ខេត្តកំពង់ឆ្នាំង​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​កាណូត

ខេត្តកំពង់ឆ្នាំង ៖ ខេត្តកំពង់ឆ្នាំង គឺជា​ស្ថិត​ក្នុង​តំបន់​ទំនាប​នៃ​បឹង​ទន្លេសាប ដែល​សេដ្ឋកិច្ច​នៃ​ខេត្ត​មួយ​នេះ​គឺ​ពឹងផ្អែក​ទាំងស្រុង​លើ​ការ​នេសាទ ការ​បង្កបង្កើន​ផល​ស្រូវ បន្លែ​ផ្លែ​ឈើ និង​រោងចក្រ​កាត់ដេរ ។ ជា​ពិសេស​នៅ​តាម​តំបន់​ជនបទ គេ​ចិញ្ចឹមជីវិត​ដោយ​ធ្វើ​កសិកម្ម​និង​ការងារ​រាយរង​ច្រើន​យ៉ាង​ទៀត ។ ទោះបី​យ៉ាងណា បច្ចុប្បន្ន​ខេត្ត​មួយ​នេះ​មាន​សក្ដានុពល​ថ្មី​មួយទៀត​គឺ​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តជាតិ​មក​ជិះ​កាណូត​លេង​កម្សាន្ដ និង​គយគន់​ផ្ទះ​បណ្តែត​ទឹកជា​ច្រើន និង​អាច​មើល​ទេសភាព​ដ៏​ស្រស់​ត្រកាល​នៅ​រដូវប្រាំង ។ លើស​ពី​នេះ​ទៀត ភ្ញៀវ​ទេសចរ​ក៏​អាច​ទៅ​មើល​កន្លែង​ចិញ្ចឹម​ត្រី និង​គយគន់​ទេសភាព​ជាមួយនឹង​សត្វ​ស្លាប​ច្រើន​ប្រភេទ ដែល​កំពុង​ធ្វើ​សម្បុក​នៅ​លើ​មែកឈើ​ផង​ដែរ ។

ទេសភាព​បឹង​ទន្លេសាប​ក្នុង​ខេត្តកំពង់ឆ្នាំង គឺជា​កន្លែង​មួយ​ដែល​មានការ​និយម​ចូល​ចិត្ត​ពី​សំណាក់​ភ្ញៀវ​ទេសចរ ។ មនុស្ស​ជា​ច្រើន​បាន​កោតសរសើរ​ថា កំពង់ឆ្នាំង​គឺជា​ខេត្ត​ដែល​ស្រស់​ស្អាត​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ទេសភាព​នៃ​បឹង​ទន្លេសាប​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​អ្នកដំណើរ​ជា​ច្រើន​ឲ្យ​មក​ទស្សនា​ជា​រៀង​រាល់​ឆ្នាំ​។ អ្នកស្រុក​ភាគច្រើន​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ដោយ​នេសាទ​ត្រី ដាំ​ស្រូវ និង​ធ្វើ​ចានឆ្នាំង ដែល​ជា​មុខរបរ​ដ៏​សំខាន់​សម្រាប់​ពួក​គេ ។

បឹង​ទន្លេសាប គឺជា​កន្លែង​នេសាទ​ត្រី​ដ៏​ល្បីល្បាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ក្រៅពី​ទេសភាព​ដ៏​ស្រស់​ត្រកាល ភ្ញៀវ​ទេសចរ​ក៏​អាច​រៀន​ពី​របៀប​រស់នៅ​របស់​អ្នកនេសាទ​ក្នុង​តំបន់​នោះ​ផង​ដែរ ។ នៅ​ក្នុង​រដូវប្រាំង គេ​សង្កេត​ឃើញ​ថា មានការ​នេសាទ​ជា​ច្រើន​នៅ​ក្នុង​តំបន់​នោះ ដែល​ភ្ញៀវ​ទេសចរ​អាច​មើល​ពី​សកម្មភាព​អ្នកនេសាទ​ត្រី​នៅ​ពេល​ព្រឹក​ព្រលឹម​ដូច​ជា ការ​ដាក់​មង​ចាប់​ត្រី ចំណែក​អ្នកខ្លះ​នេសាទ​បាន​រហូត​ដល់​រាប់​តោន​ទៀត​ផង ។

ជាមួយ​គ្នា​នេះ​ដែរ បើ​តាម​ម្ចាស់​ផែ​កាណូត ទេសចរណ៍​នៅ​ទន្លេ​ផ្សារ​ក្រោម សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង អះអាង​ថា ៖ « សក្តានុពល​ទេសចរណ៍​នឹង​កើនឡើង​បន្ថែម​ទៀត ប្រសិនបើ​មានការ​រៀបចំ​ត្រឹមត្រូវ និង​ច្បាស់លាស់ ជា​ពិសេស ក្រុម​អាជីវករ​ដែល​មាន​កាណូត​សម្រាប់​ជួល​ដឹក​ភ្ញៀវ​ទេសចរ ត្រូវ​ចែករំលែក​គ្នា​តាម​លេខ​រៀង ដោយ​មិន​ត្រូវ​ដណ្តើម​គ្នា ព្រោះ​អាច​បង្ក​ការ​រំខាន​ដល់​អ្នក​រត់​កាណូត​ដទៃ​ទៀត សំខាន់​គឺ​ភ្ញៀវ​ទេសចរ​តែ​ម្តង » ៕