ជីវិត និង​នយោបាយ​របស់​លោក​លន់ ន​ល់ (នៅមានត)

លោក​លន់ ន​ល់ កើត​នៅ​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​១៩១៣ នៅ​ខេត្តព្រៃវែង​ក្នុង​គ្រួសារ​ខ្មែរ​ដើម​កំណើត​ចិន ។ ឪពុក​របស់​លោក​លន់ ន​ល់ ឈ្មោះ​លន់ ហ៊ិ​ន ម្តាយ​ឈ្មោះ​នួន ហើយ​លោក​ជា​កូន​ទី​២ ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​១០​នាក់ ក្នុង​នោះ​ប្អូនប្រុស​ទី​៧ របស់​គាត់​ឈ្មោះ​លន់ ណុ​ន ជា​មនុស្ស​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​ន​យោ​បា​ខ្មែរ​ចាប់តាំងពី​ការ​ចាត់ចែង​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ និង​ការ​បង្កើត​របប​សាធារណរដ្ឋ​ខ្មែរ ។

ឪពុក​របស់​លោក​លន់ ន​ល់ ធ្លាប់​ជា​អភិបាលស្រុក នៅ​ខេត្តសៀមរាប និង​ខេត្តកំពង់ធំ បន្ទាប់​ពី​បាន​ដឹកនាំ​ក្រុម​បង្ក្រាប​ចោរប្លន់​នៅ​ខេត្តព្រៃវែង ។ លោក​លន់ ន​ល់ ទទួល​បានការ​អប់រំ​នៅ​សាលា​សា​សឺ​លូ​ប​-​ឡូ​បា (Chasseloup-Laubat) ក្នុង​ទីក្រុង​សាយ​ហ្ក​ន បន្ទាប់​មក​ចូល​សិក្សា​នៅ​សាលា​យោធា​កម្ពុជា ។

យោង​តាម​ឯកសារ​រៀបរៀង​ដោយ​លោក​ខឿន សា​ឃាង​ថា លោក​លន់ ន​ល់ ជា​មន្ត្រី​ស៊ី​វិល​ក្នុង​សម័យ​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៧ ។ លោក​បាន​ក្លាយជា​អ្នក​កាន់​អំណាច​រដ្ឋបាល ហើយ​ក៏​បាន​ធ្វើខ្លួន​ឱ្យ​ក្លាយជា​អ្នក​ប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព​របស់​បារាំង ប្រឆាំង​បង្ក្រាប​ចលាចល​ជា​បន្តបន្ទាប់​នៃ​ការ​ប្រឆាំង​នឹង​អាណានិគម​បារាំង​នា​ឆ្នាំ​១៩៣៩ ។ លុះដល់​ឆ្នាំ​១៩៤៦ លន់ ន​ល់​បាន​ក្លាយជា​ចៅហ្វាយ​ខេត្តក្រចេះ ។ គាត់​បាន​ក្លាយជា​សហការី​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ហើយ​នៅ​ក្នុង​អំឡុង​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៤០ នៅ​ពេល​ដែល​គាត់​បាន​បង្កើត​ចលនា​ស្តាំ​និយម​, រាជាធិបតេយ្យ ជា​ក្រុម​នយោបាយ​គាំទ្រ​ឯករាជ​ភាព​ដែល​ធ្វើ​ឲ្យ​គាត់​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ប្រទេស​កម្ពុជា ខ្លាំង​ឡើង​ៗ ។ លន់ ន​ល់​បាន​ចូល​បម្រើកងទ័ព​នៅ​ឆ្នាំ​១៩៥២ ហើយ​គាត់​គាត់​បាន​ដឹកនាំ​ប្រតិបត្តិការ​កងទ័ព​ប្រឆាំង​វៀត​មិ​ញ ។

បន្ទាប់​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​មក គណបក្ស​កំណែទម្រង់​ខ្មែរ (Khmer Renovation) របស់​លន់ ន​ល់  (​រួម​និង​គណបក្ស​ស្តាំ​និយម តូច​ៗ​ដែល​ដឹកនាំ​ដោយ​សម សារី និង​ដាប ឈួ​ន​) បាន​ក្លាយជា​គណបក្ស​ស្នូល​របស់​គណបក្ស​សង្គមរាស្ត្រនិយម​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ សម្រាប់​ប្រជែង​ការ​បោះ​ឆ្នោត ឆ្នាំ​១៩៥៥ ។

លោក​លន់ ន​ល់ ត្រូវ​បាន​តែងតាំង​ជា​នាយសេនាធិការ​កងទ័ព​នៅ​ឆ្នាំ​១៩៥៥ និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​នៅ​ឆ្នាំ​១៩៦០ និង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ផង​ដែរ ។

នៅ​ពេល​នោះ លន់ ន​ល់ ជា​អ្នកគាំទ្រ​ម្នាក់​ដែល​ទទួល​បានការ​ទុកចិត្ត​ពី​សម្តេចព្រះ​នរោត្តម សីហ​នុ ។ ឆ្នាំ​១៩៦៣ លន់ ន​ល់់​ត្រូវ​បាន​តែងតាំង​ជា​ឧបនាយករដ្ឋមន្ត្រី ខណៈ​ដែល​សម្តេចព្រះ​នរោត្តម សីហ​នុ ព្យាយាម​ស្វែងរក​ចលនា «​អព្យាក្រឹត​និយម​» ជា​អន្តរជាតិ​ក្នុង​បំណង​បញ្ចៀស​ប្រទេស​កម្ពុជា​ពី​ការ​ប៉ះពាល់​ដោយ​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​២ ។     

នៅ​ឆ្នាំ​១៩៦៦ ការ​បោះ​ឆ្នោត​សភា បាន​ធ្វើ​ឱ្យ​មាន​តុល្យភាព​អំណាច​ចំពោះ​លន់ ន​ល់ និង​សមាសធាតុ​ស្តាំ​និយម​របស់​គណបក្ស​សង្គមរាស្ត្រនិយម​នៅ​ពេល​ដែល​បេក្ខជន​អភិរក្ស និង​ពួក​ស្លាប​ស្តាំ​ត្រូវ​បាន​ជ្រើសរើស​យ៉ាងច្រើន ។ លោក​លន់ ន​ល់ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី ហើយ​គាត់​គឺជា​មនុស្ស​ដែល​ប្រកៀក​ស្មា​គ្នា​ជាមួយ​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​ការ​ប្រយុទ្ធ​ជាមួយ​ពួក​កុម្មុយនីស្ត ។ ជាក់ស្តែង នៅ​ចន្លោះ​ឆ្នាំ​១៩៦៦-១៩៦៧ កង​អន្តរាគមន៍​របស់​លន់ លន់ រួម​ជាមួយ​កង​រាជ​តម្រួត​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បង្ក្រាប​ការ​បះបោរ​របស់​កសិករ​នៅ​សំឡូត ខេត្តបាត់ដំបង ដែល​ត្រូវ​បាន​ញុះញង់​ដោយ​ពួក​កុម្មុយនីស្ត ។ ការ​បះបោរ​នេះ​កើតឡើង​ពី​កសិករ​លក់​ស្រូវ​ទៅ​ឱ្យ​កងទ័ព​កុម្មុយនីស្ត​វៀតណាម​ដែល​ដើរ​ប្រមូល​ទិញ​ក្នុង​តម្លៃ​ថ្លៃ​ជាង​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម​។ ការ​បង្ក្រាប​នេះ​មាន​សភាព​ឃោរឃៅ និង មាន​រយៈពេល​ច្រើន​ខែ រហូត​ដល់​មានការ​ប្រយុទ្ធ​ប្រដាប់​អាវុធ និង​មាន​ប្រកាស​ផ្តល់​រង្វាន់​ដល់​បុគ្គល​ណា​កាត់​បាន​ក្បាល​ពួក​កុម្មុយនីស្ត ។ មនុស្ស​ជា​ច្រើន​បាន​រត់​ចូល​ព្រៃ និង អ្នកខ្លះ​ត្រូវ​បាន​ចាប់ចង​ធ្វើ​ទណ្ឌកម្ម​សួរ​ចម្លើយ​។ សារព័ត៌មាន​នានា នា​សម័យ​នោះ​បាន​ប៉ាន់​ប្រមាណ​ថា​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​១.០០០​នាក់ ក្លាយជា​ជន​រង​គ្រោះ ហើយ​អ្នកខ្លះ​ទៀត​មាន​គំនុំ​ជាមួយ​រដ្ឋាភិបាល​សង្គមរាស្ត្រនិយម​យ៉ាង​ខ្លាំង ។ លោក​លន់ ន​ល់ ធ្លាប់​បាន​ធ្វើ​ជា​អភិបាលខេត្ត​បាត់ដំបង​នោះ​ដែរ ។

លោក​លន់ ន​ល់ បាន​រង​របួស​ក្នុង​គ្រោះថ្នាក់​រថយន្ត​នៅ​ចុងឆ្នាំ​១៩៦៨ និង​ត្រូវ​បាន​បង្ខំ​ឱ្យ​ថយ​ពី​កិច្ចការ​នយោបាយ​ជា​បណ្តោះអាសន្ន ។ ទោះ​យ៉ាងណា​ក្តី នៅ​ឆ្នាំ​១៩៦៨ លន់  ន​ល់ បាន​វិល​ត្រឡប់​មក​ក្នុង​ឆាកនយោបាយ​វិញ ក្នុង​ឋានៈ​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​១៩៦៩ គាត់​បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី ជា​លើក​ទី​២​។

ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ លោក​លន់ ន​ល់ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មេខ្លោង​ម្នាក់ ក្នុង​ចំណោម​មនុស្ស​សំខាន់​បំផុត​ទាំង​៣​រូប ក្នុង​ការ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​តំណែង​ជា​ព្រះ​ប្រមុខរដ្ឋ ។

នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​១៩៧០ លោក​លន់ ន​ល់ និង​សិរី​មតៈ បាន​បិទ​កំពង់​ផែ​ព្រះ​សីហ​នុ ជាទី​ដែល​អាវុធយុទ្ធភណ្ឌ ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​លួចលាក់​សម្រាប់​ពួក​វៀត​កុង ទៅ​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង ។                            

នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៧០ រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ​របស់​លន់ ន​ល់ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ នៅ​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​១៩៦៩ ដោយសារ​ពេល​នោះ​ប្រទេស​ជាតិ​កំពុង​មាន​ស្ថានភាព​ធ្ងន់​ធ​នោះ​បាន​ផ្ញើ​លិខិត​ទៅ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រណសិរ្ស​រំដោះជាតិ​វៀតណាម​ខាងត្បូង​ដោយ​ដាក់​ឱសានវាទ ឱ្យ​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ឱ្យ​អស់​ក្នុង​រយៈពេល​៤៨​ម៉ោង ពោល​គឺ​មិន​ឱ្យ​យឺត​ជាង​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​១៩៧០ បើ​ពុំនោះ​ទេ​ពួក​គេ​ត្រូវ​ប្រឈម​មុខ​នឹង​វិធានការ​យោធា ។ មុន​នេះ លន់ ន​ល់ ធ្លាប់​បាន​ជួប​ប្រធាន​រណសិរ្ស​វៀត​កុង និង​នាយក​មន្ត្រី​វៀតណាម​ខាងជើង​នៅ​ប៉េ​កាំ​ង ជំរុញ​ឱ្យ​ពួក​គេ​ដកទ័ព​ចេញពី​ទឹកដី​កម្ពុជា ប៉ុន្តែ​គាត់​ទទួល​បាន​លទ្ធផល​ជាទី​ខកចិត្ត​យ៉ាង​ខ្លាំង ។

នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៧០ នៅ​ទី​ក្រុងប៉ារីស សម្តេចព្រះ​នរោត្តម សីហ​នុ បាន​មាន​បន្ទូល​ថា​ព្រះ​អង្គ​នឹង​យាង​ត្រឡប់​មក​កម្ពុជា​ក្នុង​ពេល ឆាប់​ៗ​ដើម្បី​រៀបចំ​អព្យាក្រឹតភាព​កម្ពុជា​ឡើង​វិញ ប៉ុន្តែ​ព្រះ​អង្គ​ត្រូវ​យាង​ចាក​ចេញពី​បារាំង​ទៅ​ឈប់​សំចត​នៅ​មូ​ស្គូ និង​ប៉េ​កាំ​ង ដើម្បី​បញ្ចុះបញ្ចូល​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​នេះ​ដាក់​គំនៀប​លើ​វៀតណាម​ខាងជើង និង​វៀត​កុង​ឱ្យ​ដក​ចេញពី​ទឹក​ខ្មែរ ។

ដោយ​សំអាង​លើ​សេចក្តី​ប្រកាស​នេះ គេ​ឃើញ​ថារ​ដា្ឋ​ភិ​បាល​ភ្នំពេញ​ដែល​កំពុង​ត្រូវ​បាន​ដឹកនាំ​ជំនួស​ដោយ​លោក​លន់ ន​ល់ ក៏​ដូច​ជា​សម្តេចព្រះ​នរោត្តម សីហ​នុ​ដែរ​កំពុងធ្វើការ​ក្នុង​គោលដៅ​តែ​មួយ ពោល​គឺ​ដើម្បី​បណ្តេញ​កងទ័ព​យួន​កុម្មុយនីស្ត និង​វៀត​កុង​ឱ្យ​ចេញពី​ទឹកដី​កម្ពុជា គ្រាន់តែ​ក្នុង​របៀប​ផ្សេង​គ្នា​ប៉ុណ្ណោះ ។ ដោយហេតុ​នេះ​ធ្វើ​ឱ្យ​គេ​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​ព្រះ​អង្គ​បញ្ចេញ​ប្រតិកម្ម​បែប​នេះ​ទៅ​វិញ ។

ស្ថានភាព​នៅ​កម្ពុជា​ពុំ​មាន​ភាព​ស្រាកស្រាន្ត​សោះឡើយ ។ ទឹកចិត្ត​របស់​រាស្ត្រ​ខ្មែរ​កាន់តែពោរពេញ​ទៅ​ដោយ​កំហឹង ខ្លាំង​ឡើង​ៗ​ចំពោះ​កងទ័ព​វៀតណាម​ខាងជើង និង​ពួក​វៀត​កុង ។ ព្រឹក​ថ្ងៃ​ទី​១៦ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​ដ៏​ធំ​មួយទៀត​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​មុខ​រដ្ឋសភា ដើម្បី​សុំ​ឱ្យ​អង្គការ​កំពូល​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ី​វិល និង​យោធា​មួយ​ចំនួន​ពី​បទ​សមគំនិត​ជាមួយ​វៀតណាម​កុម្មុយនីស្ត ដែល​មនុស្ស​ទាំងនោះ​សុទ្ធ​ជា​មនុស្ស​ក្នុង​រាជវង្ស ឬ​ក៏​ជា​អ្នក​ស្និទ្ធ​នឹង​អ្នក​ម្នាង​ម៉ូ​និក ដូច​ជា អ៊ុំ ម៉ា​ណូ​រិ​ន្ទ ជាដើម។

ស្អែក​ឡើង គឺ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០ បាតុកម្ម​បាន​ចាប់ផ្តើម​កញ្ជ្រោល​ឡើង​ម្តងទៀត​។ សភា​បាន​បន្ត​ការ​ប្រជុំ​តាម​ការ​គ្រោងទុក ។ ការ​ចោទប្រកាន់​ចំពោះ​សម្តេចព្រះ​នរោត្តម សីហ​នុ កាន់តែ​មាន​ភាព ជូរ​ចត់​ឡើង​ៗ ។ រថពាសដែក និង​រថយន្ត​ដឹក​កងទ័ព​ត្រៀមប្រយុទ្ធ បាន​ធ្វើ​ចលនា​ខ្វាត់ខ្វែង​តាម​ដងផ្លូវ ធំ​ៗ​ពាសពេញ​ទីក្រុង ។

យោង​តាម​ឯកសារ ខ្លះ «​លន់ ន​ល់ បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​ដកហូត​សម្តេចព្រះ នរោត្តម សីហ​នុ ពី​តំណែង​ជា​ប្រមុខរដ្ឋ​ឡើយ ។ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ បាន​ចាក់​កាស្សែត​ដែល​គេ​លួច​ថត​ពេល​សម្តេចព្រះ​នរោត្តម សីហ​នុ មាន​បន្ទូល​នៅ​ក្នុង​អង្គប្រជុំ​មួយ នៅ​ទី​ក្រុងប៉ារីស ឱ្យ​លន់ ន​ល់​ស្តាប់ ។ ក្នុង​ខ្សែអាត់​នោះ​ព្រះ​អង្គ​បាន​ស្តីបន្ទោស ចំ​ៗ​ឈ្មោះ​នូវ​មនុស្ស​ដែល​ព្រះ​អង្គ​ហៅ​ថា «​ជា​អ្នក​ក្បត់​ព្រះ​អង្គ​» ហើយ​ថា​ព្រះ​អង្គ​នឹង​ដាក់​ទណ្ឌ​ពួក​អ្នក​ទាំងនោះ​ភ្លាម នៅ​ពេល​ព្រះ​អង្គ​យាង​ត្រឡប់​មក​ដល់​ភ្នំពេញ ។ ទោះជា​យ៉ាងណា​ក្តី នាយក​រដ្ឋមន្ត្រី​លោក​សេនាប្រមុខ លន់ ន​ល់ នៅ​តែ​មិន​ប្រាកដ​ថា​នឹង​ញុះញង់​ឱ្យ​សភា​បោះ​ឆ្នោត​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ​នៅឡើយ ។ យប់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០​នោះ ព្រះ​អង្គ​ម្ចាស់ សិរី​មតៈ ដោយ​មាន​មន្ត្រី​យោធា​៣​រូប បាន​ទៅ​ដល់​ភូមិ​គ្រឹះ​របស់​សេនាប្រមុខ​លន់ ន​ល់ ហើយ​ភ្ជង់​កាំភ្លើង​បង្ខំ លន់ ន​ល់ ដែល​កំពុង​ជោកជាំ ដោយ​ទឹកភ្នែក​ឱ្យ​ចុះហត្ថលេខា​លើ​ឯកសារ​ចាំបាច់​ទាំងឡាយ​ដើម្បី​ដកហូត​សម្តេចព្រះ​នរោត្តម សីហ​នុ ។ ស្អែក​ឡើង​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ សភា បាន​បោះ​ឆ្នោត​ជា​ឯក​ឆន្ទ ដកហូត​សម្តេចព្រះ​ន​រោ​ត្ត សីហ​នុ ពី​អំណាច​» ។

ថ្វី​ដ្បិតតែ​ត្រូវ​បាន​គេ​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ តែងតែមាន​បំណង​ដកហូត​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​អំណាច​កំពូល​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​តែ​ព្រះ​អង្គជា «​សែស្រឡាយ​នរោត្តម​» ក៏​ពិតមែន ប៉ុន្តែ​យើង​យល់​ថា ការ​អះអាង​នោះ​នេះ​មិនសូវ​ទំនង​ឡើយ គឺ​យើង​យល់​ថា​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ហ៊ាន​ធ្វើ​បែប​នោះ​ចំពោះ​លន់ ន​ល់ ឡើយ ។​   

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» របស់​បណ្ឌិត​សាស្ត្រាចារ្យ​រស់ ច​ន្ត្រា​បុត្រ បាន​តាម​រុករក​ឃើញ​នូវ​រឿង​អាថ៌​កំបាំង​មួយ​ដែល​នាំ​ឱ្យ​លន់ ន​ល់ សម្រេចចិត្ត​អនុញ្ញាត​ឱ្យ​មានការ​ដកហូត​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​អំណាច ថា​គឺជា​ល្បិច​របស់​ប្អូនប្រុស​គាត់ គឺ លន់ ណុ​ន ។

រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០ អំណាច​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ នៅ​តែ​មាន​សុវត្ថិភាព​នៅឡើយ ដ្បិត​មនុស្ស​ពីរ​រូប​គឺ លន់ ន​ល់ និង​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ទាន់​បើកផ្លូវ ។

ពិត​ហើយ​ថា សិរី​មតៈ កំពុង​តែ​រង់ចាំ​យ៉ាង​អន្ទះសា​បន្ទាប់​ពី​ការ​ប៉ុនប៉ង​របស់​ព្រះ​អង្គ​ក្នុង​ការ​ដកហូត​សម្តេច​សីហ​នុ ចេញពី​អំណាច ដើម្បី​យក​មកុដរាជ្យ ទៅ​បំពាក់​ឱ្យ​មនុស្ស​ណា​ម្នាក់​ដែល​ជា​សែស្រឡាយ​ស៊ី​សុវត្ថិ ។ ទោះជា​យ៉ាងណា​ក្តី ព្រះ​អង្គ​ទំនងជា​មិន​ចង់​ទទួលខុសត្រូវ​រឿង​នេះ​តែ​១​អង្គ​ឯង ទើប​ព្រះ​អង្គ​នៅ​ចាំ​មើល​ការ​ឈាន​មួយ​ជំហាន​មុន​របស់ លន់ ន​ល់ ដែល​ជា​ជំហាន​ចុង​ក្រោយ​ដើម្បី​ទម្លាក់​សម្តេច​សីហ​នុ ខណៈ​លន់ ន​ល់ ហាក់ដូចជា​មិន​ទាន់​ប្រាកដ​ថា​ធ្វើ​យ៉ាងណា ដែល​មាន​ន័យ​ថា នាយក​រដ្ឋមន្ត្រី​រូប​នេះ មិន​ទាន់​អនុញ្ញាត​ឱ្យ​នរណា​ម្នាក់​ប៉ះពាល់​ដល់​ឋានៈ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​ទេ ។

បណ្ឌិត​សាស្ត្រាចារ្យ​រស់ ច​ន្ត្រា​បុត្រ បាន​ទម្លាយ​ឱ្យ​ដឹង​ថា «​នៅ​យប់​ថ្ងៃ​ទី​១៧ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០​នោះ លន់ ណុ​ន អម​ដោយ​ហង្ស ធន់​ហាក់​, ឆ​ន សុខុម និង​គង់ អ៊​ន បាន​ទៅ​ភូមិ​គ្រឹះ​របស់​លន់ ន​ល់ ហើយ​បាន​ប្រាប់​លោក លន់ ន​ល់ ថា​៖ « លោក​បង ព្រះ អង្គ​ម្ចាស់ សិរី​មតៈ បាន​សម្រេច​ព្រះ​ទ័យ​ដកហូត​តំណែង​របស់​សម្តេច​សីហ​នុ​ហើយ​» ។

លោក​សេនាប្រមុខ លន់ ន​ល់ ដែល​ទើបតែ​ភ្ញាក់​ពី​ដំណេក​ដោយសារ​ប្អូនប្រុស​របស់​គាត់​ដាស់ បន្ទាប់​ពី​ពួក​គេ​បាន​ឈរ​រង់ចាំ​យ៉ាង​យូរ​មក​នោះ បាន​ប្រាប់​ទៅ​លោក​លន់ ណុ​ន វិញ​ថា​៖ «​បើ​មតៈ ព្រមព្រៀង​រួច​ទៅ​ហើយ យើង​មាន​តែ​សម្រេច​ធ្វើ​អីុ​ចឹ​ង​ទាំងអស់​គ្នា !» ។

តាម​ពិត​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ មិន​ទាន់​បាន​ផ្តល់​ការ​យល់ព្រម​នៅឡើយ ។ បន្ទាប់​មក​ទៀត លោក​លន់ ណុ​ន បាន​ចាក​ចេញពីផ្ទះ​បងប្រុស​របស់​គាត់​ធ្វើ​ដំណើរ​ទៅ​គេហដ្ឋាន​របស់​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ហើយ​បាន​ទូល​ព្រះ​អង្គ​ថា បងប្រុស​របស់​គាត់​គឺ លន់ ន​ល់ បាន​សម្រេចចិត្ត ចាត់ការ​ទម្លាក់​សីហ​នុ​ហើយ ដែល​តាម​ពិត​ទៅ លោក​សេនាប្រមុខ​លន់ ន​ល់ បាន​ចាញ់បោក​គាត់​(​លន់ ណុ​ន​) តែ​ប៉ុណ្ណោះ ។ ដោយហេតុ​នេះ ស្អែក​ឡើង គឺ​ថ្ងៃ​ទី​១៨ មីនា ឆ្នាំ​១៩៧០ រដ្ឋសភា និង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បាន​សម្រេច​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ ដកហូត​សម្តេច សីហ​នុ ពី​តំណែង​ជា​ព្រះ​ប្រមុខរដ្ឋ នៅ​ម៉ោង ១៣​និង​៣០​នាទី​» ។

យប់​ថ្ងៃ​ទី​១៨ មីនា ១៩៧០ នាយក​រដ្ឋមន្ត្រី លន់ ន​ល់ បាន​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។ ការ​ប្រកាស​បែប​នេះ បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ បាន​អះអាង​ថា ធ្វើ​ឡើង​តាម​ការ​ស្នើ​សុំ​របស់ វរសេនីយ៍ត្រី​លន់ ណុ​ន ។ ប៉ុន្តែ​បន្ទាប់​ពី​ត្រូវ​បាន​គេ​រាយការណ៍​ថ្វាយ​អំពី​សេចក្តី​ប្រកាស​នោះ ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ បាន​ជំទាស់ ហើយ​បាន​ស្នើ​ឱ្យ​លើក​សេចក្តី​ប្រកាស​នោះ​ទៅ​ធ្វើ​នៅ ថ្ងៃក្រោយ ។

នៅ​ពេល​ឃើញ​ថា ដំណើរ​នៃ​ការ​បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា​ត្រូវ​បាន​រាំង​ខ្ទប់​ដោយ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ដែល​ចង់ឱ្យ ប្រទេស​កម្ពុជា នៅ​ជា​ប្រទេស​រាជាធិប​តេយ្យ តទៅ​ទៀត​នោះ ទើប​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ​១៩៧០ លន់ ណុ​ន បាន​បញ្ជា​ឱ្យ​ថា​ច់ ជា (​ដើម​កំណើត​ខ្មែរ​កម្ពុជា​ក្រោម​) រៀបចំ​ធ្វើ​បាតុកម្ម​ដ៏​ធំ​មួយ​ឈ្មោះ​ថា «​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ស្របគ្នា ខាង​ផ្លូវចិត្ត​គំនិត​» នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ក្រុងភ្នំពេញ ។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដើម្បី​សំណូមពរ​ឱ្យ​សេនាប្រមុខ​លន់ ន​ល់ បង្កើត​របប​សាធារណរដ្ឋ​មួយ​នៅ​កម្ពុជា ។ បន្ទាប់​ពី​ការ​ជួបជុំ​គ្នា​នៃ​ហ្វូង​បាតុករ​នេះ​ទៅ លន់ ណុ​ន បាន​សន្យា​យ៉ាង​ឱឡារិក​ថា របប​សាធារណរដ្ឋ​មួយ​នឹង​ត្រូវ​បង្កើត​ឡើង​នៅ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ ។

ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ និង​មនុស្ស​របស់​ព្រះ​អង្គ​នៅ​តែ​មិន​ព្រម ហើយ​ព្រះ​អង្គ​ម្ចាស់​លេចធ្លោ​ជាងគេ​នៃ​សែស្រឡាយ​ស៊ី​សុវត្ថិ អង្គ​នេះ​លើក​ហេតុផល​ថា ពេលវេលា​ពុំ​ទាន់​មក​ដល់​ឡើយ ហើយ​ថា​ប្រការ​នេះ​នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​រូបភាព​នៃ​របប​ថ្មី​នេះ​នៅ​លើ​ឆាក​អន្តរជាតិ និង​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​របប​នេះ​នៅ​ក្នុង​សម័យប្រជុំ​អង្គការសហ​ប្រជាជាតិ ឆាប់​ៗ​ខាង​មុខ ។

ទោះជា​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ខំ​រាំង​ខ្ទប់​យ៉ាងណា​ក៏​មិន​បាន​ដែរ ហើយ​ទីបំផុត​ថ្ងៃ​ទី​៩ តុលា ឆ្នាំ​១៩៧០ បាន​មក​ដល់ ហើយ​របប​សាធារណរដ្ឋ​ខ្មែរ បាន​ប្រកាស​បង្កើត​ឡើង និង​ប្រកាស​ឱ្យ​មានការ​រៀបចំ​ធ្វើបុណ្យ​ទូ​ទាំង​ប្រទេស ។ នេះ​ជា​លើក​ទី​១ និង​តែ​ម្តង​គត់ ដែល​របប​សាធារណរដ្ឋ បាន​ចាប់កំណើត​នៅ​លើ​ទឹកដី​កម្ពុជា ។ ប្រការ​នេះ​ធ្វើ​ឱ្យ​មនុស្ស​នៃ​ភាគី​ទាំង​ទ្វេ​មាន​ទំនាស់​នឹង​គ្នា​កាន់តែ​ស្រួចស្រាល់​ឡើង​ថែម​ទៀត ។ ដោយហេតុ​នេះ​នៅ​ឆ្នាំ​១៩៧០ សេនាប្រមុខ​លន់ ន​ល់ បាន​ក្លាយជា​ប្រធានាធិបតី​ទី​១ និង​តែ​ម្នាក់​គត់​របស់​សាធារណរដ្ឋ​នៅ​កម្ពុជា ។ លន់ ន​ល់ មាន​ឋានៈ​ជា​អគ្គសេនាធិការ​កងទ័ព ហើយ​គាត់​បាន​ចែករំលែក​អំណាច​ជាមួយ​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ដោយ​ប្រគល់​ថ្វាយ​ព្រះ​អង្គ​ឱ្យ​ជា​អ្នក​ទទួល​បន្ទុក​នយោបាយ ពោល​គឺជា​មនុស្ស​ទី​២ បន្ទាប់​ពី​លន់ ន​ល់ ក្នុង​របប​នេះ ។

តាំងពី​ឡើង​កាន់​អំណាច​មក សេនាប្រមុខ លន់ ន​ល់ បាន​ចាប់ផ្តើម​ធ្វើសង្គ្រាម​បណ្តេញ​កងទ័ព​វៀតណាម​ខាងជើង និង​វៀត​កុង​ចេញពី​ទឹកដី​កម្ពុជា ។ ដោយហេតុ​នេះ រដ្ឋាភិបាល​របស់​លន់ ន​ល់​ទទួល​បាន​ជំនួយ​ទាំងស្រុង​ពី​សហរដ្ឋអាមេរិក ដែល​កំពុង​ជួយ​វៀតណាម​ខាងត្បូង ធ្វើសង្គ្រាម​ជាមួយ​វៀតណាម​ខាងជើង ។

ជា​អកុសល​រដ្ឋាភិបាល​សាធារណរដ្ឋ​ខែ្ម​រ​របស់​លន់ ន​ល់ មិន​មានសំណាង​ល្អ​ឡើយ ដោយសារ​អំពើ​ពុក​រលួយ​នៅ​តែ​បន្ត​រស់រាន​មានជីវិត​នៅ​លើ​ទឹកដី​នេះ​ដដែល ហើយ​មាន​សភាព​ធ្ងន់​មិន​ចាញ់​កាលពី​ប្រទេស​នេះ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ​ឡើយ​។ មិន​មាន​ករណី​ពុក​រលួយ​ណាមួយ​ត្រូវ​បាន​ដោះស្រាយ​ឡើយ ហើយ​បុគ្គល​ដែល​គេ​ធ្លាប់​បាន​ចោទ​ថា​ពុក​រលួយ​ដល់​កំពូល​ក្នុង​របប​សម្តេចព្រះ​នរោត្តម សីហ​នុ ដូច​ជា​សូ​ស្តែ​ន ហ្វែ​ណ​ង់​ដេ​ស​ជាដើម នៅ​តែ​បន្ត​រស់នៅ​ដោយ​សុខសាន្ត គ្មាន​ទោស ថែម​ទាំង​នៅ​តែ​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​ទៀត​ផង ។ សម្ភារ​សឹក ដែល​ជា​ជំនួយ​របស់​អា​មេ​រិ​ក​មិន​ត្រូវ​បាន​គេ​ប្រគល់​ឱ្យ​កងទ័ព​ដោយ​គ្រប់គ្រាន់​ឡើយ បែរជា​ត្រូវ​គេ​ដាក់​លក់​នៅ​តាម​ផ្សារ​ដូច​ជា​ផ្សារ​អូ​ឡាំ​ពិ​ក​ជាដើម ហើយ​ប្រជាជន​ខ្មែរ​ដែល​ស្រឡាញ់​ជាតិ​បាន​នាំ​គ្នា​លក់​គោក្របី និង​ស្រែ​ចំការ​ទៅ​ទិញ​សម្ភារ​ទាំងនោះ ដើម្បី​ធ្វើ​ដំណើរ​ចូល​សមរភូមិ រីឯ​កងទ័ព​ខ្លះ​នាំ​ទាំង​ប្រពន្ធ​កូន​ទៅ​ជាមួយ​ផង ។

កងទ័ព​របស់​លន់ ន​ល់ ដែល​គ្មាន​បទ​ពិសោធ ពុំ​មាន​យុទ្ធភណ្ឌ​គ្រប់គ្រាន់ ខ្វះ​ការ​ដឹកនាំ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ ត្រូវ​បាន​កងទ័ព​កុម្មុយនីស្ត​វៀតណាម​វាយ​កម្ទេច​ខ្សែត្រៀម និង​សម្លាប់​យ៉ាង​អាណោចអាធ័ម​ជា​បន្តបន្ទាប់ ។

របប​សាធារណរដ្ឋ​ខ្មែរ ត្រឹមតែ​រយៈពេល​៥​ឆ្នាំ​សោះ គឺ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​១៩៧៥ គេ​ឃើញ​មានការ​ប្តូរផ្លាស់​គណៈរដ្ឋមន្ត្រី​ជា​ច្រើន​លើក​ច្រើន​សា​ដែល​ក្នុង​នោះ គឺ​គណៈ​រដ្ឋមន្ត្រី​របស់​ព្រះ​អង្គ​ម្ចាស់ សិរី​មតៈ​, របស់​លោក ហង្ស ធន់​ហាក់​, របស់​លោក​អុ​ិ​ន តាំ (២​លើក​), របស់ លោក​សឺ​ង ង៉ុ​កថា​ញ់​, របស់​លោក​ឡុ​ង បូ​រ៉េ​ត (៣​លើក​) ។ ប៉ុន្តែ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ណាមួយ​ទទួល​បាន​ជោគជ័យ​ធំដុំ​ឡើយ ។ ចំណុច​គួរ​កត់សម្គាល់​មួយ គឺថា ទោះជា​មានការ​ផ្លាស់​ប្តូរ​ញឹកញាប់​យ៉ាងណា​ក្តី ប៉ុន្តែ​សមាសភាព​នៃ​រដ្ឋមន្ត្រី​ក្នុង​គណៈរដ្ឋមន្ត្រី​នោះ ភាគច្រើន​គឺជា​មនុស្ស ដដែល​ៗ ពោល​គឺ​ប្តូរផ្លាស់​តែ​នាយក​រដ្ឋមន្ត្រី​ប៉ុណ្ណោះ ។ ប្រហែល​នេះ​ក៏​ជា​កត្តា​មួយ​ដែល​មាន​ចំណែក​ដល់​ភាព​មិន​ជោគជ័យ​នៃ គណៈរដ្ឋមន្ត្រី​ទាំងនោះ​ដែរ ។

ការ​ផ្លាស់​ប្តូរ​របត់​នយោបាយ​របស់​មហាអំណាច​នាំ​ឱ្យ​អា​មេ​រិ​ក​ព្រម​ទទួលយក​ថា​ជា​អ្នក​ចាញ់​សង្គ្រាម​នៅ​វៀតណាម ។ ប្រការ​នេះ ប្រទេស​កម្ពុជា​លែង​ក្លាយជា​ទឹកដី​ដែល​អា​មេ​រិ​ក​ត្រូវការ​ចាំបាច់​ទៀត​ហើយ ។ ហេតុនេះ​រដ្ឋាភិបាល​អា​មេ​រិ​ក ក៏​បាន​ផ្តាច់ជំនួយ​មក​ឱ្យ​រដ្ឋាភិបាល​លោក​លន់ ន​ល់ ជា​បន្តបន្ទាប់ ។

សម្តេចព្រះ​នរោត្តម សីហ​នុ បាន​មាន​បន្ទូល​ថា នៅ​ពេល​ក្រុម​របស់​ព្រះ​អង្គ​បាន​ចូល​កាន់កាប់​ប្រទេស​កម្ពុជា​នោះ ព្រះ​អង្គ​នឹង​បញ្ជា​ឱ្យ​គេ​បាញ់​សម្លាប់​លន់ ន​ល់ ប្រសិនបើ​ចាំបាច់  ប៉ុន្តែ​បើ​លន់ ន​ល់ ព្រម​ចុះចាញ់ ហើយ​និរទេស​ចេញពី​កម្ពុជា គាត់​នឹង​មិន​តាម​ចាប់ខ្លួន ឬ​តាម​ចងកម្ម​ឡើយ ។ ដោយហេតុ​នេះ​ទើប​ទីបំផុត​សហរដ្ឋអាមេរិក បាន​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ លន់ ន​ល់ ទទួលយក​ជម្រើស​ចុង​ក្រោយ​នេះ ។

ក្នុង​របប​លន់ លន់ មាន​ព្រឹត្តិការណ៍​ជា​ច្រើន ក្នុង​នោះ​ព្រឹត្តិការណ៍​មួយ គឺ​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​ទៅ​លើ​សាលា​គរុកោសល្យ នៅ​ក្រុងភ្នំពេញ ។

ខណៈ​ពួក​ខ្មែរក្រហម​ចូល​ជិត​ដល់​ភ្នំពេញ របប​លន់ លន់ ដែល​កំពុង​មាន​វិបត្តិ​ស្បៀងអាហារ និង​អគ្គិសនី ក្រុម​គ្រូបង្រៀន និង​និស្សិត​នាំ​គ្នា​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ពី​បញ្ហា​នានា តាំងពី​បញ្ហា​អភិបាលកិច្ច និង​បញ្ហា​តម្លៃ​ប្រេងសាំង​ជាដើម ។ លោក  Emopry Swak  ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​សរសេរ​ឯកសារ​មួ​ួ​យ​នា​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​១៩៧៣​ថា ការ​ប្រយុទ្ធ​គ្នា​បាន​កើតឡើង​នា​ម៉ោង​ប្រមាណ​១១​និង​៤៥​នាទី​ព្រឹក​នេះ នៅ​សាលា​គរុកោសល្យ ជា​កន្លែង​ក្រុម​គ្រូបង្រៀន​ធ្វើ​កូដកម្ម​ដោយ​ប្រមូលផ្តុំ​គ្នា​ដ៏​ធំ​មួយ ។

