទម្លាយ​ទៅ​ទិស​ខាងត្បូង​ដើម្បី​ទៅ​ឡោម​យក​ ក្រុង​ឧដុង្គ ឱ្យ​ទាល់តែ​បាន​» ។ ជា​យុទ្ធវិធី ទ័ព​ខ្មែរ​ត្រូវ​បើក​ច្រក​ឱ្យ​ទ័ព​សៀម​ចេញ​បាន​ទៅ​ទិស​ខាងត្បូង​តាម​បំណង​ របស់​គេ ។ ទ័ព​សៀម​ពុំ​ដឹង​កិច្ចកល ចេះ​តែ​លើក​សំរុក​ដេញ​តាម​ប្រហារ​ទ័ព​ខ្មែរ​រហូត​មក​ប៉ះ​នឹង​ទ័ព​ហ្លួង​ដែល​ ត្រៀមចាំ​ទាំង​៧​កង ។ មួយ​រំពេច​នោះ​ហ្លួង​អម្ចាស់​ជីវិត ត្រាស់​បង្គាប់​ឱ្យ​ទាហាន​បាញ់កាំភ្លើង​ធំ​ជា​សញ្ញា ។ ទ័ព​ខ្មែរ​គ្រប់​កង​ដែល​បង្កប់​ក៏​ចេញ​ម្នីម្នា​ពី​ក្នុង​ព្រៃ ព្រួត​គ្នា​វាយ​ផ្ទប់​ពី​គ្រប់​ទិស ដោយ​សៀម​ពុំ​បានដឹង​ខ្លួន​ជា​មុន ។ ទ័ព​សៀម​ចុះ​ខ្សោយ​ដោយ​ស្លាប់​នឹង​ជំងឺ​គ្រុន​ខ្លះ ដោយ​កំពុង​កើត​ជំងឺគ្រុនចាញ់​ខ្លះ (​ឈឺ​អស់​៣​សួន ស្លាប់​អស់​១​សួន​) នៅ​សល់​តែ​ជាង​២​សួន​(​ភាគ​, ចំណែកៈ ប្រើ​សម្រាប់​គិត​គណនា​រាប់​ចំនួន​សេនា​ទាហាន ដោយ​ទាហាន​មាន​ច្រើន​រាប់​ម៉ឺន​សែន លាន​នោះ គេ​ពិបាក​រាប់​ចំនួន​តាម​ការ​ប្រើ​តួលេខ​ណាស់ គេ​រាប់​ម៉ៅ​ជា​សួន​វិញ គឺ​គិត ស្មាន​ៗ ជួនកាល​គេ​វាល់​ពល​ក្នុង​ដី​ធ្លា​១​ធំ គិត​ជា​សួន​)  ពុំ​មាន​លទ្ធភាព​នឹង​តទល់​ជាមួយ​ទ័ព​ខ្មែរ​បាន​ឡើយ ។ ដោយ​ទ័ព​ខ្មែរ​មាន​ចំនួន​ច្រើន​ជាង ហើយ​ឃើញ​ទ័ព​សៀម​ធ្លាក់​ក្នុង​ស្ថានភាព​យ៉ាប់យ៉ឺន​យ៉ាង​ខ្លាំង ទ័ព​ខ្មែរ​វាយលុក​ចូល​ប្រឡូក​កាប់​ចាក់​ទាហាន​សៀម​ឥត​ត្រា​ប្រណី​ឡើយ ។ ទ័ព​សៀម ណាមួយ​ស្លាប់​នឹង​អាវុធ​ខ្លះ ណា​ស្លាប់​ដោយ​ត្រូវ​ដំរី ក្របី ដេញ​ព្រេច ណា​ស្លាប់​នឹង​ជំងឺគ្រុនចាញ់ ជា​បន្តបន្ទាប់ គិត​ជា​សរុប​នៅ​សល់​តែ​ជាង​១០.០០០​នាក់​ប៉ុណ្ណោះ​។ គួរ​ឱ្យ​អាម៉ាស់​ណាស់ ទ័ព​សំណល់​ទាំងនោះ​ក៏​បាក់​ទាំង ផ្ទាំង​ៗ​រត់​បែកខ្ញែក​គ្នា​ចោល​ជួរ​ចោល​មេបញ្ជាការ ។

សូ​ម្បី​តែ​ ព្រះ​ចៅ​ថៃ​ណា​ជា​ស្តេច ក៏​ភ័យ​ស្លន់ស្លោ​ចុះ​ពីលើ​ខ្នង​ដំរី មក​គង់​សេះ​ជិះ​បំផាយ​ភៀសខ្លួន ពី​ការ​ចោមរោម​វាយប្រហារ​របស់​ទ័ព​ខ្មែរ ។ មាន​តែ​សេនា ជំនិត​ៗ​ចំនួន​ប្រមាណ​ជា​១០០​នាក់​ប៉ុណ្ណោះ ដែល​តាម​ហែហម​ការពារ​ព្រះ​អង្គ​ក្នុង​គ្រាអាសន្ន​នេះ ។ ក្រៅពី​នេះ ទ័ព​ដែល​លង់​ក្នុង​ការ​ហ៊ុម​ព័ទ្ធ​របស់​សេនា​ទាហាន​ខ្មែរ​ជាង​២០.០០០​នាក់ ត្រូវ​ចាប់​បាន​ទាំង​រស់ ឯ​អ្នក​ស្លាប់ និង​ពិការ​មាន​ប្រមាណ​២០.០០០​នាក់ ។ ចំណែក​ដំរី សេះ ស្បៀងអាហារ សស្ត្រាវុធ​របស់​សៀម​ទាំង​ប៉ុន្មាន ត្រូវ​កងទ័ព​ខ្មែរ​រឹបអូស​យក​បាន​ទាំងអស់ ហើយ​នាំ​យក​មក​បង្គំ​ទូល​ថ្វាយ​ព្រះ​បរមបពិត្រ​ព្រះ​ជ័យ​ជេដ្ឋា ។ ព្រះ​អង្គ​ទ្រង់​អំណរ​នឹង​ជ័យ​ភណ្ឌ ក៏​ដូច​ជា​ជ័យជម្នះ​លើ​ទ័ព​សៀម​នេះ​ណាស់ ។

ប៉ុន្តែ​ក្នុង​ចំណោម​មេទ័ព ធំ​ៗ​ទាំង​ប៉ុន្មាន ដែល​មក​ជួបជុំ​អបអរ​នឹង​ជ័យជម្នះ ព្រះ​អង្គ​ទតព្រះនេត្រ​ទៅ​បាត់​ពុំ​ឃើញ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ដែល​ជា​ក្រ​ស័​ត្រ​សឹក​នោះ​ឡើយ ។ ព្រះ​អង្គ​ទ្រង់​ព្រួយ​ក្នុង​ព្រះ​ទ័យ​ណាស់ ទើប​ទ្រង់​ត្រាស់​ចាត់​បម្រើ​ឱ្យ​តាម​រក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ។ ក្នុង​ចំណោម​មេទ័ព​ដែល​បាត់​ខ្លួន​ជាមួយនឹង​ក្រ​ស័​ត្រ​សឹក មេទ័ព​ដ៏​ខ្លាំងពូកែ​អស្ចារ្យ​នោះ​រួម​មាន ៖

១-​ឧកញ៉ា​រាម​រាជ​តេ​ជោ (​យ៉​ត​)
២-​ក្រៃស សេនា​តេ​ជោ (​ពោ​)
៣-​ក្រៃស អ​ញ្ជិ​ត​តេ​ជោ (​ឡោ​)
៤-​ចៅ​មឿង​ព្រំ​ទេព (​កែវ​)
៥-​ចៅ​មឿង​ប្រាសាទដប់ (​សូ​)
៦-​ចៅ​មឿង​កោះកែ (​ពេជ្រ​)

ដោយ ​ប៉ាន់ស្មាន​ដឹង​ទុកជា​មុន​ថា ទ័ព​ខ្មែរ​ពិតជា​ឈ្នះសត្រូវ​សៀម​ហើយ វរជន​ទាំង​៦​នាក់ ព្រម​ជាមួយនឹង​ក្រ​ស័​ត្រ​សឹក ក៏​ស្រូតរូត​ដំណើរ​នាំ​ទ័ព​ទៅ​ចាំ​ស្ទាក់​ទាហាន​បាក់ទ័ព​សៀម និង​ស្តេច​របស់​គេ​នៅ ក្បែរ​ៗ​តំបន់​ព្រំដែន ។ កាលបើ​ដឹង​ថា​ទ័ព​ខ្មែរ​ដេញ​ស​ង្ខើ​ញ​ប្រផិតប្រផើយ​ហើយ ទាហាន​សៀម​សេសសល់​ទាំង​១០០​នាក់ នោះ​ក៏​បញ្ជា​ឱ្យ​សេនា ចំណាប់​ៗ១១​នាក់ នាំ​គ្រឿង​រតនវត្ថុ​មាន​តម្លៃ​រក​អ្វី​ប្រៀប​គ្មាន​នោះ​ដែល​មាន​ដូច​តទៅ ៖

១-​ព្រះ​អុង​មា​ក (​ជា​ភាសា​សៀម មិនដឹង​មាន​ន័យ​ថា​យ៉ាងណា​នោះ​ឡើយ ។ ឬ​មួយ​ជា​ដាវ​សម្រាប់​ស្តេច ? )
២-​ព្រះ​កៅ​ទ័​ណ្ឌ (​ធ្នូ​) មាស​ដាំ​ពេជ្រ
៣-​ពានព្រះស្រី​(​ជើងពាន​សម្រាប់​ដាក់​ស្លា​ម្លូ​ស្តេច​) មាស​ដាំ​ពេជ្រ
៤-​ពាន​ព្រះ​ឈុ​ន​មាស​ដាំ​ពេជ្រ (​ជើងពាន​ដាក់​គ្រឿងអលង្ការ​ស្តេច​)
៥-​ព្រះ​សែង (​ដាវ​) ស្រោម​មាស​ដាំ​ពេជ្រ
៦-​ព្រះ​សែន (​ដាវ​ស្រោម​ទ​ង្វា​ដាំ​ពេជ្រ​)
៧-​ព្រះ​សែន​សួន (​កាំបិត​បង្កប់​) ទៀន​មាស​ដាំ​ពេជ្រ
៨-​ទម្រង់​ព្រះ​អគ្គី (​កាំភ្លើង​) ក្រមមាស​(​ពីរ​)
៩-​លំពែង​មុខ​បី (​ត្រីសូល៍​) មៀន​មាស​ដាំ​ពេជ្រ (​ពីរ​)

វត្ថុ ​សម្រាប់​រាជ​ដ៏​មាន​តម្លៃលើស​លុប​ទាំងនោះ ត្រូវ​បាន​ប្រគល់​ឱ្យ​ទាហាន​បណ្តោះ​នាំ​រត់​ជម្លៀស​យ៉ាង​លឿន ក្នុង​បំណង​សង្គ្រោះ​ឱ្យ​រួច​ផុត​ចាក​ក្តី​អន្តរាយ​ក្នុង​គ្រា​ដ៏​អាសន្ន​ នេះ ។ ឯ​សេនា​ទាហាន​សៀម ដទៃ​ទៀត​នាំ​គ្នា​បំផាយ​សេះ​កាន់​អាវុធ​ការពារ​រតនវត្ថុ​ដ៏​ពិសេស​នេះ ។ ដោយ​ត្រូវ​កងទ័ព​ខ្មែរ​បំបោល​សេះ​ប្រដេញ​យ៉ាង​ប្រកិត ពួក​ទាហាន​សៀម​ដែល​មាន​ភារៈ​រំដោះ​គ្រឿង​សម្រាប់​រាជ្យ​ទាំងនោះ ភិតភ័យ​ស្លន់ស្លោ​យ៉ាង​មហិមា រួច​វា​ក៏​បោះ​របស់​ទាំងអស់ (១១​មុខ​) នោះ​ចោល ហើយ​បំផាយ​សេះរ​ត់យ​ករួច​តែ​ខ្លួន ។ ព្រះ​ចៅ​ថៃ​ណា ទត​ឃើញ​ទាហាន​ព្រះ​អង្គ​នៅ​សល់​តែ​ជាង៥០​នាក់ ទ្រង់​ភិតភ័យ​ពេក​ណាស់ ទើប​ទ្រង់​ដោះ​ព្រះ​មាលា​ដាំ​ពេជ្រ (​ខ្សែ​ក​) ដែល​ទ្រង់​(​ពាក់​) ជាប់​នឹង​ព្រះ​សុ​រង​(​ក​)  ហើយ​ដោះ​គ្រវាត់​ទៅ​ឱ្យ​ពួក​សេនា​ទាហាន​ខ្មែរ ដែល​កំពុង​តែ​ដេញ​តាម​យ៉ាង​ប្រកិត​ជាមួយនឹង​វាចា​ពោល​ដូចនេះ​ថា «​ឯង​យក​របស់​នេះ​ទៅ​ថ្វាយ​ខ្វាម​ឆប​( សេចក្តី​គាប់គួរ​ពេញចិត្ត មាន​ន័យ​ថា​ចូរ​ឯង​យក​វ​ត្តុ​មាន​តម្លៃ​អនេក​នេះ​ទៅ​ថ្វាយ​ស្តេច​ឯង​យក​ សេចក្តី​គាប់គួរ​ចុះ​!)  ។

ខណៈនោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​(​មាស​) ឃើញ​សេនា​ទាហាន​សៀម​បោះចោល​គ្រឿង​រតន​ភណ្ឌ​ទាំង​១១​មុខ​ដូច្នេះ លោក​ក៏​ឈ្វេងយល់​ថា នេះ​គឺជា​ឧ​បា​កល​មួយ​របស់​សត្រូវ ទើប​ស្រែក​ឃាត់​ទាហាន​លោក​កុំឱ្យ​ឈប់​រើស​ឱ្យ​សោះ ត្រូវ​បន្ត​ដេញចាប់​ពួក​វា​ឱ្យ​ទាល់តែ​បាន ។ ប៉ុន្តែ​ទោះ​ស្រែក​ហាម​យ៉ាងណា ក៏​សេនា​ទាហាន​លោក​ឧកញ៉ា​ឈប់​រើស​យក​បាន​វត្ថុ​ទាំងនោះ​រួច​ជា​ស្រេច​អស់​ទៅ ​ហើយ ជា​ហេតុ​ធ្វើ​ឱ្យ​ទាហាន​បាក់ទ័ព​សៀម និង​ព្រះ​ចៅ​ថៃ​ណា (​ស្តេច​សៀម​) ដកឃ្លា​រត់​រួច​ឆ្លង​ដែន​ចូល​ទៅ​ដល់​នគររាជ​សីមា ហើយ​ត្រូវ​បាន​ពួក​ពល និង​ចៅហ្វាយស្រុក​នគររាជ​សីមា​ច្បាំង​រារាំង​ការពារ នាំ​ស្តេច​ខ្លួន​ចូល​ទៅ​ដល់​ដែន​ក្រុង​ទេព​បុរី​អយុធ្យា​ផុត​ទៅ ។ ឧក​ញា​៉​រាម​រាជ​តេ​ជោ (​យ៉​ត​) នឹក​ស្តាយ​ថា «​បើ​យើង​កុំ​តែ​រវល់​ឈប់​រើស​គ្រឿង​សម្រាប់​រាជ្យ​ទាំងនោះ ម្ល៉ោះ​សម​យើង​អាច​ដេញ​ទាន់ និង​ចាប់​សម្លាប់​បាន​ទាំង​ស្តេច​ថៃ​ណា ទាំង​ពួក​សេនា​ជាង​៥០​នាក់ នោះ​ជា​មិន​ខាន​» ។ ប៉ុន្តែ​ពេល​នោះ លោក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​បាន​ពោល​ថាៈ​«​សត្រូវ​ណា​ដែល​ល្ងង់​បែប​ព្រះ​ចៅ​ ថៃ​ណា​នេះ យើង​ត្រូវ​ទុក​ឱ្យ​រស់​ចុះ ! ប៉ុន្តែ​បើ​សត្រូវ​នោះ​វា​ឆ្លាត​វាងវៃ​ខ្លាំងពូកែ​វិញ ទើប​យើង​ត្រូវ​តែ​សម្លាប់ ឬ​ចាប់​វា​ឱ្យ​បាន​!» លុះ​ដេញ​កម្ចាត់​សត្រូវ​ចេញ​ផុត​ពី​ព្រំដែន​សីមា​ហើយ​នោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ក៏​នាំ​យក​គ្រឿង​ពេជ្រ​មាស សម្រាប់​រាជ្យ​របស់​ស្តេច​សៀម ចូល​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​នរបតី​ព្រះ​ជ័យ​ជេដ្ឋា​ទី​II ជា​អ​ម្ចាស់ជីវិតលើត្បូង ។ ព្រះករុណា​ទ្រង់​ព្រះ​អំណរ​ពន់ប្រមាណ ទើប​ទ្រង់​ព្រះ​រាជទាន​រង្វាន់​ឱ្យ​ដល់​ចៅហ្វាយស្រុក ក្រមការ​សេនា​ទាហាន​តាម​គុណ​បំណាច់​តិច​ច្រើន រៀង​ៗ​ខ្លួន ។

លុះ​ បញ្ចប់​កិច្ចការ​សឹកសង្គ្រាម​វាយ​បណ្តេញ​ពួក​សត្រូវ​ឈ្លានពាន​សព្វគ្រប់​ហើយ ព្រះ​អង្គ​ក៏​នាំ​រេហ៍ពល​យាង​វិល​ត្រឡប់​ចូល​រាជធានី​ឧដុង្គ​មាន​ជ័យ​វិញ ។ ឈ្លើយ​សៀមរាប់​ម៉ឺន​នាក់​ដែល​ចាប់​បាន​ក្នុង​គ្រានោះ ព្រះ​អង្គ​ឱ្យឈ្មោះ​ថា សៀម​ចម្ការលើ ព្រោះ​សង្គ្រាម​ធំ​រវាង​នគរ​ទាំង​ពីរ​ប្រព្រឹត្ត​ទៅ​នៅ​ទីនោះ ។ ឈ្លើយ​ទាំងនោះ​មួយ​ចំនួន ត្រូវ​បាន​ចែក​ទៅ​ឱ្យ​សេនា​ទាហាន​ដែល​មាន​ថ្វីដៃ និង​ឱ្យ​នាំ​យក​ទៅ​បម្រើ​តាម​ខេត្ត​ស្រុក​នានា ។ នៅ​ក្នុង​រាជ​ព្រះ​ស្រី​សុរិយោ​ពណ៌​ក្តី ឬ​ក្នុង​រាជ្យ​ព្រះ​ជ័យ​ជេដ្ឋា​ទី​II ជា​រាជបុត្រ​ក្តី សេនា​ទាហាន មានឈ្មោះ​បោះ​សំឡេង​ថ្កុំ​ថ្លើង​កេរ្តិ៍ឈ្មោះ​ល្អ​ប្រសើរ​ណាស់ ដោយសារ​សម្រេច​បាន​ស្នាដៃ​ជ័យជម្នះ​គ្រប់ការ​បង្ក្រាប​ចលនា​ក្បត់ និង​សង្គ្រាម​ឈ្លានពាន​ពី​បរទេស ។ ទាំងនេះ​ក៏​អាស្រ័យ​ដោយ​ព្រះមហាក្សត្រ​គ្រប់គ្រង​ប្រទេស ទ្រង់​ប្រកបដោយ​ទសពិធរាជធម៌ មាន​សមត្ថភាព ត្រូវ​បាន​ប្រជានុរាស្ត្រ​គោរព​ស្រឡាញ់ ។ ហើយ​ជាមួយ​នេះ
ដែរ​អាស្រ័យ​ដោយ ​មាន​មេទ័ព​ខ្លាំងក្លា ប្រកាន់​វិន័យ​ទ័ព​បាន​ខ្ជាប់ខ្ជួន មាន​ទឹកចិត្ត​ស្វាមីភក្តិ​ប្តូរផ្តាច់ ជាមួយ​ព្រះមហាក្សត្រ និង​មាន​ស្មារតី​ស្នេហា​ជាតិ ស្នេហា​រាស្ត្រ​ខ្ពង់ខ្ពស់ បូក​ផ្សំ​ជាមួយ​វីរភាព​អង់អាច មោះមុត របស់​កងទ័ព ពិសេស​អគ្គបញ្ជាការ​ទ័ព ដែល​មាន​ឋានៈ​រហូត​ដល់​ស្តេចត្រាញ់ និង​ក្រ​ស័​ត្រ​សឹក ដូច​តេ​ជោ​បុ​រា​រាជ មាស នេះ​ជាដើម ។

១៤-​ប្រតិបត្តិការ​សឹក​បង្ក្រាប​ស្តេច​សម្រែ​រាជា
នៅ ​អំឡុង​គ្រឹ​ស្ត​សករាជ ១៦៣២ គ្រា​ដែល​ព្រះបាទ​ជ័យ​ជេដ្ឋា សោយរាជ្យ​បាន​៤​ឆ្នាំ​ក្នុង​ព្រះ​ជន្មាយុ​៤៦​ព្រះ​វស្សា​នោះ មាន​ចលនា​ក្បត់​មួយទៀត​កើតឡើង​នៅ​ក្នុង​ដែន​ជាយ​ខេត្ត​កំពង់ស្វាយ ។

កាល ​ណោះ មាន​រាស្ត្រ​ម្នាក់​ឈ្មោះ សម នៅ​ស្រុក​ក្រាំង​សម្រែ ខេត្ត​បរិបូណ៌ (​ក្នុង​ខេត្តកំពង់ឆ្នាំង​សព្វថ្ងៃ​) ។ ឈ្មោះ​សមនេះ ឆ្លង​ទៅ​តាំង​សិល្ប៍​នៅ​ភ្នំ​ទូក​មាស ច្រក​ភ្នំ​ព្រះ​ភ​គិ​ណេ​ស ក្នុង​ដែន​កំពង់​ហៅ ខេត្ត​កំពង់ស្វាយ (​សព្វថ្ងៃ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​) ។ ក្រោយ​ពី​តាំង​សិល្ប៍​បាន​សម្រេច​ហើយ ឈ្មោះ​សមនេះ ក៏​តាំង​ព្រះ​នាមខ្លួន​ជា​ព្រះ​សម្រែ​រាជា​ធិ​រាជ ។ ដោយ​ព្រះ​សម្រែ ចេះ​មន្តអាគម​ពូកែ​ស័ក្តិសិទ្ធិ អាច​សូត្រ​ហៅ​ភ្លៀង ឱ្យ​រាស្ត្រ​ធ្វើស្រែ​បាន​ផល​ស្រូវ​ចម្រុងចម្រើន​ស្រុកភូមិ​នោះ បណ្តារាស្ត្រ​គោរព​កោត​ខ្លាច​ចុះចូល​ថ្វាយខ្លួន​សុំ​ជ្រកកោន​កាន់តែ ច្រើន​ឡើង​ៗ ដោយ​នាំ​គ្នា​សន្មត​ស្តេច​ព្រះ​សម្រែ​នេះ ថា​ជា​ព្រះបាទ​ធម្មិក​រាជ្យ ។ ក្នុង​នាម​ជា​ស្តេច​ថ្លើង​ថ្មី ព្រះ​សម្រែ​រាជា​ធិ​រាជ​នេះ​តាំង​ព្រះ​នគរ​កំផែង​វាំង​នៅ​ភូមិ ស្វាយ​អំពា ក្នុង​ដែន​មឿង​កំពង់​ហៅ (​ក្នុងស្រុក​កំពង់លែង​សព្វថ្ងៃ​) ។

បន្ទាយ ​កំផែង​ព្រះ​នគរ​នេះ ពុំ​ទាន់​បាន​សាងសង់​រួច​ជា​ស្ថាពរ​នៅឡើយ​ទេ តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​ព្រះ​សម្រែ​បានឱ្យ​គេ​ហៅ​បន្ទាយ​នោះ​ថា បន្ទាយ​ព្រះ​នគរ ។ ចៅ​មឿង​កំពង់​ហៅ ដឹង​រឿង​នេះ​ហើយ​ក៏​ធ្វើ​សំបុត្រ​ប្តឹង​ទៅ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) ជា​ចៅហ្វាយ​មឿង​ស្រុក​ខេត្ត​កំពង់ស្វាយ ។ លុះ​ដឹង​ល្បិច​ឧបាយកល​ខ្មាំង​រួច​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ក៏​កោះ​ប្រមូល​គ្រប់​ចៅ​ទិស​ដៅ​ខាងលិច ខាងជើង ត្រៀម​ទុក ហើយ​ក៏​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​ឱ្យ​បម្រើ​នាំសារ​នេះ​ជា​សម្ងាត់​ទៅ​ប្រាប់ ​ចៅ​មឿង​គោក​សេះ និង​ចៅ​មឿង​កំពង់​ហៅ ថា​ដល់​ថ្ងៃ​១៣​កើត ខែមាឃ ឱ្យ​លើកទ័ព​ទៅ​ព័ទ្ធ​ភូមិ​ស្វាយ​អំពា​ជា​បន្ទាយ​នគរ​ស្តេច​សម្រែ​រាជា​នោះ ព្រម​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ ។ អ្នក​នាំសារ​ចេញដំណើរ​ទៅ​តាម​ផ្លូវ​វាង​ដែរ ប៉ុន្តែ​ជា​អកុសល​ត្រូវ​សេនា​ទាហាន​ខាង​ស្តេច​សម្រែ ចាប់​សំបុត្រ​បានដឹង​កិច្ច​សម្ងាត់​នោះ​ហើយ ក៏​សម្លាប់​អ្នក​នាំសារ​រួច​ហើយ ក៏​បាន​នាំសារ​សម្ងាត់​នេះ​ទៅ​ថ្វាយ​ស្តេច​សម្រែ​នោះ ។ ឯ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ (​មាស​) និង​រាម​រាជ​តេ​ជោ​យ៉​ត ពុំ​ដឹង​ថា​ស្តេច​សម្រែ​ចាប់​នាយ​សារបាន ហើយ​សម្លាប់​ចោល​នោះ​ឡើយ ប្រឹង​តែ​សង្ឃឹមថា ចៅ​មឿង​ទាំង​ពីរ​នោះ ពិតជា​បាន​ទទួល​ដំណឹង​នោះ​ហើយ ។ លុះដល់​ថ្ងៃ​កំណត់ ដោយ​ពុំ​បានដឹង​ថា​ស្តេច​សម្រែ​នោះ​ចេះ​កាឡាខ្លួន​បាន ក៏​នាំ​តែ​ទាហាន​ខេត្ត​កំពង់ស្វាយ​ប្រមាណ​២០០​នាក់​ប៉ុណ្ណោះ​ទៅ​ចោម​ព័ទ្ធ​ បន្ទាយ​នគរ​ស្វាយ​អំពា ដោយ​សង្ឃឹមថា​មាន​ទ័ព​ជំនួយ​ពី​ចៅ​មឿង​ទាំង​ពីរ ។ តេ​ជោ​មាស និង​តេ​ជោ​យ៉​ត  ក៏​នាំ​សេនា​ទាហាន​រត់​ចូល​ទៅ​ចោម​វាយ​បន្ទាយ​នគរ​ស្វាយ​អំពា ដោយ​ភ្លេច​គិត​ពី​ស្ថានភាព​ខ្មាំង ។ ស្តេច​សម្រែ​ឃើញ​ហើយ ក៏​ស​ម្តេ​ង​សិល្ប៍ វិជ្ជាការ​ឱ្យ​កើតជា​ខ្លា ជា​ឃ្មុំ ដេញ​ខាំ ដេញ​ទិច​កងទ័ព​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ រត់​បែក​គ្នា​ខ្ចាត់ខ្ចាយ​អស់ នៅ​សល់​តែ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ និង​រាម​រាជ​តេ​ជោ​(​យ៉​ត​) ដែល​បែរមក​ទទួល​កាប់​ចាក់​តទល់​នឹង​ទ័ព​ស្តេច​សម្រែ ដោយ​អាវុធ​យុទ្ធ​សិល្ប៍​។ ប៉ុន្តែ​ដោយ​ទ័ព​សត្រូវ​មាន​ចំនួន​ច្រើន​លើសលប់​ពេក​ទ្រាំ​ពុំ​បាន ក៏​ដកថយ​ទៅ​ពួន​សម្ងំ​ត្រង់​ច្រក​ភ្នំ ។ ស្តេច​សម្រែ​ក្រឡេក​ទៅ​ឃើញ​រាម​រាជ​តេ​ជោ​យ៉​ត​ហើយ​ក៏​ស្រែក​ទៅ​ថា ៖

- ​ខ្លួនឯង​នេះ​ហើយ​ឬ​ដែល​មានឈ្មោះ​ថា ឧកញ៉ា​តេ​ជោ​នោះ ? យើង​បានឮ​ល្បីឈ្មោះ​ឯង​នេះ​យូរហើយ ឥឡូវ​យើង​ទើបនឹង​បានឃើញ​មុខ​ឯង​ច្បាស់ ។ យើង​ពិនិត្យ​ទៅ​ឃើញ​ថា ឯង​នេះ​ស័ក្តិ​សមជា​សេនា​មែន ប៉ុន្តែ​ហេតុ​អ្វី​ក៏​កាន់​ចិត្ត​ដូច​ស្រី ឃើញ​ទ័ព​សត្រូវ​ក៏​តាំង​តែ​រត់​ប្រាស​អាយុ ឥត​គិតដល់​កេរ្តិ៍ឈ្មោះ​ដូច្នេះ​ទៅ​វិញ ?

ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស និង​រាម​រាជ​តេ​ជោ​ត្រូវ​សេនា​ទាហាន​រត់​ចោល​អស់ នៅ​សល់​តែ​ពីរ​នាក់ លុះ​បានឮ​សម្តី​តិះដៀល ចំ​ៗ​ដូច្នេះ ក៏​នឹក​ខ្មាស​រាស្ត្រ​ជា​សេនា​ទាហាន​ស្តេច​សម្រែ​នោះ ពន់​ពេក​ណាស់ ក៏​ចេញពី​ច្រក​ភ្នំ​មក​ច្បាំង​កាប់​ចាក់​នឹង​ស្តេច​សម្រែ ។ ក្នុង​ពេល​ដែល​កំពុង​តែ​ប្រយុទ្ធ​គ្នា​នោះ ឧកញ៉ា​តេ​ជោ​មាស ផុងជើង​ទៅ​ក្នុង​រណ្តៅ​ធ្លាក់​អាវុធ​ពី​ដៃ ។ ស្តេច​សម្រែ​ឃើញ​បាន​ចំណាប់​ដូច្នេះ​ហើយ ក៏​ហូត​ដាវ​ស្ទុះ​ទៅ​កាប់​ចាក់​តេ​ជោ​បុ​រា​រាជ ។ ប៉ុន្តែ​រហ័ស​ដូច​រន្ទះ តេ​ជោ​បុ​រា​រាជ​ក៏​ស្ទុះ​គេចខ្លួន​ភ្លែត​ចេញពី​រណ្តៅ គេច​ទៅ​បំបាំង​ខ្លួន​នឹង​ដើមឈើ​បាន​ទាន់​ពេលវេលា ។ គ្រា​ជា​បន្ទាន់​នោះ ឧកញ៉ា​រាម​រាជ​តេ​ជោ​ជា​បាវ ជា​សិស្ស​ជំនិត និង​ជា​ជំនួយការ​ដែល​មាន​ផ្គាក់​នៅ​កាន់​ជាប់​នឹង​ដៃ​ស្រាប់​ក៏​យក​ផ្គាក់​ រង និង​កាប់​ទៅ​ត្រូវ​បាក់​ឆែងដាវ (​ហេតុនេះ​ហើយ​បានជា​ទីនោះ​មានឈ្មោះ​ថា ភ្នំ​បាក់​ឆែង តែ​ក្រោយមក​ហៅ​ក្លាយជា​ភ្នំ​បាក់​ខែង​ទៅ​វិញ​) ស្តេច​សម្រែ ។ ពួក​ពល​សេនា​ខាង​ស្តេច​សម្រែ ឃើញ​ម្ចាស់ខ្លួន​មាន​ជ័យជម្នះ ក៏​តាំង​ស្រែក​ហ៊ោ​ឮ​ខ្ទ័រ​ខ្ទារ​រំពង​ព្រៃ​ភ្នំ ។

រីឯ​ចៅ​មឿង​គោក​ សេះ និង​ចៅ​មឿង​កំពង់​ហៅ ដែល​កំពុង​នៅ​ឯ​ផ្ទះ​ខ្លួន កាលបើ​ឮ​សូរ​សន្ធឹក​ចម្បាំង​ហើយ ក៏​លើកទ័ព​ឆ្ពោះ​សំដៅ​ទៅ​សមរភូមិ ។ លុះ​ឃើញ​តេ​ជោ​បុ​រា​រាជ​មាស និង​រាម​រាជ​តេ​ជោ​យ៉​ត កំពុង​ជាប់​ក្នុង​ចំណោម​ខ្មាំង​ដូច្នេះ ក៏​ដេញ​ទ័ព​ឱ្យ​រត់​ចូល​ទៅ​ជួយ​តេ​ជោ​ទាំង​ពីរ ។ ទ័ព​ស្តេច​សម្រែ​ឃើញ​ទ័ព​ជំនួយ​ថ្មី​ទៅ​ដល់​ហើយ ក៏​ជួន​ជា​ពេល​ព្រលប់​ទៅ​ហើយ​ផង​នោះ ក៏​ដកទ័ព​ថយ​ចូល​ទៅ​បន្ទាយ​នគរ​វិញ ។

លុះ ​ព្រឹក​ឡើង ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ក៏​ធ្វើ​សំបុត្រ​ប្តឹង​ទៅ​សម្តេចចៅហ្វា​ទឡ្ហៈ​សមូហ​នាយក ឱ្យ​នាំ​សេចក្តី​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ព្រះ​នរបតី​ហ្លួង​ម្ចាស់ជីវិត​នា ​ក្រុង​ឧដុង្គ​មាន​ជ័យ ដើម្បី​សុំ​ទ័ព​ជំនួយ​បន្ថែម​ទៀត ។ ព្រះរាជា​ទ្រង់​ត្រាស់​ថា តាំងពី​រាជ្យ​បិតា​រៀង​មក បើ​ទ្រង់​ប្រើ​ឱ្យទៅ​ធ្វើសង្គ្រាម​នៅ​ទីណា តែងតែ​សម្រេច​បាន​ជ័យជម្នះ​ជា​ដរាប កម្រ​នឹង​មក​សុំ​ជំនួយ​ទ័ព​បន្ថែម​ណាស់ ។ ប៉ុន្តែ​លើក​នេះ​ប្រហែលជា​ស្តេច​សម្រែ​នេះ វា​ខ្លាំងពូកែ​ណាស់​ហើយ បានជា​មានរឿង​យ៉ាងនេះ ។

លុះ​ទ្រង់​ព្រះ​តម្រិះ​យ៉ាងនេះ​ហើយ ក៏​ចាត់ការ​ដូច​តទៅ​នេះ ៖
១-​ឧកញ៉ា​ចក្រី ២-​ឧកញ៉ា​រាជ​តេ​ជោ
៣-​ចៅពញា លី​ធ្នូ ៤-​ចៅហ្វាយស្រុក​ខេត្ត​ទ្រាំង
៥-​ចៅពញា​មន្ត្រី​ភក្តី​ចៅហ្វាយខេត្ត​កំពង់សៀម
៦-​ចៅពញា​ពេជ្រ​តេ​ជោ​ចៅហ្វាយខេត្ត​ជើងព្រៃ

ឱ្យ ​ចៅហ្វាយខេត្ត​ទាំង​៥ លើក​រេហ៍ពល​ទៅ​ជួយ​ឧកញ៉ា​តេ​ជោ​បា​៉​អង្គ​តាម​សំណើ ។ លុះ​ដំណើរ​ទ័ព​មក​ដល់​ខាងកើត​ភ្នំ​ទូក​មាស​ហើយ មេទ័ព​ហ្លួង​ក៏​បោះទ័ព​តាំង​បន្ទាយ​នៅ​ទីនោះ ហើយ​ធ្វើស្រែ​វាល់​ពល​ក្នុង​មួយ​ចំណុះ​១០០.០០០​នាក់ ។ ហេតុនេះ​ហើយ​បានជា​នៅ​ទីនោះ មានឈ្មោះ​ថា «​ស្រែ​វាល់​ពល​» តរៀង​មក ។

ឯ ​ស្តេច​សម្រែ លុះ​បានដឹង​ថា​កងទ័ព​ពី​ក្រុង​ឧដុង្គ​មក​ដល់​ហើយ ក៏​ឡើង​ទៅ​លើ​ខ្នងភ្នំ​ទូក​មាស ក្រឡេក​ទៅ​ឃើញ​កងទ័ព​ហ្លួង​មាន​គ្នា​ច្រើន​ប្រមាណ​ជា​២៥.០០០​នាក់ ។ ស្តេច​សម្រែ​ឃើញ​អាកាស​ទិស​ខាងកើត​អាប់រស្មី ឯ​ទិស​ខាងលិច​មាន​ពណ៌​បី​ប្រការ​គឺ ខៀវ ក្រហម លឿង (​វិធី​សម្លឹង​មើល​មេឃ ទស្សន៍​ទាយ​ជោគវាសនា​នៃ​សង្គ្រាម​នេះ​តាម​ក្បួន​បុរាណ​ហៅ​ថា «​យិ​ត​មេឃ​ធ្លាយ​») ស្តេច​សម្រែ​ពោល​មក​កាន់​សេនា​ទាហាន​ថា «​យប់​នេះ យើង​នឹង​មាន​ជ័យជម្នះ​ធំ​ណាស់​» ។

លុះ​ពេល​ពន់​ព្រលប់ ស្តេច​សម្រែ​ចាត់​សេនា​ទាហាន​ឱ្យ​នាំ​ទ័ព​ជា​ច្រើន​ទៅ​តាំង​ព័ទ្ធ​ជំរំ​ បន្ទាយ​ទ័ព​ហ្លួង​ពី​ទិស​ខាងកើត ខាងជើង ខាងត្បូង ហើយ​ផ្តាំ​ថា ៖ «​កាលណា​ឮ​ស្នូរ​កាំភ្លើង​ហើយ​ឱ្យ​ទ័ព​ទាំងនោះ​វាយ​ផ្ទប់​ចូល​មក​ខាងលិច​ ជើងភ្នំ​» ។ រីឯ​ទ័ព​ទិស​ខាងកើត ឱ្យ​យក​ស្មៅ​ចំបើង​ទៅ​ចង​ធ្វើ​ជា​រូប​មនុស្ស​កាន់​ប្រឆេះ​អុជ​ចំនួន​១.០០០​ រូប រួច​ឱ្យ​កងទ័ព​យក​រូប​នេះ ទៅ​បោះ​ជិត​បន្ទាយ​កងទ័ព​ខាង​ព្រះ​នគរ​ទាំង​បី​ទិស ហើយ​ឱ្យ​ស្រែក​ហ៊ោ​បាញ់កាំភ្លើង​ឱ្យ​កក្រើក​លាន់​សន្ធឹក​ខ្លាំង រួច​ហើយ​ឱ្យ​ដកទ័ព​មក​វិញ ធ្វើ​ទំនង​ដូច​ជា​ចូល​ទៅ​ប្រឡូក​កាប់​ចាក់ ។

ទ័ព ​ហ្លួង​ពុំ​ដឹង​ឧបាយកល​ត្រូវ ស្មានថា​ទ័ព​ស្តេច​សម្រែ​មក​ចោម​វាយ​បន្ទាយ មែន​ៗ ក៏​បញ្ជា​ឱ្យ​រេហ៍ពល​បាញ់កាំភ្លើង​តូច​ធំ យ៉ាង​ទ្រហឹង​អឺងអាប់​ទាល់តែ​អស់​គ្រាប់រំសេវ ។ ខណៈនោះ​ស្តេច​សម្រែ​ឡើង​លើ​ខ្នងភ្នំ​យក​អង្ករ   សេក​មន្ត​គាថា​បាចសាច​ទៅ​កើតជា​ឃ្មុំ ឪម៉ាល់ ស្រាំង តាឱ ដេញ​ទិច​ពល​ទាហាន​ក្នុង​បន្ទាយ​ទ័ព​ហ្លួង រត់​បាក់ទ័ព​បែកខ្ញែក​គ្នា ទៅ​ជួបនឹង​ទ័ព​ស្តេច​សម្រែ​ដែល​បង្កប់​ត្រៀមចាំ​ទាំង​៣​ទិស ។ កងទ័ព​ហ្លួង​ត្រូវ​ទ័ព​សត្រូវ​វាយ​ផ្ទប់​ពី​គ្រប់​ទិស ចូល​ប្រឡូក​កាប់​ចាក់​ស្លាប់​សេនា​ទាហាន​ព្រះ​នគរ​អស់ នៅ​សល់​តែ​ឧកញ៉ា​រាជ​តេ​ជោ ម្នាក់​គត់​ដែល​រត់​ចូល​ព្រៃ ហើយ​ដោះខ្លួន​ចូល​ទៅ​ក្រុង​ឧដុង្គ​វិញ​បាន ។

ឧកញ៉ា​តេ​ជោ​បុ​រា​រាជ កាលបើ​ឃើញ​ទ័ព​ហ្លួង​រត់​បែក​ខ្ចាត់ខ្ចាយ​ដូច្នេះ ក៏​រឹង​រែង​មាន​កង្វល់​អំពល់​ក្នុង​ចិត្ត ហើយ​អង្គុយ​សញ្ជឹងគិត ដើម្បី​រិះរក​ឧបាយកល​យ៉ាងណា សម្រាប់​កម្ចាត់កម្ចាយ​ស្តេច​សម្រែ តែ​រក​ពុំ​ទាន់​ឃើញ​ក៏​នៅ​តេ​អង្គុយ​ជ្រប់ ទឹកមុខ​ស្រពាប់​ស្រពោន បាយ​មិន​នឹក ទឹក​មិន​ស្រេក ដេក​មិន​លក់ បក់​មិន​ល្ហើយ​...​។

ឯ​អ្នក​ ជំទាវ មហា​ទេវី​នារី​សោភ័ណ ស្រែន្យ​វិញ គ្រានោះ​បាន​ទៅ​នៅ​ឯកំ​ពង់​ប្រស់ ជាទី​ចំណតទូក​គេ​ហ៊ៅ គែ​សាយ (​ទូក​ផ្ទុក​មាន​ទ្រង់ទ្រាយ​ធំ មាន​ដំបូល និង​ឃ្លុប​សម្រាប់​ដឹក​ស្បៀង​ទ័ព​) របស់​ឧកញ៉ា​តេ​ជោ​ប៉ា​អង្គ (​មាស​) ជា​ស្វាមី ព្រោះ​អ្នក​ជំទាវ​ប្រច័ណ្ឌ​ស្វាមី​ណាស់ ម្ល៉ោះហើយ​តែងតែ​ទៅ​តាម​ស្វាមី​ជា​និច្ច ។ មាន​ពេល​យប់​មួយ អ្នក​ជំទាវ​យល់សប្តិ​ឃើញ​ថា ស្វាមី​មាន​គ្រោះថ្នាក់​ធ្លាក់​ក្នុង​អណ្តូង​ហើយ ព្រលឹង​អ្នក​ជំទាវ​បោះ​ខ្សែ​ទៅ​ឱ្យ​ស្វាមី​តោង​ឡើង​មក​បាន ចេញ​រួចខ្លួន​ពី​ក្នុង​អណ្តូង ។ អ្នក​ជំទាវ​ក្រោកពីដំណេក​ឡើង មានការ​ពិ​ភាស់​ក្នុង​ចិត្ត​ថា ស្វាមី​មុខជា​មាន​កង្វល់​ពី​កិច្ចការ​ផែនដី ទើប​អ្នក​ជំទាវ​ហៅ​ក្រមការ​ជំនិត​ឱ្យ​រៀបចំ​ទឹម​រទេះសេះ​ជិះ​ត្រឡប់​ទៅ​ បន្ទាយ​កំពង់ស្វាយ​វិញ ។ នៅ​ពេល​ទៅ​ដល់​លោក​ជំទាវ​ឃើញ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ មាន​ទឹកមុខ​ក្រៀមក្រំ​ស្រពាប់​ស្រពោន ដូច្នេះ​ក៏​ជម្រាបសួរ​ទៅ​ថា ៖

- ​លោក​កើតទុក្ខ​ពី​រឿង​អ្វី ? ឬ​មួយ​មាន​កង្វល់​ខ្លាំង​ពី​កិច្ចការ​សង្គ្រាម ? បើសិនជា​ពិត​ដូច្នេះ​មែន ខ្ញុំ​នឹង​អាច​ជួយ​យកអាសា​ចាប់ខ្លួន​ស្តេច​សម្រែ​នោះ​មក​ជូន​លោក​ទាល់តែ​បាន ប៉ុន្តែ​សូម​លោក​បង្គាប់​នាយ​ឃ្លាំង​ឱ្យ​បើកប្រាក់ និង​ត្រីងៀត ហើយ​និង​ដែក (​គ្រឿង​សព្វាវុធ​យុទ្ធភណ្ឌ​មាន ដាវ ផ្គាក់​ជាដើម​) តាម​គម្រោង​របស់ខ្ញុំ​ដែល​ត្រូវការ​ជា​ចាំបាច់ ។

រួច​ហើយ​លោក​ជំទាវ ​ឱន​ទៅ​ខ្សឹប​ដាក់​ត្រចៀក​លោក​ឧកញ៉ា​ជា​ស្វាមី ជម្រាប​អំពី​កលឧបាយ​ដែល​លោក​ជំទាវ​បាន​ត្រិះ​រិះគិត​ទុក​រួច​ហើយ​នោះ ។ ឧកញ៉ា​តេ​ជោ​មាស​ក្រោយ​ពី​បាន​ស្តាប់​ហើយ ក៏​យល់ព្រម​តាម​ល្បិច​កិច្ចកល​របស់​ភរិយា ។

ថ្ងៃជា​បន្ទាប់​មក ស្រាប់តែ​លោក​ជំទាវ និង​ឧកញ៉ា​តេ​ជោ មាន​ជម្លោះ​ទាស់ទែង​គ្នា​រហូត​ដល់​ប្រកាស​លះលែងគ្នា ចែកទ្រព្យ​សម្បត្តិ​គ្នា  ព្រមទាំង​បាន​ដឹក​ជញ្ជូន​យក​ប្រាក់ (​កាល​ណោះ គេ​ចាយ​តែ​ប្រាក់សុទ្ធ (​ធ្វើ​ពី​លោហៈ​) វាយ​ពុម្ព​ចេញ​ជា​ប្រាក់ណែន​(​ស្នូក​) ប្រាក់​រៀល (​មូល​)​។​) ដែក ត្រីងៀត ចុះ​ចេញពី​វិមាន ក្នុង​ក្រុង​ទីរួមខេត្ត ដឹក​ចេញ​ទៅ​នៅ​ក្នុង​ដែន​មឿង​កំពង់​ហៅ ។ ទីឋាន​កំពង់​នេះ មាន​ផ្សារ​មួយ​ដែល​បណ្តាជន​នាំ​គ្នា​មក​ទិញ​លក់ ផ្តោះ​ប្តូរ​ផលិតផល ផ្សេង​ៗ ដែល​មាន​ក្នុង​តំបន់ និង​ខ្លះ​ទៀត​មក​ពី​ក្រៅ ។ លោក​ជំទាវ​បាន​ទិញ​ផ្ទះផ្សារ តាំង​លក់​ត្រីងៀត​ប្រា និង​លក់​ដែក​(​អាវុធយុទ្ធភណ្ឌ​) ។ ហាង​លក់ទំនិញ​ទាំង​ពីរ​មុខ​នេះ នៅ​ឆ្ងាយ​ពី​គ្នា​ប្រមាណ​៥​សិន​(១​សិន​ប្រវែង ៥​ព្យាម​,៥​សិន​ប្រហែល​២៥​ព្យាម ឬ​៣៨​ម៉ែត្រ​ទៅ​៤០​ម៉ែត្រ​) អ្នក​ជំទាវ​ចាត់​ឱ្យ​មនុស្ស​នៅ​ចាំ​លក់​ទិញ​ទាំង​ពីរ​តូប​នេះ ដោយ​ផ្តាំ​បញ្ជាក់​ថា ៖

-​បើ​ក្រុម​ខាង​ស្តេច​សម្រែ (​អាច​សម្គាល់​បាន​ដោយ​ឯកសណ្ឋាន​) ទៅ​ទិញ​នោះ ត្រូវ​លក់​ឱ្យ​«​ថោក​» តែបើ​ក្រុម​ខាង​លោក​ឧកញ៉ា​តេ​ជោ​មាស​ទៅ​ទិញ ត្រូវ​លក់​ឱ្យ​«​ថ្លៃ​» ។ ការ​លក់ដូរ​ឱ្យ​មាន​តម្លៃ​ខុស​ប្លែក​គ្នា​យ៉ាងនេះ រឹតតែ​ធ្វើ​ឱ្យ​អ្នកផង​ដឹង​សុសសាយ​ទៅ​គ្រប់​តំបន់​ភូមិឋាន​ជិត​ឆ្ងាយ អំពី​ការ​បែកបាក់​ប្រេះឆា​គ្នា រវាង​លោក​ជំទាវ​និង​តេ​ជោ​មាស ។ នៅ​ពេល​នេះ​ទៀត ស្តេច​សម្រែ​រាជា ក៏​កាន់តែ​បានដឹង​ច្បាស់​ថែម​ទៀត​ដោយ ៖

១-​លោក​ជំទាវ​ស្រែន្យ មក​នៅ​កំពង់​ហៅ រកស៊ី​លក់ដូរ​ត្រីងៀត និង​អាវុធយុទ្ធភណ្ឌ
២-​ទំនាស់​ស្រួចស្រាល​រវាង​ប្តី​ប្រពន្ធ​នេះ​ឈាន​ដល់​ការ​ចែកផ្លូវ​គ្នា​ច្បាស់​ក្រឡែត​ហើយ ។

ថ្ងៃមួយ ស្តេច​សម្រែ​បាន​ពិគ្រោះគ្នា​ជាមួយ​សេនាមុខ​ម​ន្រី្ត​ថា​៖

- ​លោក​ជំទាវ​នេះ បែកចិត្ត​ពី​លោក​ចៅហ្វាយស្រុក​ជា​ស្វាមី​ពិតប្រាកដ​ហើយ ព្រមទាំង​មក​តាំង​លំនៅ​ឋាន​នៅ​កំពង់​ប្រស់​នេះ ជាង​មួយ​ខែ​ហើយ ។ ឥឡូវ​មក​តាំងទី​លក់ទំនិញ​នៅ​ផ្សារ​នេះ​ទៀត​ផង ។ អ្នកផង​កត់សម្គាល់​ឃើញ​យ៉ាង​ច្បាស់​ថា លោក​ជំទាវ លក់ទំនិញ​ឱ្យ​ក្រុម​យើង​ថោក​ជាង​ក្រុម​ចៅហ្វាយស្រុក នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា គេ​មាន​ប្រាថ្នា​នឹង​ធ្វើ​ជា​អគ្គមហេសី​ព្រះ​អង្គ យ៉ាង​ពិតប្រាកដ​ហើយ !  ព្រះ​អង្គ​យើង​មាន​ព្រះ​ជន្ម​៤២​ព្រះ​វស្សា ហើយ​លោក​ជំទាវ​អាយុ​២៨​ឆ្នាំ ក៏​ពិតមែន ប៉ុន្តែ​សាច់ឈាម​សម្បុរ​សម្បក​នៅ​មាន​សម្រស់​គួរ​ជាទី​ប្រាថ្នា​យ៉ាង​ក្រៃ​ លែង ព្រោះ​ទំនេរ​ពុំ​ទាន់​មានកូន​មួយ​នៅឡើយ​។ រូបឆោម​លោម​ពណ៌​អ្នក​ជំទាវ នៅ​កំពុង​ឆើតឆាយ​លើស​ស្រី​ក្រមុំ​ព្រហ្មចារី ដែល​ទើបនឹង​ចេញពី​ម្លប់​ទៅ​ទៀត ។
  
