ជប៉ុន​ប្រារព្ធ​ខួប​5​ឆ្នាំ​នៃ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី ស៊ូ​ណា​មី និង​នុយក្លេអ៊ែរ

ប្រទេស​ជប៉ុន​ប្រារព្ធ​ធ្វើ​យ៉ាង​មហោឡារិក​នា​ថ្ងៃ​ទី​១១ មីនា នូវ​ទិវា​នៃ​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី ស៊ូ​ណា​មី និង​នុយក្លេអ៊ែរ​ដែល​កើត​មាន​កាលពី​៥​ឆ្នាំ​មុន ហើយ​ដែល​ប្រទេស​នៅ​ពុំ​ទាន់​ស្តារ​ឡើង​វិញ​រួចរាល់​នៅឡើយ ។

ចាប់តាំងពី​ព្រឹក​ព្រលឹម​ទៅ មនុស្ស​ជា​ច្រើន​ពាន់​នាក់​ឈរ​បណ្តាក់​គ្នា​តាម​បណ្តោយ​ឆ្នេរសមុទ្រ​តំបន់​រង​គ្រោះ​មាន​ប្រវែង​ជាង​៥០០​គីឡូម៉ែត្រ ។ ទោះបីជា​ធាតុអាកាស​ត្រជាក់ ស្ថិត​ក្នុង​ភាព​ស្ងៀមស្ងាត់ ដៃ​កាន់​បាច់ផ្កា និង​ទៀន​មនុស្ស​ទាំងនេះ​ដូច​រៀង​រាល់​ឆ្នាំ​ប្រមូលផ្តុំ​គ្នា​នៅ SENDAI ISHINOMAKI RIKUZENTAKATA MINAMISANRIKU និង​កន្លែង​ឯទៀត​នៅ​ភាគ ឦសាន​ប្រទេស ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​យប់​ថ្ងៃ​ទី​១០ មីនា មាន​ប្រសាសន៍​ថា ប្រទេស​ជប៉ុន​នឹង​មិន​ទាន់​ស្តារ​ឡើង​វិញ​ឡើយ បើ​គ្មាន​ការ​កសាង​ឡើង​វិញ​នៅ​ទីក្រុង TOHOKU ភាគ​ឦសាន​ប្រទេស​ទេ​នោះ ។

ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ ជីវិត​មនុស្ស​ដល់​ទៅ​ប្រមាណ​ជា​១៨.៥០០​នាក់ ត្រូវ​ឆក់​យក​ដោយសារ​រលក​យក្ស​ស៊ូ​ណា​មី ។ ក្នុង​ចំណោម​មនុស្ស​ទាំងនេះ​សាកសព​មនុស្ស​ដល់​ទៅ​២.៥៦១​នាក់ នៅ​ពុំ​ទាន់​រក​ឃើញ​នៅឡើយ ពិត​ណាស់​ជា​រៀង​រហូត ទោះបី​ការ​រុករក​នៅ​បន្ត​ក្តី ។

ពិធី​ផ្លូវការ​ដោយ​មាន​ព្រះរាជ​វត្តមាន​របស់​ព្រះ​ចៅ​អធិរាជ និង​ព្រះ​អធិរាជ​នី ព្រមទាំង​នាយក​រដ្ឋមន្ត្រី​លោក​អា​បេ ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​តូ​ក្យូ ។

ពិធី​ស្មឹង​ស្មាធិ​រយៈពេល​មួយ​នាទី កំណត់​ធ្វើ​នា​វេលា​ម៉ោង​១៤​និង​៤៦​នាទី​ម៉ោង​ក្នុងស្រុក ក្នុង​ទូ​ទាំង​ប្រទេស​គឺ​ចំ​ពេល​ម៉ោង​ដែល​កាលពី​៥​ឆ្នាំ​មុន ចំ​ថ្ងៃ​សុក្រ​ដែរ​កើត​មាន​ក្នុង​ដែនទឹក​កោះ HONSHU នូវ​ការ​រញ្ជួយ​ដី​កម្លាំង​៩​រី​ស្ទ័​រ​មួយ ដែល​ធ្វើ​ឱ្យ​ញ័រ​រញ្ជួយ​ក្នុង​ផ្នែក​យ៉ាង​ធំ​នៃ​ប្រទេស ។ ការ​រញ្ជួយ​ដី​ខ្លាំង​នេះ ញ៉ាំង​ឱ្យ​មាន​ស៊ូ​ណា​មី មហា​ប្រល័យ​ដែល​កម្ទេច​ទាំងស្រុង​ទីក្រុង​ទាំងឡាយ ។

បន្ទាប់​មក​មាន​សញ្ញា​អាសន្ន​ដំបូង​នានា​មក​ពី​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​២​នៅ​ហ្វូ​គូ​ស៊ី​ម៉ា ហើយ​មាន​បទបញ្ជា​ឱ្យ​ជម្លៀស​មនុស្ស​ទាំងអស់​ចេញ​ដំបូង​ក្នុង​រង្វង់​២​គីឡូម៉ែត្រ បន្ទាប់​មក​៣​គីឡូម៉ែត្រ ១០​គីឡូម៉ែត្រ និង​២០​គីឡូម៉ែត្រ ជុំវិញ​មជ្ឈមណ្ឌល​ទាំង​២​នេះ ដែល​មានការ​ធ្លាយ​ចេញ​វិទ្យុសកម្ម​កម្រិត​ខ្ពស់ ។

ក្រៅពី​ជន​រង​គ្រោះ​ដោយសារ​ស៊ូ​ណា​មី ក្រោយមក​មនុស្ស​ប្រមាណ​ជា​៣.៤០៥​នាក់ បាន​ត្រូវ​ស្លាប់ ដែល​អាជ្ញាធរ​ថា​មក​ពី​បណ្តា​ផលវិបាក​នៃ​គ្រោះ​មហន្តរាយ ។ ការ​ជម្លៀស​ជា​បន្ទាន់ ការ​ស្រុត​ចុះ​នៃ​លក្ខខណ្ឌ​ជីវភាព និង​សុខភាព​នាំ​ឱ្យ​មនុស្ស​ទាំងនេះ​ស្លាប់ មុន​អាយុ ឬ​ស្លាប់​ដោយសារ​ការ​ធ្វើ​អត្តឃាត​។

ការ​ប្រមូលផ្តុំ​មនុស្ស​ប្រឆាំង​នឹង​ថាមពលនុយក្លេអ៊ែរ និង​ការ​ដាក់​ឱ្យ​ដំណើរការ​ឡើង​វិញ​នៃ​បណ្តា​រេ​អាក់​ទ័​រ​គ្រោង​ធ្វើ​នា​ល្ងាច​ថ្ងៃ​ទី​១១ មីនា នៅ​ក្រុង​តូ​ក្យូ ។

នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​អា​បេ នា​យប់​ថ្ងៃ​ទី​១០ មីនា ថ្លែង​ថា ប្រទេស​របស់​យើង​ក្រ​ខាង​ធនធាន​ពុំ​អាច​រំលង​ចោល​ថាមពលនុយក្លេអ៊ែរ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ឱ្យ​បាន​ទៀងទាត់​ឡើយ ដោយ​គិត​ទៅ​ដល់​បញ្ហា​សេដ្ឋកិច្ច និង​ការ​ផ្លាស់​ប្តូរ​បរិយាកាស ៕