ដីព្រៃ​ឈើ​តំបន់​ជីវ​ចម្រុះ​សីមា​ជា​ង​១​ម៉ឺន​ហិកតា​ ត្រូវបានបំ​ផ្លាញ​

ខេត្ត​មណ្ឌល​គី​រី ៖ មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៥ ដី​តំបន់​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា បាន​រង​ការ​កាប់​ទន្ទ្រាន​យក​ពី​ប្រជាពលរដ្ឋ និង​មន្ត្រី​មាន​អំណាច​ចំនួន​រហូត​ដល់​៨១៩៨​ហិ​កតា ហើយ​ចំនួន​នេះ សព្វថ្ងៃ​បាន​និង​កំពុង​កើនឡើង​ដល់​ជាង​១០.០០០​ហិ​កតា​ទៅ​ហើយ ។

ដី​ព្រៃ​អភិរក្ស​ជីវចម្រុះ​សីមា ដែល​លាតសន្ធឹង​ក្នុងស្រុក​កែវ​សីមា និង​ស្រុក​អូរ​រាំង​ចំនួន​ជាង​២៩០.០០០​ហិ​កតា កំពុង​រង​ការ​កាប់
ទន្ទ្រាន​​យ៉ាង​អនាធិបតេយ្យ​រាល់ថ្ងៃ ខណៈ​ផ្ទៃដី​ព្រៃឈើ​ចំនួន​ជិត​១​ម៉ឺន​ហិ​កតា បាន​ក្លាយទៅជា​វាល​រហោស្ថាន​រួច​ទៅ​ហើយ ។

ជាក់ស្តែង ដី​ព្រៃ​ដែល​ទើបត្រូវ​គេ​កាប់​ព្រៃ​យក​ដី​ចំនួន​៩១៩​ហិ​កតា ក្នុងភូមិ​ស្រែ​អណ្តោ​ល និង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា​ក្រោយ​ពេល​ក្រុម​យុវជន​ស្ម័គ្រចិត្ត ចុះ​វាស់វែង​កាលពី​អំឡុង​ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ហើយ​តួលេខ​អាច​នឹង​បន្ត​កើន​ថែម​ទៀត​។

ប្រភព​ដែល​កោះសន្តិភាព​ទទួល​បាន និង​ទុកចិត្ត​បំផុត​ថា នៅ​ចំណុច​អូរ​រ​យ៉ង់ (​កា​យ៉ង់​ក្រូច​) និង​ចំណុច​អូរ​គគីរ​នៃ​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា ស្ថិត​ក្នុងភូមិ​ចក់​ចារ និង​ភូមិ​ស្រែ​អណ្តោ​ល ឃុំ​ស្រែ​ឈូក មាន​ប្រជាពលរដ្ឋ​ចំណាកស្រុក​ជា​ច្រើន​គ្រួសារ មក​ពី​ខេត្ត​កំពង់​ចាម ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត បាន​នឹង​កំពុង​ចូល​កាប់​រាន​ដី​ព្រៃឈើ​ទន្ទ្រាន​កាន់កាប់​យក​ដី ដោយ​ខុសច្បាប់ ។

ប្រភព​បន្ត​ថា ប្រជាពលរដ្ឋ​មាន​ចំនួន​៥៧​គ្រួសារ ស្មើ​និង​១៦៦​នាក់ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​ចូល​មក​កាប់​រាន​ដី​ព្រៃឈើ
នៅ​ពេល​ថ្ងៃ រួច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ពេល​យប់ ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា កន្លង​មក មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការខេត្ត និង​គណៈ​អភិបាលខេត្ត តាំងពី​ជំនាន់​លោ​កអេង ប៊ុ​ន​ហៀ​ង ជា​អភិបាលខេត្ត ប៉ុន្តែ​គេ​មិន​ដែល​ឃើញ​អាជ្ញាធរ​ចាត់វិធានការ ចំពោះ​អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​ខុសច្បាប់​ទាំងនោះ​ទេ គឺ​បាន​ត្រឹម​ឱ្យ​អាជ្ញាធរ​ស្រុក​ចុះ​ទៅ​ធ្វើការ​ហាមឃាត់ និង​បិទ​សេចក្តី​ប្រកាស​ឱ្យ​អ្នកកាន់កាប់​ដី​ខុសច្បាប់​នោះ ចាក​ចេញពី​ដី​របស់​រដ្ឋ ។ តែ​ចំណាត់ការ​នេះ បាន​ត្រឹម​មួយ​ចម្អិន​កំពឹស​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​បាន​ក្រាញននាល មិន​ព្រម​ចេញពី​តំបន់​ព្រៃ​អភិរក្ស ។