កូនកំលោះ​សុខចិត្ត​ផឹកស្រា មិន​ការ​ទេ​ប្រពន្ធ

ខេត្តកំពត ៖ ពិធី​មង្គលការ​មួយ ដែល​បាន​រៀបចំ​ផ្សំផ្គុំ​ឱ្យ​ក្លាយទៅជា​ប្តី​-​ប្រពន្ធ កាលពី​ថ្ងៃ​ទី​០៩ មីនា ២០១៦ ស្ថិត​នៅ​ភូមិ​ក្រាំង​ដូង ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ដែល​មាន​ភ្ញៀវ​ចូលរួម​ប្រមាណ​៤០០​នាក់ ដោយ​ក្នុង​ពិធី​មង្គលការ​ខាងលើ ត្រូវ​មេបា ចៅ​មហា​ប្រុស​-​ស្រី បាន​រៀបចំ​តាម​លំដាប់លំដោយ មាន​ទាំង​ហែ​ជំនូន រៀប​ផ្លែ​ឈើ កាត់សក់ និង​សំពះ​ផ្ទឹម​។

កូនក្រមុំ​ខាងលើ សុំ​មិន​បញ្ចេញ​ឈ្មោះ ចំណែក​កូនកំលោះ​ត្រូវ​គេ​ដឹង​ថា មាន​ទីលំនៅ​មិន​ពិតប្រាកដ ដោយ​ស្នាក់​នៅ​ម្តុំ​ផ្សារ​ធំ​ថ្មី រាជ​ធានី​​ភ្នំពេញ ។

ក្នុង​ពិធីការ​នោះ ត្រូវ​កូនកំលោះ​បាន​អុកឡុក​តាំងពី​ព្រឹក​ព្រលឹម​មក​ម្ល៉េះ តែ​ក្រុម​សាច់ញាតិ​ខាង​កូនក្រមុំ​អត់ធ្មត់​រហូត ព្រោះ​ឃើញ​កូនកំលោះ​នោះ​ផឹកស្រា​.​ស​អស់​ជា​ច្រើន​កែវ ដោយ​តែ​ខឹង​មិន​ផឹកស្រា​នោះ ត្រូវ​កូនកំលោះ​បាន​និយាយ​ហេតុផល​ផ្សេង​ៗ និង​បាន​ដោះ​សម្លៀក​បំពាក់​សម្អាងការ​គ្រវែង​ចោល និង​ទាញ​ដង​កាមេរ៉ា​គ្រវាត់​គ្រវែង យក​កៅអី​ចោល​ទៅ​គេឯង ដោយ​ភ្ញៀវ​ខ្លះ​ភ័យ​ខ្លាច​បាន​រត់​ចេញពី​រោងការ​ធ្វើ​ឱ្យ​ច្របូកច្របល់​ពេញ​កន្លែង ។

ភ្ញៀវ​ខាង​កូនក្រមុំ​ទ្រាំ​លែង​បាន ក៏​បាន​វាយតប់​ជាមួយ​កូនកំលោះ​មួយ​ប្រាវ បន្ទាប់​ពី​ផ្ទុះ​ហិង្សា​បែប​នេះ កូនកំលោះ​បាន​ទាញ​ខ្សែ​.​ក​ចំនួន​៣​ជី​កន្លះ​ចែក​គ្នា​ស្មើ​ភ្លាម​ៗ​នៅ​ក្នុង​រោងការ ។ ចំណែក​ម្តាយកូន​កំលោះ ក៏​ទាមទារ​ឱ្យ​ម្តាយកូន​ក្រមុំ​សង​ប្រាក់​មក​ឱ្យ​វិញ​ខ្លះ​ភ្លាម​ៗ ក្នុង​ចំនួន​១.៦០០​ដុល្លារ ព្រោះ​បណ្ណាការ​នេះ បាន​ប្រគល់​ប្រាក់​ជូន​ខាង​ស្រី​ដាច់​៣.២០០​ដុល្លារ ប៉ុន្តែ​ការ​ទាមទារ​ខាង​ប្រុស​ចំនួន​ប្រាក់​១.៦០០​ដុល្លារ​ទេ តែ​ត្រូវ​ម្តាយ​ខាង​ស្រី​បដិសេធ ដោយ​និយាយ​ចាត់ចែង​អស់ហើយ ។