កូនចៅ​ចិន​មាន​ត្រណម​និង​សកម្មភាព​អ្វីខ្លះ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

រាជធានី​ភ្នំពេញ ៖ បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​១៧ កុម្ភៈ ខាង​មុខ (​ថ្ងៃ​សែន​) ហើយ​កូនចៅ​ចិន​ជាង​៨០​ម៉ឺន​នាក់ ដែល​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រុងប្រៀប​រៀបចំ​លំនៅ​ឋាន​របស់​ខ្លួន​ជា​បណ្តើរ​ៗ ដើម្បី​ទទួល​ឆ្នាំ​ថ្មី​សិរី​សួស្តី​ទាំងអស់​គ្នា ។ តើ​នៅ​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​នេះ ពួក​គាត់​មាន​ត្រណម​ឬ​សកម្មភាព​ជំនឿ​អ្វីខ្លះ ?

លោក​សៃ ហេង ប្រធាន​សមាគម​ចិន​ខិ កម្ពុជា បាន​ឲ្យ​ដឹង​ថា តាម​ប្រពៃណី​ចិន​សម្រាប់​នៅ​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ កូនចៅ​ទាំងអស់​នៅ​តាម​គ្រួសារ​នីមួយ​ៗ​មិន​ថា​នៅ​ជិត ឬ​នៅ​ឆ្ងាយ​ត្រូវ​តែ​មក​ជួបជុំ​គ្នា​សែន​ទាំងអស់​គ្នា​នៅផ្ទះ​ឪពុក​ម្តាយ​រៀង​ៗ​ខ្លួន ។ ការ​ជួបជុំ​គឺ​បង្ហាញ​ពី​ការ​ហូប​បាយ​រួម​គ្នា និង​ការ​សួរសុខទុក្ខ​គ្នា​រវាង​បងប្អូន​ថា​នៅ​ឆ្នាំ​ចាស់​កន្លង​ទៅ តើ​ការ​រស់នៅ និង​ការ​ប្រកប​មុខរបរ​យ៉ាងដូចម្តេច​ដែរ ? នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្ងៃ​ទី​១ បន្ទាប់​ពី​ការ​សែនដូនតា កុង​មា​៉​ហើយ​អាច​ថា​ជា​ថ្ងៃ​ត្រណម​មួយ​ដែរ សម្រាប់​កូនចៅ​ចិន គឺ​ហាម​មិន​ឲ្យ​បោស​សំរាម និង​មិន​ឲ្យ​ធ្វើ​ការងារ​អ្វី​ទាំងអស់​នៅ​ក្នុងផ្ទះ គឺ​ពួក​គាត់​ទុក​ពេល​ឲ្យ​កូនចៅ​ទាំងអស់​បង្កើត​កម្មវិធី​សប្បាយ​រួម​គ្នា ។ ចំណែក​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ទី​២ កូនចៅ​ទាំងអស់​អាច​ដើរ​លេង​កម្សាន្ត និង​សួរសុខទុក្ខ​បងប្អូន​ផ្សេង​ៗ​នៅ​គ្រប់​ទីកន្លែង​បាន ។

ទាក់ទង​នឹង​សកម្មភាព និង​ការ​គោរព​តាម​ប្រពៃណី​ជនជាតិ​ចិន​នេះ លោក សៃ ហេង ថ្លែង​ថា យើង​នៅ​តែ​គោរព និង​ធ្វើ​តាម​ជីដូន​ជីតា​របស់​យើង​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ដែល​មាន​ប្រ​វ​តិ្ត​រាប់​ពាន់​ឆ្នាំ​មក​ហើយ ប៉ុន្តែ​សម្រាប់​កូនចៅ​ចិន​រស់នៅ​ប្រទេស​ចិន និង​កូនចៅ​ចិន​រស់នៅ​កម្ពុជា ការ​រៀបចំ​គឺ​មាន​ខុស​ប្លែក​គ្នា​តិចតួច ផ្អែក​ទៅ​លើ​កម្រិតជីវភាព ៕