នេ​ប៉ា​ល់​ជា​ប្រទេស​សម្បូរ​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​មាន​សក្តានុពល

រាជធានី​ភ្នំពេញ ៖ នេ​ប៉ា​ល់ គឺជា​ប្រទេស​មួយ​ដែល​មាន​តំបន់​ទេសចរណ៍​គួរ​ឱ្យ​ចាប់អារម្មណ៍​ច្រើន ហើយ​ក៏​ជា​កន្លែង​ព្រះពុទ្ធ​ឋាន ផង​ដែរ ដែល​ពលរដ្ឋ​នៃ​បណ្តា​ប្រទេស​គោរព និង​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​ចង់ទៅ​ទស្សនា​ដើម្បី​ស្វែង​យល់​អំពី​ពុទ្ធប្រវត្តិ ។ ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ​វិញ ក៏​មាន​បំណង​ទៅ​គោរព​បូជា​នៅ​លើ​ទឹកដី​កំណើត​របស់​ព្រះពុទ្ធ​ផង​ដែរ ។

លោក អាង គី​ង​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ៖ « ប្រទេស​កម្ពុជា​មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត ហើយ​ប្រាសាទ​ខ្លះ​សាងសង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា ។ សម្រាប់​កម្ពុជា និង​នេ​ប៉ា​ល់ គឺ​មានឱកាស​ក្នុង​ការ​ផ្លាស់​ប្តូរ​ភ្ញៀវ​ទេសចរ​ទៅ​វិញ​ទៅ​មក​បាន ពីព្រោះ​ប្រទេស​នេ​ប៉ា​ល់​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍ធម្មជាតិ ជា​ពិសេស ជា​ប្រទេស​ដែល​ពលរដ្ឋ​នៅ​បណ្តា​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ចង់ទៅ​គោរព​បូជា » ។

នេ​ប៉ា​ល់​ជា​ប្រទេស​សម្បូរ​តំបន់​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ​មាន​សក្តានុពល

លោក​ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បន្ត​ថា ៖ « ប្រទេស​កម្ពុជា នា​ពេល​កន្លង​មក​ធ្លាប់​ទទួល​បាន​ភ្ញៀវ​ទេសចរ​ច្រើន​ពី​ប្រទេស​នេ​ប៉ា​ល់ តែ​ទេសចរណ៍​ពី​កម្ពុជា​ទៅ​នេ​ប៉ា​ល់​វិញ​មាន​ចំនួន​តិច​នៅឡើយ ។ ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បែប​ធម្ម​យាត្រា​ខ្មែរ​យើង​ទៅ​កាន់​នេ​ប៉ា​ល់ គឺ​មាន​ចំនួន​ច្រើន ទោះបី​មិន​បាន​ទៅ​ដល់ទី​ក្រុង​ក៏​ពិតមែន តែ​បាន​ទៅ​ដល់ទី​ឋាន​ដែល​ព្រះពុទ្ធ​ទ្រង់​ប្រ​សូត្រ​នៅ​ទីនោះ » ។

លោក​បន្ថែម ៖ « ខ្ញុំ​យល់​ថា យុវជន​កម្ពុជា​យើង​ភាគច្រើន​មិន​ទាន់​បាន​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​របស់​នេ​ប៉ា​ល់​នៅឡើយ​ទេ ហើយ​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​យុវជន​យើង គួរ​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​នៅ​ប្រទេស​នេ​ប៉ា​ល់ ពីព្រោះ​តម្លៃ​មិនសូវ​ថ្លៃ​ទេ ប៉ុន្តែ​នេ​ប៉ា​ល់​មាន​អ្វី​ដែល​ខុស​ប្លែក​ពី​កម្ពុជា​យើង ។ នេ​ប៉ា​ល់ គឺជា​ប្រទេស​ដែល​សម្បូរ​ទៅ​ដោយ​ភ្នំ និង​មាន​ភ្នំ​ខ្ពស់​ជាងគេ​នៅ​លើ​ពិភពលោក ។ តំបន់​អូ ស្ទឹង និង​ជ្រោះ​នៅ​នេ​ប៉ា​ល់​មាន​លក្ខណៈ​ខុស​ពី​ស្ទឹង បឹង ជ្រោះ និង​ទន្លេ​នៅ​ស្រុក​ខ្មែរ​យើង ហើយ​បើ​យើង​បាន​ទៅ​ទស្សនា​តំបន់​ធម្មជាតិ​ទាំងនោះ យើង​ប្រាកដជា​ទទួល​បាន​បទ​ពិសោធន៍​ថ្មី » ។