ស្តេច​សម្រែ​ឮ​មន្ត្រី​សេនា​ពោល​សរសើរ​ពី​សម្រស់​លោក​ជំទាវ​ ដូច្នេះ ក៏​គាប់ចិត្ត​រីករាយ​ពន់ពេក​ណាស់ ។ កាលណា​មាន​តង្វាយ​ណា​គាប់ប្រសើរ​ល្អ​ត្រកាល ក៏​តែងតែ​ចាត់​ឱ្យ​អ្នកបម្រើ នាំ​យក​ទៅ​ជូន​អ្នក​ជំទាវ​ជា​និច្ច ។ រីឯ​ប៉ែក​ខាង​អ្នក​ជំទាវ​វិញ តែងតែ​ធ្វើ​នំចំណី ប្លែក​ៗ ឆ្ងាញ់​ៗ ផ្ញើ​តប​ទៅ​វិញ​ជា រឿយ​ៗ​ផង​ដែរ ។ ការ​ផ្តោះ​ប្តូរ​ជំនូន​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ដាច់​រយៈ​នេះ សម​ល្មម​នឹង​ឱ្យ​អ្នកផង​កាត់​យល់​បាន​ថា ចំណង​ស្ពានមេត្រី​ទាំង​ពីរ​ភាគី​រឹត​បន្តឹង​កាន់តែ​មាំ​ឡើង​ហើយ ។

ឯខាង ​ភាគី​អ្នក​ជំទាវ​ម​ហៃ​ទេវី​នារី​សោភ័ណ​វិញ ដែល​ជា​ម្ចាស់​សំណាញ់​ឧបាយកល​វិញ យល់​ថា​គោលបំណង​របស់​ខ្លួន​កាន់តែ​ខិត​ជិត​ដល់​ទីដៅ​ហើយ ។ នារី​បញ្ញវន្តី​ស្រី​មាន​ប្រាជ្ញ ក៏​ជម្រុល​ឧបាយ​ឱ្យ​រំកិល​ទៅ​មុខ​ដោយ​បាន​យក​ក្មួយ​ប្រុស​ម្នាក់​ក្មួយ​ស្រី ​ម្នាក់​ឱ្យមក​នៅ​ជាមួយ ហើយ​ទំនុកបម្រុង​ត្រៀម​នឹង​រៀប​មង្គលការ​អ្នក​ទាំង​ពីរ ។ លោក​ជំទាវ​តែងតែ​លួច​ភ្ជាប់​ការ​ទាក់ទង​ជាមួយ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ក៏​បាន​ប្រាប់​ទៅ​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត​ឱ្យ​រើសសម្រាំង​ទាហាន​ដៃ​ឆើត ឱ្យ​ក្លែងបន្លំ​រត់​ចូល​ទៅ​នៅ​ជាមួយនឹង​អ្នក​ជំទាវ​នារី​សោភ័ណ ហើយ​បង្គាប់​ថា បើ​ឱកាសល្អ​មក​ដល់​ហើយ ត្រូវ​ព្រួត​គ្នា​ចោមចាប់​ស្តេច​សម្រែ​នោះ​ឱ្យ​បាន ។ លុះ​ជិត​ដល់​ថ្ងៃ​កំណត់​រៀប​អាពាហ៍ពិពាហ៍​ហើយ ក៏​ចាត់​អ្នកបម្រើ​ឱ្យ​នាំ​ថង់រង (​ប្រដាប់​ប្រើប្រាស់​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​សម្រាប់​ដាក់​គ្រឿង​ជំនូន​ជា ស្លា ម្លូ បារី​...) ទៅ​សូម​ក្រាម​ទូល​អញ្ជើញស្តេច​សម្រែ​ឱ្យទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ និង​សោយ​ក្រយា​ផង ។ អ្នក​ជំទាវ​បានឱ្យ​គេ​ត្រៀម​រៀបចំ​គ្រែ​ក្រឡាបន្ទំ ក្រាល​ព្រំ​ចៀម រៀបចំ​ពូក​ខ្នល់ខ្នើយ​ដ៏​ល្អ​ប្រណីត ក៏​ដូច​ជា​ត្រាំ​ថ្នាំ​ពិស​បំពុល​ក្នុង​ស្រា​ទុក​បម្រុង​ជា​ស្រេច​។ លុះដល់​ថ្ងៃ​កំណត់​ហើយ ស្តេច​សម្រែ​ក៏​នាំ​សេនា​ទាហាន​ខ្លាំងពូកែ និង​ជាទី​ទំនុកចិត្ត ប្រមាណ​ជា​២០​ទៅ​៣០​នាក់ ឡើង​ជិះសេះ​ចេញដំណើរ​ទៅ ។ អស់​ពួក​មន្ត្រី​ខាង​ស្តេច​សម្រែ​មួយ​ចំនួន​ដែល​កំពុង​អង្គុយ​ស៊ី​ការ កាលបើ​ឃើញ​ចៅហ្វាយ​ខ្លួន​មក​ដល់​ហើយ​ក៏​នាំ​គ្នា​ស្ទុះ​ក្រោក​ចុះ​ទៅ​ទទួល​ អញ្ជើញស្តេច​សម្រែ​ឱ្យ​ឡើង​ទៅ​គង់នៅ​លើ​រោង​ដែល​អ្នក​ជំទាវ​បាន​រៀបចំ​តុ​ សម្រាប់​សោយ​នៅ​ប្រប​ជិត​កន្លែង​ដែល​ត្រូវ​ផ្ទំ​នោះ​ផង ។ ពេល​ឡើង​ទៅ​ដល់​លើ​រោង​នោះ ស្តេច​សម្រែ​មើលឃើញ​របៀបរៀបរយ​ដែល​អ្នក​ជំទាវ​ម​ហៃ​ទេវី​នារី​សោភ័ណ តាំង​តែង​រៀបចំ​នោះ​ឃើញ​ល្អ​ឥត​ខ្ចោះ ទាំង​ប្រដាប់​សោយ​មាន​គ្រប់គ្រឿង​តាម​របៀប​ក្សត្រ ។ នៅ​លើ​គ្រែ​សម្រាប់​ផ្ទុំ​នោះ មាន​ពួក ភួយ​ព្រំ​ខ្នល់ខ្នើយ សុទ្ធតែ​ប៉ាក់​ឌិន​រំលេច​ក្បាច់​ត្បូង​ចម្រុះ​ពណ៌ ។

-​គន់​មើលទៅ​វាំងនន សុទ្ធ​តែ​ព្រែ​ទួន​គាត​កាត់​យ៉ាង​ស្អាត​អនេក​អនគ្ឃ ប៉ាក់​រំលេច​ផ្កា​ក្រឡែត​ៗ ។
-គន់ ​មើលទៅ​មុន​នៅ​ក្នុង​ក្រឡាបន្ទំ​នោះ​ទៀត​សោត ក៏​សុទ្ធតែ​ព្រែ​ផ្កាមាស​ឧ​ភាស​ពណ្ណរាយ មើល សព្វ​ៗ​ទៅ​លួច​គិត​សប្បាយ​ក្នុង​ចិត្តជា​មុន​រួច​ស្រេច​ទៅ​ហើយ ។ ស្តេច​សម្រែ​រាជា​ធិ​រាជ​គិត​ថា អ្នក​ជំទាវ​នេះ​ប៉ិន​ប្រសប់​ខាង​របៀប​រៀបចំ​ប្រសើរ​វិសេស​លើស​អស់​ស្រី​ផង​ ទាំងពួង បើ​អញ​យក​ទៅ​តម្កល់​តម្កើង​ជា​មហេសី​នោះ​ច្បាស់​ជា​ល្បីឈ្មោះ​វិសេសវិសាល​ ក្នុងស្រុក​ជា​មិន​ខាន ។ កិត​ដូច្នេះ​ហើយ ស្តេច​សម្រែ​ចង់​ឃើញ​រូប​លោក​ជំទាវ​នេះ​ណាស់ ។ ខាង​ឯ​លោក​ជំទាវ​វិញ លប​គយគន់​មើល​ទឹកមុខ​ស្តេច​សម្រែ ហើយ​ក៏​នឹក​ចង់់​ឃើញ​រូបរាង​ទាំងស្រុង​របស់​ស្តេច​សម្រែ​វិញ​ផង​ដែរ ។ ភ្លាម​នោះ​លោក​ជំទាវ​បន្លឺ​សំឡេង​បង្គាប់​បាវ ស្រី​ៗ១០​នាក់​ដែល​តែងខ្លួន​ល្អល្អះ​ឥត​ទាស់ សម្រាំង​ទុកជា​ស្រេច​នោះ ឱ្យ​លើក​ក្រយាស្ងោយ​(​អាហារ​សម្រាប់​ស្តេច​) ថ្វាយ​ស្តេច​សោយ ឱ្យ​បាន​ឆាប់ ហើយ​ឱ្យ​ក្រមការ​លើក​ម្ហូបចំណី ស្រា លៀង​មន្ត្រី មហាតលិក ។ ក្នុង​ពេល​ដែល​ស្តេច​សម្រែ​កំពុង​បរិភោគ​នោះ អ្នក​ជំទាវ​ក៏​ចេញ​ទៅ​ចាក់​ស្រា​ថ្វាយ​ស្តេច​សម្រែ​សោយ​ផ្ទាល់​ដៃ ។ ស្តេច​សម្រែ​ឃើញ​អ្នក​ជំទាវ​ចេញ​មក​បម្រើ​ស្លៀកពាក់​សុទ្ធតែ​ព្រែ និង​គ្រឿងអលង្ការ​សុទ្ធតែ​ពេជ្រ ទាំង​សាច់​សម្បុរ​ក៏​ល្អ​សក្បុស​ឆ្លុះ​ព្រឹល​ភ្នែក ក៏​កាន់តែ​ស្រើប​ចិត្ត​ភ្លើតភ្លើន​ស្រឡាញ់​អ្នក​ជំទាវ​ណាស់​ទប់​ពុំបាន ក៏​ទទួល​ពែង​ស្រា​នោះ​យក​មក​សោយ​ថែម​ហើយ​ថែម​ទៀត ។ ឯ​ក្រមការ (​ក្រមការ​បក្សពួក​ខាង​តេ​ជោ​មាស បង្កប់ខ្លួន​ធ្វើ​ជា​អ្នកបម្រើ​) ក៏​ជំរុញ​ឱ្យ​មន្ត្រី មហាតលិក​ផឹកស្រា​ទាល់តែ​ស្រវឹង​ដេក​ដួល​ទាំង​ស្តេច​ទាំង​មន្ត្រី ខាង​ស្តេច​សម្រែ ។

អ្នក​ជំទាវ​បង្គាប់​ឱ្យ​ស្រី​បម្រើ​ទាំង​១០​នាក់ ដែល​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​ចាត់​ឱ្យ​ប្លម​ខ្លួន​បន្លំ​ទៅ​ជាមួយនឹង​អ្នក​ ជំទាវ​នោះ ក៏​ចូល​ទៅ​ចាប់​ស្តេច​សម្រែ​ចងដៃ​ជើង​បាន ខ្លះ​ទៀត​ក៏​ចូល​ទៅ​ចាប់ចង​មន្ត្រី សេនា ចំណាន​ៗ​ទាំង​៣០​នាក់ ។

លុះ ​ធ្វើការ​នេះ​បាន​សម្រេច​ហើយ សេនា​ទាំងនេះ​ក៏​បាញ់កាំភ្លើង​ឱ្យ​សញ្ញា​ដល់​កងទ័ព​ចៅ​មឿង និង​សេនា​ទាហាន​ដែល​បាន​ត្រៀម​បង្កប់​ទុក​នៅ​ទី​ក្បែរ​នោះ​ទាំង​ប៉ុន្មាន ក៏​រត់​សំរុកចូល​ទៅ​ដល់​ក្នុង​រោងការ ។ ឯ​អ្នក​ជំទាវ​ក៏​បង្គាប់​ទៅ​ចៅ​មឿង​ទាំងអស់ ចេញ​ទៅ​រើ​រឹបអូស​ទ្រព្យសម្បត្តិ​ស្តេច​សម្រែ​នោះ​ដាក់​ក្តី (​រឹបអូស​តាម​ផ្លូវច្បាប់​យក​ទៅ​ដាក់​ឃ្លាំង​រាជការ​) ហើយ​ឱ្យ​នាំ​ស្តេច​សម្រែ​ទៅ​ជូន​លោក​ឧកញ៉ា​បុ​រា​រាជ តាម​បង្គាប់ ។ ខណៈនោះ​ចៅពញា​តេ​ជោ​ប៉ា​អង្គ​មាស បង្គាប់​ឱ្យ​សេនា​ទាហាន​នាំ​យក​ទៅ​កាត់​ក្បាល ស្តេច​សម្រែ​ថ្វាយ​អ្នកតា​ព្រៃ​ភ្នំ ។ ក្រុម​នគរបាល​ខេត្ត​ក៏​ធ្លីង​នាំ​យក​ទៅ​ដល់​ប្រប​ភ្នំ​ទូក​មាស តាម​បង្គាប់ (​ត្រង់​កន្លែង​ចាប់​ធ្លីង​ស្តេច​សម្រែ​នោះ គេ​ហៅ​ថា​ភ្នំ​ទន្លីង​រហូត​សព្វថ្ងៃ​) ។ ទៅ​ដល់​កន្លែង​ពិឃាត​ហើយ សេនា​ប្រាប់​ឱ្យ​ស្តេច​សម្រែ​ភាវនា​ធម៌ រួច​ក៏​បាញ់​នឹង​កូន​អណ្តាត (​ឈើ ឬ​ដែក​ដែល​សម្រួច​ឱ្យ​ស្រួច  សម្រាប់​ដោត សម្រាប់​ចាក់ ឬ​បាញ់​)​រហូត​ទាល់តែ​ស្លាប់ ហើយ​ក៏​កាត់​ក្បាល​ដោត​នៅ​លើ​ទីនោះ (​ជាប់​ឈ្មោះ​ទីនោះ​ថា​ច្រក​អណ្តាត​រហូត​សព្វថ្ងៃ​) ។

អ្នក​ជំទាវ​ ទេវី​នារី​សោភ័ណ កាលបើ​ធ្វើ​កិច្ចការ​នេះ​បាន​សម្រេច​ហើយ​ក៏​ត្រឡប់​ទៅ​ជួបនឹង​ស្វាមី​ទាំង​ បាន​ជម្រាប​លោក​ថា ចៅ​មឿង ជាម​ខេត្ត​កំពង់​ហៅ និង​ក្រមការ​ខេត្ត​នោះ​ទាំង​ប៉ុន្មាន សុទ្ធតែ​មានគុណ​បំណាច់​ក្នុង​ការ​ធ្វើ​ឱ្យ​ផែនការ​សម្ងាត់​នេះ​បាន​សម្រេច​ ជោគជ័យ ។ លោក​ជំទាវ​ស្នើ​សុំ​អញ្ជើញ​ញាតិ​មិត្ត​សាច់សាលោហិត​ចៅ​មឿង និង​ក្រមការ​ទាំងនោះ​មក​ប្រកាស​ឱ្យ​រួច​ពន្ធ​រាជធានី​៣​ឆ្នាំ និង​សុំ​ឱ្យ​ប្រែ​ឈ្មោះ​ខេត្ត​នោះ​មក​ជា​ខេត្ត​កំពង់លែង រៀង​មក ព្រោះថា​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស លែង​ខេត្ត​នោះ​ឱ្យ​រួច​ពន្ធ​រាជធានី​៣​ឆ្នាំ ។ ម្យ៉ាងទៀត​អ្នក​ជំទាវ​ម​ហៃ​ទេវី​នារី​សោភ័ណ ជម្រាប​ស្វាមី​បន្ថែម​ទៀត​ថា ៖

-« ​កាលដែល​ខ្ញុំ​រៀបចំ​និង​ធ្វើ​ឧបាយកល​នេះ ខ្ញុំ​បាន​បន់ស្រន់​ថា ប្រសិនបើ​គម្រោង​ផែនការ​ខ្ញុំ​បាន​សម្រេច​ដូច​ប្រាថ្នា​នោះ ខ្ញុំ​នឹង​និមន្ត​ព្រះសង្ឃ​សូត្រ​ចម្រើន​ព្រះ​បរិត្ត និង​ពុទ្ធ​ជ័យ​មង្គល ព្រមទាំង​ប្រគេន​ចង្ហាន់​គម្រប់​៧​ថ្ងៃ​៧​យប់ »​។  ខណៈនោះ លោក​ឧកញ៉ា​ចេញ​បង្គាប់​ឱ្យ​សង់រោង​បុណ្យ នៅ​ជិត​កំពង់​ប្រស់​នោះ​ជា​ច្រើន​ខ្នង មាន​ទាំង​និមន្ត​ព្រះសង្ឃ​សូត្រ​មន្ត ពេញ​៧​ថ្ងៃ និង​ចាត់​ឱ្យ​មាន​ល្បែង​របាំ មហោស្រព​លេង​កំដរ​ទាំងថ្ងៃទាំងយប់  ។  ហេតុនេះ​ហើយ​បានជា​នៅ​ទីនោះ មាន​ភូមិ​មួយ​ឈ្មោះ​ថា​ភូមិ​«​ជា​»​រៀង​រហូត​មក ។ ដោយឡែក​ពី​នេះ លោក​ឧកញ៉ា​តេ​ជោ​បាន​ចាត់ចែង​ឱ្យ​សាង​រូប​ឧកញ៉ា​តេ​ជោ​ក្រហម​ក​១ រូប​អ្នក​ជំទាវ​មហា​ទេវី​នារី​សោភ័ណ និង​រូប​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត​១ ទុកជា​ដំណែល​នៅ​ភ្នំ​ទូក​មាស ។

រូប​ទាំង​៣​នោះ មាន​ឫទ្ធិ​តេ​ជោ​នុ​ភាព​ពូកែ​សក្តិ​សិទ្ធិ​ណាស់ ទោះបី​បន់ស្រន់​សុំ​អ្វី​ៗ ក៏​សឹងតែ​បាន​សមប្រកប​ដូច​ប្រាថ្នា ។ ដូច្នេះ​អ្នកស្រុក​នៅ​ទីនោះ​ក៏​ហៅ​ថា អ្នកតា​ក្រហម​ក រៀង​រហូត​មក​ដល់​សព្វថ្ងៃ ។

លុះ​ធ្វើបុណ្យ​សាង​រូប​ នៅ​ភ្នំ​ទូក​មាស​រួច​ស្រេច​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ក៏​នាំ​អស់​មន្ត្រី​ក្រមការ សេនា​ទាហាន​ទៅ​កាន់​ភ្នំ​ស​ន្ទុ​ក ហើយ​សាង​វិហារ​មួ​ួ​យ និង​រូប​វរជន​ទាំង​៣​នាក់ ដូច​រូប​មុន​នោះ​ដែរ រួច​ស្រេច​ក៏​ត្រឡប់​ទៅ​បន្ទាយ​ទីក្រុង​កំពង់ស្វាយ ។ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស បាន​សាង​វត្ត​មួយ​នៅ​ខាងជើង​ស្ទឹង​សែន គឺ​«​វត្ត​កំពង់ធំ​» សព្វ​ថ្ងៃនេះ ព្រមទាំង​បាន​សាង​រូបសំណាក​វរជន​ទាំង​បី ទុក​នៅ​វត្ត​នោះ​ទៀត ។ ឯ​ស្រុក​ដែល​តាំង​បន្ទាយ​នោះ មានឈ្មោះ​ថា ស្រុក​កំពង់​ជំនុំ​ធំ ព្រោះ​ទីនោះ ជាទី​សម្រាប់​ប្រជុំ​អស់​ចៅ​មឿង​ទាំង​២៤ ដែល​ចំណុះ​(​ឡើង​) ខេត្ត​កំពង់ស្វាយ​នោះ ក្នុង​ពេល​ជំនុំ​ពិភាក្សា​កិច្ចការ​រាជការ ធំ​ៗ​ម្តង​ៗ ។ ប៉ុន្តែ លុះ​ក្រោយមក អ្នកស្រុក​ក៏​ហៅ ក្លាយ​ៗ​មក​ថា​ជា​ស្រុក​កំពង់ធំ រៀង​រហូត​មក ។ 

១៥-​ជីវិត​អវសាន របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស
នៅ ​ក្នុង​គ្រឹ​ស្ត​សករាជ ១៦៣៦ ឆ្នាំជូត​អដ្ឋស័ក ពុទ្ធសករាជ​២១៨០ តាម​ការ​គិត​គុណ​បានឱ្យ​ដឹង​ថា ឧកញ៉ា​តេ​ជោ​បុ​រា​រាជ មាន​អាយុ​៥១​ឆ្នាំ​បម្រើ​ការងារ​បន្តបន្ទាប់​ដូច​ជា ៖

១-​ធ្វើ​ជា​ក្រមការ​ខេត្ត​សំរោង​ទង​២​ឆ្នាំ ។
២-​ធ្វើ​ចៅហ្វាយស្រុក​ខេត្ត​សំរោង​ទង​៥​ឆ្នាំ ។
៣-​ធ្វើ​ចៅហ្វាយស្រុក​ខេត្ត​អាស​ន្ទុ​ក​៣​ឆ្នាំ ។

៤- ​បាន​ទៅ​សាង​ស្រុក​ថ្មី​នៅ​កំពង់ធំ គ្រប់គ្រង មឿង​២៤ និង​ជា​ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ ក្នុង​នាម​ជា​ស្តេចត្រាញ់​២២​ឆ្នាំ សរុប​រួម​មក​លោក​ឧកញ៉ា​តេ​ជោ​មាស បម្រើ​ការងារ​បាន​ប្រមាណ​៣២​ឆ្នាំ ។ គឺជា​ជីវិត​ពោរពេញ​ទៅ​ដោយ​ការ​តស៊ូ​លំបាក​ស្មុគស្មាញ ជីវិត​យក​អាវុធ​ធ្វើ​ជា​មិត្ត​ជីវិត​ដែល​ប្រើ​សមត្ថភាព​ខ្ពស់​ខាង​ក្បាច់​ អាវុធ បូក​ផ្សំ​ជាមួយនឹង​បញ្ញាញាណ​ល្បិច​កិច្ចកល​និង​ការ​ពិសោធន៍ ដើម្បី​ដណ្តើម​យក​បាន​នូវ​ជ័យជម្នះ​ជា​បន្តបន្ទាប់​មក​ពង្រឹង និង​ពង្រីក​អត្តភាព សមត្ថភាព យក​សក្តិ​យស​លោក​ឱ្យ​ខ្ពស់ត្រដែត​ត្រដឹម​ឧដុង្គឧត្តម ល្បី​ឮ​រន្ទឺ​សុសសាយ​ទូ​ទាំង​ប្រទេស ដែល​ជាទី​សង្ឃឹម​ពេញ​ព្រះ​ហឫទ័យ​របស់​ព្រះមហាក្សត្រ​ពីរ​រជ្ជកាល (​ព្រះ​ស្រី​សុរិយោ​ពណ៌ និង​ព្រះ​ជ័យ​ជេដ្ឋា​ទី​II) ជាទី​ពុំនឹង​ដ៏​កក់ក្តៅ​របស់​រាស្ត្រ​និករ​ទូ​ទាំង​ប្រទេស ។

ពេល​ នេះ​ជា​ពេល​ចុង​ក្រោយ​នៃ​ជីវិត​របស់​ឧកញ៉ា​តេ​ជោ​មាស ដែល​នៅ​ចំពោះ​មុខ​សត្រូវ​ក្នុង​សមរភូមិ ក៏​ដូច​ចំពោះ​មុខ​មច្ចុរាជ លោក​ឧកញ៉ា​តែងតែ​សម្តែង​នូវ​ទឹកចិត្ត​ក្លាហាន​មោះមុត​ឥត​ចុះ​ញ៉ម​ឡើយ​... សឹង​មាន​ហេតុការណ៍​ដ៏​អស្ចារ្យ​ស្មាន​ពុំ​ត្រូវ ដែល​ខ្ញុំ​សូម​លើក​បង្ហាញ​ជូន​ដូច​តទៅ ៖

នា​ថ្ងៃមួយ​នោះ លោក​ឧកញ៉ា​តេ​ជោ ចូល​ទៅ​សម្រាន្ត​ដូច​សព្វថ្ងៃ ហើយ​ក៏​បាន​យក​ជើង​ទៅ​គង​លើ​ភ្លៅ របៀប​ប្រឡែង​លេង​នឹង​ប្រពន្ធ​តូច​ឈ្មោះ​នាង​ដកម៉ៃ ដែល​លោក​ប្រោស​អាណិត​ស្រឡាញ់ ។ ខណៈនោះ​នាង​ម៉ៃ​យក​ម្ជុល​ដែល​នាង​កំពុង​កាន់​ដេរអាវ មក​ជន្ល​ប្រឡែង​នឹង​លោក​ឧកញ៉ា​តេ​ជោ​វិញ ។

លោក​ឧកញ៉ា​តេ​ជោ ញញើត​ម្ជុល ក៏​ដូច​ជា​ភ្ញាក់​បន្តិច ។ ពេល​នោះ​នាង​ម៉ៃ​ក៏​សើច​ហើយ​និយាយ​ថា ៖ «​លោក​ធ្លាប់​ធ្វើសឹក​សង្គ្រាម​ក្រោម​គ្រាប់កាំភ្លើង​ដូច​ទឹកភ្លៀង ធ្លាប់​ប្រឡែង​នឹង​មុខដាវ លំពែង ផ្គាក់​មុត​ដូច​ពេជ្រ តែ​លោក​មិន​ដែល​រសើប មិន​ដែល​ញោច និង​រា​ថយ​ឡើយ ឥឡូវ​លោក​មក​ស្ញើប​ញោច​នឹង​ម្ជុល​របស់ខ្ញុំ​វិញ​!» ។

