ភ្ញៀវ​ទេសចរ​​ចូល​មក​ទស្សនា​ប្រា​សាទ​អង្គរ​កើន​ឡើង

ខេត្តសៀមរាប ​៖ ​ភ្ញៀវ​ទេសចរ​​ចូល​​មក​ទស្សនា​នៅ​តំបន់​អង្គរ​​មានការ​កើនឡើង​វិញ​​ហើយ ខណៈ​ដែល​ក្រសួងទេសចរណ៍​អះអាង​​ថា ភ្ញៀវ​ទេសចរ​ថយ​ចុះ​នៅ​សៀមរាប​-​អង្គរ​ក្នុង​ឆ្នាំ​២០១៥ បើ​តាម​របាយការណ៍​លម្អិត​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បាន​បង្ហាញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​​ក្នុង​ខេត្ត​សៀមរាប​ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ​​ មាន​ចំនួន​៥.០១១,៣១៦​​នាក់ ថយ​ចុះ​០,២៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែល​ក្នុង​នោះ​ភ្ញៀវ​​បរ​ទេស​​មាន២.១២៤,៨៦៣​នាក់ ថយ​ចុះ​៩,៦១% ភ្ញៀវ​ជាតិ​មាន​​ចំនួន២,៨៨៦.៤៥៣​នាក់ កើនឡើង​៨% បើ​ធៀប​ឆ្នាំ​២០១៤ ​។

​​យោង​តាម​ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​កោះសន្តិភាព​​​ថា ភ្ញៀវ​ទេសចរ​​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រម​ណីយដ្ឋាន​អង្គរ​​ក្នុង​ឆ្នាំ​២០១៥​ មាន​ចំនួន​២,១០០.០១៨​នាក់ កើនឡើង​ប្រមាណ​២% បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ដែល​មាន​ចំនួន​សរុប​​ត្រឹមតែ​២,០៥៩.៧០២​នាក់​។ ចំនូ​ន​ភ្ញៀវ​ទេសចរ​នៅ​តែ​មាន​កំណើន​នៅ​ក្នុង​តំបន់​អង្គរ គឺ​បណ្តាល​មក​ពី​កិច្ច​ខំប្រឹង​ប្រែង​របស់ រាជរដ្ឋាភិបាល​កម្ពុជា អាជ្ញាធរ​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ ។