នគរបាល​ប្រឆាំង​ភេរវកម្ម​នឹង​សាកសួរ​ស្រី​កំណាន់​លោក កឹម សុខា​

ស្ត្រីដែលមាន​រឿង​អាស្រូវ​ផ្លូវភេទ​ពាក់ ព័ន្ធ​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណ បក្ស​ប្រឆាំង​​ ត្រូវ​បាន​កោះហៅ​​​ឱ្យ​មក​បង្ហាញ​ខ្លួនដើម្បីធ្វើការ​សាកសួរ​នៅព្រឹក​នេះ​​នៅ​នាយក​ដ្ឋាន​​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នេះបើ​យោង​តាម​ការ​លើកឡើង​របស់​ស្ត្រីរូប​នេះ​ និង​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក។

កញ្ញា ខឹម ចាន់តារាទី ដែលពាក្យ​ចចាម អារ៉ាម​ថា ជា​ស្រីកំណាន់​របស់លោក កឹម សុខា ​បច្ចុប្បន្ន​នេះ​ត្រូវ​គេ​ស្គាល់ជា​​ទូទៅ​តាម​​​បណ្តាញ​​​​​​ទំព័រ​​​​ហ្វេស​ប៊ុក​ថា ” ម៉ុន ស្រី” បានស្វែង​រក​ជំនួយ​​​ពី​អង្គការ​អាដ​ហុកកាលពី​ល្ងាច​ថ្ងៃពុធ​​ ពីព្រោះ​​​​នាង​បាន​និយាយ​ថា ​នាង​មានការ​ភ័យ​ខ្លាច​នឹង​ការ​កោះហៅ​ឱ្យ​ចូលខ្លួន​ ដែលនាង​និយាយ​ថា បានធ្វើ​ឡើង​បន្ទាប់ពី​ការ​កោះហៅ​កាល​​​ពី​លើក​មុន​ដែល​បង្គាប់​ឱ្យ​នាង​មក​បង្ហាញ​ខ្លួន​​នៅ​ថ្ងៃច័ន្ទ​សប្តាហ៍នេះ។

ខំ ចាន់ដារ៉ាទី និយាយ​​​ជាមួយអ្នក​​​យក​​​ព័ត៌មាន​​​នៅឯការិយាល័យ​​​អង្គការ​​​អាដហុក​​​ ក្នុង​​​ក្រុង​​​ភ្នំពេញ កាលពី​​​ថ្ងៃពុធ នៅក្នុងរូបថត​​​លើ​​​វីដេអូ​​​បង្ហោះ​​​តាម​​​អីុនធឺណិត​​​ដោយ​​​វិទ្យុសំឡេង​​​សហរដ្ឋអាមេរិក។

លោក នី សុខា មន្ត្រី​ស៊ើប​អង្កេត​ផ្នែក​សិទ្ធិមនុស្ស​នៅ​អង្គការ​អាដ​ហុក​បានមាន​ប្រសា​សន៍​ថា “ដោយសារ​លិខិត​ទាំងពីរ​នេះ នាង​បាន​មក​រក​យើង​ ពីព្រោះ​នាង​មាន​ការ​​បារម្ភ​យ៉ាង​ខ្លាំង។ ហេតុ​ដូច្នេះហើយ អង្គការ​អាដហុក​​នឹង​ជួយ​ផ្តល់​មេធាវីម្នាក់​ ដើម្បី​ឱ្យ​មេធាវី​រូបនោះ​អាច​ទៅ​ជាមួយ​នាង​នៅ​ថ្ងៃ​​​ស្អែក​ទៅ​ចូលរួម​ស្តាប់​​ដំណើរការ​សាកសួរ​របស់​អាជ្ញាធរ”។

គេ​មិន​ទាន់​ច្បាស់​​​​នៅ​​​​​​ឡើយ​​​ទេ​​​ថា តើ​​​ហេតុុ​​​ អ្វី​​​បាន​​​ជា​​​ ​នាយក​​​​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​ទទួល​​​បន្ទុក​ស៊ើប​អង្កេត​រឿង​អាស្រូវ​នេះ ពាក់​​​ព័ន្ធ​​​​​ខ្សែ​អាត់​សំឡេង​ជា​​​​បន្តបន្ទាប់​ដែលបាន​បង្ហោះ​នៅក្នុង​ទំព័រ​ហេ្វសប៊ុក​ឈ្មោះ “ម៉ុន ស្រី”។ ខ្សែ​អាត់​​​សំឡេង ​នេះ​ទំនង​ត្រូវគេ​លួច​ថត​ជាសម្ងាត់​ ហើយ​មាន​ការ​សន្ទនា​រវាង​បុរស​ម្នាក់ដែល​គេ​អះ​អាង​ថា ជា​លោក កឹម សុខា និង​ស្ត្រីវ័យ​ក្មេង​ម្នាក់ ដែលពាក្យ​ចចាម​អារ៉ាម​ថា ជា​កញ្ញា ចាន់តារាទី។