ឮ​សូរ​សម្តី​ នេះ​ហើយ តេ​ជោ​បុ​រា​រាជ សែន​គ្នាន់ក្នាញ់​ពន់ពេក​ណាស់ ហើយ​ក៏​ចេញ​វាចា​ថា​៖ «​ក្នុង​មួយ​ជីវិត​អញ​នេះ អញ​មិន​ដែល​ចាញ់​ប្រៀប​វោហារ​សម្តី​នរណា​ដល់​ម្តងណា​ឡើយ​។  ពេល​នេះ​ដោយសារ​តែ​អញ​មក​ជ្រុលខ្លួន​មក​វង្វេង​ក្នុង​កាមតណ្ហា ទើប​បានជា​អញចាញ់​ប្រៀប ចាញ់​សម្តី​ស្រី​យ៉ាងនេះ​!»​។

ពេល​នេះ​លោក​ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ បានឱ្យ​គេ​ទៅ​អញ្ជើញ​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត និង​ក្រមការ​ជំនិត​ៗ​មក​ថ្លែងប្រាប់​ថា ៖ «​ព្រះពុទ្ធ​អង្គ​ទ្រង់មាន​ព្រះ​បន្ទូល​ត្រាស់​ទេស​នាម​កថា ៖ តណ្ហា​នេះ​ជាស​ត្រូវ​នឹង​រូប​កាយ​យើង​ពុទ្ធវចនៈ​ពិតជា​ត្រឹមត្រូវ​ពន់ពេក​ ណាស់ ។ ពេល​នេះ​ប្រកាស​សូម​លា​អស់អ្នក​ទាំងឡាយ​ហើយ ។ ចូរ​អ្នក​ទៅ​យក​ក្បួនតម្រា និង​ក្បួន​តេជះ​ទាំង​ប៉ុន្មាន​ជា​របស់ខ្ញុំ​មក​ប្រគល់​ឱ្យ​ឧកញ៉ា​រាម​រាជ​តេ ​ជោ​យ៉​ត​ផង !» រួច​លោក​ក៏​ងាក​មក​ផ្តាំ​សិស្ស​សំណព្វ​របស់​លោក​ថា ៖ អា​យ៉​ត​ឯង​ចូរ​យក​ក្បួនតម្រា​ទាំង​ប៉ុន្មាន​នេះ​ទុកជា​ជំនួស​អញ​ចុះ​! » ហើយ​ក៏​បែរ​ទៅ​ផ្តាំ​អស់​ក្រមការ​ថា ៖ «​អំណើះ​តទៅ​មុខ​សង្គ្រាម​នឹង​កើតឡើង​ញឹកញាប់​ណាស់​! ។ អ្នក​ទាំងឡាយ​ដែល​នៅ​ឯក្រោយ​ចូរ​យកចិត្តទុកដាក់​នឹង​រាជការ​ផែនដី​ឱ្យ​ មែនទែន​ដើម្បី​យកកេរ្តិ៍ឈ្មោះ រៀង​ៗ​ខ្លួន !» ។  

លុះ​ផ្តាំ​រួច​ ស្រេច​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​បាន​បង្គាប់​ឱ្យ​ស្មៀន​សរសេរ​សំបុត្រ​ក្រាបទូល​ទៅ​ ព្រះ​នរបតី​ហ្លួង​ម្ចាស់ជីវិត ដូច​មាន​សេចក្តី​យ៉ាងនេះ​ថា ៖ «​ទូលព្រះបង្គំ​បាន​ធ្វើការ​រាជការ​តបស្នង​សង​ព្រះ​គុណ​ព្រះ​អង្គ បាន​ត្រឹមតែ​៣២​ឆ្នាំ ដោយ​យក​អស់​ប្រាជ្ញា​ស្មារតី និង​សិល្ប៍​វិជ្ជាការ​ទាំង​ប៉ុន្មាន​ឥត​មាន​ធ្វេសប្រហែស ។ នឹង​បន្ត​បម្រើ​ទៅ​មុខ​ទៀត​ពុំ​បាន​ឡើយ​ព្រោះ​ដល់​កាលកំណត់​នឹង​មរណៈ​ហើយ ។ ប៉ុន្តែ​ដោយ​ព្រះ​នគរ​យើង​តទៅ​មុខ​នឹង​កើត​មាន​សង្គ្រាម និង​សឹកសត្រូវ​ច្រើន​មិន​ខាន​ដោយហេតុ​ថា ៖ ទូលព្រះបង្គំ អារ​ឥត​មាន​បុត្រ (​កាល​ជំនាន់​នោះ តំណែង​ឋានៈ​នាទី​ត្រូវ​បន្ត​ជា​មរតក​ពី​ឪពុក​ទៅ​កូន​ជា​ធម្មតា​)  និង​តាំង​ឱ្យ​ស្នង​តំណ​វង្ស​ត្រកូល​មិន​បាន​នោះ ទើប​ទូលព្រះបង្គំ​បាន​បង្ហាត់បង្រៀន​សិល្ប៍​វិជ្ជាការ ឱ្យ​ដល់​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត​បាន​ចេះ​ដឹង​សព្វគ្រប់​ប្រការ​ជា​ស្រេច​ ហើយ ។ ថ្វី​ដ្បិតតែ​អា​យ៉​ត​នេះ មាន​ជាតិ​កំណើត​ពី​វង្ស​ផៅសន្តាន​ជាតិ​ព្នង ក៏​ពិតមែន តែ​ចិត្តគំនិត​និង​តម្រិះ​ប្រាជ្ញា​សុចរិត​ស្មោះត្រង់​ល្អ​ណាស់ ។ ទូលព្រះបង្គំ​សូម​ថ្វាយ​ឧកញ៉ា​រាម​រាជ​តេ​ជោ​នេះ ទុកជា​ជំនួស​រូប​ទូលព្រះបង្គំ ។ ទោះ​ព្រះ​អង្គ​ទ្រង់​ត្រាស់​ប្រើ​ការ​យ៉ាងណា ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត នឹង​សម្រេច​កិច្ចការ​នោះ​បាន​តាម​ទ្រង់​សព្វព្រះរាជហឫទ័យ » ។

លុះ​ តែង​សំបុត្រ​រួច​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស ក៏​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា​ព្រហ្ម​ស្រី​ទ្វារ​ប្រាសាទដប់ ដែល​ជា​ចៅ​មឿង​ប្រាសាទដប់ និង​ឧកញ៉ា​ក្រៃសរ​សេនា ជា​ចៅ​មឿង​កោះ​កេរ ឱ្យ​នាំ​សំបុត្រ​នោះ​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​បរមបពិត្រ​ហ្លួង​ម្ចាស់ផែនដី ​នៅ​ឯ​ក្រុង​ឧដុង្គ​មាន​ជ័យ​។ ក្រោយ​ដែល​ឧកញ៉ា​នាំសារ​ទាំង​ពីរ​រូប​ចេញ​បាត់​ទៅ លោក​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ ចូល​ងូតទឹក​ជម្រះ​កាយ លាប​ប្រោះព្រំ​នូវ​គន្ធពិដោរ ស្លៀកពាក់​ស​សមាទានសីល និង​និមន្ត​ព្រះសង្ឃ​មក​ដារ​ឆាន់​ប្រគេន​ចតុ​ប្ប​ច័យ​ជា​ច្រើន និង​និមន្ត​ព្រះសង្ឃ​មក​សិក្សា​ផ្លូវ​សោតា​អរហត្តផល ហើយ​ចាត់ចែង​ទ្រព្យ​របស់ គោ ក្របី សេះ វេរ​ប្រគេន​ដល់​វត្ត​អារាម​សម្រាប់​ព្រះ​ស្រី​រតនត្រ័យ ។ លុះ​ចាត់ចែង​ធ្វើ​ពិធី​អស់ទាំង​នេះ​ស្រេចបាច់​ស្រួលបួល​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស ក៏​កាន់​ដាវ​កំណាន់ចិត្ត​របស់​ខ្លួន ហើយ​ហៅ​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត​ឱ្យមក​ដាក់​ឧស ដាក់​ធ្យូង ក្នុង​គុក​ចង្ក្រាន​ដំ​ដែក ហើយ​បង្គាប់​ឱ្យ​បម្រើ​សប់​ឱ្យ​ភ្លើង​ឆេះ​យ៉ាង​ខ្លាំង រួច​ឧកញ៉ា​ក៏​ឡើង​ទៅ​អង្គុយ​នៅ​លើ​ចង្ក្រាន​ដែក​នោះ ។ ពួក​ប្រពន្ធ និង​អស់​ក្រមការ​ធំ​តូច​យំ​ស្រេក​អង្វរករ​ដូច​ម្តេច ក៏​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស ពុំ​ព្រម​ស្តាប់​ទាល់តែ​សោះ​។  ពួក​អស់អ្នក​នៅ​ជុំវិញ​ពុំ​អាច​ចូលចាប់​ឱប​យក​ចេញពី​ភ្លើង​បាន​ឡើយ ព្រោះ​ឧកញ៉ា​កាន់​ដាវ​ដ៏​មុត​ថ្លា​នៅ​ដៃ​គំរាម​មិន​ឱ្យ​អ្នក​ណា​ចូល​ទៅ​ជិត​ បាន ។ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ អង្គុយ​លើ​ចង្ក្រាន​ភ្លើង​បែប​នេះ​ចំនួន​៣​ថ្ងៃ​មក​ហើយ ភ្លើង​ក៏​មិន​ឆេះ ហើយ​បែប​ជា​ចង់​រលត់​ទៅ​វិញ ។ ទើប​ឧកញ៉ា​តេ​ជោ​ឱ្យ​យក​ពែង​មួយ​មក​សេក​មន្ត​បន្សាប​សិល្ប៍​ហើយ​ផឹក ។ ភ្លាម​នោះ ភ្លើង​ក៏​ឆេះ​ខ្លួន​លោក​ក្ស័យជីវិត​ក្នុង​ពេល​នោះ​ទៅ​(​ក្រោយមក​មាន​លេចឮ​ ពាក្យ​ចចាមអារ៉ាម​ថា តេ​ជោ​មាស​អង្គុយ​ផឹក​ទឹកតែ​ធ្វើ​ព្រងើយ​នៅ​លើ​ចង្ក្រាន​ដែក​ទៅ​វិញ​) ។

រីឯ ​ចៅ​មឿង​ទាំង​ពីរ​ជា​អ្នក​នាំសារ ទៅ​ថ្វាយ​ព្រះរាជា​គម្រប់​៤​ថ្ងៃ ទើបបាន​ទៅ​ដល់​រាជធានី​ឧដុង្គ ។ ដំបូង​យក​លិខិត​ទៅ​ជូន​សម្តេចចៅហ្វា​ទឡ្ហៈ​សមុហ​នាយក សូម​បន្ត​នាំ​យក​សំបុត្រ​នេះ​ទៅ​ថ្វាយ​ព្រះរាជា​ហ្លួង​ម្ចាស់ជីវិត ។ លុះ​ព្រះ​អង្គ​បាន​ទទួល​ដំណឹង​ដ៏​សែន​ខ្លោចផ្សា​នេះ​ហើយ ព្រះ​អង្គ​មាន​ព្រះ​ទ័យ​សែន​សោកស្តាយ​អគ្គ​សេនា​ជំនិត ដ៏​ខ្លាំងពូកែ​នេះ​ពន់ពេក​ណាស់ រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ ។ ប៉ុន្តែ​បើ​នឹង​ចេញ​រាជឱង្ការ​ទៅ​សុំ​ហាមឃាត់​ក៏​ទៅ​មិន​ទាន់​។ ហេតុនេះ​ហើយ ទើប​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឱ្យ​ក្រុ​​ម​ព្រះ​ឃ្លាំង​បើក​សំពត់​ស​១០០​ ផាប់ ប្រាក់​១០​ជញ្ជីង​សៀម ប្រគល់​ឱ្យ​មន្ត្រី​ក្រុមព្រះ​ស្នំ និង​ចៅ​មឿង​ទាំង​ពីរ​នាក់ នាំ​យក​ទៅ​ធ្វើបុណ្យ​ឧកញ៉ា​តេ​ជោ ។ 

ចំណែកឯ ​នាង​ម៉ៃ ដែល​ជា​មូលហេតុ​នៃ​មរណភាព​របស់​ពញា​តេ​ជោ​ប៉ា​អង្គ​វិញ​នោះ ព្រមទាំង​សាច់សាលោហិត​ទាំង​៧​ជួរ​គោត្រ (​សាច់សាលោហិត​ទាំង​៧​សន្តាន​) ព្រះ​អង្គ​ទ្រង់​ត្រាស់​បង្គាប់​ឱ្យ​យក​ទៅ​បញ្ចូល​ជា​ពល (​ខ្ញុំបម្រើ​នៅ​តាម​អង្គភាព​រដ្ឋ​) ដើម្បី​កុំឱ្យ​ស្រី​ទាំងឡាយ​យកតម្រាប់​តាម​តទៅ ។

រួច​ហើយ​ព្រះ​បរម​ ចម​ពល​ហ្លួង​ម្ចាស់ជីវិត ទ្រង់​ត្រាស់​បញ្ជា​ឱ្យ​ក្រុម​អាល័ក្ស (​ក្រុម​អ្នក​កាន់​បញ្ជី​កត់ត្រា​ព្រះរាជ​ទ្រព្យ​មហាក្សត្រ​) តែង​ព្រះរាជ​ឱង្ការ (​ព្រះរាជក្រឹត្យ​តែងតាំង​) ត្រា​តាំង​ឧកញ៉ា​រាម​រាជ​តេ​ជោ «​យ៉​ត​» ជា​ជំនួស​ខ្មោច​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ «​មាស​» ក្នុង​ឆ្នាំជូត​(​គ​.​ស ១៦៣៦) ។

ជីវប្រវត្តិ​របស់​វីរបុរស តេ​ជោ​ក្រហម ក ឬ​តេ​ជោ​មាស​បាន​បញ្ចប់​ត្រឹម​ប៉ុណ្ណោះ​... ។ ប៉ុន្តែ​ស្រមោល​របស់​លោក ដួង​ព្រលឹង​របស់​លោក នៅ​តែ​រស់​រវើក​នៅ​ក្នុង​តួអង្គ​តេ​ជោ យ៉​ត ជា​អ្នក​ស្នង​តំណែង​របស់​លោក ដែល​ផ្តើម​ឡើង​ពី​ឋានៈ​ជា​បាវបម្រើ ជា​អ្នក​ជំនួយការ ជា​អ្នក​សំណព្វ ជា​កូនចិញ្ចឹម និង​ជា​ភូឈួយខេត្ត ឬ​ចៅហ្វាយខេត្ត​រង (​អភិបាលខេត្ត​) ដេ​ល​លោក​បាន​ជ្រើសរើស​សម្រិតសម្រាំង​ទុក​សម្រាប់​ជំនួស​លោក នៅ​ពេល​ទទួលអនិច្ចកម្ម​ទៅ ។

បើ​លោក​អ្នក​អាន​ចង់​ដឹង​អំពី​សកម្មភាព ​ខាង​វិជ្ជា​សិល្ប៍សាស្ត្រ ក្បាច់គុន យុទ្ធសាស្ត្រ ប្រាជ្ញា​ស្មារតី​វាងវៃ ស្នាដៃ​ឆ្នើម​ក្នុង​ការ​គ្រប់គ្រង​ដឹកនាំ​ទ័ព ក៏​ដូច​ជា​គ្រប់គ្រង​ខេត្ត​កំពង់ស្វាយ (​កំពង់ធំ​) ខាង​វិស័យ​អភិបាលកិច្ច​... បើ​លោក​អ្នក​អាច​ចង់​ដឹង​យល់​ថា​តើ​ឧកញ៉ា​រាម​រាជ​តេ​ជោ​យ៉​ត ពិតជា​ស្រមោល ពិតជា​ដួង​ព្រលឹង ពិតជា​តេ​ជោ​មាស​ទី​II មែនដែរ​ឬទេ​នោះ ខ្ញុំ​សូម​អនុញ្ញាត​ណែនាំ​អស់លោក​តាមដាន​ប្រវត្តិ​ពិស្តារ របស់​ឧកញ៉ា​តេ​ជោ​យ៉​ត ដូច​តទៅ ៖
 
 ឧកញ៉ា​រាម​រាជ​តេ​ជោ «​យ៉​ត​»
មុន ​ពេល​ដែល​ឧកញ៉ា​តេ​ជោ «​មាស​» យក​យុវជន​យ៉​តម​ក​ធ្វើ​ជា​អ្នកបម្រើ​នោះ ខ្ញុំ​ពុំ​ទាន់​បាន​ស្រាវជ្រាវ​រក​ឃើញ​ប្រភព​របស់​យុវជន​នេះ ថា​មានកំណើត​នៅ​ស្រុក​ខេត្ត​ណា មាន​ឪពុក​ម្តាយ​ឈ្មោះ​អ្វី​នៅឡើយ​ទេ (​ខ្ញុំ​ដឹង​ត្រឹមតែ​ថា អ្នក​កំលោះ​នេះ មានពូជ​ពង្ស​ជា​ជនជាតិភាគតិច «​ព្នង​»​តែ​ប៉ុណ្ណោះ ។ តាម​ការ​ស៊ើបសួរ លោកតា លោកយាយ​ពី​ជំនាន់​ដើម មុន​ៗ ជា​ពិសេស​ឪពុក​ម្តាយ​ខ្ញុំ​បានដឹង​ថា កាលពីដើម គឺ​ក្រោយ​សម័យ​អង្គរ មាន​មនុស្ស​ក្រុម​ខ្លះ​ដើរ​ស្វែង​ចាប់​ជនជាតិ​ភ្នំ (​ព្នង ជង ស្ទៀង កួយ រដែ ស្អូច ចា​រាយ ទំ​ពូន ។​ល​។ ) នៅ​ឋិត​ក្នុង​សម័យ​ក្មេង គឺ​ពេញកំលោះ​ក្រមុំ​យក​លក់​ឱ្យ​អ្នកមាន ឬ​អ្នកមាន​ធុន​កណ្តាល ធ្វើ​ជា​បាវព្រាវ​ខ្ញុំកំដរ​នៅ​ភូមិភាគ​កណ្តាល ដើម្បី​បម្រើ​ការងារ​ផ្ទះ នៅ​តាម​ស្រែ​ចម្ការ​ជាដើម ។ ក្នុង​នេះ​ឪពុក​ម្តាយ​ខ្ញុំ​ក៏​ធ្លាប់​មាន​ខ្ញុំកំដរ​ជា​ជនជាតិ​ព្នង​ដែរ ។ លើក​មក​ប៉ុណ្ណេះ​មិនមែន​មាន​ន័យ​ថា តេ​ជោ​យ៉​ត​ឋិត ឬ​មិន​ឋិត​ក្នុង​ចំណោម​ពួក​មនុស្ស​ខាងលើ​នេះ​ឡើយ ។ ប៉ុន្តែ​ចាស់​បុរាណ​ធ្លាប់​និយាយ​ថា ពួក​ជនជាតិភាគតិច​នេះ​ស្រឡាញ់​ទឹកដី​ព្រៃ​ភ្នំ​ណាស់ មិន​ដែល​រត់​ចោល​ភូមិឋាន​ជា​ប្រពៃណី​របស់​គេ មក​សុំ​ជ្រកកោន​ជាមួយនឹង​គ្រួសារ​ខ្មែរ​នោះ​ឡើយ ។ ប៉ុន្តែ​អាច​មាន​មតិ​ខ្លះ​នឹក​ឆ្ងល់​ថា  បើ​គាត់​ជា​ជនជាតិ​ព្នង​សោះ​ម្តេច​ក៏​មាន​ប្រាជ្ញា ឆ្លាត​វាងវៃ ចេះ​មន្តអាគម ចេះ​ក្បាច់​អាវុធ​កម្រិត​ខ្ពស់​ម្ល៉េះ ? សេចក្តី​ត្រង់នេះ បើ​មិនបាច់​ឆ្ងល់​ក៏​បាន ។ សូម​មេត្តា​ពិនិត្យ​មើល ឆ្កែ ស្វា ដំរី សេះ​... វា​ជា​សត្វ​សោះ ម្តេច​ឡើយ​ក៏​ពួក​សៀ​ក​រហស្សកម្ម យក​មក​បង្ហាត់​ឱ្យ​ចេះ​ធ្វើ អ្វី​ៗ សព្វគ្រប់​បាន​ដូច​ជា​ឆ្កែ ចេះ​គុណ​លេខ ស្វា​ចេះ​ជិះ​ម៉ូតូ ដំរី​រាំក្បាច់ ត្រី​ម៉ាក​ស្វាំ​ង ចេះ​ផ្លុះ​បង្ហោះ​ប៉េងប៉ោង​ជាដើម​... ។ និយាយ​ឱ្យ ត្រង់​ៗ​ទៅ​សូ​ម្បី​តែ​មនុស្ស​នៅ​ភូមិភាគ​កណ្តាល​ខ្លះ ក៏​ល្ងីល្ងើ​មិន​តិច​ប៉ុន្មាន​ដែរ​... ។

១៦-​យុទ្ធសាស្ត្រ របស់​តេ​ជោ​យ៉​ត​ក្នុង​ការ​គ្រប់គ្រង​ទ័ព
ក្រោយ ​ពី​បាន​ធ្វើសង្គ្រាម​ឈ្នះ​សៀម​ឈ្លានពាន មួយ​លើក​ជា​ពីរ​លើក​មក ទ័ព​ខ្មែរ​យើង​ចាប់​ឈ្លើយសឹក​ជា​ទាហាន​សៀម​ជា​ច្រើន​ម៉ឺន​នាក់ ហើយ​បាន​បំបែក​ចែកចាយ​ពង្រាយ​ឱ្យទៅ​នៅ​តាម​ខេត្ត​ខ័​ណ្ឌ​ផ្សេង​ៗ ។

ប៉ុន្តែ ​ដោយ​មានគំនិត​ក្បត់​ចង់​រើបម្រះ ឈ្លើយសឹក​ទាំងនេះ​បាន​លួច​ទៅ​ប្រមូលផ្តុំ​គ្នា​បង្កើត​ជា​ក្រុម​ឧទ្ទាម បង្ក​ទៅ​ជា​ចលនា​បះបោរ​ប្រឆាំង​តប​នឹង​អាជ្ញាធរ រដ្ឋអំណាច​ដែនដី​ខ្មែរ​វិញ​។ ពួក​នេះ​បាន​ប្រមូលគ្នា​ទៅ​ជួបជុំ​នៅ​ខេត្តពោធិ៍សាត់ ហើយ​បង្ក​ជា​ចលនា​ទ័ព​ដេញ​ចៅហ្វាយស្រុក ខេត្តពោធិ៍សាត់ ខេត្ត​ក្រគរ ខ្លុង ក្រង រលាប្អៀរ ។ ចៅហ្វាយស្រុក​ក្នុង​ខេត្ត​ទាំងនោះ ​ទប់ទល់​នឹង​វា​ពុំ​បាន ក៏​រត់​មក​ដល់​រាជធានី​ក្រុង​ឧដុង្គ​មាន​ជ័យ ចូល​ក្រាបទូល​សុំ​ការ​ប្រណី​ប្រទាន​ទោស ពី​ព្រះ​បរម​ពិ​ត្រ ហ្លួង​ម្ចាស់ជីវិត​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ដោយ​បាន​ធ្វើ​ឱ្យ​បរាជ័យ​ចាញ់​ដៃ​ឧទ្ទាម​សៀម  ។ នៅ​ពេល​មាន​កលិយុគ​ដូច្នេះ ព្រះរាជា​ទ្រង់​នឹកភ្នក​ទៅ​ដល់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​មាស ថា​ប្រសិនបើ​ឧកញ៉ា​នៅ​មានជីវិត​នោះ កិច្ចការ​សង្គ្រាម​ត្រឹម​ចលនា​បះបោរ ប៉ុណ្ណឹង​ៗ​ព្រះ​អង្គ​មិនបាច់​ព្រួយ​ព្រះ​ហ​ឬ​ទ័យ​ឡើយ ។ ប៉ុន្តែ​ស្រាប់តែ​ភ្លាម​នោះ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​នឹកភ្នក​ទៅ​ដល់​បណ្តាំ​តេ​ជោ​មាស​... ។ ទ្រង់​ក៏​ត្រាស់​បង្គាប់​ទៅ​ចៅ​ហ្វា​ទឡ្ហៈ ឱ្យ​ចេញ​សំបុត្រ​ទៅ​អញ្ជើញ​ឧកញ៉ា​រាម​រាជ​តេ​ជោ យ៉​ត មក​ក្រុង​ឧដុង្គ​ជា​ប្រញាប់ ។ ចំពោះ​ការ​ទៅ​បង្ក្រាប​ចលនា​បះបោរ​របស់​ឈ្លើយ​សៀម​នោះ ទ្រង់​ត្រាស់​បង្គាប់​ទៅ​ចៅ​ហ្វា​ទឡ្ហៈ សមូហ​នាយក ចាត់​ឱ្យ​ឧកញ៉ា​ចក្រី ឧកញ៉ា​ក្រឡាហោម  នាំ​ទ័ព​ទៅ​ទប់ទល់​រួច​ហើយ ។ កាលបើ​បាន​ទទួល​សំបុត្រ​របស់​ចៅ​ហ្វា​ទឡ្ហៈ​ហើយ និង​ដោយ​មាន​ពេល​ខ្លី​ពេក ព្រោះ​តម្រូវ​ឱ្យ​ចូល​ទៅ​រាជធានី​ជា​ប្រញាប់​ផង​នោះ  ឧកញ៉ា​តេ​ជោ​យ៉​ត កេណ្ឌ​ពល​បាន​តែ​៥០០​នាក់​ប៉ុណ្ណោះ ហើយ​នាំ​សេនា​ទាហាន​ទៅ​ចូល​ក្រាប​បង្គំ​គាល់ ។ ខណៈនោះ​ព្រះ​នរបតី​ទ្រង់​ត្រាស់​សួរ​ថា​៖ «​កាល​ពូ​តេ​ជោ​មាស​ហៀបនឹង​ស្លាប់ គាត់​មាន​សំបុត្រ​មក​ក្រាបទូល​ចូល​មក​យើង​ថា គាត់​បាន​បង្ហាត់បង្រៀន​សិល្ប៍សាស្ត្រ​វិជ្ជាការ និង​ក្បួនតម្រា​ពិជ័យសង្គ្រាម​ទាំងអស់​ឱ្យ​ដល់​ឧកញ៉ា​តើ​មែន​ឬទេ ?  ឧកញ៉ា​តេ​ជោ​យ៉​ត​ក្រាប​បង្គំ​ទូល​ថា មែន​» ។ ទ្រង់​ត្រាស់​សួរ​បន្ត​ទៅ​ទៀត​ថា ៖  «​ឥឡូវនេះ​ឈ្លើយ​សៀម​បះបោរ ដេញ​កម្ចាត់​អស់​ចៅហ្វាយស្រុក ខេត្ត​ខាងលិច និង​ខាងជើង ឱ្យ​បែក​ទ័ព​រត់​ខ្ចាត់ខ្ចាយ​ចោល​ខេត្ត​អស់ហើយ ។ យើង​បាន​ចាត់​ឱ្យ​ឧកញ៉ា​ក្រឡាហោម និង​ឧកញ៉ា​ចក្រី​លើកទ័ព​ទៅ​ច្បាំង​នឹង​វា​ទៀត​ក៏​នៅ​តែ​បរាជ័យ​ដដែល ។ ឥឡូវនេះ​ឮ​ថា​វា​ចូល​មក​តាំងទី​ក្នុង​បន្ទាយ សម្តេចព្រះ​ខ​ត្តិ​យាម​ហា​ច័ន្ទ​រាជា យ៉ាង​មាំមួន​ណាស់ ដូច្នេះ​តើ​ឧកញ៉ា​ឯង​នឹង​គិត​យ៉ាងណា​» ?

