លោក​គី​ម ជុង​អ៊ុ​ន បញ្ជា​ឱ្យ​ធ្វើការ​សាកល្បង​នុយក្លេអ៊ែរ​ថ្មី​ៗ

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង KCNA រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ មីនា ថា មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន បាន​ចេញ​បញ្ជា​ឱ្យ​ធ្វើការ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ដែល​អាច​បង្រួម​ឱ្យ​តូច​ដោយ​ពួក​អ្នក​វិទ្យាសាស្ត្រ​ប្រទេស​លោក ។

ក្នុង​ឱកាស​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ដែល​លោក​ចូលរួម​ពិនិត្យ​កាលពី​ថ្ងៃ​ទី​១០ មីនា លោក​គី​ម ជុង​អ៊ុ​ន គូសបញ្ជាក់​ពីសារ​សំខាន់​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​ថែម​ទៀត ដើម្បី​វាយតម្លៃ​លើ​កម្លាំង​កម្ទេច​នៃ​បណ្តា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​ទើប​ផលិត​ថ្មី​ៗ​ដោយ​កូរ៉េ​ខាងជើង ។

KCNA បន្ត​ថា កាលពី​ថ្ងៃ​ទី​៩ មីនា លោក​គី​ម ជុង​អ៊ុ​ន ធ្លាប់​អះអាង​ថា ប្រទេស​របស់​លោក​អាច​ធ្វើ​ឱ្យ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រួម​តូច ដែល​អាច​យក​ទៅ​ដាក់​ភ្ជាប់​នឹង​មី​ស៊ី​ល​បាលី​ស្ទិ​ក ដោយ​បែប​នេះ​បង្កើត​ភាព​ជឿជាក់​ពិតប្រាកដ​លើ​អាវុធ​នុយក្លេអ៊ែរ ។

ចំណែក​កាសែត​របស់​បក្ស​ពលករ​កូរ៉េ​ដែល​កាន់​អំណាច RODONG SINMUM បាន​ចេញផ្សាយ​រូបថត​មួយ​របស់​លោក​គី​ម ជុង​អ៊ុ​ន ដែល​ឈរ​នៅ​មុខ​ដុំ​ដែក​មូល​មួយ​សង្ស័យ​ជា​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ ។

យោង​តាម KCNA ថា ការ​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​កាលពី​ថ្ងៃ​ទី​១០ មីនា ដែល​គ្រាប់​នីមួយ​ៗ​ហោះ​បាន​ចម្ងាយ​៥០០​គីឡូម៉ែត្រ មុន​ពេល​ធ្លាក់​ក្នុង​សមុទ្រ​ខាងកើត​ហៅ​ផង​ដែរ​ថា សមុទ្រ​ជប៉ុន​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ប្រឆាំង​ការ​វាយប្រហារ​នុយក្លេអ៊ែរ ដើម្បី​ការពារ​ខ្លួន​របស់​កងទ័ព ។

សមយុទ្ធ​នេះ​ពិត​ណាស់ ជា​ប្រតិកម្ម​តប​មួយ​ចំពោះ​សមយុទ្ធ​យោធា​រួម​ដ៏​ធំ​របស់​កងទ័ព​កូរ៉េ​ខាងត្បូង និង​សហរដ្ឋ​អា​េ​ម​រិ​ក ដែល​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៧ មីនា មក ខណៈ​ក្រុង​ព្យុ​ង​យ៉ាង​គំរាម​ថា នឹង​តបត​វិញ តាម​រយៈ​ការ​វាយប្រហារ​នុយក្លេអ៊ែរ ។ សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រវាង​សម្ព័ន្ធមិត្ត​ទាំង​២ តែង​ញ៉ាំង​ឱ្យ​មាន​ភាព​តានតឹង​រវាង​កូរ៉េ​ទាំង​ពីរ ៕