បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ពិភាក្សា​ដេញដោល​អំពី​សាសនា​ឥស្លាម ប្រទេស​គុយបា និង​បញ្ហា​អាកាសធាតុ

បេក្ខជន​ខាង​គណបក្ស​សាធារណរដ្ឋ​ពិភាក្សា​ដេញដោល​អំពី​សាសនា​ឥស្លាម ប្រទេស​គុយបា និង​បញ្ហា​អាកាសធាតុ

បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​គណបក្ស​សាធារណរដ្ឋ​ ឈរ​ជាមួយ​គ្នា​ក្នុង​ពេល​ច្រៀង​ចម្រៀង​ជាតិ​ មុន​ពេល​ចាប់​ផ្តើម​ការ​ជជែក​ដេញ​ដោល​គ្នា​ កាលពី​ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅ​ក្នុង​ក្រុង Coral Gables រដ្ឋ​ Florida។

សាសនា​ឥស្លាម​ជ្រុល​និយម គោលនយោបាយ​ការបរទេស និង​ពាណិជ្ជកម្ម​គឺ​ជា​បញ្ហា​ដែល​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ដេញដោល​នៅ​ក្នុង​វេទិកា​ពិភាក្សា​ដេញដោលចុង​ក្រោយ​បង្អស់​របស់​បេក្ខជន​ទាំង​៤​រូប​ខាង​គណបក្ស​សាធារណរដ្ឋ​ មុន​នឹង​ឈាន​ដល់ការ​បោះឆ្នោត​បឋម​ និង​កិច្ចប្រជុំ​របស់​គណបក្ស​ដើម្បី​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​នេះ។ ​

នៅ​ក្នុង​ពិភាក្សា​ដេញដោល​រយៈពេល​វែង​ទៅ​លើ​ការ​គំរាមកំហែង​របស់​អ្នកកាន់​សាសនា​ឥស្លាម​ជ្រុល​និយម លោក Donald Trump​ ដែល​ជា​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាមេរិក​ខាង​គណបក្ស​សាធារណរដ្ឋ​បាន​ឈរ​លើ​ជំហរ​របស់​លោក​ដែល​ថា «អ្នក​កាន់​សាសនា​ឥស្លាម​ជាច្រើនស្អប់​ជនជាតិ​អាមេរិកាំង​ ហើយ​លោក​នឹង​ពិចារណា​បញ្ជូន​កងកម្លាំង​យោធា​ផ្លូវ​គោក​អាមេរិក​រហូត​ដល់​៣​ម៉ឺន​នាក់​ ទៅ​វាយប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​ឧទ្ទាម​រដ្ឋ​ឥស្លាម​នៅ​មជ្ឈឹមបូព៌ា។

លោក Trump ត្រូវ​បាន​គេ​សាកសួរ​អំពី​អ្វី​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​សប្តាហ៍​នេះ​ដែល​ថា «អ្នក​កាន់​សាសនា​ឥស្លាម​ស្អប់​ជនជាតិ​អាមេរិកាំង»។ នៅ​ពេល​ត្រូវ​បាន​សាកសួរ​នៅ​ក្នុង​វេទិកា​ពិភាក្សា​ដេញដោល​អំពី​ថា​តើ​ លោក​សំដៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ទាំងអស់ ​ឬ​យ៉ាងណា លោក Trump បាន​ឆ្លើយ​តប​មកវិញ​ថា «លោក​សំដៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ជាច្រើន​នាក់»។ លោក​ Trump បាន​មាន​ប្រសាសន៍​ថា លោក​មិន​ចាប់​អារម្មណ៍​នឹង​គេចវេស​ពី​សម្តី​ដែល​លោក​បាន​លើកឡើង​ ដើម្បី​ឲ្យ​ត្រឹមត្រូវ​ទៅ​តាម​នយោបាយ​នោះ​ទេ។ ​

