យុវវ័យ​ ៤ រូប នៅ​បាត់​ដំបង​និយាយ​អ្វី​ខ្លះ នៅ​ថ្ងៃ​ទិវា​ជាតិ​អំណាន?

យុវវ័យ​ ៤ រូប នៅ​បាត់​ដំបង​និយាយ​អ្វី​ខ្លះ នៅ​ថ្ងៃ​ទិវា​ជាតិ​អំណាន?

 

បច្ចុប្បន្ននេះ ការអាន​សៀវភៅ​ គឺជា​ ប្រធានបទ​មួយ​ដ៏​សំខាន់ ​ដែល​អ្នកសិក្សា និង​អ្នកវិភាគ​ផ្សេងៗ​លើក​យកមក​និយាយ​ជា​ញឹកញាប់។

 

នៅ​ថ្ងៃទី ១១ ខែ ​មិនា​នេះ គឺជា​ទិវា​ជាតិ​អំ​ណាន​ ដែល​បង្កើតឡើង​ក្នុង​គោលបំណង​ដើម្បី​បណ្តុះ​ទម្លាប់​អាន ជំរុញ​វប្បធម៍​អាន លើកកម្ពស់​សមត្ថភាព​អាន ​និង​ការ​តែង​និពន្ធ រួម​ចំណែក​ការពារ​ និង​ពង្រឹង​វប្ប​ធ​ម៍​ខ្មែរ Sabayសូម​លើកយក​មតិ​យុវជន៤រូប​មកពី​ខេត្តបាត់ដំបង​ទាក់ទង​ទៅនឹង​ការអាន​សៀវភៅ​ព្រមទាំង​ការបង្កើតអោយមាន​ទិវា​ជាតិ​អំ​ណាន​នេះ។

 

ចំពោះ​បញ្ហា​ការអាន​សៀវភៅ​របស់​យុវជន​ខ្មែរ​បច្ចុប្បន្ន យុវ​សិស្ស ចក់ ចាន់​មុន្នី​រ័ត្ន ជា​សិស្ស​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​ព្រះមុនីវង្ស​បាន​ប្រាប់​អំ​ពិការ​យល់ឃើញ​របស់ខ្លួន​ថា យុវជន​ខ្មែរ​សព្វថ្ងៃ​ពុំ​សូវ​ចូលចិត្ត​ការអាន​សៀវភៅ​នោះទេ ហើយ​ចាត់ទុកថា​ ការអាន​សៀវភៅ​ជា​រឿង​គួរអោយ​ធុញទ្រាន់​ថែមទៀត។ សម្រាប់​ដំណោះស្រាយ​បញ្ហា​ខាងលើ មុន្នី​រ័ត្ន​ បាន​និយាយថា យើង​គួរ​មាន​ទម្លាប់​ចង់​ចេះ​ចឹ​ង​ដឹង ដែល​នឹង​នាំទៅ​កាន់​ការអាន​សៀវភៅ​ហើយ​គួរ​យក​ជនបរទេស​ដែល​ស្រលាញ់​ការអាន​មក​ធ្វើជា​គំរូ​ព្រោះ​ពួកគេ​យល់ថា​សៀវភៅ​មាន​ផ្ទុក​គ្រប់​ចម្លើយ​ទាំងអស់​ដែល​គេ​ចង់ដឹង។

 

យុវវ័យ​ ៤ រូប នៅ​បាត់​ដំបង​និយាយ​អ្វី​ខ្លះ នៅ​ថ្ងៃ​ទិវា​ជាតិ​អំណាន?

រូបតំណាង

 