ឧកញ៉ា​តេ​ជោ​យ៉​ត​ក្រាបទូល ​ថា ៖ «​ការ បង្ក្រាប​សង្គ្រាម​ផ្ទៃក្នុង​នគរ​យ៉ាងនេះ ត្រូវ​តែ​ចាត់​មេទ័ព​ពី​ក្នុង​ក្រុង​រាជធានី គឺ​មិន​ត្រូវ​យក​មេទ័ព​ពី​ខេត្ត​ក្រៅ​ឱ្យ​ចេញ​ទៅ​ប្រាបប្រាម​ឡើយ »​។ ប៉ុន្តែ​មេទ័ព​នោះ ត្រូវ​ចេះ​ចាំ​យ៉ាង​ស្ទាត់​នូវ​ក្បួន​ព្យូហសឹក​ទាំង​១២​ប្រការ​គឺ ៖

១-​ឱ្យ​ស្គាល់​ទី​ណាត់ (​គឺ​ទី​ដែល​ត្រូវ​លើកទ័ព​ឱ្យ​ជួបជុំ​គ្នា​) ទី​លើកទ័ព ទី​បង្កប់ និង​សំញែង​ទ័ព ។
២-​ឱ្យ​ស្គាល់ចិត្ត​ទាហាន​ឱ្យ​ច្បាស់​(​ដឹង​ថា​ទាហាន​ស្រឡាញ់​កោតខ្លាច និង​ទុកចិត្ត​លើ​មេទ័ព​ហើយ​ឬ​នៅ​) ។
៣- ​ឱ្យ​ស្គាល់​ក្បួនទ័ព​សឹក​ដែល​បន្លឺ​សូរ​ស័ព្ទ​មក (​មេទ័ព​មិន​ត្រូវ​ភ្ញាក់ផ្អើល​នឹង​សូរ​សន្ធឹក​ព័ត៌មាន ផ្សេង​ៗ និង​សម្រែកសត្វ បើ​ឮ​ហើយ​ត្រូវ​ពិចារណា​ឱ្យ​ដឹង​ច្បាស់​) ។
៤-​ឱ្យ​ស្គាល់​ឫក្ស​អាកាស និង​ផែនដី​ឱ្យ​ច្បាស់ ។
៥-​បើ​នឹង​ចូល​ច្បាំង ត្រូវ​ស្គាល់​ទិស​ចេញ និង​ទិស​ចូល ។
៦-​ឱ្យ​ស្គាល់​កម្លាំង​សឹកសត្រូវ គឺ​ឱ្យ​ចេះ​ស្មាន​ស្បៀងអាហារ​របស់​ខ្លួន និង​របស់​ខ្មាំង ។
៧-​ឱ្យ​ស្គាល់​ច្បាស់​នូវ​កម្លាំង​នៃ​គ្រឿងសាស្ត្រាវុធ​របស់​ខ្លួន និង​របស់​សត្រូវ ។
៨-​ឱ្យ​ចេះ​ប្រើ​សេនា​ទាហាន គឺ​ប្រើ​ធ្វើការ​ឱ្យ​ល្មម​នឹង​កម្លាំង​ទាហាន​យើង ។
៩-​ឱ្យ​ស្ទាត់​ក្នុង​ការ​ចាត់​អ្នកយាម​ល្បាត កុំ​ទុកចិត្ត​ឱ្យ​ហួស​ពី​កម្រិត​ខ្លួន ។
១០-​ឱ្យ​កាន់​អាជ្ញាសឹក​ឱ្យ​រឹង​ដូច​ផែន​សិលា (​កុំ​មាន​ត្រចៀកស្រាល​ស្តាប់​គេ​ឥត​ពិចារណា​) ។
១១- ​អម្ចាស់​ជីវិត​ដែល​នឹង​ត្រាស់​ចាត់​មេទ័ព​ឱ្យ​ចេញ​ទៅ​ធ្វើសឹក​សង្គ្រាម​នោះ ត្រូវ​មាន​សទ្ទសញ្ញា​ឱ្យ​មេទ័ព​ទុកចិត្ត កុំឱ្យ​ព្រួយបារម្ភ​ពី​ទ័ព​ក្រោយ គឺ​ឱ្យ​មេទ័ព​រវល់​តែ​ពី​ទ័ព​មុខ​កុំឱ្យ​មាន​ព្រួយ​នឹង​ទ័ព​ក្រោយ បើ​ពុំនោះសោត​ទេ មេទ័ព​នោះ​នឹង​មាន​លទ្ធផល​ដូច​រំសេវ​ត្រូវ​ទឹក ទោះបី​ព្រាន​បាញ់​កេះកៃ​ដូច​ម្តេច​ក៏​ពុំ​ឆេះ​ឡើយ ។

កាលបើ​មេទ័ព​ ប្រតិបត្តិ​បាន​គ្រប់​ទាំង​១២​ចំណុច​នេះ​ហើយ កុំ​ថា​ឡើយ​ត្រឹមតែ​អ្នកសិល្ប៍​សឹកសត្រូវ​ក្នុង​ព្រះ​នគរ ទោះបី​ទ័ព​ស្តេច​មក​ពី​ប្រទេស​ណា​លើក​មក​ប៉ុន្មាន​ម៉ឺន​នាក់​ក្តី ក៏​គង់តែ​ចាញ់​មេទ័ព​ដែល​ស្ទាត់ជំនាញ​ក្នុង​ព្យូហសឹក​ទាំង​១២​ប្រការ​នេះ​ជា ​មិន​ខាន ។

គប្បី​ជ្រាប​ថា ព្រះករុណា​ជ័យ​ជេដ្ឋា​ទី II ពុំ​ទ្រង់​ជ្រាប​ស៊ីជម្រៅ​អំពី​អត្ថន័យ​ក្នុង​ប្រការ​ទី​១២ ដែល​តេ​ជោ​យ៉​ត​បាន​ទូល​ថ្វាយ​នោះ មាន​ន័យ​ថា ទ្រង់​ពុំ​បាន​ចាប់ភ្លឹក ឬ​យក​ព្រះ​ទ័យ​ទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​ឡើយ ហេតុនេះ​ហើយ​បានជា​ទ្រង់មាន​ព្រះ​បន្ទូល​ថា «​ឱ្យ​ឧកញ៉ា​ប្រុង​តែ​ទ័ព​មុខ​ចុះ ឯ​ទ័ព​ក្រោយ​កុំឱ្យ​ព្រួយបារម្ភ​ឡើយ ។ ខណៈនោះ​ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​រាជទាន​ដាវ​ស្រោម​មាស និង​ដង​មាស​មួយ ជា​ដាវ​ព្រះរាជ​អាជ្ញាសឹក ។ គឺជា​ដាវ​ពិសេស​តំណាង​នូវ​អំណាច​ផ្តាច់​ការ អាច​កាប់សម្លាប់​អ្នក​ណា​ក៏​បាន​តាម​ចិត្ត​ម្ចាស់​ដាវ ។ ជាមួយ​នេះ​ផង​ដែរ ទ្រង់​ក៏​ត្រាស់​បញ្ជា​ឱ្យ​ក្រុមព្រះ​អាល័ក្ស តែង​ព្រះរាជ​សញ្ញាប័ត្រ​ព្រះ​រាជទាន​អំណាច​ឱ្យ​ដល់​ឧកញ៉ា​តេ​ជោ​ដោយ​ត្រាស់​ បញ្ជាក់​ទៅ​តេ​ជោ​យ៉​ត​សព្វគ្រប់​ថា​៖ ព្រះ​អង្គ​ពិតជា​មិន​រវល់​នឹង​ទ័ព​ក្រោយ​ទេ ។ ក្រោយ​ពី​បាន​ទទួល​ព្រះរាជ​សញ្ញាប័ត្រ (​ព្រះរាជ​លិខិត​ផ្ទេរអំណាច​) និង​ដាវ​អាជ្ញាសឹក​នោះ​ហើយ ក៏​ថ្វាយបង្គំ​លា​បញ្ជា​ទ័ព​ចេញ​ទៅ ។ លុះ​ដំណើរ​ទ័ព​មក​ដល់​ខាងលិច​បន្ទាយលង្វែក ឧកញ៉ា​តេ​ជោ​យ៉​ត​ក៏​កេណ្ឌ​ទ័ព​ក្នុង​ខេត្ត​លង្វែក គឺ​ខេត្ត​ត្រើយ​ខាងលិច ផ្សំគ្នា​នឹង​ទ័ព​ត្រើយ​ខាងកើត​បាន​១.០០០​នាក់ រួម​គ្នា​បាន​១.៥០០​នាក់ ។ ឧកញ៉ា​បង្គាប់​ឱ្យ​កាប់​ដើម​ឫស្សី​ធ្វើ​ជា​បន្ទាយ​រាយ​ចម្រូង​តម្រូវ​ឱ្យ​ អូស​ពី​ខាង​ចុង (​អូស​ឫស្សី​បញ្ច្រាស​ចុង​) ។ នៅ​ពេល​នោះ ម៉ឺន​ចៃ​ចុង​រក្ស កែ (​ឈ្មោះ​ម៉ឺន​កែ​នេះ​ត្រូវ​ជាប់​កំណែន​ទ័ព​ទៅ​ច្បាំង​ដែរ​) ជា​ប្អូន​អ្នក ម្នាង​នូ ដែល​ត្រូវ​ជាប់​ក្នុង​កំណែន​នោះ​ដែរ រឹង​ត​ទឹង​មិន​ព្រម​អូស​ឫស្សី​បញ្ច្រាស​ចុង​តាម​បញ្ជា​របស់​ឧកញ៉ា​តេ​ជោ​យ៉​ ត​នោះ​ឡើយ ។ ម៉ឺន​កែ​នាំ​ស្ម័គ្របក្សពួក​ខ្លួន​អូស​ឫស្សី​សុទ្ធតែ​ពី​ខាង​គល់ ។ ក្រោយ​ពី​បាន​ដាក់​បទបញ្ជា​រួច​ហើយ​នោះ ឧកញ៉ា​តេ​ជោ​យ៉​ត តែងតែ​ដើរ​ឃ្លាំមើល​សេនា​ទាហាន​ធ្វើ​កិច្ចការ​សព្វសារពើ ។ គ្រា​ដែល​បានឃើញ​ម៉ឺន​ចែ​ចុង​រ័ក្ស (​កែ​) ប្រព្រឹត្ត​ផ្ទុយ​នឹង​បញ្ជា​ខ្លួន​ដូច្នេះ ឧកញ៉ា​តេ​ជោ​ក៏​បង្គាប់​ឱ្យ​ចាប់ខ្លួន​ម៉ឺន​ចែ​ចៃ​ចុងរ​ក្សកែ​ជា​ប្អូន​អ្នក ​ម្នាង​នូ ចង​ចំណង​៥​ប្រការ (​ដាក់​ច្រវាក់​ខ្លួន ដាក់​ច្រវាក់​ចង្កេះ ដាក់​ច្រវាក់​ក ដាក់​ខ្នោះជើង ដាក់​ខ្នោះដៃ​) ។ បើ​យោង​ទៅ​តាម​ច្បាប់ ទោស​នេះ​មានឈ្មោះ​ថា ព​ន្ធេ​យ្យុំ​(​អាន​ថា «​ពាន់​ធៃ​យុង​»)​។  អ្នកទោស​នេះ ត្រូវ​ឱ្យ​បណ្តើរ​អាក្រោស​ផ្ចាល​មុខ (​ចង​បណ្តើរ​ឱ្យ​ស្រែក​អាក្រោស​ថា​កុំឱ្យ​អ្នកផង​យកតម្រាប់​តាម​) ដរាប​ដល់​គម្រប់​៣​ថ្ងៃ ឱ្យ​សម្លាប់​ចោល​ដើម្បី​ទុកជា​បម្រាម​ដល់​សេនា​ទាហាន​ឯទៀត​កុំឱ្យ​យកតម្រាប់ ​តាម ។ បញ្ជា​ពី​តេ​ជោ​យ៉​ត​នេះ ត្រូវ​បាន​មន្ត្រី​ក្រសួង​នគរបាល​ខាង​ខេត្ត​កំពង់ស្វាយ អនុវត្ត​បាន​ត្រឹមត្រូវ​សព្វគ្រប់ ។

ចំណែកឯ​បាវបម្រើ​របស់​ម៉ឺន​ចៃ​ ចុង​រក្ស កាលបើ​បានឃើញ​គេ​ចាប់ចង​នាយ​ចៅហ្វាយ​របស់​ខ្លួន​បណ្តើរ​អាក្រោស ហើយ​យក​ទៅ​សម្លាប់​ចោល ស្តែង​ៗ​ដូច្នេះ ក៏​លប​លួច​ជិះសេះ​បំផាយ​យ៉ាង​លឿន​ទៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ដើម្បី​យក​ដំណឹង​ដ៏​ខ្លោចផ្សា​នោះ​ទៅ​ជម្រាប​អ្នក​ម្នាង​នូ ។ ដោយ​ក្តី​ស្តាយស្រណោះ​ប្អូនប្រុស​ដែល​ត្រូវ​គេ​សម្លាប់ អ្នក​ម្នាង​នូ​ស្រែក​ទ្រហោយំ នឹក​អាណិតអាណោច​អាធ័ម​ពន់ប្រមាណ ។ អ្នក​ម្នាង​នូ​បាន​ចូល​ទៅ​ក្រាប​បង្គំ​ទូល​ព្រះ​នរបតី ហើយ​ទូល​ថ្វាយ​ព្រះរាជា​តាម​ដំណើរ​ហេតុ​សព្វគ្រប់​ប្រការ ដោយ​បន្ថែម​សេចក្តី​ថា ៖ «​អា​យ៉​ត​នេះ​វា​មាន​សញ្ជាតិ​ជា «​ព្នង​» ឥឡូវ​ព្រះ​បរមបពិត្រ​ទ្រង់​ប្រោស​ឱ្យ​វា​កាន់​ដាវ​អាជ្ញាសឹក សម្រេច​កិច្ចការ​រាជការ ត្រួតត្រា​ក្បាល​ខ្មែរ​ដែល​មាន​ជាតិ​ត្រកូល​ខ្ពង់ខ្ពស់​ជាង ។ ធ្វើ​យ៉ាងនេះ​ឃើញ​ថា នាំ​ឱ្យ​ថោកទាប​ដល់​អាណាប្រជានុរាស្ត្រ​ខ្មែរ​ខ្លាំង​ណាស់ ។ បើ​ធ្វើ​តែ​យ៉ាងនេះ​តទៅ​ទៀត ខ្មែរ​នឹង​បែរ​បាក់ទឹកចិត្ត​រត់​ចូល​សៀម​អស់​ជា​ពុំខាន​» ។ 

ដោយ​ មាន​ព្រះ​ទ័យ​ស្រឡាញ់​ប្រោស​អាណិត​មេត្តា​ចំពោះ​អ្នក​ម្នាង​នូ និង​ម៉ឺន​ចៃ​ចុង​រក្ស «​កែ​» ផង ព្រះ​អង្គ​ក៏​ធ្វេស​ព្រះ​ស្មារតី​ជឿ​ស៊ប់​តាម​ពាក្យ​ទូល​ពិត​របស់​អ្នក​ ម្នាង​នូ នោះ​ទើប​ទ្រង់​ព្រះ​តម្រាស់​ទៅ​ដល់​សម្តេចចៅហ្វា​ទឡ្ហៈ​សមុហ​នាយ​កថា ៖ «​ត្រូវ​ចាត់​ឧកញ៉ា​ចក្រី​និង​ឧកញ៉ា​ក្រឡាហោម ឱ្យ​លើកទ័ព​ទៅ​ប្រាបប្រាម​ទ័ព​សៀម​វិញ ឯ​ខ្លួន​អា​យ៉​ត​ត្រូវ​ឱ្យ​ចូល​មក​កាន់​រោង​ជំនុំក្តី ពី​ដំណើរ​ដែល​វា​បង្គាប់​ឱ្យ​រាស្ត្រ​អូស​ឫស្សី​បញ្ច្រាស​ចុង ខុស​នឹង​ទំនៀមទម្លាប់​ខ្លាំង​ណាស់​» ។ ខណៈនោះ​សម្តេចចៅហ្វា​ទឡ្ហៈ​ស​មុ​នាយក ក្រាប​បង្គំ​លា​ចេញ​មក ហើយ​ចាត់​បម្រើ​ឱ្យទៅ​អញ្ជើញ​ឧកញ៉ា​តេ​ជោ​យ៉​ត តាម​ព្រះរាជ​ឱង្ការ ព្រមទាំង​ប្រាប់​ទៅ​ឧកញ៉ា​ក្រឡាហោម​ឱ្យ​កេណ្ឌ​ទ័ព​លើក​ទៅ​ទប់ទល់​នឹង​ទ័ព​ សៀម​បះបោរ ។ ប៉ុន្តែ​ចៃដន្យ​ស្រាប់តែ​ពេល​នោះ ឧកញ៉ា​តេ​ជោ​យ៉​ត​ក៏​ចូល​មក​ដល់ ។ សម្តេចចៅហ្វា​ទឡ្ហៈ​សមុហ​នាយក ក៏​ប្រាប់​ទៅ​ឧកញ៉ា​តេ​ជោ​យ៉​ត អំពី​ដំណើរ​ក្តី​ចោទប្រកាន់ ហើយ​បង្គាប់​ចៅក្រម សាលា​បញ្ជាន់​សឹង​(​ឈ្មោះ​សាលាជំនុំ​ជម្រះក្តី​ពី​ជំនាន់​នោះ ក្រោយមក​ហៅ​ថា​សាលា​លុ​ឃុន​វិញ​) ឱ្យ​សួរ​និង​កត់​ចម្លើយ ។

ឧកញ៉ា​តេ ​ជោ​យ៉​ត​ជម្រាប​តប​វិញ​ថា​៖  «​ខ្លួន​ខ្ញុំ​នេះ​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង ទ្រង់​ប្រោស​ប្រទាន​ឱ្យ​កាន់ «​ដាវ​អាជ្ញាសឹក​» ពេញ​អំណាច ។  ឥឡូវនេះ លោក​មក​ចោទ​ខ្ញុំ​ជំនួស​អ្នក​ដើមចោទ​ដូច្នេះ ខ្ញុំ​មិន​ឆ្លើយ​ទេ​! ខ្ញុំ​ចង់​ឃើញ​អ្នក​ដើមចោទ​ជា​អ្នកចោទ​ខ្ញុំ​ដោយ​ផ្ទាល់ ។ បើ​លោក​យល់​ថា​ខ្ញុំ​និយាយ​ដូច្នេះ មិន​ត្រឹមត្រូវ​តាម​ច្បាប់​នោះ លោក​ចង់​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅ​! »  ។ សម្តេចចៅហ្វា​ទឡ្ហៈ​ឮ​ហើយ​ក៏​គិត​ថា «​អា​យ៉​ត​និយាយ​នេះ​ពិតជា​ត្រឹមត្រូវ​តាម​ច្បាប់​ណាស់ អញ​នឹង​ធ្វើ​អ្វី​លើស​ពី​ច្បាប់​ទៅ​ក៏​មិនកើត​ដែរ ។ ម្យ៉ាងទៀត ឧកញ៉ា​តេ​ជោ​យ៉​ត​បាន​យក​មក​ជាមួយ​នូវ​សេនា​ទាហាន​ដ៏ ចំណាន​ៗ​ជា​ច្រើន​នាក់ សុទ្ធតែ​មានទឹក​មុខមាំ ចិត្តមុត​ក្លាហាន​សម្បើម​ណាស់ បើ​អញ​ធ្វើ​បំពាន​ច្បាប់​ទៅ អាច​នឹង​កើត​ចលាចល​ទាំង​ក្នុង​ទាំង​ក្រៅ​» ។ ដូច្នេះ​ហើយ​ទើប​សម្តេចចៅហ្វា​ទឡ្ហៈ ក៏​នាំ​សេចក្តី​នោះ ទៅ​ក្រាប​បង្គំ​ទូល​ម្ចាស់ជីវិតលើត្បូង​ថា ៖ «​ឧកញ៉ា​តេ​ជោ​យ៉​ត សុំ​ឃើញ​មុខ​អ្នក​ដើមចោទ​សិន ទើប​ព្រម​ឆ្លើយ​នឹង​សំណួរ​របស់​តុលាការ ! »​។

កាលបើ ​ឮ​ដូច្នេះ​ហើយ ព្រះរាជា​ទ្រង់​គ្នាន់ក្នាញ់​ក្នុង​ព្រះរាជ​ហទ័យ​ណាស់ ហើយ​ទ្រង់​ត្រាស់​ថា ៖ «​យើង​មិន​ចង់​ឮឈ្មោះ​អា​យ៉​ត​ព្នង​នេះ​សោះឡើយ ។ បើ​ដូច្នេះ​ពូ​ឯង​បើក​ឱ្យ​អ្នក​ម្នាង​នូ​ចេញ​ទៅ​ត្រឹម​ព្រះ​ទ្វារ​(​ទ្វារ​ ក្រឡាបន្ទំ បន្ទប់ដេក​) នៅ​ពេល​ព្រលប់ រួច​នាំ​អា​យ៉​ត​ឱ្យមក​ឃើញ​ដើមចោទ ដើម្បី​ឱ្យ​វា​ឆ្លើយ​នឹង​សំណួរ​ឱ្យ​ចៅក្រម​កត់ត្រា ហើយ​ពូ​ត្រូវ​សួរ​ថា ៖ តើ​មានច្បាប់​ស្រុក​ណា​ដែល​ធ្វើ​ឱ្យ​រាស្ត្រ​ក្តៅក្រហាយ ​ដោយ​ប្រើ​រាស្ត្រ​ឱ្យ​អូស​ឫស្សី​បញ្ច្រាស​ចុង ហើយ​ធ្វើ​ឱ្យ​បាន​ឆាប់រហ័ស​ទៀត​ផង​នោះ ? ហើយ​បើ​ធ្វើ​ឱ្យ​យឺតយូរ អ្នកឯង​ក៏​គិតតែ​ពី​ធ្វើ​ទោស​គេ​នោះ0x017d7 តើ​ក្នុង​រឿង​នេះ​អា កែ ចៃ​ចុង​រក្ស ធ្វើ​បាន​ត្រឹមត្រូវ​ជាង ឬ​តេ​ជោ​យ៉​ត​ធ្វើ​ត្រឹមត្រូវ​ជាង​»​?

សម្តេចចៅហ្វា​ទឡ្ហៈ ក៏​ថ្វាយបង្គំ​លា​ចេញ​ទៅ នាំ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត ចូល​ទៅ​ចាំ​នៅ​ទ្វារ​យាម​ព្រលប់ ហើយ​ឱ្យ​ក្រុមវាំង​ទៅ​អញ្ជើញ​អ្នក​ម្នាង​នូ ចេញ​មក ។ ឧកញ៉ា​តេ​ជោ​យ៉​ត តែងតែ​ពាក់អាវ​ផាយ (​អាវ​សម្រាប់​ងារ​សក្តិ ស្រុង​វែង​រហូត​ជិត​ដល់ក​ជើង​) តាម​ទំនៀម បង្កប់ « ដាវ​កូន​ស្រាល​» (​ដាវ​ខ្នាត​តូច​) ក្នុង​ដៃ​អាវ​នោះ​។ លុះ​ឃើញ​អ្នក​ម្នាង​នូ ចេញ​មក​ហើយ ឧកញ៉ា​តេ​ជោ​យ៉​ត ក៏​សួរ​ថា ៖

-​ខ្លួន​អ្នក​នេះ​ឬ​ជាដើម​ចោទ​នោះ ?
អ្នក​ម្នាង នូ​ឆ្លើយ​ថា ៖
-​គឺ​ខ្លួន​ខ្ញុំ​នេះ​ហើយ​ជា​អ្នក​ដើមចោទ ! តើ​ឯង​បានឱ្យ​គេ​សម្លាប់​ប្អូន​ខ្ញុំ​មេន​ទេ ?

តេ​ជោ​យ៉​ត​ឆ្លើយ​ថា ៖
- ​អ្នកឯង​នេះ​ឬ​ដែល​បាន​តម្កើងខ្លួន​លើស​ច្បាប់អាជ្ញាសឹក​! យើង​នេះ​ជា​អ្នក​បាន​ទទួល​កាន់កាប់​តំណែង​ជា​ព្រះរាជ​អាជ្ញាសឹក ដើម្បី​នឹង​ប្រាបប្រាម​សត្រូវ​ផែនដី​ឱ្យ​រាបទាប ។ ទ័ព​សៀម​ប៉ុណ្ណឹង​មាន​អ្វី​គួរ​ឱ្យ​ព្រះរាជា​ព្រួយព្រះទ័យ ?

ហេតុ​ ដែល​នាំ​ឱ្យ​ទ្រង់​ព្រួយព្រះទ័យ​នោះ ព្រោះ​មក​តែ​ពី​អ្នកឧកញ៉ា​ក្រឡាហោម អ្នកឧកញ៉ា​ចក្រី កេណ្ឌ​ទ័ព​ចេញ​ទៅ​ធ្វើសង្គ្រាម​ពេល​ណា ពួក​អ្នកឯង​ឱ្យទៅ​កាត់​ដក​យក​អ្នក​ជាប់​កំណែន​ឱ្យ​រួច​ពី​កងទ័ព​អស់ អះអាង​ថា​សុទ្ធតែ​ត្រូវជា​សាច់ញាតិ​សន្តាន​បងប្អូន​របស់​អ្នកឯង ។ ហេតុនេះ​ហើយដោយ​មាន​ចំនួន​កងទ័ព​តិចតួច​ពេក ទាល់តែ​មក​ដល់​ពេល​នេះ ទ្រង់​ក៏​ត្រាស់​បង្គាប់​ឱ្យ​យក​ខ្លួន​យើង​នេះ​មក​ដឹកនាំ​ទ័ព ហើយ​ទ្រង់​ព្រះ​រាជទាន​ឱ្យ​កាន់​ព្រះរាជ​អាជ្ញាសឹក ទ្រង់មាន​ព្រះរាជ​សញ្ញាប័ត្រ​បញ្ជាក់​ថា ៖ កុំឱ្យ​យើង​ព្រួយ​ពី​ទ័ព​ក្រោយ ...​។ យើង​ក៏​បាន​ថ្វាយ​គោល​លក្ខខណ្ឌ​១២​ប្រកាស​ក្នុង​កិច្ច​សឹក កាលពី​ជ័យ​សង្គ្រាម ។

ឥឡូវ​យើង​បាន​ធ្វើ​កល​សឹក ឱ្យ​អូស​ឫស្សី​បញ្ច្រាស​ចុង ដើម្បី​ពិនិត្យ​ដក​ពិសោធន៍​ឱ្យ​ឃើញច្បាស់​ថា តើ​ឈ្មោះ​ណា​កោតខ្លាច​យើង និង​ឈ្មោះ​ណា​ស្រឡាញ់​ហ្លួង ? ស្រឡាញ់​ផែនដី0x017d7 តាម​រយៈ​ការ​ពិសោធ​ឱ្យ​អូស​ឫស្សី​បញ្ច្រាស​ចុង​នេះ ធ្វើ​ឱ្យ​យើង​មើលឃើញ​ថា អា​កែ ចៃ​ចុង​រក្ស​ប្អូន​អ្នកឯង​នេះ មិន​កោតខ្លាច​ព្រះរាជ​អាជ្ញាហ្លួង​ឡើយ នាំ​រាស្ត្រ​ប្រឆាំង​នឹង​ព្រះរាជ​អាជ្ញាសឹក ។ ឥឡូវនេះ​យើង​ឃើញ​អ្នកឯង​មួយទៀត ជា​អ្នក​ស្អប់​ហ្លួង ស្អប់​ផែនដី បានជា​ទៅ​កាន់ជើង​មនុស្ស​ខូច ក្រាបទូល​ញុះញង់​ព្រះករុណា​ម្ចាស់ជីវិត​ឱ្យ​ទ្រង់​ឈ្វេងយល់​ខុស​ពី​យើង​នេះ​ ដែល​ជា​អ្នក​កាន់​ព្រះរាជ​អា​ធ្ញា​សឹក​ត្រឹមត្រូវ​នេះ​វិញ ។ អ្នកឯង​ធ្វើ​នេះ​ហាក់ដូចជា​ដុត​បញ្ឆេះ​ព្រះ​នគរ ឬ​ចង់ឱ្យ​ព្រះ​នគរ​បាន​ទៅ​សៀម​ឬ ? ម្យ៉ាងវិញទៀត កាលដែល​យើង​ទទួល​ព្រះរាជ​អាជ្ញាសឹក​រៀប​ចេញ​ទៅ​បង្ក្រាប​ខ្មាំង​នោះ យើង​បាន​ក្រាល​បង្គំ​ទូល​ព្រះករុណា​ម្ចាស់ជីវិត​តម្កល់​លើ​ត្បូង​សព្វគ្រប់​ ប្រការ ។ ព្រះ​អង្គ​ថែម​ទាំង​ត្រាស់​បញ្ជាក់​ថា ៖ កុំឱ្យ​យើង​ព្រួយ​ពី​ទ័ព​ក្រោយ ឥឡូវនេះ​យើង​ឃើញ​ខ្លួន​អ្នកឯង​នេះ​ហើយ​ជា​ទ័ព​ក្រោយ មក​តាម​រំខាន​បង្ក​បញ្ហា ញាំញី​ទ័ព​យើង​ពី​ខាងក្រោយ​» ។

ឧកញ៉ា​តេ​ ជោ​យ៉​ត​ពោល​មក​ដល់​ត្រឹមនេះ ក៏​ក្រឡេក​មើលឃើញ​មុខ​សម្តេចចៅហ្វា​ទឡ្ហៈ និង​មន្ត្រី​គ្រប់​គ្នា ឃើញ​ឫកពា និង​ទឹកមុខ​អ្នក​អស់ទាំង​នោះ​ទំនងជា​ជឿ​ទាំងអស់ ។ ភ្លាម​នោះ​ឧកញ៉ា​តេ​ជោ​យ៉​ត​ចៅ​ហ្វា​ខេត្ត​ស្រុក​កំពង់ធំ ក៏​ហូត​ដាវ​កូន​ស្រាល ដែល​បង្កប់​លាក់​ក្នុង​ដៃ​អាវ​ផាយ ស្ទុះ​ទៅ​កាប់​អ្នក​ម្នាង​នូ ដាច់​ក​ស្លាប់​ភ្លាម​មួយ​រំពេច ហើយ​ក៏​ឡើង​បំផាយ​សេះ​សេនា​ទាហាន​ចេញ​ទៅ​បន្ទាយ​វិញ ។

ព្រះ​នរ​តី​ ហ្លួង​ម្ចាស់ជីវិត កាលបើ​បាន​ទ្រង់​ជ្រាប​តាម​ព័ត៌មាន​ដែល​ចៅ​ហ្វា​ទឡ្ហៈ​សមុហ​នាយក​ទូល​តាម​ ដំណើរ​ហេតុ ទ្រង់​ព្រះ​ចិន្តា​ថា ៖

«​អា​យ៉​ត​នេះ​ចិត្តមុត​ម្នោះ​ ម្នះ​ដូច​ពូ​តេ​ជោ​មាស​ក្រាបទូល​ពី​មុន​នោះ​មែន ។ ឯ​អញ​ក៏​ធ្លោយគំនិត​ដែរ ព្រោះតែ​ស្តាប់ និង​ជឿ​ពាក្យ​ស្ត្រី​» ។ ទើប​ទ្រង់​ត្រាស់​ចេញ​ច្បាប់​បញ្ញត្តិ​ថា ចាប់ពី​ពេល​នេះ​ទៅ កុំឱ្យ​ស្នំ​ក្រមការ​ឯណា​ក្រាប​បង្គំ​ទូល​ទាស់​ពី​មន្ត្រី​ណា​ឱ្យ​សោះ គួរ​ចាំ​ស្តាប់​កិច្ចការ​រាជ​ការ តែ​ពី​សេនា​ប៉ុណ្ណោះ ។ រួច​ទ្រង់​ត្រាស់​បង្គាប់​ភ្នាក់ងារ​ឱ្យ​យក​សព​(​ខ្មោច​) អ្នក​ម្នាង​នូ​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

លុះ​ទៅ​ដល់​បន្ទាយ​ហើយ ឧកញ៉ា​តេ​ជោ​យ៉​ត ក៏​ចាប់​បាវបម្រើ និង​អស់​ស្ម័គ្របក្សពួក​ម៉ឺន​ចៃ​ចុង​រក្ស (​កែ​) ៥០​នាក់ (​ក្នុង​ឯកសារ​ដាក់​ថា ៥០០​នាក់ ប៉ុន្តែ​អ្នក​ស្រាវជ្រាវ​យល់​ឃើញ​ថា​ចំនួន​អ្នកទោស​នេះ​ហាក់ដូច​ច្រើន​ពេក ព្រោះ​ទាហាន​កេណ្ឌ​បាន​តែ​១.៥០០​នាក់ ។ យើង​យល់​ថា​ក្រែង​អ្នក​ចងក្រង​ច្រឡំ​ទេ​ដឹង0x017d7​) ដាក់​ក្តី (​ឱ្យ​តុលាការ​ជំនុំជម្រះ​) ពិភាក្សា​រក​ទៅ​ឃើញ​ថា មានទោស​ពី​បទ​រឹងទទឹង​នឹង​ព្រះរាជ​អាជ្ញាសឹក រួច​ក៏​ត្រូវ​ទទួល​ការ​ផ្តន្ទា​តោ​ស​សម្លាប់ ហើយ​កាត់​ក្បាល​ដោត​ទុកជា​បម្រាម​កុំឱ្យ​មហាជន​ទូទៅ​យកតម្រាប់​តាម ។ 

ចាប់តាំងពី ​ពេល​នោះ​មក អស់​នាយកង  នាយ​ទ័ព សេនា​រេហ៍ពល​ទាំងអស់​និយាយ​ថា ៖ «​លោក​មេទ័ព ដែល​កាន់​រាជអាជ្ញា​សឹក​នេះ ចិត្តមុត​ខ្លាំងក្លា​ត្រឹមត្រូវ​ណាស់ ។ អម្បាល​អ្នក​ម្នាង​នូ ជា​ស្នំ​ស្តេច​មានឈ្មោះ​បោះ​សំឡេង​ស្ទើរ​ពេញ​ទាំង​ផែនដី​ទៅ​ហើយ ម្តេច​ក៏​គង់​លោក​ហ៊ាន​សម្លាប់ ចំណង់​បើ​យើង​រាល់គ្នា​ដែល​ជា​អ្នកតូច​ទាប​នោះ បើ​តែ​ប្រហែស​មុខជា​ស្លាប់​ពុំខាន ។ ដូច្នេះ​ពួក​យើង​គួរតែ​មូលចិត្ត​គ្នា​ខិតខំ​បម្រើ​ការងារ​ដោយ​ស្មោះត្រង់ និង​គោរព​វិន័យ​ទ័ព​ឱ្យ​បាន​ហ្មត់ចត់ នោះ​ទើប​មាន​លទ្ធផល​ល្អ ។ ក្នុង​នាម​ជា​មេបញ្ជាការ​សឹក​ឧកញ៉ា​តេ​ជោ​យ៉​ត ខិតខំ​ប្រឹង​បំពេញ​កិច្ចការ​រាជការ ពុំ​មាន​ធ្វេសប្រហែស​ឡើយ ។ ទោះ​យប់​ទោះ​ថ្ងៃ លោក​តែង​ដើរ​លបស្តាប់​ស៊ើប​ឱ្យ​ដឹង​អំពី​ចិត្តសាស្ត្រ​របស់​ទាហាន ពិសេស​អំពី​កិច្ចការ​គោរព​វិន័យ​ទ័ព ។ កាលបើ​បានដឹង​ថា សេនា​ទាហាន​គោរព​កោតខ្លាច និង​យកចិត្តទុកដាក់​ចំពោះ​កិច្ចការ​រាជការ​ហើយ​នោះ ឧកញ៉ា​តេ​ជោ​យ៉​ត រីករាយ​ណាស់ ។

១៧-​ប្រតិបត្តិការ​សឹក​កម្ចាត់​ឧទ្ទាម «​សៀម​»
លុះ​ព្រឹក​ឡើង ឧកញ៉ា​តេ​ជោ​យ៉​ត ចាត់​ឱ្យ​រៀប​ទ័ព បែងចែក​ជា​ទ័ព​មុខ ទ័ព​ក្រោយ ទ័ព​ឆ្វេង ទ័ព​ស្តាំ ហើយ​ចាត់​ឱ្យ​៖

១-​ចៅហ្វាយស្រុក​ខេត្ត​លង្វែក លើកទ័ព​ទៅ​ធ្វើ​ជា​ទ័ព​ជន្ល ។

២- ​ចៅហ្វាយស្រុក​សំរោង​ទង លើកទ័ព​ទៅ​ព័ទ្ធ​ពីក្រោយ​បន្ទាយ​សៀម លោក​បញ្ជាក់​ប្រាប់​បណ្តា​មេបញ្ជាការ​ថា ៖ «​បើ​សៀម​លើកទ័ព​ដេញ​ចៅហ្វាយស្រុក​លង្វែក​ហើយ ឱ្យ​ទ័ព​ចៅហ្វាយស្រុក​សំរោង​ទង​វាយ​ផ្ទប់​ពីក្រោយ ហើយ​លុក​បំបែក​បន្ទាយ​នោះ​ឱ្យ​ទាល់តែ​បាន ។

លោក​ចាត់​ឱ្យ​បាឡាត់​ ឆ្វេង​-​ស្តាំ ខេត្ត​កំពង់ស្វាយ លើកទ័ព​ទៅ​បង្កប់​នៅ​ខាងឆ្វេង​-​ខាងស្តាំ​ផ្លូវ ។ នាយកង​ទ័ព​ទាំងអស់ ក៏​លើក​ពល​សេនា​ចេញ​ទៅ​តាម​បង្គាប់ ។

និយាយ​ពី​ទ័ព​សៀម​បះបោរ កាលដែល​មាន​ជ័យជម្នះ​លើ​ទ័ព​ឧកញ៉ា​ចក្រី និង​ឧកញ៉ា​ក្រឡាហោម​កាលពី​លើក​មុន​នោះ ក៏​កើត​សម្រើប​ចិត្ត​ឡើងជំនោរ​ក្អេងក្អាង​តាំង​៖

-​នាយ​ឈិ​ត ជា​សម្តេចចៅពញា​ប្រាប​សង្គ្រាម ។
-​នាយ​សាំង ជា​សម្តេចចៅពញា​ពិជ័យ​រាជ​តេ​ជោ ។
-​នាយ​ដាំ ជា​សម្តេចចៅពញា​សម្តែង​អាវុធ ។

លុះ ​វា​ឃើញ​ចៅហ្វាយស្រុក​លង្វែក លើកទ័ព​ទៅ​ចោម​វាយ​បន្ទាយ​វា​ហើយ សៀម​ក៏​បញ្ជា​ឱ្យ​ពល​សេនា​វា បាញ់​តប​មក​យើង​វិញ​អស់​រយៈពេល​ប្រមាណ​៣​ម៉ោង ។ ពេល​នោះ​ចៅហ្វាយស្រុក​លង្វែក ក្លែង​ធ្វើ​ជា​ចាញ់ បាញ់​ត​ផង រត់​ថយ​ក្រ​យ​ផង ។ ភ្លាម​នោះ មេទ័ព​សៀម​ទាំង​៣​នាក់ ដូច​ពោល​ខាងលើ ក៏​ឡើង​បំផាយ​សេះ បញ្ជា​ឱ្យ​បើកទ្វារ​បន្ទាយ នាំ​សេនា​រេហ៍ពល​ដេញ​តាម​ទ័ព​ជន្ល​យើង​រហូត​ទៅ​ដល់ «​ព្រៃ​ខ្មែរ​» (​ខេត្តកំពង់ឆ្នាំង​) កងទ័ព​ខ្មែរ​របស់​បាឡាត់​ឆ្វេង​ស្តាំ ដែល​បង្កប់​នៅ​សងខាង​ផ្លូវ ក៏​ចេញ​មក​ចោមរោម​វាយ​ទ័ព​សៀម​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា តាំងពី​អាវុធ​វែង​រហូត​ដល់​អាវុធ​ខ្លី ក៏​នៅ​តែ​ពុំ​ទាន់​ឈ្នះ​ចាញ់ ។ រីឯ​ចៅហ្វាយស្រុក​សំរោង​ទង ដែល​បង្កប់ទ័ព​នៅ​ខាងក្រោយ​បន្ទាយ​សៀម កាលបើ​ឃើញ​សៀម​លើកទ័ព​ចេញ​ផុត​ពី​បន្ទាយ​ប្រដេញ​តាម​ទ័ព​ចៅហ្វាយស្រុក​ លង្វែក​នោះ ក៏​លើកទ័ព​បញ្ជា​ចូល​ចោម​វាយលុក​យក​បន្ទាយ​សៀម​នោះ​បាន។

ឯ ​ឧកញ៉ា​តេ​ជោ​យ៉​ត ក៏​លើក​កងទ័ព​ធំ​ចេញ​ទៅ​ជួយ ។ លុះ​បានឃើញ​បាឡាត់​ឆ្វេង​ប្រយុទ្ធ​ត​នឹង​សម្តេចចៅពញា​ប្រាប​សង្គ្រាម (​សៀម​) បាឡាត់​ស្តាំ​ត​នឹង​ចៅពញា​ពិជ័យ​រាជ​តេ​ជោ (​សៀម​) ប្រកាប់ប្រចាក់​គ្នា យ៉ាង​ស្វិតស្វាញ អង់អាច​ទាំង​សងខាង ក៏​ចុះ​ពី​ខ្នង​ដំរី​ឡើង​ជិះសេះ​ចូល​ទៅ​ជួយ ។  ទទួល​ពេល​នោះ សម្តេចចៅពញា​សម្តែង​អាវុធ (​សៀម​) ក៏​បំបោល​សេះ​ចូល​មក​ស្ទាក់​ចាក់​កាប់​ទល់​នឹង​ឧកញ៉ា​តេ​ជោ​យ៉​ត​ដែរ ។ កាប់​ចាក់​គ្នា​មិន​ទាំង​បាន​ពីរ​ស្នៀត​ផង ស្រាប់តែ​ឧកញ៉ា​តេ​ជោ​យ៉​ត​កាប់​នឹង «​ផ្គាក់​» ត្រូវ​ចៅពញា​សម្តែង​អាវុធ (​ដាំ​) ធ្លាក់​ពីលើ​សេះ​ទាំង​កំរោល ។

សម្តេចចៅពញា​ប្រាប​សង្គ្រាម និង​សម្តេចចៅពញា​ពិជ័យ​រាជ​តេ​ជោ​មេទ័ព​សៀម ឃើញ​សម្តេចចៅពញា​សម្តែង​អាវុធ​ស្លាប់​ដូច្នេះ ក៏​ដោះខ្លួន​ថយ​បម្រុង​ចូល​ទៅ​បន្ទាយ​វិញ តែ​ចៅហ្វាយស្រុក​ខេត្ត​សំរោង​ទង​ឧកញ៉ា​ភក្តី​ធិ​រាជ (​កៅ​) និង​ឧកញ៉ា​ជំនិត​ធិ​រាជ (​កែវ​) ជា​បាឡាត់​ឆ្វេង​ស្តាំ​ចេញពី​ក្នុង​បន្ទាយ ចូល​ស្ទាក់​ចាប់ខ្លួន​ទ័ព​សៀម​ទាំង​ពីរ​បាន ហើយ​នាំ​ចូល​ទៅ​ជូន​ឧកញ៉ា​តេ​ជោ​យ៉​ត ជា​មេទ័ព​ធំ ។ មេទ័ព​សៀម​ទាំង​ពីរ​ត្រូវ​បាន​តេ​ជោ​យ៉​ត​បញ្ជា​ឱ្យ​សម្លាប់​ចោល​ទៅ លុះ​ប្រាមប្រាប​ប​ង្ក្រា​ម​សត្រូវ​សៀម​បាន​ឈ្នះ​រាបទាប​ហើយ ឧកញ៉ា​តេ​ជោ​យ៉​ត ក៏​លើកទ័ព​ត្រឡប់​មក​ខេត្ត​លង្វែក​វិញ ។

១៨-​តេ​ជោ​យ៉​ត ដាក់ទោស​ខ្លួនឯង
លុះ ​មក​ដល់​បន្ទាយលង្វែក​ហើយ ព្រឹក​ឡើង​ឧកញ៉ា​តេ​ជោ​យ៉​ត ឱ្យ​គេ​ធ្វើ​ឃ្នាង (​ឧបករណ៍​សម្រាប់​ដាក់​លើ​ស្មា​ទាំង​សងខាង ធ្វើ​ពី​ដើម​ឫស្សី កៀប​ក​អ្នកទោស​ធ្វើ​ឱ្យ​រំខាន​រើ​មិន​រួច​) ប្រវែង​៨​ហត្ថ លន​លាប​ជាតិហិង្គុល​ឡើង​ពណ៌​ក្រហម​ស្រេច​ហើយ ក៏​លើកដាក់​លើ​ស្មា​ខ្លួនឯង ហើយ​ដើរ​ចូល​មក​សាលា​ប្រជុំ​សេនាបតី ក្នុង​ក្រុង​ឧដុង្គ​មាន​ជ័យ ដើម្បី​សុំ​ឱ្យ​សម្តេចចៅហ្វា​ទឡ្ហៈ​យក​សេចក្តី​ទៅ​ក្រាប​បង្គំ​ទូល​ថ្វាយ​ ព្រះរាជា​ម្ចាស់ជីវិត​ផង​ថាៈ  «​ទ័ព​ឧទ្ទាម​បះបោរ​(​សៀម​) បាន​ត្រូវ​បង្ក្រាប​ឱ្យ​បាក់បប​ខ្លបខ្លាច​រួច​អស់ហើយ នៅឡើយ​តែ​ទ័ព​ដែល​ធ្វើ​ឱ្យ​មាន​កង្វល់​ដល់​ព្រះរាជ​ហទ័យ​នោះ​ទេ ថាបើ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ ថា​ត្រូវ​សម្លាប់​ក៏​ខ្ញុំ​សុខចិត្ត​ទទួល​ស្លាប់​តាម​ទោស ថាបើ​ទ្រង់​ព្រះ​ប្រោស​ឱ្យ​នៅ​មានជីវិត​ក៏​នៅ​សូម​តាម​ដង្ហែ​បម្រើ​ថ្វាយ​ជា ​រៀង​តទៅ​» ។

ព្រះ​បរមនាថ​អម្ចាស់​ជីវិត ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​ទ្រង់​ព្រះ​ចិន្តា​ថា ៖  «​អា​យ៉​ត​នេះ​មានចិត្ត​ដាច់អហង្ការ​ក្លាហាន​ណាស់ ទាំង​សិល្ប​វិជ្ជាការ តម្រិះ​ប្រាជ្ញា​វា​នោះ ក៏​ពិត​ដូច​ក្នុង​សំបុត្រ​ពូ​តេ​ជោ​មាស​ប្រាកដ​មែន ចិត្ត​វា​នោះ​មោះមុត​ស្រួចស្រាល នឹង​រក​សេនា​ទាហាន​ណា​មក​ប្រៀបផ្ទឹម​ពុំ​បាន​ឡើយ បើ​យើង​ឱ្យ​វា​កាន់​ទ័ព​លើក​ទៅ​ធ្វើសឹក​សង្គ្រាម វាយ​យក​ស្រុក​សៀម ក៏​សឹងតែ​បាន​សម្រេច​ដូច​ប្រាថ្នា​ដែរ ។ អញ​រវល់​តែ​ជឿ​ស្តាប់​សម្តី​ស្រី​ជ្រុលជ្រួស​ហួស​ការណ៍​ទៅ​ហើយ ។ ឥឡូវនេះ​បើ​អញ​ត្រឡប់​ប្រែជា​រាប់អាន​វា​វិញ ហើយ​លើកតម្កើង​យស​សក្តិ​ឱ្យ​វា​ថ្កុំថ្កើង​ខ្ពង់ខ្ពស់​ទៅ​ទៀត ក៏​វា​ហួស​ទៅ​ហើយ​ដែរ​» ។  ទើប​ទ្រង់មាន​ព្រះ​ឧ​ង្កា​រត​ប​ទៅ​សម្តេចចៅហ្វា​ថា ៖ ឱ្យ​សម្តេច​បើក​ព្រះរាជ​ទ្រព្យ ចែក​ជា​រង្វាន់​ដល់​អស់​សេនា​ទាហាន​តាម​សមគួរ​ផង ។ ឯ​អា​យ៉​ត​ត្រូវ​សម្តេច​ដោះ​ក្តី​វា​(​លើកលែង​ឱ្យ​រួច​ទោស​) ហើយ​ប្រាប់​ឱ្យ​វិល​ត្រឡប់​ទៅ​ខេត្ត​វា​វិញ​ចុះ កុំឱ្យ​វា​ចូល​មក​គាល់​ឡើយ ។

សម្តេចចៅហ្វា​ទឡ្ហៈ​ថ្វាយបង្គំ​លា​ចេញ​មក​ខាងក្រៅ ក៏​បង្គាប់​ឱ្យ​នាយ​ឃ្លាំង​តាម​ក្រសួង បើក​សំពត់​អាវ​សាវ​ស្បៃ​ឱ្យ​ជា​រង្វាន់​ដល់​នាយ​ទ័ព នាយកង ហើយ​ចាត់​ឱ្យ​ដោះ​ឃ្នាង​ចេញពី​ឧកញ៉ា​តេ​ជោ លែងឱ្យ​រួច​ទោសពៃរ៍ ហើយ​ឱ្យ​ត្រឡប់​ទៅ​គ្រប់គ្រង​ខេត្ត​កំពង់ស្វាយ​វិញ ។