ប្រព័ន្ធតុលាការ​បាន​ចូល​មក​ពាក់​​​ព័ន្ធ​​​ក្នុងរឿង​អាស្រូវ​នេះ បន្ទាប់ពី​កញ្ញា ធី សុវណ្ណថា ​​​សកម្ម​ជន​ប្រឆាំង​រដ្ឋាភិបាល​ល្បី​ឈ្មោះ​ម្នាក់​​ បាន​ដាក់ពាក្យ​បណ្តឹង​បរិហារកេរ្តិ៍ កាលពី​សប្តាហ៍​មុន​ប្តឹង​បុគ្គលដែល​គេ​ស្តាប់ឮ​​​សំឡេង​​​ ​នៅក្នុង​ខ្សែ​អាត់​នោះ ដែល​និយាយ​ពី​ឈ្មោះ​របស់​កញ្ញា​នៅ​ក្នុង​ខ្សែ​អាត់សំឡេង​មួយ​ក្នុង​ចំណោម​ខ្សែអាត់​សំឡេង​​បែក​ធ្លាយនោះ​។

ការកោះហៅ​​កញ្ញា ចាន់តារាទី មក​ធ្វើ​​​ការ​​​​សាកសួរ​ត្រូវ​បាន​ចេញ​ដោយ​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​​ដែល​អះ​អាងថា លិខិត​នេះ​ត្រូវ​បាន​ចេញ​តាងនាម​ព្រះ​រាជអាជ្ញាអម​សា​​​លា​ដំបូង​រាជ​ធានី​ភ្នំពេញផ្អែក​តាម​ការ​ស៊ើប​អង្កេត​ពាក្យ​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណថា។

នៅពេល​ទាក់ទង​តាមទូរស័ព្ទកាលពី​ម្សិល​​​មិញ ហើយ​បាន​សួរ​ពី​ករណី​នេះ លោក​ព្រះ​រាជ​អាជ្ញារង កែវ សុជាតិ មាន​ប្រសាសន៍​​​​​​ថា “ខ្ញុំមិនដឹង​ទេ” រួច​ដាក់ទូរស័ព្ទចុះ។ លោក អុី ​​​សុខឃី ប្រធាននាយកដ្ឋាន​ប្រឆាំង​ភេរវ​​​កម្ម​​ ក៏បាន​ដាក់​ទូរស័ព្ទ​ចុះដែរ​នៅពេល​អ្នក​​​យក​​​ព័ត៌​មាន​សាកសួរ​។

នៅក្នុង​បទ​សម្ភាសន៍​​រូបភាព​វីដេអូ​ជាមួយ​វិទ្យុ​​សំឡេង​សហរដ្ឋ​អាមេរិក ដែល​បាន​បង្ហោះ​នៅ​ក្នុង​ប្រព័ន្ធអីុនធឺណិត​កាលពី​ម្សិលមិញ កញ្ញា​ ចាន់តារាទី បាន​បដិសេធ​យ៉ាង​​​​ដាច់​អហង្ការ​​ថា នាង​គ្មាន​​ទំនាក់​ទំនង​ជាមួយ​លោក កឹម សុខា ទេ ដោយ​អះ​អាង​ថា ​​​ហេ្វសប៊ុក​របស់នាង​ត្រូវ​បាន​គេ​ហ៊ែក ហើយ​​​​ថា នាង​មិនបាន​បង្ហោះ​ខ្សែ​អាត់​សំឡេង​ទាំងនេះទេ។ នាង​ក៏បាន​និយាយផងដែរ​ថា នាង​​​មានការ​ភ័យ​ខ្លាចចំពោះ​ការ​ទៅ​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខនគរបាល​ប្រឆាំង​ភេរវ​​​កម្ម។

នាង​បាន​និយាយ​ថា “​ខ្ញុំសូមបដិសេធថា ខ្ញុំ​មិនមែន​ជា​ស្រីកំណាន់​របស់គាត់​ទេ ហើយ​ខ្ញុំ​ក៏មិន​ជាប់​ពាក់ព័ន្ធ​រឿង​ស្នេហា​ជាមួយ​គាត់​ដែរ​” ដោយ​បាន​បន្ថែម​ថា “​ខ្ញុំ​មានការ​បារម្ភ​ជាខ្លាំង​ ពីព្រោះ​ពួកគេ​បានកោះហៅ​ខ្ញុំ​ពីរ​លើក​​​ហើយ​ ដោយសារ​​ខ្ញុំមិន​បាន​ធ្វើ​អ្វី​ខុស​ទេ”។

ប៉ុន្តែ​នាង​បាន​និយាយ​ថា នាង​នឹង​គោរព​តាម​ការ​កោះ​ហៅ​របស់​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម​ ដោយ​ទៅ​ជាមួយ​មេធាវី​ថ្មី​របស់​នាង។

នាង​បាន​និយាយ​ថា “​ខ្ញុំមក​អង្គការ​អាដ​​​ហុក​​​ឱ្យ​ជួយ​រក​យុត្តិ​ធម៌ឱ្យ​ខ្ញុំ”៕សារុន​​​

The post នគរបាល​ប្រឆាំង​ភេរវកម្ម​នឹង​សាកសួរ​ស្រី​កំណាន់​លោក កឹម សុខា​ appeared first on ខេមបូឌា ដេលី.