ជាប់ខ្នោះ​​ ​បន្ទាប់ពី​កាន់​​ទូរស័ព្ទ​​​​​​ដែល​​​បាត់ទៅជួសជុល​​​​​

ខេត្តកណ្ដាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​នគរបាល​ក្រុង​តា​ខ្មៅ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​១០ មីនា ២០១៦ តាម​ពាក្យបណ្ដឹង​របស់​ជន​រង​គ្រោះ ដែល​បាន​ប្ដឹង​ថា បាន​លួច​ទូរ​សព្ទ័​ដៃ​ចំនួន​២០​គ្រឿង និង​ឡេ​ប​ថប​មួយ​គ្រឿង ពី​ក្នុង​តូប​ជួសជុល និង​លក់​ទូរស័ព្ទ​មួយ​កន្លែង នៅ​ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ កាលពី​យប់​ថ្ងៃ​ទី​២១ កុម្ភៈ កន្លង​មក ។

ជនសង្ស័យ​ខាងលើ​ ឈ្មោះ​ឯម ហុង​គ្រី អាយុ​២៩​ឆ្នាំ ជា​អ្នក​ម៉ូតូឌុប មាន​ទីលំនៅ​នៅ​ភូមិ​ដំណាក់​សង្កែ សង្កាត់​ព្រែក​កំ​ពិស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ឈ្មោះ​សេង រតនា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កំពង់​សំណ​ញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ កុម្ភៈ កន្លង​ទៅ ពេល​ដែល​ជន​រង​គ្រោះ​មក​បើក​តូប ស្រាប់តែ​ឃើញ​សម្ភារ​នៅ​ក្នុង​តូប​មាន​ភាព​រាយ​ប៉ាយ បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បានដឹង​ថា បាន​បាត់បង់​ទូរ​សព្ទ័​ដៃ​ចំនួន​២០​គ្រឿង និង​ឡេ​ប​ថប​មួយ​គ្រឿង ។ ជន​រង​គ្រោះ ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​ខ្មៅ ។ រហូត​ដល់​ថ្ងៃ​ទី​១០ មីនា វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ជន​រង​គ្រោះ​បានឃើញ​ទួ​រ​ស័ព្ទ​របស់​ខ្លួន ដែល​បាត់​នោះ​មួយ​គ្រឿង​នៅ​នឹង​ខ្លួន​របស់​ជនសង្ស័យ និង​មួយ​គ្រឿង​ទៀត ជនសង្ស័យ​យក​មក​ជួសជុល​នៅ​ហាង​លក់​ទួ​រ​ស័ព្ទ​មួយ​កន្លែងជិតហាងជន​រង​គ្រោះ ស្ថិត​នៅ​ក្បែរ​ផ្សារ​តា​ខ្មៅ​ចាស់ ។

ភ្លាម​នោះ ជន​រង​គ្រោះ​មក​ប្តឹង​សមត្ថកិច្ច​ឱ្យទៅ​ឃាត់ខ្លួន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង​ទូរ​សព្ទ័​២​គ្រឿង បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ក្រុង​តា​ខ្មៅ ដើម្បី​សាកសួរ ត្រូវ​ជនសង្ស័យ​ឆ្លើយ​បំភ្លឺ​ថា ទូរ​សព្ទ័​នេះ ខ្លួន​បាន​មក​ពី​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​ឱ្យមក​ខ្លួន​ជា​ថ្នូរ​នឹង​ឈ្នួល​ម៉ូតូឌុប ។