ស្ថានភាព​ប្រាសាទ​តា​មាន់ តា​ក្របី​នា​ពេល​បច្ចុប្បន្ន

ខេត្តឧត្តរមានជ័យ ៖ ប្រាសាទ​តា​មាន់​និង​តា​ក្របី ស្ថិត​នៅ​ក្នុងស្រុក​បន្ទាយ​អំពិល​ខេត្តឧត្តរមានជ័យ ដោយ​ធ្វើ​ដំណើរ​ពី​ទីប្រជុំជន​ឃុំ​គោក​មន ស្រុក​បន្ទាយ​អំពិល ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​-​ថៃ ចម្ងាយ​១៨​គីឡូម៉ែត្រ​បែកចេញ​ពី​ថ្នល់ជាតិ​លេខ​៥៦A ពី​សិរី​សោភ័ណ​ខេត្ត​បន្តា​យ​មាន​ជ័យ ឆ្ពោះទៅ​ក្រុង​សំរោង ខេត្ត​ឧត្ត​មាន​ជ័យ​ប្រវែង​១២០​គីឡូម៉ែត្រ តាម​ផ្លូវ​កៅស៊ូ​រហូត ។ ប្រាសាទ​តា​ក្របី​មាន​ចម្ងាយ​ពី​ប្រាសាទ​តា​មាន់​៧​គីឡូម៉ែត្រ ប៉ែក​ខាងជើង​នៅ​តាម​ដងភ្នំ​ដងរែក ។

ជា​រៀងរាល់ថ្ងៃ​កងកម្លាំង​ការពារ​លើ​បរិវេណ​ប្រាសាទ​នោះ គឺ​នៅ​រួម​គ្នា​រវាង​ទាហាន​កម្ពុជា និង​ទាហាន​ថៃ ដែល​បើក​ឲ្យ​អ្នកទេសចរ​ទៅ​កម្សាន្ត​បាន​ដូច​គ្នា​ទាំង​សងខាង ។ ទាហាន​កម្ពុជា (​សុំ​មិន​បញ្ចេញ​ឈ្មោះ​) ក្នុង​វរ​សេនា​តូច​លេខ​៤២២​ក្នុង​យោធភូមិ​ភាគ​ទី​៤ ឈរជើង​នៅ​ទីនោះ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ក្រោយ​ពី​ប៉ះទង្គិច​គ្នា​ក្នុង​ការ​ដណ្តើម​ឈរជើង​នៅ​ទីនោះ​តាំងពី​ឆ្នាំ​២០១០​មក ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ឲ្យ​ឈរជើង​រួម​គ្នា​ជា​បណ្តោះអាសន្ន​សិន ព្រោះតែ​មាន​ភាព​មិន​ច្បាស់លាស់​ពី​ខ្សែបន្ទាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ហើយ​ទុក​ពេល​ឲ្យ​គណៈកម្មការ​ព្រំដែន រួម​គ្នា​ពិនិត្យ​ដោះស្រាយ​ជា​ក្រោយ និង​យល់ព្រម​ឲ្យ​អ្នកទេសចរ​ទាំង​សង​សាង​ខាង​អាច​ទៅ​កម្សាន្ត​បាន​ដូច​គ្នា ។

ចំពោះ​លក្ខណៈ​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​គឺ​មិន​ខុស​គ្នា​ពី​ប្រាសាទព្រះវិហារ​ឡើយ ដោយ​ប្រាសាទ​ស្ថិត​នៅ​ចង្កេះភ្នំ​ដែល​ខាង​កម្ពុជា​មាន​ចំណោត​ខ្លាំង​ជាង​ខាង​ប្រទេស​ថៃ ហើយពី​មុន​មក​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត ។ ក្នុង​ឆ្នាំ​២០០៨​និង​២០០៩ ដែល​កម្ពុជា​មាន​ផ្លូវ​ស្រួល​ហើយ​នោះ ទើប​មាន​បញ្ហា​កន្លង​មក តែ អ្វី​ៗ​បាន​សម្រួល​ដោះស្រាយ​ឲ្យ្នា​ដល់​សព្វ​ថ្ងៃនេះ ។

ប្រាសាទ​តា​មាន់ ត្រូវ​ឡើង​ភ្នំ​មាន​ចម្ងាយ​ប្រមាណ​៥០០​ម៉ែត្រ ហើយ​ជា​រៀងរាល់ថ្ងៃ​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​ក្នុង​ថ្ងៃ​ធម្មតា ពី​៥០​នាក់​ទៅ​១០០​នាក់ តែបើ​ចំពោះ​ថ្ងៃ​បុណ្យ​ទាន គឺ​កើនឡើង​ច្រើន​ទាំង​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។ សរុប​រួម​ទៅ គឺ​សភាពការណ៍​នៅ​លើ​ប្រាសាទ​មិន​ស្ងប់ស្ងាត់​ឡើយ​តែងតែមាន​ភ្ញៀវ​ឡើង​ចុះ​មិន​ដាច់​ទាំង​ខាង​កម្ពុជា និង​ថៃ​ជា​រៀងរាល់ថ្ងៃ ។

