ជុំវិញ​ការ​បាញ់​សម្លាប់សត្វ​ខ្ទីង យោធា​៣​នាក់​និង​ពលរដ្ឋ​២​នាក់​ជាប់ចោទ​អាច​ប្រឈម​នឹង​ច្បាប់

ខេត្តមណ្ឌលគិរី ៖ ការ​ប្រទះ​ឃើញ​សាច់សត្វ​ខ្ទីង​ជំទង់​១​ក្បាល នៅ​ក្នុង​តំបន់​ព្រៃ​ការពារ​មណ្ឌលគិរី ត្រង់​ចំណុច​អូរ​ផ្លា​យ ស្ថិត​ក្នុង​ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែមីនា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១០ ខែមីនា សាច់​ខ្ទីង​ចំនួន​ប្រមាណ​៥០​គីឡូក្រាម ត្រូវ​បាន​ប្រមូល​យក​ទៅ​រក្សា​ទុក​នៅ​ស្នាក់​ការ​ដែល​ស្ថិត​នៅ​តំបន់​ព្រៃ​ការពារ ខណៈ​អ្នក​ពាក់ព័ន្ធ​ដែល​ជា​មន្ត្រី​យោធា​ក៏​ត្រូវ​បាន​មេកោយ​ហៅ​មក​សាកសួរ​បំភ្លឺ​នៅ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មន្ត្រី​យោធា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាញ់​សម្លាញ់​សត្វ​ខ្ទីង​ខាងលើ​មាន ឈ្មោះ អ៊ុ​ក សា​រុន ឈ្មោះ​ឯក សំពៅ និង​ឈ្មោះ សុខ មក​រា ។ អ្នក​ទាំង​បី​នាក់ ជា​មន្ត្រី​យោធា​ប្រចាំ​នៅ​កងអនុសេនាធំ​លេខ​៣ ចំណុះ​ឱ្យ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣ ។ ចំណែក​២​នាក់​ទៀត ម្នាក់​ឈ្មោះ លាង និង​ម្នាក់​ឈ្មោះ យ៉ើ​ល ចេក គឺជា​ប្រជាជន​ធម្មតា ។

ជុំវិញ​ការ​បាញ់​សម្លាប់សត្វ​ខ្ទីង យោធា​៣​នាក់​និង​ពលរដ្ឋ​២​នាក់​ជាប់ចោទ​អាច​ប្រឈម​នឹង​ច្បាប់

ប្រភព​ដដែល​បន្ត​ថា ក្រោយ​ពី​ប្រទះ​ឃើញ​សាច់​ខ្ទីង​ដែល​គេ​ពន្លះ​រួច​ហាល​រណែងរណោង​ពេញ​គុម្ព​ឫស្សី​ក្នុង​ព្រៃ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ក៏​បាន​ប្រមូល​សាច់​ដែល​គេ​ហាលងៀត​ទាំងនោះ យក​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ ។ ចំណែក​ជន​ទាំង​៥​នាក់​ដែល​ស្ថិត​នៅ​កន្លែង​ហាល​សាច់សត្វ​ព្រៃ​នោះ មន្ត្រី​ជំនាញ​មិន​បាន​ឃាត់ខ្លួន​ភ្លាម​ៗ​ទេ ព្រោះ​ត្រូវ​ធ្វើការ​ស៊ើបអង្កេត​ជា​បន្ត​ដើម្បី​វែកមុខ​រក​ជន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ។

ប្រភព​ពី​មន្ត្រី​ជំនាញ​បាន​បង្ហើប​ថា ចំពោះ​មន្ត្រី​យោធា​ទាំង​៣​នាក់​ដែល​ស្ថិត​នៅ​ចំណុច​កើតហេតុ ទោះបី​មិន​ទាន់​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​ជា​អ្នក​ប្រព្រឹត្ត​ក៏​ពិតមែន តែបើ​តាម​សាក្សី​បាន​និយាយ​ថា គឺ​ពួក​គេ​ទាំង​៣​នាក់​ជា​អ្នកសមគំនិត​ជាមួយ​ប្រជាពលរដ្ឋ​២​នាក់​ទៀត បាញ់​សត្វ​ខ្ទីង​មួយ​ក្បាល​នោះ ។

ជុំវិញ​ការ​បាញ់​សម្លាប់សត្វ​ខ្ទីង យោធា​៣​នាក់​និង​ពលរដ្ឋ​២​នាក់​ជាប់ចោទ​អាច​ប្រឈម​នឹង​ច្បាប់

លោក យិ​ន ចាន់​ទី មេបញ្ជាការ​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​១០៣ ថ្លែង​ថា លោក​បាន​កោះហៅ​មន្ត្រី​យោធា​ទាំង​៣​នាក់​នោះ មក​សាកសួរ​នៅ​ទីបញ្ជាការ​ហើយ ប៉ុន្តែ​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែមីនា ពួក​គេ​មិន​ទាន់​មក​ដល់​ព្រោះ​ផ្លូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពេក ។

លោក ឃិ​ន ម៉េ​ង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី បាន​ថ្លែង​យ៉ាង​ខ្លី​ថា បើសិន​មន្ត្រី​តុលាការ​ពិតជា​រក​ឃើញ​ថា មន្ត្រី​យោធា​ទាំង​៣​នាក់​នោះ ពិតជា​មាន​កំហុស​មែន សូម​ឱ្យ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រភព​ក្រៅផ្លូវការ​ដាច់​ដោយឡែក​មួយ​បានឱ្យ​ដឹង​ថា កាំភ្លើង​អាកា​២​ដើម ដែល​អាច​គេ​ប្រើប្រាស់​បាញ់​សត្វ​ខ្ចី​ង គឺជា​របស់​ឈ្មោះ សុខ មក​រា មន្ត្រី​យោធា​កងអនុសេនាធំ​លេខ​៣​ឱ្យទៅ​ឈ្មោះ យ៉ើ​ល ចេក យក​ទៅ​បាញ់​ដើម្បី​ចែក​សាច់​គ្នា ។ យ៉ាងណា​ក៏​ដោយ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១០  ខែមីនា មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ពិនិត្យ​ករណី​ខាងលើ មិន​ទាន់​ចាក​ចេញពី​កន្លែង​កើតហេតុ​នៅឡើយ​ទេ ដោយ​រង់ចាំ​ប្រមូល​របាយការណ៍​បន្ថែម ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

ជុំវិញ​ការ​បាញ់​សម្លាប់សត្វ​ខ្ទីង យោធា​៣​នាក់​និង​ពលរដ្ឋ​២​នាក់​ជាប់ចោទ​អាច​ប្រឈម​នឹង​ច្បាប់

សត្វព្រៃ​នៅ​ខេត្តមណ្ឌលគិរី​មាន​ច្រើន​អម្បូរ​និង​ច្រើន​ប្រភេទ ហើយ​ប្រភេទ​សត្វ​ព្រៃធំ​ៗ​មាន​ដូច​ជា គោព្រៃ ទន្សោង ខ្ទីង ប្រើស ដំរី​ជាដើម ដែល​ប្រជាជន​ខ្មែរ​ប្រហែលជា​មិនសូវ​បាន​ស្គាល់ ឬ​បានឃើញ​រូបរាង​របស់​អម្បូរ​សត្វ​ទាំងនោះ​ទេ ។

ខ្ទីង ជា​សត្វ​ព្រៃធំ​មួយ​ប្រភេទ​ដែល​មាន​តម្លៃ​កាត់ថ្លៃ​មិន​បាន ហើយ​អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ គឺ​ការ​រស់នៅ​ក្នុង​ធម្មជាតិ​កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ពិសេស​គឺ​ការ​រេចរឹល​នៃ​តំបន់​ព្រៃ​ភ្នំ​ដែល​ចេះ​តែ​រួញ​តូច​ទៅ​ៗ ។ មួយវិញទៀត ដោយសារ​សត្វ​នេះ​មាន​តម្លៃ ពួក​ព្រានព្រៃ​តែង​តាម​ប្រមាញ់​ដោយ​ប្រើប្រាស់​កាំភ្លើង ដែល​សល់​ពី​សម័យ​សង្គ្រាម ខុស​ពី​ព្រានព្រៃ​សម័យ​មុន​សង្គ្រាម ដែល​មាន​តែ​ស្នា​មិន​អាច​ប្រមាញ់​បាន​សត្វ​ធំ​ៗ​បែប​នេះ​ទេ ។

ខ្ទីង​មាន​មាឌធំ ខ្លួន​ខ្មៅ បូក​ក្រាស់​លាតសន្ធឹង​រហូត​ដល់​ស្ទើរ​ពាក់កណ្តាល​ខ្នង ចំណែក​ក​ខ្លី​បន្តិច​រាង​មាំ ដោយ​មាន​បូក​នៅ​ផ្នែក​ខាងក្រោម ។ ជើង​ទាំង​បួន ចាប់ពី​ជង្គង់​ចុះ​ក្រោម ពណ៌​ប្រផេះ​។ នៅ​លើ​ថ្ងាស​មាន​រោម​វែង ពណ៌​ប្រផេះ ឬ​ពណ៌​លឿង​មាស​ស្រាល កូន​របស់​វា​មាន​ពណ៌​ត្នោត រហូត​ដល់​វា​អាយុ​ពី​៤​ទៅ​៥​ខែ ទើប​ក្លាយទៅជា​ពណ៌​ខ្មៅ ។ ខ្ទីង​ញី មាន​មាឌ​និង​ស្នែង​តូច​ជាង​ខ្ទីង​ឈ្មោល ហើយ​ពុំ​សូវ​មាន​បូក និង​បួរ​ដូច​ខ្ទីង​ឈ្មោល​ទេ ។