លោក Marco Rubio ដែល​ជា​គូប្រជែង​បាន​ឆ្លើយ​តប​ដោយ​ម៉ឺងម៉ាត់​ថា «ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​សម្តី​ដែល​ត្រឹមត្រូវ​ទៅ​តាម​នយោបាយ​នោះ​ទេ។ ខ្ញុំ​ចាប់​អារម្មណ៍​នឹង​សម្តី​ដែល​ត្រឹមត្រូវ​តែ​ម្តង»។ សមាជិក​ព្រឹទ្ធសភា​រដ្ឋ Florida រូប​នេះ​បាន​មាន​ប្រសាសន៍​ថា មធ្យោបាយ​តែ​មួយ​គត់​ក្នុង​ការដោះស្រាយ​បញ្ហា​សាសនា​ឥស្លាម​ជ្រុល​និយម​គឺ​ត្រូវ​ចង​មិត្ត​ជាមួយ​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​ដែល​មិន​ជ្រុល​និយម។ ហើយ​លោក​បាន​ព្រមាន​ថា «​ប្រធានាធិបតី​ទាំងឡាយ​មិន​មែន​គ្រាន់​តែ​និយាយ​នូវ​អ្វី​ដែល​ខ្លួន​ចង់​និយាយ​នោះ​ទេ ព្រោះ​វា​ផ្តល់​ផល​ប៉ះពាល់​ដល់​ពិភពលោក​ទាំង​មូល»។

លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​រដ្ឋ Texas បាន​រិះគន់​នូវ​អ្វី​ដែល​លោក​ហៅថា ជា​ដំណោះស្រាយ​សាមញ្ញ​របស់​លោក Trump ទៅ​លើ​ពាណិជ្ជកម្ម​ និង​អំពើ​ហិង្សា​ដែល​កើត​ឡើង​ដោយសារ​ជន​ជ្រុលនិយម។ លោក​បាន​មាន​ប្រសាសន៍​ថា «ចម្លើយ​គឺ​មិន​មែន​សាមញ្ញ​ដោយ​គ្រាន់​តែ​ស្រែក​ថា «ប្រទេស​ចិន​អាក្រក់​ ហើយ​អ្នក​កាន់​សាសនា​ឥស្លាម​អាក្រក់​នោះ​ទេ»។

ទំនាក់​ទំនង​ជាមួយ​នឹង​ប្រទេស​គុយបា​ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ផង​ដែរ ដោយ​លោក Rubio និង​លោក Cruz បាន​ថ្កោលទោស​ទំនាក់ទំនងការ​ទូតក្តៅ​គគុក​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ឡាហាវ៉ាន (Havana)។

​លោក John Kasich ​អភិបាល​រដ្ឋ Ohio ដែល​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​តិច​ជាង​គេ​នៅ​ក្នុង​ការ​ស្ទង់​មតិ​សាធារណៈ មិន​បានបញ្ចេញ​យោបល់​ច្រើន​នោះ​ទេ​ ប៉ុន្តែ​បាន​បញ្ចេញ​ជំហរ​របស់​លោក​ទៅ​លើ​ច្បាប់​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មាន​ជំនឿ​ថា សកម្មភាព​របស់​មនុស្សរួម​ចំណែក​ធ្វើ​ឲ្យ​អាកាសធាតុ​ប្រែប្រួល ប៉ុន្តែ​លោក​បាន​លើកឡើង​ថា វា​អាច​ទៅ​រួច​ក្នុង​ការ​បន្តឹង​បទ​បញ្ញត្តិ​បរិស្ថាន​ដែល​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច។

លោក Rubio បាន​ឆ្លើយ​តប​មក​វិញ​ថា មិន​មាន​ច្បាប់​ណា​មួយ​ដែល​បាន​អនុម័ត​ដោយ​សភា​អាច​កែប្រែ​អាកាសធាតុ​បាន​នោះ​ទេ៕​