លោក Emory  Swank ទទួល​បាន​របាយការណ៍​សម្ងាត់​ថា​ជន​ស៊ី​វិល​៣​នាក់​បាន​វាយ​ទៅ​លើ​គ្រូបង្រៀន ហើយ​ពួក​គេ​ត្រូវ​បាន​ចាប់ចង ។ បន្ទាប់​ពី​ស្ថានការណ៍​នោះ​ស្ងប់​ស្ងាត់ ស្រាប់តែ​គ្រាប់បែកដៃ​ផ្ទុះ​ឡើង ហើយ​មនុស្ស​ប្រហែល​៥០​នាក់​ស្លៀកពាក់​ស៊ី​វិល​បាន​វាយប្រហារ​ទៅ​លើ​សាលា​គរុកោសល្យ ដោយ​សួរ​រក​ជន​ស៊ី​វិល​ទាំង​៣​នាក់​នោះ​នៅ​ទីណា ។

តាម​របាយការណ៍​ដំបូង​ថា សិស្ស​ចំនួន​២​នាក់​ស្លាប់ និង​៤​នាក់​ទៀត​រង​របួសធ្ងន់ ។

លោក Emory Swank សរសេរ​នៅ​ក្នុង​លិខិត​ឆ្លើយឆ្លង​របស់​លោក​ថា​៖ «​នា​ថ្ងៃ​ទី​៦ មីនា រដ្ឋាភិបាល​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​ក្រុម​គ្រូបង្រៀន​ដែល​ធ្វើ​កូដកម្ម​នៅ​ក្នុង​សេចក្តីសម្រេច​មួយ​ដែល​ចុះហត្ថលេខា​ដោយ​នាយក​រដ្ឋមន្ត្រី​ហង្ស ធន់​ហាក់ ។ រដ្ឋាភិបាល​បាន​ប្រកាស​ថា​ខ្លួន​កំពុង​ចាត់វិធានការ​បញ្ឈប់​ការ​ដំឡើង​ថ្លៃ​ប្រេងសាំង​ខុសច្បាប់ ដោះស្រាយ​បញ្ហា​ប្រាក់ខែ ការពារ​មិន​ឱ្យ​នាំ​ចូល​ផលិតផល​មិន​ចាំបាច់ បង្កើន​ចំណូល និង​ដាក់​ចេញ​នូវ​គោលនយោបាយ​ក្បិត​ក្រៀ​ត ។

ទន្ទឹម​នោះ​រដ្ឋាភិបាល​បាន​ស្នើ​ឱ្យ​គ្រូបង្រៀន​ចូល​បង្រៀន​វិញ ដោយ​គិត​ពី​ផលប្រយោជន៍​ជាតិ​ជា​ធំ ប៉ុន្តែ​គ្រូបង្រៀន​បដិសេធ ។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់​មក​លោក​ហង្ស ធន់​ហាក់ បាន​ប្រកាស​ដាក់​ចេញ​យុទ្ធសាស្ត្រ​ចំនួន​១៦​ចំណុច ដើម្បី​ធ្វើ​ឱ្យ​ស្ងប់​កំហឹង​របស់​គ្រូបង្រៀន ។

របប​សាធារណរដ្ឋ​ខ្មែរ​របស់​លន់ ន​ល់ ដល់ទី​បញ្ចប់​ដោយ​ពួក​ខ្មែរក្រហម​យកជ័យ​ជម្នះ​នៅ​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ។

នា​ថ្ងៃ​ទី​១ ខែមេសា ១៩៧៥ លន់ ន​ល់​បាន​លាលែង​ពី​តំណែង និង​និរទេស​ខ្លួន​ទៅ​កាន់​ប្រទេស​ឥណ្ឌូ​ណេ​ស៊ី​បន្ទាប់​មក​ទៅ​សហរដ្ឋអាមេរិក និង​បាន​តាំង​លំនៅ​ឋាន​ដំបូង​នៅ​រដ្ឋ​ហា​វ៉ៃ ហើយ​នៅ​ឆ្នាំ​១៩៧៩ នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ។

លោក​លន់ ន​ល់​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៨៥ ។

ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០
សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» របស់​លោក​បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ បាន​អធិប្បាយ​អំពី​ព្រឹត្តិការណ៍​រដ្ឋប្រហារ ១៨​មីនា ១៩៧០​។  ឯកសារ​នោះ​បាន​សរសេរ​ថា បន្ទាប់​ពី​មាន​សមាជជាតិ​លើក​ទី​២៨ ថ្ងៃ​ទី​២៧ ធ្នូ ឆ្នាំ​១៩៦៩ ខុទ្ទកាល័យ​ព្រះ​ប្រមុខរដ្ឋ បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​នូវ​ការ​យាង​ចេញដំណើរ​នា​ពេល​ខាង​មុខ ឆាប់​ៗ​របស់​ព្រះ​អង្គ​ឆ្ពោះទៅ​ប្រទេស​បារាំង ដើម្បី​ព្យាបាល​ព្រះ​រោគ​នៅ​ទីនោះ ។

ថ្ងៃខែ​គ្រោង​ទុកជា​មុន​សម្រាប់​ព្រះរាជ​ដំណើរ​ចាកចេញ​នេះ ត្រូវ​បាន​កំណត់​នៅ​ចុងខែ​កុម្ភៈ ឆ្នាំ​១៩៧០ ។

នៅ​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​១៩៧០ ពេល​ដែល​សម្តេច​គង់​ព្យាបាល​ព្រះ​រោគ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត គេ​បានឱ្យ​ដំណឹង​ថា ព្រះ​អង្គ​នឹង​យាង​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​វេលា​រសៀល​ប្រហែល​ម៉ោង​៤ ។ នៅ​ពេល​ម៉ោង​កំណត់ ក្បួន​ហែហម​មួយ​បាន​ចាក​ចេញពី​នោះ ប៉ុន្តែ​ពុំ​មាន​រូប​សម្តេច​នៅ​ក្នុង​នោះ​ទេ ។ នៅ​វេលា​ប្រហែល​ម៉ោង​៨​យប់ ការ​ចាកចេញ​មួយ​ជា​លើក​ទី​២ ត្រូវ​បាន​គេ​ធ្វើ​របៀប​ក្លែងបន្លំ​ដូច​លើក​ទី​មួ​ួ​យ​ដែរ ។ នៅ​វេលា​ម៉ោង​១១​យប់ អ្នក​ម្នាង​ម៉ូ​និក បាន​យាង​ចាក​ចេញពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ក្នុង​សភាព​លបលាក់​ជា​សម្ងាត់​ដោយ​គ្មាន​ក្បួន​ហែហម និង​ដោយ​គ្មាន​សម្តេច​ដដែល ។ រឿង​ទាំង​អស់នេះ​បាន​ប្រព្រឹត្ត​ក្នុង​សភាព​ស្ងប់ស្ងៀម​បំផុត ។

តាម​ការ​និយាយ​របស់​ពួក​អ្នក​ដែល​ពេល​នោះ​ស្ថិត​នៅ​វិមាន​រដ្ឋ​ចំការមន ហើយ​ដែល​ទទួល​រ៉ាប់រង​ការពារ​សន្តិសុខ​អ្នក​ម្នាង​បានឱ្យ​ដឹង​ថា ព្រះ​នាង​បាន​យាង​វិល​ត្រឡប់​មក​ចំការមន​វិញ ដើម្បី​រៀបចំ​វ៉ា​លី​ស ។ នៅ​ពេល​នោះ​មានការ​រប៉ាត់រប៉ាយ​យ៉ាង​ខ្លាំង​ដោយ​ការ​ដឹក​ជញ្ជូន​របស់របរ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។ វត្ថុ​មាន​តម្លៃ​ជា​ច្រើន​បាន​ត្រូវ​វេច​ខ្ចប់​ដាក់​ឡាំង​មួយ​ចំនួន ។

ស្អែក​ឡើង ថ្ងៃ​ទី​៦ ខែមករា ទើប​សម្តេច​យាង​ចាក​ចេញពី​មន្ទីរពេទ្យ ។ ប៉ុន្តែ​ក្បួន​ហែហម​បាន​បើក​តម្រង់​ឆ្ពោះទៅ​ព្រះ​បរមរាជវាំង​តែ​ម្តង ជាទី​ដែល​សម្តេច​បាន​ទទួល​ការសូត្រ​ជយ​ន្តោ​ថ្វាយព្រះពរ​ពី​សម្តេចព្រះសង្ឃរាជ​ទាំង​២​គណៈ​(​គណៈ​ធម្មយុត្តិ និង​គណៈមហានិកាយ​) នៅ​ប្រាសាទ​ខេ​ម​រិ​ន្ទ ។

បន្ទាប់​មក​ដោយ​មិន​វាង​តាម​ផ្លូវ​ទៅ​រក​ព្រះរាជ​ដំណាក់​ចំការមន ក្បួន​ដង្ហែ​បាន​បើក​ឆ្ពោះ​សំដៅ​ទៅ​អាកាសយានដ្ឋាន​ពោធិ​ចិន​តុង​តែ​ម្តង ។

ការ​ចេញដំណើរ​មួយ​បែប​នេះ មិនសូវ​ដូច​អ្វី​ដែល​គេ​អនុវត្ត​ក្នុង​ឱកាស ផ្សេង​ៗ​នៃ​ការ​ចេញដំណើរ​បែប​ដូច​គ្នា​ឡើយ ព្រោះ​គ្មាន​ភ្លេង​ត្រែ​ប្រគំ​ជា​កិត្តិយស ។ ប្រជាជន​ក៏​ពុំ​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ដឹង ជា​ពិសេស​ស​ទៅ​ទៀត​ក៏​ពុំ​ដឹង​ពី​មូលហេតុ​នៃ​ព្រះរាជ​ដំណើរ​ចាកចេញ​ទាំង​ប្រញាប់ប្រញាល់​នេះ​ដែរ ។

ការ​ចេញដំណើរ​នេះ​ហាក់ដូចជា​ការ​ភៀសខ្លួន​មួយ ។ ពួក​អ្នក​សង្កេតការណ៍​ខ្លះ​បាន​រាយការណ៍​ថា ពេញ​រយៈពេល​នៃ​ការ​គង់នៅ​របស់​ព្រះ​អង្គ​នៅ​ប្រទេស​បារាំង សម្តេចព្រះ​ប្រមុខរដ្ឋ​បាន​ស្ថិត​នៅ​ក្នុង​សភាព​គ្មាន​ដឹង​នូវ​អ្វី​ទាំងអស់ ដែល​គេ​ជំនុំ​គ្នា​ក្បត់​នៅ​ក្រុងភ្នំពេញ ជា​រៀងរាល់ថ្ងៃ​ព្រះ​អង្គ​បាន​បំភ្លេច​តថភាព​ទាំងស្រុង​របស់​ប្រទេស​ជាតិ​ថែម​ទៀត ព្រះ​អង្គ​សព្វព្រះទ័យ​គ្រប់គ្រង​បរិយាកាស​មួយ​នៅ​កន្លែង​និរទេស​ខ្លួន​តាំងពី​ពេល​នោះ​ម្ល៉េះ ។

ព្រឹត្តិការណ៍ ផ្សេង​ៗ​ដែល​នាំ​ទៅ​ដល់​ការ​ដកហូត​មុខ​តំណែង​ព្រះ​អង្គ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៨ ខែមីនា ឆ្នាំ​១៩៧០ ក្នុង​ខេត្ត​ទល់ដែន​ស្វាយ​រៀង ។ នៅ​ថ្ងៃ​នោះ​ប្រជាជន​នៅ​ទីរួមខេត្ត និង​នៅ​តាម​ភូមិ​នានា​ក្នុងស្រុក​ច​ន្ទ្រា កំពង់​រោទ៍ រំដួល និង​រមាស​ហែក បាន​ធ្វើ​បាតុកម្ម​ពេល​ដំណាលគ្នា​ប្រឆាំង​នឹង​វត្តមាន​របស់​កងទ័ព​វៀតណាម​ខាងជើង និង​វៀត​កុង ដែល​បោះទីតាំង​នៅ​ក្នុង​ទឹកដី​ខ្មែរ ។ ព្រោះថា​នៅ​ក្នុង​តំបន់​នេះ ពួក​អ្នកស្រុក​មានការ​ឈឺចាប់​កាន់តែ ខ្លាំង​ឡើង​ៗ ចំពោះ​កងទ័ព​ទាំងនោះ ដែល​ចាប់ផ្តើម​បង្កើត​ច្បាប់​នៅ​ក្នុង​ប្រទេស​មួយ​ដែល​មិនមែន​ជា​ប្រទេស​របស់​ខ្លួន​តាំងពី​ពេល​នោះ​ម្ល៉េះ ។ ពួក​អ្នកកាន់កាប់​ទាំងនោះ​ដែល​តាម​បន្ទូល​ជា​ធម្មតា​របស់​សម្តេច​ថា​ជា «​មិត្ត​» នោះ​បាន​ដាក់​ប​ង្ខ​ខំ​ចំពោះ​ប្រជាជន​កម្ពុជា នូវ​ការ​កំណត់ព្រំដែន​ក្នុង​ការ​ធ្វើ​ដំណើរ ការ​ប្រមូល​យក​រទេះគោ និង​មនុស្ស សម្រាប់​ជួយ​ដឹក​ជ​ញ្ចូ​ន​សម្ភារ របស់​ពួក​គេ ហើយ​នៅ​កន្លែង​ខ្លះ​ពួក​គេ​ថែម​ទាំង​បាន​បង្ខំ​ឱ្យ​ទទួលយក​ការ​គ្រប់គ្រង​មួយ​ដែល​នាំ​ឱ្យ​អំពល់​ថែម​ទៀត ដើម្បី​កុំឱ្យ​គេ​និយាយ​ថា​ខ្លួន​មក​ធ្វើ​អាណានិគម ។

ការ​ប្រព្រឹត្ត​ទាំងនេះ​របស់​វៀតណាម​ខាងជើង និង​ពួក​វៀត​កុង​គ្មាន​នរណា​ម្នាក់​មិនដឹង​នោះ​ទេ​។ ក្រុម​មជ្ឈដ្ឋាន​ប្រជាជន គេ​បាន​និយាយ​ពី​រឿង​នេះ​តាំង​តែ​ពី​ច្រើន​ឆ្នាំ​មក​ហើយ ។

សម្តេច​សីហ​នុ​ផ្ទាល់​ធ្លាប់​បាន​មាន​បន្ទូល​ពី​ការ​កាន់កាប់​តំបន់​ព្រំដែន​ទាំងឡាយ​ដោយ​ពួក​វៀតណាម​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ដែរ ។ ដូចនេះ​ហើយ​បានជា​នៅ​ពេល​បើក​សម័យប្រជុំ​លើក​ទី​២ របស់​រដ្ឋសភា​ប្រចាំឆ្នាំ​១៩៦៩-១៩៧០ ព្រះ​អង្គ​បាន​ថ្លែង​ប្រកាស​ថា ៖ «​បន្ទាប់​ពី​បាន​ប្រកាស​ថា​ទទួលស្គាល់ និង​គោរព​ព្រំដែន​របស់​យើង ពួក​គេ​មិន​ឈប់​រំលោភ​បំពាន​តំបន់​ព្រំដែន​យើង ឡើយ​» ។ ម្យ៉ាងទៀត​ក្នុង​បណ្តា​ឆ្នាំ​១៩៦៦-១៩៧០ ត្រូវ​បាន​កត់សម្គាល់​ដោយ​យុទ្ធនាការ​ពិតប្រាកដ​មួយ​សំដៅ​ប្រឆាំង​នឹង​ពួក​កុំ​មុ​យ​នី​ស្ត​នៅ​ខាងក្នុង​ប្រទេស ប៉ុន្តែ​ក៏​ប្រឆាំង​នឹង​ប្រទេស​ចិន វៀតណាម​ខាងជើង និង​វៀត​កុង​ផង​ដែរ ។ នៅ​ក្នុង​រឿង​នេះ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​បង្កើន​ការ​ថ្លែង​សុន្ទរកថា ការ​ធ្វើ​សន្និសីទកាសែត​រឹតតែ​ច្រើន​ឡើង​ថែម​ទៀត ។

ដូច្នេះ​នៅ​ដើមឆ្នាំ​១៩៧០ មតិ​ជាតិ​បាន​ត្រៀម​រៀបចំ​ប្រឆាំង​នឹង «​ការ​ឈ្លានពាន​ជាយថាហេតុ​មួយ​» របស់​វៀតណាម​រួច​ស្រេច​ទៅ​ហើយ រួម​ទាំង​ការ​បើកផ្លូវ​ឆ្ពោះទៅ​រក​ការ​ផ្សះផ្សា​ជាមួយ​សហរដ្ឋអាមេរិក​វិញ​ផង ។

នៅ​ថ្ងៃ​ទី​១១ មីនា ឆ្នាំ​១៩៧០ បាតុកម្ម​យ៉ាង​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​រដ្ឋធានី បន្ទាប់​ពី​មាន​បាតុកម្ម​នៅ​ខេត្តស្វាយរៀង ។ គេ​មិន​អាច​និយាយ​ថា បាតុកម្ម​នេះ​បាន​កើត​មាន​ឡើង​ដោយ ឯង​ៗ​ទាំងស្រុង​នោះ​ទេ ។ បទបញ្ជា ផ្សេង​ៗ​បាន​ដាក់​ចេញពី​«​លើ​» ទៅ​កាន់​អ្នក​ទទួលខុសត្រូវ នីមួយ​ៗ​នៃ​គ្រឹះស្ថានសិក្សា ទីស្តីការរដ្ឋមន្ត្រី និង​សហគ្រាស​នានា ។ ប៉ុន្តែ​ទោះបីជា​អ្នករាជការ និយោជិត​ទាំងអស់ មាន​ភាព​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដោយសារ​ពួក​គេ​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​ក៏​ដោយ ក៏​ភាគច្រើន​មិន​បានដឹង​ដោយ​ពិតប្រាកដ​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវធ្វើ​ដែរ ។ ឧទាហរណ៍​សិស្សានុសិស្ស​គ្មាន​សួរ​ដេញដោល​ពី​អ្វី​ទាំងអស់ ហើយ​ពេញចិត្ត​នឹង​ដើរ​តាម​ក្បួន​ហែ​បាតុកម្ម​ថែម​ទៀត ។

នៅ​ថ្ងៃ​នោះ​រដ្ឋ​សភាជាតិ​កំពុង​ពិភាក្សា​តទល់​គ្នា​ស្តី​ពី​ករណី​វរសេនីយ៍ឯក​អុ​៊ុំ  ម៉ា​ណូ​រិ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារ​លើ​ផ្ទៃ​ប្រទេស​, វរសេនីយ៍ឯក​សូ ស្តែ​ន​ហ្វែ​រណ​ង់​ដេ​ស រដ្ឋលេខាធិការ​ក្រសួង​សន្តិសុខ និង​លោក​កែវ សាន អនុប្រធាន​រដ្ឋសភា​ជាតិ ព្រោះ​អ្នក​ទាំង​៣​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​រត់ពន្ធ​មួយ ។ កាលពី​ថ្ងៃ​ទី​៣ កុម្ភៈ​មុន អ្នក​អ្នក​ទាំងនេះ​ត្រូវ​គេ​ចាប់​បាន​បទល្មើស​ដោយ​ជាក់ស្តែង​ក្នុង​ការ​រត់ពន្ធ​សាច់​ក្រណាត់​ពី​ក្រុង​ហុងកុង​មក ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ប្រមាណ
៣​លាន​រៀល​កន្លះ ។

តាំងពី​ព្រលឹម​កូនសិស្ស ម្នាក់​ៗ បាន​ប្រមូលផ្តុំ​គ្នា​នៅ​តាម​គ្រឹះស្ថានសិក្សា រៀង​ៗ​ខ្លួន ហើយ​បាន​ចាប់ផ្តើម​ធ្វើ​បដា​ជា​ច្រើន ដែល​មាន​ពាក្យស្លោក​ប្រឆាំង​ពួក​វៀត​ណា​ខាងជើង និង​ង​ពួក​វៀតកុង ។ បន្ទាប់​មក​ក្បួន​ដង្ហែ​របស់​និស្សិត​រាប់​ពាន់​នាក់​បាន​តម្រង់​ទៅ​រក​កន្លែង​តែ​មួយ គឺ​រដ្ឋ​សភាជាតិ ដោយ​សន្ធឹង​បដា និង​ស្រែក​តាម​ចង្វាក់​ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​ថា​៖ «​បរាជ័យ​ពួក​វៀត​កុង​-​វៀតណាម​ខាងជើង​» «​វៀត​កុង​ត្រឡប់​ទៅ​ប្រទេស​ឯង​វិញ​ទៅ​!» «​កម្ពុជា​ពុំ​មែន​ជា​ទឹកដី​របស់​វៀត​មិ​ញ​ទេ​!» ។​ល​។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា​បន្ទាប់​ពី​បាន​ទទួល​បដិសណ្ឋារកិច្ច​នៅ​រដ្ឋសភា​ពួក​បាតុករ​បាន​ដើរ​បន្ត​ទៅ​ទៀត​សំដៅ​ទៅ​រក​ស្ថានទូត​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម និង​ស្ថានទូត​របស់​រដ្ឋាភិបាល​បដិវត្តន៍​បណ្តោះអាសន្ន​នៃ​វៀតណាម​ខាងត្បូង​។ កំហឹង​ក្រេវក្រោធ​កំពុង​តែ​រីក​ធំ ឡើង​ៗ ស្ថានទូត​ទាំង​២​ត្រូវ​បាតុករ​វាយ​បំផ្លិចបំផ្លាញ​ខ្ទេចខ្ទី ។

«​ដោយ​មិន​ប៉ះពាល់​អ្នក​ដទៃ​» រដ្ឋាភិបាល​ស្រោចស្រង់​ជាតិ របស់​លោក​ឧត្តមសេនីយ៍​លន់ ន​ល់ (​រដ្ឋាភិបាល​ដែល​គេ​ហៅ​ដូច្នេះ​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​១៩៦៩ ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ ដើម្បី​ប្រឈម​មុខ​នឹង​ស្ថានការណ៍​បន្ទាន់​មួយ ដែល​ពេល​នោះ​ត្រូវ​គេ​វិនិច្ឆ័យ​ថា មាន​សភាព​ធ្ងន់​ជាទី​បំផុត​) បាន​ផ្ញើ​ទៅ​ឱ្យ​ក្រុម​ហាណូយ និង​រណសិរ្ស​ជាតិ​រំដោះ​វៀតណាម​ខាងត្បូង (FNL:Front national delibération du sud-Vietnam) នូវ​កំណត់​ដែល​គ្រាន់តែ​គំរាម​មួយ​នា​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​១៩៧០​ថា ត្រូវ​ដក​កងទ័ព​ទាំងអស់​របស់​ខ្លួន​ចេញពី​ទឹកដី​ខ្មែរ​ក្នុង​រយៈពេល​៤៨​ម៉ោង ដាច់ខាត គឺថា​ឱ្យ​អស់​មុន​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​១៩៧០ ។

ក៏​ប៉ុន្តែ​ពី​ទី​ក្រុងប៉ារីស​មក សម្តេចព្រះ​នរោត្តម សីហ​នុ ដែល​នៅ​ជា​ព្រះ​ប្រមុខរដ្ឋ​នៅឡើយ​នោះ បាន​ថ្កោលទោស​បាតុកម្ម​ទាំងនេះ​ដោយ​ចាត់​ទុក​ថា​ជា​បាតុកម្ម​ស្និទ្ធ​អា​មេ​រិ​កាំ​ង​។

នៅ​ចំពោះ​មុខ​អ្វី​ដែល​ហាក់ដូចជា​ការ​យល់​ប្រ​ឡំ​មួយ លោក​ឧត្តមសេនីយ៍​លន់ ន​ល់ ដោយ​មានការ​យល់ព្រម​របស់​ព្រះ​មហាក្សត្រិយានី​កុសុមៈ ព្រះ​មាតា​សម្តេចព្រះ​នរោត្តម សីហ​នុ ផង​នោះ បាន​ស្នើ​បញ្ជូន​ព្រះ​អង្គ​ម្ចាស់​នរោត្តម កន្តុល តំណាង​ព្រះ​មហាក្សត្រិយានី និង​លោក​យ៉ែ​ម សំបូរ ឧបនាយករដ្ឋមន្ត្រី​ទី​២​នៃ​គណៈរដ្ឋមន្ត្រី​ទៅ​កាន់​ក្រុង​មូ​ស្គូ​ជា​បន្ទាន់ ជាទី​កន្លែង​ព្រះ​អង្គ​ត្រូវ​យាង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីនោះ​។ ក្នុង​នាម​នៃ​រដ្ឋាភិបាល ឥស្សរជន​ទាំង​២​រូប ត្រូវ​រាយការណ៍​ថ្វាយ​សម្តេច​អំពី​ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​បាន​កើតឡើង និង​បញ្ជាក់​បំភ្លឺ​ពី​សេចក្តី​សម្រេចចិត្ត ផ្សេង​ៗ​ដែល​ប្រកាន់​យក ។ ប៉ុន្តែ​សម្តេច​បានឱ្យ​ដឹង​ថា ព្រះ​អង្គ​មិន​ទទួល​ការ​ចូល​គាល់​របស់​អ្នក​ទាំង​២​រូប​ទេ ហើយ​ថា​ការ​ធ្វើ​ដំណើរ​របស់​គេ​(​នរោត្តម កន្តុល និង​យ៉ែ​ម សំបូរ​) នឹង​គ្មាន​បានការ​ឡើយ ។ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​បាន​បន្ត​ផ្ញើ​សារ​ទូរលេខ​ជា​រៀងរាល់ថ្ងៃ​ទៅ​ថ្វាយ​ព្រះ​អង្គ ដើម្បី​ពន្យល់​ពី​ព្រឹត្តិការណ៍​ទាំងនេះ​រហូត​ដល់​ថ្ងៃ​ទី​១៧ មីនា ឆ្នាំ​១៩៧០ ។

គឺ​កំហឹង​របស់​ប្រជាជន​នៅ​ដក់​ជាប់​មិន​រសាត់​បាត់បង់​ជីវិត​ឡើយ ។ ផ្ទុយ​ទៅ​វិញ​កំហឹង​នេះ​កាន់តែ​កំពុង​រីក ធំ​ឡើង​ៗ ។ ជា​ពិសេស​នៅ​ពេល​នេះ​យុវជន​បាន​ត្រូវ​គេ​ដុត​បញ្ឆេះ​កំហឹង​ទាល់តែ​ឡើង​ពុះកញ្ជ្រោល ។

នៅ​ថ្ងៃ​ទី​១៦ មីនា វេលា​ព្រឹក​បាតុកម្ម​ដ៏​ធំ​សម្បើម​ថ្មី​មួយទៀត បាន​ប្រព្រឹត្ត​ទៅ​នៅ​មុខ​រដ្ឋសភា ដើម្បី​ឱ្យ​អង្គការ​កំពូល​នេះ​ចោទប្រកាន់​ឥស្សរជន​ស៊ី​វិល និង​យោធា​មួយ​ចំនួន​ក្នុង​ការ​សមគំនិត​ជាមួយ​ពួក​កុំ​មុ​យ​នី​ស្ត​វៀតណាម ។

នៅ​ក្នុង​ឱកាស​នោះ ពួក​អ្នកតំណាង​វណ្ណៈ​សង្គម​គ្រប់​ជាន់ថ្នាក់ បាន​ឡើង​អាន​ញ្ញត្តិ និង​ការ​តវ៉ា​មិន​សុខចិត្ត​ក្នុង​សភា ជា​ការ​ស្តីបន្ទោស ខ្លាំង​ៗ ។ ខិត្តប័ណ្ណ​ជា​ច្រើន​បាន​បរិហារ និង​ថ្កោលទោស​អ្នក​ម្នាង​ម៉ូ​និក គ្រួសារ​អ្នក​ម្នាង និង​អ្នក​នៅ​ជុំវិញ​សម្តេច​បាន​ត្រូវ​ផ្សព្វផ្សាយ​ក្នុង​ហ្វូង​មហាជន ហើយ​ត្រូវ​បាន​ទទួល​ការ​យល់​ស្រប​យ៉ាង​ទូលំ​ទូលាយ។

ប៉ុន្តែ​ភ្លាម​នោះ នៅ​ពេល​ដែល​មនុស្ស​មួយ​ក្រុម​មាន​គ្នា​២​ទៅ​៣​នាក់ ដោយ​មាន​លោក​ហូ ហាវ (Ho Hav) ជា​សាស្ត្រាចារ្យ​រូបវិទ្យា​នៅ​វិទ្យាល័យ​ព្រះ​ស៊ី​សុវត្ថិ ដែល​ខ្ញុំ​(​លោក​រស់ ច​ន្ត្រា​បុត្រ​) ធ្លាប់់​ស្គាល់​ផង​បាន​បញ្ចេញ និង​ចែកចាយ​ខិត្តប័ណ្ណ ផ្សេង​ៗ ដោយ​ចោទប្រកាន់​សម្តេច​ថា ជា​មនុស្ស​ក្បត់​ម្នាក់ និង​អ្នកលក់​ប្រទេស​កម្ពុជា​ទៅ​ឱ្យ​ពួក​កុំ​មុ​យ​នី​ស្ត​វៀតណាម​នោះ ហ្វូង​មនុស្ស​បាន​ផ្ទុះ​ប្រតិកម្ម​យ៉ាង​ឃោរឃៅ​បំផុត ។ ពួក​គេ​បាន​ចាប់​សាស្ត្រាចារ្យ ២​ទៅ​៣​នាក់​នោះ រួច​វាយដំច្រំធាក់ ហើយ​មាន​បំណង​ព្រួត​សម្លាប់​ចោល​ទៀត ។ ពួក​ប៉ូលិស ឬ​ពួក​ទាហាន​ស្លៀកពាក់​ស៊ី​វិល​បាន​ចូល​ធ្វើ​អន្តរាគមន៍​ភ្លាម ដោយ​ជួយ​សង្គ្រោះ​អ្នក​ទាំងនោះ​យ៉ាង​ប្រផិតប្រផើយ​និង​ជម្លៀស​ចេញ​ដាក់​រថយន្ត​បើក​យក​ទៅ​បាត់ ។

នៅ​ពេល​នោះ​ពួក​អ្នកតំណាង​រាស្ត្រ និង​សមាជិក​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រួម​គ្នា​បើក​សម័យប្រជុំ​ពិសេស​ពេញអង្គ ដើម្បី​ពិនិត្យ​មើល​បញ្ហា​ទាំងអស់​ដោយ​ល្អិតល្អន់ ។ ទោះបីជា​គេ​អាច​តាមដាន​ស្តាប់​ការ​ពិភាក្សា​នេះ​ពី​ខាងក្រៅ​ដោយសារ​ប្រដាប់​បំពង​សំឡេង​(​មីក្រូ​) ក៏​ដោយ ក៏​បាតុករ​ជា​ច្រើន​បាន​បែកខ្ញែក​គ្នា​ចេញពី​ទីនោះ​ស្ទើរតែ​អស់ មាននៅ​សល់​តែ​មនុស្ស  ខ្លះ​ៗ​ប៉ុណ្ណោះ ដែល​នៅ​ស្តាប់​ការ​ពិភាក្សា​នេះ ។

អ្នកតំណាង​រាស្ត្រ​ខ្លះ​ដែល​មាន​លោក​ទ្រិ​ញ វ៉ា​ញ មនុស្ស​ជាទី​ទំនុកចិត្ត​របស់​ព្រះ​អង្គ​សិរី​មតៈ​ជា​មេ បាន​ចាប់ផ្តើម​ទិតៀន​សម្តេច​រួច​ជា​ស្រេច ដោយ​មិន​បញ្ចេញ​ព្រះ​នាម​ព្រះ​អង្គ​និង​មហេសី ព្រះ​អង្គ​ឡើយ ។ ការ​បរិហារ​រិះគន់​របស់​ពួក​គេ​ក្រឡឹង​ជុំវិញ​តែ​រឿង​ពុក​រលួយ ការ​រត់ពន្ធ​ប៉ុណ្ណោះ ហើយ​ព្រឹត្តិការណ៍​ដែល​ថា​ការ​អនុញ្ញាត​ឱ្យ​កងទ័ព​វៀតណាម​ខាងជើង និង​វៀត​កុង​ឈប់​សំចត​នៅ​លើ​ទឹកដី​ខ្មែរ គឺជា «​អំពើ​ក្បត់ជាតិ​» មួយ ។

នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​១៦ ខែមីនា​នេះ ការ​ពិភាក្សា​កំពុង​មាន​សភាព​ពុះកញ្ជ្រោល និង​ជ្រួលច្របល់​យ៉ាង​ខ្លាំង ប៉ុន្តែ​នៅ​ខាងក្រៅ អ្វី​ៗ​បាន​ប្រែ​ក្លាយទៅជា​មាន​សភាព​ស្ងប់ស្ងាត់​ឡើង​វិញ​។ ដោយ​រដូវ​នេះ​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង គ្មាន​អ្នក​ណា​ម្នាក់​នៅ​អែអង់​រង់ចាំ​ស្តាប់​ការ​ជជែក​ពិភាក្សា​នេះ​ឡើយ ។ មាន​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ប្រហែលជា​ពួក​ប៉ូលិស​ស្លៀកពាក់​ស៊ី​វិល​ផង​មើលទៅ ដែល​រង់ចាំ​ស្តាប់​នៅ​ក្រោម​ដើម​អំពិល​ខាង​មុខ​រដ្ឋសភា​នៅឡើយ ។ នៅ​ខាងត្បូង​មុខ​វត្ត​ប​ទុ​​ម​វ​តី មាន​យោធា​ស្លៀកពាក់​ឯកសណ្ឋាន​មួយ​កងអនុសេនាតូច​ឈប់​សំចត​នៅ​ទីនោះ ។

ប្រហែល​នៅ​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ នៅ​ពេល​ដែល​ការ​ចោទប្រកាន់ និង​ការ​ទិតៀន​សម្តេចព្រះ​នរោត្តម សីហ​នុ កាន់តែ​មាន​សភាព​ជូរ​ចត់ និង​ដែល​ធ្វើ​ឱ្យ​ឈឺចាប់​កាន់តែ ខ្លាំង​ឡើង​ៗ​នោះ មីក្រូ​រដ្ឋសភា​បាន​ត្រូវ​គេ​កាត់​ផ្តាច់ ហើយ​សម័យប្រជុំ​បាន​បន្ត​ប្រព្រឹត្ត​ទៅ​ទៀត​ដោយ​បិទទ្វារ​ជិត ។ នៅ​ថ្ងៃ​នោះ​មនុស្ស​សាមញ្ញ​នៅ​តាម​ផ្លូវ​គ្មាន​ដឹង​អ្វី​ក្រៅ​តែ​ពី​ព្រឹត្តិការណ៍​ដែល​នឹង​កំណត់​ជោគវាសនា​ប្រទេស​ជាតិ កំពុង​រៀបនឹង​ផ្ទុះ​ឡើង​ហើយ​ដែល​ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​ប្រកាន់យក​របត់​ថ្មី​មួយ​ឡើយ ។

នៅ​ពេល​ព្រលប់ ពួក​អ្នកតំណាង​រាស្ត្រ​និង​សមាជិក​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ បាន​សម្រេចចិត្ត​លើកទុក​សម័យប្រជុំ​ទៅ​ថ្ងៃក្រោយ​ទៀត ។ តាម​ទំនង​ពួក​គេ​ពុំ​ទាន់​ហ៊ាន​សម្រេចចិត្ត និង​បញ្ចេញ​ការ​កាត់សេចក្តី ៖ ការ​ដកហូត​មុខ​តំណែង​ពី​សម្រេច​ព្រះ​នរោត្តម សីហ​នុ​នៅឡើយ​ទេ ។ វិទ្យុជាតិ​ក៏​គ្មាន​លើកយក​រឿង​នេះ​មក​និយាយ​ទាល់តែ​សោះ ។ ដោយ​គ្មាន​ផ្តល់​ភាព​ល្អិតល្អន់ ខ្លះ​ៗ​នោះ វិទ្យុជាតិ​បាន​បង្អែបង្អង់​តាម​ការ​ធ្វើ​បាតុកម្ម​នៅ​ព្រឹកស្អែក​ទៀត ។

សម្រាប់​សម្តេច​សីហ​នុ នៅ​មាន​អ្វីមួយ​អាច​ថយក្រោយ​បាន​នៅឡើយ ។ បើសិនជា​ព្រះ អង្គ​មាន​ព្រះរាជ​បំណង និង​បើសិនជា​ព្រះ​អង្គ​យាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ជំនួស​ការ​យាង​ទៅ​ក្រុង​មូ​ស្គូ និង​ក្រុង​ប៉េ​កាំ​ង​នោះ  ព្រះ​អង្គ​នឹង​អាច​ចាប់​យក​អំណាច​ឡើង​វិញ​បាន ។

ពាក្យ​ច​ចាម​អា​រ៉ា​ម​ស្តី​ពី​ការ​យាង​ត្រឡប់​ក្នុង​ពេល ឆាប់​ៗ​របស់​ព្រះ​អង្គ​បាន​លេចឮរ​ហ៊ុំ។
ឧទាហរណ៍​គេ​បាន​និយាយ​ថា ព្រះ​អង្គ​នឹង​យាង​មក​ចុះ​ចត​នៅ​សៀមរាប​ក្នុងថ្ងៃនេះ ឬ​ថ្ងៃ​នោះ  ហើយ​ថា​រដ្ឋាភិបាល​លន់ លន់ បាន​បញ្ជូន​កងទ័ព​ទៅ​ទីនោះ ដើម្បី​រង់ចាំ​ស្វាគមន៍​ព្រះ​អង្គ​នៅអាកាសយានដ្ឋាន ។ នៅ​ពេល​នោះ​ពួក​អ្នកមាន​ស្វាមីភក្តិ​ដែល​ជិត​ស្និទ្ធ​នឹង​ព្រះ​អង្គ​បាន​រៀបចំ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​សៀមរាប ដើម្បី​ទទួល​ស្វាគមន៍​ព្រះ​អង្គ ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​កំពង់ធំ​ក្រុង ដំណឹង​នេះ​ត្រូវ​គេ​បដិសេធ​ថា មិន​ពិត​ទេ ហើយ​ពួក​គេ​ត្រូវ​តែ​បក​ត្រឡប់​មក​ក្រោយ​វិញ​ទាំងអស់ ... ។

នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​១៩៧០ ភាព​ចលាចល​វឹកវរ​ទាំងអស់​ហាក់ដូចជា​លាប់​ឡើង​វិញ ។  គ្មាន​សញ្ញា​ប្លែក​ពី​ធម្មតា​ណាមួយ ធ្វើ​ឱ្យ​រំខាន​ដល់​ប្រជាជន​ដែល​យកចិត្​តទុកដាក់ ក្នុង​មុខរបរ​ប្រចាំ​ថ្ងៃ​របស់​គាត់​ឡើយ ។ ក៏​ប៉ុន្តែ​នៅ​ពេល​ព្រលប់​ការ​ដើរ​ល្បាត​របស់​កងទ័ព​ជាមួយ​រថពាសដែក និង​រថយន្ត​ដឹក​ទ័ព​របស់​ខ្លួន​បាន​បើក​ខ្វាត់ខ្វែង​តាម​វិ​ថី ធំ​ៗ​របស់​រាជធានី ។ រថពាសដែក​ខ្លះ​ទៀត​បាន​ប្រកាន់​ស្ថានភាព​ប្រយុទ្ធ​នៅ​ជុំវិញ​ព្រះរាជ​ដំណាក់​ចំការមន តំបន់​ជុំវិញ​រដ្ឋសភា និង​ទីស្តីការគណៈរដ្ឋមន្ត្រី ។

