សម្ល​«​បុក ឬ​ប៉ូង​»​របស់​ជនជាតិភាគតិច​ពេញ​និយម​សម្រាប់​អ្នកទេសចរ

ខេត្តមណ្ឌលគិរី ៖ សម្ល «​បុក ឬ​ប៉ូង​» របស់​ជនជាតិ​ដើម​ភាគតិច​រស់នៅ​តំបន់​ខ្ពង់រាប​នា​ភាគ​ឦសាន​ជា​ម្ហូបអាហារ​ដ៏​ពេញ​និយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ហើយ​មិន​តែ​ប៉ុណ្ណោះ វា​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកទេសចរ​ខ្លាំង​ផង​ដែរ ។

បុរស​ឈ្មោះ​ផល្លា មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា គាត់​បាន​ទៅ​រស់នៅ​ខេត្តមណ្ឌលគិរី ជាង​២០​ឆ្នាំ​ហើយ តាំងពី​មិន​ទាន់​មាន​ផ្លូវ​ធ្វើ​ដំណើរ​ស្រួល​ដូច​សព្វថ្ងៃ​ឡើយ ។ គាត់​ចេះ​ធ្វើ​ម្ហូប «​សម្ល​បុក​ឬ​ប៉ូង​» យ៉ាង​ស្ទាត់ជំនាញ ព្រោះ​មុខម្ហូប​នេះ​សម្បូរ​ទៅ​ដោយ​វីតាមីន ដោយសារ​គេ​ប្រើ​សុទ្ធ​សឹង​បន្លែ​បេះ​ពី​ព្រៃ​ធម្មជាតិ ថ្មី​ៗ ។

គ្រឿងផ្សំ​សម្រាប់​សម្ល​បុក ឬ​ប៉ូង រួម​មាន សាច់​យាវ​គោ (​សាច់​ស្វិត ឬ​សាច់​ប្រភេទ​ងៀត​ក៏​បាន​) ប្រហុក ចុង​ផ្តៅ ស្លឹក​ម្ទេស ត្រប់ស្រួយ ស្លឹក​ខ្ចូ​ញ ស្លឹក​ជន្លង់ ទំពាំង និង​ស្លឹក​រុក្ខជាតិ​បៃតង​មួយ​ចំនួន​ទៀត ។ អ្វី​ដែល​គេ​មិន​អាច​អត់​បាន​នោះ គឺ​បំពង់​ឫស្សីព្រៃ ។ ឫស្សីព្រៃ​ត្រូវ​រក​ឫស្សី​ដើម​ណា​ដែល​មាន​សាច់​វែង​(​ថ្នាំង​វែង​)​ធំ ទើប​អាច​ស្ល​បាន និង​ជួយ​បង្កើន​រសជាតិ​ផង ។

ចំពោះ​របៀប​នៃ​ការ​ស្ល គឺ​គេ​ត្រូវ​បេះ​បន្លែ​ទាំងនោះ​លាង​ទឹក​ឲ្យ​ស្អាត ហាន់សាច់​ជា​បន្ទះ​តូច​ៗ​ចិញ្ច្រាំ​ប្រហុក​ឲ្យ​ម៉ដ្ឋ លាយ​គ្រឿង​ស្ករស និង​ប៊ី​ចេ​ង​បន្តិច​ចូល​គ្នា​ក្នុង​ឆ្នាំង​តែ​មួយ រួច​ញាត់​គ្រឿងផ្សំ​ទាំងនោះ​ចូល​ទៅ​ក្នុង​បំពង់​ឫស្សី​ដែល​គេ​ត្រៀម​ទុក និង​យក​ទៅ​ដុត​ក្នុង​ភ្លើង​ប្រមាណ​ជិត​១​ម៉ោង​ជា​ការ​ស្រេច ។

សម្ល «​បុក​ឬ​ប៉ូង​» គេ​សង្កេត​ឃើញ​អ្នកទេសចរ​បរទេស​ចូល​ចិត្ត​ឲ្យ​ម​គ្គុ​ទេ្ទ​ស​ទេសចរ​ដែល​នាំ​ពួក​គេ​ដើរ​លេង​កម្សាន្ត​ក្នុង​ព្រៃ ស្ល​ឲ្យ​ហូប​នៅ​តាម​មាត់​អូរ​ក្នុង​ព្រៃ និង​កន្លែង​ដែល​សម្បូរ​បន្លែ​ធម្មជាតិ ៕