យុវតី​ ដា​ណា ​ដែលជា​សិស្ស​ថ្នាក់​ទី ១១ នៃ​វិទ្យាល័យ​ឯកជន​អន្តរជាតិ​ឌូ​វី​វិញ ​ក៏បាន​លើកឡើងស្រដៀងៗគ្នា​នេះដែរ។ កញ្ញា​បាន​និយាយថា ប្រជាជន​ខ្មែរ​ភាគច្រើន​ហាក់ដូចជា​មិនសូវមាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​ប៉ុន្មាន​នោះទេ តែ​បែរជា​ចាប់​អារម្មណ៍​ច្រើនតែ​លើ​ការប្រើប្រាស់​បណ្តាញ​សង្គម ​ឬ​ភាពយន្ត​បរទេស​ទៅវិញ។ កញ្ញា​ក៏បាន​បង្ហាញ​អំពី​សុទិដ្ឋិនិយម​លើ​ទិវា​ជាតិ​អំ​ណាន​ថា​នឹង​អាចជួយ​ដាស់​ស្មារតី​កូន​ខ្មែរ​អោយ​ងាក់​មករក​ការអាន​វិញ​ដែលជា​ចំណែក​មួយ​ជួយ​អភិរក្ស​អក្សរសាស្ត្រ​ជាតិ​អោយ​គង់វង្ស។
ចំណែកឯ ​យុវ​សិស្ស ចាន់ មេសា​ វិញ​ បានបង្ហាញ​អោយឃើញ​នូវ​ការយល់​នូវ​របស់ខ្លួន​អំពី​ដំណោះស្រាយ​បញ្ហា​ការអាន​សៀវភៅ​នេះ។ មេសា​ បានលើកឡើង​នូវ​សកម្ម​ភាពជាដំណាក់ៗដូចតទៅ

 

-ស្វែងយល់​ពី​ចំណង់​ចំណូលចិត្ត​របស់​អ្នកអាន​ហើយ​រៀបចំ​ផ្តល់​សៀវភៅ​ដែល​ត្រូវ​នឹង​អ្វីដែល​គេ​ចង់បាន
-បង្កើតជា​ក្លឹប​អាន​សៀវភៅ​នៅតាម​សាលា​និង​លើកទឹកចិត្ត​អ្នកអាន​អោយ​បន្តសកម្មភាព​នេះ​ទៀត
-បង្កើន​ជំនក់​ចិត្ត​របស់គេ​លើ​ការអាន​សៀវភៅ​តាមរយ​ការលើកទឹកចិត្ត​អោយ​និយាយ​និង​ចែករំលែក​អ្វីដែល​ពួកគេ​បាន​អាន​ទៅកាន់​អ្នកដទៃ​និង​ណែនាំ​អ្នក​នៅ​ជុំវិញខ្លួន​អោយមក​ចាប់យក​ការអាន។

 

ចំណែក​យុវតី គង់ មាស​និមល​វិញ​ បានបង្ហាញ​អោយឃើញ​រឹតតែ​ប្លែក​ថែមទៀត​សម្រាប់​ការដោះស្រាយ​បញ្ហា​នេះ។ និមល​បាន​និយាយថា យុវជន​មួយចំនួន​មានការ​ជាប់ចិត្ត​ខ្លាំង​ទៅលើ​ចម្រៀង ភាពយន្ត​ និង​តារាល្បីៗហើយ​ស្រលាញ់​ពួកគេ​ជាងអ្វីៗទៅទៀត ដូច្នេះហើយ បើសិនជា​បង្កើតអោយមាន​នូវ​ភាពយន្ត ​ឬ​ការផលិត​ចម្រៀង​ដែល​គាំទ្រ​ដល់​ការអាន​សៀវភៅ ដែល​សម្តែង​ដោយ​តារាល្បីៗដែល​ពួកគេ​គាំទ្រ នោះ​នឹង​អាច​ទាក់ទាញ​យុវជន​ដែលជា​អ្នកគាំទ្រ​ទាំងនោះ​អោយមក​ចាប់យក​ការអាន​បាន​ខ្លះ​ដែរ។ យុវតី​រូប​ស្រស់​នេះ​បាន​យល់ស្រប​ថា ការបោះបង់​សកម្មភាព​កំសាន្ត​មក​អាន​សៀវភៅ​ជា​រឿង​មួយ​ពិបាក​ណាស់ តែ​យុវជន​ត្រូវ​ចេះ​គ្រប់គ្រង​លើ​ខ្លួនឯង​ហើយ​ធ្វើ​សកម្មភាព​ណា​ដែល​នាំមក​នូវ​ប្រយោជន៍​ដល់​សង្គម។

 

អត្ថបទ៖ ហ៊ួន ទីណារ័ត្ន

 

មាន​អត្ថបទ​ថ្មី និង ប្លែកៗ​​ កើត​មាន​គ្រប់​ទីកន្លែង​ ប្រិយ​មិត្ត​ចង់រាយការណ៍ ឬ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទំនាក់ទំនងតាម៖

 

-ទូរសព្ទ៖ 012 567 8 82
-អ៊ីមែល៖ [email protected]
-លេខ​ទូរសព្ទ៖ ​099 588 880
-អ៊ីមែល៖​ [email protected]

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូម​ចុច​ត្រង់​នេះ!