សម្រស់​ធម្មជាតិ​វាលស្រែ និង​ទំនៀមទម្លាប់​របស់​អ្នកស្រុក​សូទ្រនិគមខេត្តសៀមរាប កំពុង​តែ​ទាក់ទាញ​អ្នកទេសចរ​បរទេស​ទៅ​កម្សាន្ត

ខេត្តសៀមរាប ៖ នៅ​ក្នុង មួយ​ថ្ងៃ​ៗ​មាន​អ្នកទេសចរ​បរទេស​ប្រមាណ​ពី​៧​ទៅ​២០​នាក់​នាំ​គ្នា​ជិះ​រទេះគោ​របស់​អ្នក​ភូមិ​ក្នុង​សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នារ​ពោធិ​បន្ទាយ​អំពិល ស្ថិត​នៅ​ក្នុង​ឃុំ​ខ្នារ​ពោធិ ស្រុក​សូទ្រនិគម​ខេត្តសៀមរាប ដើម្បី​ទស្សនា​សម្រស់​ធម្មជាតិ​វាលស្រែ វាលស្រូវ និង​ប្រពៃណី ទំនៀមទម្លាប់​របស់​អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ។

លោក Gerry Trower ជា​អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់​ក្នុង​ចំណោម​២០​នាក់ ដែល​ជិះ​រទេះគោ​ទស្សនា​សម្រស់​ធម្មជាតិ​តាម​វាលស្រែ​វាលស្រូវ​ពណ៌​បៃតង​ដ៏​ស្រស់​ស្អាត​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និយាយ​ថា បច្ចុប្បន្ន​នេះ​នៅ​លើ​ពិភពលោក គឺ​មាន​ប្រទេស​ប្រមាណ​ជា​៣​ទៅ​៤​ប៉ុណ្ណោះ​ទេ ដែល​នៅ​មាន​វាលស្រូវ​ពណ៌​បៃតង ដូច​ជា​នៅ​កម្ពុជា​ជាដើម ធ្វើ​ឱ្យ​អ្នកទេសចរ​រីករាយ​ទស្សនា​កម្សាន្ត ហើយ​ពេញចិត្ត​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​តំបន់​មាន​ភាព​រួសរាយ​រាក់ទាក់ ។ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​មាន​តែ​ទីក្រុង ប៉ុន្តែ​មិន​មាន​ទី​ជនបទ​ទេ ។ ចំណែក​ប្រទេស​កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​នៅ​មាន​ទី​ជនបទ ព្រមទាំង​តំបន់​ទេសចរណ៍ធម្មជាតិ​ល្អ​ណាស់ ។

លោក Gerry Trower ពេញចិត្ត​នឹង​ទិដ្ឋភាព​បែប​នេះ​ណាស់ ហើយ​នៅ​ពេល​លោក​ត្រឡប់​ទៅ​ប្រទេស​អង់គ្លេស​វិញ នឹង​និយាយ​ប្រាប់​ក្រុម​គ្រួសារ រួម​ទាំង​មិត្តភក្តិ​ឱ្យ​គេ​បានដឹង និង​ចាប់អារម្មណ៍ ហើយ​លោក​នឹង​នាំ​ពួក​គេ​មក​កម្សាន្ត​ម្ដងទៀត ។

ចំណែក​លោក​គង់ ប៊ុ​ន​លួស តំណាង​ឱ្យ​សហគមន៍​ទេសចរណ៍ធម្មជាតិ​ខ្នារ​ពោធិ​បន្ទាយ​អំពិល ឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ស្រុក​ក៏​ដូច​ជា​មន្ទីរ​ទេសចរណ៍​ខេត្ត ទើប​អ្នកទេសចរ​ដែល​បាន​ទៅ​ទស្សនា​នៅ​តំបន់​នោះ​កន្លង​មក​តែងតែ​ពេញចិត្ត​ទៅ​នឹង​សម្រស់​ធម្មជាតិ ។ ភាព​ទាក់ទាញ​នៅ​ក្នុង​តំបន់​គឺ​សម្រស់​ធម្មជាតិ​វាលស្រូវ និង​ប្រពៃណី​ទំនៀមទម្លាប់​របស់​អ្នក​ភូមិ ព្រមទាំង​ព្រៃឈើ​សហគមន៍​ជាដើម​។ សម្រាប់​អ្នកទេសចរ​ដែល​បាន​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​នោះ​អាច​ស្នាក់​នៅ​បាន​ទៀត​ផង ដោយ​សហគមន៍​រៀបចំផ្ទះ​ស្នាក់​នៅ និង​ម្ហូបអាហារ​ដែល​ចំអិន​ពី​បន្លែ ត្រី​ស្រស់​របស់​អ្នក​ភូមិ​គ្មាន​ជាតិ​គីមី​យ៉ាង​ឆ្ងាញ់​ពិសា​ថែម​ទៀត​ផង ។

លោក​ម៉ក ប្រុស អភិបាលស្រុក​សូទ្រនិគម​ឱ្យ​ដឹង​ថា ដោយសារ​តែ​អ្នកទេសចរ​តែងតែ​ទៅ​កម្សាន្ត​នៅ​តំបន់​ខ្នារ​ពោធិ​បន្ទាយ​អំពិល​កន្លង​មក ទើប​អាជ្ញាធរ​ស្រុក​ដាក់​នគរបាល​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​អ្នកទេសចរ​ជា​និច្ច ។

លោក​អភិបាលស្រុក​បាន​ស្នើ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត ជួយ​រៀបចំ​តំបន់​នោះ​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង ដើម្បី​ឱ្យ​អ្នកទេសចរ​ទៅ​ទស្សនា​កាន់តែ​ច្រើន​ឡើង និង​ដើម្បី​ឱ្យ​អ្នក​រស់នៅ​តំបន់​នោះ​រកបាន​ចំណូល និង​មាន​ជីវភាព​ប្រសើរ​ឡើង ។

លោក​ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ឱ្យ​ដឹង​ថា មន្ទីរ​ទេសចរណ៍​នឹង​ឱ្យ​មន្ត្រី​ជំនាញ​ទៅ​ជួយ​រៀបចំ​នៅ​តំបន់​នោះ ដូច​ជា​ការ​បង្រៀន​ភាសាបរទេស​ដល់​យុវជន​នៅ​ក្នុង​សហគមន៍​ឱ្យ​ក្លាយទៅជា​មគ្គុទ្ទេសក៍​ទេសចរណ៍​សហគមន៍ បង្រៀន​អំពី​ជំនាញ​បដិសណ្ឋារកិច្ច​អ្នក​ទេសចរណ៍ និង​ជំនាញ​សង្គ្រោះ​បន្ទាន់​នៅ​ពេល​អ្នកទេសចរ​មាន​គ្រោះថ្នាក់​ណាមួយ​កើតឡើង​ជាយថាហេតុ និង​របៀប​ការពារ និង​សម្អាត​បរិស្ថាន ។ ការ​បង្រៀន​ជំនាញ​ទាំងនោះ គឺ​ក្នុង​គោលបំណង ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​នោះ​ទទួល​បាន​កម្រៃ​ពី​វិស័យ​ទេសចរណ៍ធម្មជាតិ​ដោយ​ផ្ទាល់ សម្រាប់​ផ្គត់ផ្គង់​ក្នុង​ក្រុម​គ្រួ​សារបាន​ល្អ​ប្រសើរ​ថែម​មួយ​កម្រិត​ទៀត ៕