ទំនៀមទម្លាប់​នារី​ក្រមុំ​ជនជាតិ​ព្រៅ​ចាក់​សាក់​លើ​មុខ

ខេត្តរតនគិរី ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ឈ្មោះ​យ៉ៅ លឹ​ម អាយុ​៧៥​ឆ្នាំ ជា​កសិករ ជនជាតិ​ដើម​ភាគតិច​ព្រៅ រស់នៅ​ភូមិ​ឈឺ​ន​ឆាយ  ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ។ គាត់​គឺជា​ស្ត្រី​ចំណាស់​ម្នាក់​ដែល​យល់​ដឹង​ច្រើន​ពី​ទំនៀមទម្លាប់​ចាក់​សាក់​មុខ​របស់​នារី​ក្រមុំ​ជនជាតិភាគតិច ។

លោកយាយ​យ៉ៅ លឹ​ម មានកូន​ចំនួន​៩​នាក់  តែ​ប្តី​របស់​គាត់​បាន​ស្លាប់​ទៅ​ហើយ ។ ខណៈ​កូន​ៗ​មាន​ប្តី​ប្រពន្ធ​គ្រប់​គ្នា​អស់​ទៅ​ហើយ​នោះ លោកយាយ​យ៉ៅ លឹ​ម សង់​កូនខ្ទម​តូច​មួយ​រស់នៅ​ម្នាក់ឯង ។

ក្នុង​ជំនួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​១២ មក​រា ២០១៥ លោកយាយ​យ៉ៅ លឹ​ម ដែល​និយាយ​ភាសា​ខ្មែរ​មិនសូវ​ច្បាស់ ព្រោះ​គាត់​ជា​ជនជាតិ​ព្រៅ បាន​តំណាល​ថា គ្រប់​ស្ត្រី​ជនជាតិ​ព្រៅ​ទាំងអស់ ឱ្យ​តែ​ពេញវ័យ​ក្រមុំ​អាយុ​១៥​ឆ្នាំ ក្រុម​គ្រួសារ និង​មេកន្ទ្រាញ​តម្រូវ​ឱ្យ​ចាក់​សាក់​លើ​ផ្ទៃមុខ គ្រប់​ៗ​គ្នា បើ​មិន​ធ្វើ​តាម​មេកន្ទ្រាញ​ទេ គេ​ចោទ​ថា​មិន​គោរព​ប្រពៃណី ឬ​ជា​ស្រី​មិន​ស្អាត ។ ស្ត្រី​ជនជាតិ​ព្រៅ​ដែល​ចាក់​សាក់​លើ​ផ្ទៃ​មុខជា​ច្រើន​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​អស់​នៅ​សល់​តែ​២​នាក់​ទេ​បច្ចុប្បន្ន ។

ចំពោះ កំលោះ​ៗ​មេកន្ទ្រាញ​មិន​តម្រូវ​ឱ្យ​ចាក់​សាក់​មុខ​ទេ ។ តាម​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ព្រៅ បើ​បុរស​ណា​មាន​ប្រពន្ធ​ហើយ មេកន្ទ្រាញ​ហាមឃាត់​ដាច់ខាត​មិន​ឱ្យ​មាន​ស្រី​ផ្សេង​លួចលាក់​ក្បត់​កូន​ប្រពន្ធ​ទេ បើ​ធ្វើ​បែប​នោះ​ហើយ​មេកន្ទ្រាញ​ដឹង​គេ​នឹង​ផាកពិន័យ​ឱ្យ​កាប់​គោ​២​ក្បាល ក្របី​២​ក្បាល ជ្រូក​២​ក្បាល ដើម្បី​សែន​ភូមិ សែន​ចាស់ទុំ កុំឱ្យ​ចង្រៃ​ភូមិ ឬ​ដេញ​ចេញពី​ភូមិ និង​សម្លាប់​ចោល​តែ​ម្តង ។

កាលពី​សម័យ​មុន​ជាង​៦០​ឆ្នាំ​កន្លង​មក​ហើយ លោកយាយ​យ៉ៅ លឹ​ម មាន​ប្រសាសន៍​ថា  រូប​គាត់​ផ្ទាល់ ក៏​ដូច​ជា​ជាតិ​ដើម​ភាគតិច​ព្រៅ​ទាំងអស់ មិន​ដែល​ស្គាល់​ទីក្រុង មិន​ដែល​ស្គាល់​ពាក្យ​ផ្សារ​លក់​មាស ឬ​លក់​ខោអាវ​ទេ ស្លៀកពាក់​តែ​ខោអាវ​ប៉ឹង បិទ​បាំង​រាង​កាយ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ទាក់ទិន​នឹង​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិ​ដើម​ព្រៅ នៅ​ពេល​បច្ចុប្បន្ន​នេះ ក្មេង​ស្រករ​រស់នៅ​ភូមិ​ឈឺ​ន​ឆាយ រៀបរាប់​ថា ដោយ​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​ឱ្យ​មានការ​រីក​ចម្រើន​គ្រប់​វិស័យ ជាក់ស្តែង​ជនជាតិ​ដើម​ភាគតិច មាន​ម៉ូតូ​ជិះ មាន​រថយន្ត​ជិះ ស្ទើរតែ​គ្រប់​គ្នា​ទៅ​ហើយ ។ ចំពោះ​ទំនៀមទម្លាប់​ប្រពៃណី​កាលពី​សម័យ​មុន ដែល​មេកន្ទ្រាញ​តម្រូវ​ឱ្យ​គ្រប់​ស្ត្រី​ក្រមុំ​វ័យ​១៥​ឆ្នាំ ត្រូវ​តែ​ចាក់​សាក់​មុខ​នោះ ពេល​បច្ចុប្បន្ន​សាបរលាប​បាត់បង់​អស់ហើយ អត់​មាន​សល់​ទៀត​ទេ ៕