ប្រាសាទចៅសាយទេវតា​តូច​ច្រឡឹង​ស្រស់​ប្រណីតតែ​ហាក់​រំលង​ភ្នែក​អ្នកទេសចរ​ទូទៅ

ខេត្តសៀមរាប ៖ ប្រាសាទចៅសាយទេវតា ស្ថាបនា​ឡើង​នៅ​ចុង​សតវត្ស​ទី​១១​ដើម​សតវត្ស​ទី​១២ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​២ រចនាបថ​អង្គរវត្ត ដើម្បី​ឧទ្ទិស​ថ្វាយ​សាសនា​ហិណ្ឌូ ។ ប្រាសាទ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ខាងកើត​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរធំ ឈម​គ្នា​នឹង​ប្រាសាទធម្មនន្ទ ។ មិន​គួរ​ណា​អ្នកទេសចរ​ជាតិ​អន្តរជាតិ មើល​រំលង​បូជនីយ​ដា្ឋ​ន​តូច​ច្រឡឹង​មួយ​នេះ​សោះ ។

ការ​ហៅ​ឈ្មោះ​ចៅ​សាយ​ទេវតា​នេះ ត​ៗ​គ្នា​ពី​មុន​ដល់​បច្ចុប្បន្ន មិន​មាន​ប្រភព​ណា​បញ្ជាក់​ច្បាស់លាស់​ទេ តែបើ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកស្រុក ឈ្មោះ​ប្រាសាទ​នេះ ប្រហែលជា​ឈ្មោះ​មេទ័ព​ដែល​មាន​ស្នាដៃ​ល្អ​ម្នាក់​ក្នុង​ការ​ធ្វើសឹក​សង្គ្រាម ឬ​អ្នកមាន​ស្នាដៃ​ក្នុង​ការ​ធ្វើ​អ្វីមួយ​នោះ​ហើយ បានជា​គេ​ដាក់​ឈ្មោះ​នេះ​រហូត​មក ។

សព្វថ្ងៃ​អ្នកស្រុក​ហៅ​ឈ្មោះ​ប្រាសាទ​នេះ​ត្រឹម​ចៅ​សាយ​ប៉ុណ្ណោះ មិន​មាន​ពាក្យ​ទេវតា​នៅ​ខាង​ចុង​ទេ នេះ​ជា​ទម្លាប់​របស់​ខ្មែរ​ដែល​ច្រើន​ប្រើ​ឈ្មោះ ខ្លី​ៗ​ប៉ុណ្ណោះ ។

ប្រាសាទចៅសាយទេវតា នេះ​មាន​រូបរាង​តូច​ច្រឡឹង មាន​ចម្លាក់​ក្បូរក្បាច់ ល្អ​វិចិត្រ រស់​រវើក បែរមុខ​ទៅ​ទិស​ខាងកើត​សំដៅ​ស្ទឹង​សៀមរាប មាន​ស្រះ​២ និង​គូ​ទឹក​ព័ទ្ធ​ជុំវិញ តែ​បច្ចុប្បន្ន​ស្រះ និង​គូ​ទឹក​រីងស្ងួត​ស្ទើរតែ​គ្មាន​សោះ ជំនួស​ដោយ​ដើមឈើ​តូច​ធំ​ជា​ច្រើន​ដុះ​ក្នុង​នោះ ។

ថ្វី​ត​ដ្បិត​ប្រាសាទចៅសាយទេវតា ស្ថិត​នៅ​ក្បែរ​ប្រាសាទ ធំ​ៗ​ជា​ច្រើន តែ​ហាក់ដូចជា​ស្ងប់ស្ងាត់​ណាស់​ព្រោះ​មិនសូវ​មាន​អ្នកទេសចរ​ចាប់អារម្មណ៍​ច្រើន​ដូច​ប្រាសាទអង្គរវត្ត បាយ័ន និង​តា​ព្រហ្ម​ទេ ។

