ក្រុម​ព្រះ​សុរិយា​ រៀប​ចំ​ការ​ប្រគំ​តន្ត្រី និង​ចាក់​បញ្ចាំង​ភាព​យន្ត​បុរាណ​ខ្មែរ​នៅ​ខេត្ត​បាត់ដំបង​

លោក​ យាង វណ្ឌី ដែល​ជា​ប្រធាន​ក្រុម​ព្រះ​សុរិយា​បាន​ថ្លែង​មក​កាន់ Sabay ថា ក្រុម​ព្រះ​សុរិយា នឹង​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ ព្រម​ទាំង​​ចាក់​បញ្ចាំង​ភាពយន្ត​បុរាណ​ខ្មែរ​នៅ​ទី​រួម​ខេត្ត​បាត់ដំបង​នៅ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​ដែល​មាន​រយៈពេល​៤​ថ្ងៃ។

 

ក្រុម​ព្រះ​សុរិយា​ រៀប​ចំ​ការ​ប្រគំ​តន្ត្រី និង​ចាក់​បញ្ចាំង​ភាព​យន្ត​បុរាណ​ខ្មែរ​នៅ​ខេត្ត​បាត់ដំបង​

 

“យើង​នឹង​រៀប​ចំ​នៅ​សួន​ច្បារ​សម្ដេច ស ខេង នៅ​ថ្ងៃ១៣​ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ដែល​ត្រូវ​នឹង​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ ហើយ​នៅ​ថ្ងៃ​ហ្នឹង​ដែរ​យើង​ត្រៀម​ប្រមាណ​ជា​ដប់​រឿង​មាន “អន​អើយ​ស្រី​អន” “ទ្រូង​អូន​រហែក”​  “សុវណ្ណ​បញ្ចា” និង​រឿង “គួរ​ឲ្យ​ចុក​ឈាម” ជាដើម”។

 

លោក យាង វណ្ឌី ​បន្ត​ថា សម្រាប់​ការ​ប្រគំ​តន្ត្រី​វិញ គឺ​ភាគ​ច្រើន​ចូល​រួម​ពី​សិស្ស​និស្សិត​មក​ពី​បណ្ដា​សាកល​វិទ្យាល័យ​ផ្សេងៗ ជាពិសេស​គឺ​មក​ពី​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ វិល​មក​គម្រោង​ចំណាយ​ទាំង​ពីរ​កម្មវិធី​នេះ​វិញ លោក​បញ្ជាក់​ថា នឹង​ត្រូវ​ចំណាយ​ប្រមាណ​ជាង ១ ម៉ឺន​ដុល្លារ​អាមេរិក​ឯ​ណោះ។

 

ក្រុម​ព្រះ​សុរិយា​ រៀប​ចំ​ការ​ប្រគំ​តន្ត្រី និង​ចាក់​បញ្ចាំង​ភាព​យន្ត​បុរាណ​ខ្មែរ​នៅ​ខេត្ត​បាត់ដំបង​

 

​​​​​​​​​​​​​​ក្រុម​ព្រះ​សុរិយា គឺ​ជា​ក្រុម​យុវជន​ដែល​ស្រលាញ់ និង​ស្ម័គ្រ​ចិត្ត​ក្នុង​ការ​ស្រាវ​ជ្រាវ​សិល្បៈ​បុរាណ​ខ្មែរ​ដែល​មាន​ដូច​ជា​ភាពយន្ត និង​ចម្រៀង​ជាដើម យក​មក​បង្ហាញ ក៏​ដូច​ជា​បញ្ចាំង​ជូន​ទស្សនិកជន​បាន​ទស្សនា និង​ស្វែង​យល់។

 

អត្ថបទ៖ SAMEDY