ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​សម្តេច​ក្រឡាហោម ស ខេ​ង បាន​បញ្ជា​ឲ្យ​អ​ជ្ញា​ធរ​មូលដ្ឋាន​រួម​គ្នា​ត្រួតពិនិត្យ និង​ចាត់វិធានការ​ឡើង​វិញ​ចំពោះ​បញ្ហា រថយន្ត​ដឹក​ដី​នោះ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា​ឆ្នាំ​២០១៦​នេះ លោក​យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​លោក ម៉ក់​ហុង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជា​ឲ្យ​កម្លាំង​របស់​លោក​ដាក់​គោលដៅ​ត្រួតពិនិត្យ និង​ឃាត់​រថយន្ត​ទាំងនោះ​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​២ ។

ការ​ដាក់​គោលដៅ​ចំនួន​២​កន្លែង​នោះ​គឺ​ទី​១ នៅ​លើ​កំណាត់​ផ្លូវ​ភ្នំពេញ​ហាណូយ សង្កាត់​ឃ្មួ​ញ និង​គោលដៅ​ទី​២ ផ្លូវ​២០១១​សង្កាត់​ក្រាំងធ្នង់​ខណ្ឌ​សែន​សុខ​។ ចំណែក​ខណ្ឌ​ពោធិ​សែន​ជ័យ​គឺ​បាន​ដាក់​នៅ​ផ្លូវជាតិ​លេខ​៣ កែង​ផ្លូវ​៣០​ម៉ែត្រ សង្កាត់​ភ្លើង​ឆេះរ​ទះ និង​ផ្លូវជាតិ​លេខ​៤​ផ្លូវ​ចូល​ទំនប់​កប់​ស្រូវ សង្កាត់​ត្រពាំង​ក្រ សាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។ លោក យឹ​ម សា​រ៉ា​ន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ការ​ឃាត់​រថយន្ត​ដឹក​ដី ដឹក​ថ្ម ដឹក​ខ្សាច់ និង​ដឹក​គ្រួ​ស​ទាំងនោះ គឺ​ដោយ​មាន​បទបញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​លោក​ចាត់វិធានការ​យ៉ាង​តឹង​រឹង​បំផុត ចំពោះ​រថយន្ត​ទាំងនោះ ដើម្បី​ត្រួតពិនិត្យ​ចំពោះ​រថយន្ត​ណា​គ្មាន​ច្បាប់ និង​ធ្វើ​របាយការណ៍​ទៅ​ថ្នាក់លើ​បន្ត​។ លោក​បន្ថែម​ទៀត​ថា ការ​អនុវត្តន៍​ចាប់​រថយន្ត​ខាងលើ​នេះ នឹង​ធ្វើ​ជា​ប្រចាំ​។ សមត្ថកិច្ច​ចរាចរ​ដែល​ចុះ​អនុវត្តន៍​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​រថយន្ត​ចំនួន​២​គោលដៅ​នេះ គឺ​ឃាត់​បាន​ប្រមាណ​ជាង​៣០​គ្រឿង​ហើយ​។​ចំណែក​លោក ម៉ក់ ហុង អធិការ​ខណ្ឌ​សែន​សុខ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ចំពោះ​គោលដៅ​ត្រួតពិនិត្យ​របស់​លោក​ទាំង​២​គោលដៅ​គឺ​កម្លាំង​សមត្ថកិច្ច​ចរាចរ ដែល​ចុះ​អនុវត្តន៍​ផ្ទាល់​បាន​ធ្វើការ​ឃាត់​រថយន្ត​បាន​ប្រមាណ​ជាង​៥០​គ្រឿង​ផង​ដែរ​។

គួ​រម្លឹក​ដែរ​ថា​កាលពី​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឲ្យ​អ​ជ្ញា​ធរ​មូលដ្ឋាន​ត្រូវ​រួម​គ្នា​ត្រួតពិនិត្យ និង​ចាត់វិធានការ​ឡើង​វិញ​ចំពោះ​បញ្ហា រថយន្ត​ដឹក​ដី​ដើម្បី​ចាប់​ឃាត់​រថយន្ត​ណា​ឥត​សណ្តាប់ធ្នាប់​ដែល​ធ្វើ​ឲ្យ​មាន​ធ្លាក់​ដី​ខូច​បរិស្ថាន​ក្នុង​រាជធានី និង​ទីប្រជុំជន​នានា ខណៈ​ដែល​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​បាន​ធ្វើការ​រអ៊ូរទាំ​ពី​បញ្ហា​ប្រឈម​នៃ​រថយន្ត​ដឹក​ដី​ធ្វើ​អាជីវកម្ម​។ សម្តេច​ថ្លែង​បែប​នេះ​ក្នុង​ឱកាស អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការ​អនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក​ថ្មី​ស​ប្តា​ហ៍​ទី​១ នៃ​ខែមីនា កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦ ៕