សមាជិក​ព្រះរាជ​វង្សានុវង្ស​ជា​ច្រើន​អង្គ និង​បណ្តា​សហការី​ដ៏​ស្មោះត្រង់​របស់​សម្តេច​បាន​ភៀសខ្លួន​ទៅ​នៅ​ព្រះ​បរមរាជវាំង ក្បែរ​សម្តេចព្រះមហាក្សត្រិយានី ដោយ​យល់​ឃើញ​ថា ខ្វះ​សន្តិសុខ ។

នៅ​យប់​ដដែល​នោះ ក្នុង​សារ​មួយ​ដែល​ផ្សាយ​តាម​វិទ្យុ លោក​ឧត្តមសេនីយ៍​លន់ ន​ល់   បាន​ប្រកាស​ឱ្យ​ដឹង​ជា​សាធារណៈ​ពី​ការ​ចាប់ខ្លួន​លោក​វរសេនីយ៍ឯក អ៊ុំ ម៉ា​ណូ​រិ​ន រដ្ឋលេខាធិការ​ក្រសួង​ការពារ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​ចំនួន​កង​រក្សា​ខេត្ត​(Crade Proovinciale) យ៉ាង​សំខាន់​មួយ​ដែល​គាត់​អាច​ប្រើ​បាន​តាម​ប្រាថ្នា និង​វរសេនីយ៍ត្រី​ប៊ួ​រ ហ៊​ល ជា​មេ​ប៉ូលិស​ក្រុមមឿង (Police  Municipale)  នៃ​ក្រុងភ្នំពេញ ។

នៅ​ទីបំផុត​ថ្ងៃ​ពុធ​ទី​១៨ ខែមីនា បាន​មក​ដល់ ។

នៅ​ម៉ោង​៩​ព្រឹក សភាជាតិ និង​ក្រុមប្រឹក្សា​ព្រះរាជាណាចក្រ​បាន​រួម​ប្រជុំ​ជាមួយ​គ្នា​ជា​ថ្មី ដោយ​បិទទ្វារ​ជិត​មិន​ឱ្យ​សាធារណជន​ចូល ។ មនុស្ស​សាមញ្ញ​គ្មាន​ដឹង​អ្វី​ទាំងអស់ ពី​របៀបវារៈ​ប្រជុំ ។ នៅ​ខាងក្រៅ​មុខ​រដ្ឋសភា និង​នៅ​ជុំវិញ​ទីនោះ​សភាព​ស្ងប់ស្ងាត់​មួយ​បាន​គ្របដណ្តប់​ជាប់​ជា​និច្ច ។ ប្រដាប់​បំពង​សំឡេង​ទាំងអស់​នៅ​តែ​ស្ងាត់​គ្មាន​ឮ​សំឡេង​តាំងពី​ម្សិល​ម្ងៃ​៉​ម្ល៉េះ ។ ក៏​ប៉ុន្តែ​ខ្ញុំ​អាច​កត់សម្គាល់​នូវ​កងទ័ព​២-៣​ក្រុម  ទាហាន​ឆត្រយោង​នៅ​ឆ្ងាយ​ពី​នោះ​បន្តិច គឺ​នៅ​បរិវេណ​វត្ត​បទុម​វ​តី និង​សាលសន្និសីទ​ចតុម្មុខ ក្រោយមក​ខ្ញុំ​ដឹង​ថា ទាហាន​ឆត្រយោង​ទាំង​អស់នេះ​សុទ្ធតែ​មក​ពី​បន្ទាយ​ពោ​ចិន​តុង និង​ត្រូវ​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​បញ្ជាការ​ផ្ទាល់​របស់​លោក​វរសេនីយ៍ឯក​សេង ស៊ុន​ថៃ (​គាត់​គឺជា​អ្នកសម្របសម្រួល​ផ្នែក​កងទ័ព​ដ៏​សំខាន់​បំផុត​ស្តី​ពី​ផែនការ​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​) ។ ចំណែក​ប៉ូលិស​វិញ​បាន​បាត់​មុខ​ទាំងស្រុង ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា នៅ​ម៉ោង​១​និង​៣០​នាទី សភា​ទាំង​២​បាន​បោះ​ឆ្នោត​ដកហូត​មុខ​តំណែង​ពី​សម្តេចព្រះ​នរោត្តម សីហ​នុ ក្នុង​ឋានៈ​ជា​ព្រះ​ប្រមុខរដ្ឋ​កម្ពុជា​ជា​ឯកច្ឆន្ទ ។

ដំណឹង​នេះ​ទាល់តែ​ព្រលប់​ប្រហែល​ម៉ោង​៦​ល្ងាច ទើប​គេ​ផ្សាយ​ឱ្យ​ដឹង​តាម​វិទ្យុជាតិ​។
វា​បាន​ធ្វើ​ឱ្យ​មានការ​ខឹង​ក្តៅក្រហាយ ការ​រំភើប​ញាប់​ញ័រ ការ​ប្រជុំ​គ្នា​អ៊ូ​អូ​របស់​ប្រជាជន​គ្រប់រូប ។ ទោះបីជា​ការ​ធ្វើ​ចលនា​របស់​កងទ័ព​និង​រថពាសដែក​មួយ​ចំនួន​តូច​អាច​បណ្តាល​ឱ្យ​មានការ​ភិតភ័យ​ខ្លះ​ក៏​ដោយ ក៏​ប្រជាជន​នៅ​តែ​ធ្វើ​ព្រងើយកន្តើយ ។ វិទ្យុជាតិ​បាន​បន្ត​កម្មវិធី​របស់​ខ្លួន​ជា​ធម្មតា ហាក់ដូចជា​គ្មាន​អ្វី​កើតឡើង ពុំ​មានការ​កែប្រែ ពុំ​មានការ​ផ្អាក​កម្មវិធី​វិញ យ៉ាង​ហោច​ក៏​ចាក់​បទ​ភ្លេង​កងទ័ព​ដែរ ។

បើសិនជា​គេ​បង្ហាញ​រឿងរ៉ាវ​ខ្លះ​ឱ្យ​ដឹង នោះ​គឺ​សញ្ញា​នៃ​ការ​រសាយចិត្ត​វិញ ។ ពួក​បញ្ញវន្ត ក្រុម​គ្រូបង្រៀន យុវជន​សន្និដ្ឋាន​ថា បដិវត្តន៍​បារាំង​ឆ្នាំ​១៧៨៩ មុខជា​មានជីវិត​ឡើង​វិញ​។ ពួក​គាត់​គិត​ថា ការ​ចាប់ផ្តើម​សករាជ​ថ្មី​នៃ​សេរីភាព យុត្តិធម៌ ប្រជាធិបតេយ្យ និង​វិបុលភាព​បាន​រស់​ហើយ ។ អនាគត​របស់​ប្រទេស​កម្ពុជា​នឹង​ថ្លា​ស្រឡះ​ល្អ ក្រោម​របប​សាធារណរដ្ឋ​មួយ ដែល​សម្តែង​ឱ្យ​ឃើញនឹងភ្នែក​របស់​ពួក​គេ​នូវ​បំណងប្រាថ្នា​របស់​ប្រជាជន​មួយ ដែល​បាក់បប​ខ្លបខ្លាច​តាំងពី​រាប់​ពាន់​ឆ្នាំ​មក​ហើយ ដោយ​ការ​ជិះជាន់​ពី​របប​រាជាធិបតេយ្យ​សក្តិភូមិ ។

គេ​ពិបាក​នឹង​ផ្គុំ​ឱ្យ​មាន​រូបរាង​ឡើង​វិញ ក្នុង​ការ​រៀបរាប់​គ្មាន​សល់​ចន្លោះ​អំពី​ព្រឹត្តិការណ៍​មួយ​បែប​នោះ អាច​កើត​មាន​ឡើង​តាម​របៀប​យ៉ាងណា​នោះ​ណាស់ ។

តាម​ពាក្យ​ចចាមអារ៉ាម ផ្សេង​ៗ ដែល​លេចឮ​សុសសាយ​ក្នុង​មជ្ឈដ្ឋាន​នយោបាយ​ខ្មែរ​ទាំងឡាយ គឺ​ការ​ភ័យ​ខ្លាចក្រែង​ខ្លួន​ត្រូវ​គេ​ដាក់​ទណ្ឌកម្ម ហើយ​ថែម​ទាំង​ត្រូវ​សម្លាប់​ចោល នេះ​ហើយ ដែល​ជំរុញ​ឱ្យ​សភា​ទាំង​២​សម្រេច​ដកហូត​មុខ​តំណែង​ពី​សម្តេចព្រះ​នរោត្តម សីហ​នុ​នោះ ។ គេ​បាន​និយាយ​ថា ក្នុង​អំឡុង​សម័យប្រជុំ​សម្ងាត់​មួ​ួ​យ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទី​ក្រុងប៉ារីស សម្តេច​បាន​សន្យា​ធ្វើ​ទោស​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ព្រះ​អង្គ នៅ​ពេល​ដែល​ព្រះ​អង្គ​យាង​ត្រឡប់​ទៅ​ដល់​ក្រុងភ្នំពេញ ហើយ​ថា​ព្រះ​អង្គ​បាន​ប្រាប់​ទាំង​ឈ្មោះ​ថែម​ទៀត ។

តាម​គេ​និយាយ​ថា (​តាម​ពិត​គឺ​លោក​ណា​ង គឹ​ម​សួរ អតីតរដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​របស់​សាធារណរដ្ឋ និង​ជា​សហការី​ដ៏​ជិត​ស្និទ្ធ​របស់​ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ជា​អ្នក​ឱ្យ​ដឹង​) អ្នកចូលរួម​ក្នុង​ចំណោម​អ្នក​បាន​ចូលរួម​ការ​ប្រជុំ​នោះ គឺ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ឥស្ស​រ៉ូ ជា​ព្រះ​រៀម ឬ​ព្រះ​អនុជ​របស់​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ ដែល​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​អាត់​ព្រះ​បន្ទូល​ទាំងនេះ ហើយ​បាន​បញ្ជូន​ខ្សែអាត់​ព្រះ​សូរសៀង សម្តេច​មក​ឱ្យ​ព្រះ​រៀម ឬ​ព្រះ​អនុជ​របស់​ទ្រង់ ។ នេះ​ហើយ​គឺជា «​អាវុធ​» ដែល​នាំ​ឱ្យ​សភា​ទាំង​២ សម្រេចចិត្ត​បោះ​ឆ្នោត​ទម្លាក់​សម្តេច​ពី​តំណែង​នោះ ។

តាម​អ្នក​សង្កេតការណ៍ ផ្សេង​ៗ​ទៀត​ថា ភ្នាក់ងារ​សេ​អីុ​អា បាន​លូកដៃ​មក​ទាញ​ខ្សែ​ញាក់​ឱ្យ​គេ​ធ្វើ​តាម​ខ្លួន (​លាក់​មុខ​ហើយ​ឱ្យ​គេ​ធ្វើ​ជំនួស​) ។

ក៏​ប៉ុន្តែ​មូលបទ​ចុង​ក្រោយ​នេះ គឺជា​រឿង​ដែល​គួរ​ឱ្យ​ជជែក​ពិភាក្សា​បំផុត ។

តាំងពី​ឆ្នាំ​១៩៦៦​មក សម្តេចព្រះ​នរោត្តម សីហ​នុ បាន​ចាប់ផ្តើម​ងាក​ទៅ​អែប​ក្រុង​វ៉ា​ស៊ី​ន​តោន​ជា​ថ្មី និង​បរិហារ​រិះគន់​បណ្តា​ប្រទេស​កុំ​មុ​យ​នី​ស្ត​នៅ​អាស៊ី​យ៉ាង​ខ្លាំងក្លា​ការ​ទាក់ទង ។ នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​១៩៦៩ រវាង​ក្រុងភ្នំពេញ និង​ក្រុង​វ៉ា​ស៊ី​ន​តោន ដែល​ត្រូវ​កាត់​ផ្តាច់​តាំងពី​ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​១៩៦៥​នោះ បាន​ត្រូវធ្វើ​ឱ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» អត្ថាធិប្បាយ​ថា ក្នុង​ចន្លោះ​ពេល​នោះ​កិច្ចព្រមព្រៀងសម្ងាត់​មួ​ួ​យ​បាន​អនុញ្ញាត ឱ្យ​កងទ័ព​អាកាសចរណ៍​អា​មេ​រិ​ក​ទម្លាក់​គ្រាប់បែក​មក​លើ​ទីជម្រក​ទាំងឡាយ​របស់​ពួក​វៀតណាម​ខាងជើង និង​ពួក​វៀត​កុង ដែល​តាំងនៅ​លើ​ទឹកដី​ខ្មែរ ។ ហើយ​សម្តេច​សីហ​នុ ក៏​លែង​ខ្លាច​នឹង​អះអាង​ពី​ចេតនា​ដ៏​ល្អ​របស់​ព្រះ​អង្គ​ចំពោះ​សហរដ្ឋអាមេរិក​ដែរ ។ ឧ​ទា​ហ​ហរ​ណ៍​ក្នុង​សន្និសីទកាសែត​មួយ​នៅ​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​១៩៦៩ ព្រះ​អង្គ​បាន​ប្រកាស​ថា «​ពួក​កុំ​មុ​យ​នី​ស្ត​បាន​វាយប្រហារ​យើង​ឆាប់រហ័ស​ពេក  ទុក​ណា​ជា​ខ្ញុំ​នៅ​តែ​ជា​អ្នកប្រឆាំង​អា​មេ​រិ​ក​ក៏​ដោយ ។ 

ផ្ទុយ​ទៅ​វិញ​ពួក​គេ​ត្រូវ​តែ​លើកទឹកចិត្ត​យើង​ឱ្យ​នៅ​តែ​ជា​អ្នកប្រឆាំង​អា​មេ​រិ​ក​ដដែល ប៉ុន្តែ​ឥឡូវនេះ​វា​ពុំ​មាន​ផលប្រយោជន៍​ណាមួយ​ដើម្បី​ឱ្យ​យើង​ស្ថិត​នៅ​តែ​អុ​ី​ចឹ​ង​» ។  ព្រះ​អង្គ​ម្ចាស់​បាន​មាន​បន្ទូល​ណែនាំ​សារព័ត៌មាន​នានា​ឱ្យ​ឈប់​សរសេរ​ទិតៀន​នយោបាយ នៅ​អាស៊ី​របស់​សហរដ្ឋអាមេរិក​ទៀត​ទៅ ហើយ​សុំ​ឱ្យ​ការ​មានការ​រក្សា​ទុក​កងទ័ព​អា​មេ​រិ​កាំ​ង​នៅ​វៀតណាម​ខាងត្បូង​ផង ដើម្បី​រ៉ាប់រង​សន្តិសុខ​នៅ​អាស៊ី​អាគ្នេយ៍​ប្រឆាំង​នឹង «​ចក្រពត្តិនិយម​ថ្មី គឺ​លទ្ធិ​កុំ​មុ​យ​នី​ស្ត​នៅ​ស៊ី​» ។ គឺ «​ហេតុនេះ​ហើយ​បានជា​ខ្ញុំ​ទទួល​សារភាព​ដោយ​មិន​ពេញ​ព្រះ​ទ័យ ប៉ុន្តែ​ដោយ​ភាព​ប្រាកដនិយម​ថា​ខ្ញុំ​អនុគ្រោះ ចំពោះ​ការ​រក្សា​វត្តមាន​របស់​សហរដ្ឋអាមេរិក និង​មូលដ្ឋាន​របស់​ពួក​គេ​នៅ​តាម​ប្រទេស​មិនមែន​កុំ​មុ​យ​នី​ស្ត​ទាំងឡាយ​នៅ​អាស៊ី ដែល​ទទួល​យល់​ព្រមឱ្យ​ពួក​គេ​តាំងនៅ​» ។ 

ដូច្នេះ​សហរដ្ឋអាមេរិក បាន​ទទួល​អ្វី​ដែល​ចាំបាច់ ដែល​ពួក​គេ​ចង់បាន​រួច​ស្រេច​ទៅ​ហើយ ។ ការ​ទម្លាក់​សម្តេចព្រះ​នរោត្តម សីហ​នុ ពី​តំណែង អាច​ធ្វើ​ឱ្យ​បញ្ហា​របស់​ពួក​គេ​រឹតតែ​ស្មុគស្មាញ​ប៉ុណ្ណោះ ។

សម្តេច​សីហ​នុ ដែល​ត្រូវការ​តែ​ម្យ៉ាង​ថា វីរ​កម្ម​របស់​ព្រះ​អង្គ​មុខជា​ត្រូវ​វាយតម្លៃ​ដោយ​រដ្ឋាភិបាល​អា​មេ​រិ​កាំ​ង​នោះ បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​ពេញ​ច្បាប់ និ​ត្យា​នុ​​កូ​ល​ភាព នៅ​ពេល​ដែល​ការ​ព្រួយបារម្ភ​របស់​ពួក​អា​មេ​រិ​កាំ​ង ស្ថិត​នៅ​ត្រង់​ថា សង្គ្រាម​ស្ថិត​នៅ​តែ​ក្នុង​ប្រទេស​វៀតណាម​ខាងត្បូង​មួយ​ប៉ុណ្ណោះ ក្នុង​គោលបំណង​រៀបចំ​ឱ្យ​បាន​ប្រសើរ​នូវ​ការ​ថយ​ខ្លួន​ចេញពី​កិច្ចសន្យា​របស់​ខ្លួន ដែល​ចេះ​តែ​ជឿនលឿន​ទៅ​មុខជា​លំដាប់ ។ ពិត​ហើយ​ការ​មាន​មូលដ្ឋាន​ពីក្រោយ​នៅ​ក្នុង​ទឹកដី​ខ្មែរ បាន​ធ្វើ​ឱ្យ​ជោគជ័យ​នៃប្រតិ​បត្តិ​ការ​របស់​អា​មេ​រិ​ក​នៅ​វៀតណាម ខាងត្បូង​ទៅ​ជា​មិន​ទៀង នៅ​ពេល​ដែល​ពួក​អា​មេ​រិ​កាំ​ង​ផ្ទាល់​មិន​អាច​រំលោភ​ព្រំដែន​ជា​ចំហ​បាន ទាំង​ខាងក្នុង​ប្រទេស ក៏​ដូច​អន្តរជាតិ​សម្រាប់​មូលហេតុ​ជា​ច្រើន និង​ជា​ពិសេស​មិន​ធ្វើ​ឱ្យ​សង្គ្រាម​នេះ​ទៅ​ជា​សង្គ្រាម​តំបន់​មួយ​ថ្មី​ដែល​មាន​លក្ខណៈ​ទូលំទូលាយ​ឡើយ ។ ប៉ុន្តែ​ឥរិយាបថ​របស់​សម្តេចព្រះ​សីហ​នុ ដែល​ប្រែជា​ទន់​ព្រះ​ទ័យ ដែល​អំណឹះតទៅ​ប្រហែលជា​ដឹកនាំ​យុទ្ធនាការ​ជា​អចិន្ត្រៃយ៍​ប្រឆាំង​នឹង​លទ្ធិ​កុំ​មុ​យ​នី​ស្ត​វៀតណាម ហើយ​ជា​ពិសេស​អនុញ្ញាត​ឱ្យ​ពួក​អា​មេ​រិ​ក​មាន​សិទ្ធិ​ដេញ​តាម​ទម្លាក់​គ្រាប់បែក និង​បំផ្លាញ​មូលដ្ឋាន​ទាំងឡាយ​របស់​ពួក​សត្រូវ​នោះ បាន​ផ្តល់​ប្រយោជន៍​ឱ្យ​ពួក​គេ​ជា​ជាង​នៅ​ពេល​បច្ចុប្បន្ន ។ ដោយ​ស្របគ្នា​សហប្រតិ​​បត្តិការ​ដ៏​ជិត​ស្និទ្ធ​មួយ​បាន​ចាប់ផ្តើម​នៅ​នឹង​កន្លែង​រវាង​កងទ័ព​ទាំង​២ ។

