Sabay និង មជ្ឈមណ្ឌល​ព័ត៌មានដើម​អំពិល​ ចុះ​MOU ផ្លាស់ប្ដូរ​ព័ត៌មាន​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា

គេហទំព័រ Sabay និង មជ្ឈមណ្ឌលព័ត៌មាន​​ដើម​អំពិល​ បាន​ចាប់​ដៃ​គ្នា​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​ជា​លើក​ដំបូង ដើម្បី​​បង្កើន​ព័ត៌មាន​ឲ្យ​បាន​កាន់​តែ​ច្រើន​ទៅ​កាន់​សាធារណជន​ផង និង ជា​ផ្នែក​មួយ​លុបបំបាត់​ការ​លួច​ចម្លង​អត្ថបទ​ព័ត៌មាន​នៅ​កម្ពុជា​ផង។

 

Sabay និង មជ្ឈមណ្ឌល​ព័ត៌មានដើម​អំពិល​ ចុះ​MOU ផ្លាស់ប្ដូរ​ព័ត៌មាន​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា

 

 

នៅ​ក្នុង​ពិធី​ចុះ​ MOU ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ការិយាល័យ​របស់ Sabay ព្រឹក​មិញ​​នេះ លោក ជីព ចិត្ត និពន្ធ​នាយក​គេហទំព័រ Sabay បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ថា ព្រឹត្តិការណ៍​នៅ​ថ្ងៃ​នេះ​គឺជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​លើក​កម្ពស់​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា និង លើក​កម្ពស់​ច្បាប់​កម្មសិទ្ធិ​បញ្ញា​ផងដែរ។

 

“នៅ​សម័យ​ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​បច្ចុប្បន្ន​នេះ យើង​ឃើញ​ហើយ​ថា មាន​អ្នក​លួច​ចម្លង​ព័ត៌មាន​ច្រើន​ណាស់ ឯ​ស្ថាប័ន​មាន​វិជ្ជាជីវៈ​បាន​ខិតខំ​ផលិត​ព័ត៌មាន​​ជាច្រើន​ និង យ៉ាង​លំបាក ប៉ុន្តែ អង្គភាព​មួយ​ចំនួន​បាន​លួច​ព័ត៌មាន យក​ទាំង វីឌីអូ ​រូបភាពហើយ​កាត់​ License ប្រភព​ដើម​ទៀត។ ដូច្នេះ ការ​ចុះ​ MOU ផ្លាស់ប្ដូរ​ព័ត៌មាន​នេះ គឺជា គុណប្រយោជន៍​​នៃ​ការ​ឲ្យ​តម្លៃ​ស្នាដៃ​នៃ​ការ​យក​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក”។ លោក ជីព ចិត្ត​ បន្ថែម។

 

ស្រដៀង​គ្នា​នេះ​ដែរ លោក សយ សុភា និពន្ធ​នាយក​មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល​ បាន​លើក​ឡើង​ដែរ​ថា៖ “យើង​បើក​ចំហ​នៃ​កិច្ច​សហការ​ មិន​មែន​ត្រឹមតែ​ Sabay មួយ​ទេ ព្រោះ កិច្ចសហការ​នេះ​គឺជា​ផ្នែក​មួយ​ពង្រឹង​ច្បាប់​ កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជា និង ចង់​បង្ហាញ​ទៅ​កាន់ អ្នក​​ដែល​អ្នក​និយម​លួច​ចម្លង​អត្ថបទ​ព័ត៌មាន​ថា សូម​បញ្ឈប់​សកម្មភាព​ពី​ពេល​នេះ​ទៅ”។

 

Sabay និង មជ្ឈមណ្ឌល​ព័ត៌មានដើម​អំពិល​ ចុះ​MOU ផ្លាស់ប្ដូរ​ព័ត៌មាន​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា

 

លោក សយ សុភា បាន​និយាយ​ទៀត​ថា ការ​ផលិត​ព័ត៌មាន​មួយ​អត្ថបទ គឺ​មិនមែន​ស្រួល​នោះ​ទេ គឺ​គាត់​ត្រូវ​ចំណាយ​កម្លាំង​កាយ ចិត្ត ដើម្បី​ទៅ​យក​ព័ត៌មាន​ ហើយ​ទម្រាំ​បាន​ សំណេរ ២-៣ បន្ទាត់ ឬ ១-២ ទំព័រ គឺ​អ្នក​កាសែត​មាន​ការ​លំបាក​ច្រើន​ ដោយ​ត្រូវ​រង់ចាំ​សម្ភាសន៍​យក​ព័ត៌មាន ហើយ​ពេល​ខ្លះ​ចំណាយ​ពេល​មួយ​ថ្ងៃ​ក៏​អត់​បាន​ព័ត៌មាន​ដែរ។ ប៉ុន្ដែ ទុក្ខ​លំបាក​របស់​អ្នក​សារព័ត៌មាន​នេះ ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​តូច​មិន​បាន​ខ្វាយខ្វល់​ ហើយ​ពួកគេ​បង្កើត​ស្ថាប័ន​ព័ត៌មាន​មួយ​រង់ចាំ​តែ​លួច​ចម្លង​ស្នាដៃ​របស់​អ្នក​សារព័ត៌មាន ដោយ​មិន​គោរព​សិទ្ធិ​ស្នា​ដៃ​នោះ​ទេ ព្រោះតែ​ ផល​ចំណេញ​ផ្ទាល់​ខ្លួន។

 

ទន្ទឹម​នឹង​នេះ​ លោក​ក៏​បាន​ទទូច ដល់​អ្នក​ដែល​មាន​ជំនាញ​ផ្នែក​ IT ដែល​ខិតខំ​រៀន​សូត្រ​ពោរពេញ​ដោយ​ចំណេះ​ដឹង ក៏​ត្រូវ​ចេះ​ និង យល់​អំពី​ក្រម​សីលធម៌ ដោយ​បង្កើត​គេហទំព័រ មួយ​មិនមែន​ចាំ​តែ​ចម្លង​គេ​នោះ​ទេ។ ម៉្លោះ​ហើយ​អ្នក​ត្រូវ​មាន​គំនិត​ថា ការ​ផលិត​ព័ត៌មាន​អ្វី​មួយ​ត្រូវ​តែ​ចេះ​ផលិត​ដោយ​ខ្លួន​ឯង ទើប​ស័ក្ដិសម​ជា​អ្នក​មាន​ជំនាញ។

 

កាល​ពី​ព្រឹកមិញ​នេះ គេហទំព័រ Sabay និង មជ្ឈមណ្ឌល​ព័ត៌មាន​ដើម​អំពិល​​ បាន​បើក​ទំព័រ​ថ្មី​មួយ​ និង ជា​លើក​ដំបូង ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ​​ព័ត៌មាន នៅ​លើ​ផ្នែក​វិបសាយ​ និង​វិបសាយ ហើយ​​ App និង​ App ​ គ្នា​ទៅ​វិញ​ទៅ​មក​  ក្នុង​ន័យ​ចូលរួម​លើក​កម្ពស់​វិស័យ​សារព័ត៌មាន និង ការ​គោរព​កម្មសិទ្ធិ​បញ្ញា នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

 

Sabay និង មជ្ឈមណ្ឌល​ព័ត៌មានដើម​អំពិល​ ចុះ​MOU ផ្លាស់ប្ដូរ​ព័ត៌មាន​ពង្រឹង​ច្បាប់​កម្មសិទ្ធិ​បញ្ញា

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា