សម្រស់​ធម្មជាតិ​និង​សត្វព្រៃ​នៅ​តំបន់​ភ្នំ​ណាំ​លៀវគាប់ចិត្ត​អ្នកទេសចរ ទៅ​ម្តង​ហើយ​ចង់ទៅ​ម្តងទៀត

ខេត្តមណ្ឌលគិរី ៖ តំបន់​ភ្នំ​ណាំ​លៀវ មាន​ផ្ទៃដី​៤៧៥​គីឡូ​ម៉ែត្រការ៉េ ស្ថិត​នៅ​ជិត​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុងភូមិ​វ៉ា​រយោង ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។ ទីនោះ​មាន​សម្រស់​ធម្មជាតិ​ស្រស់់​ប្រណីត​ណាស់ ព្រៃឈើ និង​វាលស្មៅ​ខៀវស្រងាត់ ពិសេស​ផ្ទៃ​ថ្មភ្នំ​លាតសន្ធឹង​សែន​ធំ ដែល​គេ​អាច​ដើរ​កម្សាន្ត​លើ​នោះ​។ តំបន់​ភ្នំ​ណាំ​លៀវ ជាទី​តាំង​រក្សា​សត្វព្រៃ​ដ៏​សំខាន់ ។

ព្រៃ​ព្រឹក្សា​ខៀវស្រងាត់ និង​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ធ្វើ​ឱ្យ​ភ្នំ​ណាំ​លៀវ​ទាក់ទាញ​អ្នកទេសចរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ទៅ​ទស្សនា​កម្សាន្ត ។

ភ្នំ​ណាំ​លៀវ​ក្នុង​ខេត្តមណ្ឌលគិរី គឺជា​កន្លែង​អភិរក្ស​សត្វព្រៃ និង​ជា​ជម្រក​សត្វព្រៃ និង​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ ។ ទីនោះ​មាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ ពី​ក្រុង​សែន​មនោ​រម្យ ។ អ្នកទេសចរ​ត្រូវ​ចំណាយពេល​ប្រហែល​៤​ម៉ោង​ដើម្បី​ធ្វើ​ដំណើរ​ពី​ទីរួមខេត្ត​តាម​រថយន្ត ឬ​ម៉ូតូ​ទៅ​កាន់​ទីនោះ ហើយ​ការ​ធ្វើ​ដំណើរ គួរ​ជាទី​រីករាយ​ណាស់ ដោយ​ផ្លូវ​ធ្វើ​ដំណើរ​អម​ដោយ​ព្រៃ​ព្រឹក្សា និង​ខ្យល់អាកាស​បរិសុទ្ធ ។

ជម្រក​សត្វព្រៃ​ណាំ​លៀវ គឺជា​កន្លែង​កម្សាន្ត​ដ៏​សំខាន់​នៅ​ក្នុង​ខេត្តមណ្ឌលគិរី ។ អ្នកទេសចរ​អាច​បោះ​តង់​សម្រាក​នៅ​តំបន់​នោះ​ក្នុង​ពេល​យប់ និង​មាន​ខ្ទម តូច​ៗ ដែល​អាច​ស្នាក់​នៅ​បាន ។

ជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀវ​ពោរពេញ​ដោយ​ច្រាំង​ថ្ម ស្អាត​ៗ ទឹកជ្រោះ តូច​ៗ អូរ និង​ព្រៃឈើ​ខៀវស្រងាត់ ។

អ្នកទេសចរ​ជា​ច្រើន​បាន​ទៅ​ទស្សនា​ជម្រក​សត្វព្រៃ​ភ្នំ​ណាំ​លៀវ​ដោយ​មាន​ភ្នាក់ងារទេសចរណ៍​ជា​ច្រើន​រៀបចំ​ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ។ អាច​ទស្សនាចរ​ដោយ​ថ្មើរជើង សម្រាប់​អ្នក​ស្រឡាញ់​ធម្មជាតិ ។

អ្នកទេសចរ​ជា​ច្រើន​នាក់​និយាយ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សម្រស់​ធម្មជាតិ​តំបន់​ភ្នំ​ណាំ​លៀវ គាប់​ភ្នែក គាប់ចិត្ត ទស្សនា​ម្តង​ហើយ ប្រាថ្នា​ទៅ​ទស្សនា​ម្តងទៀត ៕