បើ​បន្តដំណើរ​តាម​ផ្លូវ​លេខ​56A ដដែល​ទៅ​ខេត្តបន្ទាយមានជ័យ​វិញ​នោះ នឹង​ទៅ​ដល់​ប្រាសាទបន្ទាយឆ្មារ មាន​ចម្ងាយ​ពី​ខេត្តបន្ទាយមានជ័យ​ប្រមាណ​ជាង​៥០​គីឡូម៉ែត្រ និង​ចម្ងាយ​ពី​ខេត្តឧត្តរមានជ័យ​៨០​គីឡូម៉ែត្រ​។ សព្វថ្ងៃ​ក្រសួង​វប្បធម៌​កំពុង​ជំរុញ​ការ​រៀបចំអភិវឌ្ឍន៍ អភិរក្ស​ឲ្យ​មានដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ខ្ទេចខ្ទាំ​ដោយសារ​សង្គ្រាម​កន្លង​មក ។

លោក​ប្រាក់ សុ​ណ្ណ​រ៉ា អគ្គនាយក​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌​បញ្ជាក់​ថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​មាន​ដៃគូ​ក្នុង​កិច្ចការ​អភិរក្ស​រៀបចំ​ប្រាសាទ​តាំងពី​ឆ្នាំ​២០០៨ មក​ដល់​ឆ្នាំ​២០១៤​ទើប​បញ្ចប់ ។ ប្រាសាទបន្ទាយឆ្មារ​បាន រៀបចំ​ថ្ម​ដែល​ដួល​រលំ​រាយ​ប៉ាយ​រាប​ដល់​ដី សល់​ពី​សង្គ្រាម​នោះ​ឲ្យ​ចេញ​ជា​តួ​ប្រាង្គ​ចំនួន​១៧ ។

ចំណែក​ប្រាសាទ​តា​ណែម​ត្រូវ​រៀបចំ​អភិរក្ស​ជា​បន្ទាន់​តាម​តម្រូវការ​ដែល​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចង់​ស្គាល់ និង​បានឃើញ ដោយ​ក្រសួង​វប្បធម៌​កំពុង​តែ​ត្រៀម​ចុះ​អនុ​ស្ស​រណៈ​ជាមួយ​ដៃគូ​បន្ត​ពី​សាកលវិទ្យាល័យ​សូ​អាស់ ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។ ការ​ចុះ​អនុស្សរណៈ​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ក្រសួង​វប្បធម៌​ដើម្បី​ពង្រឹង​កិច្ចការ​រៀបចំ​អភិរក្ស​៥​ឆ្នាំទៅ​មុខ​ទៀត ក្នុង​ការ​ចំណាយ​បដិភាគ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ។ កិច្ច​អភិរក្ស​នោះ​មាន​ក្នុង​គម្រោង​អប់រំ ស្រាវជ្រាវ បច្ចេកទេស​ចម្លាក់​គ្រប់​ជំនាញ តាម​ស្ថានភាព​ប្រាសាទ ផ្សេង​ៗ ដែល​មានការ​ទ្រុឌទ្រោម​ខ្លាំង ហើយ​មានការ​អភិវឌ្ឍ​តិចតួច​បំផុត​នោះ​ឲ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ឡើង ប្រកបដោយ​គុណភាព ។

លោក​ប្រាក់ សុ​ណ្ណ​រ៉ា បន្ថែម​ថា កន្លង​មក​ប្រាសាទបន្ទាយឆ្មារ មាន​សមាគម​ទេសចរណ៍​នៅ​តំបន់​នោះ​ជួយ​ជ្រោមជ្រែង​រៀបចំ​ឡើង​វិញ និង​មាន​អង្គការ​អាល់​ហ្វា​វ៉ូ​ដ​ជួយ​ឧបត្ថម្ភ​ជា​ចំណែក ខ្លះ​ៗ ឯ​ផ្នែក​បច្ចេកទេស​ចម្លាក់​មាន​អង្គការ​សាត្រា បាន​ជួយ​ដោយ​មានការ​ឧបត្ថម្ភ​ពី​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ ដែល​ជា​ចំណែក​មួយទៀត ក្រោម​ការ​ត្រួតពិនិត្យ​យល់ព្រម​ពី​ក្រសួង​វប្ប​ធ​ម ៕