​​តើ​ដឹង​ទេ​ថា​ កែវ រំចង់ រក​បាន​ប្រាក់​ប៉ុន្មាន​ពី​ប្រដាល់​ក្នុង​ឆ្នាំ​២០១៥ ?

អ្នក​ប្រដាល់​ជួរ​មុខ​របស់​កម្ពុជា​ កីឡាករ​ ​កែវ រំចង់ រក​​ប្រាក់​បាន​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​​ ពី​ការ​ឡើង​សង្វៀន​ប្រដាល់​​​​សរុប​ក្នុង​ឆ្នាំ ​២០១៥។

 

 ​​តើ​ដឹង​ទេ​ថា​ កែវ រំចង់ រក​បាន​ប្រាក់​ប៉ុន្មាន​ពី​ប្រដាល់​ក្នុង​ឆ្នាំ​២០១៥ ?កីឡាករ កែវ រំចង់ ឈ្នះ​ជើង​ឯក​រង​​នៅ​សង្វៀន​បាយ័ន​

 

​ជើង​ខ្លាំង​​ កែវ រំចង់ បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ​២០១៥ កន្លង​ទៅ​​ ធ្លាប់​​​ឡើង​សង្វៀន​ប្រដាល់​នៅ​ប៉ុស្តិ៍​បាយ័ន​​ ២​ដង​ក្នុង​មួយ​ខែ ​ក្នុង​នោះ​ប្រាក់​តម្លៃ​ខ្លួន​ ៥០០​ដុល្លារ​អាមេរិក​ឡើង​សង្វៀន​ម្ដង។ ​បើ​​សរុប​ប្រាក់​ឡើង​សង្វៀន​ប្រដាល់​នេះ​ទាំង​អស់​គឺ​ស្មើ​​នឹង​ ១២ ​០០០ ដុល្លារ​អាមេរិក​។ ​​​​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​រូប​គេ​ទទួល​បាន​ប្រាក់​រង្វាន់​ ៣​ពាន់​ដុល្លារ​អាមេរិក​ បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​រង​នៃ​កម្ម​វិធី​ប្រដាល់​​នៅ​សង្វៀន​បាយ័ន​ ជើង​ឯក​ខារ៉ាបាវ​។

 

​​​ជា​មួយ​គ្នា​នោះ ជើង​ខ្លាំង​មក​ពី​ខេត្ត​បាត់​ដំបង​រូប​នេះ ​​បង្ហើប​ទៀត​ថា ​ក្រៅ​ពី​ឡើង​សង្វៀន​បាយ័ន​រូប​គេ​បាន​ទៅ​ប្រកួត​ក្នុង​កម្ម​វិធី​ Thai Fight  ​ចំនួន​៣​លើក​ក្នុង​ឆ្នាំ​ ២០១៥ ​​ ដោយ​ទទួល​បាន​ប្រាក់​​​តម្លៃ​ខ្លួន ២​ពាន់​ដុល្លារ​អាមេរិក​​សម្រាប់​ការ​ប្រកួត​ម្ដង។ ​នា​ការ​ប្រកួត​​នៅ​សង្វៀន Thai Fight ​លើក​ទី ៣​នៅ​​ប្រទេស​ថៃ​​អ្នក​រៀប​ចំ​ការ​ប្រកួត​បាន​ផ្ដល់​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​​​ចំនួន ១​​សែន​បាត​ស្មើ​នឹង​ ២ ៨១០ ដុល្លារ​អាមេរិក។

 

​ហេតុ​នេះ​បើ​​សរុប​ប្រាក់​ចំណូល​​ ដែល​​បាន​ពី​​ការ​ឡើង​សង្វៀន​ប្រដាល់​​​ទាំង​អស់​បញ្ចូល​គ្នា​​ ជើង​ខ្លាំង​ កែវ រំចង់ រក​បាន ២ ៣៨១០ ​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ២០១៥ ។ ចំនួន​នេះ​មិន​បាន​​បូក​រួម​ទាំង​ការ​ឧបត្ថម្ភ​ផ្សេង​ៗ ​ពី​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ឡើយ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​