រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​កោះ​ខ្សាច់​សេ​កុង​ទាក់ទាញ​ចិត្ត​អ្នកទេសចរ

ខេត្តស្ទឹងត្រែង ៖ រមណីយដ្ឋាន​ទេសចរណ៍​ថ្មី​លើ​ទឹកដី​ក្រុង​ស្ទឹង​ត្រែង «​កោះ​ខ្សាច់​សេ​កុង​» បង្កើត​ឡើង​ដោយ​មន្ទីរ​ទេសចរណ៍ និង​អង្គភាព​មន្ទីរ​ពាក់ព័ន្ធ​ផ្សេង​ទៀត ។ រមណីយដ្ឋាន​នោះ​មានការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ។

កោះ​ខ្សាច់​សេ​កុង​លេចធ្លោ​នៅ​កណ្តាល​ទន្លេសេកុង​ដោយនៅ​រដូវ​ទឹកសម្រក​មានទឹក​ត្រឹម​ចង្កេះ ។ រមណីយដ្ឋាន​ទេសចរណ៍​បែប​ធម្មជាតិ​នោះ​ភ្ញៀវ​ពី​ខេត្ត​ផ្សេង និង​ក្នុង​ខេត្ត​តែងតែ​អង្គុយ​កម្សាន្ត​លើ​ខ្យូ​ស​ក្បែរ​មាត់ទឹក​ដ៏​ត្រជាក់ ។ មន្ទីរ​ទេសចរណ៍​បាន​រៀបចំ​ឧបករណ៍​កម្សាន្ត​លើ​ផ្ទៃ​ទឹក​ដូច​ជា​ទា​ទឹក និង​កៃ​យ៉ាក់​សម្រាប់​អុំ​លេង ។

លោក​មាន សុ​គឿ​ន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍ធម្មជាតិ​ថ្មី​នេះ​រៀបចំ​ដោយ​លោក​អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​នៅ​រដូវ​ទឹកសម្រក ។ ការ​រៀបចំ​នោះ​មន្ទីរ​រៀបចំ​ជា​ខ្យូ​ស​សម្រាប់​សម្រាក​កម្សាន្ត មាន​អាហា​តាម​តម្រូវការ ល្បែង​កម្សាន្ត រួម​មាន​ទា​ទឹក និង​ទូក​កៃ​យ៉ាក់​។ សម្រាប់​តម្លៃ​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​នោះ​រថយន្ត​មួយ​គ្រឿង​តម្លៃ​៨​ពាន់​រៀល ម៉ូតូ​មួយ​គ្រឿង​តម្លៃ​១.០០០​រៀល ចំណែក​មនុស្ស​ម្នាក់​តម្លៃ​១.០០០​រៀល ។ ដោយឡែក​ខ្យូ​ស​តម្លៃ​១៥.០០០​រៀល​មិន​កំណត់​ពេលវេលា​ឡើយ ។ ទា​ទឹក ព្រមទាំង​ទូក​កៃ​យ៉ាក់​ក្នុង​មួយ​ម៉ោង​តម្លៃ​២​ម៉ឺន​រៀល រីឯ​ផ្នែក​បង្គន់​អនាម័យ​សម្រាប់​ការ​ចូល​បន្ទោបង់​ម្តង​៥០០​រៀល​ដែល​ការ​បង់​ទាំងនោះ​ធ្វើ​ឡើង​ក្រោម​កិច្ចប្រជុំ​មាន​អន្តរ​វិស័យ​ចូលរួម​ឯកភាព ។ សម្រាប់​អនាម័យ​ជាក​ក្តាចាំបាច់​បំផុត​ផ្នែក​ផាសុកភាព ហើយ​មន្ទីរ​បាន​រៀបចំ​គណៈកម្មការ និង​ឱ្យ​អាជីវករ​លក់ដូរ​នៅ​ទីនោះ​រៀបចំ​វេច​ខ្ចប់​កាក​សំណល់​ដាក់​ធុងសំរាម និង​ដុត​សម្អាត​សំរាម​ចោល ចៀសវាង​ប៉ើង​បាត់បង់​សោភ័ណ​ភាព ។ អ្នកទេសចរ​ជាតិ​ពី​បណ្តា​ខេត្ត​នានា និង​ក្នុង​ខេត្ត​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា រមណីយដ្ឋាន​ទេស​ចរណ៍ធម្មជាតិ​ថ្មី​នេះ​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត ព្រោះ​មាន​ភាព​ស្រស់​ស្អាត ហើយ​នៅ​ជិត​ទី​មួយ​ខេត្ត ។

អ្នកទេសចរ​បាន​លើក​ឡើង​ថា ការ​រៀបចំ​ទីតាំង​កម្សាន្ត​សប្បាយ​នោះ​មាន​ភាព​ទាក់ទាញ​ល្អ​សមរម្យ​ហើយ តែ​ពួក​គាត់​សំណូមពរ​ដល់​អ្នក​រៀបចំ ពិសេស​មន្ទីរ​ទេសចរណ៍​គួរ​ពិចារណា ចំពោះ​តម្លៃ​បង់​ចូល​ទស្សនា ដោយ​គួរ​បន្ធូរបន្ថយ​មក​ត្រឹម​៥០​ភាគ​នៃ​តម្លៃ​ដើម​បច្ចុប្បន្ន ។ សម្រាប់​រថយន្ត​មួយ​គ្រឿង​៨​ពាន់​រៀល ចំណែក​មនុស្ស​ម្នាក់​១.០០០​រៀល ហើយ​ត្រូវ​ចំណាយ​ទៅ​លើ​ការ​ជួល​ខ្យូ​ស​បន្ថែម ។ រីឯ​ម៉ូតូ​តម្លៃ​១០០០​រៀល រួម​ជាមួយ​មនុស្ស​ចំនួន​ពីរ​ទៅ​បី​នាក់​ត្រូវ​ចំណាយ​អស់​៤០០០​រៀល ដូច្នេះ​ប្រសិនបើ​បញ្ចុះ​តម្លៃ​ដែល​អាច​ធ្វើ​ទៅ​បាន​នោះ​នឹង​រឹតតែ​ប្រសើរ​ឡើង ។

ទាក់ទិន​នឹង​ការ​អភិវឌ្ឍ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​នេះ លោក​មាន សុ​គឿ​ន អនុប្រធាន​មន្ទីរ​ទេសចរណ៍​បញ្ជាក់​ថា លោក​ប្រធាន​មន្ទីរ​មាន​គម្រោង​នៅ​ពេល​ខាង​មុខ​នេះ​បង្កើត​ឲ្យ​មានការ​ប្រគំ​តន្ត្រី​កម្សាន្ត​ដើម្បី​ឲ្យ​ភ្ញៀវ​ច្រៀង​លេង​តាម​ចំណង់​ចំណូលចិត្ត​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ៕