ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាប់​រថយន្ត​ដឹក​ដី​ជិត​៣០​គ្រឿង

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើការ​ស្ទាក់​ចាប់​រថយន្ត​ដក​ដី​បាន​ជិត​៣០​គ្រឿង ដែល​មួយ​ចំនួន​កំពុង​ធ្វើ​សកម្មភាព​ជីក​និង​ដឹក​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ផ្ទាល់ និង​មួយ​ចំនួន​ទៀត​ជីក​និង​ដឹក​ចេញពី​ក្នុងភូមិ​សាស្ត្រ​ស្រុក​អង្គស្នួល ខេត្តកណ្ដាល ហើយ​បើកបរ​ឆ្លងកាត់​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ខាងលើ និង​បង្ក​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​គ្រប់ពេល ។

ប្រតិបត្តិ​ការណ៍​ឃាត់​រថយន្ត​ដឹក​ដី​ទាំងនោះ​បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០១៦ នៅ​តាម​ផ្លូវ​បង្គោល​ភ្លើង ហៅ​ផ្លូវ​រថភ្លើង​ថ្មី ត្រង់​ចំណុច​ភូមិ​វាល សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជាពលរដ្ឋ​និយាយ​ថា រថយន្ត​ដែល​ត្រូវ​ឃាត់​នា​ពេល​នោះ​ភាគច្រើន​ជា​រថយន្ត​យី​ឌុ​ប​កង់​១០ ដែល​ដឹក​ដី​ចេញពី​រណ្ដៅ​ដី​ចេញពី​ក្នុងភូមិ​សាស្ត្រ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល យក​ទៅ​ចាក់​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ និង​មួយ​ចំនួន​ទៀត​ជា​របស់​ឈ្មួញ​ដឹក​ដី​ដ៏​គ្រាក់​ម្នាក់​ទៀត ដែល​ពី​មុន​ធ្លាប់​ជីករណ្ដៅ​ដី​នៅ​ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ (​រណ្ដៅ​ដី​ដែល​ឧ​ទ្ធ​ម្ភា​ក​ចក្រ​យោធា​ធ្លាក់​ចូល​ពេល​កំពុង​ហោះ​ហ្វឹកហាត់​កន្លង​មក​) ប៉ុន្តែ​ឥឡូវ​បាន​កំពុង​ជីកនិង​ដឹក​នៅ​ក្នុងភូមិ​អំពិល សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​វិញ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រុម​រថយន្ត​ដឹក​ដី​ធុន​យក្ស​ទាំងនោះ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ការ​រស់នៅ និង​ការ​ធ្វើ​ដំណើររបស់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ដែល​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​មានការ​ក្ដៅក្រហាយ​គ្រប់ពេល ព្រោះ​ក្រុម​ឈ្មួញ​ទាំងនោះ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួនឯង និង​សំអាង​ថា ខ្លួន​មាន​ខ្នងបង្អែក​ធំ​គ្រាក់​ៗ​នៅ​ពីក្រោយ​ផង និង​មានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ផង មិន​ខ្វល់​ពី​ផល​ប៉ះពាល់​អី​ទេ ៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព