អាជ្ញាធរ​ខេត្ត​ព្រះ​សី​ហនុមាន​គម្រោង​កែ​លម្អ​ឆ្នេរសមុទ្រ​ទាក់ទាញ​ភ្ញៀវ​ទេសចរ

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ខេត្ត​បាន​ប្ដេជ្ញា​កែ​លម្អ​សោភ័ណ​ភាព​នៅ​តាម​បណ្ដោយ​ឆ្នេរ​សំខាន់​ៗ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​ទស្សនា​នៅ​តំបន់ឆ្នេរ​ដ៏​ស្រស់​ស្អាត​នៃ​ប្រទេស​កម្ពុជា ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​អភិបាលខេត្ត​កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក យន្ដ មីន អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ៖ « បន្ទាប់​ពី​មាន​បទបញ្ជា​ពី​ថ្នាក់​ជាតិ​ឱ្យ​ចាត់វិធានការ​លើ​ការ​បិទ​បាំង​ឆ្នេរ​ក្នុង​ខេត្ត​ព្រះ​សីហ​នុម​ក ខាង​សាលាខេត្ត​ក៏​បាន​ដឹកនាំ​កម្លាំង​ចុះ​កាត់​របង​បើក​ឆ្នេរ​នោះ​វិញ ឬ​ហៅ​ថា សង្គ្រោះ​ឆ្នេរ ។ ថ្វី​ដ្បិតតែ​យើង​បាន​បើករបង​ឆ្នេរ​ឱ្យ​បងប្អូន​បាន​ចូល​លេង​កម្សាន្ត​ហើយ​ក៏​ពិតមែន តែ​បើសិនជា​ឆ្នេរ​នោះ​ពោរពេញ​ទៅ​ដោយ​សំរាម កន្លែង​កខ្វក់ តើ​បងប្អូន​យើង​នឹង​មក​លេង​ទៀត​ទេ ដូចនេះ ត្រូវ​តែ​ចូលរួម​ថែរក្សា​ឆ្នេរ​ទាំងអស់​គ្នា » ។

« អ្នក​រស់នៅ​តាម​ឆ្នេរ​នា​ពេល​កន្លង​មក និង​អ្នក​ដែល​យក​ឆ្នេរ​ធ្វើ​អាជីវកម្ម នឹង​អាច​ត្រូវ​រើ​កន្លែង​ដើម្បី​យក​ឆ្នេរ​នោះ​មក​ឱ្យ​ភ្ញៀវ​ទេសចរ​លេង​កម្សាន្ត ដោយសារ​តែ​កន្លង​មក ផ្ទៃ​ឆ្នេរ​ដែល​ត្រូវ​ឱ្យ​ភ្ញៀវ​ទេសចរ​កម្សាន្ត​នោះ ត្រូវ​បាន​ឯកជន​យក​មក​ធ្វើ​អាជីវកម្ម​ផ្ទាល់ខ្លួន ដែល​នាំ​ឱ្យ​ខ្វះ​កន្លែង និង​រំលោភ​ឆ្នេរ​សាធារណៈ » ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​អភិបាលខេត្ត ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា ៖ « សូម​បងប្អូន​រស់នៅ​បែប​អនាធិបតេយ្យ​នៅ​តាម​ឆ្នេរ មេត្តា​យោគយល់ ហើយ​អ្នក​ដែល​យក​ឆ្នេរ​ធ្វើ​អាជីវកម្ម​ក៏​គួរតែ​គិតគូរ និង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ដើម្បី​កែប្រែ​ឆ្នេរ​ឱ្យ​ស្រស់​ស្អាត​សម​នឹង​ឈ្មោះ​ជា​ឆ្នេរ​ស្រស់​ស្អាត​ជាងគេ​នៅ​លើ​ពិភពលោក  » ។

លោក​បន្ថែម​ទៀត​ថា ៖ « ចាប់ពី​ពេល​នេះ​តទៅ ការ​ថែរក្សា​ឆ្នេរសមុទ្រ​របស់​ខេត្ត​ព្រះ​សីហ​នុ នឹង​ត្រូវ​ពង្រឹង​កាន់តែ​ខ្លាំង ចំពោះ​ឆ្នេរ​ណា​ដែល​ស្អាត​នឹង​ត្រូវ​ថែរក្សា​ឱ្យ​ស្អាត​ថែម​ទៀត ហើយ​ចំពោះ​ឆ្នេរ​ណា​ដែល​ខូច នឹង​ខិតខំ​កែ​លម្អ​ឱ្យ​ស្អាត​ឡើង​វិញ ។ សព្វ​ថ្ងៃនេះ បញ្ហា​ចម្បង​របស់​ឆ្នេរ​នោះ គឺ​ការ​បង្ហូរទឹក​ស្អុយ​ចូល​សមុទ្រ ហើយ​បញ្ហា​នេះ​ដែរ ក៏​មានការ​រិះគន់​ពី​សាធារណជន​ជា​ច្រើន​ផង​ដែរ ។ ទោះជា​យ៉ាងណា ក្រសួងបរិស្ថាន និង​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត កំពុង​តែ​រក​ដំណោះស្រាយ​ផង​ដែរ » ។

គួរ​បញ្ជាក់​ថា គម្រោង​កែ​លម្អ​ឆ្នេរសមុទ្រ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួងទេសចរណ៍​បាន​ប្រកាស​ដកហូត​ឆ្នេរ​ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ឯកជន ហើយ​មក​គ្រប់គ្រង​ដោយ​រដ្ឋ​វិញ ។

យោង​តាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​លេង​កម្សាន្ដ​នៅ​ខេត្ត​ព្រះ​សីហ​នុ មាន​ចំនួន​សរុប​១.៥១៨.៨៧៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១.១៥៦.៨១៣​នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន​៣៦២.០៦១​នាក់ ។

ខេត្ត​ព្រះ​សីហ​នុ ក៏​ត្រូវ​បាន​វិនិយោគិន​បរទេស​សម្លឹង​ឃើញ និង​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ផង​ដែរ ដោយសារ​តែ​ខេត្ត​មួយ​នេះ​ពោរ​ពេញ​ទៅ​ដោយ​សក្ដានុពល​លើ​វិស័យ​នេះ ។ នៅ​ថ្ងៃ​អនាគត ខេត្ត​ព្រះ​សីហ​នុ នឹង​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះថា​ខេត្ត​មួយ​នេះ​មាន​លក្ខណៈ​ពិសេស ដោយ​មាន​ព្រ​លាន​យន្តហោះ និង​កំពង់​ផែ​ដែល​ជា​ច្រក​ដ៏​សំខាន់​សម្រាប់​ភ្ញៀវ​មក​ទស្សនា ។​បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​មក​លំហែ​កម្សាន្ត​រួច​ហើយ ពួក​គេ​អាច​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស​បន្ត​ទៅ​ទស្សនា​ខេត្តសៀមរាប ដែល​ជាទី​ក្រុង​វប្បធម៌​យ៉ាង​ល្បីល្បាញ​ខាង​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា​ផង​ដែរ ។ ចំណែក​ភ្ញៀវ​ទេសចរ​ដែល​បាន​ទស្សនា​ខេត្តសៀមរាប​រួច​ហើយ ក៏​អាច​ជិះ​យន្តហោះ​មក​កម្សាន្ត​នៅ​តំបន់ឆ្នេរ នា​ខេត្ត​ព្រះ​សីហ​នុ​វិញ​បាន ៕