ប្រជាជន​ដែល​រស់នៅ​តាម​តំបន់​ព្រៃ​ភ្នំ ច្រើន​ហៅ​ឈ្មោះ​សត្វ​នេះ​ថា «​ខ្ទីង​ភ្នំ​» ។ ស្នែង​ខ្ទីង មាន​រាង​សំប៉ែត​ជាង​ស្នែងទន្សោង ហើយ​ដុះ​មក​មាន​ពណ៌​ប្រផេះ​ខៀវ ផ្នែក​គល់​ដុះ​ចេញ​ក្រៅ​រួច​កោង​ឡើង​ទៅ​លើ ដូច​ទន្សោង​ដែរ ។

ខ្ទីង​មាន​ទម្ងន់​ពី​៥០០​ទៅ​១.០០០​គីឡូក្រាម​។ ខ្ទីង​ឈ្មោល​ពេញវ័យ​មាន​កម្ពស់​១,៨៥​ម៉ែត្រ​និង​ញី​កម្ពស់​១,៦០​ម៉ែត្រ និង​ខ្ពស់​បំផុត​រហូត​ដល់​២​ម៉ែត្រ ។

សត្វ​ខ្ទីង អាច​រស់នៅ​បាន​តាំងពី​តំបន់​ទំនាប​រហូត​ដល់​រយៈកម្ពស់​២.០០០​ម៉ែត្រ​(​តំបន់​ខ្ពង់រាប និង​ជួរ​ភ្នំក្រវាញ​) ។ ខ្ទីង​រស់នៅ​ក្នុង​ព្រៃស្រោង ព្រៃ​ល្បោះ វាលស្មៅ និង​អាច​រស់នៅ​រយៈកម្ពស់​ខ្ពស់​ជាង​ទន្សោង ។ ជា​ធម្មតា ខ្ទីង​ចេញ​រកស៊ី​នៅ​ពេល​ព្រឹក​និង​ពេល​ល្ងាច ។ វា​ចូល​ចិត្ត​រស់នៅ​ជា​ហ្វូង ។ អាហារ​របស់​វា គឺ​ល្បាស់​ខ្ចី ទំពាំង ស្មៅ និង​វល្លិ​ជាដើម ។ ខ្ទីង​ញី​អាច​បង្កើតកូន​បាន​១​ក្បាល​បន្ទាប់​ពី​ពពោះ​រយៈពេល​៩​ខែ ។

ខ្ទីង ជា​សត្វ​មួយ​ប្រភេទ​ដែល​ទទួល​រង​នូវ​ការ​គំរាមកំហែង​យ៉ាង​ខ្លាំង ហើយ​ចំនួន​របស់​វា​មានការ​ថយ​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ ។ ខ្ទីង​រស់នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា ភូមិភាគ​ឦសាន ភូមិភាគ​ខាងជើង ខេត្តកោះកុង ខេត្តពោធិ៍សាត់ (​ជួរ​ភ្នំក្រវាញ​) និង​ខេត្តកំពង់ស្ពឺ​ជាដើម ។

បច្ចុប្បន្ន ខ្ទីង​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​សត្វ​មាន​ដោយ​កម្រ មាន​ដង់ស៊ីតេ​រស់នៅ​កម្រិត​ទាប ។ គេ​កម្រ​ឃើញ​វា​រស់នៅ​តាម​វាលទំនាប​ណាស់  ព្រោះ​សត្វ​នេះ មិន​ចូល​ចិត្ត​កម្តៅថ្ងៃ​យូរ​ពេក​ទេ ។

សត្វ​ខ្ទីង​កំពុង​ប្រឈម​មុខ​នឹង​ការ​រងគ្រោះថ្នាក់ ដោយសារ​ការ​បាត់បង់​ទីជម្រក​រស់នៅ ការ​បរបាញ់​ដើម្បី​យក​សាច់ ស្នែង ឆ្អឹង និង​ការ​ជួញដូរ​។ ខ្ទីង​ប្រភេទ​នេះ ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (VU)​ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​ជា​សាកល​។ សត្វ​ខ្ទីង​ស្ថិត​នៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុសញ្ញា​សាយ​តេស ៕