រាជរដ្ឋាភិបាល​កំណត់រូបមន្ដ​សម្រាប់​កែសម្រួល​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ

រាជធានី​ភ្នំពេញ ៖ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​កម្ពុជា ត្រូវ​បាន​កំណត់​រូបមន្ដ​សម្រាប់​កែសម្រួល ដើម្បី​ឲ្យ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយប្រេងឥន្ធនៈ​ឡើង​ចុះ​ទៅ​តាម​តម្លៃ​ប្រេង​នៅ​លើ​ទីផ្សារ​អន្តរជាតិ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​អន្តរក្រសួង ដែល​ចុះហត្ថលេខា​ដោយ​លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​៩ មីនា កន្លង​មក ។

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ទៀត​ថា គ្រប់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​ដែល​លក់​ប្រេងម៉ាស៊ូត ត្រូវ​មាន​ប្រភេទ​ផលិតផល​ប្រេងម៉ាស៊ូត​លក់​ក្នុង​តម្លៃ​មិន​លើស​ពី​ថ្លៃ​ដែល​បាន​គណនា ។ ទន្ទឹម​នឹង​នេះ គ្រប់​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងអស់​ដែល​លក់​ប្រេងសាំង ក៏​ត្រូវ​មាន​ប្រភេទ​ប្រេងសាំង​ធម្មតា ឬ​សាំង​ស៊ុប​ពែរ លក់​ក្នុង​តម្លៃ​មិន​លើស​ពី​ថ្លៃ​ដែល​បាន​គណនា​ដូច​នៅ​ក្នុង​ប្រកាស​អន្តរក្រសួង​ដែរ ។

សេចក្តី​ប្រកាស​បញ្ជាក់​ថា ប្រសិនបើ​ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​ទាំងឡាយ​ណា​ដែល​លើ្ម​សនឹង​ប្រកាស​នេះ នឹង​ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​មិន​លើស​ពី​៤​លាន​រៀល ។ ក្នុង​ករណី​ដែល​ទទួល​រង​ការ​ពិន័យ​អន្តរការណ៍​ម្ដង​រួច​ហើយ នៅ​តែ​បន្ដ​ប្រព្រឹត្ត​បទល្មើស​ដដែល ស្ថានីយ​លក់រាយ​ប្រេងឥន្ធនៈ​នោះ អាច​នឹង​រង​នូវ​ការ​ឲ្យ​បិទ​ផ្អាក​ប្រតិបត្តិការ​ជា​បណ្ដោះអាសន្ន ។

តម្លៃ​ប្រេងសាំង​ជាក់ស្ដែង​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ មីនា ម្សិលមិញ តម្លៃ​សាំង​ធម្មតា ក្នុង​រង្វង់​៣.២៥០​រៀល​ក្នុង​១​លី​ត្រ និង​សាំង​ស៊ុប​ពែរ ក្នុង​រង្វង់​៣.៥៥០​រៀល​ក្នុង​១​លី​ត្រ​។ ចំណែក​ប្រេងម៉ាស៊ូត​វិញ មាន​តម្លៃ​៣.១០០​រៀល​ក្នុង​១​លី​ត្រ ៕