នាង​ដើម​និង​ចុង​នាំ​គ្នា​ចូល​ប៉ុស្តិ៍​ប៉ូលិស​រកស​-​ខ្មៅ

នាង​ដើម​និង​ចុង​នាំ​គ្នា​ចូល​ប៉ុស្តិ៍​ប៉ូលិស​រកស​-​ខ្មៅ



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដែល​ជា​ប្រពន្ធចុង​បាន​ផ្ទុះ​កំហឹង ទៅ​តាម​រករឿង​ស្ត្រី​ប្រពន្ធដើម​ដល់​ផ្ទះ និង​ទាស់​គ្នា​បែកផ្សែង ដោយសារ​តែ​ក្តៅក្រហាយ និង​ស្ត្រី​ជា​ប្រពន្ធដើម​ដែល​បាន​យក​រូបថត​របស់​ខ្លួន​បង្ហោះ​បរិហា​កេរ្តិ៍​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។ នៅ​ព្រឹក​ថ្ងៃ​ទី​១០​មីនា ពួក​គេ​ទាំង​២​នាក់ ទាំង​លោក​ប្តីស្រី​ច្រើន បាន​នាំ​គ្នា​ទៅ​កាន់​ស្នាក់​ការ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ទួល​សង្កែ ដើម្បី​សម្របសម្រួល​គ្នា ។

ស្ត្រី​ជា​ប្រពន្ធដើម​ឈ្មោះ ពេជ្រ ច​ន្ធី អាយុ​៣០​ឆ្នាំ មុខរបរ​ដើរ​ធ្វើ​ក្រចក​តាម​ផ្ទះ​ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​ប្តី​ឈ្មោះ ភឿ​ង អាយុ​៣៥​ឆ្នាំ ជា​ជាងសំណង់ ។ រីឯ​ស្ត្រី​ជា​ប្រពន្ធចុង​ឈ្មោះ​ស្រី​ម៉ី អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ អ្នក​ទាំង​២​នាក់​ជា​ជនជាតិ​វៀតណាម ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ការ​ឈាន​ទៅ​ទាស់ទែង​គ្នា បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធដើម​បាន​បង្ហោះ​រូបភាព​ស្ត្រី​ជា​ប្រពន្ធចុង​និង​ប្តី ដោយ​ចោទ​ថា ប្រុស​ខូច​មាន​ស្រី​ច្រើន ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធដើម​បាន​ទំនាក់ទំនង និង​រៀប​ការ​ជាមួយ​បុរស​ជា​ប្តី​ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​មានកូន​ប្រុស​ម្នាក់​អាយុ​៩​ឆ្នាំ ។ ទោះជា​បែប​ណា ប្រមាណ​២​ឆ្នាំ​ចុង​ក្រោយ​នេះ ២​នាក់​ប្តី​ប្រពន្ធ​ក៏​បាន​លែងលះ​គ្នា តែ​ការ​លែង​គ្នា​នេះ​ពុំ​មាន​អាជ្ញាធរ​ដឹង​ឮ និង​មាន​សាលក្រម​ពី​តុលាការ​ទេ ។ ក្រោយមក​បុរស​ជា​ប្តី​ក៏​បាន​ទៅ​មាន​ស្នេហា​ជាមួយ​ស្ត្រី​ថ្មី​ប្រមាណ​៤​ខែ​ហើយ ដោយ​រួម​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​៨ មីនា ស្ត្រី​ជា​ប្រពន្ធដើម​ក៏​បាន​ទូរស័ព្ទ​ទៅ​កូន​នៅ​ប្រទេស​វៀតណាម តែ «​តេ​» មិន​ចូល ក៏​បាន​ទូរស័ព្ទ​មក​រក​អតីត​ប្តី ខណៈនោះ​ស្រី្ត​ជា​ប្រពន្ធចុង​នៅ​ក្បែរ ក៏​បាន​ទាញ​ទូរស័ព្ទ​មក​និយាយ​ថា ឈប់​ទាក់ទង​ប្តី​របស់​យើង​វើ​យ ។ ដោយសារ​ពាក្យ​នេះ​ក៏​បាន​ផ្ទុះ​ជា​អណ្តាតភ្លើង​ឆេះ​ពេញ​បេះដូង ដោយ​បាន​ក្លាយទៅជា​ជម្លោះ​បែកផ្សែង​ហើយ​ស្ត្រី​ជា​ប្រពន្ធដើម​ក៏​បាន​យក​រូបថត​នាង​កាល​រៀបរាប់​ការ​មួយ​សន្លឹក និង​រូបថត​អតីត​ប្តី​ថត​ជាមួយ​ប្រពន្ធ​ក្រោយ​មួយ​សន្លឹក ព្រមទាំង​រូបថត​ប្តី​ថត​ជាមួយ​មិត្ត​ស្រី​ក្នុង​កម្មវិធី​មួយ​សន្លឹក​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក (​ដោយ​សរសេរ​ថា​បង​ភឿ​ង​មាន​ប្រពន្ធ​ច្រើន​ណាស់​) ត្រូវ​មិត្តភក្តិ​ស្ត្រី​ជា​ប្រពន្ធចុង​មើលឃើញ ក៏​មក​ប្រាប់​ទើប​ផ្ទុះ​កំហឹង​ទៅ​រករឿង​ដល់​ផ្ទះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ពួក​គេ​ទាំង​៣​នាក់​ក៏​បាន​នាំ​គ្នា​ទៅ​ស្នាក់​ការ​ប៉ុស្តិ៍​ទួល​សង្កែ ។ នៅ​ព្រឹក​នោះ​បុរស​ជា​ប្តី​ក៏​បាន​ឯកភាព​លែងលះ​គ្នា​ជាមួយ​ប្រពន្ធដើម និង​ឱ្យ​ឈប់​ទាក់ទង​គ្នា ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ប្រេះឆា ហើយ​បាន​ធ្វើ​កិច្ចសន្យា​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ផង​ដែរ ៕