ដូច្នេះ​ការ​ឆ្លើយ​ឱ្យការណ៍​មួយ​របស់​សម្តេច អាច​ត្រឹមត្រូវ​តែ​ធ្វើ​ឱ្យ​ខុស​ដល់​ទិន្នន័យ និង​ការ​គន់គូរ ផ្សេង​ៗ​របស់​សេនាធិការដ្ឋាន​ទាំងឡាយ​ប៉ុណ្ណោះ ។ ពួក​នេះ​គ្មាន​បាន​ចំណេញ​អ្វី​ទាំងអស់ បើ​មិន​ដូច្នោះ​ទេ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ត្រូវ​គេ​សង្ស័យ និង​ចោទ​ប្រា​កន់​ដែរ ។ ផ្ទុយ​ទៅ​វិញ​មាន​តែ​ពួក​កុំ​មុ​យ​នី​ស្ត​វៀតណាម​ទេ ដែល​ទាញ​យកចំណេញ​ពី​រឿង​នេះ ហើយ​អាច​ធ្វើ​អន្តរ​ជាតូបនីយកម្ម​សង្គ្រាម និង​ពង្រីក​ដែន​សកម្មភាព ឬ​បដិវត្តន៍​របស់​ខ្លួន​ពេញ​ទូ​ទាំង​អតីត​ឥ​ណ្ឌ​ចិន​បារាំង ដូចដែល​ពួក​គេ​ប៉ងប្រាថ្នា​តាំងពី​យូរ​មក​ហើយ ។   

                      
សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​»​បន្ត​ថា ដូច្នេះ បើសិនជា​គេ​គិត​ពី​ភាព​ឡូ​ហ្សិ​ក វា​ហាក់ដូចជា​ពិបាក​នឹង​ថា ការ​ឆ្លើយ​ឱ្យការណ៍ របស់​សម្តេច​ត្រូវ​បាន​ទទួល​ស្វាគមន៍ និង​ចង់បាន​ដោយ​សហរដ្ឋអាមេរិក​ណាស់ ។

តាម​ការណ៍​ពិត​សហរដ្ឋអាមេរិក​បាន​ទុកដាក់​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​១៩៧០ ពីមុខ​ព្រឹត្តិការណ៍​ដែល​កើត​រូបរាង​រួច​ទៅ​ហើយ ។ ព្រឹត្តិការណ៍​ដែល​មិន​បាន​គិត​ទុកជា​មុន​នេះ បាន​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក​ទ័ល​ប្រាជ្ញ​មិនដឹង​ថា គិត​យ៉ាងម៉េច​ទៀត ។ ម្យ៉ាងទៀត​ប្រហែល​មក​ដល់​ចុង​ខែមេសា ទើប​ក្រុង​វ៉ា​ស៊ី​ន​តោន​សម្រេចចិត្ត​ឆ្លើយ​តប​ដោយ​ជាក់លាក់​ចំពោះ​សំណើសុំ​ជំនួយ និង​ការ​សង្គ្រោះ​ដែល​លើក​ឡើង​ដោយ​ពួក​មេដឹកនាំ​សាធារណរដ្ឋ ។

តាម​ពួក​អ្នកកា​ទូត​អា​មេ​រិ​កាំ​ង​ខ្លះ ដែល​បំពេញ​មុខងារ​នៅ​ទីក្រុង​ភ្នំពេញ​ថា សហរដ្ឋអាមេរិក មិន​ទាន់​សម្រេច​សួរ​ដេញដោល និង​បង្កើន​ការ​វិភាគ ផ្សេង​ៗ​ដើម្បី​ឈ្វេងយល់​ពី​រដ្ឋប្រហារ​នេះ​ទេ​។

ពួក​គេ​ថែម​ទាំង​ជឿ​ថា នេះ​គឺជា​ការ​រៀបចំ​ឆាក​មួ​ួ​យ​ដែល​បង្កើត​ឡើង​ដោយ​សម្តេចព្រះ​នរោត្តម សីហ​នុ និង​លន់ លន់​រួមគំនិត​គ្នា ។

ចំពោះ​រឿង​នេះ ពាក្យ​ចចាមអារ៉ាម ផ្សេង​ៗ បាន​លេចឮ​សុសសាយ មិន​ព្រម​បាត់​ឡើយ ដែល​ថា អ្វី​ទាំងអស់​បាន​ត្រូវ​រៀបចំ​យ៉ាង​ល្អិតល្អន់ ដោយ​មនុស្ស​២​រូប​នេះ​ក្នុង​ឱកាស​នៃ​ការ​ជួប​គ្នា​មួយ​នៅ​ទី​ក្រុងប៉ារីស នា​ដើមខែ​កុម្ភៈ ឆ្នាំ​១៩៧០ ។ ការ​រំឭក​ពី​ការ​គិត​បម្រុង​មួយ​ដែល​សម្តេច​ធ្លាប់​មាន​ព្រះ​បន្ទូល​ក្នុង​ឱកាស​នៃ​សន្និសីទកាសែត​មួយ នៅ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​១៩៦៩ បាន​ធ្វើ​ឱ្យ​ការ​សង្ស័យ​នេះ​ស្ថិត​ស្ថិរ​មក​។ នៅ​ពេល​នោះ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​ប្រកាស​ថា «​ខ្ញុំ​ពិភាល់​ពី​លទ្ធភាព​នៃ​ការ​ដក​ព្រះ​កាយ​ចេញ បើសិនជា​ខ្ញុំ​ពុំ​អាច​បន្ត​ការ​ប្រយុទ្ធ​តស៊ូ​តែ​ម្នាក់ឯង នៅ​ពេល​នោះ​អំណាច​នឹង​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ឧត្តមសេនីយ៍​លន់ ន​ល់ ដែល​បច្ចុប្បន្ន ជា​នាយក​រដ្ឋមន្ត្រី​ស្តីទី​ស្រាប់​» ។

ការ​ប្រែ​ក្រឡាស់​ចុង​ក្រោយ​បំផុត​របស់​សម្តេច បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន និង​ប្រទេស​វៀតណាម ស្ថិត​នៅ​ក្នុង​ស្ថានភាព​រារែក​មួយ ដែល​ការ​ទទួលខុសត្រូវ​របស់​ពួក​គេ​មិន​តម្រូវ​ឱ្យ​រង់ចាំ​យូរ​ឡើយ ដើម្បី​ធ្វើ​ឱ្យ​លន់ លន់ និង​រដ្ឋាភិបាល​របស់​គាត់​ដឹង​ថា ប្រទេស​របស់​ពួក​គេ​មិន​ចង់់​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​ខ្មែរ​ឡើយ ។

ពួក​វៀតណាម​ខាងជើង ប្រាថ្នា​សុំ​នូវ​ការ​អនុញ្ញាត​ជា​ថ្មី​ក្នុង​ការ​ឈប់​សំចត​របស់​កងទ័ព​ខ្លួន នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ ។ ការ​ដើរ​គិតគូរ និង​ការ​ប្រជុំ​ចរចា​ស្តី​ពី​រឿង​នេះ បាន​បន្ត​រហូត​មក​ដល់​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​១៩៧០ ជា​កាលបរិច្ឆេទ​ដែល​លន់ លន់ និង​សិរី​មតៈ បាន​ច្រាន​ចោលការ​ស្នើ​សុំ​របស់​វៀតណាម​ខាងជើង ។

អ្នក​ទាំង​២​មាន​សេរីភាព​យ៉ាង​គ្រប់គ្រាន់ ដើម្បី​បញ្ចៀស​សង្គ្រាម​ពី​ប្រទេស​កម្ពុជា ។ ដោយ​រលាស់​ចោល​សម្តេច និង​ដោយ​មាន​អំណាច​គ្រប់​បែប​យ៉ាង គេ​គ្រាន់តែ​ដើរ​តាម​នយោបាយ​ដូច​សម្តេច​ដែរ​ប៉ុណ្ណោះ ។

តើ​ពួក​គេ​ប្រកាន់​យក​ស្ថានភាព​ក្នុង​សង្គ្រាម​យ៉ាងដូចម្តេច​ខ្លះ ?
នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​១៩៧០ គឺ​មួយ​អាទិត្យ​ក្រោយ​រដ្ឋប្រហារ អ្វី​ៗ​បាន​កើត​មានឡើង​ដោយ​ពួក​មេដឹកនាំ​ថ្មី ពុំ​ធ្លាប់​បាន​គិត​ទុក​មុន​ឡើយ ។

នៅ​ពេល​ព្រលឹម ស្រាង​ៗ ជួរ​រថយន្ត​កាំ​មី​ញ៉ុ​ង វែង​ដែល​ផ្ទុក​ពេញ​ទៅ​ដោយ​កសិករ​បាន​បើក​ចេញពី​បណ្តា​ខេត្ត​ព្រំដែន​ខ្មែរ​-​វៀតណាម ក្រចេះ កំពង់ចាម ព្រៃវែង តាកែវ សំដៅ​ឆ្ពោះ​មក​ក្រុងភ្នំពេញ​តែ​មួយ ។ គោលបំណង​របស់​អ្នក​ទាំងនោះ គឺ​ទៅ​ទទួល​ស្វាគមន៍​សម្តេច​ដែល​យាង​មក​ក្រុងភ្នំពេញ​វិញ ជាទី​ដែល​ពួក​គេ​ត្រូវ​បង្គាប់​ឱ្យទៅ ហើយ​ប្រហែលជា​ទទួល​លុយកាក់​និង​កំណាត់សំពត់ «​សង្គម​» ពី​ព្រះ​ហស្ត​ផ្ទាល់​របស់​សម្តេចឪ​ផង ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា នៅ​ថ្ងៃ​ដ​ដដែល​នោះ ប្អូនប្រុស​របស់​លន់ លន់ ឈ្មោះ​លន់ និល ស្នងការ​ប៉ូលិស​នៅ​មេមត់ ក្បែរ​ចម្ការ​កៅស៊ូ​ដែល​ពួក​កុំ​មុ​យ​នី​ស្ត​ប្រើ​ធ្វើ​ជា​មូលដ្ឋាន បាន​ត្រូវ​គេ​សម្លាប់ ។ បន្ទាប់​មក​អ្នកតំណាង​រាស្ត្រ​២​នាក់​របស់​ខេត្តកំពង់ចាម​ដែល​ប៉ុនប៉ង​ពន្យល់​ប្រាប់​ពួក​កសិករ​ថា គាត់់​ភាន់ច្រឡំ​នោះ ក៏​ត្រូវ​សម្លាប់​ដោយ​ក្រុម​មនុស្ស «​គ្មាន​ស្គាល់​អត្តសញ្ញាណ​» ដែរ ប៉ុន្តែ​គេ​បាន​ទម្លាក់​ការ​ធ្វើឃាត​ទាំងនេះ​ទៅ​លើ​ពួក​បាតុករ ។

«​ការ​ងើប​បះបោរ​» នេះ​មាន​ថិរវេលា​រហូត​ដល់​ថ្ងៃ​ទី​២៩ ខែមីនា និង​បាន​បញ្ចប់​ទៅ​ដោយ​ការ​សម្លាប់​មនុស្ស​ឡើង​រង្គាល​ដែល​អ្នក​រង​គ្រោះ​សុទ្ធតែ​ជា​ប្រជា​កសិករ​ឆោតល្ងង់​និង​ស្លូតត្រង់ ។

តាម​ការ​បកស្រាយ​ជា​ផ្លូវការ​ថា គឺ​សុទ្ធតែ​កម្លាំង​កុំ​មុ​យ​នី​ស្ត​វៀតណាម ដែល​ជា​អ្នក​ញុះញង់​ឱ្យ​មាន​បាតុកម្ម​ប្រជា​កសិករ​នេះ ហើយ​ដែល​មាន​ពួក​គេ​នៅ​ជុំវិញ​ទៀត ។ ហេតុ​ដូចនេះ​ហើយ ដើម្បី​ការ​រុ​​លម​ក​មុខ​របស់​ពួក​គេ ហើយដោយ​វា​អាច​ធ្វើ​ឱ្យ​កើត​មានការ​ច្របូកច្របល់​ប្រកបដោយ​គ្រោះថ្នាក់​មួយ​នៅ​ក្នុង​រាជធានី រដ្ឋាភិបាល​ត្រូវ​តែ​បញ្ជា​ឱ្យ​បាញ់​ទៅ​លើ​បាតុករ​ទាំងនោះ ។

ប៉ុន្តែ​នេះ​គឺជា​ការ​សម្លាប់​រង្គាល​មួយ ។ ពួក​អាជ្ញាធរ​មិន​ដែល​ផ្សាយ​ឱ្យ​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​អ្នក​រង​គ្រោះ​សោះឡើយ ។ គេ​និយាយ​ថា នៅ​កន្លែង​ជា​ច្រើន​គេ​កត់សម្គាល់​ឃើញ​អ្នក​ស្លាប់​ជាង​មួយ​រយ​នាក់ ។

ដូច្នេះ​រដ្ឋាភិបាល​លន់ លន់ ទើបនឹង​ប្រព្រឹត្ត​នូវ​កំហុស​មួយ និង​អំពើ​ឧក្រិដ្ឋ​មួយ​ដែល​ធ្វើ​ឱ្យ​សៅហ្មង​ដល់​អនាគត​នៃ​របប​របស់​ខ្លួន ។ នេះ​ជា​ស្នាម​របួស​ចំហ​មុខ​មួយ​ដក់​ជាប់​ក្នុង​ក្រអៅបេះដូង​ប្រជា​កសិករ​កម្ពុជា​រាប់​ពាន់​នាក់​ជា​និច្ច ជា​អន្លង់​ដ៏​ជ្រៅ​មួយ​រវាង​សាធារណរដ្ឋ​និង​ពួក​អ្នកស្រុក​នៃ​តំបន់​ព្រំដែន​ទាំងនេះ ។

ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​១៩៧០​ដដែល​នោះ ពួក​កុំ​មុ​​យ​នី​ស្ត​វៀតណាម​បាន​ចាប់​វាយប្រហារ និង​ចូលលុក​លុយ​ប្រទេស​កម្ពុជា ដោយ​សម្អាង​លើ​ព្រះ​នាម​សម្តេច​សីហ​នុ ។

ដើម​កំណើត​នៃ​សាធារណរដ្ឋ​មួយ
ចំពោះ​សាធារណ​មតិ​ជាតិ និង​អន្តរជាតិ​យល់​ថា មនុស្ស​៣​រូប​គឺជា​មេគំនិត​នាំ​ឱ្យ​កើត​មាន​ព្រឹត្តិការណ៍​១៨ មីនា ១៩៧០  ៖ ឧត្តមសេនីយ៍​លន់ ន​ល់ ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ និង​អុ​ិ​ន តាំ ជា​ប្រធានរដ្ឋសភា ដែល​ជា​អ្នក​ថ្លែង​ប្រកាស​ពី​ការ​បាត់បង់​អំណាច​របស់​សម្តេច​សីហ​នុ (​អីុ​ន តាំ ជា​អ្នកមាន​ដើម​កំណើត​ពី​ខេត្តកំពង់ចាម និង​ចេញពី​គ្រួសារ​ធូរធារ​មួយ ។ ជា​មន្ត្រីរាជការ​ក្រោម​អាណានិគម​បារាំង គាត់​បាន​ឡើង​ឋានន្តរស័ក្តិ​តាម​ឋានានុក្រម​យ៉ាង​ឆាប់ ។ គាត់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ជា​បន្តបន្ទាប់ ជា​អភិបាលខេត្ត រដ្ឋមន្ត្រី ប្រធានរដ្ឋសភា បន្ទាប់​មក​ជានា​យករដ្ឋមន្ត្រី​របស់​សាធារណរដ្ឋ​ខ្មែរ ។ គេ​បាន​បន្ទោស​គាត់​ពី​មរណភាព​របស់​ខ្មែរ​សេរី​ម្នាក់​ឈ្មោះ​ព្រាប អិុន ដែល​គាត់​បាន​សន្យា​ការពារ​សន្តិសុខ​ឱ្យ​រូបគេ ។ នៅ​ពេល​ដែល​កងទ័ព​វៀតណាម​ចូលលុក​លុយ​ប្រទេស​កម្ពុជា​ជា​ថ្មី នៅ​ខែមករា ឆ្នាំ​១៩៧៩ គាត់​បាន​ទៅ​រួបរួម​ជាមួយ​សឺ​ន សាន ក្នុង​គោលបំណង​បង្កើត​ចលនា​តស៊ូ​មួយ​ប្រឆាំង​វៀតណាម ប៉ុន្តែ​បន្ទាប់​ពី​មានការ​យល់​ច្រឡំ​មួយ គាត់​ក៏​បែក​ចេញពី​សឺ​ន សាន វិញ​ទៅ ។ នៅ​ខែមិថុនា  ឆ្នាំ​១៩៨១ សឺ​ន សាន ប្រធាន​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ បាន​បំភ្លឺ​ប្រាប់​ខ្ញុំ​(​អ្នកនិពន្ធ​)​ថា ពេល​នោះ​លោក​អិុន តាំ សង្ឃឹមថា គាត់​នឹង​ត្រូវ​តែងតាំង​ជា​អគ្គបញ្ជាការ​កង​ប្រដាប់​អាវុធ​រណសិរ្ស ហើយ​គាត់​ត្រូវធ្វើ​ឱ្យ​អន់ចិត្ត​នៅ​ពេល​ដែល​លោក​ឧត្តមសេនីយ៍​ដៀ​ន  ដែល ត្រូវ​បាន​តែងតាំង​ជា​នាយសេនាធិការ​កងទ័ព ។ សឺ​ន សាន  បាន​សាកល្បង​ពន្យល់​ប្រាប់​អិុ​ន តាំ ថា ដៀ​ន ដែល គ្រាន់តែ​ជា​នាយសេនាធិការ​ប៉ុណ្ណោះ ហើយ​មុខ​តំណែង​អគ្គលេខាធិការ​កងទ័ព​នៅ​មិន​ទាន់​ប្រគល់​ឱ្យ​អ្នក​ណា​នៅឡើយ​ទេ ប៉ុន្តែ​អិុន តាំ មិន​ចង់​ស្តាប់​អ្វី​ទាំងអស់ ។