១៩-​តេ​ជោ​យ៉​ត ចង់បាន​ប្រពន្ធ
លុះ ​ចប់​កិច្ចការ​សង្គ្រាម និង​ដោះស្រាយ​ទំនាស់​វិបត្តិ ផ្សេង​ៗ​រួច​ហើយ តេ​ជោ​យ៉​ត ត្រឡប់​ទៅ​គ្រប់គ្រង​ស្រុក​កំពង់ស្វាយ​វិញ ដោយ​នាំ​យក​ទៅ​ជាមួយ​នូវ​មហា​កិត្តិយស​ដ៏​ធំធេង ក្នុង​ការ​បង្ក្រាប​ខ្មាំង​សៀម​បះបោរ​បាន​រាបទាប បាន​វាយបំបាក់​ឥទ្ធិពល​ស្រីស្នំ​ម្នាក់​ដែល​បង្កើត​ឧបសគ្គ​រារាំង​ដល់​ចលនា​ ទ័ព ធ្វើ​ឱ្យ​ខ្មាំង​បង្ក​អុកឡុក​បាន​ក្នុង​ផ្ទៃ​ប្រទេស ។ ពិសេស​ទៅ​ទៀត​គឺ​ចៅពញា​តេ​ជោ​យ៉​ត​បាន​ឡើង​គ្រប់គ្រង​ស្រុក​កំពង់ស្វាយ ពេញ​លក្ខណៈ​ជា​ចៅហ្វាយខេត្ត​ដែល​មាន​វិសាលភាព​ទូលំទូលាយ​មាន​មឿង​ចំណុះ​រហូត ​ដល់​២៤​មឿង មាន​អំណាច​ដូច​ស្តេចត្រាញ់ ។

អស់លោក​ជា​មន្ត្រី​តូច​ធំ នៅ​តាម​មឿង​ទាំង​២៤ និង​នៅ​ក្រុង​ទីរួមខេត្ត លុះ​បានឮ​ថា​តេ​ជោ​យ៉​ត​រៀបចំ​ធ្វើ​បុណ្យឧទ្ទិសកុសល ជូន​ទៅ​តេ​ជោ​មាស​ដូច្នេះ ក៏​កើត​មាន​អំណរ​សាទរ​មាន​សទ្ធា​ជ្រះថ្លា បរិច្ចាគ​ប្រាក់​កាស​គ្រឿង​បរិក្ខារ និង​បណ្ណាការ​ភស្តុ​ភារ រៀង​ៗ​ខ្លួន មក​រួម​ចាប់កុសល​ក្នុង​ពិធី​នេះ​យ៉ាងច្រើន ។

ឯ​អ្នក​ជំទាវ​ម​ហៃ​ ទេវី​នារី​សោភ័ណ​រាជធានី កាលបើ​បានដឹង​ថា ឧកញ៉ា​តេ​ជោ​យ៉​ត​ធ្វើបុណ្យ​រំលឹក​គុណ​ប្តី​ខ្លួន ព្រមទាំង​មាន​សាង​រូបសំណាក​ទៀត​ផង​នោះ ក៏​មាន​សេចក្តី​ត្រេកអរ​ណាស់ ទើប​រៀប​រណ្តាប់​ត្រៃចីវរ​តាម​ប្រពៃណី ហើយ​យក​ទៅ​សុំ​ចូល​បុណ្យ​នឹង​ឧកញ៉ា​តេ​ជោ​យ៉​ត ។ ចៅហ្វាយខេត្ត​កំពង់ស្វាយ​ថ្មី គិត​ថា​ជំទាវ​ស្រែន្យ​បាន​ធ្លាក់​ចូល​មក​ក្នុង​ល្បិច​កល​ខ្លួន​ហើយ ក៏​ណាត់​ជាមួយនឹង​ក្រមការ​ទាំងអស់​ថា បើ​អ្នក​រាល់គ្នា​ឃើញ​អ្នក​ជំទាវ​ចូល​មក​ក្នុង​រោង​បុណ្យ​យើង ហើយ​ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប និង​រូបតំណាង​តេ​ជោ​មាស​នោះ ត្រូវ​ឱ្យ​ក្រុម​សុរិយា​តូរ្យតន្ត្រី​ទាំង​៨​ទិស ប្រគំ​ឱ្យ​ឮ​សូរ​ស័ព្ទ​កងរំពង​ឡើង ហើយ​សេនា​ពល​ទាហាន​ស្រែ​កថា លោក​ចៅហ្វាយ​ស្រី​ព្រម​ធ្វើ​ជា​ប្រពន្ធ​លោក​ចៅហ្វាយ​ប្រុស​ម្ចាស់​យើង​ហើយ ។ យើង​គួរ​រៀប​មង្គលការ​ក្នុង​ពិធីបុណ្យ​នេះ​តែ​ម្តង​ទៅ ។ លុះ​ថ្ងៃ​កំណត់​បុណ្យ​មក​ដល់​ហើយ ឧកញ៉ា​តេ​ជោ​ចាត់​គេ​ឱ្យទៅ​អញ្ជើញ​អ្នក​ជំទាវ​នោះ​មក​រាប់បាត្រ ។ រីឯ​អ្នក​ជំទាវ​វិញ​សោត ពុំ​បានដឹង​អំពី​ល្បិច​កល​អ្វី​នោះ​ឡើយ គាត់​ក៏​ចូល​ទៅ​ដល់​រោង​បុណ្យ ថ្វាយបង្គំ​ព្រះ​ពុទ្ធរូប រួច​ហើយ​ឃើញ​រូប​ស្វាមី​របស់​ខ្លួន​នៅ​ក្បែរ​នោះ ក៏​សំពះ​គោរព​ទៀត​ទៅ ។ លោក​ឧកញ៉ា​តេ​ជោ​យ៉​ត​សួរ​លោក​ជំទាវ​ថា ៖

-​ម្តេច​ក៏​លោក​ជំទាវ​ សំពះ​ឈើ​ដែល​ឆ្លាក់​ជា​ពុទ្ធរូប និង​រូប​លោក​ចៅហ្វាយស្រុក បើ​ឈើ​នេះ​ជា​ឈើ​ទ្រនាប់​ដាក់​ក្រោម​ជណ្តើរ សម្រាប់​តែ​ដើរ​ជាន់​ប៉ុណ្ណោះ​នោះ ? ហើយ​ឥឡូវ​គ្រាន់តែ​គេ​យក​ឈើ​នោះ​មក​ឆ្លាក់ ធ្វើ​ជា​ព្រះ​ពុទ្ធរូប​ម្តេច​ក៏​លោក​ជំទាវ​សម្គាល់ថា​ជា​ព្រះ​ដែរ ? រឿង​នេះ​មាន​ឧបមា​ដូច​ជា​រូប​ខ្ញុំ​ដែល​កាលពីដើម ជា​បាវបម្រើ​របស់​លោក​ជំទាវ​មែន ប៉ុន្តែ​ឥឡូវ​ស្តេច​អម្ចាស់​ផែនដី​ទ្រង់​មេត្តាប្រោស​លើក​ខ្ញុំ​ឱ្យ​កាន់​ មុខ​តំណែង ជា​ចៅហ្វាយស្រុក​ហើយ លោក​ជំទាវ​គួរតែ​ព្រម​គោរព​ខ្ញុំ ដូច​លោក​ជំទាវ​គោរព​រូបសំណាក​ឈើ​នោះ​គឺ​វា​ដូច​តែ​គ្នា​ទេតើ ?

ឧកញ៉ា ​តេ​ជោ​យ៉​ត​ថា​តែ​ប៉ុណ្ណោះ ក្រុម​តូរ្យតន្ត្រី​ក៏​តាំង​ប្រគំ​ឡើង​លាន់ឮ​ទាំង​៨​ទិស ឯ​សេនា​ទាហាន​ក៏​ស្រែក​ហ៊ោ​ថា ៖ «​លោក​ចៅហ្វាយ​ស្រី​យើង ព្រមយក​លោក​ចៅហ្វាយស្រុក​ម្ចាស់​យើង​ហើយ​! យើង​នឹង​រៀប​មង្គលការ​ក្នុង​វេលា​នេះ​ឱ្យ​ស្រេច​តែ​ម្តង !» សូរ​ស័ព្ទ​ភ្លេង និង​សម្រែក​ហ៊ោ​នេះ លាន់ឮ​សន្ធឹក​គឹកកង​ទូ​ទាំង​ក្រុង​ទីរួមខេត្ត ។ ឯ​អ្នក​ប​ជំទាវ​ម​ហៃ​ទេវី​នារី​សោភ័ណ រាជធានី ក៏​ទុ​ញ​ទាល់​ប្រាជ្ញា​នឹង​ហាមាត់​ប្រកែក​ដូច​ម្តេច​ក៏​ពុំ​បាន ។ លុះ​វេលា​រាត្រី​ងងឹត ក៏​លប​ចុះទូក​ដោះខ្លួន​យ៉ាង​សម្ងាត់​និង​យ៉ាង​បន្ទាន់ ឱ្យ​បាវ​ជើងចែវ  មាន​កម្លាំង​មាំមួន​ចែវ​ទូក​អស់​ពេល​៤​យប់​៤​ថ្ងៃ កាត់​ឆ្ពោះទៅ​ក្រុង​ឧដុង្គ​មាន​ជ័យ ហើយ​ចូល​ក្រាប​បង្គំ​គាល់​ព្រះ​នរបតី​ម្ចាស់់ផែនដី ទូល​សាទុក្ខ​សព្វគ្រប់​ប្រការ ។

ព្រះ​បរមនាថ បរមបពិត្រ មហា​ក្សត្រា​ទ្រង់​ជ្រាប​ហើយ​ទើប​ទ្រង់​ព្រះ​ចិន្តា​ថា​៖«​ឧកញ៉ា​តេ​ជោ​យ៉​ត ​នេះ ជា​កំពូល​ចម​ពល​មហា​សេនាដៃឯក​មាន​ប្រាជ្ញា​ស្មារតី​ខ្លាំងក្លា​មាំមួន​ណាស់ អញ​នឹង​ចូល​ដៃ​រាំងរា​តាម​ការ​ជំទាស់​របស់​អ្នក​ជំទាវ​ដែល​មក​រំអុក​ សារទុក្ខ​នេះ​ពុំ​បាន​ឡើយ ក្រែង​ឧកញ៉ា​តេ​ជោ​យ៉​តទៅ​ជា​អាក់អន់ចិត្ត​កើតទុក្ខ​ទៅ​ជា​ឈឺ​ថ្កាត់ ឬ​មាន​គ្រោះថ្នាក់​បែប​ណា​ទៀត ក៏​ពុំ​អាច​ស្មាន​បាន ហើយ​អញ​ក៏​នឹង​ខាត​អស់​វីរបុរស​មួយទៀត​ជា​មិន​ខាន ។ ធម្មតា​ស្តេច​ផែនដី បើកាលណា​បាត់បង់់​សេនា​សេនី​ដៃឯក​ហើយ ឧបមា​ដូច​កំបុត​ដៃ​ម្ខាង និង​ខ្វាក់​ភ្នែក​ម្ខាង​របស់​អម្ចាស់​ក្សត្រា​នោះ​ដែរ ។ ធម្មតា​មនុស្ស​ល្អ​កម្រ​រកបាន​ណាស់​!» ។

លុះ​ទ្រង់​ព្រះ​ចិន្តា​សព្វគ្រប់​ទើប​ទ្រង់​ត្រាស់​តប​ទៅ​អ្នក​ជំទាវ​វិញ​ថា​៖

- ​ហ្លួង​យើង​នេះ​បាន​លើកតម្កើង​វា​ឱ្យ​មានយស​ខ្ពស់ត្រដែត បាន​ទាំង​ប្រគល់​អំណាច​ជា​ចៅហ្វាយខេត្ត​ដ៏​ធំ​មួយ មាន​មឿង ២៤​ឡើងជា​ស្រុក​ចំណុះ ។ តំណែង​នេះ​ខ្ពង់ខ្ពស់​វិសេសវិសាល​ណាស់ អ្នក​ជំទាវ​មិន​គួរ​បើ​នឹង​រឹងទទឹង​ចំពោះ​បំណង​ល្អ​របស់​តេ​ជោ​យ៉​ត​ទេ ប៉ុន្តែ​ណ្ហើយចុះ ចាំ​ហ្លួង​ឱ្យ​គេ​ទៅ​អញ្ជើញ​ខ្លួន​តេ​ជោ មក​ក្រាបថ្វាយបង្គំ​ទទួល​ព្រះ​តេជះ​ព្រះ​ពរ​ឱ្ត​ពេញ​មុខ​ពេញ​យស មិន​ឱ្យ​ថោកទាប​ដល់​អ្នក​ជំទាវ​ទេ ។

ត្រាស់​តែ​ប៉ុណ្ណេះ ក៏​ចាត់​ឱ្យ​រាជបម្រើ​ចេញ​ទៅ​យក​ខ្លួន​ឧកញ៉ា​តេ​ជោ​ឱ្យ​ចូល​មក​ថ្វាយបង្គំ ទទួល​ព្រះ​តេជះ​ពរ​ផ្សំផ្គុំ​គ្នា​ជា​ប្តី​ប្រពន្ធ ក្រោម​ព្រះ​រាជាធិបតី​ភាព​របស់​ព្រះ​នរបតី​ម្ចាស់ជីវិត យ៉ាង​ឧឡា​រិ​ក អធិកអធម​សក្តិ​សមជា​មង្គលការ របស់​អគ្គ​សេនា​ជើងឯក ត្រួតត្រា​នាទី​ជា​ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ ។

លុះ​ចប់​កិច្ច​ មង្គលការ​ក្នុង​ព្រះ​បរមរាជវាំង​ឧដុង្គ​មាន​ជ័យ​ហើយ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត និង​ជំទាវ​ម​ហៃ​ទេវី​នារី​សោភ័ណ រាជធានី​ស្រែន្យ ក៏​ក្រាបថ្វាយបង្គំ​លា​ហ្លួង​អម្ចាស់​ជីវិត ចេញ​ទៅ​គ្រប់គ្រង​ដឹកនាំ​ស្រុក​កំពង់ស្វាយ​វិញ ។ ឧកញ៉ា​បាន​បង្គាប់​ឱ្យ​ជាង សាង​រូប​ខ្លួន​ទាំង​ពីរ​នាក់ និង​រូប​ឧកញ៉ា​តេ​ជោ​ក្រហម​ក តម្កល់​ទុកជា​ច្រើន​កន្លែង នៅ​ក្នុង​ដែនដី​ខេត្ត​កំពង់ស្វាយ ។ រូប​ទាំង​បី​នេះ​ក៏​មាន​តម្កល់​ទុក​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​កំពង់ធំ​រហូត​ មក​ដល់​សព្វថ្ងៃ ។ ទោះបី​មក​ដល់​ពេល​នេះ​ក្តី ក៏​អ្នកស្រុក​ខេត្តកំពង់ធំ​ជឿ​ថា​រូប​ទាំង​បី​នេះ​នៅ​មាន​តេជានុភាព​ ខ្លាំងពូកែ បែ​បន់​យ៉ាងណា ក៏​ពូកែ​សក្តិ​សិទ្ធិ​ដូច​ប្រាថ្នា ។

២០-​តេ​ជោ​យ៉​ត និង​សឹកសង្គ្រាម​បង្ក្រាប​សៀម

ព្រឹត្តិការណ៍ ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​រាជ្យ​ព្រះបាទ​ស្រី​ធម្ម​រាជា (​ពញាតូ ឬ​ព្រះរាជ​សម្ភារ​) នៅ​រវាង​អំឡុង​គ្រឹ​ស្ត​សករាជ​១៦៤០ បន្ទាប់​ពី​បាន​ទទួល​រាជាភិសេក​បាន​៣​ឆ្នាំ​មក ។

ព្រះ​អង្គ​មាន​ ព្រះ​តម្រិះ​ថា ៖ «​សៀម​ចេះ​តែ​លើកទ័ព​មក​ញាំញី​ព្រះ​នគរ​ជា​ញឹកញាប់ ។ គ្រាន់តែ​ក្នុង​រាជ​ព្រះ​បិតា (​ជ័យ​ជេដ្ឋា​ទី​II) នោះ​សៀម​លើកទ័ព​ចូល​មក​រាតត្បាត​កម្ពុជា រហូត​ដល់​ទៅ​៣​លើក ។ ដូច្នេះ​គួរតែ​អញ​វាយបក​តប​ទៅ​សៀម​វិញ ឱ្យ​បាន​ជ័យជម្នះ​លើស​ពី​ពេល មុន​ៗ»​។

 ទ្រង់​ព្រះ​តម្រិះ​យ៉ាងនេះ​ហើយ ក៏​ត្រាស់​បង្គាប់​សម្តេចចៅហ្វា​ទឡ្ហៈ​សមូហ​នាយក កែវ ឱ្យ​ផ្ញើ​សំបុត្រ​ទៅ​ប្រាប់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ យ៉​ត ចៅហ្វាយស្រុក​ខេត្ត​កំពង់ស្វាយ ឱ្យ​ចូល​មក​ធ្វើ​ជា​មេទ័ព​សម្រេច​រាជការ​សឹក ។ ស្តេច​ត្រាស់​បញ្ជា​ឱ្យ​កេណ្ឌ​ចៅហ្វាយស្រុក និង​រេហ៍ពល​ត្រើយ​ខាងកើត និង​ខាងជើង​ឱ្យ​បាន​៧០.០០០​នាក់ ហើយ​លើក​ទៅ​វាយ​យក​នគររាជ​សីមា (​ដែន​សៀម​ដែល​ដណ្តើម​យក​ពី​ខ្មែរ​ក្នុង​រាជ្យ​មុន​ៗ) ឱ្យ​ខាង​តែ​បាន ។ ទ្រង់​ត្រាស់​បង្គាប់​ចៅហ្វាយស្រុក​ខេត្ត​ទ្រាំង ឱ្យ​កេណ្ឌ​ចៅហ្វាយស្រុក និង​រេហ៍ពល​ខេត្ត​បា​សាក់​ព្រះ​ត្រពាំង ក្រមួនស លង់​ហោ ផ្សារ​ដែក​ឱ្យ​បាន​ពល​ទាហាន​ចំនួន​៧០.០០០​នាក់​ដូច​គ្នា ហើយ​ឱ្យ​លើក​ចេញ​ទៅ​ព័ទ្ធ​ស្ទាក់​កងទ័ព​សៀម ក្រែង​វា​លើក​មក​តាម​ផ្លូវទឹក ។ តែបើ​ទ័ពជើងទឹក​ខាង​សៀម​មិន​មក​វាយ​យើង​តាម​ច្រក​សមុទ្រ​ទេ យើង​ត្រូវ​វាយ​ជំរុញ​រហូត​ទៅ​សង្កត់​យក​ស្រុក​ចន្ទ​បុរី បស្ចិមបុរី និង​ស្រុក​នគរ​នាយក​ឱ្យ​បាន ។

សម្តេចចៅហ្វា​ទឡ្ហៈ​សមុហ​នាយក ក៏​ក្រាបថ្វាយបង្គំ​លា​ចេញ​មក ហើយ​ឱ្យ​តែង​សំបុត្រ​ជា​ពីរ​ច្បាប់ ចាត់​បម្រើ​ឱ្យ​នាំ​ព្រះរាជ​សារ ជា​ពីរ​ផ្លូវ​ផ្សេង​គ្នា​ជូន​ទៅ​ចៅហ្វាយស្រុក​ទាំង​ពីរ​ខេត្ត ។

កាលបើ ​បាន​ទទួល​ព្រះរាជ​សារ​ហើយ​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត ក៏​បង្គាប់​ឱ្យ​កេណ្ឌ​ពល​បាន​គ្រប់​ចំនួន​៧០.០០០ ដំរី​១៥០ សេះ​៤០០​មក​មូលគ្នា ហើយ​ក៏​ចាត់ ៖

១-​ចៅហ្វាយស្រុក​នគរវត្ត ឃុំ​ពល​២០.០០០​នាក់ ជា​ទ័ព​មុខ ហើយ​ឱ្យ​លើក​ចេញ​ទៅ​មុខ ។
២- ​បី​ថ្ងៃ​បន្ទាប់​មក​ទៀត ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត ចាត់​ចៅហ្វាយស្រុក​ខេត្ត​កំពង់សៀម​ឱ្យ​ឃុំ​ពល​១០.០០០​នាក់ លើក​ចេញ​ទៅ​ជា​ទ័ពស្រួច ។
៣-​ឱ្យ​ចៅហ្វាយស្រុក​ខេត្ត​បារាយណ៍ ឃុំ​ពល​៨.០០០​នាក់ ជា​ទ័ព​ប៉ែក​ស្តាំ
៤-​ឱ្យ​ចៅហ្វាយស្រុក​ខេត្ត​ជើងព្រៃ ឃុំ​ពល​៨.០០០​នាក់ ជា​ទ័ព​ប៉ែក​ឆ្វេង
៥-​ឱ្យ​ចៅហ្វាយស្រុក​ស្ទឹង​ត្រង់ ឃុំ​ពល​៨.០០០​នាក់ ជា​ទ័ព​ស្បៀង ។
៦-​ឧកញ៉ា​តេ​ជោ​ខ្លួនឯង ឃុំ​ពល​២០.០០០​នាក់​ជា​ទ័ព​ហ្លួង ។

ចាត់ចែង ​រួច​ស្រេច​ហើយ ឧកញ៉ា​តេ​ជោ​ក៏​ចូល​ងូតទឹក​ជម្រះ​កាយ ស្លៀកសំពត់​ហូល ពាក់អាវ​ផ្កាមាស​ពាក់​ខ្លុក (​អំបោះ​មង្គល​) រាជតេជះ​ក្រវាត់​ទៃ (​ប្រដាប់​គ្រូ​) ត្រូវ​តាម​តម្រា​មាស ឧ​ភាស​សោភា​ចូល​អុជ​ទៀន ធូប​បូជា​ឧទ្ទិស​នឹក​គុណ​ចំពោះ​រូប​ឧកញ៉ា​តេ​ជោ​មាស​ក្រហម​ក ធ្វើ​ពិធី​គោរព​បវារណា ថ្វាយបង្គំ​សុំ​ពរ​ជ័យជម្នះ ហើយ​ព្រាច​ប្រាយ​គន្ធពិដោរ​ផ្កា​ភ្ញី​បូជា ។ បន្ទាប់​មក​ឧកញ៉ា​តេ​ជោ​យ៉​ត ឱ្យ​ប្រគំ​ភ្លេង​ថ្វាយ​៣​ចប់ ។

ក្នុង​ខណៈនោះ​ព្រលឹង​ឧកញ៉ា​តេ​ជោ​ ក្រហម​.​ក ចូល​មក​សណ្ឋិត​នៅ​រូប​មេ​ស្មឹង ហើយ​លោត​ឡើង​លើរាន​៧​ថ្នាក់ កាន់​ផ្តិល​ទឹក​ប្រោះព្រំ​រេហ៍ពល​ដូច​កាល​ខ្លួន​នៅ​រស់​ដូច្នោះ​ដែរ ។ លុះ​ប្រោះព្រំ​រេហ៍ពល​សាកល​យោ​ធោ​រួច​ហើយ មេ​ស្មឹង​ដែល​ព្រលឹង​តេ​ចោ មាស មក​សណ្ឋិត​នោះ ក៏​ចេញ​វាចា​ប្រាប់​ថា ៖ «​អា​យ៉​ត​ឯង លើកទ័ព​ទៅ​ម្តងនេះ​ពិតជា​បាន​ជ័យជម្នះ​ដូច​បំណង​ហើយ ប៉ុន្តែ  កាលបើ​ឯង​ត្រឡប់​មក​វិញ រយៈពេល​៤​ឆ្នាំ (​នៅ​អំឡុង​ឆ្នាំ​១៦៤៥ ព្រះបាទ​ធម្ម​រាជា ពញាតូ ព្រះរាជ​សម្ភារ​ត្រូវ​សុគត​ដោយ​ទាហាន​ព័រ​ទុ​យ​ហ្គា​ល់បាញ់​ធ្លាក់​ពីលើ​ចុង ​ត្នោត​) បន្ត​មក​ទៀត នឹង​មាន​កើត​កលិយុគ​យ៉ាង​ធំ​នៅ​ក្នុង​ព្រះ​នគរ ហើយ​ដល់​ពេល​នេះ​អា​យ៉​ត​ឯង​នឹង​ជួយ​ម្ចាស់​មិន​រួច​ទេ​»​។ ថា​ហើយ​មេ​ស្មឹង​ក៏​ខ្ទប់​មុខ​ស្រែកយំ ហើយ​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ទៅ ។

លុះ ​ចប់​ពិធី​នេះ​សព្វគ្រប់​ហើយ ឧកញ៉ា​តេ​ជោ​យ៉​ត​ជា​មេទ័ព​ធំ សម្រេច​រាជការ​កាន់​អាជ្ញាសឹក​ឡើង​ជិះ​លើ​ដំរី​ចង​គ្រឿង ។ ទាហាន​កាំភ្លើង​ធំ​តូច​តាំង​ស្រែក​ហ៊ោយកជ័យ លើកទ័ព​ចេញ​ទៅ ។

ឯ​ ចៅហ្វាយស្រុក​ជា​មេទ័ព ដែល​លើក​រេហ៍ពល​ចេញ​ទៅ​មុន​នោះ​បាន​ចូល​វាយលុក​ដែន​អាណាខេត្ត​សៀម យក​បាន​ស្រុក​តូច​ធំ​ជា​ច្រើន ។ ចៅហ្វាយស្រុក​នគររាជ​សីមា បានដឹង​អំពី​ព្រឹត្តិការណ៍​នេះ​តាម​នាយ​នាំសារ ឬ​តាម​គយ​ព្រំប្រទល់​ខេត្ត ជិះសេះ​ទៅ​ឱ្យដំណឹង ។ ចៅហ្វាយស្រុក​ក៏​បាន​ពិភាក្សា​ជាមួយ​ក្រមការ ហើយ​សម្រេច​ថា ៖ «​យើង​មិន​អាច​នៅ​រង់ចាំ​ឱ្យ​មេទ័ព​ខ្មែរ​ចូល​មក​វាយលុក​លុយ​ដល់​បន្ទាយ​ ដូច្នេះ​បាន​ទៀត​ទេ យើង​ត្រូវ​តែ​បើក​ការ​វាយលុក​តទល់​នឹង​ទ័ព​ខ្មែរ​វិញ​ទើប​ប្រសើរ​ជាង ! » ។

