លោកថោ​ង ខុន ៖ ភ្ញៀវ​ទេស​ចរមក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុជាង​១​លាន​៥​សែន​នាក់នៅ​ឆ្នាំ​២០១៥​នេះ

ខេត្ត​ព្រះ​សីហ​នុ ៖ ​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មានក្នុង​ពិធី​សំណេះសំណាល​ជាមួយម្ចាស់​អាជីវកម្ម​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​សណ្ឋាគារ មូ​ន​ជូ​លី ស្ថិត​នៅ​ក្បែរ​រង្វង់​មូល​តោ​២ ក្នុង​សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣១ ​ធ្នូ ​២០១៥​នេះ​ថា ភ្ញៀវ​ទេសចរ​សរុប​មក​កំសាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​ជាង១​លាន​៥​សែន​នាក់ ។

លោករដ្ឋមន្ត្រី​បាន​បន្ត​ថា សំរាប់​ឆ្នាំ​២០១៥ កម្ពុជា​ពិតជា​មាន​មោទនភាព​ណាស់​ដោយសារ​ចំនួន​ភ្ញៀវ​ទេសចរ​​​មានការ​កើនឡើង​គួរឱ្យ​ចាប់​អារ​ម្ម​ណ៏  ក្នុង​នោះខេត្ត​ព្រះ​សីហ​នុក៏​មិន​ខុស​ពី​ខេត្តសៀមរាប​ប៉ុន្មាន​ទេ ក្នុង​ឆ្នាំ​២០១៥​កន្លង​មកនេះ មាន​ភ្ញៀវ​ទេសចរ​​​ចូល​មក​កំសាន្ត​ចំនួន​១.៥១៨.៨៧៤​នាក់ កើនឡើង ១៤,៣៩% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ មាន​ចំនួន ១.១៥៦.៨១៣​នាក់ កើនឡើង ១៩,៣៦% ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៣៦២.០៦១​នាក់ កើនឡើង ០,៩៥% ។

ដោយឡែក​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​រយៈពេល​៣​ថ្ងៃនេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ក្រុងព្រះសីហនុ មាន​ភ្ញៀវ​ទេសចរ​​​សំរុកមក​កំសាន្ត​មាន​ចំនួន​ប្រមាណ​ជាង​១១៦.២៤០​នាក់៕