ក្រោយមក​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ព្យុ​ង​យ៉ាង រដ្ឋធានី​កូរ៉េ​ខាងជើង ជាមួយ​មិត្តភក្តិ​របស់​គាត់​មួយ​ចំនួន​តូច ដើម្បី​សុំ​ចូល​គាល់​សម្តេច​សីហ​នុ និង​សុំ​ខ្លួន​ចូល​បម្រើ​ព្រះ​អង្គ ។ គាត់​បាន​ក្លាយទៅជា​តំណាង​របស់​សម្តេច​សីហ​នុ និង​ធ្វើ​ជា​មេដឹកនាំ​កងទ័ព​សីហ​នុ​និយម​នៅ​តាម​ព្រំដែន​ខ្មែរ​-​ថៃ ។ ដោយ​យល់​ឃើញ​ថា លែង​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​អ្វី​បាន​ទៀត​ហើយ​នោះ​គាត់​បាន​ផ្តាច់់​ការ​ទាក់ទង​ជាមួយ​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឫទ្ធិ​នៅ​ខែកក្កដា ឆ្នាំ​១៩៨៣ ។ កាលនោះ ដោយ​ត្រូវ​បង្ខំ​ឱ្យ​លាឈប់​ពីមុខ​តំណែង គាត់់​បាន​ត្អូញត្អែរ​មិន​ឈប់ និង​ជជែក​ការពារ​មូលហេតុ​របស់​គាត់​ជាមួយ​អ្នក​ម្នាង​ម៉ូ​និក មហេសី​សម្តេច​ថែម​ទៀត ។ បន្ទាប់​មក​គាត់​បាន​ចាប់ផ្តើម​ដើរ​គិតគូរ​ជាមួយ​ពួក​អ្នក​កាន់​អំណាច​ស្និទ្ធ​វៀតណាម នៅ​ក្រុងភ្នំពេញ​វិញ​ម្តង ។

ពេល​ត្រឡប់​ចូល​ក្រុងភ្នំពេញ​វិញ​នៅ​ឆ្នាំ​១៩៩០ គាត់​ត្រូវ​បាន​ទទួល​បដិសណ្ឋារកិច្ច​យ៉ាង​អធិកអធម​និង​ទទួល​បាន​ងារ​ជា​អនុប្រធាន​រដ្ឋសភា នៅ​ក្រុងភ្នំពេញ ដែល​ធ្វើ​ឱ្យ​គាត់​មាន​ឋានៈ​បន្ទាប់​ពី​លោក​ជា ស៊ី​ម ប្រធានរដ្ឋសភា និង​បាន​ចូលរួម​ក្នុង​ការ​ប្រកាស​ឱ្យ​ប្រើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​រដ្ឋ​កម្ពុជា​ផង​) ។ ម្យ៉ាងទៀត​អ្នក​ទាំង​៣​រ​រូប​នេះ​ត្រូវ​បានឱ្យ​ឈ្មោះ​ក្រៅ​ថាៈ «​មនុស្ស​១៨​មីនា​»​ផង​ដែរ​។ លន់ ន​ល់ និង​សិរី​មតៈ បាន​រំលែក​អំណាចនីតិប្រតិបត្តិ​កាន់​ទាំងអស់​គ្នា ។ ចំណែក​អិុ​ន តាំ​វិញ​ដែល​រក្សា​នាទី​ជា​ប្រធានរដ្ឋសភា ជា​អ្នក​មើល​ខុស​ត្រូវ​លើ​អង្គការនីតិបញ្ញត្តិ ។

រីឯ​ការ​ពិត​នៃ​រឿង​នោះ​មាន​លក្ខណៈ​ខុស​គ្នា បន្តិចបន្តួច​ប៉ុណ្ណោះ ។ មនុស្ស​ទី​៤​ម្នាក់ ដែល​ធ្វើ​សកម្មភាព​មិន​ចេញ​មុខ​បាន​លេចឡើង បន្តិច ម្តង​ៗ យ៉ាង​ច្បាស់​ក្រឡែត និង​ដើរតួ​នាទី​កំណត់​សម្រេច​មួយ​ក្នុង​ព្រឹត្តិការណ៍​របស់​សាធារណរដ្ឋ​៖  គឺ​វរសេនីយ៍ត្រី​លន់ ណុ​ន ប្អូនប្រុស​របស់​លោក​ឧត្តមសេនីយ៍​លន់ លន់ ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា តាម​ឆន្ទៈ​របស់​លន់ ណុ​ន ដែល​ដាក់​បង្ខំ​ឱ្យ​មានការ​ជ្រើសរើស​ដ៏​ច្បាស់លាស់​មួ​យ​រវាង​សាធារណរដ្ឋ និង​រាជាធិបតេយ្យ និង​ធ្វើ​ឱ្យ​ទទួល​បាន​នូវ​ការ​ប្រកាស​បង្កើត​របប​សាធារណរដ្ឋ ជា​ផ្លូវការ​នោះ​រយៈពេល​២​ឆ្នាំ ដំបូង​នៃ​ជីវភាព​នយោបាយ​របស់​របប​ថ្មី​បាន​ត្រូវ​កត់សម្គាល់​ដោយ​ការ​ប្រឆាំង​ជំទាស់​របស់​គាត់ ចំពោះ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ ជា​និច្ច ។

សិរី​មតៈ ត្រូវ​បាន​គេ​ចាត់ទុកជា​មនុស្ស​ដែល​គេ​មិន​អាច​បំបែក​ចេញពី​លន់ ន​ល់ ដោយសារ​គាត់​ជា​មិត្ត​នឹង​គ្នា​តាំងពី​កុមារភាព​មក​ម្ល៉េះ ។ គេ​និយាយ​ថា អ្នក​ទាំង​២​បាន​ចម្រើន​វ័យ​ធំធាត់​ជា​មួ​យ​គ្នា ទោះជា​ព្រះ​អង្គជា​បងប្អូន​ជីដូនមួយ​នឹង​អតីត​ព្រះ​ប្រមុខរដ្ឋ ហើយ​មាន​វណ្ណៈ​ជា​ក្សត្រ​ក៏​ដោយ (​ព្រះ​រៀម ឬ​ព្រះ​អា​នុ​ជ​មួយ​អង្គ ក្នុង​ចំណោម​ព្រះ​រៀម ឬ​ព្រះ​អនុជ​ទាំងឡាយ​របស់​ព្រះ​អង្គ គឺ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ មេធាវី បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នក​ម្នាង​ណា​ណែ​ត ជា​បងស្រី​របស់​អ្នក​ម្នាង​ម៉ូ​និក សីហ​នុ​) ។ សិរី​មតៈ មានឈ្មោះ​ជា​មេ​នាំអាទិ៍​ដ៏​សំខាន់​ម្នាក់​ក្នុង​ចំណោម​មេ​នាំអាទិ៍​ដ៏ សំខាន់​ៗ​ក្នុង​ការ​ដកហូត​មុខ​តំណែង​ពី​សម្តេច​សីហ​នុ ហើយ​បាន​លេច​ឡើងជា​មនុស្ស​ទី​២ របស់​សាធារណរដ្ឋ​ទទួល​បន្ទុក​នយោបាយ​ក្នុង​និង​ក្រៅប្រទេស ។

ដើម្បី​ធ្វើខ្លួន​ឱ្យ​មតិ​សាធារណៈ​ទទួលស្គាល់ និង​សម្របសម្រួល​ទៅ​តាម​កាលៈទេសៈ និង​គោលការណ៍​របស់​សាធារណរដ្ឋ ព្រះ​អង្គ​បាន​លះបង់​ចោល​ឋានៈ​ជា​ក្សត្រ​ដើម្បី​ប្រែក្លាយ​មក​ជា​ពលរដ្ឋ​សាមញ្ញ​វិញ ។ ម្យ៉ាងទៀត​ព្រះ​អង្គ​បាន​ទទួល​គុណប្រយោជន៍​ពី​ជំនឿ​ទុកចិត្ត​មួ​​យ ក្នុង​ចំណោម​ប្រជាពលរដ្ឋ និង​យុវជន​រួច​ស្រេច​ទៅ​ហើយ ។

ក៏​ប៉ុន្តែ បញ្ញវន្ត​មួយ​ចំនួន​នៅ​តែ​មិន​ទុកចិត្ត​ព្រះ​អង្គ​ដដែល ។ ពួក​គេ​មិន​អាច​ចៀស​មិន​ចាត់​ទុក​ថា ព្រះ​អង្គជា​សមាជិក​ព្រះរាជ​វង្ស ហើយ​ថា​សកម្មភាព​របស់​ព្រះ​អង្គ​បាន​បង្ហាញ​ឱ្យ​ឃើញដើមហេតុ ដោយ​ការ​សងសឹក​ដែល​សាខា​រាជវង្ស​ខាង​សែស្រឡាយ​ព្រះ​ស៊ី​សុវត្ថិ ប្រាថ្នា​ធ្វើ​ទៅ​លើ​សែស្រឡាយ​ខាង​នរោត្តម​បាន​ឡើយ ។

តាំងពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​អង្គឌួង នៅ​ឆ្នាំ​១៨៦០ សែស្រឡាយ​ច្បង​មួយ​ដែល​ប្រសូត​ចេញពី​សម្តេចព្រះ​នរោត្តម (១៨៦០-១៩០៤) និង​សែស្រឡាយ​បន្ទាប់​មួយ​ដែល​ប្រសូត​ចេញពី​ស្តេច​ស៊ី​សុវត្ថិ​(១៩០៤-១៩២៧) ដែល​ជា​ព្រះ​អនុជ និង​ជា​គូប្រជែង​របស់​នរោត្តម​នោះ បាន​ច្រណែន​ចង់បាន​រាជបល្ល័ង្ក​ដូច​គ្នា ។ ពួក​អាណាព្យាបាល​បារាំង​បាន​លម្អៀង​មក​ខាង​សែស្រឡាយ​ព្រះ​ស៊ី​សុវត្ថិ ដែល​មាន​លក្ខណៈ​បើកចំហ​ទៅ​រក​ភាព​ទំនើប និង​ឆាប់​ស្រុះស្រួល​បំផុត​ជាមួយ​រាជការ​អាណា​ព្យា​បាល​បារាំង ។ ប៉ុន្តែ​បន្ទាប់​ពី​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​ស៊ី​សុវត្ថិ មុនី​វង្ស (១៩២៧-១៩៤០) លោក​ឧត្តម នា​វី​ដឺ​គូ (Decoux) បាន​ជ្រើសរើស​យុវ​ក្សត្រ​ព្រះ​នរោត្តម សីហ​នុ ជា​ព្រះរាជ​នត្តា​ព្រះបាទ​សម្តេច​ស៊ី​សុវត្ថិ ខាង​ព្រះ​មាតា និង​ជា​ព្រះរាជ​នត្តា​ទួត ព្រះបាទ​សម្តេច​នរោត្តម​ខាង​ព្រះ​បិតា ដើម្បី​ឡើង​គ្រងរាជ្យ​ជំនួស​ស្តេច​ព្រះ​មុនី​វង្ស​ទៅ​វិញ ។ ការ​ជ្រើសរើស​នេះ​បាន​បង្ក​ឱ្យ​មាន​គំនុំ​នៅ​ក្នុង​ចំណោម​សែ​ស៊ី​សុវត្ថិ និង​បង្កើត​នូវ​ជម្លោះ​មិន​ចេញ​មុខ​មួយ​រវាង​សាខា​រាជវង្ស​ទាំង​២​នេះ ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា​បន្ទាប់​ពី​ប្រទេស​ទទួល​បាន​ឯករាជ្យ​ភាព ហើយ​ដើម្បី​ធ្វើ​អ្វីមួយ​ឱ្យ​បាន​ប្រសើរ​ជាង​មុន នៅ​ក្នុង​ឆាកនយោបាយ សម្តេច​នរោត្តម សីហ​នុ បាន​ដាក់រាជ្យ​នៅ​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​១៩៥៥ ដើម្បី​ទុក​ព្រះរាជ​បល្ល័ង្ក​ថ្វាយ​ព្រះ​បិតា​ព្រះ​អង្គ​នរោត្តម សុរា​ម្រិ​ត ឡើង​សោយរាជ្យ​វិញ នៅ​តែ​សែ​នរោត្តម ។ បន្ទាប់​ពី​ព្រះ​បិតា​របស់​ព្រះ​អង្គ​សោយ​ទិវង្គត នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​១៩៦០ សម្តេច​សីហ​នុ បាន​ប្រកាស​ទុក​រាជបល្ល័ង្ក​ឱ្យ​នៅ​ទំនេរ ដែល​នេះ​ជា​ប្រការ​មិន​ទាន់​លុប​បំបាត់​របប​រាជាធិបតេយ្យ​នៅឡើយ ហើយ​សម្តេច​បាន​តែងតាំង​ព្រះ​អង្គ​ឯង​ជា​ព្រះ​ប្រមុខរដ្ឋ​ប្រទេស​កម្ពុជា ដែល​អនុញ្ញាត​ឱ្យ​ព្រះ​អង្គ​ធ្វើ​សកម្មភាព​ក្នុង​ឋានៈ​ជា​ព្រះរាជា​ស្ទើរតែ​ផ្តាច់​ការ ដោយ​ពុំ​មាន​ងារ​ជា​ព្រះមហាក្សត្រ​ឡើយ ។ តាម​ការ​ទត​ឃើញ​របស់​សែ​ស៊ី​សុវត្ថិ គ្មាន​ពេល​ណាមួយ​ដែល​សម្តេច​សីហ​នុ រៀបចំ​កន្លែង​ឱ្យ​ពួក​គេ​ដែល​ពួក​គេ​យល់​ឃើញ​ថា ស័ក្តិសម​នឹង​បាន​ទទួល​ឡើយ ។

ដោយ​មិន​យក​ព្រះ​ទ័យ​ទុកដាក់ ឬ​មិនដឹង​ថា ព្រះមហាក្សត្រ​ទាំងឡាយ​របស់​កម្ពុជា ជា​ក្សត្រ​ដែល​គេ​ជ្រើសតាំង ដែល​នាំ​បណ្តាល​ឱ្យ​មានការ​ទាស់ទែង និង​ជម្លោះ​ខាង​សន្តតិវង្ស មិន​ចេះ​ចប់ នៅ​ក្នុង​អតីត​កាលនោះ សម្តេច​សីហ​នុ បាន​បង្ហាញ​ភស្តុ​តាង​ពី​ជំហរ​របស់​ព្រះ​អង្គ និង​ពី​ស្ថានភាព​ប្រសើរ​ជាងគេ ដែល​ត្រូវ​បាន​មក​សែ​ខាង​នរោត្តម​ដូច្នេះ​ថា ៖ «​នៅ​ពេល​ព្រះមហាក្សត្រ​អង្គឌួង​សោយ​ទិវង្គត នៅ​ឆ្នាំ​១៨៦០ ព្រះរាជ​បល្ល័ង្ក​ត្រូវ​បាន​មក​ព្រះរាជបុត្រ​ច្បង​របស់​នរោត្តម​ទៅ​តាម​ប្រពៃណី​ដូច​មាន​កន្លង​មក  ។ រជ្ជកាល​របស់​ព្រះ​អង្គ​មាន​ភាព​ស្របគ្នា​នឹង​សម័យកាល​នៃ​ការ​ធ្វើ​សញ្ជ័យ​របស់​ពួក​បារាំង​ដែរ ដែល​ពេល​នោះ​ព្រះ​អង្គ​បាន​ប្រឆាំង​តបត​រយៈ​តាមការ​តស៊ូ​មួយ​ដោយ​ឥត​បានការ ។ នៅ​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត នៅ​ឆ្នាំ​១៩០៤ គឺ​ព្រះរាជបុត្រទី​២ របស់​ព្រះ​អង្គ​ព្រះ​នាម​សុទ្ធា​រតន៍ ដែល​ជា​ក្សត្រ​ត្រូវ​ឡើង​សោយរាជ្យ​ជំនួស​ព្រះ​អង្គ ។ ក៏​ប៉ុន្តែ​ពួក​បារាំង​បែរជា​ប្រគល់​ព្រះរាជ​បល្ល័ង្ក​ថ្វាយ​ស្តេច​ស៊ី​សុវត្ថិ ជា​ព្រះ​អនុជ​ពៅ​របស់​ស្តេច​នរោត្តម​ទៅ​វិញ ដើម្បី​ជា​រង្វាន់​ដល់​ស្តេច​អង្គ​នេះ ដែល​បាន​សហការ​ក្នុង​ការ​កម្ទេច​ចលនា​តស៊ូ​មួយ ដែល​ស្តេច​ព្រះ​នរោត្តម​ធ្លាប់​គាំទ្រ ដោយ​លួចលាក់ ។ ត្រង់នេះ​ហើយ​គឺជា​ការ​កាត់​ផ្តាច់​យ៉ាង​ជាក់ស្តែង​មួយ​ជាមួយ​ទម្លាប់​ជា​ប្រពៃណី ហើយ​ក្រុម​ខាង​សម្តេចព្រះ​នរោត្តម ក៏​ដូច​ជា​ប្រជារាស្ត្រ​ដែរ បាន​ប្រឆាំង​ជំទាស់​នឹង​រឿង​នេះ ។ នៅ​ពេល​ដែល​ស្តេច​ស៊ី​សុវត្ថិ​ចូល​ទិវង្គត​នៅ​ឆ្នាំ​១៩២៧ ពួក​បារាំង​បាន​ដាក់​បុត្រ​ច្បង​របស់​ព្រះ​អង្គ​ស៊ី​សុវត្ថិ មុនី​វង្ស ឱ្យ​ឡើង​គ្រងរាជ្យ​បល្ល័ង្ក ក្រោម​លេស​ធ្វើ​ទៅ​តាម​ទំនៀមទម្លាប់​ដូច​មុន​... ។

នៅ​ពេល​ស្តេច​ព្រះ​មុនី​វង្ស​ចូល​ទិវង្គត ពួក​បារាំង​បាន​ច្បាម​យក​ឱកាស​នេះ​ដើម្បី​សាកល្បង​រម្ងាប់​កំហឹង​មនុស្ស​ទាំងអស់ ។ ពួក​គេ​អាច​ជ្រើសរើស​ព្រះរាជបុត្រ​ច្បង​របស់​ស្តេច​នរោត្តម គឺ​ព្រះ​អង្គ​ម្ចាស់​សុទ្ធា​រតន៍ ដែល​នៅ​ពេល​នោះ​មាន​ព្រះ​ជន្ម​៧០​ព្រះ​វង្សា ឬ​ព្រះរាជបុត្រ​របស់​ស្តេច​អង្គ​នេះ គឺ​ព្រះ​អង្គ​ម្ចាស់​សុរា​ម្រិ​ត ឱ្យ​ឡើង​សោយរាជ្យ​» ។

«​គឺ​រូប​ខ្ញុំ​ដែល​ពួក​បារាំង​បាន​ជ្រើសរើស​» ។
 អំពី​ហេតុការណ៍​នេះ សម្តេច​សីហ​នុ​ផ្ទាល់​បាន​ចោទប្រកាន់​អំពើ​របស់​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ ចំពោះ​ការ​ស្អប់ គំកួន​របស់​ទ្រង់​ប្រឆាំង​នឹង​សែ​នរោត្តម​ថា​៖ «​អ្វី​ដែល​សិរី​មតៈ ធ្វើ​ដូច្នេះ​ពុំ​ធ្វើ​ឱ្យ​ខ្ញុំ​ងឿងឆ្ងល់​ឡើយ ។ សិរី​មតៈ ស្អប់ខ្ពើម​ខ្ញុំ​តាំងពី​កុមារភាព​ម្ល៉េះ ពីព្រោះ​ព្រះ​អង្គ​មានតម្រិះ​ថា ព្រះ​បិតុលា​របស់​ទ្រង់ គឺ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ មុនី​រ៉េ​ត (​ជា​ព្រះ​អនុជ​របស់​ព្រះ​មហាក្សត្រិយានី​ស៊ី​សុវត្ថិ កុសុមៈ ព្រះ​មាតា​សម្តេច​សីហ​នុ​)​ទេ ដែល​ត្រូវ​ឡើង​សោយរាជ្យ​ជំនួស​កន្លែង​ខ្ញុំ​នោះ ។ ទ្រង់​ក៏​មានតម្រិះ​ដែរ​ថា គឺ​ព្រះ​អង្គ​ម្ចាស់​មុនី​រ៉េ​ត​នេះ​ហើយ​ដែល​គេ​គួរតែ​ជ្រើសរើស​ឱ្យ​ឡើង​សោយរាជ្យ​» (​ក្នុង​សៀវភៅ​ជា​ស្នា​ព្រះ​ហស្ត​របស់​សម្តេច​សីហ​នុ  «​សេ​អុ​ី​អា​ប្រឆាំង  នឹង​ប្រទេស​កម្ពុជា​» ព្រះ​អង្គ​បាន​ចារ​ថា​៖ នៅ​សម័យ​ធ្វើ​រដ្ឋប្រហារ ពួក​មេដឹកនាំ​បង្កើត​ព្រឹត្តិការណ៍​នេះ មិន​មាន​បំណង​នឹង​បង្កើត​របប​សាធារណរដ្ឋ​មួយ​ដាច់ខាត ។ នេះ​ហើយ​ជា​រឿង​ដែល​សិរី​មតៈ​ប្រាថ្នា​ចង់បាន ព្រោះ​ព្រះ​អង្គ​ស្រមើស្រមៃ​ចង់​ឡើង​សោយរាជ្យ ) ។

ការ​ពោល​អះអាង​នេះ មាន​លក្ខណៈ​អនុគ្រោះ​យ៉ាង​ទូលំទូលាយ និង​ធ្វើ​ឱ្យ​កើត​មានការ​សង្ស័យ​ខ្លះ​ចំពោះ​ចេតនា​ដ៏​ជ្រាលជ្រៅ​របស់​ស៊ី​សុវត្ថិ សិរី​មតៈ ។ តើ​ព្រះ​អង្គ​បាន​ចូលរួម​ដោយ​សកម្ម ដើម្បី​ដេញ​កម្ចាត់​សីហ​នុ ដោយ​គំនិត​សងសឹក និង​ក្នុង​ក្តី​សង្ឃឹម​ដណ្តើម​រាជបល្ល័ង្ក​មក​វិញ ហើយ​រៀបចំ​បំពាក់​មកុដ​ឱ្យ​សែស្រឡាយ​ស៊ី​សុវត្ថិ​មួយ​អង្គ​ឡើង​សោយរាជ្យ​ជំនួស​សែស្រឡាយ​នរោត្តម​មួយ​អង្គ​មែន​ទេ ?