លុះ ​បាន​មូលមតិ​គ្នា​យ៉ាងនេះ​ហើយ ចៅហ្វាយស្រុក​នគររាជ​សី (​សៀម​) បង្គាប់​ឱ្យ​កេណ្ឌ​ពល​ពី​ខេត្ត​នានា​បាន​ចំនួន​៤០.០០០​ប្លាយ​នាក់ ។ គេ​បាន​ចាត់​ទាហាន​១០.០០០​នាក់ ឱ្យ​នៅ​រក្សា​បន្ទាយ​ទីរួមស្រុក ឯ​ទ័ព​៣០.០០០​នាក់​ទៀត ជា​ទ័ព​ចេញ​ច្បាំង​តទល់​នឹង​ទ័ព​ខ្មែរ​ដោយ​ចាត់ទុកជា​ទ័ព​មុខ​ប៉ែក​ឆ្វេង ប៉ែក​ស្តាំ ទ័ព ក្រោយ​រួច​ហើយ​ក៏​លើក​រេហ៍ពល​ចេញ​មក​សំដៅ​ព្រំដែន ។ ទ័ព​សៀម​នេះ​បាន​មក​ពើប​ប្រយុទ្ធ​គ្នា​នឹង​ទ័ព​របស់​ចៅហ្វាយស្រុក​នគរវត្ត ដែល​តេ​ជោ​បុ​រា​រាជ​យ៉​ត ចាត់​ឱ្យ​លើក​ទៅ​មុន​នោះ ។ ទ័ព​ខ្មែរ​និង​ទ័ព​សៀម​ស្ទុះ​ចូល​ប្រយុទ្ធ​គ្នា បាញ់កាំភ្លើង​ធ្នូ ស្នា​ប្រហារ​គ្នាទៅ​វិញ​ទៅ​មក រហូត​ដល់​អាវុធ​ខ្លី ដាវ លំពែង ។ ដោយ​ខាង​សៀម​មាន​ពល​ទាហាន​ច្រើន​ជាង សេនា​ខាង​ខ្មែរ​តស៊ូ​មិន​បាន​ក៏​ដកថយ​មក​ក្រោយ ស្រាប់តែ​បាន​ជួបនឹង​ទ័ព​របស់​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត ។ ពេល​នោះ​ទ័ព​ខាង​ខ្មែរក្រោម​កិច្ច​បញ្ជា​របស់​តេ​ជោ​យ៉​ត ក៏​បាន​សាង​បន្ទាយ​៥​កន្លែង រាយ​យាមល្បាត​ឥត​មាន​ធ្វេសប្រហែស​។

លុះ ​ដឹង​ថា​ទ័ព​ខ្លួន​មាន​ប្រៀប​លើ​ទ័ព​ខ្មែរ​ហើយ ចៅហ្វាយស្រុក​នគររាជ​សីមា ក៏​បរពល​ឱ្យ​ចូល​ចោម​វាយ​បន្ទាយ​កណ្តាល ។ ខណៈនោះ​កងទ័ព​បុ​រា​រាជ ដែល​នៅ​បន្ទាយ​សងខាង ក៏​ចេញ​មក​ឡោម​ព័ទ្ធ​ទ័ព​សៀម​ពីឆ្វេង​ពីស្តាំ ។ រីឯ​ទ័ព​របស់​ចៅហ្វាយស្រុក​នគររាជ​សីមា ខំព្យាយាម​ចោម​វាយ​បន្ទាយ​ខ្មែរ​ជា​ច្រើន​លើក​ច្រើន​សា តែ​នៅ​តែ​វាយ​មិន​បែក ក៏​បញ្ជា​ឱ្យ​ពល​សេនា​ខ្លួន​តាំង​បន្ទាយ​នៅ​ប្រឈម​ទល់មុខ​បន្ទាយ​ខ្មែរ ។ ទ័ព​ទាំង​សងខាង​លើក​ចោម​វាយ​គ្នា ម្តងម្នាក់​ៗ អស់​រយៈពេល​៨​ថ្ងៃ ក៏​នៅ​តែ​ពុំ​ទាន់​មាន​កងទ័ព​ខាង​ណា​មាន​ប្រៀប​ជាង​នៅឡើយ ។

ខណៈនោះ ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត ដូរ​យុទ្ធវិធី​ថ្មី ដោយ​បង្គាប់​ឱ្យ​ចៅហ្វាយស្រុក​នគរ​ជើងព្រៃ លប​លើកទ័ព​ពីរ​កង ទៅ​បង្កប់​ក្នុង​ព្រៃ​សងខាង​បន្ទាយ​សៀម ចាត់​ចៅហ្វាយស្រុក​នគរវត្ត និង​ចៅហ្វាយស្រុក​សិរី​សោភ័ណ​ឱ្យ​លើកទ័ព​ទាំង​យប់​ទៅ​ចោម​វាយ​បន្ទាយ​(​សៀម​ ) នគររាជ​សីមា ហើយ​ខ្សឹប​ប្រាប់​ឱ្យធ្វើ​ឧបាយកល​សព្វគ្រប់​ប្រការ ។ មេទ័ព​ទាំង​៤​កង ក៏​លើក​ចេញ​ទៅ​តាម​បង្គាប់ ។

និយាយ​ពី​ចៅហ្វាយស្រុក ​សិរី​សោភ័ណ និង​ចៅហ្វាយស្រុក​នគរវត្ត​កាលបើ​លើក​ទៅ​ដល់​បន្ទាយ​ទ័ព​នគររាជ​សីមា (​សៀម​) ហើយ ក៏​ឱ្យ​ចាប់​សៀម លាវ​ជា​អ្នកស្រុក​នៅ​តំបន់​នោះ ឱ្យ​ស្រែក​ប្រាប់​ទៅ​ទ័ព​សៀម​ពី​ក្រៅ​បន្ទាយ​ថា ៖ «​ចៅហ្វាយ​ម្ចាស់​យើង​វាយ​បែក​ទ័ព​ខ្មែរ ចាប់​បាន​ទាំង​នាយកង​ទ័ព និង​គ្រឿង​សស្ត្រាវុធ​ជា​ច្រើន​ត្រឡប់​មក​វិញ​ហើយ សូម​បើកទ្វារ (​បន្ទាយ​) ទទួល​ពួក​យើង​ផង » ។ ខណៈនោះ​នាយកង​ទ័ព​ក្នុង​បន្ទាយ (​ទីរួមស្រុក​) កាលបើ​ឮ​សំឡេង​សៀម លាវ​គ្នា​ឯង​ស្រែក​ប្រាប់​មក​ដូច្នេះ ក៏​ជឿ ហើយ​បើកទ្វារ​បន្ទាយ​ទទួល​ភ្លាម ។ ភ្លាម​នោះ ចៅហ្វាយស្រុក​នគរវត្ត និង​ចៅហ្វាយស្រុក​សិរី​សោភ័ណ ក៏​នាំ​ពួក​ពល​សេនា​លុក​ចូល​ទៅ​ដេញ​កាប់​ចាក់​សម្លាប់​ទាហាន​សៀម​យ៉ាង​សាហាវ ។ ពល​ទាហាន​សៀម​ទ្រាំទ្រ និង​ទប់ទល់​មិន​បាន ក៏​គេច​ដោះ​លោត​ផ្លោះ​ចេញពី​បន្ទាយ​ខ្លួន យក​តែ​ប្រាស​អាយុ ។ ទាហាន​ខ្មែរ​កាប់សម្លាប់​ទាហាន​សៀម លាវ​បានជា​ច្រើន ហើយ​ក៏​ចាប់​បុត្រ ភរិយា​ចៅហ្វាយស្រុក​និង​ក្រមការ​ខេត្ត​ទាំងនោះ ឱ្យ​សរសេរ​សំបុត្រ ដោយ​ដៃ​ផ្ទាល់ រៀង​ៗ​ខ្លួន ហើយ​បង្គាប់​ឱ្យ​បាវបម្រើ​របស់​ខ្លួន នាំ​យក​ទៅ​ជូន​ចៅហ្វាយស្រុក និង​ក្រមការ​ដែល​នៅ​ត្រៀម​តទល់​នឹង​ទ័ព​ខ្មែរ ។ សំបុត្រ​នោះ​មាន​សេចក្តី​ថា ៖ «​ទ័ព​ខ្មែរ​វាយលុក​ឡោម​យក​បន្ទាយ​ស្រុក​បាន​ហើយ សូម​ឱ្យ​ត្រឡប់​ទៅ​ចុះចូល​សុំ​ទោស​គេ​ទៅ ទើប​បុត្រ ភរិយា​បាន​រួចពីទុក្ខ​ទោស »​។

គាប់​ជួន​ក្នុង​ថ្ងៃ​នោះ​ដែរ ចៅហ្វាយស្រុក​និង​ក្រមការ​ស្រុក​នគររាជ​សីមា រៀបនឹង​លើកទ័ព​ចេញពី​បន្ទាយ​ដើម្បី​ទៅ​វាយ​ទ័ព​ខ្មែរ លុះ​ឃើញ​សំបុត្រ​ក៏​រន្ធត់​ស្លុត​ស្មារតី ជ្រួលច្របល់​ក្នុង​អារម្មណ៍​យ៉ាង​ក្រៃ​លែង ។ ជំនុំ​គ្នា​មិន​ទាន់​ដាច់ស្រេច យ៉ាងណា​ៗ​នោះ​ផង ក៏​ស្រាប់តែ​ចៅហ្វាយស្រុក​កំពង់សៀម និង​ចៅហ្វាយស្រុក​ជើងព្រៃ ដែល​បង្កប់ទ័ព​ក្នុង​ព្រៃ​សងខាង​បន្ទាយ​សៀម​នោះ​បរពល​ចូល​ទៅ​ចោម​បន្ទាយ​សៀម ។ 

កំពុង​តែ​តប់ប្រមល់​ជ្រួលច្របល់​នឹង​សុវត្ថិភាព​ប្រពន្ធ​កូន​ផង ​នោះ ទ័ព​ចៅហ្វាយស្រុក​នគររាជ​សីមា ពុំ​មាន​ស្មារតី​ប្រយុទ្ធ​រឹងប៉ឹង​ឡើយ ។ គ្រាន់តែ​មេទ័ព​ខ្មែរ​ទាំង​ពីរ​កង​វាយ​សំរុក​ភ្លាម​ពួក​ពល​សេនា​សៀម ក៏​បាក់ទ័ព​រត់​ចោល​បន្ទាយ ។ ឯ​ចៅហ្វាយស្រុក​ទាំង​ពីរ​ខេត្ត ក៏​បរពល​ដេញ​កាប់សម្លាប់​ទាហាន​សៀម​អស់​ជា​ច្រើន នៅ​សល់​តែ​ចៅហ្វាយស្រុក​នគររាជ​សីមា និង​បណ្តា​ក្រមការ​ដែល​បំផាយ​សេះ​រត់ គិត​ថា​នឹង​បាន​រួចខ្លួន ។ អកុសល​ខណៈ​ពេល​ដែល​កំពុង​គេច​ដោះខ្លួន​ពី​ការ​ដេញ​កាប់សម្លាប់​នោះ ចៅហ្វាយស្រុក​នគររាជ​សីមា និង​ក្រមការ ក៏​បាន​ទៅ​ជួបនឹង​កងទ័ព​ចៅ​មឿង (​កែ​) ខេត្ត​ពោធិ៍​រោង​មួយ ចៅ​មឿង​ស្រុក​ប្រាសាទដប់​មួយ ចៅ​មឿង​បែន​ខេត្ត​កោះ​កេរ​មួយ ជា​ចៅ​មឿង​ខ្មែរ​ដែល​ឧកញ៉ា​តេ​ជោ​យ៉​តតាំង​ជា​ទ័ព​កង​ក្រវែល​៤​កង​នោះ ព្រួត​គ្នា​ដេញ​ហ៊ុម​ព័ទ្ធ​ចាប់​ទ័ព​សៀម​បាន​ទាំងអស់​ចំនួន​៧០​នាក់ ហើយ​ក៏​នាំ​យក​ទៅ​ជូន​មេបញ្ជាការ​ធំ​សម្រេច​រាជការ​សឹក ។ មេទ័ព​ខ្មែរ​ឱ្យ​ដោះ​ក្តី​សៀម​ទាំងនោះ​ទុក ហើយ​ទើប​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត ឱ្យ​លើកទ័ព​ចូល​ទៅ​ក្នុង​បន្ទាយ​នគររាជ​សីមា រួច​ក៏​ចាត់​ឱ្យ​កៀរ​ប្រមូល​គ្រួ​សៀម លាវ​បាន​២០.០០០​គ្រួ ឱ្យ​នាយកង​ទ័ព​ឃុំ​នាំ​មក​ក្រាប​បង្គំ​ទូល​ព្រះរាជា​ជា​ម្ចាស់ជីវិត​ជា​មុន​ ។ ឯ​ខ្លួន​ឧកញ៉ា និង​អស់​ចៅហ្វាយស្រុក​ឯ ទៀត​ៗ​នៅ​រិះគិត​កិច្ចការ​សង្គ្រាម​តទៅ​ទៀត ។

ដំណឹង​ស្តី​ពី​ការ​ បរាជ័យ​ដ៏​ធ្ងន់​នៃ​ខេត្ត​នគររាជ​សីមា​នោះ បាន​ធ្វើ​ឱ្យ​ព្រះ​ចៅ​ក្រុង (​ស្តេច​) ទេព​បុរី​ស្រី​អយុធ្យា​ទ្រង់​ព្រះ​ពិរោធ (​ខឹង​) ជា​ខ្លាំង ។ ទ្រង់​ត្រាស់​បង្គាប់​ចៅ​ចក្រី និង​ពញា​ក្រឡាហោម​សៀម ឱ្យ​លើកទ័ព​ចំនួន​៨​ម៉ឺន​នាក់ មក​ច្បាំង​នឹង​ឧកញ៉ា​តេ​ជោ​បុ​រា​រាជ​យ៉​ត និង​អស់​ចៅហ្វាយស្រុក​ដែល​ជា​មេកង​ទ័ព​ខ្មែរ ។ មេទ័ព​ខ្មែរ​បាន​ចាត់​ទ័ព​ឱ្យ​ចេញ​តទល់​នឹង​សេនា​រេហ៍ពល​របស់​មេទ័ព​សៀម​ ទាំង​ពីរ​នាក់ ជា​ច្រើន​លើក​ច្រើន​សា បណ្តាល​ឱ្យ​ស្លាប់​ពួក​ពល​ទាំង​សងខាង​ជា​ច្រើន ហើយ​ក៏​នៅ​តែ​ពុំ​ទាន់​ឃើញ​ថា ខាង​ណា​ឈ្នះ​ខាង​ណា​ឡើយ ។

ថ្ងៃមួយ ឧកញ៉ា​តេ​ជោ​យ៉​ត​កោះ​ប្រជុំ​អស់​នាយកង នាយ​ទ័ព​ដើម្បី​ប្រឹក្សា​ប្តូរ​យោបល់​គ្នា​ពី​កិច្ចការ​សឹកសង្គ្រាម ដោយ​លើក​បញ្ហា​ថា​៖ កម្លាំង​កងពល​យើង​ក៏​មាន​តិច ហើយ​ស្លាប់​រលស់​ថយ​ចំនួន​ជា​ហូរហែ ។ បើ​តាម​ឫក្ស​ជតារាសី ឃើញ​ថា​ផែនដី​ក្រុង​ឧដុង្គ​មាន​ជ័យ​យើង នៅ​តែ​បី​ឆ្នាំ​ទៀត​នឹង​កើត​មាន​កលិយុគ​វឹកវរ​ចលាចល​យ៉ាង​ធំ ។ ឯ​ផែនដី​ក្រុង​ទេព​បុរី ឃើញ​កំពុង​មាន​ស្ថិរ​ភាពល្អ​ណាស់ ។ បើ​យើង​នៅ​តែ​ចចេស​ធ្វើសង្គ្រាម​បន្ត​ទៅ​ទៀត​វា​នឹង​ស្លាប់​រេហ៍ពល​ដោយ​ ឥតប្រយោជន៍ ។ ដូច្នេះ​គួរ​យើង​ផាត់​ប្រមូល​កៀរ​យក គ្រួ​លាវ គ្រួ​សៀម​ឱ្យ​បាន​ច្រើន នាំ​យក​ទៅ​ទុក​នៅ​ប្រទេស​យើង​វិញ ទើប​មាន​ប្រយោជន៍​ជាង ។ លុះ​គិត​មូលមតិ​គ្នា​ហើយ តេ​ជោ​យ៉​ត​ក៏​ឱ្យ​រឹបអូស​រើ​យក​ទ្រព្យសម្បត្តិ​មាស ប្រាក់ សៀម​ផ្ទុក​ក្នុង​រទេះ និង​ដំរី​ស្រេច​ហើយ ក៏​ឱ្យ​បំបែក​កងទ័ព​មួយ​ផ្នែក​ឱ្យទៅ​កៀរ​គ្រួ​សៀម លាវ នៅ​តាម​ស្រុកភូមិ និង​ពួន​ក្នុង​ព្រៃ​បាន​ចំនួន​ប្រមាណ​ពី​ប្រាំ​ពាន់ ទៅ​ប្រាំមួយ​ពាន់​គ្រួ​បញ្ជូន​ទៅ​ស្រុក​ខ្មែរ​ជា​មុន ។

ប៉ុន្តែ​ ទន្ទឹម​នឹង​ចលនា​កៀរ​គ្រួ​សៀម​នោះ នៅ​វេលា​ថ្ងៃ ឧកញ៉ា​តេ​ជោ​យ៉​ត​ជា​មេទ័ព​ធំ ចាត់​ឱ្យ​ពល​សេនា​ទៅ​ចោម​បាញ់​បន្ទាយ​សៀម នៅ​វេលា​យប់​តេ​ជោ​យ៉​ត​ឱ្យ​យក​ចំបើង​មក​ចង​ធ្វើ​ដូច​ជា​រូប​មនុស្ស ដៃ​កាន់​ប្រឆេះ ហើយ​បញ្ជូន​យក​ទៅ​ដាក់​នៅ​ជុំវិញ​បន្ទាយ​សៀម ធ្វើ​ហាក់ដូចជា​នឹង​ចោម​វាយលុក​បន្ទាយ​សៀម ។ ទ័ព​ខ្មែរ​ប្រើ​កល​យុទ្ធ​របៀប​នេះ អស់​រយៈពេល​៧​ថ្ងៃ​៧​យប់ ដើម្បី​ឱ្យ​សៀម​បាញ់​ទាល់តែ​អស់​គ្រាប់រំសេវ ទើប​ឧកញ៉ា​តេ​ជោ​យ៉​ត​បង្គាប់​ឱ្យ​នាយកង​នាយ​ទ័ព​វាយ​បន្ទាយ​សៀម ។  ដោយ​សៀម​បាញ់​អស់​គ្រាប់រំសេវ​ក្នុង​រយៈពេល​៧​ថ្ងៃ​៧​យប់​នោះ សៀម​ក៏​ដក​កងទ័ព​ថយ​ចេញ​ទៅ ។ ឯ​ឧកញ៉ា​តេ​ជោ​យ៉​ត​កាលបើ​សៀម​ដក​កងទ័ព​ថយ​ចេញ​បាត់​អស់​ទៅ​នោះ ក៏​នាំ​រេហ៍ពល​ត្រឡប់​មក​ស្រុក​វិញ​ដោយ​ស្រួល​ឥត​មាន​ភ័យ​បារម្ភ​អ្វី​ សោះឡើយ ។

ឯ​មេទ័ព​សៀម​ទាំង​ពីរ​នាក់ ដែល​ដកថយ​ទៅ​នោះ​អស់​ពេល​៣​ថ្ងៃ​ទៅ​ហើយ នៅ​តែ​មិនឃើញ​ទ័ព​ខ្មែរ​ដេញ​តាម​ក៏​បញ្ឈប់​ទ័ព ហើយ​ចាត់​សេនា​ទាហាន​មួយ​ផ្នែក​ឱ្យ​ចូល​ទៅ​បើក​គ្រាប់រំសេវ​ពី​ក្នុង​ឃ្លាំង នៃ​ក្រុង​នគររាជ​សីមា ហើយ​ចាត់​មួយ​ផ្នែក​ទៀត​ឱ្យទៅ​លបមើល​ក្នុង​បន្ទាយ​ទ័ព​ស្រុក​នគររាជ​សីមា ។ លុះ​សង្កេតការណ៍​បានដឹង​សព្វគ្រប់​ហើយ ក៏​ទៅ​ជម្រាប​មេទ័ព​ខ្លួន​វិញ​ថា មេទ័ព​ខ្មែរ​កៀរ​ផាត់​គ្រួ​សៀម និង​ជញ្ជូន​យក​ទ្រព្យ​របស់​សម្ភារ​ក្នុង​ឃ្លាំង នាំ​យក​ទៅ​ស្រុក​ខ្មែរ​អស់ តាំងពី​ទ័ព​យើង​ដកថយ ភ្លាម​ៗ​មក​ម្ល៉េះ គិត​មក​ទល់​ពេល​នេះ​អស់​រយៈ​៨​ថ្ងៃ​មក​ហើយ ។ មេទ័ព​សៀម​ឮ​ដូច្នោះ​ក៏​មានការ​ខកចិត្ត ហើយ​យកដៃ​រឹត​ទ្រូង​កោត​តម្រិះ​ប្រាជ្ញា​ឧកញ៉ា​តេ​ជោ​យ៉​ត ដែល​ចេះ​ប្រើ​ល្បិច​ដកទ័ព​បាន​ដោយ​ខាង​សៀម​មិនដឹង ហើយ​ប្រើ​ឧបាយ​ឱ្យ​ទ័ព​សៀម​ដកថយ​ទាំងអស់ សង្ឃឹម ព្រមទាំង​ឆ្លៀត​ក្នុង​ឱកាស​ដែល​ទ័ព​សៀម​កំពុង​ច្របូកច្របល់ កៀរ​គ្រួ​សៀម និង​ប្រមូល​ទ្រព្យ​របស់​មាន​តម្លៃ​ជញ្ជូន​យក​ទៅ​ស្រុក​ខ្មែរ​អស់ ។ ក្នុង​ស្ថានការណ៍​បែប​នេះ មេទ័ព​សៀម​យល់​ថា ទោះបី​លើកទ័ព​ដេញ​ទ័ព​ខ្មែរ​ក៏​តាម​ទៅ​ពុំ​ទាន់​ដែរ ព្រោះ​ទ័ព​ខ្មែរ​ចេញ​ទៅ​មុខ​អស់​ពេល​ប្រមាណ​១០​ថ្ងៃ​ហើយ ។ ម្យ៉ាងទៀត​បើ​តាម​ទៅ​ទាន់ ក៏​គ្មាន​គ្រាប់រំសេវ​សម្រាប់​ច្បាំង​ដែរ ព្រោះ​ទ័ព​ខ្មែរ​ជញ្ជូន​យក​អស់​ទៅ​ហើយ ។ តុញ​ទាល់គំនិត មេទ័ព​សៀម​បញ្ជា​ឱ្យ​ពល​ទាហាន​ចូល​ទៅ​បន្ទាយ​ក្នុង​ក្រុង​នគររាជ​សីមា និង​ឱ្យ​ប្រមូល​រាស្ត្រ​ដែល​សល់​ពី​ការ​កេណ្ឌ​កៀរ​របស់​មេទ័ព​ខ្មែរ ឱ្យ​ចូល​ទៅ​ភូមិ​ស្រុក​វិញ ។

ចំណែក​ទ័ពជើងទឹក​ខាង​ខ្មែរ​បញ្ជា​ដោយ​ ចៅពញា​ពិស្ណុលោក លុះ​លើក​ទៅ​ដល់​កោះ​គុត កោះកុង ត្រូវ​ខ្យល់ព្យុះ​រលក ធំ​ៗ ពុំ​អាច​នាំ​ទ័ព​ទូក​ទៅ​មុខ​បាន ក៏​ឈប់​សម្រាក​នៅ​កោះ​នោះ ។ លុះ​បានដឹង​ថា ឧកញ៉ា​តេ​ជោ​យ៉​ត​ជា​មេ​ទ័ពជើងគោក ទទួល​បាន​ជ័យជម្នះ​លើ​ទ័ព​សៀម ហើយ​បាន​វិល​ត្រឡប់​ចូល​មក​ដល់​ប្រទេស​វិញ មេ​ទ័ពជើងទឹក​ដែល​ដឹង​ថា​រដូវវស្សា​មក​ដល់​ហើយ និង​បណ្តារាស្ត្រ​ត្រូវ​ធ្វើស្រែ ក៏​លើកទ័ព​ចូល​មក​ក្នុង​ប្រទេស​វិញ​ដែរ ។

សម្តេចព្រះ ​ស្រី​ធម្ម​រាជា​ធិ​រាជ (​ព្រះ​ពញាតូ ឬ​ព្រះរាជ​សម្ភារ​) ព្រះ​អង្គ​គង់​ក្នុង​រាជសម្បត្តិ​បាន​កម្ចាត់​សឹកសត្រូវ​សៀម ទំនុកបម្រុង​ព្រះពុទ្ធ​សាសនា មហាប្រសើរ​ណាស់ រក្សាសីល​ប្រាំបី ចំណាយ​រាជទ្រព្យ​ធ្វើ​ទាន​ជា​រៀងរាល់ថ្ងៃ ៕