ស្គាល់​អត្តសញ្ញាណ​សព​ស្លាប់​នៅ​តំបន់​ទន្លេសាប ជា​មន្ត្រី​យោធា «​ក​២»

ខេត្ត​បាត់ដំបង ៖ ​បើ​​តាម​​ការ​ផ្ដល់​ព័​ត៌​​មាន​ពី​សមត្ថកិច្ច នៅ​ព្រឹក​ថ្ងៃ​ទី​១១​ មីនា ​នេះ​​​ថា សាក​សព​ដែល​គេ​​ប្រទះ​ឃើញ​​ស្លាប់​ក្នុង​ថ្លុ​ក​ឈាម​​នៅ​​តំបន់​ទន្លេសាប ក្នុង​ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ កាលពី​​រសៀល​ថ្ងៃ​ទី​១០ ម្សិលមិញ ត្រូវ​គេ​ស្គាល់​អត្តសញ្ញាណ​ពិត​​ហើយ ។

​សាកសពជនរងគ្រោះ​ គឺ​​ឈ្មោះ​លន់ សុ​ឃា អាយុ​៤៧​ឆ្នាំ ជា​​មន្ត្រី​យោធា​​នៅ​ការិយាល័យ​ «ក​២» ​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​ទិស​ទន្លេសាប​ក្នុងស្រុក​ឯក​ភ្នំ មានទីលំ​នៅ​ភូមិ​គោក​​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់់ដំបង ​ដោយកន្លែងកើតហេតុប្រទះឃើញ​ពូថៅ, ស្រាបៀរ១០​កំប៉ុង, មី៣កញ្ចប់ និងវិទ្យុទាក់ទង១ ។

បើ​តាម​ប្រភព​ដដែល​​​បញ្ជាក់​ថា មន្ត្រី​យោធា​រូប​នេះ​ ត្រូវ​ក្រុម​ជន​ដៃដល់​ស្ទាក់​វាយ​​សម្លាប់​តាម​ផ្លូវ ក្រោយ​ពី​បែក​​វង់​ផឹកស៊ី​​កាលពី​យប់​ថ្ងៃ​ទី​០៩​ មីនា ដែល​មាន​គ្នីគ្នា​ជិត​១០​​នាក់​ ។ ប៉ុន្តែ​ក្រោយ​ពី​ធ្វើការ​ស្រាវជ្រាវ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​២​នាក់​ ជា​បណ្ដោះអាសន្ន​យក​​ទៅ​សាក​សួរ​ ដែល​ជា​ប្ដី​-ប្រពន្ធ និង​ជា​ម្ចាស់​​​​លក់​ដូរ​ ។

បើ​តាម​សមត្ថកិច្ច​​បញ្ជាក់​ថា ប្ដី​-ប្រពន្ធ​ដែល​ត្រូវ​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ ​បុរស​ជា​ប្ដី​​​មន្ត្រី​បរិស្ថាន ហើយ​ករណី​ឃាតកម្ម​​លើ​មន្ត្រី​យោធា​ខាងលើ​នេះ អាច​កើត​ចេញពី​រឿង​គំនុំ​​ ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​នេសាទ​ ។ ពេល​​នេះ​ សមត្ថកិច្ច​កំពុង​សួរនាំ​ប្ដី​-ប្រពន្ធ​នោះ និង​កំពុង​ស្រាវជ្រាវ​តាម​ប្រមាញ់​​រក​មុខសញ្ញា​មួយ​ចំនួន​ទៀត ដែល​​​បាន​កំណត់​រួច​ហើយ​។