បណ្តឹង ធី សុវណ្ណ​ថា តំណាង​អយ្យការ​បញ្ជូន​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា បណ្តឹង​កញ្ញា ធី សុវណ្ណ​ថា ត្រូវ​បាន​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កែវ សុ​ជាតិ សម្រេច​បញ្ជូន​ទៅ​កាន់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​បើក​ការ​ស៊ើបអង្កេត​បឋម ។ ប្រភព​បញ្ជាក់​ទៀត​ថា នគរបាល​នឹង​បង្កើត​គណៈកម្មការ​មួយ ដើម្បី​ស្វែងរក​ម្ចាស់​សំឡេង​ក្នុង​ខ្សែអាត់​ដែល​ជា​កម្មវត្ថុ​នៃ​ពាក្យបណ្ដឹង​របស់​កញ្ញា ធី សុវណ្ណ​ថា ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​០១ មីនា ២០១៦ កន្លង​ទៅ កញ្ញា ធី សុវណ្ណ​ថា បាន​ដាក់​ពាក្យបណ្ដឹង​ព្រហ្មទណ្ឌ​ចូល​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានកម្ម​វត្ថុ «​ប្តឹង​អំពី​ករណី បរិហារកេរ្តិ៍​ដែល​បាន​ធ្វើ​ឡើង​តាម​ខ្សែអាត់​សម្លេង​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន Freshnews កាលពី​ថ្ងៃ​ទី​០១ មីនា ២០១៦ ។ ក្នុង​ពាក្យបណ្ដឹង​បាន​រៀបរាប់​ថា នៅ​វេលា​ម៉ោង​០០:១៣ នាទី​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០១៦ សារព័ត៌មាន Freshnews បាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​មាន​ចំណងជើង​ថា «​សកម្មជន​គាំទ្រ CNRP បន្ត​បើក​ទម្លាយ​សំឡេង​លោក កឹ​ម សុខា និយាយដើម​កញ្ញា ធី សុវណ្ណ​ថា ប្រាប់​ស្រី​ស្នេហ៍​ឈ្មោះ​អា​មុំ​» ដោយ​មាន​ទាំង​អត្ថបទ និង​ខ្សែអាត់​សម្លេង​សន្ទនា​ទៀត​ផង ។ 

ខ្សែអាត់​សម្លេង​នេះ ក៏​ត្រូវ​បាន​បង្ហោះ​ផង​ដែរ នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ «​រឿង​ពិត CNRP» នៅ​ថ្ងៃ​ទី​០១ មីនា ២០១៦ ។

ខ្លឹមសារ​ពាក្យបណ្ដឹង​បន្ត​ថា ក្នុង​ខ្សែអាត់​សម្លេង​នេះ មាន​ចរិត​ជា​ការ​មួលបង្កាច់ និង​ការ​បំផ្លើសការពិត​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កញ្ញា ធី សុវណ្ណ​ថា និង​ក្រុម​គ្រួសារ​។ ជាមួយ​គ្នា​នេះ កញ្ញា ធី សុវណ្ណ​ថា ក៏​បាន​ភ្ជាប់​ខ្សែអាត់​សម្លេង​នេះ​ជូន​តុលាការ​ផង​ដែរ​។ ចុងបញ្ចប់​នៃ​ពាក្យបណ្ដឹង​ក្រៅពី​សុំ​ឲ្យ​តុលាការ​ស្វែងរក​ម្ចាស់​សម្លេង​នៅ​ក្នុង​ខ្សែអាត់ ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ កញ្ញា ធី សុវណ្ណ​ថា ពុំ​បាន​ទាមទារ​អ្វី​ផ្សេង​ទៀត​ទេ ៕