ប៉ូលិស​លេង​ធម៌​ក្តៅ អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​ស្រវឹង​ត្រូវ​ប៉ូលិស​ចរាចរណ៍​ចាប់​បញ្ជូន​ទៅ​តុលាការ

រាជធានី​ភ្នំពេញ ៖ នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី កាលពី​រសៀល​ថ្ងៃ​ទី​១០ មីនា បាន​បង្ហាញមុខ​អ្នកកាសែត​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ដោយ​ជាតិ​អាល់កុល​មាន​កម្រិត​ខ្ពស់​លើ​០,៦៤​មី​ល្លី​ក្រាម និង​ចោទ​ពី​បទ​ប្រើប្រាស់​សង្គម​ហ្វេ​ស​ប៊ុ​ក​ជេរ​ប្រមាថ​ថ្នាក់ដឹកនាំ​កំពូល ។

អ្នកកាសែត​រូប​នោះ​គឺ លោក សាន ប៊ុ​ន​ធឿ​ន អាយុ​៤៤​ឆ្នាំ ដែល​ជា​ប្រធាន​ក្រុម​អ្នក​យក​ព័ត៌មាន​ឱ្យ​គេហទំព័រ​អាយ​ញូ​វ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ ការ​ចាប់ខ្លួន​លោក សាន ប៊ុ​ន​ធឿ​ន នេះ​សមត្ថកិច្ច​ក៏​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​ផង​ដែរ ។

ប៉ូលិស​លេង​ធម៌​ក្តៅ អ្នករាយការណ៍​ព័ត៌មាន​ម្នាក់​ស្រវឹង​ត្រូវ​ប៉ូលិស​ចរាចរណ៍​ចាប់​បញ្ជូន​ទៅ​តុលាការ

ពេល​បង្ហាញមុខ​លោក​វរសេនីយ៍ឯក ចេ​វ ហាក់ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ថា សមត្ថកិច្ច​របស់​លោក​ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់​នេះ គឺ​សមត្ថកិច្ច​របស់​លោក​បាន​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ឃាត់ខ្លួន​អ្នកកាសែត​រូប​នោះ គឺ​កាលពី​យប់​ថ្ងៃ​ទី​៩ មីនា លោក សាន ប៊ុ​ន​ធឿ​ន និង​ដៃគូ​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូ​ម៉ាក PCX មិន​ពាក់មួក​សុវត្ថិភាព ម៉ូតូ​អត់​ពាក់​ស្លាក​លេខ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ដាក់​ប៉ុស្តិ៍​ត្រួតពិនិត្យ​ជាតិ​អាល់កុល នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ម្តុំ​ភូមិ​កំ​បូល ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឃាត់ខ្លួន ។

ពេល​សមត្ថកិច្ច​ឃាត់​ដំណើរ​ពិនិត្យ​ជាតិ​អាល់កុល​មាន​កម្រិត០,៦៤​មី​ល្លី​ក្រាមក្នុង​មួយ​លី​ត្រ​ខ្យល់ ។ ដោយ​ពិនិត្យ​ឃើញ​លោក សាន ប៊ុ​ន ធឿ​ន បើកបរ​ក្នុង​ស្ថា​ភាព​មាន​ជាតិ​អាល់កុល​លើស​ច្បាប់​កំណត់ សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​នាំ​ទៅ​កាន់​ការិយាល័យ​ច​រារ​ចរណ៍​ផ្លូវគោក ដើម្បី​អនុវត្ត​តាម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ជើង​គោក ។ លោក​ថ្លែង​ថា ក្រោយ​ពេល​ឃាត់ខ្លួន ស្រាប់តែ​ទទួល​បាន​ព័ត៌មាន​ថា លោក សាន ប៊ុ​ន​ធឿ​ន ជា​ចាងហ្វាង​កាសែត​ស្នេហា​ជាតិ និង​ជា​ប្រធាន​ក្រុម​ផ្នែក​យក​ព័ត៌មាន​របស់​គេហទំព័រ​ខ្មែរ​អាយ​ញូ​វ ដែល​ត្រូវ​បាន​គេ​ស្គាល់​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ថា​មាន​ជាប់​ពាក់ព័ន្ធ និង​ការ​ប្រើ​ពាក្យពេចន៍​ជេរ​ប្រមាថ អ​សីលធម៌​លើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទៀត​ផង ។

ក្រោយ​ពី​បង្ហាញមុខ​អ្នកកាសែត​ដែល​បើកបរ​ដោយ​មាន​ជាតិ​អាល់កុល​លើស​កំណត់​ចប់​ទៅ នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​បញ្ជូន​អ្នកកាសែត​រូប​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ជូន​តំណាង​អយ្យការ​ធ្វើការ​សាកសួរ ដែល​សំណុំរឿង​នេះ​ស្ថិត​នៅ​លើ​ដៃ​លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង ហើយ​ពេល​វេលា​សាកសួរ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ មីនា មិន​ទាន់​ចប់​នៅឡើយ​ទេ ។

វាសនា​លោក សាន ប៊ុ​ន​ធឿ​ន ក៏​មិន​ទាន់​ដឹង​យ៉ាងណា​ដែរ គិត​ត្រឹម​ម៉ោង​៧​យប់ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០១៦​នេះ ៕