មន្ត្រី​ក្រុមការងារ​បើក​កិច្ចប្រជុំ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន

រាជធានី​ភ្នំពេញ​ ៖ ​មន្ត្រី​ក្រុមការងារ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ទាំង​១០​បាន​បើក​កិច្ចប្រជុំ​មួយ​នៅ​ថ្ងៃ​ទី​១ ​ធ្នូ ​​២០១៥ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ ស្តី​ពី​ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៦-២០២៥ ក្រោម​វត្តមាន​លោក ទិ​ត ច​ន្ថា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​មានការ​ចូលរួម​ពី​មន្ត្រី​ការងារ​តំណាង​ឲ្យ​ប្រទេស​សមាជិក​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន ក្រុម​គម្រោង​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ​និង​អ្នកតំណាង​សម្របសម្រួល​ផ្នែក​ទីផ្សារ​ទេសចរណ៍​អាស៊ាន ។

​លោក ទិ​ត ច​ន្ថា បាន​ថ្លែង​ឲ្យ​ដឹង​ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ​ គឺ​ដើម្បី​ជំរុញ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន ២០១៦-២០២៥ ដើម្បី​ដាក់​ជូន​អនុម័ត​ដោយ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន​នៅ​អំឡុង​វេទិកា​ទេសចរណ៍​អាស៊ាន ( ATF ) ក្នុង​ខែមេសា ឆ្នាំ​២០១៦ នៅ​ប្រទេសហ្វី​លី​ពី​ន ។

លោក​បញ្ជាក់​ថា ការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​នេះ​ ធ្វើ​ឡើង​​បន្ទាប់​ពី​​ទទួល​បាន​ជោគជ័យ​លើ​ផែនការ​យុទ្ធសាស្ត្រ ទេសចរណ៍​អាស៊ាន​២០១១-២០១៥ ដែល​ត្រូវ​បាន​រៀបចំ​ និង​អនុម័ត​កន្លង​នៅ​រាជធានី​ភ្នំពេញ ។

លោក ទិ​ត ច​ន្ថា បាន​អះអាង​ថា ផែនការ​យុទ្ធសាស្ត្រ​ទេសចរណ៍​អាស៊ាន​២០១៦-២០២៥ ដែល​បាន​និង​កំពុង​រៀបចំ​គឺ​ផ្តោត​ការ​យកចិត្តទុកដាក​លើ​ទស្សនវិស័យ «នៅ​ឆ្នាំ​២០២៥ អាស៊ាន​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​គុណភាព ផ្តល់​បទ​ពិសោធន៍​ និង​ភាព​សំបូរ​បែប ​រួម​ទាំង​ការ​ប្តេជ្ញា អភិវឌ្ឍន៍​ទេសចរណ៍​ប្រកបដោយ​ការ​ទទួលខុសត្រូវ និង​និរន្តរភាពគ្រប់​ជ្រុងជ្រោយ និង​តុល្យភាព សំដៅ​រួមចំណែក​យ៉ាង​សំខាន់​ដល់​សុខុមាលភាព​សង្គម​-​សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​អាស៊ាន »៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

    ​