ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​រាជ​ធានី​ភ្នំពេញ ៖ ​ក្រោយ​ពេល​កោះសន្តិភាព​ចេញផ្សាយ​មួយ​ឈុត លើ​គេហទំព័រ​របស់​ខ្លួន ស្តី​ពី​ឧក​ញ៉ា ប៉ែន នួន គេចវេស​មិន​បង់​ប្រាក់​ថ្លៃ​ចុះ​ផ្សាយ​សារ​ជូនពរ ក៏​មាន​ព័ត៌មាន​លេច​ចេញ​មក​ហូរហែរ ស្តី​ពី​សកម្មភាព​មិន​ប្រក្រតី​របស់​ឧក​ញ៉ា​ម្នាក់​នេះ ដែល​កោះ​សន្តិ​ភាព​​សន្យា​ចុះ​ផ្សាយ​ម្តង​មួយ​ៗ...​ឬ​ម្តង​២ ឱ្យ​តែ​មាន​ព័ត៌មាន​បញ្ជូន​មក​ដល់ ។

ឱ​!​អ្នកក្រ​សែត​ទាំងឡាយ​អើយ​...​មិន​គួរ​នាំ​គ្នា​ចាញ់បោក​ឧក​ញ៉ា ប៉ែន នួន ដែល​កន្លង​មក មនុស្ស​ និង​សត្វ​តិច​ណាស់​ដែល​បាន​ស្គាល់ បែរជា​នាំ​គ្នា​លើក​គាត់​ឱ្យ​គេ​ស្គាល់ ។

ប៉ុន្តែ​ណ្ហើយចុះ​...​បានជា​នាំ​គ្នា​ជួយ​លើក​គាត់​ដូច​លើក​ដុំ​ថ្ម​បង្ហាញ​ឱ្យ​គេ​ស្គាល់​ក៏​ដោយ​ចុះ​...​យ៉ាង​ហោច​ក៏​មហាជន​បាន​ស្គាល់​មារ​យាទ​​ល្អ​របស់​គាត់​នៅ​ពេល​នេះ​ដែរ ។

ខាងក្រោម​នេះ និង​បន្តបន្ទាប់​ទៀត យើង​នឹង​ចុះ​ផ្សាយពាណិជ្ជកម្ម​ជូន​ឧក​ញា​៉ ប៉ែន នួន ឱ្យ​ល្បីល្បាញ​ដោយ​មិន​គិតថ្លៃ ។

មិន​គួរ​ទៅ​បោកប្រាស់​ក្រុម​សិល្បករ
កាលពី​ថ្ងៃ​ទី​២៩ តុលា ឆ្នាំ​២០១៥ កន្លង​ទៅ មហាជន​ភាគច្រើន​សុទ្ធតែ​បានដឹង​ថា លោក​ឧកញ៉ា ប៉ែន នួន អគ្គនាយក​ក្រុមហ៊ុន​ស៊ី​ខេ​អេ ចំរើន​កសិឧស្សាហកម្ម អភិវឌ្ឍន៍​(​កម្ពុជា​) អ៊ីម​​ផត​អិ​ច​ផត ដែល​ជា​ក្រុមហ៊ុន​ធ្វើការ​ទៅ​លើ​វិស័យ​សាងសង់ បាន​ប្រកាស​ប្រគល់​ប្រាក់​ក្នុង​មួយ​ខែ​៥០០​ដុល្លារ ដោយ​ប្រកាស​សុំ​បង់​មួយ​ឆ្នាំ​មុន​តែ​ម្ដង ឧបត្ថម្ភ​ដល់​សមាគម​សិល្បករ​ខ្មែរ ដើម្បី​ឲ្យ​សមាគម​នេះ​មាន​លទ្ធភាព​ជួយ​ដល់​ក្រុម​សិល្បករ​ចាស់​ៗ​ក្រីក្រ ។

ពិធី​នោះ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ ពី​ក្រុម​អ្នក​សារព័ត៌មាន ទាំង​កាសែត វេ​ប​សាយ និង​ទូរទស្សន៍ ដោយ​ឈ្មោះ​លោក និង​ភរិយា​​ឈ្មោះ កាយ សុជាតា មិន​ទាន់​ដឹង​ភរិយា​ទី​ប៉ុន្មាន​ទេ ត្រូវ​គេ​ផ្សាយ​ពី​ទឹកចិត្ត​សប្បុរសធម៌​នោះ​យ៉ាង​គគ្រឹកគគ្រេង ។ ប៉ុន្តែ​ក្រោយ​ការ​ផ្ទុះ​ដំណឹង​ថា លោក​មិន​ព្រម​បង់ប្រាក់​ថ្លៃ​ចុះ​ផ្សាយ​សារ​ជូនពរ​សម្ដេច​តេ​ជោ ហ៊ុន សែន នៅ​លើ​ទំព័រ​កោះសន្ដិភាព ក៏​មានការ​ទម្លាយ​​ថា ថវិកា​ឧបត្ថម្ភ​ដែល​លោក​បាន​ប្រកាស​យកមុខ​យ៉ាង​ធំ​ថ្លោស​កាលនោះ គឺ​បង់​ឲ្យ​បាន​តែ​មួយ​ខែ​ប៉ុណ្ណោះ ក្រោយមក​ក៏​ចេះ​តែ​ថា​ថ្ងៃនេះ​ថ្ងៃ​នោះ ហើយ​មិន​ប្រគល់​ដល់​សមាគម​ឡើយ​គឺ​ម៉ាង​តែ​ម្រ៉​ង ។

ព័ត៌​មាន​ពិស្តារ​នឹង​ចេញ​ផ្សាយ​នៅ​លើ​ទំព័រ​សារ​ព័ត៌​មាន​កោះ​សន្តិភាព​ព្រឹក​ថ្ងៃទី​១២ មីនា ។