លោក គីម ជុងអ៊ុន ចេញបញ្ជាឲ្យ តេស្តនុយក្លេអ៊ែរ បន្ថែមទៀត

ព្យុងយ៉ាង៖ យោងតាមប្រព័ន្ធ ផ្សព្វផ្សាយ ផ្លូវការនៅព្រឹក ថ្ងៃសុក្រនេះ បានឲ្យដឹងថា មេដឹកនាំកូរ៉េ ខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យ មន្ត្រីរបស់ខ្លួន បន្តការធ្វើ តេស្តបន្ថែមទៀត ក្នុងគោលបំណង ធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពវាយ ប្រហារនុយក្លេអ៊ែរ របស់ប្រទេសនេះ។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះបន្ដទៀតថា មេដឹកនាំ កំពូលលោក គីម ជុងអ៊ុន បានចេញបញ្ជានេះ ធ្វើឡើងក្នុងអំឡុង ពេលនៃការ ធ្វើតេស្ត មីស៊ីលផ្លោង កាលពីថ្ងៃម្សិលមិញនេះ ប៉ុន្ដែគេនៅមិនទាន់ដឹងថា ការធ្វើតេស្តនេះ នឹងធ្វើនៅពេល ណានៅឡើយទេ។

កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ កូរ៉េខាងជើង បានបាញ់មីស៊ីល ផ្លោងរយៈចម្ងាយខ្លី ចំនួន២គ្រាប់ ចូលទៅក្នុងដែនទឹក ឯនាយឆ្នេរសមុទ្រ ភាគខាងកើត ប្រទេសរបស់ខ្លួន ជាមួយនឹង ការប្រកាសផ្ដាច់ ទំនាក់ទំនងសេដ្ឋកិច្ច ជាមួយកូរ៉េខាងត្បូង ចាប់តាំងពី មានភាពតានតឹង ក្រោយពីការធ្វើ តេស្តនុយក្លេអ៊ែរ របស់ទីក្រុងព្យុងយ៉ាង កាលពី ២ខែមុន។

ភ្នាក់ងារព័ត៌មានបាន ដកស្រង់សម្ដី របស់លោក គីម បន្ដទៀតថា លោកអនុញ្ញាតឲ្យ យោធាធ្វើតេស្តនុយក្លេអ៊ែរ បន្ថែមទៀត ដើម្បីស្គាលពីឥទ្ធិពល ដ៏ខ្លាំងរបស់វា ជាមួយនឹងក្បាល គ្រាប់នុយក្លេអ៊ែរ ដែលទើបផលិតថ្មី និងការធ្វើតេស្តផ្សេងទៀត ដើម្បីបង្កើនសមត្ថភាព វាយប្រហារដោយ អាវុធនុយក្លេអ៊ែរ៕

លោក គីម ជុងអ៊ុន ចេញបញ្ជាឲ្យ តេស្តនុយក្លេអ៊ែរ បន្ថែមទៀត