គឺ​ត្រង់​ចំណុច​នេះ​ហើយ ដែល​ជា​ការ​ផ្តើម​ឡើង​នូវ​វិវាទ​រវាង​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ និង​លន់ ណុ​ន ជា​ប្អូនប្រុស​របស់​ឧត្តមសេនីយ៍​លន់ លន់​នោះ ។ ក្រោយមក​កាលបើ​របប​សាធារណរដ្ឋ​ត្រូវ​បាន​ប្រកាស (​នៅ​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​១៩៧០) ការ​វិវាទ​នេះ​កាន់តែ​មាន​ភាព ស្រួច​ស្រល់ ឡើង​ៗ នៅ​ពេល​ដែល​បញ្ហា​ស្តី​ពី​ការ​បន្ត​តំណែង​លោក​លន់ ន​ល់ បាន​ចោទ​ឡើង​បន្ទាប់​ពី​គាត់​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន នៅ​ខែកុម្ភៈ ឆ្នាំ​១៩៧១ ដែល​ធ្វើ​ឱ្យ​មនុស្ស​គ្រប់​រូប​ប្រុងប្រៀប​ខ្លួន ដើម្បី​តំណែង​នេះ​រួច​ជា​ស្រេច។

ក្នុង​ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ទី​១ នៃ​គណៈរដ្ឋមន្ត្រី ព្រះ​អង្គ​ម្ចាស់​សិរី​មតៈ ហាក់ដូចជា​ពុំ​មាន​អ្វី​ត្រូវ​ស្តាប់បង្គាប់​លន់ ណុ​ន សោះឡើយ​។ ប៉ុន្តែ​ដោយ​រក្សា​ការ​មិន​ទុកចិត្ត​ចំពោះ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ សិរី​មតៈ និង​ដោយ​បង្កើត​គណៈកម្មាធិការ​អ្នក​សាធារណរដ្ឋ​មួយ លន់ ណុ​ន បាន​សម្រេច​ប្រមូល និង​ដាក់​បង្ខំ​ក្នុងអំឡុងពេល​ដែល​បង​របស់​គាត់​ឈឺ និង​អវត្តមាន ព្រោះ​គាត់​ចាកចេញ​ទៅ​ព្យាបាល​រោគ​នៅ​ទីក្រុង​ហូ​ណូ​លូ​លូ រដ្ឋ​ហា​វ៉ៃ នូវ​អាជ្ញា​ចំពោះ​រដ្ឋាភិបាល​សិរី​មតៈ នៅ​ដើមឆ្នាំ​១៩៧១​នោះ ។

ប៉ុន្តែ គេ​គួរតែ​ឈ្វេងយល់​អំពី​បុគ្គល​លន់ ណុ​ន នេះ​ឱ្យ​បាន​ប្រសើរ​ជាង​មុន​ជា​ចាំបាច់ ដែល​គេ​មាន​ទម្លាប់​និយាយ​ថា គាត់​មិន​រួញរា​នឹង​ប្រើ​វិធី «​ចាត់ការ​រហ័ស​» ឡើយ និង​ជា​ពិសេស​ថា គាត់​ប្រាថ្នា​ចង់​ស្នង​មុខងារ​ជាន់ខ្ពស់​ជំនួស​បង​របស់​គាត់​ដែល​មាន​ជំងឺ​ទៀត​ផង ។

លន់ ណុ​ន កើត​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​១៩៣០ នៅ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ ។ ឪពុក​ម្តាយ​របស់​គាត់​ឈ្មោះ​លន់ ហុ​ិ​ន និង​នាងនួន មានកូន​ទាំងអស់​១០​នាក់ ហើយ​គាត់​ជា​កូន​ទី​៧ ៖

១-​អ្នកស្រី​លន់ យ៉ា​ត​, ២-​លន់ ន​ល់​, ៣-​លន់ និល (​ត្រូវ​ប្រជាជន​សម្លាប់​នៅ​ខែមីនា ឆ្នាំ​១៩៧០),  ៤-​អ្នកស្រី​លន់ សាន (​ស្លាប់​), ៥-​លន់ និ​ន (​ស្លាប់​), ៦-​អ្នកស្រី​លន់ ធួ​ក​, ៧-​លន់ ណុ​ន​, ៨-​លន់ កេង​, ៩-​លន់ ថូ និង​១០-​លន់ វិ​រៈ ។ (​បញ្ជី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​លន់ ណុ​ន​ផ្ទាល់​) ។  

គេ​បាន​និយាយ​ថា គាត់​ធ្លាប់​បាន​ទៅ​បន្ត​ការ​សិក្សា​ក្នុង​សាលា​ឯកជន​មួយ​ផ្នែក​ស៊ើបអង្កេត​នៅ​ប្រទេស​បារាំង ។ នៅ​ពេល​ត្រឡប់​មក​ប្រទេស​វិញ​គាត់​បាន​ចូល​បម្រើ​ការងារ​នៅ​ក្នុង​អង្គភាពប៉ូលិស​ជាតិ ហើយ​មក​បាន​បំបែរទិស​ទៅ​រក​ផ្នែក​កងទ័ព​វិញ ដោយ​គាត់​ឆ្លងកាត់​តាម​រយៈ​សាលា​យោធា​ខ្មែរ​នៅ​ក្រុងភ្នំពេញ ។ គាត់​គឺជា​សមាសភាព​ម្នាក់​ក្នុង​ចំណោម​សមាសភាព​នាយទាហាន​សកម្ម​ជំនាន់​ទី​១៣  ។ ពេល​គាត់​ចាក​ចេញពី​សាលា​យោធា​ខ្មែរ គាត់​បាន​ទទួល​ឋានន្តរស័ក្តិ​ជា​អនុសេនីយ៍ទោ​ភ្លាម តាម​ក្បួនខ្នាត​នៃ​អាជីព​ដែល​មាន​បន្ត​គ្នា កាលពីមុន​របស់​គាត់ នៅ​ពេល​ដែល​បណ្តា​មិត្តភក្តិ​ទាំង​ប៉ុន្មាន​របស់​គាត់​បាន​ពាក់​ស័ក្តិ​ត្រឹមតែ​នាយចំណង់​(Aspirant) ប៉ុណ្ណោះ ។ គាត់​ប្តូរ​មុខងារ​ទៅ​ខាង​កងរាជអាវុធហត្ថ​ជាតិ​នៅ​ក្រុងភ្នំពេញ​វិញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​វិ​ថី​កម្ពុជា​ក្រោម ចម្ងាយ​ជាង​១០០​ម៉ែត្រ ពី​ខាងលិច​ផ្សារ​ធំ​ថ្មី ។ គាត់​បាន​ស្ថិត​នៅ​ទីនោះ​រហូត​មក​ដល់​ឆ្នាំ​១៩៧០ ។

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» បន្ត​ថា​នៅ​ក្រោម​របប​ចាស់ គាត់​ត្រូវ​គេ​ស្គាល់​ជា​ពិសេស​ក្នុង​ឋានៈ​ជា​ប្រភេទ​អ្នក​ឧបត្ថម្ភ​ម្នាក់ ដែល​ការពារ និង​ផ្តល់​ទាំង​លុយកាក់ ទាំង​សម្ភារ ឱ្យ​កាសែត​ក្នុងស្រុក​មួយ​ចំនួន ។ ការ​ដែល​បង​របស់​គាត់​លន់ លន់ ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស ស្ទើរតែ​គ្រប់​រាជរដ្ឋាភិបាល​នោះ បាន​ផ្តល់​ឱ្យ​គាត់​នូវ​អំណាច​ដ៏​ជាក់លាក់​មួយ ពេល​គាត់​និយាយ​ទៅ​កាន់​គូសន្ទនា​ទាំងឡាយ​របស់​គាត់ ។ គាត់​រស់នៅ​ក្រោម​ការ​គាំពារ​ពី​បង​របស់​គាត់​ជា​និច្ច ហើយ​ឆ្លៀត​ទាញ​យក​ប្រយោជន៍​ពី​ស្ថានភាពរ​បស់បង​ទៀត​ផង ។ ការិយាល័យ​ធ្វើការ និង​ផ្ទះ​របស់​គាត់​គឺ​ស្ថិត​នៅ​ក្នុង​លំនៅ​ឋាន​តែ​មួយ​ជាមួយ​បងប្រុស​របស់​គាត់​ដែរ ដែល​ស្ថិត​នៅ​ក្បែរ​ទំនប់​ទឹក​ពេទ្យ​រុ​ស្សី ហើយ​មាន​អ្នក​មក​ពឹង​ពាក់​យ៉ាងច្រើន​ចូល​មក​ទាក់ទង​នឹង​គាត់​ជា​ញឹកញយ ។

គាត់​បាន​ចាប់ផ្តើម​ប្រមូលផ្តុំ​ពួក​បញ្ញវន្ត​ដែល​ប្រឆាំង​នឹង​របប​រាជាធិបតេយ្យ​បង្កើត​ជា​ក្រុម​តស៊ូ​នយោបាយ តូច​ៗ​តាំងពី​ពេល​នោះ​ម្ល៉េះ ។

ក្រុម​តស៊ូ​នយោបាយ​នេះ កើត​មាន​កាន់តែ​ច្រើន និង​កាន់តែ​សកម្ម​ឡើង ចាប់តាំងពី​ឆ្នាំ​១៩៦៨​មក ។ ការ​ប្រជុំ​សម្ងាត់ ផ្សេង​ៗ​បាន​ប្រព្រឹត្ត​ទៅ​ជា​ក្រុម តូច​ៗ​មាន​មនុស្ស​ពី​៤​ទៅ​៧​នាក់ នៅ​ក្នុងផ្ទះ​មួយ​នៅ​ជនបទ​ជា​កម្មសិទ្ធិ​របស់​គាត់ ស្ថិត​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​ពី​រាជធានី  នៅ​ក្បែរ​វត្ត​ហា ប្រប​មាត់​ស្ទឹង​កំពង់កន្ទួត ក្នុងស្រុក​កំពង់កន្ទួត ខេត្ត​កណ្តាល ។ នៅ​រាល់​សម័យប្រជុំ នីមួយ​ៗ អ្នកចូលរួម​ប្រជុំ​ទាំងអស់​បាន​ផ្តើម​ធ្វើការ​វិភាគ​ពី​ស្ថានការណ៍​របស់​ប្រទេស​ជាតិ ទាំង​ខាងក្នុង​ក៏​ដូច​លើ​ឆាក​អន្តរជាតិ ។ គេ​ក៏​លើក​និយាយ​ពី​ការ​ស្រឡាញ់់​ជាតិ​មាតុភូមិ គំនិត​ជាតិនិយម លទ្ធិ​វាតទី​និយម​របស់​វៀតណាម​ខាងជើង និង​ង​វៀត​កុង ហើយ​ជា​ពិសេស​ពី​លទ្ធិផ្តាច់ការ​និយម​របស់​សម្តេច ដែល​ជំរុញ​ដោយ​មហេសី ព្រះ​អង្គ​ម៉ូ​និក និង​ដោយ​ពួក​អ្នក​នៅ​ជុំវិញ​អ្នក​ម្នាង​ដែល​ពុក​រលួយ​រហូត​ដល់​ឆ្អឹង​ផង​ដែរ ។ សមាជិក ម្នាក់​ៗ​មាន បេសកកម្ម​ត្រូវធ្វើ​ឱ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​ដឹង​ពី​ព្រឹត្តិការណ៍ និង​ការណ៍​ពិត​ទាំងនេះ ។ ក៏​ប៉ុន្តែ​គេ​នៅ​ពុំ​ទាន់​និយាយ​ពី​បញ្ហា​របប​រាជា​ធិ​តេ​យ្យ និង​របប​សាធារណរដ្ឋ​នៅឡើយ​ទេ ។

នៅ​ឆ្នាំ​១៩៦៨ ខ្ញុំ​ធ្លាប់​បាន​ចូលរួម​សម័យប្រជុំ​ទាំងនេះ​ជាមួយ​បណ្តា​មិត្តភក្តិ​ខ្ញុំ​ខ្លះ ដូច​ជា​ម៉ា​ន់ តេ​ង​សុ​ន (Mann Tengson) ទទួល​បន្ទុក​រៀបចំ​សន្និសីទ​នៅ​មហាវិទ្យាល័យ​អក្សរសាស្ត្រ និង​វ៉ា​ន់ ឌី​កា​អុ​ន​ជាដើម ។ លន់ ណុ​ន  បាន​ដាក់​សហការី​ម្នាក់​ក្នុង​ចំណោម​សហការី​ទាំងអស់​របស់​គាត់​ឈ្មោះ​ហួត ហៀ​ម (Huot Heam) ឱ្យ​ទាក់ទង​ជាមួយ​យើង ។ ហួត ហៀ​ម បាន​ធ្វើ​ដំណើរ​មក​ជួប​យើង​ដោយ​រថយន្ត​របស់​គាត់​មួយ​គ្រឿង​ម៉ាក​រឺ​ណូ​ល ៤​អិ​ល (Renault4L) ដើម្បី​ដឹក​យើង​ទៅ​កាន់​ផ្ទះ​នៅ​វត្ត​ហា ។ 

សៀវភៅ «​សាធារណរដ្ឋ​ខ្មែរ​» របស់​លោក​បណ្ឌិត​រស់ ច​ន្ត្រា​បុត្រ បន្ត​ថា យើង​មិន​ស្គាល់​បណ្តា​សមាជិក​នៃ​ក្រុម​អ្នកតស៊ូ​នយោបាយ ដទៃ​ៗ​ទៀត​ទេ លើកលែងតែ​បណ្តា​សហការី​ដ៏​ជិតដិត​របស់​លើ​លន់ ណុ​ន ប៉ុណ្ណោះ ដូច​ជា​វរសេនីយ៍ត្រី​ឈឹ​ម ឈួ​ន​, លោក​លឿង វ៉ែន និង​លោក​ថោ​ង លឹ​ម​ហួង​ជាដើម ។

យើង​បាន​ដំណឹង​ថា គាត់​បាន​រក្សា​ការ​ទាក់ទង​ជា​សម្ងាត់​ជាមួយ​ចលនា​ខ្មែរ​សេរី ហើយ​ថា​សឹង ង៉ុ​កថា​ញ់ ជា​ប្រមុខ​ដឹកនាំ​ចលនា​នេះ​ដែល​រស់នៅ​និរទេស​ខ្លួន​នៅ​ភាគ​ខាងត្បូង​វៀតណាម បាន​ឆ្លង​មក​កាន់​ប្រទេស​កម្ពុជា ជា​សម្ងាត់ ដើម្បី​ពិគ្រោះគ្នា​ជាមួយ​គាត់​នៅ​កន្លែង​តែ​មួ​ួ​យ​ដែល​យើង​ធ្លាប់​ប្រជុំ​ដែរ ។ ម្យ៉ាងទៀត មនុស្ស​ជាទី​ទំនុកចិត្ត​របស់​គាត់​២​នាក់ គឺ​ពលបាលត្រី​គារ​ឃី​ន និង​កុ​ល ឡុ​ង​សេង នៃ​កងរាជអាវុធហត្ថ​ជាតិ​នៅ​ក្រុងភ្នំពេញ ជា​អ្នករ៉ាប់រង​ធ្វើការ​ទាក់ទង ផ្សេង​ៗ​ជាមួយ​សឺ​ង ង៉ុ​កថា​ញ់ និង​ធ្វើ​ដំណើរ​បំពេញបេសកកម្ម ដោយ​ទៀងទាត់​ទៅ​កាន់​ខេត្តស្វាយរៀង ដែល​ជាប់​ព្រំដែន​ជាមួយ​វៀតណាម​ខាងត្បូង ។ ក្រោយមក​នៅ​ក្រោម​របប​សាធារណរដ្ឋ ពលបាលត្រី​ទាំង​២​រូប​នេះ​ក្លាយទៅជា​អនុសេនីយ៍ឯក បន្ទាប់​មក​ជា​មេបញ្ជាការ​កងវរសេនាតូច ហើយ​ជា​ពិសេស​បាន​ត្រូវ​ចាត់តាំង​ឱ្យ​បំពេញការងារ ផ្សេង​ៗ​ដែល​ថោកទាប​ថែម​ទៀត ។

ខាង​ផ្នែក​សារព័ត៌មាន លន់ ណុ​ន បាន​ពឹងផ្អែក​សម្អាង​លើ​កាសែត​ប្រចាំ​ថ្ងៃជា​ភាសា​ខ្មែរ​២ គឺ​កាសែត «​ប្រយោជន៍​ខ្មែរ​» ដែល​មាន​លឿង វ៉ែន ជា​ចាងហ្វាង និង​កាសែត «​សុវណ្ណ​ភូមិ​»  ដែល​មាន​ឃួ​ន ថៃ ជានា​យក (​បន្ទាប់​ពី​រដ្ឋប្រហារ​ថ្ងៃ​១៨ មីនា ១៩៧០ កាសែត​ប្រយោជន៍ខ្មែរ​បាន​ក្លាយជា​កាសែត​របស់​រដ្ឋ​)​។  នៅ «​ទីភ្នាក់ងារ​ព័ត៌មាន​ខ្មែរ​» (AKP)  ដែល​នៅ​ក្រោម​ចំណុះ​ទីស្តីការក្រសួង​ឃោសនាការ​នោះ​គាត់​អាច​ទុកចិត្ត​លើ​ថោ​ង លឹ​ម​ហួង ។ មនុស្ស​ទាំង​៣​រូប​នេះ បាន​ទទួល​មូលនិធិ​ទាំង​អស់ពី​លន់ ណុ​ន ។

(នៅមានត)