ប្រធាន​ក្រុម​គ្រប់គ្រង​ភ្នាក់ងារទេសចរណ៍​ប្រចាំការ​នៅ​ប្រាសាទចៅសាយទេវតា និង​ប្រាសាទធម្មនន្ទ​លោក​ឈួ​ម ឆាត ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា ទេសចរ​ដែល​ចូល​មើល​ប្រាសាទ​ទាំង​២​នេះ ក្នុង​១​ថ្ងៃ​បាន​ប្រហែល​ជាង​២០០​នាក់​ប៉ុណ្ណោះ ហើយ​ភាគច្រើន​ជា​ជនជាតិ​ចិន ។ មូលហេតុ​ដូច្នេះ​ព្រោះ​ប្រាសាទ​នេះ​តូច ហើយ​ភ្ញៀវ​ខ្លះ​មាន​រយៈពេល​ទស្សនា​ខ្លី ទើប​ពួក​គេ​ចាប់អារម្មណ៍​តែ​ប្រាសាទ ធំ​ៗ​។ ប្រាសាទ​នេះ ជួសជុល​ដោយ​រដ្ឋាភិបាល​ចិន សម្រាប់​ការ​អភិរក្ស​អង្គរ​ហៅ​កាត់​ថា CSA ចាប់ពី​ឆ្នាំ​១៩៩៨ ហើយ​បញ្ចប់​នៅ​ឆ្នាំ​២០០៨ ។ មុន​ពេល​ជួសជុល ប្រាសាទ​ចៅ​សាយ​ទេ​តា​ខូចខាត​ច្រើន​ទោះជា​តួ​កណ្ដាល និង​តួ​ខាងកើត​មាន​ស្ថានភាព​នៅ​ល្អ​ក៏​ដោយ ប៉ុន្តែ​ដំបូល និង​តួ​ផ្សេង​ទៀត​បាក់បែក​ស្ទើរ​ទាំងស្រុង ។ ជើង​ចម្លាក់ និង​ជញ្ជាំង​មួយ​ចំនួន​ទ្រេត និង​ខុស​ពី​កន្លែង​ដើម ។ ចំណែក​អ្នកជំនាញ​បារាំង បាន​ជួសជុល​តួ​ខាងលិច​ក្នុង​ទស​វត្ស​៥០ ប៉ុន្តែ​ជើង​ចម្លាក់​នៅ​កន្លែង​ផ្សេង​ទៀត​ខូចខាត​តិច ឬ​ច្រើន​ដោយ​អន្លើ ។

វិធីសាស្ដ្រ​ក្នុង​ការ​ជួសជុល និង​អភិរក្ស ដែល CSA យក​មក​ប្រើ​រួម​មានការ​ប្រមែប្រមូល និង​រៀប​ថ្ម​ដែល​នៅ​រាយ​ប៉ាយ​ឡើង​វិញ រៀបចំ​ជួសជុល​ជើង​ចម្លាក់ និង​យក​ទៅ​ដាក់​តាម​កន្លែង​ដើម រៀបចំ​ប្រព័ន្ធ​បង្ហូរទឹក ជួសជុល​សំណង់​ប្រាសាទ ពង្រឹង​រចនាសម្ព័ន្ធ​ស្ថាបត្យកម្ម ជួសជុល និង​ថែទាំ​ថ្ម ដែល​ខូចខាត និង​ថ្ម​ដែល​ល្អ​ផ្សេង​ៗ​ទៀត ។ នៅ​ពេល​ជួសជុល​ស្ថាប័ន CSA បាន​យក​ថ្ម​ដែល​នៅ​រាយ​ប៉ាយ​មក​ដាក់​កន្លែង​ដើម​វិញ​បាន​ចំនួន​ជាង​៣០០០​ដុំ ។

ក្រុមការងារ​ជំនាញ​ខាង​អភិរក្ស​បាន​ចំណាយពេល​ជិត​មួយ​ទស​វត្ស​ធ្វើ​ឱ្យ​ការ​ខូចខាត និង​គ្រោះថ្នាក់​នៅ​ប្រាសាទចៅសាយទេវតា ត្រូវ​បាន​ដោះស្រាយ​ទាំងស្រុង ។ ថ្ម​ដែល​បាក់​ធ្លាក់​បាន​រៀប​ចូល​កន្លែង​ដើម ចំណែក​ថ្ម​ខ្លះ​ទៀត​ត្រូវ​បាន​ជួសជុល និង​ពង្រឹង​ឡើង​វិញ ឱ្យ​មាន​សភាព​ដូច​ដើម​ទៅ​តាម​រចនាបថ លក្ខណៈ​ស្ថាបត្យកម្ម​រចនាសម្ព័ន្ធ​សម្ភារ​សំណង់ និង​បច្ចេកទេស​សាងសង់ ៕