« ការ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​នេ​ប៉ា​ល់ បែងចែក​ជា​៣​ផ្នែក​ធំ​ៗ​រួម​មាន ៖ ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​, ដំណើរ​កម្សាន្ត​បែប​រីករាយ និង​ទំនាក់​ទង​វប្បធម៌ ។ ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​មាន​ដូច​ជា ឡើង​ភ្នំ​, ដើរ​កម្សាន្ត​តាម​ព្រៃ​ភ្នំ​, ជិះ​ក្បូន ឬ​ជិះទូក​អុំ និង​បរបាញ់​សត្វ ។​ល​។ រីឯ​ដំណើរ​កម្សាន្ត​បែប​សប្បាយ​ៗ​រួម​មាន ដើរ​មើល​សត្វ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រិ​ក​, ជិះសេះ​, ជិះ​យន្តហោះ​មើល​ភ្នំ » ។​ល​។ នេះ​បើ​តាម​អគ្គរាជទូត​នេ​ប៉ា​ល់ ប្រចាំ​ក្រុង​បាងកក លោក K.N. Adhikari បាន​ធ្វើ​បទ​បង្ហាញ​ពី​តំបន់​ទេសចរណ៍​នេ​ប៉ា​ល់ នៅ​ក្នុង​សណ្ឋាគារ​កាំ​បូ​ឌី​យ៉ា​ណា ។

ចំណែក​លោក យ៉ា ធី ប្រធាន​គ្រប់គ្រង​ផ្នែក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Aveera Travel បាន​ឲ្យ​ដឹង​ថា ៖ « ក្រុមហ៊ុន Aveera Travel បាន​ចាប់ផ្តើម​ផ្តល់​សេវា​ទេសចរណ៍​តាំងពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ និង​ធ្លាប់​បាន​នាំ​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត និង​ទស្សនា​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ថៃ និង​ប្រទេស​ដទៃ​ទៀត ។ ការ​នាំ​ភ្ញៀវ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​នៅ​ក្រៅប្រទេស​នេះ​មិន​ទៀង​នោះ​ទេ មាន​ខែ​ខ្លះ​បាន​នាំ​ភ្ញៀវ​ទៅ​កម្សាន្ត​២​ដង​ក្នុង​១​ខែ ក្នុង​នោះ​មាន​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ថៃ ជាដើម » ។

ទាក់ទង​នឹង​តំបន់​ទេសចរណ៍​នៅ​ប្រទេស​នេ​ប៉ា​ល់​នេះ​ដែរ បើ​តាម​តំណាង​ក្រុមហ៊ុន Aveera Travel ឲ្យ​ដឹង​ថា ៖ « ខ្ញុំ​យល់​ឃើញ​ថា ទោះបីជា​ប្រទេស​នេ​ប៉ា​ល់​ទើប​ងើប​ឡើង​ក្នុង​វិស័យ​ទេសចរណ៍​ក្តី ប៉ុន្តែ​យើង​មើលឃើញ​ថា ប្រទេស​នេ​ប៉ា​ល់អាច​ជា​ទិស​ដៅ​ថ្មី​នៃ​ការ​នាំ​ភ្ញៀវ​ដើរ​កម្សាន្ត ។ ខ្ញុំ​គិត​ថា នៅ​ថ្ងៃក្រោយ​ក្រុមហ៊ុន​នឹង​ផ្សព្វផ្សាយ​ឲ្យ​ភ្ញៀវ​ទេសចរ​បានដឹង និង​ទៅ​កម្សាន្ត​នៅ​ប្រទេស​នេ​ប៉ា​ល់ ពីព្រោះ​ប្រទេស​នេះ គឺជា​តំបន់​ទេសចរណ៍​ថ្មី​មួយ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ដទៃ​ទៀត » ៕