គូស្នេហ៍​ណាត់គ្នា​លេបថ្នាំ​ធ្វើ​អត្តឃាត​ក្នុង​វិហារ​អ៊ិ​ស្លា​ម

គូស្នេហ៍​ណាត់គ្នា​លេបថ្នាំ​ធ្វើ​អត្តឃាត​ក្នុង​វិហារ​អ៊ិ​ស្លា​ម



ខេត្តពោធិ៍សាត់ ៖ សេចក្ដី​ស្នេហា​ពិតជា​មហា​ធំធេង​ខ្លាំង​ណាស់ មិន​ថា​ជាតិ​សាសន៍​ណា​ឬ​ជាតិ​សាសន៍​ណា​ទេ ឲ្យ​តែ​ងប់ងុល​ហើយ​ពិបាក​ដកខ្លួន​ណាស់ ។ ប៉ុន្តែ​បើ​មាន​អ្នក​មក​រារាំង​ឬ​មួយ​ខាង​ណា​ប្រុង​ដោះដៃ​នោះ ម្ខាង​ទៀត​ប្រាកដជា​ហ៊ាន​ធ្វើ​អ្វី​ក៏​ហ៊ា​ន​ធ្វើ​ដែរ ។

ជាក់ស្ដែង គូស្នេហ៍​ខ្មែរ​អ៊ិ​ស្លា​ម​ដ៏​ក្មេងខ្ចី​មួយគូ​បាន​ផឹក​ថ្នាំពុល​សម្លាប់​ខ្លួន​ទាំង​ពីរ​នាក់ ក្នុង​វិហារ​អ៊ិ​ស្លា​ម ស្ថិត​ក្នុងភូមិ​ទួល​ទទឹង ឃុំ​កញ្ជរ ស្រុក​កណ្ដៀង ដោយ​មិនដឹង​ពី​មូលហេតុ​ច្បាស់លាស់ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ មីនា វេលា​ម៉ោង​៦​និង​៣០​នាទី ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

លោក​វរសេនីយ៍ត្រី លីវ សេង​ហ៊ី​ម អធិការ​នគរបាល​ស្រុក​កណ្ដៀង បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុះ សល់​លី ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ។ ចំណែក​តួ​ស្រី​ឈ្មោះ ស្មាន តី​ណូ អាយុ​១៦​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ពុំ​មាន​អ្នក​ណា​ដឹង​រឿង​ស្នេហា​របស់​គូ​ស្នហ៍​ទាំង​ពីរ​ស៊ីជម្រៅ​ដល់​កម្រិត​ណា​ទេ ប៉ុន្តែ​គេ​គ្រាន់តែ​ដឹង​ថា ពួក​គេ​ទាំង​ពីរ​នាក់​ស្គាល់គ្នា​តាម​រយៈ​ទូរស័ព្ទ​ហើយ​ក៏​មាន​ទំនាក់ទំនង ស្នេហា​ផ្អែមល្ហែម​ត្រជាក់​ជាមួយ​គ្នា​រហូត​មក ។

ផ្ទះ​របស់​គូស្នេហ៍​ទាំង​ពីរ​មាន​ឃុំ​នៅ​ជាប់​គ្នា ប៉ុន្តែ​ម្ខាង​ស្រុក​កណ្ដៀង ម្ខាង​ស្រុក​ក្រគរ​។ ពួក​គេ​បាន​រឹតចំណង​ស្នេហ៍​ជាមួយ​គ្នា ជា​ច្រើន​ខែ​មក​ហើយ និង​មិនដឹង​ថា គេ​ធ្លាប់​ជួប​មុខ​គ្នា​ផ្ទាល់​ដែរ​ឫ​អត់ ? ឬ​មួយ​ក៏​មាន​ឧបសគ្គ​ឪពុក​ម្ដាយ​ខាង​ណា​រារាំង​នោះ​ទេ ។ នៅ​យប់​ថ្ងៃ​ទី​៩ មីនា តួ​ប្រុស​បាន​ស្កាត់​មក​ជួប​តួ​ស្រី នៅ​វិហារ​អ៊ិ​ស្លា​ម ដោយ​មិនដឹង​ថា គេ​បបួល​គ្នា​មក​ស្បថស្បែ​ឬ​មួយ​ក៏​គេ​សាសង​ភាសា​ស្នេហា ដោយ​របៀប​ណា​នោះ​ទេ ។ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០​ខែមីនា​ម្សិលមិញ​នេះ​វេលា​ម៉ោង​៦​និង​៣០​នាទី អ្នកស្រុក​ដែល​ដើរទៅ​ចូល​វិហារ​ក៏​ឃើញ​ដេក​ស្លាប់​ទាំង​ពីរ​នាក់​រួច​ទៅ​ហើយ ក៏​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង ។

លោក លីវ សេង​ហ៊ី​ម បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា​នេះ សមត្ថកិច្ច​និង​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ ក៏​ឃើញ​សព​គូស្នេហ៍​ទាំង​ពីរ​នាក់ ដេក​ស្លាប់​ក្បែរ​គ្នា ដោយ​ខាង​ប្រុស​ដេក​ផ្ងា ឯខាង​ស្រី​ដេក​ផ្កាប់ និង​មាន​ថ្នាំ​បំពុល​សត្វ​កុក​នៅ​ក្បែរ​នោះ​ផង​ដែរ ទើប​គេ​សន្និដ្ឋាន​ថា ពួក​គេ​ទាំង​ពីរ​ផឹកថ្នាំ​បំពុល​កុក​សម្លាប់​ខ្លួន​រួម​គ្នា ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ជុំវិញ​ករណី​នេះ ៕